មជ្ឈមណ្ឌលសន្តិភាពអន្លង់វែងទទួលបានការលើកទឹកចិត្តទាក់ទង ការងារអភិវឌ្ឍស្រុកអន្លង់វែង
ថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ២០១៧
អស់រយៈពេល៧ឆ្នាំមកហើយ ដែលមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ជាគម្រោងមួយរបស់មជ្ឈមណ្ឌលឯកកម្ពុជា បានសហការជាមួយក្រសួងទេសចរណ៍តាមរយៈអនុក្រឹតអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជាបង្កើតគណៈកម្មាធិការអន្តរក្រសួងដើម្បីធ្វើការស្រាវជ្រាវចងក្រង និងសរសេរសៀវភៅប្រវត្តិសាស្រ្តសម្រាប់មគ្គុទ្ទេសក៍ទេសចរណ៍ក្នុងស ហគមន៍អន្លង់វែង។ តាមរយៈអនុក្រឹតនេះ មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ក៏មានតួនាទីរួមចំណែកក្នុងអភិវឌ្ឍន៍ និងអភិរក្សតំបន់ប្រវត្តិសាស្រ្តទាំង១៤កន្លែង នៅស្រុកអន្លង់វែង ដែលជាតំបន់តស៊ូចុងក្រោយរបស់ខ្មែរក្រហមដែរ។
ជាមួយកិច្ចការដែលបានធ្វើកន្លងមក ក្រុមការងាររបស់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បានចុះជួបអ្នកភូមិក្នុងសហគមន៍ និងបានធ្វើការសម្ភាសប្រជាជនពីបទពិសោធន៍ផ្ទាល់ខ្លួន រឿងរ៉ាវនៅដែលបានកើតឡើងនៅក្នុងតំបន់អន្លង់វែង។ ក្រុមការងារក៏បានធ្វើការសម្ភាសអតីតយោធា កម្មាភិបាលខ្មែរក្រហមពីជីវិត តួនាទី ការងារក្នុងអំឡុងពេលរបបខ្មែរក្រហមគ្រប់គ្រង និងបានសរសេរសៀវភៅប្រវត្តិសាស្រ្តសម្រាប់មគ្គុទ្ទេសក៍ទេសចរណ៍ ដែលមានចំណងជើងថា “ប្រវត្តិសាស្រ្តសហគមន៍អន្លង់វែង” តំបន់កាន់កាប់ចុងក្រោយរបស់ចលនាខ្មែរក្រហម។ ក្រៅពីកិច្ចការសរសេរសៀវភៅ មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ក៏បានធ្វើការជួសជុលអតីតទីបញ្ជាការរបស់ តាម៉ុក នៅលើភ្នំដងរែក ដែលត្រូវភ្លើងឆេះ ការសាងសង់តូបយាមនៅផ្នូរ ប៉ុល ពត ការដាក់តាំងពិព័ណ៌រូបថត និងកាលប្បវត្តិខ្មែរក្រហមនៅអតីតផ្ទះ តាម៉ុក និងការដំឡើងស្លាកសញ្ញាសម្គាល់នៅទីតាំងប្រវត្តិសាស្រ្តទាំង១៤កន្លែងក្នុងស្រុកអន្លង់វែង ដែលមានដូចជា កន្លែងដុតខ្មោច ប៉ុល ពត, កន្លែងកាត់ទោស ប៉ុល ពត, ផ្ទះកណ្តាលលើភ្នំដងរែក, កន្លែងកែច្នៃគ្រាប់លើភ្នំ២០០, ផ្ទះ ប៉ុល ពត និង ខៀវ សំផន, ឃ្លាំងដាក់សម្ភារនៅជើងភ្នំ, កន្លែងដុតខ្មោច សុន សេន, ស្រែគំរូ, ទីតាំងការដ្ឋានដឹកជញ្ជូនរបស់ តាម៉ុក, បឹងអន្លង់វែង, សារមន្ទីរ តាម៉ុក, អតីតទីតាំងមន្ទីរពេទ្យ តាម៉ុក, អតីតទីតាំងសាលារៀន តាម៉ុក។
