សិក្ខាសាលាអន្តរជាតិស្តីពីការពង្រឹងសមត្ថភាពការអប់រំ អំពីប្រវត្តិសាស្ត្រ និងការទប់ស្កាត់អំពើហិង្សា
ថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០១៨
សិក្ខាសាលាអន្តរជាតិ ស្តីពីការពង្រឹងសមត្ថភាពការអប់រំអំពីប្រវត្តិសាស្ត្រ និងការទប់ស្កាត់អំពើហិង្សា ត្រូវបានរៀបចំឡើង ដោយអង្គការសម្ព័ន្ធអន្តរជាតិបណ្តុះមនសិការ (Sites of Conscience) នៅវិចិត្រសាលសិល្ប:សហសម័យវិទ្យាស្ថានស្លឹករឹត ក្នុងបរិវេណវិទ្យាស្ថានជាតិអប់រំ។ កម្មវិធីសិក្ខាសាលាអន្តរជាតិនេះ នឹងធ្វើឡើងរយៈពេលបួនថ្ងៃ ចាប់ ពីថ្ងៃទី១៥ ដល់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ដែលមានសមាជិក និងអង្គការជាដៃគូមកពីប្រទេសទីម័រខាងកើត ហ្គាតាម៉ាឡា ប្រទេសឥណ្ឌូនេស៊ី និងប្រទេសកម្ពុជា។ លោកជំទាវ ទន់ សាអ៊ីម អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជណាចក្រកម្ពុជា ដែលបានធ្វើការងារលើគម្រោងអប់រំស្តីពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា ក៏បានចូលរួម និងធ្វើគណអធិបតីក្នុងពិធីបើកវគ្គសិក្ខាសាលាអន្តរជាតិនេះ ព្រមទាំងមានគ្រូប្រវត្តិសាស្រ្តថ្នាក់ជាតិ គរុនិស្សិតមកពីវិទ្យាស្ថានជាតិអប់រំ និងសមាជិកមកពីអង្គការជាដៃគូ ។
សារ៉ា ប្រេដស អ្នកសម្របសម្រួល មកពីអង្គការសម្ព័ន្ធអន្តរជាតិបណ្តុះមនសិការ (Sites of Conscience) បានឡើងបង្ហាញពីគោលបំណងរបស់សិក្ខាសាលាអន្តរជាតិ ស្តីពីការពង្រឹងសមត្ថភាពការអប់រំអំពីប្រវត្តិសាស្ត្រ និងការទប់ស្កាត់អំពើហិង្សាថា៖ អង្គការសម្ព័ន្ធអន្តរជាតិបណ្តុះមនសិការ (Sites of Conscience) ជាអង្គការសម្ព័ន្ធអន្តរជាតិមួយដែលធ្វើការទាក់ទងជាមួយនឹងប្រទេសក្រោយជម្លោះ ដើម្បីផ្លាស់ប្តូរឲ្យទៅជាសង្គមមួយដែលមានការអប់រំ និងការដោះស្រាយជាមួយនឹងអតីតកាល លើសពីនេះទៀតសោត វាជាអង្គការសម្ព័ន្ធថ្នាក់ពិភពលោកមួយដែលធ្វើឲ្យមានការចងចាំ ចំពោះប្រទេសដែលប្រឈមនឹងប្រវត្តិសាស្រ្តដ៏ជូចត់។ អង្គការសម្ព័ន្ធអន្តរជាតិនេះ ក៏បានធ្វើការនៅប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយទាក់ទងជាមួយនឹងប្រវត្តិសាស្រ្តដ៏ជូរចត់នេះ។ ថ្ងៃនេះ ក៏មិនខុសពីពេលមុនដែរ យើងបង្កើតសិក្ខាសាលាអន្តរជាតិនៅទីនេះ ក្នុងគោលបំណងស្វែងរកការពិត និងយុត្តិធម៌អន្តរកាល។ ក្នុងរយៈពេលបីឆ្នាំ សម្ព័ន្ធអង្គការអន្តរជាតិ យើងបានធ្វើការជាមួយនឹងប្រទេសចំនួន១៧ និងអង្គការសង្គមស៊ីវិលចំនួន២៥០ ក្នុងចំណោម៥៥ប្រទេស ហើយមជ្ឈមណ្ឌលឯកសារកម្ពុជា គឺជាសមាជិកទី៩នៃសម្ព័ន្ធអន្តរជាតិ។
ក្នុងឱកាសចូលរួមបើកសិក្ខាសាលាអន្តរជាតិ ស្តីពីការពង្រឹងសមត្ថភាពការអប់រំអំពីប្រវត្តិសាស្ត្រ និងការទប់ស្កាត់អំពើហិង្សា លោកជំទាវ ទន់ សាអ៊ីម បានសម្តែងនូវអារម្មណ៍រីករាយ ដែលសិក្ខាសាលានេះបានធ្វើឡើងនៅប្រទេសកម្ពុជា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចសហការដ៏ល្អ រវាងក្រសួងអប់រំ យុវជន និងកីឡា ជាមួយអង្គការជាដៃគូដែលធ្វើការលើការអប់រំពីប្រវត្តិសាស្រ្ត ហើយទទួលបាននូវភាពជោគជ័យគួរឲ្យកត់សំគាល់។ ការបង្រៀនប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ បានផ្តល់នូវព័ត៌មាន និងបទពិសោធន៍ដល់ក្មេងជំនាន់ក្រោយឲ្យដឹងពីរបបនេះ ដែលបានប្រព្រឹត្តមកលើប្រជាជន។ ប្រជាជនកម្ពុជាជាច្រើនបានឆ្លងកាត់ជីវិតរស់នៅយ៉ាងលំបាក និងបានបាត់បង់នូវសិទ្ធិសេរីភាព។ លោកជំទាវបានបន្តថា ប្រទេសកម្ពុជាបានធ្លាក់ទៅក្នុងគ្រោះមហន្តរាយទាំងស្រុងក្នុងរបបនេះ ហើយក្រសួងអប់រំ យុវជន និងកីឡា បានខិតខំបញ្ជ្រៀតកម្មវិធីសិក្សា និងមេរៀនទាក់ទងរបបកម្ពុជាប្រជាធិបតេយ្យ ទៅតាមថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យនៅទូទាំងប្រទេស។ លោកជំទាវ ដែលជាជនរងគ្រោះក្នុងរបបនេះផ្ទាល់បានលើកឡើងថា អតីតកាលគឺជាមេរៀនសម្រាប់ជីវិតរបស់យើងនៅក្នុងបច្ចុប្បន្ននេះ យើងរៀនអំពីអតីតកាលដើម្បីរក្សាការការពារកុំឲ្យប្រវត្តិសាស្រ្តដ៏សាហាវនេះកើតឡើងម្តងទៀត។ យើងត្រូវបណ្តុះបណ្តាលយុវជនឲ្យក្លាយទៅជាទំពាំងស្នងឬស្សី។ យើងកំពុងខិតខំប្រឹងប្រែងធ្វើសព្វថ្ងៃនេះដើម្បីឆ្ពោះទៅរកការលើកកំពស់សីលធម៌ និងស្វែងរកយុត្តិធម៌ទៅដល់ជនរងគ្រោះ និងឈានទៅដល់ការផ្សះផ្សាជាតិ។ លោកជំទាវ ក៏បានថ្លែងអំណរគុណដល់តំណាងសមាជិកដែលមកពីប្រទេសទាំងបួន ដែលនឹងចែករំលែកអំពីប្រវត្តិសាស្រ្តរបស់ប្រទេសនីមួយៗ និងជូនពរដល់គណៈអធិបតី ភ្ញៀវជាតិអន្តរជាតិ លោកគ្រូអ្នកគ្រូ និងគរុនិស្សិតដែលបានអញ្ជើញចូលរួមនៅថ្ងៃនេះ និងបានប្រកាសបើកវគ្គសិក្ខាសាលាអន្តរជាតិនេះដូចតទៅ។
