“ខ្ញុំមិនដឹងអ្វីទេ!”
សុខ សូផាត យោធាខ្មែរក្រហមដែលត្រូវបញ្ជូនទៅទួលស្លែង
នៅក្នុងគុក គាត់ត្រូវបានគេសួរចម្លើយ និងធ្វើទារុណកម្ម វាយដំ និងឆក់ខ្សែភ្លើង។ ចម្លើយរបស់គាត់គឺនៅតែឆ្លើយថា៖ «ខ្ញុំមិនដឹងរឿងអ្វី!»។
ឪពុករបស់ សុខ សុផាត ចង់ឲ្យគាត់ក្លាយជាលោកសង្ឃ។ ប៉ុន្តែក្នុងឆ្នាំ១៩៧៣ ខ្មែរក្រហមបានបង្ខំឲ្យលោកសង្ឃទាំងអស់សឹកដើម្បី ចូលបម្រើយោធា។ សុផាត បានទទួលការហ្វឹក ហ្វឺនក្បួនយុទ្ធសាស្ត្រទ័ព ដើម្បីប្រយុទ្ធជាមួយកងទ័ព លន់ នល់។
ពេលខ្មែរក្រហមចូលកាន់កាប់អំណាច សុផាត បានស្នាក់នៅជាមួយម្តាយមីង ដែលមិនត្រឹមតែជាអ្នកប្រយុទ្ធជាមួយកងទ័ព លន់ នល់ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអ្នកដាំបន្លែបង្កាផង។ ក្នុងឆ្នាំ១៩៧៨ ខ្មែរក្រហមបានចោទប្រកាន់ សុផាត ថា មានជាប់ខ្សែស្រឡាយជាមួយរដ្ឋាភិបាល លន់-នល់។ គាត់ត្រូវបានចាប់ខ្លួន រួចបញ្ជូនទៅកាន់គុកទួលស្លែង។ សុផាត ត្រូវបានសួរចម្លើយ និងធ្វើទារុណកម្ម ដូចជាវាយដំនិងឆក់ខ្សែភ្លើង ពេលដែលគាត់ស្ថិតនៅក្នុងគុក។ ចម្លើយ ដដែលៗរបស់គាត់គឺ “ខ្ញុំមិនដឹងអ្វីទាំងអស់”។
នៅពេលមួយនោះ សុផាត ត្រូវបាននាំយកទៅសម្លាប់ ប៉ុន្តែត្រូវដោះលែងមកវិញ។ គាត់បានឃើញរណ្តៅសាកសព និងសាកសពជាច្រើន។ ក្នុងឆ្នាំ១៩៧៩ គាត់បានរត់ចេញពីគុកទួលស្លែង ដោយលោតចុះពីជាន់ទីពីរនៃអគារគុក ព្រោះអ្នកទោសភាគច្រើនត្រូវបានបាញ់សម្លាប់នៅទីនោះ។
បន្ទាប់ពីការរំដោះរបស់កងទ័ពវៀតណាម សុផាត បានស្ម័គ្រចិត្តចូលរួមជាមួយរដ្ឋាភិបាលដើម្បីប្រយុទ្ធជាមួយកងទ័ពខ្មែរក្រហម។