មាតិកា

រឿងរ៉ាវចេញពីស្រុកអន្លង់វែង៖ មិនហ៊ាននៅផ្ទះនាពេលថ្ងៃ

ខ្ញុំតូចចិត្តនឹងខ្លួនឯងដែលមិនបានរៀនសូត្រចេះដឹងនឹងគេ។ ការដែលមិនចេះដឹង​នេះ​ហើយ​បានធ្វើឲ្យខ្ញុំមិនហ៊ាននៅផ្ទះនាពេលថ្ងៃ។ ខ្ញុំតែងតែចង់ចូលទៅក្នុងព្រៃ ទៅចម្ការ ឬទៅវាលស្រែ ពីព្រោះវាជាមធ្យោបាយដ៏ល្អសម្រាប់ខ្ញុំ ក្នុងការគេចមុខពីយុវជន យុវនារី ឬសិស្សានុសិស្សនាសម័យបច្ចុប្បន្ននេះ។ នៅពេលជួបអ្នកទាំងនេះ ធ្វើឲ្យខ្ញុំនឹកឃើញដល់​យុវ​វ័យ​របស់ខ្ញុំ ដែលមិនមានសិទ្ធិទៅសាលារៀនសូត្រ និង​សិទ្ធិ​ជួបជុំចែករំលែកភាព​សប្បាយ​រីករាយដល់ក្រុមគ្រួសារ។

ខាងលើជាសំដីរបស់លោកពូ យស់ ថាច អាយុ៥៩ឆ្នាំ មានស្រុកកំណើតនៅភូមិ​ពែងមាស​ជើង ឃុំស្ពឺ ស្រុកចម្ការលើ ខេត្តកំពង់ចាម។ ពូ ថាច មានឪពុកឈ្មោះ អ៊ូច អាន និងម្តាយ​ឈ្មោះ នា ផុន (ឪពុកម្តាយគាត់ស្លាប់ក្នុងសម័យខ្មែរក្រហម)​ ហើយគាត់មានបង​ប្អូន​បង្កើត​៤​នាក់ (ស្រីបីនាក់)។ ប្រពន្ធឈ្មោះ មុត រី និងមានកូនស្រីបីនាក់។ សព្វថៃ្ងពូ ថាច និងក្រុមគ្រួសាររស់នៅក្នុងភូមិថ្មី ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ កាលពីសង្គម​ចាស់ ពូ ថាច រៀនបានត្រឹមថ្នាក់ទី៦ នៅសាលាបឋមសិក្សាវត្តព្រេង ក្នុងខេត្តកំពង់ចាម។

យស់ ថាច

ថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥

នៅឆ្នាំ១៩៧៥ ពូ ថាច ត្រូវបានខ្មែរក្រហមជម្លៀសទៅខេត្តកំពង់ធំ​ ប្រើឲ្យលើក​ទំនប់​​ស្ទឹងជីនិត ហើយគាត់នៅក្នុងកងចល័តដែលមានសមាជិក១៩៣នាក់។ ពូ ថាច បន្តថា​ កាលណោះ គឺជារដូវប្រាំងការកាប់ដីលើកទំនប់មានការលំបាកខ្លាំង ដោយដី​រឹង​ប្រេះ​​ក្រហែង ហើយទឹកក៏គ្មានផឹកគ្រប់គ្រាន់ដែរ។ រីឯការហូបចុកវិញ គឺមាន​ត្រឹម​តែ​​បាយ​លាយជាមួយចេកខ្ចីប៉ុណ្ណោះ។ ទោះបីលំបាកយ៉ាងនេះក្តី ពូ ថាច មិន​ដែលហ៊ាន​តវ៉ានឹងអង្គ​ការឡើយ ដោយសារតែគាត់យល់ថា​ ប្រសិនបើតវ៉ាចំពោះការហូប​ចុក ច្បាស់​ជា​អង្គការ​យក​​ទៅសម្លាប់ចោលជាមិនខាន។ កន្លះឆ្នាំក្រោយមក ពូ ថាច ត្រូវ​បាន​​ខ្មែរ​ក្រហម​ជម្លៀស​ទៅស្រុកចម្ការលើវិញ ដោយឲ្យលើកទំនប់៥កុម្ភៈ ដើម្បីទប់ទឹកបញ្ចូល​ស្រែ​ ឬ​ប្រឡាយ​ឲ្យ​មានទឹក​គ្រប់គ្រាន់សម្រាប់ធ្វើស្រែចម្ការ។ រហូតដល់ឆ្នាំ១៩៧៦ អង្គការបាន​ចាត់តាំង ពូ ថាច ឲ្យចូល​បម្រើ​អង្គភាពកងទ័ពខ្មែរក្រហម ដោយឲ្យឈរជើងនៅទីក្រុងភ្នំពេញ និង​មាន​ភារកិច្ចយាមល្បាតជុំវិញ​ក្រុងភ្នំពេញ។ ចុងឆ្នាំ១៩៧៨ ពូ ថាច ត្រូវបានអង្គការបញ្ជាឲ្យ​ទៅ​ប្រយុទ្ធជាមួយកងទ័ព​វៀតណាមនៅអ្នកលឿង។