បន្ទាប់ពី ការបើកកម្មវិធី អង្គសិក្ខាសាលា បានចាប់ផ្តើមបើកម្មវិធីពិភាក្សាដោយមានការចូលរួមពីតំណាងអង្គការ និងស្ថាប័នមកពីប្រទេសទីម័រ ប្រទេសហ្គាតាម៉ាឡា និងប្រទេសកម្ពុជា។ កម្មវិធីពិភាក្សានេះ បានបើកឱកាសឲ្យវាគ្មិនតំណាងឲ្យអង្គការមកពីប្រទេសនីមួយៗបង្កើតជាសំណួរទាក់ទងនឹង សិក្ខាសាលាស្តីពីការពង្រឹងការអប់រំស្តីពីប្រវត្តិសាស្រ្ត និងការទប់ស្កាត់អំពើហិង្សា។ ជាមួយគ្នានេះ តំណាងមកពីប្រទេសនីមួយៗក៏បានលើកឡើងពីគម្រោងសំខាន់ដែលខ្លួនបានធ្វើកន្លងមក និងអ្វីដែលខ្លួនចង់បាន បន្ទាប់ពីសិក្ខាសាលានេះ ដូចជាការបង្កើតឲ្យមានសារមន្ទីរ ការបង្រៀបប្រវត្តិសាស្រ្ត ដោយឡែក អនុប្រធានការិយាល័យអប់រំស្រុកស្រីសន្ធរ តំណាងមកពីប្រទេសកម្ពុជា ចង់បង្កើតឲ្យមានបណ្ណាល័យនៅតាមសាលា ដើម្បីឲ្យសិស្សានុសិស្សចូលអាន។
ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា
នៅពេលរសៀលថ្ងៃដដែល តំណាងអង្គការមូលនិធិកោសល្យវិច័យ មកពីប្រទេសហ្គាតាម៉ាឡា បានធ្វើបទបង្ហាញស្តីពីកិច្ចការងារស្រាវជ្រាវ និងស៊ើបអង្កេត និងការធ្វើ កោសល្យវិច័យ (DNA) ទាក់ទងនឹងការបាត់ខ្លួន និងការស្លាប់របស់ជនរងគ្រោះនៅក្នុងប្រតិបត្តិការយោធាក្នុងប្រទេសនេះ។
តំណាងមកពីប្រទេសទីម័រ ក៏ចែករំលែកពីបទពិសោធន៍នៃការបង្រៀនប្រវត្តិសាស្រ្ត និងការចងចាំ នៅតាមសាកលវិទ្យាល័យ និងនៅថ្នាក់មូលដ្ឋាន។ ការអប់រំទាំងនេះនឹងផ្តោតសំខាន់ទៅលើសន្តិភាព និងការផ្សះផ្សាជាតិក្នុងប្រទេស។
លោកគ្រូ ស៊ីវ ធួន តំណាងឲ្យប្រទេសកម្ពុជាបានចែករំលែកបទពិសោធន៍មួយចំនួន ដល់សិក្ខាសាលាអន្តរជាតិ ដោយបានយករឿងរ៉ាវ និងសោកនាដ្ឋកម្មផ្សេងៗ ចាប់តាំងពីខ្មែរក្រហមបានចូលកាន់កាប់អំណាច រហូតដល់ថ្ងៃរបបខ្មែរក្រហមត្រូវបានដួលរលំនៅថ្ងៃទី៧ មករា ១៩៧៩។
សិក្ខាសាលាអន្តរជាតិនេះ ត្រូវបានបញ្ចប់នៅម៉ោង៥កន្លះល្ងាច និងបន្តទៅថ្ងៃស្អែកតាមកម្មវិធីដែលបានគ្រោងទុក។
ហូ ថុនា បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា