មាតិកា

វេទិកាថ្នាក់រៀនស្តីពីសារសំខាន់នៃការសិក្សាប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ នៅវិទ្យាល័យ ជា ស៊ីម ចំរើនរដ្ឋ

ថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៧


ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ មជ្ឈមណ្ឌលឯកសារកម្ពុជា សហការជាមួយ​ក្រសួង​អប់រំ យុវជន និងកីឡា បានបើកវេទិកាថ្នាក់រៀនមួយស្តីអំពីប្រវត្តិ​សាស្ត្រ​​កម្ពុជា​ប្រជាធិប​តេយ្យ នៅវិទ្យាល័យជាស៊ីមចំរើនរដ្ឋ ដែលមានសិស្សា​នុសិស្សចូលរួមសរុប៦៩នាក់ (ប្រុស៣០នាក់)។ ដំបូងឡើយ វិទ្យាល័យនេះជា​ឧបសម្ព័ន្ធវិទ្យា​ល័យ​ឬស្សីកែវ ស្ថិតនៅភូមិ​ស្វាយប៉ាក សង្កាត់ស្វាយប៉ាក ​ខណ្ឌឬស្សីកែវ រាជ​ធានីភ្នំពេញ។

វេទទិកាថ្នាក់រៀននេះ គឺបង្កើត​ឡើង​ដើម្បីឲ្យ​សិស្សា​នុសិស្ស​ពិភាក្សាគ្នា អំពីប្រវត្តិ​សាស្ត្រកម្ពុជាប្រជាធិប​តេយ្យ នូវអ្វីដែលសិស្សទាំងនេះបានដឹង និងធ្លាប់បានរៀនកន្លង​មក។​ មិនត្រឹមតែប៉ុណ្ណោះ ក៏មានការដាក់តាំងពិព័រណ៍ អំពីសកម្មភាពដែលខ្មែរក្រហមបាន​ជម្លៀស​ប្រជាជនទាំងបង្ខំទៅតាមទីជនបទដើម្បីធ្វើ​ស្រែ​ចម្ការ។ ពិព័រណ៍នេះ មានចំនួន​សរុប៥ផ្ទាំង និងបានរៀបចំ​ដាក់​តាំងមុនរយៈពេលបីថ្ងៃដើម្បីឲ្យ​សិស្សានុ​សិស្ស​មើលទុកជា​មុន ដើម្បីផ្តល់នូវចំណេះដឹងខ្លះៗមុនការចូលរួមវេទិកា​ថ្នាក់​រៀន​នេះ។ មុននឹងចាប់ផ្តើមកម្ម​វិធី បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា បានរៀបចំស្លាយ​ដើម្បី​ចាក់​បញ្ចាំងវីដេអូខ្លីមួយ ដែលនិយាយអំពីរបបខ្មែរក្រហម និងចែកសៀវភៅស្តី​អំពី​ប្រវត្តិ​សាស្រ្ត​កម្ពុជា​ប្រជាធិប​តេយ្យ (១៩៧៥-១៩៧៩)​ ដល់សិស្សានុសិស្សដែលចូលរួមវគ្គបណ្តុះ​បណ្តាល​នេះ។

ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ម៉ោង​ប្រាំបី​កន្លះព្រឹក លោក​នាយកសាលា​វិទ្យាល័យ ជា ស៊ីម ចំរើន​រដ្ឋ បាន​ប្រកាស​បើកវគ្គវេទិកា​ថ្នាក់​រៀនេះ និងបាន​និយាយ​អំពីសារសំខាន់នៃការសិក្សា​អំពី​ប្រវត្តិ​សាស្រ្ត​កម្ពុជា​ប្រជាធិបតេយ្យ ព្រមទាំង​បាន​រម្លឹក​អំពី​អតីត​កាលរបស់គាត់អំឡុង​ឆ្នាំ​​១៩៧៥-៧៩។ លោកនាយកសាលា មានឈ្មោះ ឌី ទេពកោសល្យ អាយុ៤៩ឆ្នាំ គាត់បានរៀបរាប់​អំពី​រឿងរ៉ាវខ្លះៗ ក្នុងរបបខ្មែរក្រហមដែលគាត់ធ្លាប់បានឆ្លង​កាត់​​កន្លងមក។ នៅឆ្នាំ១៩៧៧ ទេព្យកោសល្យ មានអាយុប្រហែល១២ឆ្នាំ អង្គការបានចាត់តាំងគាត់ឲ្យមើល​ក្របី។ នា​យប់មួយ ក្របីរបស់គាត់បានដាច់​ចំណង ហើយបានរត់ចេញពីក្រោល ពេល​នោះ​គាត់​បានដើររកក្របីទាំងយប់ មួយសន្ទុះក្រោយមកគាត់ក៏បានឃើញក្របីរបស់គាត់ ហើយបាន​ដឹកវាត្រឡប់​មកវិញ។ ពេលនោះ មានសមមិត្តដែលរស់នៅក្បែរគ្នា បាន​និយាយ​ប្រាប់​គាត់ថា ឪពុករបស់គាត់ត្រូវបានខ្មែរក្រហមយកទៅរៀន​សូត្រ​ហើយ (សម្លាប់) ខណៈពេល​ដែល ទេព្យកោសល្យ ឯងទៅរកក្របី។ ប៉ុន្តែ ទេព្យកោសល្យ បែរជាគិតថា វាជា​សំណាង​ល្អរបស់គាត់ដែលក្របីបានដាច់ចំណង ទើបគាត់​បាន​​រួច​ផុត​ជីវិត ពីព្រោះ​ពេល​​នោះ ប្រសិន​បើ ទេព្យកោសល្យ នៅជាមួយ​ឪពុករបស់គាត់ ច្បាស់​ជាអង្គការយកទៅ​សម្លាប់​​ចោលទាំងពីរនាក់ជាពុំខាន។ បង្វែរមក​វិញ ទេព្យកោសល្យ បាននិយាយទៅកាន់​សិស្ស​របស់គាត់ថា ការ​រៀន​ប្រវត្តិ​សាស្រ្តកម្ពុជាប្រជាធិបតេយ្យ ពិតជាមានសារសំខាន់​ខ្លាំង​ណាស់ ព្រោះវាជា​អតីតកាលដ៏​ជូរចត់មួយ ដែលសិស្សទាំងអស់ត្រូវយល់ដឹងអំពីរបប​នេះ​ឲ្យ​បាន​ច្បាស់ ដើម្បី​កុំឲ្យកើតមានឡើងសារជាថ្មី។

ទាវ លីលី ជាសិស្សថ្នាក់ទី១២A1 រៀននៅវិទ្យាល័យជាស៊ីមចំរើនរដ្ឋ បានរៀបរាប់ថា ពីដំបូងឡើយ គាត់ធ្លាប់បានឮពីសម័យខ្មែរក្រហម ​តាមរយៈឪពុកម្តាយរបស់គាត់ ដែល​បានប្រាប់អំពីស​កម្មភាព​ដែលកើតឡើងក្នុងសម័យកាលនោះ។ ពេលនោះ លីលី មាន​អារម្មណ៍​ថា ស្អប់របបនោះយ៉ាងខ្លាំង ប៉ុន្តែក្រោយ លីលី បានសិក្សាអំពីរបបនេះ នៅក្នុង​ថ្នាក់​រៀន​របស់ខ្លួនផ្ទាល់ ជាពិសេស​ថ្ងៃនេះ ដែលបានមានឱកាសចូលរួមវេទិកាថ្នាក់រៀន អំពី​របប​​កម្ពុជាប្រជាធិបតេយ្យ​ បានធ្វើឲ្យ លីលី យល់ដឹងកាន់​តែ​ច្បាស់ ហើយមិន​មាន​គំនិតស្អប់ ឬមិនចង់សិក្សាអំពីប្រវត្តិសាស្រ្តនេះទេ ផ្ទុយទៅវិញ លីលី ​យល់​ដឹង​បានច្រើនពី​របប​ខ្មែរក្រហមតាមរយៈការចូលរួមវេទិកាថ្នាក់រៀននេះ។ អ្វីដែលពិសេសទៀតនោះ នៅ​ពេល​ដែល លីលី បានមើលការតាំងពិព័រណ៍អំពីរូបភាព​ដែល​ខ្មែរក្រហមជម្លៀសប្រជាជន ហាក់បីដូចធ្វើឲ្យ លីលី ស្ថិតនៅក្នុងសកម្មភាពជាក់ស្តែង​មួយនៃរបបនោះ និងធ្វើឲ្យគាត់​មានអារម្មណ៍សង្វេគយ៉ាងពន់ពេក។

ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ប្រាក់​ សោភា រៀនថ្នាក់ទី១២ នៅវិទ្យាល័យ ជា ស៊ីម ចំរើនរដ្ឋ បាន​និយាយ​អំពីសារ​សំខាន់នៃការរៀនប្រវត្តិសាស្រ្តកម្ពុជាប្រជាធិប​តេយ្យថា ប្រវត្តិសាស្ត្រ​របស់ជាតិ​ខ្លួន​ផ្ទាល់ គឺមិនត្រូវបំភ្លេចនោះទេ ទោះបី​ជាប្រវត្តិសាស្ត្រល្អ ឬមិនល្អក្តី គឺយើង​ត្រូវសិក្សា​អំពីវាឲ្យ​បានច្បាស់ ជាពិ​សេស​របប ប៉ុល ពត ដែលជាប្រវត្តិសាស្រ្តដ៏សាហាវ​យង់ឃ្នង និងព្រៃផ្សៃ​ដែលប្រជាជនខ្មែរទូទៅមានអារម្មណ៍ដក់ជាប់នៅក្នុងចិត្តជានិច្ច។ ម្យ៉ាងទៀត សោភា បាន​បន្ថែមថា នៅពេលដែលបានរៀនប្រវត្តិសាស្រ្តនៅថ្ងៃនេះ គឺធ្វើឲ្យ​គាត់​បានដឹងកាន់តែ​ច្បាស់អំពីឈ្មោះថ្នាក់ដឹកនាំក្នុងសម័យកាលនោះ និង​គោល​នយោ​បាយ​ដែលខ្មែរក្រហម​បានប្រព្រឹត្ត។ សោភា បានបន្តថា ប្រសិនបើគាត់ទទួលបានចំណេះ​ដឹងពីប្រវត្តិសាស្រ្តនេះ​កាន់​តែច្រើន គាត់នឹងចែករំលែកទៅកាន់សិស្សប្អូនរបស់គាត់ ដែល​រៀន​នៅក្នុងវិទ្យាល័យ​ជា​មួយគ្នា ដើម្បីជាគន្លឹះសម្រាប់ប្រឡងទុតិយភូមិ ដែលជាវិញាសារ​ធ្លាប់បានចេញកន្លង​មក។ សោភា បានបញ្ជាក់ថា ការរៀនប្រវត្តិសាស្ត្រ​នេះ គឺបាន​ផ្តល់អត្ថប្រយោជន៍សម្រាប់​ខ្លួន​គាត់ផ្ទាល់ នៅពេលដែលគាត់ប្រឡងតែងសេចក្តី គាត់បាន​លើក​យកផលអវិជ្ជមាន​ដែល​កើត​ឡើងពី​របបនោះ មកធ្វើការប្រៀបធៀបនឹង​សម័យ​​កាល​បច្ចុប្បន្នថា តើវាមាន​លក្ខណៈ​ខុសគ្នាយ៉ាងដូចម្តេច​។ អ្វីដែល សោភា ចាប់អារម្មណ៍​បំផុតនោះ គឺរូបភាពតាំងពិព័រណ៍ ដែលបានឆ្លុះបញ្ចាំងអំពីសម័យអតីតកាល និងមានអក្សរ​ដែលសរសេរបញ្ជាក់អំពី​ព្រិត្តិការនោះ ម្យ៉ាងទៀត មានក្រុមការងាររបស់មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ជួយចង្អុល​បង្ហាញ​នូវចម្ងល់ទាំងឡាយដែល សោភា មានការងឿងឆ្ងល់ធ្វើ​ឲ្យ​ចម្ងល់​ទាំងនោះកាន់​តែយល់ច្បាស់ឡើង។  ​ជាចុង​បញ្ចប់ សោភា ​សំណូម​ពរ ថា ចង់ឲ្យ​មានវេទិកា​ថ្នាក់រៀន​អំពីប្រវត្តិ​សាស្រ្ត​បែបនេះ​តទៅទៀត ដើម្បីកុំ​ឲ្យ​​សិស្សានុសិស្ស ឬក្មេង​ជំនាន់​​ក្រោយ​​បំភ្លេច​នូវ​ប្រវត្តិ​សាស្រ្តមួយ​នេះ។

ហូ ថុនា បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា