រូបថត១០០សន្លឹក តាំងនៅសារមុន្ទីរតាម៉ុក ជាលើកដំបូង
ថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០១៧
រូបថត១០០សន្លឹក បានចាប់ផ្តើមដាក់តាំងបង្ហាញដល់សាធារណជនជាលើកដំបូង បង្អស់នៅសារមន្ទីរតាម៉ុក (អតីតផ្ទះតាម៉ុក) នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ នេះ ក្រោមការរៀបចំរបស់ក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ និងមន្ទីរទេសចរណ៍ស្រុកអន្លង់វែង សហការជាមួយមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង។ ការតាំងពិព័រណ៌នេះ បានក្លាយជាផ្នែកមួយដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណពីរឿងរ៉ាវ ទីតាំងប្រវត្តិសាស្រ្ត និងការតស៊ូរបស់ប្រជាជននៅក្នុងស្រុកអន្លង់វែង។ ពិព័រណ៌នេះ ក៏ជាការអប់រំដល់សិស្សានុសិស្ស ប្រជាជន និងភ្ញៀវដែលមកទស្សនកិច្ចនៅតំបន់នេះដែរ។
រូបថត១០០សន្លឹក បានបង្ហាញពីសម័យកាលផ្សេងៗ ចាប់តាំងពីសម័យសាធារណរដ្ឋខ្មែរ (លន់ នល់), សម័យកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម), សម័យក្រោយខ្មែរក្រហម រហូតមកដល់អន្លង់វែង និងក្រោយពេលសមាហរណកម្ម។ អ្នកចូលរួមទស្សនាការតាំងពិព័រណ៌នេះ អាចស្វែងយល់ពីសម័យកាលនីមួយៗ តាមរយៈរូបថត និងព័ត៌មានសង្ខេបនៃរូបថតនីមួយៗ។
លោកស្រី ធិននី មុនីរស្មី ប្រធានមន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ មានប្រសាសន៍ថា ការដាក់តាំងពិព័រណ៍រូបថតនេះ ពិតជាមានសារសំខាន់ខ្លាំងណាស់ ព្រោះកន្លងមក សារមុន្ទីរតាម៉ុក មិនសូវមានព័ត៌មាន ឬ រូបភាពច្រើននោះទេ អ្នកមកទស្សនាអាចត្រឹមតែដើរមើលសម្ភារមួយចំនួនដែលបន្សល់ពីជំនាន់តាម៉ុក គ្រប់គ្រង ប៉ុន្តែមានព័ត៌មានតិចតួចសម្រាប់អាន និងសិក្សាស្វែងយល់។ តាមរយៈការតាំងពិព័រណ៍រូបថតប្រវត្តិសាស្ត្រនេះ អ្នកមកទស្សនាអាចស្វែងយល់អំពីរឿងរ៉ាវពីអតីតកាល តាមរយៈរូបថត ហើយជាពិសេស សម្រាប់ក្មេងជំនាន់ក្រោយដែលធ្លាប់តែឮអំពីរបបខ្មែរក្រហម តែមិនដែលស្គាល់មុខមាត់របស់មេដឹកនាំខ្មែរក្រហមមួយចំនួននោះ អាចនឹងឃើញ ឬស្គាល់តាមរយៈរូបថតដែលដាក់តាំងនូវរូបមេដឹកនាំខ្មែរក្រហមទាំងនេះ។
បណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បានបង្ហាញពីគោល បំណងក្នុងការដាក់តាំងពិព័រណ៍រូបថតនេះ គឺត្រូវបានធ្វើឡើងដើម្បីបម្រើឲ្យការចងចាំ និង ការអប់រំ ដែលអាចជួយលើកកម្ពស់ការយល់ដឹង និងបង្កើតបានជាការឆ្លុះបញ្ចាំងដ៏ស៊ី ជម្រៅចំពោះសម័យកាលនោះ។ ខណៈដែលការដាក់តាំងពិព័រណ៌បាន និងកំពុងក្លាយជា រំឭកឡើងវិញអំពីអតីតកាល ពិព័រណ៌នេះ ក៏ជាភស្តុតាងជាក់ស្តែង ចំពោះព្រឹត្តិការណ៍ ប្រកបដោយសោកនាដកម្ម ដែលប្រជាជនកម្ពុជាបានឆ្លងកាត់។ លោកបាន រម្លឹកថា បន្ទាប់ការធ្វើសមាហរណកម្មរបស់តំបន់អន្លង់វែងនៅក្នុងឆ្នាំ១៩៩៨ ផ្ទះតាម៉ុក ត្រូវបានប្រែក្លាយទៅជាសារមន្ទីរពីរឆ្នាំក្រោយមក។ ចំណុចចាប់ផ្តើមនៃសារមន្ទីរនេះ គឺ មានត្រឹមតែជាសម្បកផ្ទះរបស់ តាម៉ុក ប៉ុណ្ណោះ ប៉ុន្តែគ្មានព័ត៌មានផ្សេងៗនៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ សារមន្ទីរនេះបានក្លាយជាទីតាំងដែលមានមនុស្សចូលទស្សនាច្រើនបំផុត បើប្រៀបធៀបទៅនឹងទីតាំងទេសចរណ៍ប្រវត្តិសាស្ត្រចំនួន១៤កន្លែងផ្សេងទៀត នៅក្នុងស្រុកអន្លង់វែង។ សារមន្ទីរនេះ ទទួលបានភ្ញៀវចូលទស្សនារាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗ ដែលភាគច្រើន គឺជាប្រជាជនកម្ពុជា។ ដោយសារតែមានភាពចាំបាច់ដើម្បី ធ្វើឲ្យសារមន្ទីរនេះមានភាពរស់រវើកឡើងវិញ តាមរយៈការស្វែងយល់ឲ្យកាន់តែគ្រប់ជ្រុងជ្រោយថែមទៀតអំពីប្រវត្តិសាស្ត្រនៃសង្គ្រាម និងសន្តិភាពនៅក្នុងប្រទេសកម្ពុជា មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង កំពុងបោះមួយជំហានទៅមុខទៀត ក្នុងការដាក់តាំង ពិព័រណ៌រូបថត១០០សន្លឹកនេះ។
ក្រៅពីការតាំងពិព័រណ៌រូបថតនេះ កន្លងមកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បានសហការជាមួយក្រសួងទេសចរណ៍ រៀបចំវគ្គបណ្តុះបណ្តាលដល់មគ្គុទ្ទេសទេសចរណ៍នៅតំបន់អន្លង់វែង។ វគ្គបណ្តុះបណ្តាលនេះ បានជួយពង្រឹងសមត្ថភាពដល់មគ្គុទ្ទេសទេសចរណ៍ឲ្យយល់ដឹងកាន់តែស៊ីជម្រៅពីតំបន់អន្លង់វែង ដោយធានាថាព័ត៌មានដែលបានផ្តល់ទៅដល់ភ្ញៀវដែលបានមកទស្សនាតំបន់នេះមានភាពច្បាស់លាស់ និងអាចជឿទុកចិត្តបាន។
ពិព័រណ៍រូបថតនេះ ជាការតភ្ជាប់ដ៏មានសារសំខាន់សម្រាប់ភ្ញៀវ និងមគ្គុទេ្ទសក៏ ទេសចរណ៍ តាមរយៈការជូនភ្ញៀងមកទស្សនានៅសារមន្ទីរនេះ។ ការតាំងពិព័រណ៌នេះ ក៏ជាការបង្កើតឲ្យមានការពិភាក្សាគ្នាក្នុងចំណោមអ្នកចូលរួម ឪពុកម្តាយ ចាស់ទុំ ឬ មិត្តភ័ក្តិ ដែលមកទស្សនារូបថតទាំងនេះ ឬក៏អាចសួរនាំមគ្គុទ្ទេសក៍ទេសចរណ៍ដែលអាចផ្តល់ព័ត៌មានបន្ថែមអំពីចម្ងល់ទាំងឡាយអំឡុងពេលមើលរូបថត ។
ទាប សារៈមុនិន្ទ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា