ឆាយ ម៉ឺន អតីតពេទ្យយោធាក្នុងរបបខ្មែរក្រហម
ឆាយ ម៉ឺន កើតនៅឆ្នាំ១៩៦៤ នៅភូមិត្រោយង ឃុំរាក់ជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ម៉ឺន មានម្ដាយឈ្មោះ ទុយ ម៉ន និងឪពុកឈ្មោះ ឆាយ មិញ។
អំពីគ្រួសារ និងការសិក្សា
ឆាយ ម៉ឺន កើតនៅឆ្នាំ១៩៦៤ នៅភូមិត្រោយង ឃុំរាក់ជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ម៉ឺន មានម្ដាយឈ្មោះ ទុយ ម៉ន និងឪពុកឈ្មោះ ឆាយ មិញ។ ម៉ឺន មានបងប្អូន៧នាក់ ប៉ុន្ដែជាអកុសលបងប្រុសម្នាក់ឈ្មោះ ឆាយ ម៉ុត ត្រូវបានខ្មែរក្រហមសម្លាប់ក្រោមបទចោទថា ក្បត់អង្គការ ដោយសារបងប្រុសរបស់ ម៉ឺន នៅភូមិភាគបូព៌ាក្រោមការគ្រប់គ្រងរបស់ សោ ភឹម។ ម៉ឺន រៀនបានត្រឹមថ្នាក់ទី១០ (សង្គមចាស់)។
សកម្មភាពមុនឆ្នាំ ១៩៧៥
បន្ទាប់ពីមានរដ្ឋប្រហារទម្លាប់សម្ដេច សីហនុ ឆ្នាំ ១៩៧០ ម៉ឺន បានឈប់រៀនដោយសារពេលនោះសាលារបស់ ម៉ឺន មិនមានគ្រូបង្រៀន។ ម៉ឺន បានជួយធ្វើកិច្ចការឪពុកម្ដាយ ហើយនៅឆ្នាំ១៩៧៤ ម៉ឺន ក៏បានចាប់ផ្ដើមចូលបម្រើបដិវត្តន៍ខ្មែរក្រហម ដែលនៅពេលនោះ ម៉ឺន បានបម្រើការងារជាកងឈ្លបឃុំ។ ម៉ឺន ធ្វើជាកងឈ្លបឃុំ បានរយៈពេល៦ខែ គាត់ត្រូវបានអង្គភាពបញ្ជូនឱ្យធ្វើការងារនៅយោធាស្រុកបាភ្នំ ដែលមាននាទីជាយុទ្ធជនតស៊ូប្រឆាំងនឹងរដ្ឋាភិបាល លន់ នល់។ នៅខែមីនា ឆ្នាំ ១៩៧៥ ម៉ឺន បានត្រូវរបួសក្នុងអំឡុងពេលប្រយុទ្ធជាមួយកងទ័ព លន់ នល់ នៅខាងកើតទន្លេ (ជិតអ្នកលឿង) ហើយគាត់ត្រូវបានបញ្ជូនឱ្យទៅសម្រាកនៅមន្ទីរពេទ្យអ្នកលឿង។
បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាច (១៩៧៥-១៩៧៩)
បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាច នៅឆ្នាំ១៩៧៥ ម៉ឺន ត្រូវបានបញ្ជូនឱ្យទៅធ្វើការពារនៅព្រំប្រទល់វៀតណាម ស្ថិតនៅក្នុងកងពល ៨០៥ ដែលមាន រីម ជាប្រធានកងពល។ ស្ថានភាពនៅព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិភាគបូព៌ា ឆ្នាំ១៩៧៥ ដល់ ១៩៧៦ មានការវាយប្រយុទ្ធគ្នាបន្ដិចបន្តួចនៅឡើយ។ ប៉ុន្តែ ចាប់ពីឆ្នាំ១៩៧៧ ដល់ ១៩៧៩ នៅភូមិភាគបូព៌ា មានការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើងរវាងកងទ័ពបដិវត្តន៍ខ្មែរក្រហម និងកងទ័ពវៀតណាម ហើយកងទ័ពទាំងសងខាងបានបាត់បង់ជីវិតដូចគ្នា។
នៅពាក់កណ្ដាលឆ្នាំ ១៩៧៧ ម៉ឺន ត្រូវបានខ្មែរក្រហមបញ្ជូនឱ្យទៅរៀនវិជ្ជាពេទ្យនៅខេត្តព្រៃវែង រយៈពេលជិតមួយឆ្នាំ ទើបត្រឡប់ទៅព្យាបាលកងទ័ពនៅព្រំដែនវិញ។ ម៉ឺន នៅព្រំដែនបានមួយរយៈ ក៏កងទ័ពវៀតណាមវាយយកបានភូមិភាគបូព៌ា និងបានវាយជាបន្តបន្ទាប់រហូតដល់របបខ្មែរក្រហមដួលរលំ។
ជីវិតក្រោយរបបខ្មែរក្រហម និងក្រោយសន្ដិភាព
បន្ទាប់ពីរបបខ្មែរក្រហមត្រូវបានផ្ដួលរលំ នៅឆ្នាំ១៩៧៩ ម៉ឺន បានត្រឡប់ទៅរស់នៅស្រុកកំណើតវិញ។ នៅស្រុកកំណើតបានរយៈពេលមួយឆ្នាំ ម៉ឺន បានសម្រេចចិត្តចាកចេញពីស្រុកកំណើតទៅរកស៊ីនៅព្រំដែនខ្មែរថៃ ដោយសារមិនមានមុខរបររកស៊ីនៅស្រុកកំណើត និងមានជីវភាពខ្វះខាត។ ពេលទៅដល់ព្រំដែនខ្មែរឥថៃ ម៉ឺន បានរកស៊ីរត់ពន្ធលក់ក្រណាត់ សារុង និងបារី នៅជិតភ្នំឆ័ត្រ។
នៅឆ្នាំ១៩៨១ ម៉ឺន បានចូលបម្រើការងារជាពេទ្យរបស់កងទ័ពខ្មែរក្រហមនៅតំបន់ភ្នំឆ័ត្រ។ រហូតមកដល់ឆ្នាំ១៩៨៣ ម៉ឺន បានត្រឡប់ទៅបម្រើការងារជាពេទ្យ នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ នៅឆ្នាំ១៩៨៥ ម៉ឺន បានអាពាហ៍ពិពាហ៍តាមប្រពៃណីជាមួយ ឃួន អច ហើយប្រាំឆ្នាំក្រោយមក គាត់ក៏លាឈប់ពីខ្មែរក្រហម ដោយសារអស់ជំនឿចិត្តលើការដឹកនាំរបស់ខ្មែក្រហម។
សព្វថ្ងៃ ម៉ឺន មានកូន៧នាក់ (ប្រុស ៤ ស្រី ៣) រស់នៅឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយប្រកបការងារជាកសិករ និង ព្យាបាលជំងឺស្រាលៗដល់ប្រជាជននៅក្នុងភូមិតាមចំណេះដឹង និងបទពិសោធន៍ដែលគាត់ធ្លាប់រៀននៅក្នុងរបបខ្មែរក្រហម។
ឃាង សេងហឿន បុគ្គលិកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារកម្ពុជា