ខ្ញុំហៀបនឹងស្លាប់ដោយសារជំងឺ
ជាមួយវ័យជរា រស់នៅតែម្នាក់ឯង នៅភូមិលំទងចាស់ ឃុំលំទងចាស់ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ យាយ រីប ហឿន មានវ័យ៧៣ឆ្នាំហើយ។
ជាមួយវ័យជរា រស់នៅតែម្នាក់ឯង នៅភូមិលំទងចាស់ ឃុំលំទងចាស់ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ យាយ រីប ហឿន មានវ័យ៧៣ឆ្នាំហើយ។ ប្តីរបស់យាយ ហឿន បានស្លាប់តាំងពីបីឆ្នាំមុនម៉្លេះ ហើយកូនៗប្រុសស្រីទាំង៧នាក់របស់គាត់បានរៀបការ និងរស់នៅបែកពីគាត់អស់ហើយ។ យាយបានរៀបរាប់ពីដំណើរជីវិតដែលបានឆ្លងកាត់នៅក្នុងរបបខ្មែរក្រហមថា៖
ក្រោយឆ្នាំ១៩៧០ បន្ទាប់ពីរដ្ឋប្រហារទម្លាក់សម្តេច សីហនុ ការទម្លាក់គ្រាប់បែក បានកើតមានឡើងស្ទើរគ្រប់ទីកន្លែង។ សំឡេងយន្តហោះបានធ្វើឲ្យប្រជាជនគ្រប់គ្នាមានការភ័យ ខ្លាច អ្នកខ្លះបានរត់ចោលផ្ទះសម្បែង ដោយសារតែភិតភ័យនឹងសំឡេងលាន់កងរំពងរបស់ម៉ាស៊ីនយន្តហោះ។ ពេលនោះ គាត់និងប្តីឈ្មោះ ហ៊ីន បានសម្រេចចិត្តចេញពីផ្ទះគាត់ទៅរស់ នៅក្នុងទឹកដីថៃ ដែលស្ថិតនៅជាប់នឹងព្រំដែនខ្មែរវិញ។ ប៉ុន្តែរយៈពេលមួយខែក្រោយមក ថៃបានបញ្ជូនគាត់ និងប្តីមកស្រុកកំណើតវិញ បន្ទាប់ពីការទម្លាក់គ្រាប់បែកបានស្ងប់ស្ងាត់ យាយ ហឿន និងប្តីបានប្រកបរបរធ្វើស្រែចម្ការធម្មតាវិញ។ ប៉ុន្តែរឿងដែលគួរឲ្យសោកស្តាយនោះ គឺឪពុកម្តាយរបស់គាត់ បានស្លាប់ក្នុងអំឡុងពេលដែលមានការទម្លាក់គ្រាប់បែកនោះ។
នៅឆ្នាំ១៩៧៣ ប្តីរបស់យាយ ហឿន និងបងប្រុសរបស់គាត់ ឈ្មោះ រី តាប់ បានស្ម័គ្រ ចិត្តធ្វើជាទាហាន លន់ នល់។ ប្តីរបស់គាត់ចូលធ្វើទាហានមិនបានប៉ុន្មាន ក៏មានជំងឺគ្រុនចាញ់ ហើយត្រូវអង្គភាពបញ្ជូនមកផ្ទះវិញ។ ក្រោយមក គាត់និងប្តីបានផ្លាស់ទៅរស់នៅខេត្តសៀមរាប។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានជ័យជម្នះ និងគ្រប់គ្រងប្រទេស តន្ត្រី សិល្បៈ សាសនា ទំនៀមទម្លាប់ប្រពៃណី ត្រូវបានខ្មែរក្រហមហាមឃាត់ ហើយក៏ជាពេលដែលកូនត្រូវបែកពីឪពុកម្តាយ ប្រពន្ធបែកពីប្តី គឺស្ទើរតែគ្រប់គ្រួសារបានបែកបាក់គ្នា។ ប្រជាជនដែលរស់នៅតាមទីក្រុង ទីប្រជុំជននានា ត្រូវខ្មែរក្រហមជម្លៀសចេញឲ្យទៅតាមទីជនបទ ដោយយកលេសថា អាមេរិកាំងនឹងមកទម្លាក់គ្រាប់បែក។ ប្រជាជនត្រូវបង្ខំឲ្យចាកចេញពីផ្ទះសម្បែង ដោយមិនបានយកអ្វីទៅជាប់នឹងខ្លួនច្រើននោះទេ ព្រោះគិតថា នឹងបានត្រឡប់មកផ្ទះវិញ ក្នុងរយៈពេលបីថ្ងៃក្រោយ។
ជាក់ស្តែង យាយ ហឿន និងគ្រួសារត្រូវខ្មែរក្រហមជម្លៀសឲ្យទៅរស់នៅស្រុក ក្រឡាញ់ ដោយធ្វើដំណើរតាមរថយន្ត និងថ្មើរជើង។ យាយ ហឿន បានឲ្យដឹងថា គាត់ត្រូវធ្វើ ដំណើរទាំងថ្ងៃទាំងយប់ ដោយមានតែអាហារបន្តិចបន្តួចហូបប៉ុណ្ណោះ។ ទៅដល់ស្រុក ក្រឡាញ់ អង្គការបានបែងចែកប្រជាជនទៅតាមក្រុមរៀងៗខ្លួន ដោយឡែកយាយ ហឿន ត្រូវអង្គការចាត់ឲ្យចូលកងនារីធ្វើស្រែ។ ប៉ុន្មានខែក្រោយមក ប្តីរបស់យាយ ហឿន ត្រូវបាន អង្គការនាំទៅសួរចម្លើយទាក់ទងនឹងទាហាន លន់ នល់។ យាយ ហឿន បានឲ្យដឹងថា ប្តីរបស់ គាត់ពេលនៅស្រុកក្រឡាញ់មិនបានប្រើឈ្មោះដើមទេ គឺប្តីរបស់គាត់បានប្តូរឈ្មោះថ្មី (មក ដល់សព្វថ្ងៃគាត់មិនចាំឈ្មោះថ្មីរបស់ប្តីគាត់ទេ)។ ប្តីរបស់គាត់ តាហ៊ីន ត្រូវបានអង្គការបញ្ជូនទៅសួរចម្លើយនៅខេត្តបន្ទាយមានជ័យ (តំបន់៥) និងក្រោយមកបានដោះលែងមកវិញ ដោយរកមិនឃើញឈ្មោះប្តីរបស់គាត់ពាក់ព័ន្ធជាមួយអតីតទាហាន លន់ នល់។ ប៉ុន្តែបង ប្រុសរបស់យាយ ហឿន ឈ្មោះ រី តាប់ មិនមានវាសនារួចជីវិតដូចប្តីគាត់ទេ។ បងប្រុសរបស់ គាត់ត្រូវអង្គការចាប់បញ្ជូនមកភ្នំពេញ ទាក់ទងនឹងអតីតភាពជាទាហាន លន់ នល់។ មួយខែក្រោយមក ទើបគាត់ដឹងថា បងប្រុសរបស់គាត់ត្រូវបានអង្គការយកទៅសម្លាប់។
នៅឆ្នាំ១៩៧៧ តាហ៊ីន ត្រូវបានអង្គការបញ្ជូនឲ្យទៅធ្វើការនៅកងចល័ត ខេត្តកំពង់ធំ ដែលត្រូវទៅលើកទំនប់១មករា។ ចាប់តាំងពីពេលនោះមក យាយ ហឿន ត្រូវរស់នៅឆ្ងាយពីប្តី រហូតដល់របបខ្មែរក្រហមដួលរលំ។ អំឡុងពេលរស់នៅតែម្នាក់ឯង យាយ ហឿន កើត មានជំងឺផ្លូវចិត្តដែលគាត់ត្រូវរស់នៅឆ្ងាយពីប្តី ម្យ៉ាងទៀត គាត់ត្រូវធ្វើការទាំងយប់ ទាំងថ្ងៃ និងហូបមិនគ្រប់គ្រាន់ រហូតដល់គាត់ធ្លាក់ខ្លួនឈឺជាទម្ងន់។ ពេលនោះ ម្រាមដៃរបស់គាត់ ក៏កើតពិស ជាហេតុធ្វើឲ្យគាត់មិនអាចទៅធ្វើការបាន។ អង្គការបានហៅយាយ ហឿន ទៅសាកសួរ និងបានពិនិត្យឃើញថាគាត់ពិតជាឈឺ ទើបអនុញ្ញាតឲ្យឈប់សម្រាក។ អំឡុងពេលគាត់សម្រាកព្យាបាលជំងឺ មេកងនារីរបស់គាត់តែងតែយករបបអាហារមកឲ្យគាត់ហូប។ ប៉ុន្មានថ្ងៃក្រោយមក អង្គការបានហៅមេកងនារីនោះទៅរៀនសូត្របាត់ដោយមិនដឹងពីមូលហេតុ ហើយចាប់តាំងពីថ្ងៃនោះមកគាត់មិនដែលឃើញមេកងនារីនោះត្រឡប់មកវិញទេ។ គាត់បានត្រឹមតែឮពាក្យចចាមអារាមថា អង្គការបានចោទថា មេកងនារីនោះ ក្បត់នឹងអង្គការ។ ដោយឈឺនឹងជំងឺពិសដែលកើតនៅម្រាមដៃគាត់ខ្លាំងពេក យាយ ហឿន បានសម្រេចចិត្តកាត់ម្រាមដែលកើតពិសនោះចោលតែម្តង។
ក្រោយរបបខ្មែរក្រហមបានដួលរលំ នៅឆ្នាំ១៩៧៩ ប្តីរបស់យាយបានត្រឡប់មករកយាយវិញ និងនាំគ្នាទៅរស់នៅក្នុងទឹកដីថៃអស់រយៈពេល២ឆ្នាំ។ អំឡុងពេលនោះ យាយ និងប្តីប្រកបរបរបោចវល្លិ៍ បាញ់សត្វ និងកាប់ឈើលក់។ បន្ទាប់ពីស្ថានការណ៍វាយប្រយុទ្ធគ្នាស្ងប់ស្ងាត់បន្តិច យាយ ហឿន និងប្តីបានត្រឡប់មកនៅស្រុកអន្លង់វែង ដែលជាតំបន់កាន់កាប់របស់កម្លាំងខ្មែរក្រហមដែលនៅសេសសល់ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ តាម៉ុក។ យាយ ហឿន បានឲ្យដឹងថា តាម៉ុក គ្រប់គ្រងតំបន់អន្លង់វែង ចំណែកប្រជាជនរស់នៅ ប្រកបរបរធ្វើស្រែចម្ការធម្មតា ប៉ុន្តែមិនតឹងរ៉ឹងដូចមុនទេ។ បន្ទាប់មក ប្តីរបស់គាត់ តាហ៊ីន ក៏បានចូលបម្រើបម្រើកងទ័ព តាម៉ុក។
យាយ ហឿន បានឲ្យដឹងថា តាម៉ុក គ្រប់គ្រងតំបន់អន្លង់វែង និងមិនមានជម្លៀសប្រជាជនទៅណាទេ។ នៅពេល នោះ ការប្រយុទ្ធគ្នាជាមួយកងទ័ពវៀតណាមមិនទាន់បញ្ចប់ទេ និងបានបង្កឲ្យមានមនុស្សស្លាប់ជាបន្តបន្ទាប់។ មិនយូរប៉ុន្មាន ប្តីរបស់គាត់បានធ្លាក់ខ្លួនឈឺ ហើយក៏លាឈប់ពីកងទ័ព និងត្រឡប់មករស់នៅជាមួយគាត់នៅភូមិវិញ។
រិន រចនា និសិ្សតឆ្នាំទី៤ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