មាតិកា

“ខ្ញុំរួចជីវិតដោយសារខ្ញុំកុហក់អង្គការ…”

ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ម៉េង ឆេង អ្នករស់រានមានជីវិតក្រោយរបបខ្មែរក្រហម

«ខ្ញុំមានសំណាងណាស់ដែលបានរួចជីវិតពីរបបខ្មែរក្រហម។ ម្តាយរបស់ខ្ញុំ និងបងប្អូនប្រាំនាក់ក្នុងចំណោមប្រាំបីនាក់របស់ខ្ញុំបានបាត់បង់ជីវិត ប៉ុន្តែខ្ញុំ បានរួចជីវិតដោយសារខ្ញុំបានកុហក់អង្គការ»។

ម៉េង ឆេង កើតក្នុងឆ្នាំ១៩៤៤ នៅខេត្តកណ្តាល។ ក្នុងពេលដែលខ្មែរក្រហមចូលកាន់កាប់អំណាច ឆេង បានធ្វើការនៅក្នុងព្រលានយន្តហោះពោធិ៍ចិនតុង និងបានរៀនភាសាបារាំង។

សហករណ៍ខ្មែរក្រហម។ រូបថត៖ Gunnar Bergstrom, ១៩៧៨។ ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ប្រពន្ធ និងកូនប្រុសរបស់ ឆេង បានចាកចេញទៅកាន់ស្រុកកំណើតក្នុងពេលជម្លៀស មុនគាត់។ កូនប្រុសរបស់ ឆេង បានស្លាប់នៅតាមផ្លូវពេលកំពុងជម្លៀស។ មួយខែក្រោយមក ឆេង បានធ្វើដំណើរទៅជួបប្រពន្ធឯស្រុកកំណើត។ នៅតាមផ្លូវ ឆេង បានប្រាប់អង្គការថា គាត់គឺជាអ្នកធាក់ស៊ីក្លូដើម្បីចិញ្ចឹមជីវិត។

ជីវិតរស់នៅក្នុងសហករណ៍នៅក្នុងខេត្តបាត់ដំបង គឺពិតជាពិបាកណាស់។ ប្រជាជនថ្មី ត្រូវបានបង្ខំឲ្យធ្វើការជាទម្ងន់។ ឆេង មិនត្រូវបានអនុញ្ញាតឲ្យទៅជួបប្រពន្ធគាត់ញឹកញាប់ឡើយ។ ប្រធានសហករណ៍ មានភាពសាហាវឃោរឃៅណាស់ ហើយជួនកាលបានរំលោភកូនស្រីរបស់អ្នកភូមិទៀតផង។

“ពេលខ្លះ គាត់បានសម្លាប់មនុស្សដោយវះទ្រូងយកថ្លើម រួចចំអិនហូប។​ គ្រប់ពេលដែលគាត់ចំអិន ភ្នែករបស់គាត់ឡើងក្រហមតែម្តង”។

កម្មាភិបាលខ្មែរក្រហមបានសម្លាប់បងប្រុសរបស់ ឆេង ឈ្មោះ គា ឈុន ដែលបានសិក្សានៅបរទេស និងចេះនិយាយច្រើនភាសា។

“ខ្ញុំមានសំណាងណាស់ ដែលបានរស់រានមានជីវិតពីរបបខ្មែរក្រហម ដោយសារខ្ញុំចេះកុហកអង្គការ។ ចំណែក​ ម្តាយ និងបងប្អូន៥នាក់ក្នុងចំណោម៨នាក់របស់ខ្ញុំ បានស្លាប់បាត់ទៅហើយ”។

បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ឆេង គឺជាកសិករ ហើយគាត់បានចិញ្ចឹមកូនប្រុសទាំងបីនាក់របស់បងប្រុសគាត់ឈ្មោះ ឈុន រហូតមកដល់សព្វថ្ងៃ។

គ្រួសាររបស់ ម៉េង ឆេង។ ម្តាយរបស់គាត់ ស្ថិតនៅជួរទី២រាប់ពីខាងឆ្វេង (ឆេង ឈរលេខរៀងទីពីរ រាប់ពីស្តាំ)។ ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

 

Save

Save

Save