មាតិកា

បណ្តាំចុងក្រោយ

ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០១៧


រូបថត: DC-Cam

ប៉ូច យួនលី ធ្លាប់ធ្វើជាគ្រូអធិការកិច្ចមួយរូប និងរស់នៅជាមួយគ្រួសារមួយ ដែលមានសមាជិក១០នាក់ មុនពេលខ្មែរក្រហមគ្រប់គ្រងប្រទេសកម្ពុជាទាំងមូលនៅឆ្នាំ១៩៧៥។ នៅក្នុងរបបខ្មែរក្រហម ប្រសិនបើជនណាម្នាក់ហ៊ានលួចកត់ត្រាសំណៅអ្វីមួយ ជននោះអាចនឹងត្រូវស្លាប់​។ ប៉ុន្តែ យួនលី បានព្យាយាមប្រថុយប្រថាននឹងគ្រោះថ្នាក់ក្នុងការសរសេរចងក្រងជីវិតរបស់ខ្លួនសម្រាប់កូនចៅរបស់គាត់។ សៀវភៅកំណត់ហេតុរបស់ យួនលី ត្រូវបានផ្សព្វផ្សាយជាសាធារណៈលើកដំបូងកាលពីឆ្នាំ២០១៣។ សៀវភៅកំណត់ហេតុរបស់គាត់បានឆ្លុះបញ្ចាំងអំពីការលះបង់របស់ឪពុកម្នាក់នៅក្នុងជំពូកដ៏ខ្មៅងងឹតនៃប្រវត្តិសាស្រ្តមួយ។

រូបថតៈ AP/Todd Pitman

នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៣ បន្ទាប់ពីការបញ្ចាំងខ្សែភាពយន្តឯកសារមួយបានបញ្ចប់ បុរសចំណាស់ម្នាក់បានដើរលបៗស្ងាត់ៗទៅជួបលោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា។ គាត់កាន់សៀវភៅកំណត់ហេតុមួយក្បាល ដែលសន្លឹកសៀវភៅបានប្រែទៅជាពណ៌លឿង ដោយសារតែអាយុរបស់សៀវ ភៅនោះ។ សៀវភៅនោះគឺជាកំណត់ហេតុរស់ និយាយអំពីរឿងរ៉ាវរបស់បុរសម្នាក់ដែលជាជនរងគ្រោះនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ កូនស្រីនិងកូនប្រសាររបស់ម្ចាស់កំណត់ហេតុ បានប្រគល់សៀវភៅកំណត់ហេតុ របស់ឪពុកខ្លួនឲ្យមជ្ឈមណ្ឌលឯកសារកម្ពុជា ដោយសង្ឃឹមថា មជ្ឈមណ្ឌលឯកសារកម្ពុជានឹងថែរក្សាសៀវភៅកំណត់ហេតុនេះមិនឲ្យបាត់បង់។ គំហើញនេះ គឺជារឿងមួយដែលកម្រនឹង​ប្រទះ។​ បើទោះបីជាសៀវភៅកំណត់ហេតុជាច្រើនដែលបានសរសេរ និងចងក្រងឡើងនៅក្នុងរបបខ្មែរក្រហម នៅសេសសល់មកដល់សព្វថ្ងៃ ក៏សៀវភៅកំណត់ហេតុទាំងអស់នោះ ភាគច្រើនជាសៀវភៅកំណត់ហេតុរបស់កម្មាភិបាលខ្មែរក្រហម ដែលកត់ត្រាអំពីវគ្គសិក្សារៀនសូត្ររបស់ខ្លួនតែប៉ុណ្ណោះ។ នៅក្នុងរបបមួយដែលការសរសេរកត់ត្រាអាចនឹងត្រូវបានដាក់ទោស និងជាប់សង្ស័យផ្នែកនយោបាយ មនុស្សមួយចំនួនតូចណាស់ដែលហ៊ានប្រថុយប្រថាននឹងពលីជីវិតខ្លួនឯង និងជីវិតរបស់ក្រុមគ្រួសារ ដើម្បីសរសេរកត់ត្រាអំពីជីវិតខ្លួនឯងទុក។ ជាក់ស្តែង លោកគ្រូផ្នែកអធិការបឋមសិក្សា ប៉ូច យួនលី ត្រូវបានចាប់ខ្លួន និងស្លាប់នៅក្នុងគុកមួយរបស់ខ្មែរក្រហម ដោយសារតែខ្មែរក្រហមបានរកឃើញរូបថតមួយចំនួនរបស់គាត់ ដែលបានបង្ហាញអំពីជីវប្រវត្តិរបស់គាត់។ កំណត់ត្រានេះ គឺជាសម្លេងមួយពីប្រវត្តិសាស្រ្ត ដែលជំនះនឹងការលប់បំបាត់។ នេះក៏ប្រហែលជាហេតុផលមួយ ដែលជម្រុញ លោក ប៉ូច យួនលី ឲ្យហ៊ានប្រឈមនឹងគ្រោះថ្នាក់ដែលអាចកើតឡើងមកលើគាត់ និងក្រុមគ្រួសាររបស់គាត់ នៅពេលដែលគាត់កត់ត្រានិងចងក្រងអំពីជីវិតរបស់គាត់ទុក។ កំណត់ត្រា នេះបានឆ្លុះបញ្ចាំងអំពីអនុស្សាវរីយ៍ទាំងឡាយដែលគាត់ដឹងថា គាត់នឹងមិនអាចមានជីវិតរស់ ដើម្បីចែករំលែកដល់ក្មេងជំនាន់ក្រោយនោះឡើយ។

