មាតិកា

“ឋាននរកនៅលើផែនដី”

ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ជាងគំនូរ ដែលរស់រានមានជីវិតពីគុកទួលស្លែង

ជាពេលវេលាចុងក្រោយដែលគាត់បានឃើញប្រពន្ធរបស់គាត់។ ជាពេលដែល គាត់ទទួលរងការធ្វើទារុណ្ណកម្មជាច្រើនខែ ព្រមទាំងការអត់ឃ្លាន។ ជាពេលវេលា មួយដែលគាត់ហៅថា៖ «ឋាននរកនៅលើផែនដី»។

ប៊ូ ម៉េង  គឺជាអ្នកទោសម្នាក់ក្នុងចំណោមអ្នកទោសមួយចំនួនតូចដែលនៅរស់រានមានជីវិតពីគុកទួលស្លែង ខណៈដែលអ្នកទោសប្រមាណ១សែន៧ម៉ឺននាក់ផ្សេងទៀត បានស្លាប់បាត់បង់ជីវិតនៅទីនោះ។ ប៊ូ ម៉េង មានស្រុកកំណើតនៅខេត្តកំពង់ចាម និងបានរៀនគូររូបតាំងពីគាត់នៅក្មេង។ ទីបំផុត គាត់បានគូររូបសញ្ញាផ្សេងៗសម្រាប់ខ្សែភាពយន្ត និងបានបើកហាងផ្ទាល់ខ្លួនមួយ។

នៅដើមទសវត្សរ៍១៩៧០ ប៊ូ ម៉េង និងប្រពន្ធឈ្មោះ ម៉ា យឿន បានចូលបម្រើក្នុងចលនាខ្មែរក្រហម ដើម្បីជួយបញ្ចប់សង្គ្រាមស៊ីវិល និងរំដោះសម្តេចព្រះ នរោត្តម សីហនុ។ នៅឆ្នាំ១៩៧៧ ប៊ូ   ម៉េង និងប្រពន្ធ ត្រូវបានបញ្ជូនទៅកាន់សហករណ៍នៅក្នុងខេត្តកណ្តាល និងក្រោយមកត្រូវបញ្ជូនទៅកាន់ទួលស្លែង ដោយដាក់ឃុំឃាំងនៅក្នុងបន្ទប់មួយ និងបានថតរូប ទាំងមិនដឹងមូលហេតុ។ តាំងពីពេលនោះមក ប៊ូ ម៉េង លែងបានជួបមុខប្រពន្ធគាត់ជារៀងរហូត។

ប៊ូ ម៉េង ត្រូវបានសួរចម្លើយស្ទើរស្លាប់ស្ទើររស់អស់រយៈពេលរាប់ខែ។ គាត់បានហៅព្រឹត្តិការណ៍នេះថា “ឋាននរក”។ ប៊ូ ម៉េង បានរួចផុតពីសេចក្តីស្លាប់ ដោយសារគាត់មានសមត្ថភាពសិល្បៈផ្នែកគូរគំនូរ។ គាត់ត្រូវបានចាត់តាំងឱ្យគូររូបភាព ប៉ុល ពត ដែលជាតួអង្គកុម្មុយនិស្ត ដូចជាកាល់ម៉ាក្ស លេនីន និងម៉ៅ សេទុង។ ប៊ូ ម៉េង បាននិយាយថា គាត់ភ័យខ្លាច​ពេល​វេលា​នៃ​សេចក្តីស្លាប់​របស់​គាត់​នឹង​មក​ដល់​ជារៀងរាល់យប់ពេល​ដែល​គាត់​​នៅក្នុងគុកទួលស្លែង។ ​ នៅ​ពេល​ដែល​គាត់​អាច​ឆ្លង​កាត់​​បាន​​មួយ​យប់​ៗ ម៉េង បាននិយាយថា ខ្ញុំដឹងថា ខ្ញុំអាចរស់នៅបានមួយថ្ងៃទៀតហើយ”