ជាមួយផែនការ និងទស្សនវិស័យរបស់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែងដែលបានធ្វើ មិនត្រឹមតែចូលរួមថែរក្សា និងអភិរក្សតំបន់ប្រវត្តិសាស្រ្តអន្លង់វែងប៉ុណ្ណោះទេ ប៉ុន្តែមជ្ឈមណ្ឌលនេះ ក៏បានរៀបចំឲ្យមានដំណើរទស្សកិច្ចសិក្សាស្តីពីសន្តិភាព និងការផ្សះផ្សានៅក្នុងតំបន់អន្លង់វែង។ ដោយសារតំបន់អន្លង់វែង ជាតំបន់ដែលធ្លាប់តែមានការប្រយុទ្ធគ្នា អំពើហិង្សា ការឈឺចាប់ និងគ្រប់គ្រងដោយអតីតយោធាខ្មែរក្រហម ទើបធ្វើឲ្យប្រជាជនមានទស្សនយល់ឃើញផ្សេងគ្នាលើប្រវត្តិសាស្រ្តក្នុងតំបន់នេះ និងធ្វើឲ្យមានគម្លាតគ្នាកាន់តែឆ្ងាយរវាងអតីតខ្មែរក្រហម និងជនរងគ្រោះពីរបបនេះ។ ដើម្បីបង្កើតឲ្យមានការសន្ទនាកិច្ចគ្នាក្នុងចំណោមប្រជាជន និងស្វែងយល់ឲ្យកាន់តែស៊ីជម្រៅពីតំបន់អន្លង់វែងនេះ មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងក្រសួងអប់រំ យុវជន និងកីឡា រៀបចំដំណើរទស្សកិច្ចសិក្សាសម្រាប់សិស្ស និស្សិត មកពីសាកលវិទ្យាល័យនានានៅទូទាំងប្រទេសកម្ពុជា ឲ្យមកទស្សកិច្ចសិក្សានៅស្រុកអន្លង់វែង ជារៀងរាល់ខែ។ ក្នុងចំណោមសិស្ស និស្សិតទាំងនោះក៏មានកូនរបស់អតីតជនដៃដល់ និងកូនរងគ្រោះពីរបបខ្មែរក្រហមដែរ។ បន្ទាប់ពីស្តាប់វាគ្មិនធ្វើបទបង្ហាញដោយសង្ខេបពីតំបន់អន្លង់វែង សិស្សនិស្សិតទាំងនោះ បានចុះទៅជួប និងសួរនាំប្រជាជនក្នុងសហគមន៍អន្លង់វែង ពីបទពិសោធន៍របស់ប្រជាជនទាំងនោះក្នុងរបបខ្មែរក្រហម។ សិស្សនិស្សិតមិនត្រឹមដឹងរ៉ាវផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ៗប៉ុណ្ណោះទេ ប៉ុន្តែក៏បានដឹងពីប្រវត្តិអន្លង់ដែរ។ ចំណេះដឹងទាំងនេះ មានសារសំខាន់ណាស់សម្រាប់សិស្ស និស្សិត ក្នុងការចូលរួមថែរក្សាប្រវត្តិសាស្រ្តក្នុងសហគមន៍អន្លង់វែង និងក្នុងដំណើរការផ្សះផ្សាជាតិទាំងមូល។
ភ្ជាប់ជាមួយកិច្ចខាងលើ មកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ក៏បានសហការជាមួយក្រសួងទេសចរណ៍ បានរៀបចំវគ្គបណ្តុះបណ្តាលដល់មគ្គុទ្ទេសទេសចរណ៍ពីតំបន់អន្លង់វែង។ វគ្គបណ្តុះបណ្តាលនេះ បានជួយពង្រឹងសមត្ថភាពដល់មគ្គុទ្ទេសទេសចរណ៍ឲ្យយល់ដឹងកាន់តែស៊ីជម្រៅពីតំបន់អន្លង់វែង ដោយធានាថាព័ត៌មានដែលបានផ្តល់ទៅដល់ភ្ញៀវដែលបានមកទស្សនាតំបន់នេះមានភាពច្បាស់លាស់ និងអាចជឿទុកចិត្តបាន។ មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ក៏បានបង្កើតគេហទំព័ររបស់ខ្លួនដើម្បីផ្តល់ព័ត៌មាន និងបង្ហាញពីកិច្ចការប្រចាំថ្ងៃរបស់ខ្លួនទៅដល់សារធារណជនដែលមានចំណាប់អារម្មណ៍តំបន់អន្លង់វែងនេះ។ ទន្ទឹមនេះ មជ្ឈមណ្ឌលសន្តិភាពអន្លង់វែងក៏បានបង្កើតប្លង់គោលដែលគូរដោយអ្នករចនាប្លង់ ដេវ៉ា កាង នៃក្រុមហ៊ុន ហ្សាហា ហាឌីត ជាក្រុមហ៊ុនដ៏ល្បីដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេស។ ប្លង់គោលនេះ បានគូសយ៉ាងលម្អិតទាក់ទងនឹងទីតាំងប្រវត្តិសាស្រ្តសំខាន់ៗនៅក្នុងតំបន់អន្លង់វែង ជាមួយតំបន់ដែលត្រូវអភិវឌ្ឍថ្មី រួមមាន ៖ តំបន់រមណីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ តំបន់រោងចក្រ និងតំបន់ព្រៃធម្មជាតិ។
ជាមួយកិច្ចការដែលមជ្ឈមណ្ឌលសន្តិភាពអន្លង់វែងបានសម្រេចកន្លងមក នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រសួងទេសចរណ៍ បានអញ្ជើញលោកបណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង និងជាតំណាងរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ចូលរួមជាវាគ្មិនលើប្រធានបទ “បទពិសោធន៍នៃការអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្តអន្លង់វែង” ក្នុងសិក្ខាសាលាបូកសរុបការងារស្តីពី “ការប្រឡងប្រណាំងរមណីយដ្ឋានទីក្រុងគំរូ” ក្នុងនាមជាដៃគូអភិវឌ្ឍន៍ រួមជាមួយផ្នែកសាធារណ និងវិស័យឯកជនមួយចំនួន ក្រោមអធិបភាពរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន នៅសណ្ឋាគារភ្នំពេញ។
ជាការកត់សម្គាល់នៅក្នុងសិក្ខាសាលានេះ ឯកឧត្តម ថោង ខុន មានប្រសាសន៍ថា វិស័យទេសចរណ៍នៅកម្ពុជា ជាវិស័យអទិភាព ដែលជួយកាត់បន្ថយភាពក្រីក្រ ភាពអត់ការងារធ្វើ និងជួយដល់ផ្នែកបរិស្ថាន ជាពិសេស បម្រែបម្រួលអាកាសធាតុ។ ទន្ទឹមនេះ ភ្ញៀវទេសចរណ៍បានកើនឡើងជាបន្តបន្ទាប់ ដោយក្នុងឆ្នាំ២០១៧នេះ មានភ្ញៀវអន្តរជាតិ១.៦លាននាក់ ហើយអាចនឹងកើនឡើងជាង៧លាននាក់ នៅឆ្នាំ២០២០ ខាងមុខ។ ឯកឧត្តមបន្តថា សព្វថ្ងៃនេះ ប្រទេសកម្ពុជាមានរមណីយដ្ឋាន ប្រមាណ៤០០កន្លែង រួមមាន រមណីយដ្ឋានបែបសណ្ឋាគារ រមណីយដ្ឋានបែបធម្មជាតិ និងរមណីដ្ឋានវប្បធម៌ និងប្រវត្តិសាស្រ្ត ដែលមានតម្លៃមិនអាចកាត់បាន។ ឯកឧត្តម ថោង ខុន បានជំរុញឲ្យមានការខិតខំប្រឹងប្រែងអភិវឌ្ឍន៍វិស័យទេសចរណ៍ដែលមានធនធានដ៏សម្បូរបែបស្រាប់ រួមទាំង ជំរុញឲ្យមានការអភិវឌ្ឍន៍ធនធានមនុស្សវ័យក្មេងៗ។ ឯកឧត្តម ក៏បានអំពាវនាវឲ្យមានការសហការ និងវិនិយោលើវិស័យទេសចរណ៍នេះ ពីផ្នែកសាធារណៈ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានាដែរ។
