សព្វវចនាធិប្បាយ (Encyclopedia) ៖អត្ថបទសង្ខេបណែនាំពីរបបខ្មែរក្រហម
អង្គការ
អង្គការ
ពាក្យ “ខ្មែរក្រហម” ត្រូវបានប្រើសំដៅទៅលើបក្សកុម្មុយនិស្តកម្ពុជា។ ប្រជាជនកម្ពុជាភាគច្រើនមិនបានដឹងថាតើនរណាជាមេដឹកនាំប្រទេសកម្ពុជាក្នុងរយៈកាល២ឆ្នាំដំបូងនៃរបបខ្មែរក្រហមឡើយ។ មិនតែប៉ុណ្ណោះ ប្រជាជនកម្ពុជាភាគច្រើនក៏មិនបានដឹងអំពីការកើតមានបក្សកុម្មុយនិស្តកម្ពុជាតាំងពីពេលណាមកដែរ។ ការសម្ងាត់គឺមានសារៈសំខាន់ណាស់សម្រាប់មេដឹកនាំខ្មែរក្រហម។“អង្គការ”ឬ“អង្គការថ្នាក់លើ”គឺជាពាក្យដែលត្រូវបានប្រើប្រាស់សម្រាប់តំណាងឲ្យអំណាចគ្រប់ជាន់ថ្នាក់របស់កម្មាភិបាលខ្មែរក្រហម និងជាឪពុកម្តាយពិតប្រាកដរបស់ប្រជាជនកម្ពុជាដែលអាចកំណត់ពីអាយុជីវិតរបស់ប្រជាជនទាំងអស់។ កម្មាភិបាលខ្មែរក្រហមបានប្រាប់ប្រជាជនគ្រប់រូបថា អង្គការគឺជា “អង្គការភ្នែកម្នាស់”ដែលតែងតែដឹងអ្វីៗគ្រប់យ៉ាងពីប្រជាជន។ ដូច្នេះប្រជាជនទាំងអស់ត្រូវតែធ្វើអ្វីៗតាមការបញ្ជារបស់ខ្មែរក្រហម។
(សម្រាប់ព័ត៌មានបន្ថែមសូមមើលឯកសារស្កេន D01266របស់មជ្ឈមណ្ឌលឯកសារកម្ពុជា)
Save
Save
Save
អន្លង់វែង
អន្លង់វែង
អន្លង់វែង ជាស្រុកមួយស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ គឺជា“កន្លែងប្រមូលផ្តុំ”កម្មាភិបាល ខ្មែរក្រហម បន្ទាប់ពីខែមករា ឆ្នាំ១៩៧៩ និងជាតំបន់តស៊ូចុងក្រោយរបស់កងកម្លាំងខ្មែរក្រហមដែរ។ នៅខែមេសា ឆ្នាំ១៩៩៨ កងកម្លាំងរដ្ឋាភិបាលកម្ពុជា បានដណ្តើមគ្រប់គ្រងស្រុកនេះរហូតដល់បច្ចុប្បន្ន។ មេដឹកនាំកំពូលរបស់ខ្មែរក្រហមគឺ ប៉ុល ពត បានស្លាប់ និងបានរំលាយសពនៅទីនោះ ក្នុងខែនិងឆ្នាំដដែល។
សម្រាប់ព័ត៌មានបន្ថែម សូមមើល និងអាន “ប្រវត្តិសាស្រ្តសហគមន៍អន្លង់វែង៖តំបន់កាន់កាប់ចុងក្រោយរបស់ចលនាខ្មែរក្រហម” បោះពុម្ពផ្សាយដោយមជ្ឈមណ្ឌលឯកសារកម្ពុជា
ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥
ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥
កងទ័ពខ្មែរក្រហមបានចូលដល់ទីក្រុងភ្នំពេញដោយថ្មើរជើង តាមរថយន្តធំៗនិងរថក្រោះហើយបានឡើងកាន់អំណាចទូទាំងប្រទេសកម្ពុជា។ កងទ័ពទាំងនោះត្រូវបានទទួលស្វាគមន៍ពីប្រជាជនរស់នៅក្នុងទីក្រុងដែលជាអ្នកនឿយណាយនឹងសង្រ្គាម។ មិនបានប៉ុន្មានម៉ោងក្រោយពីការចូលដល់ទីក្រុងភ្នំពេញ កម្មាភិបាលខ្មែរក្រហមបានចាប់ផ្ដើមជម្លៀសប្រជាជនប្រម៉ាណ២លាននាក់ចេញពីទីក្រុង។ នេះគឺជាការជម្លៀសដោយបង្ខំក្នុងទ្រង់ទ្រាយធំមួយនៃប្រវត្តិសាស្ត្រប្រទេសកម្ពុជា។ ទីក្រុងភ្នំពេញស្ទើរតែក្លាយជាទីក្រុងខ្មោច។
បក្សកុម្មុយនិស្តកម្ពុជា
បក្សកុម្មុយនិស្តកម្ពុជា
ជាបក្សនយោបាយសម្ងាត់របស់ខ្មែរក្រហម ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥១។ បក្សនេះមានឈ្មោះដំបូងថា “បក្សប្រជាជនបដិវត្តន៍ខ្មែរ”។ នៅឆ្នាំ១៩៦០ បក្សនេះបានប្ដូរឈ្មោះទៅជា “បក្សពលករកម្ពុជា”។ នៅឆ្នាំ១៩៦៣ ប៉ុល ពត បានក្លាយជាអគ្គលេខាបក្ស។ បន្ទាប់ពីទទួលដំណែងនេះ ប៉ុល ពត បានទៅជ្រកកោននៅមូលដ្ឋានទ័ពរបស់វៀតណាមនាភាគឥសាន្តប្រទេស ដែលមានឈ្មោះថា“មន្ទីរ១០០”។ នៅខែកញ្ញា ឆ្នាំ១៩៦៦ ប៉ុល ពត បានប្តូរឈ្មោះបក្សទៅជា “បក្សកុម្មុយនីស្តកម្ពុជា” ដោយហេតុផលចង់កាត់បន្ថយឥទ្ធិពលរបស់វៀតណាម និងរិតចំណងមិត្តភាពជាមួយចិន។ បន្ទាប់ពីឡើងកាន់កាប់អំណាចនៅឆ្នាំ១៩៧៥ បក្សកុម្មុយនិស្តកម្ពុជាបានហៅខ្លួនឯងថាជា “អង្គការ” ។ នៅខែកញ្ញាឆ្នាំ១៩៧៧ ប៉ុល ពត បានប្រកាសជាសាធារណៈពីវត្ដមានរបស់បក្សកុម្មុយនិស្ដកម្ពុជា។
(សម្រាប់ព័ត៌មានបន្ថែមសូមអានសៀវភៅ ប្រវត្តិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ជំពូក២ និង “អំពើប្រល័យពូជសាសន៍ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា” និពន្ធដោយលោក Ben Kiernan)
ចំនួនអ្នកស្លាប់
ចំនួនអ្នកស្លាប់
ទិន្នន័យចំនួនជនរងគ្រោះដែលបានស្លាប់ក្នុងរបបខ្មែរក្រហម គឺមានការប៉ាន់ស្មានខុសៗគ្នា។ ទិន្នន័យមួយចំនួនបានបង្ហាញថាចំនួនជនរងគ្រោះស្លាប់បាត់បង់ជីវិត មានរហូតដល់២លាននាក់ ឬក៏ខ្ពស់ជាងនេះ។ អ្នកជំនាញល្បីល្បាញខាងប្រវត្តិសាស្ត្រ បានប៉ានស្មានតាមលក្ខណៈវិទ្យាសាស្ត្រថា មានប្រជាជនប្រមាណ១លាន៧សែននាក់ បានស្លាប់បាត់បង់ជីវិត ក្នុងចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ គឺប្រហែលជា២១ភាគរយនៃចំនួនប្រជាជនកម្ពុជាទាំងអស់។ ជនរងគ្រោះទាំងនោះ បានស្លាប់ដោយសារជម្ងឺ គ្មានថ្នាំព្យាបាល និងសេវាសុខភាព អត់ឃ្លាន សម្លាប់ និងធ្វើការហួសកម្លាំង។
(សម្រាប់ព័ត៌មានបន្ថែមសូម ចូលទៅកាន់គេហទំព័រ របាយការណ៍សាលាក្តីខ្មែរក្រហម)
កម្ពុជាប្រជាធិបតេយ្យ
កម្ពុជាប្រជាធិបតេយ្យ
កម្ពុជាប្រជាធិបតេយ្យ គឺជាឈ្មោះរដ្ឋរបស់ខ្មែរក្រហមក្នុងរយៈពេលគ្រប់គ្រងប្រទេសកម្ពុជា ជារដ្ឋមានគណៈបក្សតែមួយ និងផ្ដាច់ការដែលបានបង្កើតឡើងក្នុងចន្លោះពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ បន្ទាប់ពីកងកម្លាំងខ្មែរក្រហមទទួលបានជ័យជំនះលើរបបសាធារណរដ្ឋខ្មែរ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ នៅពេលបក្សកុម្មុយនិស្ដកម្ពុជា អនុម័តរដ្ឋធម្មនុញ្ញដែលបានបើកឱកាសឲ្យមានការបោះឆ្នោត និងកសាងនីតិបញ្ញត្តិ បែរជាអំណាចទាំងអស់ត្រូវស្ថិតនៅក្នុងដៃមេដឹកនាំ កម្ពុជាប្រជាធិបតេយ្យទៅវិញ។ កម្ពុជាប្រជាធិបតេយ្យ ត្រូវបានបែងចែកជា៧ភូមិភាគ និង២តំបន់ពិសេស ហើយរបបនេះមិនមានតុលាការ ចៅក្រម ច្បាប់ ឬការជំនុំជម្រះអី្វទាំងអស់។ របបកម្ពុជាប្រជាធិបតេយ្យបានដួលរលំនៅពេលកងទ័ពវៀតណាមវាយលុកប្រទេសកម្ពុជានៅចុងឆ្នាំ១៩៧៨ រហូតដល់បានរំដោះទីក្រុងភ្នំពេញនៅថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។
(សម្រាប់ព័ត៌មានបន្ថែម សូមអាន“អំពើប្រល័យពូជសាសន៍ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា”និពន្ធដោយលោក Ben Kiernan)
សម្លេង៖ ភ្លេងជាតិរបស់កម្ពុជាប្រជាធិបតេយ្យ
ការអប់រំ
ការអប់រំ
របបខ្មែរក្រហមបានលប់បំបាត់វិស័យអប់រំជាផ្លូវការ។ ដូច្នេះរាល់ការអប់រំទាំងអស់ត្រូវបានធ្វើឡើងនៅក្រៅសាលារៀន ឬនៅក្រោមផ្ទះប្រជាជន។ គ្រូបង្រៀនគឺជាកសិករដែលមានចំណេះដឹងតិចតួច។ ពាក្យស្លោកខ្មែរក្រហមបាននិយាយថា៖ “ការសិក្សាគឺមិនមានសារៈសំខាន់អ្វីទេ។ អី្វដែលសំខាន់នោះគឺការធ្វើការ ងារ និងបដិវត្តន៍”។ ការអប់រំភាគច្រើនគឺជាការរៀនសូត្រ និងបំពាក់បំប៉ននយោបាយ។ ខ្មែរក្រហមចង់ឲ្យ ក្មេងៗធ្វើការជាជាងរៀនសូត្រ។ ខ្មែរក្រហមតែងតែបំបែកក្មេងៗចេញពីក្រុមគ្រួសារ ហើយដាក់នៅក្នុងកងកុមារឲ្យធ្វើការងារដោយជួនកាលបំពាក់អាវុធឲ្យចូលសមរភូមិផង។
(សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់សៀវភៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិប តេយ្យ (១៩៧៥-១៩៧៩) ជំពូក៧)
សត្រូវអង្គការ
សត្រូវអង្គការ
ផ្នត់គំនិតនៃ“ភាពបរិសុទ្ធ” គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ខ្មែរក្រហម។ គំនិតនេះសំដៅទៅលើតែប្រភេទ“មនុស្សបរិសុទ្ធ”តែប៉ុណ្ណោះ ដែលអាចធ្វើបដិវត្តបាន ប៉ុន្តែមនុស្សគ្រប់គ្នាក៏ទទួលរងគ្រោះ ដោយសារតែគំនិតនេះដែរ។ បើនរណាម្នាក់ ឬក្រុមណាមួយមិនមានភាពបរិសុទ្ធ អ្នកទាំងនោះត្រូវបានចាត់ទុកថាជាសត្រូវ។ បញ្ជីរាយឈ្មោះមនុស្សដែលជាសត្រូវអង្គការ គឺមានចំនួនច្រើនទំព័រ ដែលមានរាប់បញ្ចូលទាំងបញ្ញវន្ត សិល្បៈករ អតីតមន្ត្រីរដ្ឋការនៃរបបសាធារណៈរដ្ឋខ្មែរ ជនជាតិភាគតិច សេអ៊ីអា និងអ្នកពាក់ព័ន្ធផ្សេងទៀត។ បើអង្គការសម្គាល់ឃើញថា បុគ្គលណាមួយជាសត្រូវហើយនោះ អង្គការនឹងយកបុគ្គលនោះទៅសម្លាប់ចោល។
(សម្រាប់ព័ត៌មានបន្ថែម សូមអានសៀវភៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ជំពូក៨)
ការជម្លៀសប្រជាជនចេញពីទីក្រុង
ការជម្លៀសប្រជាជនចេញពីទីក្រុង
កងទ័ពខ្មែរក្រហម បានបង្ខំប្រជាជនដែលរស់នៅក្នុងទីក្រុងភ្នំពេញប្រមាណជិត២លាននាក់ ឲ្យចាកចេញពីផ្ទះសម្បែង ដោយអះអាងមិនពិតថា នឹងមានការទម្លាក់គ្រាប់បែកមកលើទីក្រុង។ ការជម្លៀសធ្វើឡើងដោយមិនមានការលើកលែងអ្វីឡើយ សូម្បីតែមនុស្សចាស់ អ្នកជម្ងឺ និងស្រ្តីមានផ្ទៃពោះ ក៏ត្រូវចាកចេញដែរ។ ខ្មែរក្រហមបានបំបែកក្មេងៗចេញពីឪពុកម្ដាយ ហើយប្រជាជនរាប់ពាន់នាក់បានស្លាប់ក្នុងអំឡុងពេលជម្លៀសដោយបង្ខំនេះ ដោយសារតែមិនមានការព្យាបាលតាមលក្ខណៈវេជ្ជសាស្រ្តត្រឹមត្រូវ និងមិនមានអាហារគ្រប់គ្រាន់។ អ្នកទីក្រុង ត្រូវបានផ្លាស់ទៅរស់នៅតំបន់ដាច់ស្រយាលដើម្បីធ្វើកសិកម្ម។ ចំណែកប្រជាជនរស់នៅតាមទីប្រជុំជននានា ដែលបានគ្រប់គ្រងដោយរបបសាធារណៈរដ្ឋខ្មែរ ក៏ត្រូវបានជម្លៀស ចេញដែរ។ ចំពោះខ្មែរក្រហម ទីក្រុងគឺជាទីកន្លែងមិនល្អ។ ជាការពិត ភ្នំពេញបានក្លាយជាទីក្រុងខ្មោច គឺមានតែកម្មាភិបាលខ្មែរក្រហម កងទ័ព និងកម្មករ ប្រមាណពី៣ ទៅ៤ពាន់នាក់ប៉ុណ្ណោះដែលរស់នៅក្នុងទីក្រុង។
(សម្រាប់ព័ត៌មានបន្ថែមសូមអាន សៀវភៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យជំពូក៨)
វីដេអូ៖ ភ្នំពេញ-ទីក្រុងខ្មោច
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬសាលាក្ដីខ្មែរក្រហម
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬសាលាក្ដីខ្មែរក្រហម
នៅឆ្នាំ១៩៩៧ រាជរដ្ឋាភិបាលកម្ពុជាបានស្នើសុំជំនួយពីអង្គការសហប្រជាជាតិ ដើម្បីបង្កើតតុលាការពិសេសមួយដែលសព្វថ្ងៃគេស្គាល់ថាជា «អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬសាលាក្ដីខ្មែរក្រហម» ដើម្បីនាំយកមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមមកកាត់ទោស។ នៅឆ្នាំ២០០៦ ចៅក្រម បានចូលស្បថកាន់តំណែងក្នុងតុលាការនេះ។ រហូតមកដល់សព្វថ្ងៃ សាលាក្តីខ្មែរក្រហមនេះ បានកាត់ទោសបុគ្គលចំនួន៣រូបគឺ កាំង ហ្គេកអ៊ាវ ហៅ ឌុច, នួន ជា និង ខៀវ សំផន។ អ្នកទាំងនេះត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត។ ប៉ុន្តែសំណុំរឿងរបស់ នួន ជា និងខៀវ សំផន ត្រូវបានប្ដឹងឧទ្ធរណ៍។ តុលាការបានចោទប្រកាន់មនុស្សចំនួន៣នាក់បន្ថែមទៀត ទាក់ទងហ្នឹងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិគឺ មាស មុត ជាអតីតមេបញ្ជាការកងទ័ពជើងទឹកខ្មែរក្រហម អឹម ចែម ជាអតីតគណៈស្រុក និងតាអាន ជាអតីតអនុលេខាតំបន់។ នៅខែធ្នូឆ្នាំ២០១៥ យិម ទិត្យ ហៅ តាទិត្យ ដែលជាអតីតអនុលេខាតំបន់ ត្រូវបានចោទប្រកាន់រួមបញ្ចូលទាំងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ផង។
(សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ គេហទំព័រអង្គជំនុំជម្រៈវិសាមញ្ញក្នុងតុលាការកម្ពុជា(ECCC)
វីដេអូ៖ ចៅក្រមនៃអង្គជំនុំជម្រះវិសាមញ្ញនៅក្នុងតុលាការកម្ពុជា ប្រកាសពីសាលក្រមប្រឆាំងនឹងករណីកាំង ហ្កេកអ៊ីវ ហៅ ឌុច
ក្រុមគ្រួសារ
ក្រុមគ្រួសារ
ខ្មែរក្រហម បានរិៈគន់យ៉ាងខ្លាំងចំពោះទំនាក់ទំនងគ្រួសារ និងតម្រូវឲ្យប្រជាជន ជឿ ស្ដាប់ និងគោរពអង្គការ ព្រោះ “អង្គការ គឺជាឪពុកម្ដាយពិតប្រាកដរបស់ប្រជាជនគ្រប់រូប”។ កម្មាភិបាលខ្មែរក្រហម បានអប់រំក្មេងៗឲ្យជឿលើចលនាជ្រុលនិយមរបស់ខ្លួន ព្រោះក្មេងៗទាំងនោះមិនមានស្នាមប្រឡាក់អាក្រក់ណាមួយ ដោយឥទ្ធិពលគ្រួសារ និងនាយទុននិយមឡើយ។ ការបញ្ចុះបញ្ចូលបែបនេះ ជារឿយៗតែងតែទទួលបានភាពជោគជ័យ ព្រោះថាក្មេងៗទាំងនោះអាចធ្វើការតាមដានសកម្មភាពឪពុកម្ដាយរបស់ខ្លួន ហើយរាយការណ៍ទៅកាន់កម្មាភិបាលខ្មែរក្រហម។ ក្មេងៗអាចទទួលបានផលប្រយោជន៍នៅពេលដែលឪពុកម្ដាយរបស់ខ្លួនត្រូវបានយកទៅសម្លាប់។
វីដេអូ៖ ការហូបចុករួមក្នុងរបបខ្មែរក្រហម
ទុរភិក្ស (ការបង្អត់អាហារ)
ទុរភិក្ស (ការបង្អត់អាហារ)
ប្រជាជនកម្ពុជាជាច្រើននាក់បានជួបគ្រោះអត់ឃ្លាននៅក្នុងរបបខ្មែរក្រហម។ ស្រូវអង្ករភាគច្រើនត្រូវនាំចេញទៅក្រៅប្រទេស។ ផែនការកសិកម្មនៅខ្សោយ ហើយផលិតកម្មស្រូវអង្ករ ក៏មិនមានភាពប្រាកដប្រជា។ ប្រជាជនដែលត្រូវបានជម្លៀសពីទីក្រុងមកតាំងទីលំនៅតាមជនបទ មិនមានបទពិសោធធ្វើស្រែ ចម្ការ។ ប្រជាជនថ្មីទាំងនោះ ត្រូវធ្វើការច្រើនម៉ោង និងទទួលបានរបបអាហារតិចតួច។ អ្នកទាំងនោះមិនអាចដាំដុះ និងស្វែងរកអាហារ ឬចម្អិនអាហារដោយខ្លួនឯងបាននោះទេ ព្រោះត្រូវប្រឈមនឹងការចាប់យកទៅសម្លាប់ចោលដោយកម្មាភិបាលខ្មែរក្រហម។ ជាលទ្ធផល ភាពអត់ឃ្លានបានញាំញីកាន់ខ្លាំងឡើងៗដល់ កុមារតូចៗ អ្នកជម្ងឺ និងចាស់ជរា។
វីដេអូ៖ កុមារ និងការអត់អាហារ
ការបង្ខំឲ្យធ្វើការ
ការបង្ខំឲ្យធ្វើការ
គោលបំណងសំខាន់មួយទៀតរបស់ខ្មែរក្រហម គឺកសាងកម្ពុជាថ្មីមួយដោយពឹងផ្អែកលើភាពជោគជ័យខាងវិស័យកសិកម្ម។ ប្រជាជនត្រូវបានបង្ខំឲ្យក្លាយជាកសិករនៅក្នុងជំរុំពលកម្ម។ ខ្មែរក្រហមចង់បានផលិតផលស្រូវកើនឡើងទ្វេជាបី តាមរយៈផែនការ៤ឆ្នាំរបស់ខ្លួន។ ដើម្បីសម្រេចបានផែនការនេះ ខ្មែរក្រហមបានបង្ខំឲ្យប្រជាជនធ្វើការច្រើនជាង១២ម៉ោងក្នុង១ថ្ងៃ ដោយមិនទទួលបានរបបអាហារ ឬការសម្រាកគ្រប់គ្រាន់ឡើយ។ ប្រជាជនត្រូវដកស្ទូង និងប្រមូលផលស្រូវពេញ១ឆ្នាំ ដោយស្ទើរតែមិនមានគ្រឿងចក្រកសិកម្មអ្វីទាំងអស់។ លក្ខខណ្ខការងារបែបនេះបណ្ដាលឲ្យកើតមានជម្ងឺ និងការសម្លាប់ពាសពេញប្រទេស។
(សម្រាប់ព័ត៌មានបន្ថែម សូមអានសៀវភៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ជំពូក៧)
សម្លេង៖ ឈុតទី២ – សូមឲ្យកម្មករកម្ពុជាដ៏អស្ចារ្យទទួលបានភាពជោគជ័យក្នុងកិច្ចការ!
https://soundcloud.com/user-154457099/forced-labor
វីដេអូ៖ កងចល័តខ្មែរក្រហម
ការរៀបការដោយបង្ខំ
ការរៀបការដោយបង្ខំ
ខ្មែរក្រហមតម្រូវឲ្យ ប្រជាជនរៀបគូរស្រករដោយមិនមានការយល់ព្រមពីសាម៉ីខ្លូនទាំងសងខាង និងតម្រូវឲ្យរួមដំណេកជាមួយគ្នា។ គោលបំណងនៃការរៀបការ គឺបង្កើតក្មេងដើម្បីបម្រើ និងបន្តវេនបដិវត្ដនាពេលអនាគត។ ពិធីរៀបការ ត្រូវបានធ្វើឡើងសម្រាប់គូស្រករចាប់ពី៣រហូតដល់១៦០គូ ដែលអ្នកទាំងនោះគ្រាន់តែទទួលដំណឹងថាខ្លួននឹងត្រូវរៀបការក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ។ គូរស្រករជាច្រើនមិនដែលបានជួបមុខគ្នានៅមុខថ្ងៃរៀបការឡើយ។ ការបដិសេធមិនព្រមរៀបការតាមការរៀបចំរបស់អង្គការ គឺត្រូវចាប់ខ្លួនដាក់ឃុំឃាំង ធ្វើទារុណកម្ម ឬសម្លាប់។
(សម្រាប់ព័ត៌មានបន្ថែមសូមមើលសៀវភៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ជំពូក៧)
ការជម្លៀសដោយបង្ខំ
ការជម្លៀសដោយបង្ខំ
នៅថៃ្ងទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានចូលកាន់កាប់ទីក្រុងភ្នំពេញ ហើយបានចាប់ផ្ដើមអនុវត្តដំណាក់កាលទី១របស់ខ្លួន គឺ“ការជម្លៀសដោយបង្ខំ”។ ទីក្រុងភ្នំពេញបានក្លាយជាទីក្រុងទទេស្អាតមិនមានមនុស្សរស់នៅ។ មនុស្សទាំងអស់បានចាកចេញពីទីក្រុង ហើយធ្វើដំណើរដោយថ្មើរជើងតាមផ្លូវជាតិទៅកាន់ទីជនបទនានា។ ប្រជាជនភាគច្រើនត្រូវបានប្រាប់ឲ្យត្រឡប់ទៅស្រុកកំណើតរបស់ខ្លួនវិញ និងមួយចំនួនទៀត ត្រូវបានបញ្ជាឲ្យបន្តដំណើរទៅមុខទៀត។ តាមការប៉ាន់ស្មាន គឺមានមនុស្សរហូតដល់៣ពាន់នាក់បានស្លាប់នៅតាមផ្លូវ។ ចាប់ពីខែកញ្ញា ឆ្នាំ១៩៧៥ រហូតដល់ឆ្នាំ១៩៧៧ មនុស្សមួយចំនួនធំត្រូវបានជម្លៀសក្នុងដំណាក់កាលទី២ ពីភូមិភាគកណ្ដាល និង និរតី នៃប្រទេសទៅកាន់ខេត្តសៀមរាប ព្រះវិហារនិង ភាគពាយ័ព្យ។
(សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័ររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា (១៩៧៥-១៩៧៩) ស្ដីពីការជម្លៀសដោយបង្ខំ)
អៀង សារី (ថៃ្ងទី២៤ ខែតុលា ឆ្នាំ១៩២៥ ដល់ ថ្ងែទី១៤ ខែមីនា ឆ្នាំ២០១៣)
អៀង សារី (ថៃ្ងទី២៤ ខែតុលា ឆ្នាំ១៩២៥ ដល់ ថ្ងែទី១៤ ខែមីនា ឆ្នាំ២០១៣)
អៀង សារី កើតនៅភាគខាងត្បូងប្រទេសវៀតណាម និងបានសិក្សាជាមួយ ប៉ុល ពត នៅទីក្រុងប៉ារីស ជាកន្លែងដែលគាត់បង្កើតចលនាម៉ាក្ស ។ អៀង សារី គឺជាឧបនាយករដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការបរទេស និងដើរតួនាទីសំខាន់ក្នុងការបោសសម្អាតនៅក្នុងរដ្ឋាភិបាល។ ក្រោយមក អៀង សារី បានអះអាងថា ខ្លួនគ្រាន់តែជាតួអង្គបន្ទាប់បន្សំតែប៉ុណ្ណោះ ហើយមិនបានដឹងអំពីនយោបាយរបស់ ប៉ុល ពត ឡើយ។ អៀង សារី ក្លាយជាអ្នកមានទ្រព្យសម្បតិ្តស្ដុក្តស្ដម្ភបន្ទាប់ពីការដួលរលំរបបខ្មែរក្រហម។ នៅឆ្នាំ១៩៩៦ អៀង សារី រួមទាំងកងទ័ពស្មោះស្ម័គ្ររបស់ខ្លួនរាប់ពាន់នាក់ បានទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងលើកលែងទោស។ ប៉ុន្តែនៅឆ្នាំ២០០៧ អៀង សារី ត្រូវបានឃាត់ខ្លួន និងចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ អៀង សារី បានស្លាប់នៅថ្ញៃទី១៤ ខែមីនា ឆ្នាំ២០១៣ ដោយសារជម្ងឺបេះដូង មុនពេលសាលាក្តីខ្មែរក្រហមប្រកាសសាលក្រមសម្រេចឲ្យគាត់ជាប់ទោស។
អៀង ធីរិទ្ធ (ថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៣២ ដល់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥)
អៀង ធីរិទ្ធ (ថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៣២ ដល់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥)
អៀង ធីរិទ្ធ ជាប្រពន្ធរបស់រដ្ឋមន្ត្រីក្រសួងការបរទេសឈ្មោះ អៀង សារី។ អៀង ធីរិទ្ធ មានតួនាទីជារដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ចាប់ពីខែតុលា ឆ្នាំ១៩៧៥ ដល់ ខែមករា ឆ្នាំ១៩៧៩។ អៀង ធីរិទ្ធ ជាស្រី្តទី១ដែលកាន់តំណែងខ្ពស់ក្នុងរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ។ អៀង ធីរិទ្ធ មានស្រុកកំណើតនៅខេត្តបាត់ដំបង និងបានសិក្សាអក្សរសាស្រ្តអង់គ្លេសនៅទីក្រុងប៉ារីស ហើយបានរៀបការជាមួយ អៀង សារី នៅឆ្នាំ១៩៥១។ ក្រោយមក បងស្រីរបស់គាត់ឈ្មោះ ខៀវ ប៉ុណ្ណារី បានរៀបការជាមួយ ប៉ុល ពត។ អស់រយៈកាលជាច្រើនឆ្នាំបន្ទាប់ពីការដួលរលំរបបខ្មែរក្រហម អៀង ធីរិទ្ធ បានរស់នៅយ៉ាងសុខស្រួលនៅក្នុងទីក្រុង ភ្នំពេញ។ នៅឆ្នាំ២០០៧ អៀង ធីរិទ្ធ ត្រូវបានឃាត់ខ្លួន និងចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ ដោយសារតែមានជម្ងឺវង្វេងស្មារតី អៀង ធីរិទ្ធ ត្រូវបានអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា អនុញ្ញាតិឲ្យព្យាបាលជម្ងឺនៅក្រៅបរិវេណអង្គជំនុំជម្រះ កាលពីឆ្នាំ២០១១។ នៅថ្ញៃទី២២ ខែសីហា ឆ្នាំ២០១៥ អៀង ធីរិទ្ធ បានទទួលមរណៈភាពក្នុងអាយុ៨៣ឆ្នាំ។
ប្រជុំជីវភាព ឬស្វ័យទិទៀន
ប្រជុំជីវភាព ឬស្វ័យទិទៀន
ជារៀងរាល់ថ្ងៃបន្ទាប់ពីសម្រាកពីការងារស្រែចម្ការ ប្រជាជនត្រូវតែចូលរួមស្តាប់កម្មាភិបាលខ្មែរក្រហមនិយាយនៅក្នុងអង្គប្រជុំមួយឈ្មោះថា “ប្រជុំជីវភាព”។ កិច្ចប្រជុំនេះ គឺជាដំណើរការនៃការឃោសនារបស់ខ្មែរក្រហម ដែលប្រជាជនត្រូវបានអប់រំពីគោលការណ៍របស់ខ្មែរក្រហម សួរដេញដោលពីទោសកំហុសនយោបាយនិងមនោគមវិជ្ជា និងថ្កោលទោសអ្នកឯទៀត(ដែលធ្វើខុសនឹងវិន័យ)។ ប្រជាជនខ្លះយល់ថា ចម្លើយសារភាពប្រាប់ទៅកម្មាភិបាលខ្មែរក្រហម អាចជួយរក្សាគោលជំហររបស់ខ្លួនចំពោះខ្មែរក្រហម ព្រោះជាញឹកញាប់បន្ទាប់ពីសារភាពទោសកំហុសរួចភ្លាម ខ្លួនបានឮពាក្យសរសើរ ឬត្រូវបានអបអរសាទរពីសំណាក់កម្មាភិបាលខ្មែរក្រហម។ ប៉ុន្តែក្រោយមកអ្នកទាំងនោះ ត្រូវបានគេយកទៅសម្លាប់ចោល។
សូមអានអត្ថបទអ្នករស់រានមានជីវិត៖ ជ័យជម្នះរបស់បុរសសាមញ្ញម្នាក់នៅក្នុងរបបប្រល័ពូជសាសន៍ខ្មែរក្រហម — និពន្ធដោយ ជុំ ម៉ី និងមជ្ឈមណ្ឌលឯកសារកម្ពុជា
វីដេអូ៖ បុរសម្នាក់រៀបរាប់ពីរបៀបធ្វើឲ្យជីវិតប្រសើរឡើងក្នុងរបបខ្មែរក្រហម
កាំង ហ្កេកអ៊ាវ (សមមិត្ត ឌុច) (កើតថ្ងៃទី១៧ ខែវិច្ឆិកា ១៩៤២)
កាំង ហ្កេកអ៊ាវ (សមមិត្ត ឌុច) (កើតថ្ងៃទី១៧ ខែវិច្ឆិកា ១៩៤២)
អតីតមេដឹកនាំខ្មែរក្រហម កាំង ហ្កេកអ៊ាវ ហៅ ឌុច ជាប្រធានមន្ទីរសន្ដិសុខមជ្ឈិមរបស់រដ្ឋាភិបាលខ្មែរក្រហម។ ឌុច មើលការខុសត្រូវគុកទួលស្លែង(ស-២១) នៅក្នុងទីក្រុងភ្នំពេញ ដែលមានអ្នកទោសប្រមាណ ១៨,០០០នាក់ ត្រូវបានជាប់ឃុំឃាំង សួរចម្លើយ និង ធ្វើទារុណកម្ម ហើយអ្នកទោសស្ទើរតែទាំងអស់ត្រូវបានសម្លាប់។ ឌុច មានស្រុកកំណើតនៅខេត្តកំពង់ធំ និងជាគ្រូគណិតវិទ្យា។ ឌុច បានចូលបក្សកុម្មុយនិស្ដកម្ពុជានៅឆ្នាំ១៩៦៧ ហើយក្រោយមកគាត់ត្រូវបានចាប់ខ្លួន។ នៅឆ្នាំ១៩៧០ ឌុច ត្រូវបានដោះលែង ហើយគាត់បានចូលរួមក្នុងចលនាខ្មែរក្រហម។ ឌុច បានពិនិត្យមើលរាល់ចម្លើយសារភាពរបស់អ្នកទោសទាំងអស់ និងបានបញ្ជាឲ្យសម្លាប់អ្នកទាំងនោះ។ ឌុច បានប្រាប់អ្នកកាសែតថា “នរណាក៏ដោយឲ្យតែជាអ្នកទោស គឺត្រូវតែសម្លាប់។ នេះជាច្បាប់របស់បក្សយើង”។ ឌុច បានក្លាយខ្លួនជាគ្រូបង្រៀនម្តងទៀត នៅដើមទសវត្សរ៍ទី៩០ ហើយបានក្លាយទៅជាអ្នកកាន់សាសនាគ្រិស្ដ។ នៅឆ្នាំ១៩៩៩ ឌុច ត្រូវបានចាប់ខ្លួនដោយតុលាការយោធាកម្ពុជា។ នៅក្នុងសាលាក្ដីខ្មែរក្រហម ឌុច បាននិយាយថាខ្លួន “ស្អប់” ការងារ ប៉ុន្ដែភាពភ័យខ្លាចបានជម្រុញខ្លួនឲ្យធ្វើការទាំងនេះ។ ឌុច គឺជាមេដឹកនាំខ្មែរក្រហមដំបូង ដែលត្រូវបានអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា នាំមកកាត់ទោសមុនគេបង្អស់ ហើយនៅឆ្នាំ២០១០ ឌុច ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ៣៥ឆ្នាំពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ រួម បញ្ជូលទាំងការសម្លាប់និងការធ្វើទារុណកម្មផង។ ក្រោយមក ឌុច ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត។
វីដេអូ៖ កាំង ហ្គេកអ៊ាវ សុំអភ័យទោសពីប្រជាជនកម្ពុជានៅចំពោះមុខសាលាក្តីខ្មែរក្រហម
ខៀវ សំផន (កើតនៅថ្ងៃទី២៧ ខែកក្កដាឆ្នាំ១៩៣១)
ខៀវ សំផន (កើតនៅថ្ងៃទី២៧ ខែកក្កដាឆ្នាំ១៩៣១)
ជាប្រមុខរដ្ឋកម្ពុជាប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី១១ ខែមេសា ឆ្នាំ១៩៧៦ រហូតដល់ ថ្ងៃទី៧ ខែមករាឆ្នាំ១៩៧៩។ ខៀវ សំផន បានចេញមុខជាសាធារណៈនៅក្នុងរបបខ្មែរក្រហម និងបានធ្វើដំណើរជាមួយមន្រ្តីការទូតនៅបរទេសក្នុងដំណើរទស្សនកិច្ចផ្លូវការនានា។ ខៀវ សំផន បានធំដឹងក្តីឡើងនៅក្នុងខេត្តស្វាយរៀង ហើយទទួលបានការសិក្សានៅប្រទេសបារាំង ជាកន្លែងដែលគាត់ក្លាយខ្លួនជាសមាជិកលេចធ្លោមួយរូបក្នុងចលនាម៉ាក្ស ក្នុងអំឡុងទសវត្សទី៥០។ ខៀវ សំផន ត្រូវបានចោទប្រកាន់ពីបទជួយបង្កើតគោលនយោបាយសម្លាប់មនុស្សនៅក្នុងរបបខ្មែរក្រហម។ នៅឆ្នាំ១៩៨៥ ខៀវ សំផន បានឡើងជំនួសតំណែងរបស់ ប៉ុល ពត ជាផ្លូវការរហូតដល់ឆ្នាំ១៩៩៨។ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៤ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានកាត់ទោស ខៀវ សំផន ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ យ៉ាងណាក៏ដោយក៏សំណុំរឿងរបស់ ខៀវ សំផន ត្រូវបានប្ដឹងឧទ្ធរណ៍។ ខៀវ សំផន ក៏ត្រូវប្រឈមនឹងការកាត់ទោសដោយឡែកមួយទៀតនោះ ស្តីពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។
សាធារណរដ្ឋខ្មែរ
សាធារណរដ្ឋខ្មែរ
គឺជារដ្ឋាភិបាលយោធាប្រកាន់ស្ដាំនិយម ដែលបានដឹកនាំដោយលោកសេនាប្រមុខ លន់ នល់ និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ។ របបសាធារណរដ្ឋខ្មែរបានកើតឡើង បន្ទាប់ពីរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ ទង់ជាតិថ្មី ឯកសណ្ឋានយោធាថ្មី បាវចនាថ្មី និងភ្លេងជាតិថ្មី ត្រូវបានបង្កើតឡើង។ រដ្ឋាភិបាលសាធារណរដ្ឋខ្មែរ ទទួលបានជំនួយយោធា និងហិរញ្ញវត្ថុ ពីសហរដ្ឋអាមេរិក។ ប៉ុន្តែកងទ័ពនៃរបបនេះ មិនទទួលបានការបណ្ដុះបណ្ដាលផ្នែកវិស័យយោធាខ្លាំងពូកែនោះទេ ហើយមិនអាចយកឈ្នះកម្លាំងបដិវត្ដខ្មែរក្រហមបានទេ។ វិវាទផ្ទៃក្នុងនិងអំពើពុករលួយ បានញាំញីរបបសាធារណរដ្ឋខ្មែរ ខណៈពេលដែល លន់ នល់ កាន់តែផ្ដាច់ការខ្លាំងទៅៗ។ របបសាធារណរដ្ឋខ្មែរ ត្រូវបានផ្ដួលរលំ នៅពេលដែលកងទ័ពខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ មន្រ្តីសាធារណរដ្ឋខ្មែរជាច្រើននាក់ត្រូវបានខ្មែរក្រហមសម្លាប់ចោល។
សម្លេងៈ ភ្លេងជាតិនៃរបបសាធារណរដ្ឋខែ្មរ
ខ្មែរក្រហម
ខ្មែរក្រហម
របបកុម្មុយនិស្ដម៉ាក្សនិយម ដែលដឹកនាំដោយ ប៉ុល ពត បានគ្រប់គ្រងប្រទេសកម្ពុជាចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ ត្រូវតែទទួលខុសត្រូវចំពោះការស្លាប់ប្រជាជនកម្ពុជាប្រមាណ២លាននាក់ ដោយសារការសម្លាប់ ធ្វើការហួសកម្លាំង ភាពអត់ឃ្លាន និងជម្ងឺ។ គោលបំណងរបស់ខ្មែក្រហម គឺផ្លាស់ប្ដូរប្រទេសកម្ពុជាឲ្យក្លាយទៅជាប្រទេសកសិកម្មជឿនលឿន។ ខ្មែរក្រហម បានជម្លៀសប្រជាជនរាប់លាននាក់ចេញពីទីក្រុង និងបានផ្លាស់ប្ដូរជីវិតប្រជាជនឲ្យទៅជាជីវិតកសិករ ដែលតម្រូវឲ្យធ្វើពលកម្មធ្ងន់ៗ និងដោយបង្ខំ ព្រមទាំងបានលប់បំបាត់រូបិយវត្ថុ និងកម្មសិទ្ឋិឯកជនរបស់ប្រជាជន។ ខ្មែរក្រហម បានព្យាយាមបំបែកទំនាក់ទំនងក្រុមគ្រួសារទាំងអស់ព្រមទាំងស្ថាប័នសង្គមនានា ដោយលើកឡើងថា ភាពស្មោះត្រង់ដែលគួរតែត្រូវបានពង្រីកនៅក្នុងអង្គការ ដែលក្រោយមកបានបង្ហាញយ៉ាងច្បាស់ថាជា បក្សកុម្មុយនិស្តកម្ពុជា។ កម្ពុជាបានវិលទៅរកយុគ្គសម័យមួយ ដែលហៅថា “ឆ្នាំសូន្យ”។
ខ្មែរក្រហម បានកើតចេញពីចលនាកុម្មុនិស្ដមួយក្នុងអំឡុងពេលតស៊ូប្រឆាំងនឹងអាណានិគមនិយមបារាំងក្នុងទសវត្សទី៤០។ រយៈពេលជាង២០ឆ្នាំក្រោយមក ចលនានេះបានវិវត្តន៍ធំឡើងៗតាមរយៈការទទួលយកមនោគតិបដិវត្តន៍ និងក្រោមជួយជ្រោមជ្រែងរបស់យុវជនកម្ពុជា ដែលបានសិក្សានៅទីក្រុង ប៉ារីស ក្នុងនោះមាន ប៉ុល ពត, អៀង សារី និង ខៀវ សំផន។បន្ទាប់ពីវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ និស្សិតកម្ពុជាទាំងនោះបានលាក់ខ្លួន និងចាប់ផ្ដើមបង្កើតកម្លាំងទ័ពព្រៃ។ ក្រោយពីរដ្ឋប្រហាររបស់សេនាប្រមុខ លន់ នល់ នៅឆ្នាំ១៩៧០ ខ្មែរក្រហមបានចាប់ផ្ដើមធ្វើសង្រ្គាមស៊ីវិលប្រឆាំងរបបសាធារណរដ្ឋខ្មែរ ដែលគាំទ្រដោយសហរដ្ឋអាមរិក។ បន្ទាប់ពីមានការទម្លាក់គ្រាប់បែកជាងកន្លះលានតោនរបស់របបសាធារណរដ្ឋខ្មែរមកលើទឹកដីជនបទនៃប្រទេស ចលនាខ្មែរក្រហម បានទទួលការគាំទ្រពីប្រជាជនកាន់តែខ្លាំងឡើង។ ទីបំផុតខ្មែរក្រហមបានវាយដណ្ដើមយកទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ហើយបានបង្កើតរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ។
រយៈកាល៤ឆ្នាំក្រោយមក កងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ក្រោមការឧបត្ថម្ភពីវៀត ណាមបានវាយបណ្តេញរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យឲ្យបរាជ័យទាំងស្រុងនៅខែមករាឆ្នាំ១៩៧៩ ហើយប្រទេសក្រោយសង្រ្គាមមួយនេះ បានព្យាយាមចាប់ផ្ដើមកសាងប្រទេសឡើងវិញ។ ចំណែកកងទ័ពខ្មែរក្រហម បានចាប់ផ្ដើមកសាងកម្លាំងរបស់ខ្លួនឡើងវិញក្នុងព្រៃតាមបណ្ដោយព្រំដែនថៃ និងបានបន្តការប្រឆាំងតទល់ជាមួយរដ្ឋាភិបាលរហូតដល់ឆ្នាំ១៩៩៨។
វីដេអូ៖ ប្រទេសកម្ពុជា និងខ្មែរក្រហម
សម្លេង៖ “ចូលរួមចែករំលែកក្នុងការកសាងជាតិ ក្រោមអង្គការបដិវត្តន៍ដ៏ឈ្លាសវៃ” (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)
សមាគមនិសិ្សតខ្មែរ/ ចលនាម៉ាក្ស
សមាគមនិសិ្សតខ្មែរ/ ចលនាម៉ាក្ស
ជាសមាគមនិសិ្សតខ្មែរ ដែលត្រូវបានបង្កើតឡើងសម្រាប់និស្សិតដែលកំពុងសិក្សានៅទីក្រុង ប៉ារីស ប្រទេសបារាំង។ ចលនាម៉ាក្ស ជាផ្នែកមួយនៃការពិភាក្សានៅក្នុងសមាគមនេះក្រោមការដឹកនាំរបស់និសិ្សតខ្មែរដ៏មានឥទ្វិពល២រូបគឺ កេង វ៉ាន់សាក់ និង អៀង សារី។ ពេលប្រជុំម្តងៗ និសិ្សតទាំងនោះត្រូវពិភាក្សាលើប្រធានបទ”បញ្ហានយោបាយកុម្មុនិស្ដ”។ អៀង សារី បានណែនាំ សា ឡុតស (ប៉ុល ពត) ឲ្យចូលរួមជាមួយក្រុមនិស្សិតខ្មែរ។ ទីបំផុត អៀង សារី និង ប៉ុល ពត បានប្រែក្លាយពីសមាគមនិសិ្សតខ្មែរទៅជាវេទិកាសម្រាប់កិច្ចពិភាក្សាពីគំនិតជាតិនិយម និងឆ្វេងនិយម។
វាលពិឃាត
វាលពិឃាត
ជាទីតាំងសម្លាប់ដែលបានកើតមាននៅក្នុងប្រទេសកម្ពុជា។ ប្រជាជនកម្ពុជាច្រើនជាង១លាននាក់ត្រូវបានសម្លាប់ និងកប់ចោលនៅក្នុងទីតាំងសម្លាប់ទាំងនោះ ចាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ តាមរយៈការស្រាវជ្រាវបានបង្ហាញថា មានរណ្ដៅសាកសពរួមចំនួនប្រមាណ២ម៉ឺនរណ្ដៅត្រូវបានរកឃើញនៅស្ទើរតែគ្រប់ទីកន្លែង ដែលបានបន្សល់ទុកតាំងពីរបបខ្មែរក្រហមមក។ ជនរងគ្រោះដែលបានស្លាប់នៅតាមវាលពិឃាតទាំងនេះ គឺជាអ្នកដែលមានកំហុសឆ្គងជាមួយអង្គការ ដូចជាមិនគោរពវិន័យ ឬបទបញ្ជានិងអ្នកទាំងឡាយណា ដែលត្រូវខ្មែរក្រហមចោទប្រកាន់ថាជា “សត្រូវ” របស់ខ្លួន។ សត្រូវទាំងនោះរួមមាន៖ សាស្ត្រាចារ្យ បញ្ញវន្ដ សិល្បករ តន្រ្តីករ និងកវីនិពន្ធ ជាដើម។ ជើងឯក ដែលជាដីចម្ការដំណាំ និងមានចម្ងាយប្រមាណ១៣គីឡូម៉ែត្រប៉ែកខាងត្បូងទីក្រុងភ្នំពេញ គឺជាកន្លែងសម្លាប់មនុស្សយ៉ាងច្រើនមួយក្នុងអំឡុងពេលនៃរបបខ្មែរក្រហម។ ក្រោយខែមករា ឆ្នាំ១៩៧៩ មានរណ្ដៅសាកសពចំនួនជាង១០០ ត្រូវបានគាស់ឡើងនៅក្នុងបរិវេណវាលពិឃាតជើងឯក និងប្រទះឃើញមានសាកសពចំនួន៨៨៩៥នាក់ នៅក្នុង រណ្តៅទាំងនោះ។ ជនរងគ្រោះដែលត្រូវបានយកមកសម្លាប់នៅវាលពិឃាតជើងឯកនេះ ភាគច្រើនជាអ្នកទោសទួលស្លែង (ស-២១)។
វីដេអូ៖ អតីតកម្មាភិបាលផ្នែកសន្តិសុខប្រចាំនៅគុកទួលស្លែងឈ្មោះ ហ៊ឹម ហ៊ុយ និយាយអំពីការបញ្ជូនអ្នកទោសទៅជើងឯក
លន់ នល់ (ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៩១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆកា ឆ្នាំ១៩៨៥)
លន់ នល់ (ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៩១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆកា ឆ្នាំ១៩៨៥)
ជាទាហាន និងអ្នកនយោបាយខ្មែរ ដែលបានដឹកនាំធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុនៅខែមិនា ឆ្នាំ១៩៧០ ហើយបានក្លាយជាមេដឹកនាំនៃរបបសាធារណរដ្ឋខ្មែរ។ លន់ នល់ បានបោះបង់ចោលគោលនយោបាយអព្យាក្រឹតរបស់សម្ដេចព្រះ នរោត្តម សីហនុ ហើយបានបង្កើតទំនាក់ទំនងយ៉ាងជិតស្និតជាមួយសហរដ្ឋអាមេរិក និងវៀតណាមខាងត្បូង។ ការគ្រប់គ្រងរបស់លន់ នល់ កាន់តែផ្ដាច់ការខ្លាំងឡើងៗ។ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៧២ លន់ នល់ បានកាន់កាប់អំណាចទាំងស្រុង និងទទួលបានឋានន្តរស័ក្ដជាសេនាប្រមុខ។ ខណៈដែលកម្លាំងខ្មែរក្រហមបានកើនឡើងយ៉ាងខ្លាំងនៅតាមជនបទ លន់ នល់ បានក្លាយជាមនុស្សអល់អែកមិនដាច់ស្រេច និងស្ដាប់តាមគ្រូទាយ ហើយជឿស៊ុបលើការបន់ស្រន់តាមបែបព្រះពុទ្ធសាសនា។ នៅថ្ងៃទី១ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពព្រៃខ្មែរក្រហមស្ទើរតែវាយចូលដល់រដ្ឋធានីភ្នំពេញ។ លន់ នល់ បានភៀសខ្លួនចេញពីប្រទេសដើម្បីគេចឲ្យផុតពីការកាប់សម្លាប់។ លន់ នល់ បានរស់នៅសហរដ្ឋអាមេរិក ហើយបានទទួលមរណភាពនៅរដ្ឋកាលីហ្វូញ៉ានៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៨៥។
ឱសថ/ ការថែទាំវេជ្ជសាស្រ្ត
ឱសថ/ ការថែទាំវេជ្ជសាស្រ្ត
ខ្មែរក្រហមចូលចិត្តឱសថបុរាណ និងកម្រប្រើប្រាស់ការថែទាំវេជ្ជសាស្រ្តសម័យទំនើបណាស់។ ឧបករណ៍វេជ្ជសាស្ត្រត្រូវបានយកចេញ ហើយមន្ទីរពេទ្យត្រូវបានបិទចោល។ ចំណែកឯបុគ្គលិកពេទ្យ ក៏ត្រូវបានសម្លាប់ ឬបញ្ជូនទៅធ្វើស្រែនៅតាមជនបទ។ ពេទ្យកុមារដែលទទួលបានការបណ្ដុះបណ្ដាលតិចតួច ឬមិនបានទទួលការបណ្ដុះបណ្ដាលទាល់តែសោះ ត្រូវដាក់ជំនួសវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាទាំងនោះ។ ថ្នាំដែលផលិតខ្លួនឯងសម្រាប់ព្យាបាលអ្នកជម្ងឺទូទៅ គឺ“ថ្នាំអាចម៍ទន្សាយ”។ ជម្ងឺ ជាញឹកញាប់ត្រូវបានមើលឃើញថា ជាការខ្វះការប្ដេជ្ញាចិត្ត។ ពាក្យស្លោកមួយរបស់ខ្មែរក្រហមបានពោលថា “ជម្ងឺ គឺជាអ្វីដែលកើតចេញពីការស្រមើស្រមៃរបស់មនុស្ស”។
ជនជាតិភាគតិច
ជនជាតិភាគតិច
