មាតិកា

តស៊ូដើម្បីរស់

ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ភិន លី កម្មាភិបាលពេទ្យខ្មែរក្រហម

ខ្មែរក្រហមបានចោទគាត់ថា បានទាក់ទងជាមួយប្រធានកងរបស់គាត់ ដែលត្រូវ បានគេចោទថាចូលដៃជាមួយវៀតណាម។

ភិន លី មានស្រុកកំណើតនៅខេត្តកណ្តាល។ គាត់បានចូលបម្រើបដិវត្តន៍ក្នុងឆ្នាំ១៩៧២ បន្ទាប់ពីខ្មែរក្រហមចូលកាន់កាប់ភូមិរបស់គាត់។ លី ថា ​គាត់​​មាន​សេចក្តី​រីករាយ​​នៅ​ពេល​ដែល​គាត់​មានការងារនេះធ្វើ។

ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

បងប្អូនប្អូនទាំងអស់របស់ លី បានចូលបម្រើក្នុងចលនាបដិវត្តន៍ ដោយបងប្អូនប្រុសធ្វើជាយោធា ហើយស្រីៗធ្វើជាកម្មាភិបាលពេទ្យ។

ក្នុងឆ្នាំ១៩៧៧ ប្រធានកងពលរបស់គាត់ត្រូវបានចាប់ខ្លួន ពីបទជាប់ទាក់ទងជាមួយវៀតណាម។ ខ្មែរក្រហមបាន ចោទប្រកាន់គាត់ពីបទចូលរួមក្បត់ជាមួយមេ ហើយបញ្ជូនគាត់ទៅកាន់គុកព្រៃសរ ដើម្បីអប់រំកែប្រែ។

“ក្នុងពេលដែលខ្ញុំជាប់គុក ប្រធានគុកបាននិយាយថា ប្រសិនបើមាននរណាម្នាក់ធ្វើឲ្យមានកំហុស អ្នកទាំងនោះនឹងប្រឈមនឹងការសម្លាប់ចោល។ ដូច្នេះ ខ្ញុំបានរៀនសូត្រពីវា ហើយខ្ញុំបានខំធ្វើការយ៉ាងខ្លាំងរហូតខ្ញុំបានរស់រានមានជីវិត។”

នៅពេលដែលកងទ័ពវៀតណាមចូលមកដល់ លី បានរត់ចូលព្រៃ រហូតដល់ព្រំប្រទល់ថៃ។ ក្នុងឆ្នាំ១៩៨២ លី បានត្រឡប់មកស្រុកកំណើតវិញ។ បន្ទាប់មក បងប្អូនរបស់គាត់ពីរនាក់ទៀត ក៏បានមកដល់ស្រុកកំណើតដែរ។ ចំណែកឯបងប្អូន៣នាក់ទៀត បានស្លាប់និងបាត់ខ្លួនក្នុងអំឡុងពេលធ្វើបដិវត្តន៍។