បន្ទាប់មក លោកបណ្ឌិត លី សុខឃាង បានធ្វើបទបង្ហាញដោយសង្ខេប ដល់អង្គសិក្ខាសាលាទាំងមូលស្តីពីប្រវត្តិសាស្រ្តតំបន់អន្លង់វែង ដែលជាតំបន់តស៊ូ និងជាតំបន់សមាហរណកម្មចុងក្រោយរបស់អតីតខ្មែរក្រហម នៅឆ្នាំ១៩៩៩។ លោកបានបន្ត រយៈពេលបីឆ្នាំបន្ទាប់ពីការសមាហរណកម្ម រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹតប្រែក្លាយតំបន់អន្លង់វែងទៅជាតំបន់ប្រវត្តិសាស្រ្ត ហើយក្រោយមកបានកំណត់ទីតាំងប្រវត្តិសាស្រ្តសំខាន់ៗនៅក្នុងតំបន់នេះដើម្បីអភិរក្ស។ ដោយសារតំបន់អន្លង់វែងមានសក្តានុពលផ្នែកប្រវត្តិសាស្រ្ត នៅឆ្នាំ២០១០ ឯកឧត្តម ថោង ខុន បានបង្កើតគណៈកម្មាធិការអន្តរក្រសួងមួយ ហើយក្នុងនាមមជ្ឈមណ្ឌលឯកសារជាសមាជិក បានធ្វើការចងក្រងសៀវភៅ “ប្រវត្តិសាស្រ្តសហគមន៍អន្លង់វែង” តំបន់កាន់កាប់ចុងក្រោយរបស់ចលនាខ្មែរក្រហម និងបានបង្កើតជាសៀវភៅសម្រាប់បង្រៀនមគ្គុទ្ទេសក៍ទេសចរណ៍។ មជ្ឈមណ្ឌលឯកសារកម្ពុជាក៏បានកែប្រែអតីតទីបញ្ជាការរបស់ តាម៉ុក នៅលើភ្នំដងរែកធ្វើជាការិល័យធ្វើការរបស់ខ្លួនដែលដាក់ឈ្មោះថា “មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង” ដើម្បីធ្វើការងារជួយដល់សហគមន៍ក្នុងតំបន់អន្លង់វែង។ ក្រុមការងាររបស់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ក៏បានធ្វើការងារជាមួយនិស្សិតស្ថាបត្យកម្មដើម្បីរចនាប្លង់អន្លង់វែងតាមគំរូដើម និងសាង់សង់ខ្យូសសម្រាប់ផ្តល់ព័ត៌មានដល់ភ្ញៀវទេសចរណ៍ ដំឡើងស្លាកសញ្ញាសម្គាល់ទីតាំងប្រវត្តិសាស្រ្ត និងបានសហការជាមួយក្រុមហ៊ុន ហ្សាហា ហាឌីត ដើម្បីគូរប្លង់គោលសម្រាប់ស្រុកអន្លង់វែងទាំង។ នៅថ្ងៃខាងមុខ មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង នឹងធ្វើការជាមួយក្រុមស្ថាបត្យកម្មដើម្បីសិក្សាបន្តលើប្លង់អភិវឌ្ឍន៍ពីស្រុកអន្លង់ រហូតទៅដល់អូរស្មាច់ ខេត្តឧត្តរមានជ័យ។ បន្ទាប់មក លោក លី សុខឃាង បានបង្ហាញវីដេអូខ្លីអំពីប្លង់គោលស្រុកអន្លង់វែង។
នៅក្នុងអំឡុងចូលរួមសិក្ខាសាលានេះ លោក លី សុខឃាង ក៏បានដាក់តាំងបង្ហាញប្លង់គោលសម្រាប់អភិវឌ្ឍន៍សម្រាប់ស្រុកអន្លង់វែងដល់ភ្ញៀវទស្សនាដែរ។
