“យើងដេកនៅស្លឹកត្នោត”
គោក សារឿន អតីតទាហាន លន់ នល់
បងប្រុស និងម្តាយរបស់គាត់បានស្លាប់ដោយសារអត់អាហារ ក្នុងពេលដែលគាត់ នៅក្នុងគុក។
បន្ទាប់ពីបានបញ្ចប់ការសិក្សានៅវិទ្យាល័យ គោក សារឿន បានចូលធ្វើជានគរបាល និងបានរៀបការ ហើយក្រោយមក គាត់បានក្លាយជាអនុ-សេនីយ៍ឯកក្នុងកងកម្លាំងប្រដាប់អាវុធនៃរបបសាធារណរដ្ឋខ្មែរ ដែលធ្វើការប្រយុទ្ធប្រឆាំងនឹងកងកម្លាំងរបស់ខ្មែរក្រហមនៅតាមសមរភូមិ។
ក្នុងពេលដែលប្រជាជនរស់នៅទីក្រុងភ្នំពេញត្រូវបានជម្លៀសចេញពីទីក្រុង សារឿន បានលាក់ឯកសណ្ឋានយោធារបស់គាត់ ដោយស្លៀកពាក់ខោអាវស៊ីវិលជំនួសវិញ ព្រមទាំងបានចាកចេញពីទីក្រុងទៅកាន់ស្រុកកំណើតរបស់គាត់។
ប្រជាជនដែលរស់នៅក្នុងស្រុកកំណើតរបស់ សារឿន បានស្គាល់ពីអតីតកាលរស់គាត់គ្រប់ៗគ្នា ព្រោះថា គាត់បានជួយអ្នកទាំងនោះពេលដែលគាត់នៅធ្វើជាទាហាន លន់ នល់។ គ្រួសាររបស់ សារឿន បានទទួលការហូបចុកគ្រប់គ្រាន់ ប៉ុន្តែគាត់បានសង្កេតឃើញថា ប្រជាជនក្នុងភូមិបានបាត់ខ្លួនជារៀងរាល់ថ្ងៃ។ ក្រោយមក សារឿន ត្រូវបានចាប់ និងឃុំខ្លួន ដោយសារតែគាត់ជាអតីតទាហាន លន់ នល់។
“ស្ថិតក្នុងមន្ទីរឃុំឃាំង យើងបានដេកកើយបាតដៃ ហើយអ្នកទោសទាំងអស់បន្ទោរបង់ដាក់ពាងទឹក។ ពួកយើងងើបទៅធ្វើការតាំងពីម៉ោង៤:៣០នាទីព្រឹក រហូតដល់ល្ងាចទើបវិលមកវិញ”។
ម្តាយ និងបងប្រុសរបស់ សារឿន បានស្លាប់ជាបន្តបន្ទាប់ដោយសារអត់អាហារ នៅពេលដែលគាត់កំពុងតែជាប់ក្នុងមន្ទីរឃុំឃាំង។ សារឿន បានទទួលការអនុញ្ញាតឲ្យចេញពីមន្ទីរឃុំឃាំងចំនួន១ សប្តាហ៍ ដើម្បីកប់សាកសពម្តាយ និងបងប្រុស។
ក្រោយឆ្នាំ១៩៧៩ សារឿន នៅរស់រានមានជីវិត ហើយគាត់មិនអនុញ្ញាតឲ្យកូនរបស់គាត់ចូលធ្វើជានគរបាល ឬកងកម្លាំងប្រដាប់អាវុធដូចគាត់ឡើយ។