របបខ្មែរក្រហមគឺជារបបដែលស្អប់ខ្ពើមជនបរទេស និងមិនទុកចិត្ត ឬកាន់តែស្អប់ខ្ពើមអ្វីៗដែលនិយមអារិយ្យធម៌បរទេស រួមបញ្ចូលទាំងអ្វីៗដែលមិនមែនជារបស់ជនជាតិខ្មែរ។ គោលនយោបាយខ្មែរក្រហមបានរើសអើងចំពោះជនជាតិភាគតិច ដូចជាវៀតណាម ចាម ចិន និងក្រុមជនជាតិភាគតិចផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា។ អត្រានៃការស្លាប់ក្នុងចំណោមក្រុមជនជាតិភាគតិចគឺមានចំនួនខ្ពស់។ សហគមន៍វៀតណាមត្រូវបានបំបាត់ស្ទើរតែទាំងស្រុងគឺច្រើនជាងមួយភាគបីនៃប្រជាជនចាមដែលជាជនជាតិចាមមូស្លីមដែលត្រូវបានបោសសម្អាតដូចគ្នា។
(សម្រាប់ព័ត៌មានបន្ថែមសូមអាន សៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យជំពូក៨)
កងទ័ពជាតិនៃកម្ពុជាប្រជាធិបតេយ្យ
កងទ័ពជាតិនៃកម្ពុជាប្រជាធិបតេយ្យ
កងកម្លាំងទ័ពព្រៃកម្ពុជា ត្រូវបានបង្កើតឡើងដោយខ្មែរក្រហមដែលបានចាប់ផ្ដើមការតស៊ូរបស់ខ្លួនឡើងវិញនៅចន្លោះឆ្នាំ១៩៧៩ ដល់ចុងទសវត្សរ៍ទី៩០។ ដំបូងឡើយកងទ័ពជាតិនៃកម្ពុជាប្រជាធិបតេយ្យបានប្រយុទ្ធតស៊ូប្រឆាំងនឹងការគ្រប់គ្រងរបស់វៀតណាម ហើយនៅក្នុងទសវត្សទី៨០ កម្លាំងកងទ័ពជាតិនៃកម្ពុជាប្រជាធិបតេយ្យមានប្រមាណពី៤ ទៅ៥ម៉ឺននាក់។ នៅក្នុងទសវត្សរ៍ទី៩០ កម្លាំងនេះ បានប្តូរទិសដៅរបស់ខ្លួនមកប្រយុទ្ធប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាលកម្ពុជាវិញម្តង ដែលបណ្ដាលឲ្យច្រកផ្លូវសំខាន់ៗដែល តភ្ជាប់មកកាន់ទីក្រុងភ្នំពេញ រួមទាំងផ្នែកខាងលិចនៃប្រទេស ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់សម្រាប់ការធ្វើ ដំណើរ។
ប្រជាជនថ្មី ឬ ប្រជាជន១៧មេសា
ប្រជាជនថ្មី ឬ ប្រជាជន១៧មេសា
ជាពាក្យដែលខ្មែរក្រហមប្រើប្រាស់សម្រាប់ប្រជាជនកម្ពុជា ដែលត្រូវបានជម្លៀសចេញពីទីក្រុង ឬសំដៅទៅលើប្រភេទប្រជាជននៃវណ្ណៈកណ្ដាលថ្នាក់លើ។ យោងតាមមនោគមន៍វិជ្ជារបស់ខ្មែរក្រហម ប្រជាជនថ្មី ឬប្រជាជន១៧មេសា គឺជាអ្នកដែលតំណាងឲ្យវណ្ណៈមូលធននិយម ដែលប្រឆាំងលទ្ធិកុម្មុនិស្ដនិយម និងមិនមានភាពបរិសុទ្ធ។ ប្រជាជនថ្មី ត្រូវបានមើលឃើញថាជាអ្នកដែលប្រឈមនឹងការចោទប្រកាន់ខ្ពស់ថាជា ជនសង្ស័យ ជាអ្នកដែលទទួលបានការអប់រំនយោបាយមិនចេះចប់មិនចេះហើយ និងជាញឹកញាប់ទទួលបានការធ្វើបាបខ្លាំងជាង“ប្រជាជនចាស់”។ ឧទាហរណ៍៖ ប្រជាជនថ្មីទទួលបានរបបអាហារតិចជាងប្រជាជនចាស់។
(សម្រាប់ព័ណ៌មានបន្ថែមសូមអាន សៀវភៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យជំពូក៧)
អំនានបន្ថែម (ការបាត់បង់៖ ប្រវត្តិរឿងរ៉ាវរបស់ប្រជាជនថ្មីនៅក្រោមរបបកម្ពុជាប្រជាធិបតេយ្យ និពន្ធដោយ បៀង ពីវ័ន្ត និង វ៉េនី ខូហ្គៀល
ព្រះបាទ នរោត្តម សីហនុ (ថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២)
ព្រះបាទ នរោត្តម សីហនុ (ថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២)
ព្រះបាទ នរោត្តម សីហនុ ជាអតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ព្រះអង្គបានឡើងគ្រងរាជ្យលើកដំបូងពីឆ្នាំ១៩៤១ ដល់ឆ្នាំ១៩៥៥ និងលើកទីពីរ ពីឆ្នាំ១៩៩៣ដល់ឆ្នាំ២០០៤។ ព្រះអង្គធ្លាប់ធ្វើជានាយករដ្ឋមន្រ្តី ប្រមុខរដ្ឋ និងជាព្រះប្រធាន។ ព្រះអង្គគឺជាអ្នកនយោបាយយ៉ាងសំខាន់នៅក្នុងប្រទេសកម្ពុជា អស់រយៈកាលពេញមួយជីវិតរបស់ព្រះអង្គ ដែលជាញឹកញាប់ព្រះអង្គបានផ្លាស់ប្ដូរសម្ព័ន្ធភាពនយោបាយរបស់ព្រះអង្គ។ ព្រះអង្គ ជាអង្គដំបូងដែលបានហៅចលនាកុម្មុនិស្ដកម្ពុជាថាជា “ខ្មែរក្រហម”។
នៅឆ្នាំ១៩៧០ រដ្ឋាភិបាលរបស់ព្រះអង្គត្រូវបានផ្ដួលរំលំដោយ លន់ នល់។ ព្រះអង្គបានបង្កើតរដ្ឋា- ភិបាលនិរទេសមួយនៅទីក្រុងប៉េកាំង ដែលត្រូវបានស្គាល់ថា “រាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា” និងបានចាប់ផ្ដើមបង្កើតទំនាក់ទំនងជាមួយមេដឹកនាំខ្មែរក្រហម។ ការគាំទ្ររបស់ព្រះអង្គចំពោះចលនាខ្មែរក្រហមបានធ្វើឲ្យចលនានេះកាន់តែទទួលបានប្រជាប្រិយភាពខ្លាំងឡើងៗ។ នៅពេលដែលខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញនៅឆ្នាំ១៩៧៥ សម្តេចព្រះ នរោត្តម សីហនុ ត្រូវបានតែងតាំងជាប្រមុខរដ្ឋនៃកម្ពុជាប្រជាធិបតេយ្យ ប៉ុនែ្តមានតែ ប៉ុល ពត ទេ ដែលជាមេដឹកនាំពិតប្រាកដ។ នៅឆ្នាំ១៩៧៦ ព្រះអង្គបានសុំលាលែងពីតំណែង ហើយត្រូវបានឃុំខ្លួននៅក្នុងព្រះបរមរាជវាំង រហូតដល់ខែមករាឆ្នាំ១៩៧៩។ នៅឆ្នាំ១៩៨២ ព្រះអង្គត្រូវបានតែងតាំងជាព្រះប្រធាននៃរដ្ឋាភិបាលចម្រុះត្រីភាគី ឬ រដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ។
នៅខែកញ្ញា ឆ្នាំ១៩៩៣ រដ្ឋសភាជាតិបានបោះឆ្នោតលើកស្ទួយរាជានិយមឡើងវិញ ហើយព្រះបាទ នរោត្តម សីហនុ បានក្លាយជាព្រះមហាក្សត្រម្ដងទៀត។ ព្រះអង្គបានដាក់រាជ្យ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០០៤ ហើយព្រះរាជបុត្ររបស់ព្រះអង្គ ព្រះនាម ព្រះបាទ នរោត្តម សីហមុនី បានឡើងស្នងរាជ្យបន្តពីព្រះអង្គ។ ព្រះបាទ នរោត្តម សីហនុ បានសោយទីវង្គត់នាជន្មាយុ៨៩ព្រះវស្សានៅទីក្រុងប៉េកាំងនាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២។ ក្នុងរយៈកាលពេញមួយជីវិតរបស់ព្រះអង្គ ព្រះអង្គបានផលិតខ្សែភាពយន្តបានប្រហែល៥០រឿង ច្រៀងចំរៀង និពន្ធបទភ្លេង និងលេងឧបករណ៍តន្រ្តីជាច្រើនផ្សេងទៀត។
នួន ជា (កើតនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ១៩២៦)
នួន ជា (កើតនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ១៩២៦)
នួន ជា កើតនៅក្នុងខេត្តបាត់ដំបង។ នួន ជា បានសិក្សានៅប្រទេសថៃ និងបានក្លាយជាសមាជិកបក្សកុម្មុនិស្ដថៃ។ នៅឆ្នាំ១៩៦០ នួន ជា ត្រូវបានជ្រើសរើសជាអគ្គលេខាធិការរងនៃបក្សកុម្មុយនិស្ដកម្ពុជា។ ក្នុងនាមជាមេមនោគមវិជ្ជានៃរបបខ្មែរក្រហម នួន ជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតគំនិតនយោ- បាយថ្មីៗជាច្រើន។ នួន ជា ត្រូវបានចោទប្រកាន់ថា ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សមួយចំនួនផ្សេងទៀតដែលនៅពីក្រោយការជម្លៀសប្រជាជននៅទីក្រុង ដើម្បីបញ្ជូនឲ្យទៅធ្វើការងារជាទម្ងន់ និងបង្អត់អាហារ និងបានប្រើអំពើហិង្សាជាប្រព័ន្ធចំពោះសត្រូវរបស់ខ្លួន។ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៤ នួន ជា ត្រូវបានអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា កាត់ទោសឲ្យជាប់គុកអស់មួយជីវិត ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ ទោះជាយ៉ាងណាក៏ដោយ ក៏សំណុំរឿងរបស់នួន ជា ត្រូវបានប្ដឹងឧទ្ធរណ៍។ នួន ជាក៏ត្រូវប្រឈមមុខនឹងការកាត់ទោសដោយឡែកមួយទៀតនោះពីអំពើប្រល័យពូជសាសន៍។
ប្រជាជនចាស់ ឬប្រជាជនមូលដ្ឋាន
ប្រជាជនចាស់ ឬប្រជាជនមូលដ្ឋាន
ជាពាក្យដែលខ្មែរក្រហមប្រើសម្រាប់សំដៅលើប្រជាជនដែលរស់នៅក្នុងតំបន់រំដោះដាច់ស្រយាលក្នុងប្រទេស មុនថ្ងៃរំដោះទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ប្រជាជនចាស់ ឬ ប្រជាជនមូលដ្ឋាន បានទទួលការជឿទុកចិត្តពីសំណាក់ខ្មែរក្រហម ជាង“ប្រជាជនថ្មី” ដោយសារតែអ្នកទាំងនោះមិនចេះអក្សរ និងរស់នៅក្នុងតំបន់ដាច់ស្រយាល ហើយមិន“ញុំាញី” ដោយជីវិតក្នុងទីក្រុង ឬុឥទ្ធិពលពីបរទេស។
(សម្រាប់ព័ណ៌មានបន្ថែមសូមអាន សៀវប្រវត្តិកម្ពុជាប្រជាធិបតេយ្យជំពូក៧)
សាធារណរដ្ឋប្រជាមានិតកម្ពុជា
សាធារណរដ្ឋប្រជាមានិតកម្ពុជា
រដ្ឋាភិបាលដែលគាំទ្រដោយវៀតណាមក្នុងប្រទេសកម្ពុជាឈ្មោះ “សាធារណរដ្ឋប្រជាមានិតកម្ពុជា”បានកើតចេញពីការផ្ដួលរំលំរបបខ្មែរក្រហមក្នុងឆ្នាំ១៩៧៩ និងបន្តគ្រប់គ្រងប្រទេសរហូតដល់ឆ្នាំ១៩៨៩។ រដ្ឋាភិបាលនេះ ពិតជាបានចាប់ផ្ដើមកសាងជីវិតសាសនា និងវប្បធម៌កម្ពុជាឡើងវិញ។ សមមិត្ត ហេង សំរិន ត្រូវបានតែងតាំងជាប្រធានរដ្ឋ។ នៅខែមេសា ឆ្នាំ១៩៨៩ សាធារណរដ្ឋប្រជាមានិតកម្ពុជា ត្រូវបានប្ដូរឈ្មោះទៅជា “រដ្ឋកម្ពុជា”។ គណបក្សប្រជាជនបដិវត្តន៍កម្ពុជា គឺជាគណបក្សកាន់អំណាចតែមួយគត់ ដែលកើតចេញពីរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាក្នុងឆ្នាំ១៩៧៩ ហើយបន្តមកដល់រដ្ឋាភិបាលរដ្ឋកម្ពុជា។ក្រោយមក គណបក្សនេះត្រូវបានប្ដូរឈ្មោះទៅជាគណបក្សប្រជាជនកម្ពុជា។
តុលាការប្រជាជនបដិវត្តន៍
តុលាការប្រជាជនបដិវត្តន៍
ជាតុលាការ ដែលរបបសាធារណរដ្ឋប្រជាមានិតកម្ពុជារួមជាមួយវៀតណាម បានបង្កើតឡើងនៅឆ្នាំ១៩៧៩ ដើម្បីព្យាយាមនាំយកមេដឹកនាំខ្មែរក្រហមដូចជា ប៉ុល ពត និង អៀង សារី មកកាត់ទោសកំបាំងមុខពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។ ការកាត់ទោសកំបាំងមុខនេះ ត្រូវបានធ្វើឡើងនៅសាលមហោស្របចតុមុខនាទីក្រុងភ្នំពេញ ហើយការផ្ដល់សក្ខីកម្មត្រូវបានធ្វើឡើងរយៈពេល៥ថ្ងៃ។ សាលក្រមចេញនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ១៩៧៩ បានចោទប្រកាន់មេដឹកនាំខ្មែរក្រហមពីររូបពីបទបានប្រព្រឹត្តិអំពើប្រល័យពូជសាសន៍ដោយបានកាត់ទោសប្រហារជីវិតនិងបញ្ជាឲ្យរឹបអូសយកទ្រព្យសម្បត្តិទាំងអស់ដែលមាន។ ប្រទេស លោកខាងលិចជាច្រើន បានច្រានចោលសាលក្រមនេះ និងចាត់ទុកថារដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា ជាអាយ៉ងរបស់វៀតណាម ហើយសាលាក្ដីនេះគ្រាន់តែជាការសម្ដែងប៉ុណ្ណោះ។
ប៉ុល ពត (ថ្ងៃទី១៩ ខែឧសភា ឆ្នាំ១៩២៥ ដល់ ថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៩៨)
ប៉ុល ពត (ថ្ងៃទី១៩ ខែឧសភា ឆ្នាំ១៩២៥ ដល់ ថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៩៨)
ជាមេដឹកនាំខ្មែរក្រហម និងជាឧក្រិដ្ឋជនម្នាក់ក្នុងចំណោមឧក្រិដ្ឋជនសង្រ្គាមកំពូលក្នុងសតវត្សទី២០។ ប៉ុល ពត (សាឡុត ស) កើតនៅក្នុងភូមិនេសាទមួយក្នុងខេត្តកំពង់ធំ។ ប៉ុល ពត បានផ្លាស់ទៅរស់នៅទីក្រុងភ្នំពេញក្នុងឆ្នាំ១៩៣៤។ ប៉ុល ពត បានចំណាយពេល១ឆ្នាំស្នាក់នៅក្នុងវត្ត មុនពេលគាត់ចូលរៀននៅសាលាបឋមសិក្សាកាតូលិកបារាំងមួយ។ នៅឆ្នាំ១៩៤៩ ប៉ុល ពត បានជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសបារំាងផ្នែកបច្ចេកវិទ្យាកម្មវិធីវិទ្យុហើយក្លាយទៅជាសកម្មជនក្នុងចលនាកុម្មុយនិស្ដ។
បន្ទាប់ពីវិលត្រឡប់មកប្រទេសកម្ពុជាវិញប៉ុលពតបានចាប់ផ្ដើមធ្វើបដិវត្តក្នុងពេលដែលខ្លួនជាគ្រូបង្រៀននៅសាលាឯកជនមួយ និងក្លាយខ្លួនជាសមាជិកបក្សដ៏សំខាន់និងមានឥទ្ធិពលម្នាក់នៅក្នុងបក្សកុម្មុយនិស្ដ។ នៅឆ្នាំ១៩៦៣ ប៉ុល ពត និងមេដឹកនាំបក្សកុម្មុនិស្ដផ្សេងទៀតបានផ្លាស់ទៅកាន់តំបន់ដាច់ស្រយាលមួយ និងបានកសាងកម្លាំងទ័ពព្រៃ ហើយចាប់ផ្ដើមងើបបះបោរទូទាំងប្រទេសនៅឆ្នាំ១៩៦៨។បដិវត្តខ្មែរក្រហមទទួលបានការទាក់ទាញខ្លាំងឡើងៗ រហូតដល់បានរំដោះទីក្រុងភ្នំពេញនៅថ្ងៃទី១៧ខែមេសា ឆ្នាំ១៩៧៥។ ចាប់ពីឆ្នាំ១៩៧៦ដល់ឆ្នាំ១៩៧៩ ប៉ុល ពត គឺជានាយករដ្ឋមន្រ្តីនៃរបបកម្ពុជាប្រជាធិបតេយ្យ និងបានកាន់កាប់អំណាចផ្ដាច់ការ។
នៅឆ្នាំ១៩៧៩ ប៉ុល ពត បានរត់ភៀសខ្លួនទៅកាន់ព្រំដែនខ្មែរ-ថៃ នៅពេលដែលកងទ័ពវៀតណាមវាយរំដោះប្រទេសកម្ពុជា។ ប៉ុល ពត បានបន្តយុទ្ធនាការកសាងកម្លាំងទ័ពរបស់ខ្លួននៅក្នុងព្រៃ ប៉ុន្តែកម្លាំងខ្មែរក្រហម មិនអាចឡើងគ្រប់គ្រងអំណាចវិញបានឡើយ។ នៅឆ្នាំ១៩៨៥ ប៉ុល ពត បានលាលែងពីតំណែងបក្សជាផ្លូវការ ប៉ុន្តែនៅតែគ្រប់គ្រងអំណាចដដែល។ នៅឆ្នាំ១៩៩៧ ក្រុមបំបែកខ្លួនខ្មែរក្រហមបានចាប់និងឃុំខ្លួន ប៉ុល ពត នៅក្នុងផ្ទះ។ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៩៨ ប៉ុល ពត បានស្លាប់ដោយជម្ងឺបេះដូងក្នុងអាយុ៧៣ឆ្នាំ។ ប៉ុល ពត មិនដែលសម្ដែងឲ្យឃើញពីការសោកស្ដាយរបស់ខ្លួនឡើយ គឺបានត្រឹមតែនិយាយថា“ចលនារបស់យើងបានធ្វើឲ្យមានកំហុស”។ ប៉ុល ពត បានបញ្ជាក់ថាការសម្លាប់ទាំងអស់គឺដើម្បីជួយសង្រ្គោះប្រទេសកម្ពុជាពីសត្រូវវៀតណាម ហើយក៏បានលើកឡើងថា ចំនួនអ្នកស្លាប់ត្រូវបានបំផ្លើស។
(សម្រាប់ព័ត៌មានបន្ថែមសូមអាន “ប៉ុលពត៖ Anatomy of a nightmare”និពន្ធដោយហ្វីលីប សត នៅឆ្នាំ២០០៦)
ការបោសសម្អាត ឬ បន្សុទ្ធកម្ម
ការបោសសម្អាត ឬ បន្សុទ្ធកម្ម
នៅក្នុងរបបខ្មែរក្រហម ការដឹកនាំកាន់តែមានក្ខណៈសាហាវទៅៗ តាមរយៈការបោសសម្អាត “ខ្មាំង សត្រូវ” ដែលរួមមានសត្រូវខាងក្នុង និងសត្រូវខាងក្រៅ។ នៅពេលផែនការមិនបានសម្រេច ខ្មែរក្រហមតែងតែទម្លាក់រាល់បញ្ហាទាំងអស់ទៅលើ “ជនក្បត់” ឬ “ចារកម្ម” ហើយមិនដែលទម្លាក់កំហុសណាមួយទៅលើនយោបាយរបស់ខ្លួនឡើយ។ ប៉ុល ពត កាន់តែលែងមានការទុកចិត្ត និងបានចាប់ផ្ដើមបញ្ជាឲ្យបោសសម្អាតអ្នកដែលត្រូវបានចាត់ទុកថាក្បត់នឹងអង្គការ។ សកម្មជនបក្ស និងក្រុមគ្រួសាររាប់ពាន់នាក់ ត្រូវបានចាប់បញ្ជូនទៅដាក់គុកទួលស្លែង ហើយក្រោយមកត្រូវបានសម្លាប់។ កម្មាភិបាលខ្មែរក្រហមជាច្រើននាក់បានរត់គេចខ្លួនទៅប្រទេសវៀតណាម ព្រោះភ័យខ្លាចចំពោះការតាមចាប់ខ្លួន។
(សម្រាប់ព័ត៌មានបន្ថែម សូមអាន សៀវភៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ ជំពូក៧)
ពាក្យស្លោក
ពាក្យស្លោក
មនោគមវិជ្ជាខ្មែរក្រហម ត្រូវបានបង្ហាញតាមរយៈពាក្យសម្ដីផ្ទាល់មាត់ ឬពាក្យស្លោកដែលមានចងក្រងជាឯកសារមួយចំនួន។ ពាក្យស្លោកជាច្រើនត្រូវបានបង្ហាញពីជីវិតរស់នៅក្រោមរបបខ្មែរក្រហម។ ខាងក្រោមនេះជាឧទាហរណ៍ខ្លះៗដែលបញ្ជាក់ពីជីវិតក្រោមរបបខ្មែរក្រហម៖
– ទុកក៏មិនចំណេញដកចេញក៏មិនខាត។
– សុខចិត្តសម្លាប់មនុស្សល្អដោយយល់ច្រឡំប្រសើរជាងដោះលែងសត្រូវដោយខុស (សុខចិត្តសម្លាប់ខុស១០០ ក៏មិនឲ្យសត្រូវរួចជីវិតម្នាក់)។
– វិចារណញ្ញាណទាំង៤គឺ៖ មិនដឹង មិនឮ មិនឃើញ មិននិយាយ។
– អង្គការជាឪពុកម្ដាយរបស់កុមារទាំងអស់ រួមទាំងក្មេងជំទង់ៗផង។
– សេចក្ដីស្រឡាញ់ចំពោះអង្គការ ត្រូវតែគ្មានដែនកំណត់។
– បដិវត្តន៍បញ្ចេញពន្លឺយ៉ាងត្រចេះត្រចង់ជាមួយនឹងភាពសប្បាយរីករាយនៅក្នុងសង្គមជាតិ ហើយយើងទាំងអស់គ្នាពាក់ស្បែកជើងផលិតចេញពីកង់ឡាន។
(សម្រាប់ព័ត៌មានបន្ថែម សូមអាន សៀវភៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ)
រដ្ឋាភិបាលចម្រុះត្រីភាគី
រដ្ឋាភិបាលចម្រុះត្រីភាគី
នៅឆ្នាំ១៩៨២ ខ្មែរក្រហមបានបង្កើតសម្ព័ន្ធភាពជាមួយសម្តេចព្រះ នរោត្តម សីហនុ ដែលបានរស់នៅនិរទេសខ្លួនក្នុងប្រទេសចិន។ ព្រះអង្គត្រូវបានតែងតាំងជាប្រធាននៃ “រដ្ឋាភិបាលចម្រុះត្រីភាគី” ដែល ជារដ្ឋាភិបាលនិរទេសមួយ។ សមាសភាពសំខាន់ៗក្នុងរដ្ឋាភិបាលនេះមាន៖ ១) ក្រុមរាជានិយម “រណសិរ្ស រួបរួមជាតិដើម្បីឯករាជ្យ អព្យាក្រឹត សន្ដិភាព និងកិច្ចសហប្រតិបត្តិការ (ហ៊្វុនស៊ិនប៉ិច)។ ២) រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ គ្រប់គ្រងដោយសម្តេច សឺន សាន និង ៣) រណសិរ្សខ្មែរក្រហម។ គោលបំណងនៃការបង្កើតរដ្ឋាភិបាលចម្រុះនេះ គឺដើម្បីរំដោះប្រទេសកម្ពុជាចេញពីការឈ្លានពានរបស់វៀតណាម។
គុកទួលស្លែង (មន្ទីស-២១)
គុកទួលស្លែង (មន្ទីស-២១)
អតីតវិទ្យាល័យមួយក្នុងទីក្រុងភ្នំពេញ ត្រូវបានប្រែក្លាយជាមន្ទីរឃុំឃាំង ដែលគ្រប់គ្រងដោយ កាំង ហ្កេកអ៊ាវ ហៅ ឌុច។ ចាប់ពីឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩ មានអ្នកទោសប្រមាណ១ម៉ឺន៧ពាន់នាក់ត្រូវបានចាប់ខ្លួន និងឃុំឃាំងនៅក្នុងមន្ទីរសន្តិសុខនេះ។ អ្នកទោសទាំងនោះ ត្រូវបានធ្វើទារុណកម្ម និងបង្ខំឲ្យរាយការណ៍ពីឈ្មោះសមាជិកក្រុមគ្រួសារ និងអ្នកជិតសិ្នតរបស់ខ្លួន ហើយក្រោយមកអ្នកទាំងនោះត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់។ មុនដំបូង មន្ទីរសន្តិសុខនេះមានឃុំឃាំងអ្នកទោសភាគច្រើនជាអតីតមន្រ្តីរដ្ឋការក្នុងរបបលន់ នល់ ដូចជាទាហាន មន្រ្តីរដ្ឋាភិបាល បណ្ឌិតសភា វេជ្ជបណ្ឌិត គ្រូពេទ្យ និង គ្រូបង្រៀនជាដើម។ ក្រោយមកក្នុងពេលខ្មែរក្រហមធ្វើបន្សុទ្ធកម្ម(ការបោសសម្អាត) ទៅលើកម្មាភិបាលរបស់ខ្លួន មន្ទីរសន្តិសុខនេះ មានឃុំឃាំងអ្នកទោសដែលជាសមាជិកបក្សរបស់ខ្មែរក្រហម ព្រមទាំងក្រុមគ្រួសារផង។ អ្នកទោសត្រូវបានវាយធ្វើបាប ធ្វើទារុណកម្មបង្ខំឲ្យឆ្លើយសារភាពពីសកម្មភាពក្បត់ដែលជាប់ទាក់ទងជាមួយ សេអ៊ីអា កាហ្សេបេ ឬ ខ្សែវៀតណាម។ បន្ទាប់ពីសួរចម្លើយរួច អ្នកទោសត្រូវបានបញ្ជូនទៅកាន់បឹងជើងឯកដើម្បីសម្លាប់។ ក្នុងចំណោមអ្នកទោសទាំងអស់ ដែលត្រូវបានបញ្ជូនទៅគុកទួលស្លែងមានតែអ្មកទោស១២នាក់ប៉ុណ្ណោះ ដែលបានរួចផុតជីវិតពីការសម្លាប់។ គុកទួលស្លែង ត្រូវបានប្រែក្លាយជា “សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង” ចាប់តាំងពីឆ្នាំ១៩៨០មកដល់ពេលបច្ចុប្បន្ននេះ។
(សម្រាប់ព័ត៌មានបន្ថែម សូមមើល សៀរភៅ ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ ជំពូក៩)
វីដេអូ៖ ក្រឡេកមើលខាងក្នុងនៃគុកទួលស្លែង (មន្ទីរ ស-២១)
វីដេអូ៖ អតីតកងសន្តិសុខទួលស្លែង ហ៊ឹម ហ៊ុយ និយាយពីការដឹកជញ្ជូនអ្នកទោសទៅកាន់បឹងជើងឯក
រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា
រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា
ជាអង្គភាពយោធា និងនយោបាយ ដែលនៅពីក្រោយការរំដោះរបស់វៀតណាម។ រណសិរ្សនេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧៨ លើទឹកដីដែលជាអតីតតំបន់រំដោះខ្មែរក្រហមក្នុងខេត្តក្រចេះ ដោយជនកុម្មុ- និស្ដ និងកងកម្លាំងខ្មែរក្រហម ដែលមិនពេញចិត្តចំពោះនយោបាយ និងជំហរដាច់ខាតរបស់ ប៉ុល ពត ក្នុងការប្រឆាំងជាមួយវៀតណាម។ មេដឹកនាំដំបូងនៃរណសិរ្សនេះគឺសមមិត្ត ហេង សំរិន។ ក្រោយមក សមមិត្តហេង សំរិន បានក្លាយជាមេដឹកនាំរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលមានប្រទេសវៀតណាមធ្វើជាខ្នងបង្អែក។
ការរំដោះរបស់វៀតណាមចំពោះកម្ពុជា
ការរំដោះរបស់វៀតណាមចំពោះកម្ពុជា
ភាពតានតឹងរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម បានចាប់ផ្តើមប៉ះទង្គិចគ្នាជាបន្តបន្ទាប់តាំងពីដើមឆ្នាំ១៩៧៥។ រហូតមកដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ១៩៧៨ កងទ័ពវៀតណាម ដោយមានការចូលរួមពីប្រជាជនកម្ពុជាដែលបានរត់គេចពីខ្មែរក្រហមផង បានចាប់ផ្ដើមវាយលុកចូលមកប្រទេសកម្ពុជារហូតទទួលបានជ័យជម្នះទាំងស្រុង នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ កងកម្លាំងវៀតណាម បានជួយបង្កើតសង្គមនិយមថី្មមួយ ដែលជារដ្ឋាភិបាលមានគណបក្សតែមួយឈ្មោះ “សាធារណរដ្ឋប្រជាមានិតកម្ពុជា” ដែលដឹកនាំដោយសមមិត្ត ហេង សំរិន។ សាធារណរដ្ឋប្រជាមានិតកម្ពុជា បានចាប់ផ្តើមស្ដារឡើងវិញនូវវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋយ៉ាងសន្សឹមៗ។ នៅឆ្នាំ១៩៨៩ របបនេះត្រូវបានប្តូរឈ្មោះទៅជា “រដ្ឋកម្ពុជា”វិញ។
(សម្រាប់ព័ត៌មានបន្ថែម សូមអានសៀវភៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យជំពូក១១)