លោក ឈាង សុខហេង ប្រធានការិយាល័យទេសចរណ៍ស្រុកអន្លង់វែង ដែលបានចូលរួមសិក្ខាសាលាបូកសរុបការងារស្តីពី “ការប្រឡងប្រណាំងរមណីយដ្ឋានទីក្រុងគំរូ” បានមានប្រសាសន៍ថា កន្លងមក មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បានជួយដល់សារមន្ទីររបស់គាត់ ដូចជា ជួយជុលផ្ទះដែលរងការខូចខាត បណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ និងដាក់តាំងពិព័រណ៌រូបថតមួយចំនួន។ លោកបានបន្តថា ជារៀងរាល់ខែ សារមន្ទីររបស់គាត់បានទទួលទេសចរណ៍ជាតិប្រមាណជិតមួយពាន់នាក់ ចំណែកភ្ញៀវអន្តរជាតិជាង១០០នាក់។ ថ្ងៃទៅខាងមុខ លោកសំណូមពរឲ្យមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ដាក់តាំងពិព័រណ៍ទៀតបន្ថែម ជាពិសេស ទាក់ទងនឹងរូបថតមេដឹកនាំខ្មែរក្រហម។
អ្នកស្រី ធិននី មុនីរស្មី ប្រធានមន្ទីរទេសចរណ៍ ខេត្តឧត្តរមានជ័យ ដែលបានចូលរួមសិក្ខាសាលាបូកសរុបការងារស្តីពី “ការប្រឡងប្រណាំងរមណីយដ្ឋានទីក្រុងគំរូ” បានមានប្រសាសន៍ថា មន្ទីររបស់ខ្លួន បានសហការជាមួយមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ដើម្បីអភិរក្សតំបន់ប្រវត្តិសាស្រ្តអន្លង់វែងទាំង១៤កន្លែង តែរហូតមកដល់ពេលនេះយើងធ្វើបានបីកន្លែងហើយ។ អ្នកស្រីបន្តថា មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បានធ្វើការជួលជួលផ្ទះរបស់ តាម៉ុក លើភ្នំដងរែកដើម្បីធ្វើជាការិយាល័យធ្វើការងារ ដាក់តាំងពិព័រណ៍រូបថត និងបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍។ កន្លងមក ដោយសារ មន្ទីរខ្វះខាតឯកសារពីតំបន់នេះ ដូចេ្នះយើងក៏បានស្នើសុំមជ្ឈមណ្ឌលនេះដើម្បីធ្វើការស្រាវជ្រាវ និងបានសរសេរសៀវភៅប្រវត្តិសាស្រ្តមួយក្បាលសម្រាប់មគ្គុទ្ទេសក៍ទេសក៍ រួមទាំង ស្នើរូបថតមេដឹកនាំខ្មែរក្រហមមួយចំនួន។ នៅខែធ្នូ ខាងមុខនេះ ក្រសួង និងមន្ទីរទេសចរណ៍ខេត្ត នឹងរៀបចំសម្ពោធពិព័រណ៍នេះ។ លោកស្រីបន្តថា ដោយសារតំបន់អន្លង់វែង ជាអតីតតំបន់ ដូច្នេះការរៀបចំត្រូវឲ្យស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយលោកស្រីក៏សប្បាយរីករាយដែរដែលបានសហការជាមួយមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង។ លោកស្រីបានបញ្ជាក់ថា មន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ បានស្នើដាក់រមណីយដ្ឋាន ផ្ទះតាម៉ុក ជារមណីដ្ឋានគំរូសម្រាប់ខេត្តឧត្តរមានជ័យ ហើយនៅថ្ងៃនេះបានទទួលលិខិតសរសើរពីក្រសួងទេសចរណ៍។ នៅថ្ងៃខាងមុខ លោកស្រី នឹងរៀបចំបន្ទប់ទឹក និងអនាម័យនៅតាមរមណីយដ្ឋាននីមួយៗ និងសំណូមពរឲ្យមជ្ឈមណ្ឌលសន្តិភាពអន្លង់វែងជួយបណ្តុះបណ្តាលធនធានមនុស្សថែមទៀត។
សោម ប៊ុនថន បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា