ភូមិទួលសាលាដែល ហែម ឃឹន មករស់នៅដំបូង
“ភូមិទួលសាលា” មានន័យថាមានដីទួលខ្ពស់មួយកន្លែងនៅចុងភូមិខាងលិច ជាប់ នឹងភូមិឯកភាពបច្ចុប្បន្ន ហើយនៅលើទួលនោះមានសាលារៀនមួយខ្នងធ្វើពីឈើតាំងពីសម័យខ្មែរក្រហម។ សាលានេះបានសាងសង់ឡើងដោយអតីតកម្មាភិបាលខ្មែរក្រហម ម្នាក់។ ដោយមូលហេតុនេះហើយ ទើបគណៈគ្រប់គ្រងនៅអន្លង់វែង បានជួបប្រជុំគ្នាហើយ បានសម្រេចចិត្តដាក់ឈ្មោះភូមិនេះថា “ភូមិទួលសាលា”។
ដើមកំណើតភូមិទួលសាលា
កាលដើមឡើយភូមិទួលសាលានេះ ត្រូវបានហៅថា ភូមិ៨០០ ព្រោះកងពល៨០០ បានមកគ្រប់គ្រងនៅទីនេះ។ ចុងឆ្នាំ១៩៩០ ដោយសភាពការណ៍ក្នុងប្រទេសនៅមិនទាន់ មានសន្តិភាពនៅឡើយ ដូច្នេះពេលណាស្រុកភូមិមានសភាពការណ៍អសន្តិសុខ (កងកម្លាំងរបស់រដ្ឋាភិបាលវាយប្រហារយាធាខ្មែរក្រហម) ប្រជាជនក៏នាំគ្នារត់ទៅជំរំអូរត្រាវ(ទឹកដីថៃ) ក្រោមការគ្រប់គ្រងរបស់ឈ្មោះ ធិន ជាជនជាតិទំពូន។ លុះដល់ឆ្នាំ១៩៩៩ ប្រជាជនបាននាំគ្នាចាកចេញពីជំរំអូរត្រាវ (ទឹកដីថៃ) មកតាំងទីលំនៅនៅទីនេះ ដោយសារភូមិសាស្រ្តនៅទីនេះមានសភាពស្ងប់ស្ងាត់។ បន្ទាប់មក អ្នកភូមិបានពិភាក្សាគ្នា ហើយបានមូលមតិគ្នាដាក់ឈ្មោះឲ្យភូមិនេះថា “ភូមិត្រពាំងប្រីយ៍”។ ប៉ុន្តែការដាក់ឈ្មោះឲ្យភូមិមួយនេះថាជាភូមិត្រពាំងប្រីយ៍ មិនបានសម្រេចដូចការគិតនោះទេ ពីព្រោះឈ្មោះត្រពាំងប្រីយ៍នេះ ត្រូវបានយកមកប្រើសម្រាប់ដាក់ឲ្យឈ្មោះរបស់ឃុំវិញ គឺឃុំត្រពាំងប្រីយ៍សព្វថ្ងៃ។ មកដល់ឆ្នាំ២០០០ ដោយមានការបែងចែកភូមិឃុំសារជាថ្មី រាជរដ្ឋាភិបាលបានសម្រេចរៀបចំបង្កើតភូមិមួយនេះដោយបានដាក់ឈ្មោះថា “ភូមិទួលសាលា” នេះបើយោងតាមបទសម្ភាសជាមួយលោកអ៊ំ ហែម ឃិន ជាប្រធានភូមិទួលសាលាបច្ចុប្បន្ន។
ភូមិទួលសាលា ជាភូមិមួយក្នុងចំណោមភូមិទាំង៦៨ របស់ស្រុកអន្លង់វែង។ ភូមិនេះមានព្រំប្រទល់ខាងលិចជាប់នឹងភូមិឯកភាព ខាងកើតជាប់នឹងផ្លូវជាតិលេខ៦៧ ខាងជើងជាប់នឹងភូមិជើងភ្នំ និងខាងត្បូងជាប់នឹងភូមិឃ្លាំងកណ្តាល ហើយនៅខាងជើងឆៀងខាងលិចចុងភូមិ មានស្រះអូរជីកមួយយ៉ាងធំ និងនៅចំកណ្តាលភូមិទួលសាលានេះ ក៏មានស្រះឈូកធំមួយដែរ។ ក្រោយមកដោយមានជំនួយឧបត្ថម្ភពីមូលនិធិសហភាពអ៊ឺរ៉ុប ខាងអាជ្ញាធរបានយកគ្រឿងចក្រមកកាយបាតស្រះឲ្យមានជម្រៅជ្រៅជាងមុន និងមានទំហំធំជាងមុន។
បន្ទាប់ពីខ្មែរក្រហមបានធ្វើសមាហរណកម្ម ចុះចូលជាមួយរាជរដ្ឋាភិបាលមក ហេដ្ឋារចនាសម័្ពន្ធនានារបស់ភូមិទួលសាលា ហាក់មានការអភិវឌ្ឍគួរឲ្យកត់សម្គាល់ដូចជា ការកសាងសាលារៀនថ្នាក់បឋម ថ្នាក់អនុវិទ្យាល័យ ការកសាងផ្លូវជាតិធំជាងមុនទៅកាន់ខេត្តព្រះវិហារ ត្រពាំងប្រាសាទ ការកសាងមន្ទីរពេទ្យ និងវត្តអារាមជាច្រើនដែលក្នុងសម័យសង្គ្រាមមិនដែលមានការអភិវឌ្ឍដូច្នេះទេ។
ខ្ញុំបានធ្វើដំណើរចេញពីទីរួមស្រុកអន្លង់វែងតាមផ្លូវជាតិលេខ៦៧ ហើយបត់ស្តាំចូលតាមផ្លូវដីក្រហមធំមួយទៅកាន់ភូមិទួលសាលា។ ភូមិនេះមានចម្ងាយជាង២០គីឡូម៉ែត្រពីទីរួមស្រុកអន្លង់វែង។ ផ្លូវចូលភូមិមានសភាពលំបាកដោយអន្លើ ព្រោះមានការដ្ឋានដែលកំពុងធ្វើការសាងសង់ស្ពានច្រើនកន្លែងតាមបណ្តោយផ្លូវ។ ពេលខ្ញុំមកដល់ភូមិទួលសាលា ខ្ញុំចាប់អារម្មណ៍ថា នៅក្នុងភូមិទាំងមូលហាក់មានសភាពស្ងប់ស្ងាត់។ បន្តិចក្រោយមកទើបខ្ញុំដឹងថា អ្នកភូមិមួយចំនួនធំបានចេញទៅប្រមូលផលដំឡូង ព្រោះជារដូវប្រមូលផល។ ចំណែកអ្នកខ្លះទៀត ចេញទៅធ្វើចម្ការដាំពោត ដំឡូង និងស្រូវ។
បន្ទាប់មក ខ្ញុំក៏បានជួបជាមួយអ៊ុំប្រុសម្នាក់ដែលសព្វថ្ងៃគាត់ធ្វើជាប្រធានភូមិទួលសាលានេះ និងបានសួរនាំគាត់ពីរឿងរ៉ាងដែលបានកើតឡើងក្នុងជីវិតរបស់គាត់ពីដើមរៀងមក។ អ៊ំប្រុសបាននិយាយប្រាប់ខ្ញុំថា គាត់មានឈ្មោះ ហែម ឃឹន បានធ្វើជាមេភូមិទួលសាលានេះតាំងពីឆ្នាំ២០០៦មកម៉្លេះ។ ឃឹន មានអាយុ៧១ឆ្នាំ (កើតក្នុងឆ្នាំ១៩៤៧) នៅភូមិទួលទ្រា ឃុំជប់ ក្រុងសួង ខេត្តកំពង់ចាម។ ឃឹន មានឪពុកឈ្មោះ ហែម សែន (ស្លាប់) ម្តាយឈ្មោះ កុល ម៉ៅ (ស្លាប់) និងមានបងប្អូនចំនួនប្រាំមួយនាក់ ស្រីបីនាក់ប្រុសបីនាក់។ គាត់បានរៀបការនៅក្នុងឆ្នាំ១៩៦៨ ជាមួយប្រពន្ធឈ្មោះ អែង អ៊ី បច្ចុប្បន្នមានកូនចំនួនប្រាំមួយនាក់ ប្រុសបីនាក់និងស្រីបីនាក់។
ឆ្នាំ១៩៦៥ ឃឹន បានចូលរៀននៅសាលាមេមត់ត្រឹមថ្នាក់ទី៧ចាស់។ លុះដល់ឆ្នាំ១៩៧០ ក្រោយរដ្ឋប្រហារ ក៏ឈប់រៀន ហើយមករស់នៅជាមួយបងប្រុសធ្វើជាកម្មករចៀរជ័រកៅស៊ូនៅមេមត់។ ឃឹន បានរៀបរាប់ថា នៅចុងឆ្នាំ១៩៧០ ការវាយប្រយុទ្ធគ្នារវាងកងទ័ព លន់ នល់ និងកងទ័ពយួននៅឯបានលុង ក្នុងខេត្តរតនគិរី បានផ្ទុះឡើង។ ស្របពេលនោះដែរ សម្តេចព្រះនរោត្តម សីហនុ ក៏បានអំពាវនាវឲ្យកូនចៅចូល ព្រៃម៉ាគីនៅខេត្តរតនគិរី ដើម្បីតស៊ូវាយរំដោះយកទឹកដីមកវិញ។ ឃឹន បានបន្តថា សភាពការណ៍នៅពេលនោះ មានភាពច្របូកច្របល់ ព្រោះម្យ៉ាងប្រជាជនខ្លាចយួនកៀរយកទៅ ហើយម្យ៉ាងទៀតខ្លាចកងទ័ព លន់ នល់ ចាប់ខ្លួន។ ក្រោយមក ស្រុកបានលុងក៏ត្រូវបានរំដោះ មកវិញ។ ក្រោយព្រឹត្តិការណ៍បានស្ងប់ស្ងាត់ ឃឹន ក៏ត្រូវបានបញ្ជូនឲ្យមករស់នៅ និងធ្វើស្រែនៅក្នុងភូមិកំពង់សង្គម ស្រុកបានលុង ខេត្តរតនគិរី។
មកដល់ឆ្នាំ១៩៧៥ ឃឹន បានរស់នៅក្នុងសហករណ៍ភូមិត្រពាំងក្រហម ដោយពេលនោះ ខ្មែរក្រហមបានប្រើឲ្យគាត់ធ្វើស្រែរួម និងហូបចុកជាសមូហភាព។ ខ្មែរក្រហមបានប្រើឲ្យប្រជាជនធ្វើការងារចាប់ពីម៉ោង៥ព្រឹក ដល់ម៉ោង១១ថ្ងៃ ទើបសម្រាកដើម្បីហូបបាយថ្ងៃត្រង់ និងចុះធ្វើការបន្តទៀតនៅម៉ោង១រសៀល រហូតដល់ម៉ោង៥ល្ងាច។ នៅពេលយប់ តាមក្រុមនីមួយៗមានការប្រជុំនិយាយពីការងារបង្កបង្កើនផល ធ្វើស្រែចម្ការ ដែលបានធ្វើនាពេលកន្លងមក។ ឃឹន បានបន្តថា នៅក្នុងសហករណ៍របស់គាត់ ប្រជាជនមិនត្រូវបានខ្មែរក្រហមបង្ខិតបង្ខំឲ្យធ្វើការងារធ្ងន់ ឬធ្វើបាបទេ ប៉ុន្តែ ស្របពេលនោះដែរ នៅកន្លែងផ្សេងៗតែងមានលេចឮព័ត៌មានថា ខ្មែរក្រហមបានធ្វើបាបប្រជាជន ដោយបង្ខំឲ្យធ្វើការងារធ្ងន់ និងផ្តល់របបហូបចុកមិនគ្រប់គ្រាន់ជាដើម។
ឆ្នាំ១៩៧៦ ឈ្មោះ ខាត គណៈតំបន់គ្រប់គ្រងសហករណ៍ក្នុងស្រុកបានលុង ត្រូវបានខ្មែរ ក្រហមចាប់ខ្លួនបញ្ជូនមកភ្នំពេញ។ ចំណែក ឃឹន ដែលជាប្រជាជនធម្មតាត្រូវនៅធ្វើស្រែតាម សហករណ៍ និងហូបបាយជាសមូហភាពដដែល។ លុះដល់ចុងឆ្នាំ១៩៧៨ ទើបនាំគ្នារត់ចេញពីសហករណ៍ ទៅរស់នៅក្នុងព្រៃនៃខេត្តរតនគិរី។ ការរស់នៅទីនោះមិនមានលក្ខខណ្ឌល្អប្រសើរប៉ុន្មានទេ ព្រោះត្រូវរស់នៅក្នុងខ្ទមតូចៗ ដើររុករកជីកម៉ើមក្តួចនៅក្នុងព្រៃយកមកហូប ហើយក៏គ្មានអំបិលសម្រាប់ហូបគ្រប់គ្រាន់ដែរ។ ទោះជាយ៉ាងនេះក្តី ឃឹន និងអ្នកផ្សេងៗទៀតដែលមានគ្នាពី៥០០ ទៅ១០០០នាក់ ត្រូវបង្ខំចិត្តបន្តរស់នៅក្នុងព្រៃរហូតដល់ឆ្នាំ១៩៨៧-១៩៨៨ ទើបបានបន្តដំណើរដោយថ្មើរជើងដែលត្រូវប្រើរយៈពេលបីខែ ទើបទៅដល់ជំរំប្រេងខ្យល់ និងជំរំអូរត្រាវក្នុងទឹកដីថៃ។ ពេលទៅដល់ជំរំ ឃឹន និងអ្នកដទៃទៀតបានទទួលរបបប្រចាំខែ ដោយក្នុងម្នាក់ៗទទួលបានអង្ករ១២គីឡូក្រាម ត្រីកាម៉ុង ត្រីខកំប៉ុង ចំណែកទីកន្លែងស្នាក់នៅត្រូវធ្វើផ្ទះតូចៗដោយខ្លួនឯង។ នៅក្នុងជំរំ ប៉ូលីសថៃ តែងចូលមកមើលការខុសត្រូវលើប្រជាជនជាប្រចាំ។ ឆ្នាំ១៩៨៩ ឃឹន បានចេញពីដីថៃ ហើយបានមករស់នៅក្នុងតំបន់៨០០ (ជាជំរំរបស់កងពល៨០០ ហើយដែលសព្វថ្ងៃក្លាយជាភូមិទួលសាលា)។ ឃឹន បានវាតយកដីដើម្បីសាងសង់លំនៅដ្ឋាន និងធ្វើស្រែធ្វើចម្ការដាំដំណាំគ្រាន់ដើម្បីចិញ្ចឹមជីវិត។ ពេលនោះ សភាពការណ៍ក្នុងប្រទេសនៅមិនទាន់មានសន្តិភាពនៅឡើយទេ ពេលណាស្រុកភូមិមានសភាពការណ៍មិនស្រួល (កងកម្លាំងរបស់រដ្ឋាភិបាលវាយប្រហារយាធាខ្មែរក្រហម) ឃឹន ក៏នាំគ្នារត់ទៅជំរំអូរត្រាវវិញ ស្របពេលនោះខ្មែរក្រហមក៏បានឃោសនាប្រាប់ប្រជាជនថា បើមិនរត់ប្រយ័ត្នគេសម្លាប់។ ហេតុនេះ ប្រជាជនតែងតែនាំគ្នារត់តាមយោធាខ្មែរក្រហម។ លុះក្រោយពេលសភាពការណ៍មានភាពស្ងប់ស្ងាត់ ប្រជាជនក៏បាននាំគ្នាចុះមកតំបន់៨០០វិញ។
នៅឆ្នាំ១៩៩៨ ខ្មែរក្រហមបានធ្វើសមាហរណកម្មចុះចូលជាមួយរាជរដ្ឋាភិបាល ពេលនោះប្រទេសជាតិ និងប្រជាជននៅទូទាំងប្រទេសក៏បានទទួលនូវសុខសន្តិភាពពេញបរិបូណ៌។ ដោយឡែក ឃឹន ក៏បានវិលត្រឡប់មករស់នៅ ក្នុងតំបន់៨០០វិញ ហើយតំបន់៨០០ បានប្រែក្លាយទៅជាភូមិទួលសាលា ស្ថិតនៅក្នុងឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និងបានប្រកបរបររកស៊ីធ្វើស្រែចម្ការរហូតដល់សព្វថ្ងៃ។
ចៅ ព្រហស្បតិ