មាតិកា

ប្រវត្តិរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា(DC-Cam)

ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០១៧


មជ្ឈមណ្ឌលឯកសារកម្ពុជាគឺជាកន្លែងតម្កល់ឯកសារអំពីរបបកម្ពុជាប្រជាធិបតេយ្យធំបង្អស់នៅលើសាកលលោក។ គោលបំណងរបស់យើងគឺធ្វើការកត់ត្រា និងរក្សាទុកប្រវត្តិសាស្ត្រនៃរបបខ្មែរក្រហម សម្រាប់មនុស្សជំនាន់ក្រោយ និងដើម្បី ប្រមូលផ្តុំព័ត៌មានសម្រាប់ប្រើប្រាស់ជាភស្តុតាងសក្តានុពលផ្នែកច្បាប់អំពីឧក្រិដ្ឋកម្មរបស់ខ្មែរក្រហម។

បេសកកម្ម៖​  ភាពមិនលំអៀង និង ការស្រាវជ្រាវជាក់លាក់ពីប្រវត្តិសាស្រ្តនៃរបបខ្មែរក្រហម។ មជ្ឈមណ្ឌលឯកសារកម្ពុជា គឺជាអង្គការមិនស្វែងរកប្រាក់ចំណេញ និងមិនមែនរដ្ឋាភិបាល ឬនយោបាយទេ ហើយក៏មិនមែនជាអង្គភាពតុលាការដែរ។ ផ្ទុយទៅវិញ អង្គការនេះគឺជាប្រភពព័ត៌មានដ៏សំខាន់មួយសម្រាប់អ្នកសិក្សា មេធាវី សកម្មជន និងសាធារណជន។ បច្ចុប្បន្ន មជ្ឈមណ្ឌលឯកសារកម្ពុជាកំពុងធ្វើប្រតិបត្តិការទាំងស្រុងដោយជនជាតិកម្ពុជា ដោយមានការគាំទ្រពីសំណាក់បញ្ញវន្ត និងអ្នកជំនាញនៅសហរដ្ឋអាមេរិក អឺរ៉ុប និងអាស៊ី។

រូបថត: DC-Cam

មជ្ឈមណ្ឌលឯកសារកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៥ ជាការិយាល័យស៊ើបអង្កេតមួយនៃកម្មវិធីស្តីពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា នៃសាកលវិទ្យាល័យ យែល សហរដ្ឋអាមេរិក។ ក្រោមការដឹកនាំរបស់លោក ឆាំង យុ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មជ្ឈមណ្ឌលនេះ បានក្លាយជាស្ថាប័នស្រាវជ្រាវឯករាជ្យ នៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៩៧។

សកម្មភាពរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា រួមមានការចំណាត់ប្រភេទឯកសារខ្មែរក្រហម កិច្ចសម្ភាសន៍​​​អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងអតីតកម្មាភិបាលខ្មែរក្រហម​ និងការផ្តល់ភស្តុតាងសំខាន់ៗដល់តុលាការកាត់ទោសមេដឹកនាំខ្មែរក្រហមដែលសហការជាមួយអង្គការសហប្រជាជាតិ។

មជ្ឈមណ្ឌលឯកសារកម្ពុជា បានប្រមូល និងដៅផែនទីគុកខ្មែរក្រហមចំនួន១៩៦ រណ្តៅសាកសពចំនួន១៩៤០៣ និងស្តូបរំឭកអំពីអំពើប្រល័យពូជសាសន៍ចំនួន៨១ នៅក្នុងប្រទេសកម្ពុជា។ យើងបានធ្វើការ ចំណាត់ប្រភទឯកសារខ្មែរក្រហមបឋមចំនួនប្រមាណ១៥៥០០០ទំព័រ និងរូបថតជាង៦០០០សន្លឹក។

ប៉ុន្តែបណ្ណសារមួយផ្នែកធំរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា មិនទាន់ត្រូវបានរៀបចំនៅឡើយទេ ក្នុងនោះរួមមានឯកសារបន្ថែមជាង៤០០០០០សន្លឹក និងបរិក្ខាប្រភេទផ្សេងៗជាច្រើនទៀត។

មជ្ឈមណ្ឌលឯកសារកម្ពុជា បានបង្កើតកម្មវិធីស្តីពីការសិក្សាពីអំពើប្រល័យពូជសាសន៍ ដែលនាំឲ្យមានការប្រើប្រាស់សៀវភៅសិក្សាប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ និងសម្ភារៈសិក្សាដទៃទៀតនៅវិទ្យាល័យ និងសាកលវិទ្យាល័យទូទាំងប្រទេស។

អនាគតរបស់យើង​ ៖​​​ សង្គមមួយដែលមិនមានការចងចាំដ៏ត្រឹមត្រូវពីប្រវត្តិសាស្ត្រខ្លួន សង្គមនោះនឹងមិនអាចស្គាល់ពីខ្លួនឯងឡើយ។ ហេតុដូច្នេះហើយ ទើបមជ្ឈមណ្ឌលឯកសារកម្ពុជាខិតខំប្រឹងប្រែងស្តារប្រវត្តិសាស្ត្របែបទំនើបរបស់ប្រទេសកម្ពុជា ដែលភាគច្រើនត្រូវបានបំផ្លាញដោយភ្លើងសង្គ្រាម និងអំពើប្រល័យពូជសាសន៍។ ការផ្តោតទិសដៅរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាទៅលើការចងចាំ និងយុត្តិធម៌ ប៉ុនប៉ងផ្តល់ជាជំនួយបន្ថែមដល់ប្រជាជនកម្ពុជា ក្នុងការស្វែងរកនូវការពិតដែលការផ្សះផ្សាជាតិដ៏ពិតប្រាកដមួយ។

មជ្ឈមណ្ឌលឯកសារកម្ពុជា មានកិច្ចការជាច្រើនទៀតដែលត្រូវបំពេញ ហើយយើងក៏កំពុងតែសម្លឹងមើលពីផ្លូវឆ្ពោះទៅមុខ។​ វិទ្យាស្ថានស្លឹករឹត ដែលជាគ្រឹះស្ថានអចិន្ត្រៃយ៍ សម្រាប់សិក្សាអំពីប្រវត្តិសាស្ត្រប្រទេសកម្ពុជា បានចូលរួមចំណែកដឹកនាំប្រទេសជាតិទៅកាន់អនាគតមួយដែលសន្តិភាព និងចម្រុងចម្រើនជាងមុន។

Save

Save

Save

Save