ក្រោយខ្មែរក្រហមដួលរលំ

នៅឆ្នាំ១៩៧៩ កងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងកងទ័ពវៀតណាម​បានផ្តួលរំលំរបបខ្មែរក្រហម។ ពេលនោះ ពូ ថាច បានរត់ភៀសខ្លួនទៅ​ព្រំ​ដែន​​ថៃ ក្នុង​ស្រុក​ប៉ៃលិន នៅម្តុំឡែម។ ការរត់ភៀសខ្លួន ពូ ថាច ជួបឧបសគ្គជាច្រើន​ដោយ​បាន​ប្រយុទ្ធ​គ្នា​ជា​មួយកងទ័ពវៀតណាមនៅតាមផ្លូវជាច្រើនលើកច្រើនសារ។ មិនត្រឹមតែ​ប៉ុណ្ណោះ ក្រុម​របស់គាត់ក៏គ្មាន​អាហារហូចចុកនៅតាមផ្លូវគ្រប់គ្រាន់ដែរ គឺមានត្រឹមតែអង្ករ​ពីរ​បីក្តាប់ សម្រាប់​បបរក្នុង​មួយពេលៗប៉ុណ្ណោះ សម្រាប់កងទ័ពប្រហែល៩០នាក់។ ក្នុង​នោះដែរ ពូ ថាច និងសមាជិកក្រុម​មិនដែល​បានសម្រាកក្នុងពេលធ្វើដំណើរឡើយ ដោយ​សារកងទ័ព​វៀតណាមដេញបាញ់ប្រកិតពីក្រោយ​។ ពូ ថាច បានធ្វើដំណើរមកដល់តំបន់ប៉ៃលិន ហើយ​រស់នៅទីនោះអស់រយៈពេលបីឆ្នាំ បន្ទាប់មក គាត់បានចាកចេញ​​ទៅឈរ​ជើង​នៅភ្នំ​ឆ័ត្រ ក្នុង​អង្គភាព ក-៥ ហើយបានចូល​ប្រយុទ្ធ​គ្នា​ជាមួយកង​ទ័ព​វៀតណាម ស្ទើរ​តែ​គ្មានពេល​សម្រាកក្នុងមួយខែៗ។ ពូ ថាច បន្តថា កាល​នៅ​សមរភូមិ​ប្រយុទ្ធមានកងទ័ព​ខ្មែរក្រហម​ជាច្រើនបានជាន់មីនស្លាប់ និង​ពិការ​ដោយសារ​នៅអង្គភាព ក-៥ សំបូរទៅ​ដោយ​មីន ដែល​បាន​ដាក់ជាច្រើនសម័យកាលកន្លងមក។ ក្នុងឆ្នាំ​១៩៩៧ ពូ ថាច បានទៅ​រស់នៅក្នុងតំបន់​អន្លង់វែង ដោយកាលនោះ តំបន់​អន្លង់វែងត្រូវ​បាន​រៀបចំ និង​បង្កើត​ឲ្យ​មាន​ភូមិឃុំសម្រាប់​ប្រជាជនរស់នៅ។ នៅក្នុងឆ្នាំ១៩៩៨ ពេលដែលខ្មែរ​ក្រហម​បានធ្វើ​សមា​ហរណ​កម្ម​ចុះចូល​ជាមួយរាជរដ្ឋាភិបាល ពូ ថាច ក៏បាន​ចូល​បម្រើកងទ័ព​រាជរដ្ឋាភិ​បាល រហូត​ដល់ឆ្នាំ២០០៨ ទើបគាត់សម្រេចចិត្តលាឈប់ពីអង្គភាពយោធា។ ក្រោយ​សមាហរណ​កម្មបានពីរឆ្នាំ ពូ ថាច បាននាំប្រពន្ធកូនទៅលេងស្រុកកំណើតរបស់​គាត់ ហើយ​បានជួប​បង​ស្រីគាត់តែម្នាក់​ប៉ុណ្ណោះ។ ពូ ថាច ស្នាក់នៅជាមួយបងស្រីបានមួយ​រយៈពេល​​ខ្លី ដោយយល់​ឃើញថាមិន​អាចរស់នៅ និងប្រកបរបររកស៊ីនៅស្រុក​កំណើត​​បាន​គាត់សម្រេចចិត្តវិលត្រឡប់មករស់​នៅ​​ក្នុង​​ស្រុកអន្លង់វែងវិញ ដោយប្រកបរបរធ្វើស្រែចម្ការ​រហូត​ដល់សព្វថ្ងៃ។

ហូ ថុនា អ្នកសរសេរទស្សនាវដ្ដីស្វែងរកការពិត