ដួង ជុន អតីតពេទ្យខ្មែរក្រហម
ដួង ជុន កើតនៅភូមិចេក ឃុំភ្នំស្រួច ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ជុន មានឪពុកឈ្មោះ ឃួន មុត (ស្លាប់) និងម្តាយឈ្មោះ ជិន ភឺន (ស្លាប់)។ ជុន មានបងប្អូនបង្កើតប្រាំនាក់ ប៉ុន្តែសព្វថ្ងៃនៅរស់តែបួននាក់ប៉ុណ្ណោះ។
ដួង ជុន កើតនៅភូមិចេក ឃុំភ្នំស្រួច ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ជុន មានឪពុកឈ្មោះ ឃួន មុត (ស្លាប់) និងម្តាយឈ្មោះ ជិន ភឺន (ស្លាប់)។ ជុន មានបងប្អូនបង្កើតប្រាំនាក់ ប៉ុន្តែសព្វថ្ងៃនៅរស់តែបួននាក់ប៉ុណ្ណោះ។
កាលពីសង្គមចាស់ ជុន បានរៀនសូត្រត្រឹមថ្នាក់ទី៩ (សង្គមចាស់) ក៏ឈប់រៀន ដោយគ្រួសារទីទាល់។ ជុន បានមកជួយធ្វើស្រែឪពុកម្តាយវិញ។ រហូតដល់ឆ្នាំ១៩៧៣ ជុន បានចាកចេញពីគ្រួសារ ចូលទៅបម្រើកងទ័ពរំដោះ។ កាលនោះ ជុន ទទួលបានការហ្វឹកហ្វឺនពីសំណាក់យោធាខ្មែរក្រហម ដើម្បីត្រៀមវាយជាមួយកងទ័ព លន់ នល់។ ក្នុងរយៈពេលចន្លោះពីឆ្នាំ១៩៧៣-៧៤ ជុន និងកងកម្លាំងខ្មែរក្រហម បានបើកការវាយលុកចូល ទីក្រុងភ្នំពេញតាមផ្លូវជាតិលេខ៥ រហូតដល់ទទួលបានជ័យជម្នះ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ក្រោយពីរបប លន់ នល់ ត្រូវបានផ្តួលរំលំ កងកម្លាំងខ្មែរក្រហមបានចាប់ផ្តើម ជម្លៀសប្រជាជនដែលរស់នៅទីក្រុងភ្នំពេញឲ្យទៅនៅតាមទីជនបទ ដោយប្រើរយៈពេលជិតមួយសប្តាហ៍។ បន្ទាប់ពីជម្លៀសប្រជាជនអស់ពីទីក្រុងហើយ ជុន ត្រូវបានខ្មែរក្រហមចាត់តាំងឲ្យទៅកាំបូលដើម្បីយាមការពារឃ្លាំងគ្រាប់អស់រយៈពេលមួយឆ្នាំ។ បន្ទាប់មក អង្គការបានបញ្ជូន ជុន ឲ្យទៅនៅកោះកុង ហើយបានចាត់តាំងគាត់ឲ្យបម្រើការងារពេទ្យដែលគាត់មិនធ្លាប់រៀនមុខវិជ្ជានេះទាល់តែសោះ។ ជុន បានបញ្ជាក់ថា គាត់ធ្វើពេទ្យចាប់តាំងពីឆ្នាំ១៩៧៧ រហូតដល់ខ្មែរក្រហមដួលរំលំ នៅឆ្នាំ១៩៧៩។ ក្រោយមក ជុន បានរត់គេចខ្លួនពីខេត្តកោះកុង កាត់តាមព្រៃ និងព្រំដែន ជាមួយបក្ខពួកប្រមាណជាងដប់នាក់។ ដោយគ្មានអាហារហូបនៅតាមផ្លូវ ជុន បេះស្លឹកឈើ ឬផ្លែឈើព្រៃហូបជំនួសបាយ។ អស់រយៈ ពេលជាងមួយខែ ទើប ជុន បានទៅដល់ទឹកដីថៃ។
ជុន បានស្នាក់នៅក្នុងទឹកដីថៃ អស់រយៈពេលជាច្រើនខែ ទើប (នៅអំឡុង ឆ្នាំ១៩៨១) កងទ័ពរាជរដ្ឋាភិបាលថៃ បានបញ្ជូនគាត់ និងបក្ខពួកឲ្យមករស់នៅឡែម ព្រំប្រទល់កម្ពុជា-ថៃវិញ។ ក្រោយមក ការប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋាភិបាល និងខ្មែរក្រហមបានកើតឡើង បណ្តាលឲ្យមនុស្សស្លាប់ និងរបួសបក្ខពួករបស់ ជុន មួយចំនួន។
នៅឆ្នាំ១៩៨៥ ជុន បានមករស់នៅក្នុងស្រុកម៉ាឡៃវិញ។ ជុន បានរៀបរាប់ថា ស្រុកម៉ាឡៃកាលនោះ គឺសម្បូរទៅដោយព្រៃក្រាស់ និងដើមឈើធំៗ ប៉ុន្តែសព្វថ្ងៃមិនមានព្រៃ ឬដើមឈើដូចពីមុនទេ។ សម័យនោះ យោធាខ្មែរក្រហម បានកាប់ឈើលក់ ឬយកទៅដូរយកសម្ភារពីភាគីថៃ។ ម្យ៉ាងទៀត មានប្រជាជនខ្លះ បានកាប់ឈើដើម្បីសាងសង់ផ្ទះ ឬទន្រ្ទានកាប់ព្រៃដើម្បីយកដីធ្វើស្រែចម្ការ។ នៅឆ្នាំ១៩៩៣ ជាដំណាក់កាលដំបូងនៃការបោះឆ្នោត ដែលរៀបចំឡើងដោយ អ៊ុន តាក់ ប៉ុន្តែប្រជាជនដែលរស់នៅក្នុងស្រុកម៉ាឡៃ ភាគច្រើនមិនបានទៅចូលរួមបោះឆ្នោតទេ។ រហូតដល់ឆ្នាំ១៩៩៨ ទើបខ្មែរក្រហមនៅក្នុងស្រុកម៉ាឡៃ បានធ្វើសមាហរណកម្មចុះចូលជាមួយរាជរដ្ឋាភិបាល។ ជុន បានបញ្ជាក់ថា ក្រោយសមាហរណកម្ម ប្រជាជនដែលរស់នៅក្នុងស្រុកម៉ាឡៃ មានសិទ្ធិសេរីភាពពេញលេញ មានសន្តិសុខល្អ ហើយអាចប្រកបរបររកស៊ី និងធ្វើដំណើរទៅកន្លែងផ្សេងៗដោយគ្មានការព្រួយបារម្ភ។ រីឯ ជុន ក៏មិនបានវិលត្រឡប់ទៅស្រុកកំណើតវិញដែរ ដោយគាត់គិតថា គាត់គ្មានសេសសល់ដីធ្លី ឬទ្រព្យសម្បត្តិអ្វីនៅទីនោះ។ ដូច្នេះ ជុន បានសម្រេចចិត្តយកប្រពន្ធ ហើយប្រកបរបរធ្វើស្រែចម្ការ និងរស់នៅក្នុងស្រុកម៉ាឡៃ រហូតមកដល់សព្វថ្ងៃ។
ហូ ថុនា បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា