គាត់គិតថា គាត់នឹងត្រូវគេយកទៅសម្លាប់ហើយ!
ញ៉ែម សុផាន អតីតពេទ្យយោធាខ្មែរក្រហម
ថ្ងៃមួយមានគេមកប្រាប់គាត់ឲ្យចូលទៅក្នុងរថយន្តមួយ ពេលនោះគាត់គិតថា គាត់នឹងត្រូវស្លាប់ហើយ ប៉ុន្តែការពិត គាត់ត្រូវបានគេបញ្ជូនទៅកាន់វាលស្រែ ព្រមទាំងបានឲ្យសម្លៀកបំពាក់ទៅគាត់ ប៉ុន្តែគាត់ដឹងថា សម្លៀកបំពាក់នោះ គឺបានមកពីមនុស្សដែលខ្មែរក្រហមបានសម្លាប់។
បងប្អូនបង្កើតទាំង៤នាក់របស់ សុផាន បានចូលបម្រើខ្មែរក្រហម។ ពេលនោះ សុផាន មានអាយុ១៣ឆ្នាំ។
គាត់គឺជាពេទ្យយោធា ដែលទទួលបន្ទុកថែរក្សាយោធារងរបួសពីសមរភូមិមុខ។ ក្រោយមក គាត់បានក្លាយជាពេទ្យធ្មេញនៅខេត្តកំពង់ចាម។ មានកម្មាភិបាលពេទ្យធ្មេញមកពីភ្នំពេញ និងកំពង់ធំ បានមកបង្រៀន សុផាន ហើយក្រោយមកអ្នកបង្រៀននោះបានបាត់ខ្លួនភ្លាមៗ។
សុផាន ត្រូវបានចាប់ខ្លួនក្នុងឆ្នាំ១៩៧៧ ឬ១៩៧៨ ដោយមិនដឹងមូលហេតុ។ កម្មាភិបាលខ្មែរក្រហម គ្រាន់តែបាននិយាយថា បងប្រុសរបស់គាត់បានក្បត់នឹងបដិវត្តន៍។
ក្នុងថ្ងៃមួយ គាត់ត្រូវបានប្រាប់ឲ្យឡើងឡាន។ គាត់បានគិតថាគាត់ប្រាកដជាស្លាប់ក្នុងគ្រានោះហើយ។ ផ្ទុយទៅវិញ គាត់ត្រូវបានបញ្ជូនឲ្យមកធ្វើការនៅក្នុងការដ្ឋាន ព្រមទាំងបានទទួលសម្លៀកបំពាក់ខ្លះទៀតផង។ សុផាន បានដឹងថា សម្លៀកបំពាក់ទាំងនោះបានមកពីសាកសពដែលកម្មាភិបាលខ្មែរក្រហមបានសម្លាប់ជនរងគ្រោះរួចហើយ។
បន្ទាប់ពីប្រទេសកម្ពុជាត្រូវបានរំដោះ ប្រជាជនបានសងសឹកទៅលើពួកប្រធានភូមិ។ សុផានបានរៀបរាប់ស្ថានភាពនៅពេលនោះថា៖ “ ប្រជាជនបាននាំគ្នាចងប្រធានភូមិ។ ប្រសិនបើប្រធានភូមិនោះជាមនុស្សល្អ គាត់ប្រាកដជាអាចរស់បាន។ ប៉ុន្តែគាត់កាចណាស់។ ដូច្នេះ ប្រជាជនបានសម្លាប់ពួកគាត់ចោលទៅ ”។