នៅក្នុងសៀវភៅកំណត់ហេតុរបស់គាត់​ លោក យួនលី បានពិពណ៌នាអំពីពង្សាវតាគ្រួសាររបស់គាត់ ការសិក្សាអប់រំ និងវិជ្ជាជីវៈរបស់គាត់ចាប់ពីសម័យអាណានិគម រហូតដល់ការទទួលបានឯករាជ្យជិតពីរទសវត្សរ៍មុននឹងការចូលមកដល់នៃសង្រ្គាម និងបដិវត្តន៍។ គាត់បានសរសេររៀបរាប់ អំពីការតស៊ូរើបំរះរបស់គាត់ចេញពីភាពក្រីក្រ ភាពជោគជ័យរបស់គាត់ ការរៀបការជាមួយប្រពន្ធរបស់គាត់ដែលមានអាយុ១៥ឆ្នាំ និងការកសាងគ្រួសាររបស់គាត់។ ការរៀបរាប់នេះបានបង្ហាញឲ្យឃើញ ជីវិតរបស់ប្រជាជនកម្ពុជាមុនពេលដែលសង្រ្គាមបានឆាបឆេះ។ យួនលី មានបងប្អូនបីនាក់។ គាត់កើត នៅក្នុងគ្រួសារកសិករមួយ នៅភូមិភ្នំដិល ឃុំតាំងក្រាំង​ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ដូចគ្នានឹងក្មេងប្រុសដទៃដែលមានអាយុស្រករនឹងគាត់ និងមានជីវភាពលំបាកផងនោះ យួនលី បានចាកចេញពីភូមិកំណើតរបស់គាត់ទៅរស់នៅវត្ត ដើម្បីសិក្សារៀនសូត្រនៅទីក្រុង មុនពេលដែលគាត់បញ្ចប់វគ្គ     បណ្តុះបណ្តាលគ្រូបង្រៀន ឯកទេសអប់រំកាយ។ នៅឆ្នាំ១៩៤៣ គាត់បានចូលបម្រើការនៅក្នុងក្រសួងអប់រំ និងបានចូលរួមកម្មសិក្សាទៅកាន់ប្រទេសហ្វីលីពីន នៅឆ្នាំ១៩៥៧ និងសហរដ្ឋអាមេរិក នៅឆ្នាំ១៩៦១។

នៅឆ្នាំ១៩៤៥ គាត់បានរៀបការជាមួយ សោម សេងអៀត មានស្រុកកំណើតនៅឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ គាត់មានកូន១០នាក់ រួមមាន ១) ប៉ូច​ សានីទី ២) ប៉ូច ស៊ីវានា ៣) ប៉ូច​ សុរិយា ៤) ប៉ូច សុនីមិត្រ ៥) ប៉ូច សុរស្មី ៦) ប៉ូច សុវិចិត្រ ៧) ប៉ូច វិសិដ្ឋនារី ៨) ប៉ូច វឌ្ឍនាការ ៩) ប៉ូច សុចិន្តាមុនី និង១០) ប៉ូច វិបុលជាតិ។ កូនស្រីរបស់គាត់ឈ្មោះ វិសិដ្ឋនារី ដែលបានប្រគល់កំណត់ហេតុរបស់ឪពុក[ឲ្យមជ្ឈមណ្ឌលឯកសារកម្ពុជា] បន្ទាប់ពីឪពុកគាត់បានបាត់ខ្លួនអស់រយៈពេលជិត៣៥ឆ្នាំ។​ លោក ប៉ូច យួនលី ចាប់ផ្តើមចងក្រងបទពិសោធន៍របស់គាត់បន្ទាប់ពីខ្មែរក្រហមបានជម្លៀសក្រុមគ្រួសាររបស់គាត់ចេញពីកំពង់ចាម ទៅកាន់ភូមិជំទាវជ្រែង។ នៅថ្ងៃទី១ ខែ សីហា ឆ្នាំ១៩៧៦ គាត់ត្រូវបានអង្គការហៅឲ្យជួយលើកដើមត្នោតមួយដើមដែលបានរលំលើស្រែ។ គាត់បានបាត់ខ្លួនចាប់តាំងពីថ្ងៃនោះមក។ នៅក្នុងកំណត់ហេតុរបស់គាត់ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ១៩៧៦ នៅភូមិជំទាវជ្រែង​ គាត់បានរៀបរាប់ទៅកាន់«កូនជាទីស្រឡាញ់ និងជាទីនឹករលឹក សានីទី និងស៊ីវានា» និងការរៀបរាប់ពីរផ្សេងទៀតនៅថ្ងៃទី២៩ ខែកុម្ភៈ និងថ្ងៃទី១ ខែសីហា ឆ្នាំ១៩៧៦ លោក យួនលី បានពិពណ៌នាអំពីការបំបែកគាត់ចេញពីកូនរបស់គាត់ពីរនាក់ ការបាត់បង់ និងការឈឺ​ចាប់របស់គាត់នៅក្នុងរបបខ្មែរក្រហម។

Save

Save

Save

Save

Save