ពួកគេគ្មានន័យអ្វីទាំង់អស់សម្រាប់គាត់
អ៊ុក សារ៉ន សប្បាយនិងរស់នៅជាមួយខ្មែរក្រហម
សារ៉ន មិនដែលអត់អាហារឡើយក្នុងរបបខ្មែរក្រហម។ តាមពិតគាត់បានប្រាប់ថា គាត់មានជីវិតយ៉ាងសុខស្រួលជាកម្មាភិបាលខ្មែរក្រហម។
មិនដូចប្រជាជនកម្ពុជាភាគច្រើនទេ សារ៉ន មិនដែលជួបប្រទះការអត់ឃ្លានក្នុងរបបខ្មែរក្រហមឡើយ។ គាត់ និយាយថា ការរស់នៅរបស់គាត់ក្នុងរបបខ្មែរក្រហម គឺល្អប្រសើរណាស់ ព្រោះគាត់ជាកម្មាភិបាលខ្មែរក្រហម។
សារ៉ន ត្រូវបានចាត់ទុកថាជាប្រភេទ “ប្រជាជនចាស់” នៅក្នុងស្រុកកំណើតរបស់គាត់ និងទទួលបានការទំនុកបម្រុងយ៉ាងល្អពីខ្មែរក្រហម។ សារ៉ន ត្រូវបានបញ្ជូនទៅកាន់ក្រុងព្រៃវែង កាលពីគាត់មានអាយុ១៣ឆ្នាំ ហើយបន្ទាប់មក គាត់ត្រូវបានផ្ទេរបន្តមកកាន់ទីក្រុងភ្នំពេញ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ សារ៉ន បានឃើញសាកសពមនុស្សយ៉ាងច្រើន។ ប៉ុន្តែសាកសពទាំងនោះមិនបានធ្វើឲ្យគាត់ប៉ះពាល់អារម្មណ៍គាត់ឡើយ ព្រោះគ្មានន័យអ្វីទាំងអស់សម្រាប់គាត់។
សារ៉ន បានទទួលការកោតសរសើរពីខ្មែរក្រហម ព្រោះគាត់ឆ្លាតនិងម៉ឺងម៉ាត់។ សារ៉ន គឺជាអ្នកវាយឯកសារសម្រាប់របបខ្មែរក្រហម ព្រោះគាត់ជាមនុស្សដាច់ខាតចំពោះបុព្វហេតុបដិវត្តន៍។
“មានរបបអាហារគ្រប់គ្រាន់ និងសម្បូរណ៍ទៅដោយការកម្សាន្ត។ ខ្ញុំមិនដែលស្នើសុំអង្គការមកលេងផ្ទះឡើយ ព្រោះខ្ញុំខ្លាចខ្ជះខ្ជាយពេលវេលារបស់អង្គការ។ នៅពេលនោះ ខ្ញុំបានភ្លេចឪពុកម្តាយរបស់ខ្ញុំបាត់ទៅហើយ”។