ចម្លើយសារភាពរបស់ ង៉ែត អឿង សមាជិកកងអនុសេនាធំ
ង៉ែត អឿង មានអាយុ២៥ឆ្នាំ ភេទប្រុស មានស្រុកកំណើតនៅភូមិស្វាយរលំ ឃុំស្វាយរលំ ស្រុក២០ ភូមិភាគនិរតី។ អឿង បានចូលបដិវត្តន៍ នៅក្នុងឆ្នាំ១៩៧២ និងមានតួនាទីជាយុទ្ធជន តំបន់២៥។
ង៉ែត អឿង មានអាយុ២៥ឆ្នាំ ភេទប្រុស មានស្រុកកំណើតនៅភូមិស្វាយរលំ ឃុំស្វាយរលំ ស្រុក២០ ភូមិភាគនិរតី។ អឿង បានចូលបដិវត្តន៍ នៅក្នុងឆ្នាំ១៩៧២ និងមានតួនាទីជាយុទ្ធជន តំបន់២៥។ ឆ្នាំ១៩៧៣ អឿង បានចូលបក្សពលករវៀតណាមប្រឆាំង នឹងអង្គការ។ អឿន បានធ្វើសកម្មភាពឃោសនាឲ្យប្រជាជន និងយុទ្ធជនបាត់ជំនឿទុកចិត្ត លើអង្គការ ដោយប្រើវិធីបង្ករទំនាស់ក្នុងអង្គភាពទ័ព មន្ទីរពេទ្យ និងឃោសនាឲ្យយុទ្ធជនដើរហើរដោយសេរី និងបំផ្លិចបំផ្លាញសម្ភារផ្សេងៗ។ កំណត់ហេតុអំពីប្រវត្តិរបស់ ង៉ែត អឿង មានចំនួនសរុប៥០ទំព័រ ដែលបានរៀបរាប់អំពីសកម្មភាពប្រឆាំងអង្គការ ចាប់តាំងពីឆ្នាំ១៩៧២ រហូតដល់ថ្ងៃអង្គការចាប់ខ្លួន។
ខាងក្រោមនេះ គឺជាសេចក្តីសង្ខេបដែលដកស្រង់ចេញពីសេចក្តីកំណត់ហេតុប្រវត្តិរបស់ ង៉ែត អឿង ៖
នៅឆ្នាំ១៩៧២ អឿង បានចូលបដិវត្តន៍នៅភូមិប្រាសាទ ឃុំប្រាសាទ ស្រុក១៦ តំបន់២៥ ដោយអ្នកនាំចូលមានឈ្មោះ ស្រ៊ន នាទីលេខាស្រុក១៦។ ក្រោយពេល អឿង ចូលបដិវត្តន៍រួចមក គាត់មាននាទីជាមេក្រុមកងអនុសេនាតូច ក្រោយមកនៅកងអនុសេនាធំ។ កាល អឿង ចូលបដិវត្តន៍ដំបូង អ្នកដែលទទួលខុសត្រូវលើគាត់មានឈ្មោះ អុល នាទីលេខាអង្គភាពស្រុក១៦។ បន្ទាប់មក អង្គភាពស្រុកនេះ ត្រូវបានអង្គការរៀបចំជាមួយកងវរសេនាតូច១២៧ ប្រចាំតំបន់២៥ ដោយមានអ្នកដឹកនាំឈ្មោះ លាត នាទីលេខាវរសេនាតូច១២៧។ ក្រោយមកអង្គភាព វរសេនាតូច១២៧នេះ ត្រូវបានតំបន់២៥ ប្រគល់ឲ្យមកនៅក្នុងវរសេនាធំ ២៦៨ ដែលមានឈ្មោះ សុន ជាអ្នកដឹកនាំ និងស្ថិតក្រោមការគ្រប់គ្រងរបស់កងពល១២។
ប្រវត្តិសកម្មភាពជាខ្សែចង្វាក់ចាត់តាំងក្បត់
កន្លងមក អឿង ធ្លាប់ស្ថិតនៅក្រោមការដឹកនាំរបស់ សុន ប៉ុន្តែ សុន មិនដែល បានទាក់ទងជាមួយ អឿង ទេ។ រហូតដល់អង្គការបានចាត់តាំងឲ្យអង្គភាពអនុសេនា ធំរបស់ អឿង ទៅបោះខ្សែត្រៀមនៅសមរភូមិកោះក្របីក្រោម ទើប សុន បានហៅ អឿង ទៅសួរអំពីសភាពការណ៍នៅក្នុងអង្គភាព និងសមរភូមិយ៉ាងដូចម្តេចដែរ? ពេលនោះ អឿង បានឆ្លើយថា នៅក្នុងសមរភូមិមានសភាពការណ៍ល្អប្រសើរ រីឯបងប្អូននៅក្នុងខ្សែត្រៀម មានសភាពធម្មតា ចំណែកឯស្បៀងអាហារវិញ មានការខ្វះខាតម្តងម្កាលដែរ។ លុះដល់ពេលល្ងាច ក្នុងថ្ងៃដដែល សុន បាននិយាយណែនាំ និងអូសទាញគោលជំហររបស់ អឿង ដោយបានលើកហេតុផលជាច្រើនមកនិយាយបញ្ជាក់ប្រាប់ អឿង ថា ត្រូវខិតខំពង្រឹង គោលជំហរ ប្រយុទ្ធឲ្យខ្លាំងក្លា និងខិតខំកសាងខ្លួនឲ្យបានល្អ។ ពេលនោះ សុន បានសួរ អឿង បន្ថែមទៀតថា តើសព្វថ្ងៃ អឿង ពេញចិត្តនឹងតួនាទីរបស់ខ្លួនដែរឬទេ? ប្រសិន បើមិនទាន់ពេញចិត្តទេ គាត់នឹងបញ្ចូល អឿង ឲ្យចូលបក្សពលករវៀតណាម។ ពេលនោះ អឿង បានឆ្លើយថា ប្រសិនបើ សុន ឯងឲ្យខ្ញុំធ្វើអ្វីក៏ខ្ញុំព្រមធ្វើដែរ។ នៅពេល សុន ឮដូច្នេះ ក៏បញ្ចូល អឿង ក្នុងបក្សពលករវៀតណាម និងបានបង្កើតកម្មវិធីប្រកាសជាផ្លូវការ ហើយអ្នកដែលត្រូវបានបញ្ចូលជាបក្សពលករវៀតណាមកាលនោះ មានចំនួន១០នាក់។ អឿង បានចូលជាបក្សពលករវៀតណាមចាប់តាំងពីពេលនោះមក។ ក្រោយពីបានបញ្ចូលអ្នកទាំងនោះ ជាសមាជិកពេញសិទ្ធិរបស់បក្សពលករហើយ សុន និង លាត បានប្រគល់ភារកិច្ចឲ្យអ្នកទាំងនោះធ្វើ គឺត្រូវបង្កប់ខ្លួននៅក្នុងជួរបដិវត្តន៍ កសាង និងសម្របខ្លួនឲ្យអង្គការមានទំនុកចិត្ត។ ក្រោយមក សុន និង លាត បានបង្ហាត់បង្រៀនអ្នកទាំងនោះឲ្យចេះរបៀបរបបនៃការអូសទាញសមាជិកថ្មី ដូចជា ៖ ត្រូវសង្កេតមើលអត្តចរិកពីសង្គមចាស់ និងប្រវត្តិសកម្មភាព តើអ្នកទាំងនោះមានគោលជំហរខ្សោយឬខ្លាំង។ ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះការកសាងយុទ្ធជន ឬកម្មាភិបាលណាដែលមាត់រអិល ពីព្រោះខ្លាចបែកការនាំឲ្យមានគ្រោះថ្នាក់ដល់ក្រុមយើង។ បន្ទាប់ពីបានណែនាំរួចហើយ សមាជិកទាំងអស់ក៏បំបែកគ្នាទៅតាមកន្លែងរៀងៗខ្លួន ចំណែក អឿង ក៏ត្រឡប់ទៅអង្គភាពរបស់ខ្លួនដែរ។ លុះព្រឹកស្អែក អឿង បានចេញទៅខ្សែត្រៀម សមរភូមិកោះក្របី។ រយៈពេលបីថ្ងៃក្រោយមក អឿង បានរងរបួសហើយបានសម្រាកព្យាបាលនៅពេទ្យតំបន់២៥។ អស់រយៈពេលជាងពីរខែក្រោយមក របួសរបស់ អឿង បានជាសះស្បើយហើយបានវិលត្រឡប់មកអង្គភាពវិញ។ ក្រោយពេលមកដល់ខ្សែត្រៀមវិញ បានរយៈពេលជាងដប់ថ្ងៃ អឿង ក៏ត្រូវរបួសម្តងទៀត ហើយបានសម្រាកព្យាបាលនៅពេទ្យអស់រយៈពេលជាងបីខែ នៅអំឡុង ឆ្នាំ១៩៧៣។ ក្រោយពីបានជាសះស្បើយពីរបួស អឿង ក៏ត្រឡប់មកអង្គភាពដើមវិញ។ ប៉ុន្តែពេលនោះ អឿង បានមកសម្រាកនៅវត្តឬស្សីស្រុក ដោយមាននាទីជាមេបញ្ជាការកងអនុសេនាតូច។ ក្រោយពីសម្រាកបានរយៈពេលបីថ្ងៃ អង្គភាពរបស់ អឿង ត្រូវបានអង្គការចាត់តាំងឲ្យត្រៀមវាយខ្មាំងនៅសមរភូមិវត្តកណ្តាល នៅកោះអន្លង់ចិន។ ក្រោយពីចូលវាយនៅសមរភូមិបានប្រាំបីថ្ងៃ អឿង បានរងរបួស ហើយអង្គភាពក៏បានបញ្ជូនគាត់ឲ្យទៅសម្រាកនៅពេទ្យព្រែកថ្មី តំបន់២៥។ អឿង បានសម្រាកព្យាបាលនៅពេទ្យរយៈពេលជិតបីខែ រហូតដល់ឆ្នាំ១៩៧៤។ នៅអំឡុងពេលដែល អឿង សម្រាកនៅពេទ្យព្រែកថ្មី គាត់បានទាក់ទងជាមួយឈ្មោះ ថៃ និង ប៉េង ដែលបានសម្រាកនៅពេទ្យជាមួយគ្នា។ មូលហេតុដែល អឿង ទាក់ទងជាមួយ ថៃ និង ប៉េង បាន គឺនៅពេលដែលអ្នកទាំងពីរបានបបួល អឿង ចេញពីបន្ទប់មកអង្គុយនៅខាងក្រៅជជែកគ្នាលេងអំពីការស្នាក់នៅ និងការហូបចុកនៅក្នុងមន្ទីរពេទ្យថា មិនដែលមានសម្លរ ឬបាយហូបឆ្ងាញ់ទេ។ ចំពោះថ្នាំព្យាបាលវិញ គឺមានត្រឹមតែថ្នាំអាចន៍ទន្សាយតែប៉ុណ្ណោះ ជួនកាលផឹកថ្នាំនោះហើយ ធ្វើឲ្យឈឺក្បាល វិលមុខ រាគអាចម៍ និងឈឺធ្ងន់លើសដើមទៅទៀត។ ពេលនោះ អឿង, ថៃ និង ប៉េង បានរៀបចំផែនការ និងធ្វើសកម្មភាពឲ្យចលាចលនៅក្នុងមន្ទីរពេទ្យដើម្បីឲ្យបក្សពិបាកដោះស្រាយ។ បន្ទាប់មក អឿង ត្រូវបានប្រធានមន្ទីរពេទ្យព្រែកថ្មី បញ្ជូនគាត់ឲ្យទៅសម្រាកនៅពេទ្យតាកុកវិញ ទើបការទាក់ទងជាមួយ ថៃ និង ប៉េង បានដាច់ខ្សែរយៈ។
ក្រោយពេលចេញពីមន្ទីរពេទ្យ អឿង បានវិលត្រឡប់មកអង្គភាពវិញ។ អឿង សម្រាកនៅអង្គភាពបានប្រហែលបួនថ្ងៃ ក៏ត្រូវបានឈ្មោះ មុយ នាទីប្រធានអនុសេនាធំ ចាត់តាំងគាត់ឲ្យទៅសមរភូមិម្តងទៀត។ ក្រោយពេល អឿង បានចូលសមរភូមិរយៈពេលជាងដប់ថ្ងៃមក វរសេនាតូច១២៧ បានផ្លាស់មកស្នាក់នៅខាងក្រោយវត្តចំពុះក្អែកចម្ងាយប្រហែលមួយគីឡូម៉ែត្រពីព្រែកប្រាវិញ។ អឿង បានសម្រាកនៅទីនោះមិនបានប៉ុន្មានថ្ងៃផង ក៏ស្រាប់តែ ប៉េង បានណាត់ជួបគាត់ រួមជាមួយបក្ខពួកប្រាំបួននាក់ទៀត ដើម្បីដាក់ផែនការលបបាញ់អង្គភាពរាយមីន។ បន្ទាប់ពីបានដាក់ផែនការរួចរាល់ហើយ ប៉េង, អឿង និង គ្រុយ (នាទីស្នងការកងអនុសេនាតូច) បានចេញដំណើរទៅតាមកងទ័ព។ ពេលនោះ អឿង, ប៉េង និង គ្រុយ បានរៀបចំខ្សែត្រៀម ហើយមិនយូរប៉ុន្មានអង្គភាពរាយមីនក៏មកដល់ និងបានវាយប្រយុទ្ធគ្នាមួយសន្ទុះបណ្តាលឲ្យអង្គភាពរាយមីនស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ចំណែកបក្ខពួករបស់ អឿង ក៏ត្រូវរបួសស្រាលម្នាក់ដែរ។ ក្រោយពេលធ្វើសកម្មភាពរួចហើយ អឿង ក៏បានវិលត្រឡប់មកអង្គភាពវិញ។ សម្រាកបានមួយយប់ អង្គការបានចាត់តាំង អឿង និងសមាជិកក្នុងអង្គភាពទាំងមូលឲ្យរៀបខ្សែត្រៀមនៅសមរភូមិកោះក្របីលើ (ជាប់ទន្លេបាសាក់)។ បន្ទាប់ពី អឿង ចូលប្រយុទ្ធនៅសមរភូមិបានរយៈពេលពីរថ្ងៃ គាត់ក៏រងរបួស ហើយបានសម្រាកព្យាបាលនៅពេទ្យព្រែកតាកុក។
អឿង បានសម្រាកព្យាបាលនៅពេទ្យព្រែកតាកុកអស់រយៈពេលជាងមួយខែ ទើបគណៈមន្ទីរពេទ្យបានប្រកាសជ្រើសរើសអ្នករបួសណាដែលមានលទ្ធភាពអាចដើរបាន ឲ្យទៅចូលរួមកម្មពិធីបុណ្យនៅកោះធំ។ ក្រោយពីប្រកាសរួច អង្គការបានយកកាណូតមកដឹកអុ្នករបួសមួយចំនួនទៅចូលរួមពិធីបុណ្យនោះ។ ពេលទៅដល់កន្លែង អឿង បានឮអង្គការឧទ្ទេសនាមថា អង្គភាពវរសេនាតូច១២៧ នឹងប្រគល់ឲ្យកងពល១២ ជាអ្នកគ្រប់គ្រងវិញ។ ក្រោយពីអង្គការប្រកាសឧទ្ទេសនាមរួចហើយ ពិធីបុណ្យនោះក៏ត្រូវបានបញ្ចប់ រីឯអ្នកដែលទៅចូលរួមបានវិលត្រឡប់មកមន្ទីរពេទ្យវិញ។
ក្នុងអំឡុងពេល អឿង សម្រាកនៅពេទ្យរយៈពេលជាងដប់ថ្ងៃ អឿង បានទាក់ទងជាមួយឈ្មោះ វ៉ែន និង សូត្រ ដើម្បីប្រជុំដាក់ផែនការប្រឆាំងបដិវត្តន៍ នៅក្នុងមន្ទីរពេទ្យ។ ខ្លឹមសារប្រជុំ ៖ គឺធ្វើសកម្មភាពបំផុសបំផុលអ្នកជំងឺទាំងអស់ដែលសម្រាកនៅមន្ទីរពេទ្យឲ្យមានទំនាស់ជាមួយបុគ្គលិកពេទ្យ ឬគណៈពេទ្យ និងលើកជាបញ្ហាចំពោះបុគ្គលិកពេទ្យ អំពីកង្វះអនាម័យ និងមិនយកចិត្តទុកដាក់មើលថែអ្នកជំងឺ ចំណែកម្ហូបអាហារវិញ គឺមិនដែលមានម្ហូបឆ្ងាញ់ទេ។ ចំពោះផែនការខាងលើនេះ អ្នកទាំងបីនាក់អនុវត្តបានសម្រេច ហើយបានធ្វើសកម្មភាពអុកឡុក នៅក្នុងមន្ទីរពេទ្យនេះជាបន្តបន្ទាប់។
រហូតដល់ខែសីហា ឆ្នាំ១៩៧៤ ជំងឺរបស់ អឿង បានជាសះស្បើយ ហើយបានវិលត្រឡប់មកអង្គភាពវិញ។ អឿង សម្រាកនៅអង្គភាពបានមួយរយៈ ក៏ត្រូវបានឈ្មោះ ប៉ាវ នាទីសមាជិកវរសេនាតូច១២៧ បានចាត់តាំងគាត់ឲ្យទៅសមរភូមិវត្តឬស្សីស្រុក។ ក្រោយពីចូលសមរភូមិបានរយៈពេលប្រាំពីរថ្ងៃ អឿង បានត្រូវរបួស ហើយអង្គភាពពេទ្យបានបញ្ជូនគាត់ឲ្យទៅសម្រាកនៅមន្ទីរពេទ្យព្រែកថ្មី។ អឿង បានសម្រាកនៅទីនោះ រយៈពេលជិតបីខែ នៅក្នុងអំឡុងឆ្នាំ១៩៧៥។ បន្ទាប់ពីរបួសបានជាសះស្បើយហើយ អឿង ក៏វិលត្រឡប់ទៅអង្គភាពវិញ។ អង្គការបានរៀបចំ អឿង ឲ្យឡើងនាទីជាសមាជិកកងអនុសេនាធំ។ បន្ទាប់មក អង្គការបានចាត់តាំង អឿង ឲ្យចូលទៅសមរភូមិដងទន្លេមេគង្គ។ ក្រោយពេលទៅដល់សមរភូមិ អឿង និងអង្គភាពទាំងមូលបានចូលវាយខ្មាំងជាបន្តបន្ទាប់ រហូតបានរំដោះសមរភូមិដងទន្លេមេគង្គនេះបានជាស្ថាពរ។
លុះដល់ខែមីនា ឆ្នាំ១៩៧៥ អង្គភាពបានចាត់តាំង អឿង ឲ្យទៅរៀននៅសាលាបច្ចេកទេសរបស់កងពល១២ នៅម្តុំភូមិកំពង់ស្វាយកណ្តាល និងវត្តទួលសង្កែ (ស្រុកកោះធំ)។ ក្រោយពេល អឿង រៀននៅសាលាបច្ចេកទេសនេះបានមួយខែ អង្គការបាន រំសាយសាលានេះ រីឯអ្នកដែលទៅចូលរៀនក៏វិលត្រឡប់មកអង្គភាពរៀងៗខ្លួនវិញ។ នៅខែឧសភា ឆ្នាំ១៩៧៥ ឈ្មោះ សុន បានធ្វើការណែនាំ អឿង និងសមាជិកបក្សពលករវៀតណាម៤១នាក់ទៀត ឲ្យស្គាល់គ្នាដើម្បីធ្វើការទាក់ទងនៅថ្ងៃខាងមុខ។ ក្រោយពេលធ្វើការណែនាំរួចហើយ សុន បានប្រកាសបិទអង្គប្រជុំ។
សកម្មភាពជាក់ស្តែងរបស់ អឿង និងបក្ខពួកពេលនោះ
សកម្មភាពមុនរំដោះ ៖
១) បំផុសទំនាស់នៅក្នុងមន្ទីរពេទ្យ
២) បង្ករបក្ខពួកបំផុសទំនាស់នៅក្នុងអង្គភាពជាបន្តបន្ទាប់
៣) សេរី ប្រើអាជ្ញាដាក់យុទ្ធជន និងកម្មាភិបាលខាងក្រោមជាញឹកញាប់
សកម្មភាពក្រោយរំដោះ ៖
១) បំផុសយុទ្ធជន និងកម្មាភិបាលថ្នាក់ក្រោម ឲ្យសេរី ភ្លើតភ្លើនទៅតាមសម្ភារល្អៗ លើសរបបអង្គការកំណត់
២) បំផុសទំនាស់ជាមួយអង្គភាពនារី និងឃាត់ចាប់គេទុកជាញឹកញាប់
៣) សើររើដើរហើរ ទាក់ទង បង្ករបក្ខពួក បង្ករទំនាស់ ធ្វើឲ្យបក្សពិបាកដោះស្រាយជាបន្ត បន្ទាប់។
ក្រោយពេលធ្វើសកម្មភាពដូចខាងលើរួចមក សុន បានចាត់តាំង អឿង និងបក្ខពួក ឲ្យទៅនៅក្នុងអង្គភាពវរសេនាតូច៣១៣ វរសេនាធំ៣១ កងពល៧០៣ថ្មីវិញ។ ប៉ុន្តែមុននឹងទៅអង្គភាពថ្មី សុន បានហៅ អឿង និងបក្ខពួកមកណែនាំជាសម្ងាត់ ដែលមានខ្លឹមសារដូចតទៅ ៖ ត្រូវក្តាប់សកម្មភាពឲ្យបានណែនមុននឹងធ្វើសកម្មភាពអ្វីមួយ ហើយត្រូវប្រុងប្រយ័ត្នចំពោះយុទ្ធជន ឬកម្មាភិបាលខ្មែរក្រហម ព្រោះអង្គការកំពុងតាមដានបក្ខពួកយើង។ ក្រោយពេលធ្វើការណែនាំរួចហើយ សុន បានឧទ្ទេសនាម អឿង និងបក្ខពួកទៅកាន់អង្គភាពថ្មីដើម្បីធ្វើការទាក់ទងស្គាល់គ្នា។ កាលនោះមានឈ្មោះ អុល គ្រប់គ្រងនៅអង្គភាពវរសេនាតូច៣១៣។ ក្រោយពេល អឿង បានរស់នៅក្នុងអង្គភាពថ្មីនេះបានមួយរយៈ ក៏ស្រាប់តែបានជួប សុន នៅម្តុំវិមានឯករាជ្យ និងបានពិភាក្សាអំពីសភាពការផ្ទៃក្នុងខ្លះៗ។ ពេលនោះ សុន បានប្រាប់ អឿង ថា នៅខែតុលា ឆ្នាំ១៩៧៥ ខាងមុខនេះ នឹងរៀបចំធ្វើបាតុកម្ម និងវាយបដិវត្តន៍ ហើយបច្ចុប្បន្ននេះកំពុងរៀបចំរបបថ្មីមួយទៀត។ បន្ទាប់ពីពិភាក្សាគ្នាចប់ អឿង បានវិលត្រឡប់មកអង្គភាពវិញ រួចហើយបានរៀបចំអាវុធ និងកម្លាំងបក្សពលករនៅក្នុងអង្គភាពឲ្យត្រៀមលក្ខណៈដើម្បីចូលរួមបាតុកម្ម។ រយៈពេលជិតមួយសប្តាហ៍ក្រោយមក អង្គការបានចាត់តាំងអង្គភាពវរសេនាធំរបស់ អឿង ឲ្យទៅធ្វើស្រែនៅភូមិបាគូរ នៅខាងត្បូងភ្នំពេញ។ រីឯកងអនុសេនាធំមួយទៀត ឲ្យឈរជើងនៅទីក្រុងភ្នំពេញដដែល។ ចំពោះការទាក់ទងរវាង អឿង និងបក្ខពួក ក៏បានដាច់ខ្សែរយៈចាប់តាំងពីពេលនោះមក។ មិនយូរប៉ុន្មាន អឿង បានឮដំណឹងថាបក្ខពួកមួយចំនួន ត្រូវបានអង្គការចាប់ខ្លួន ដោយអង្គការស៊ើបដឹងថា ជាបក្សពលករវៀតណាម ដែលមកបង្កប់ខ្លួនស៊ីរូងផ្ទៃក្នុង។ អឿង ចាប់ផ្តើមមានការព្រួយបារម្ភអំពីខ្លួនឯងផ្ទាល់ និងបក្ខពួក ហើយបានហៅសមាជិកបក្សពលករទាំងអស់មកជួបជុំ និងពិភាក្សាគ្នា។ ក្នុងខ្លឹមសារប្រជុំនោះ អឿង បាននិយាយថា សមាជិកទាំងអស់ត្រូវតាមដាន និងក្តាប់សភាពការឲ្យជាប់នៅក្នុងដៃ ប្រសិនបើមានសភាពការអ្វីប្លែក ត្រូវរាយការណ៍ឲ្យគាត់ជាបន្ទាន់។ ភ្លាមនោះ មានសមាជិកម្នាក់បានលើកឡើងថា រយៈពេលកន្លងមកនេះ គាត់ពិតជាខំពុះពាររាល់ឧបសគ្គតូចធំដើម្បីបំពេញភារកិច្ចជូនបក្សពលករ ដូចជា បំផុសទំនាស់នៅក្នុងអង្គភាពរវាងយុទ្ធជន និងកម្មាភិបាល ឲ្យកុហកថាឈឺ ហើយសព្វថ្ងៃនេះ គាត់បានបំផុសឲ្យយុទ្ធជនរត់ទៅផ្ទះបានបីនាក់ ប៉ុន្តែត្រូវបានអង្គការចាប់យកមកវិញ។ ពេលនោះ អឿង បានបន្ថែមថា សមាជិកទាំងអស់ត្រូវផ្អាកធ្វើសកម្មភាពប្រឆាំងនឹងបដិវត្តន៍ ពីព្រោះសភាពការបច្ចុប្បន្ននេះ អង្គការកំពុងតែតាមដានបក្ខពួកយើង ដូច្នេះហើយសមាជិកទាំងអស់ត្រូវបង្កប់ខ្លួនឲ្យជ្រៅនៅក្នុងចលនាបដិវត្តន៍ ហើយខំកសាងខ្លួនឲ្យបានល្អកុំឲ្យអង្គការចាប់ថ្នាក់បាន។ រីឯចលនាក្នុងបដិវត្តន៍កាន់តែវិវត្តទៅមុខជាប្រចាំ ចំពោះមហាជន និងកម្មាភិបាលគឺកាន់តែខ្លាំងក្លាក្នុងការវាយកម្ចាត់កម្មសិទ្ធិឯកជន ជាពិសេសមានគោលជំហររឹងមាំក្នុងសមូហភាព។ រយៈពេលជាងដប់ថ្ងៃក្រោយប្រជុំ សុន ក៏ត្រូវបានអង្គការចាប់ខ្លួនបានធ្វើឲ្យបក្ខពួករបស់ អឿង ចាប់ផ្តើមភ័យខ្លាច រួចនាំគ្នារត់បែកខ្ញែកអស់។ រីឯ អឿង ក៏មិនហ៊ានធ្វើសកម្មភាពប្រឆាំងនឹងបដិវត្តន៍ខ្លាំងក្លាទេ គ្រាន់តែធ្វើសកម្មភាពបំភ្លើសមាគ៌ារបស់បក្សបន្តិចបន្តួច និងសកម្មភាពផ្សេងៗដែលគាត់អាចធ្វើទៅបានរហូតដល់ថ្ងៃអង្គការចាប់ខ្លួន នៅថ្ងៃទី៤ ខែសីហា ឆ្នាំ១៩៧៧។
ដកស្រង់ចេញពីឯកសារលេខ J០០០៦១
ហូ ថុនា បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា