រឿងរ៉ាវចេញពីស្រុកអន្លង់វែង៖ មិនហ៊ាននៅផ្ទះនាពេលថ្ងៃ
ខ្ញុំតូចចិត្តនឹងខ្លួនឯងដែលមិនបានរៀនសូត្រចេះដឹងនឹងគេ។ ការដែលមិនចេះដឹងនេះហើយបានធ្វើឲ្យខ្ញុំមិនហ៊ាននៅផ្ទះនាពេលថ្ងៃ។ ខ្ញុំតែងតែចង់ចូលទៅក្នុងព្រៃ ទៅចម្ការ ឬទៅវាលស្រែ ពីព្រោះវាជាមធ្យោបាយដ៏ល្អសម្រាប់ខ្ញុំ ក្នុងការគេចមុខពីយុវជន យុវនារី ឬសិស្សានុសិស្សនាសម័យបច្ចុប្បន្ននេះ។ នៅពេលជួបអ្នកទាំងនេះ ធ្វើឲ្យខ្ញុំនឹកឃើញដល់យុវវ័យរបស់ខ្ញុំ ដែលមិនមានសិទ្ធិទៅសាលារៀនសូត្រ និងសិទ្ធិជួបជុំចែករំលែកភាពសប្បាយរីករាយដល់ក្រុមគ្រួសារ។
ខាងលើជាសំដីរបស់លោកពូ យស់ ថាច អាយុ៥៩ឆ្នាំ មានស្រុកកំណើតនៅភូមិពែងមាសជើង ឃុំស្ពឺ ស្រុកចម្ការលើ ខេត្តកំពង់ចាម។ ពូ ថាច មានឪពុកឈ្មោះ អ៊ូច អាន និងម្តាយឈ្មោះ នា ផុន (ឪពុកម្តាយគាត់ស្លាប់ក្នុងសម័យខ្មែរក្រហម) ហើយគាត់មានបងប្អូនបង្កើត៤នាក់ (ស្រីបីនាក់)។ ប្រពន្ធឈ្មោះ មុត រី និងមានកូនស្រីបីនាក់។ សព្វថៃ្ងពូ ថាច និងក្រុមគ្រួសាររស់នៅក្នុងភូមិថ្មី ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ កាលពីសង្គមចាស់ ពូ ថាច រៀនបានត្រឹមថ្នាក់ទី៦ នៅសាលាបឋមសិក្សាវត្តព្រេង ក្នុងខេត្តកំពង់ចាម។
ថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥
នៅឆ្នាំ១៩៧៥ ពូ ថាច ត្រូវបានខ្មែរក្រហមជម្លៀសទៅខេត្តកំពង់ធំ ប្រើឲ្យលើកទំនប់ស្ទឹងជីនិត ហើយគាត់នៅក្នុងកងចល័តដែលមានសមាជិក១៩៣នាក់។ ពូ ថាច បន្តថា កាលណោះ គឺជារដូវប្រាំងការកាប់ដីលើកទំនប់មានការលំបាកខ្លាំង ដោយដីរឹងប្រេះក្រហែង ហើយទឹកក៏គ្មានផឹកគ្រប់គ្រាន់ដែរ។ រីឯការហូបចុកវិញ គឺមានត្រឹមតែបាយលាយជាមួយចេកខ្ចីប៉ុណ្ណោះ។ ទោះបីលំបាកយ៉ាងនេះក្តី ពូ ថាច មិនដែលហ៊ានតវ៉ានឹងអង្គការឡើយ ដោយសារតែគាត់យល់ថា ប្រសិនបើតវ៉ាចំពោះការហូបចុក ច្បាស់ជាអង្គការយកទៅសម្លាប់ចោលជាមិនខាន។ កន្លះឆ្នាំក្រោយមក ពូ ថាច ត្រូវបានខ្មែរក្រហមជម្លៀសទៅស្រុកចម្ការលើវិញ ដោយឲ្យលើកទំនប់៥កុម្ភៈ ដើម្បីទប់ទឹកបញ្ចូលស្រែ ឬប្រឡាយឲ្យមានទឹកគ្រប់គ្រាន់សម្រាប់ធ្វើស្រែចម្ការ។ រហូតដល់ឆ្នាំ១៩៧៦ អង្គការបានចាត់តាំង ពូ ថាច ឲ្យចូលបម្រើអង្គភាពកងទ័ពខ្មែរក្រហម ដោយឲ្យឈរជើងនៅទីក្រុងភ្នំពេញ និងមានភារកិច្ចយាមល្បាតជុំវិញក្រុងភ្នំពេញ។ ចុងឆ្នាំ១៩៧៨ ពូ ថាច ត្រូវបានអង្គការបញ្ជាឲ្យទៅប្រយុទ្ធជាមួយកងទ័ពវៀតណាមនៅអ្នកលឿង។
ក្រោយខ្មែរក្រហមដួលរលំ
នៅឆ្នាំ១៩៧៩ កងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងកងទ័ពវៀតណាមបានផ្តួលរំលំរបបខ្មែរក្រហម។ ពេលនោះ ពូ ថាច បានរត់ភៀសខ្លួនទៅព្រំដែនថៃ ក្នុងស្រុកប៉ៃលិន នៅម្តុំឡែម។ ការរត់ភៀសខ្លួន ពូ ថាច ជួបឧបសគ្គជាច្រើនដោយបានប្រយុទ្ធគ្នាជាមួយកងទ័ពវៀតណាមនៅតាមផ្លូវជាច្រើនលើកច្រើនសារ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមរបស់គាត់ក៏គ្មានអាហារហូចចុកនៅតាមផ្លូវគ្រប់គ្រាន់ដែរ គឺមានត្រឹមតែអង្ករពីរបីក្តាប់ សម្រាប់បបរក្នុងមួយពេលៗប៉ុណ្ណោះ សម្រាប់កងទ័ពប្រហែល៩០នាក់។ ក្នុងនោះដែរ ពូ ថាច និងសមាជិកក្រុមមិនដែលបានសម្រាកក្នុងពេលធ្វើដំណើរឡើយ ដោយសារកងទ័ពវៀតណាមដេញបាញ់ប្រកិតពីក្រោយ។ ពូ ថាច បានធ្វើដំណើរមកដល់តំបន់ប៉ៃលិន ហើយរស់នៅទីនោះអស់រយៈពេលបីឆ្នាំ បន្ទាប់មក គាត់បានចាកចេញទៅឈរជើងនៅភ្នំឆ័ត្រ ក្នុងអង្គភាព ក-៥ ហើយបានចូលប្រយុទ្ធគ្នាជាមួយកងទ័ពវៀតណាម ស្ទើរតែគ្មានពេលសម្រាកក្នុងមួយខែៗ។ ពូ ថាច បន្តថា កាលនៅសមរភូមិប្រយុទ្ធមានកងទ័ពខ្មែរក្រហមជាច្រើនបានជាន់មីនស្លាប់ និងពិការដោយសារនៅអង្គភាព ក-៥ សំបូរទៅដោយមីន ដែលបានដាក់ជាច្រើនសម័យកាលកន្លងមក។ ក្នុងឆ្នាំ១៩៩៧ ពូ ថាច បានទៅរស់នៅក្នុងតំបន់អន្លង់វែង ដោយកាលនោះ តំបន់អន្លង់វែងត្រូវបានរៀបចំ និងបង្កើតឲ្យមានភូមិឃុំសម្រាប់ប្រជាជនរស់នៅ។ នៅក្នុងឆ្នាំ១៩៩៨ ពេលដែលខ្មែរក្រហមបានធ្វើសមាហរណកម្មចុះចូលជាមួយរាជរដ្ឋាភិបាល ពូ ថាច ក៏បានចូលបម្រើកងទ័ពរាជរដ្ឋាភិបាល រហូតដល់ឆ្នាំ២០០៨ ទើបគាត់សម្រេចចិត្តលាឈប់ពីអង្គភាពយោធា។ ក្រោយសមាហរណកម្មបានពីរឆ្នាំ ពូ ថាច បាននាំប្រពន្ធកូនទៅលេងស្រុកកំណើតរបស់គាត់ ហើយបានជួបបងស្រីគាត់តែម្នាក់ប៉ុណ្ណោះ។ ពូ ថាច ស្នាក់នៅជាមួយបងស្រីបានមួយរយៈពេលខ្លី ដោយយល់ឃើញថាមិនអាចរស់នៅ និងប្រកបរបររកស៊ីនៅស្រុកកំណើតបានគាត់សម្រេចចិត្តវិលត្រឡប់មករស់នៅក្នុងស្រុកអន្លង់វែងវិញ ដោយប្រកបរបរធ្វើស្រែចម្ការរហូតដល់សព្វថ្ងៃ។