សិក្ខាសាលាពិគ្រោះយោបល់ស្តីពីកម្មវិធីសិក្សាលម្អិតលើមុខវិជ្ជាប្រវត្តិវិទ្យា ពីថ្នាក់ទី១០ ដល់ថ្នាក់ទី១២
ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៧
នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ សិក្ខាសាលាពិគ្រោះយោបល់ស្តីពីកម្មវិធីសិក្សាលម្អិតស្តីពីមុខវិជ្ជាប្រវត្តិវិទ្យាពីថ្នាក់ទី១០ ដល់ថ្នាក់ទី១២ ដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពីថ្នាក់ដឹកនាំ អគ្គនាយក អគ្គនាយរង ប្រធាននាយកដ្ឋាន សមាជិកអនុគណៈកម្មការមុខវិជ្ជាឯកទេសប្រវត្តិវិទ្យា និងបុគ្គលិកអង្គការជាដៃគូ មកពីមជ្ឈមណ្ឌលឯកសារកម្ពុជា ត្រូវបានរៀបចំធ្វើឡើងនៅអគាH នៃវិទ្យាស្ថានជាតិអប់រំ ក្រុងភ្នំពេញ។
នៅក្នុងឱកាសចាប់ផ្តើមបើកសិក្ខាសាលាពិគ្រោះយោបល់នេះ ឯកឧត្តមបណ្ទិតសភាចារ្យ ហង់ ជួន ណារ៉ុន មានប្រសាសន៍ថា កំណែទម្រង់កម្មវិធីសិក្សាស្តីពីមុខវិជ្ជាប្រវត្តិវិទ្យា បានចាប់ផ្តើមធ្វើជាយូរឆ្នាំមកហើយ គឺចាប់តាំងពីឯកឧត្តមចូលធ្វើជារដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដំបូង។ រហូតមកដល់ពេលនេះ ជាការសម្រេចចុងក្រោយ ថាយើងនឹងព្រមព្រៀងលើចំណុចអ្វីខ្លះក្នុងកម្មវិធីសិក្សាប្រវត្តិវិទ្យានេះ។ កម្មវិធីសិក្សាប្រវត្តិវិទ្យានេះ នឹងសរសេរតាមកម្មវិធីសិក្សាប្រវត្តិវិទ្យារបស់ប្រទេសសិង្ហបុរី ដោយមានការឯកភាពពីគណៈកម្មាធិការប្រវត្តិវិទ្យាកម្ពុជា។ គណៈកម្មាធិការនេះ នឹងពិនិត្យទៅលើមាតិកាប្រវត្តិសាស្រ្តមួយចំនួនដែលនៅសេសសល់ និង ការប្រើពាក្យបច្ចេកទេសមួយចំនួនទៀត។ ឯកឧត្តម ក៏បានរំឭកអង្គប្រជុំឲ្យប្រើប្រាស់វចនានុក្រម សម្តេច ជូ ណាត ជាគោល និងបកស្រាយពាក្យបច្ចេកទេសទាំងអស់ឲ្យលម្អិត ដើម្បីជួយសម្រួលដល់លោកគ្រូអ្នកគ្រូក្នុងការបង្រៀនសិស្សានុសិស្ស។ ឯកឧត្តម ក៏បានលើកឡើងនៅក្នុងអង្គប្រជុំថា សៀវភៅស្តីពីកម្មវិធីសិក្សាប្រវត្តិវិទ្យានេះនឹងបោះពុម្ពក្នុងអំឡុងពេល៥ខែខាងមុខ និងបញ្ចូលក្នុងកម្មវិធីសិក្សា ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២។
នៅពេលរសៀល អង្គសិក្ខាសាលាពិគ្រោះយោបល់ ដែលមានការចូលរួមពីសមាជិកអនុគណៈកម្មការមុខវិជ្ជាឯកទេសប្រវត្តិវិទ្យា នាយកសាលា ប្រធានក្រុមបច្ចេកទេសមុខវិជ្ជាប្រវត្តិវិទ្យា និងលោកគ្រូអ្នកគ្រូមុខវិជ្ជាឯកទេសនៃរាជធានីភ្នំពេញ បានពិនិត្យមើលលម្អិតទៅលើកម្មវិធីសិក្សាមុខវិជ្ជាប្រវត្តិវិទ្យាពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ និងការកែលម្អកម្មវិធីសិក្សាប្រវត្តិវិទ្យានេះ។ បន្ទាប់មក អង្គសិក្ខាសាលាពិគ្រោះយោបល់នេះ ក៏បានធ្វើការបែងចែកជាក្រុមពិភាក្សា និងធ្វើបទបង្ហាញតាមក្រុមនីមួយៗ ដោយ ក្រុមបឋមសិក្សា ដឹកនាំដោយលោក មួង សុផាត, ក្រុមអនុវិទ្យាល័យ ដឹកនាំដោយលោក ចេង ហុង និងក្រុមវិទ្យាល័យ ដឹកនាំដោយ បណ្ឌិត វង់ សុធារ៉ា។
នៅក្នុងការពិភាក្សានេះ លោក ចេង ហុង សាស្រា្តចារ្យនៅវិទ្យាស្ថានជាតិអប់រំ បានធ្វើបទបង្ហាញស្តីពីការធ្វើកិច្ចតែងការបង្រៀនថ្មីដើរតាមប្រព័ន្ធសិក្សាសតវត្សរ៍ទី២១។ លោកបានលើកឧទាហរណ៍ ស្តីពីការធ្វើកិច្ចតែងការបង្រៀន អំពីមេរៀន ប្រវត្តិសាស្រ្តពិភពលោក ដោយបានបែងជាបីផ្នែក គឺ ១) ប្រធានបទសិក្សាបញ្ញត្ត (ពាក្យគន្លឹះ ឬ មេរៀន) ២) បុច្ឆនសិក្សា (ការសិក្សាដោយខ្លួនឯង ដោយមានការសម្របសម្រួលពីគ្រូ ហើយសិស្សអាចបង្កើតសំណួរ និងចម្លើយដោយខ្លួនឯង និង ៣) លទ្ធផលសិក្សារំពឹងទុក (ឬចំណោលសិក្សា ដែលជាផែនការរំពឹងទុកនៅពេលបង្រៀន)។ បន្ទាប់ពីការធ្វើបទបង្ហាញនេះក៏មានការឯកភាពពីលោកគ្រូ អ្នកគ្រូ នៅតាមវិទ្យាល័យនានាក្នុងក្រុងភ្នំពេញដែលជាសមាជិក។ កម្មវិធីបានបញ្ចប់នៅពេលរសៀល ដោយមានការបូកសរុបលទ្ធផលរួមនៃការពិគ្រោះយោបល់។
សោម ប៊ុនថន បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា