មាតិកា

ចម្លើយសារភាពរបស់ ង៉ែត អឿង សមាជិកកងអនុសេនាធំ

ង៉ែត អឿង មានអាយុ២៥ឆ្នាំ ភេទប្រុស មានស្រុកកំណើតនៅភូមិស្វាយរលំ ឃុំស្វាយរលំ ស្រុក២០ ភូមិភាគនិរតី។ អឿង បានចូលបដិវត្តន៍ នៅក្នុងឆ្នាំ១៩៧២ និងមាន​តួនាទីជាយុទ្ធជន តំបន់២៥។

ង៉ែត អឿង មានអាយុ២៥ឆ្នាំ ភេទប្រុស មានស្រុកកំណើតនៅភូមិស្វាយរលំ ឃុំស្វាយរលំ ស្រុក២០ ភូមិភាគនិរតី។ អឿង បានចូលបដិវត្តន៍ នៅក្នុងឆ្នាំ១៩៧២ និងមាន​តួនាទីជាយុទ្ធជន តំបន់២៥។ ឆ្នាំ១៩៧៣ អឿង បានចូលបក្ស​ពលករវៀតណាមប្រឆាំង នឹងអង្គការ។ អឿន បានធ្វើសកម្មភាពឃោសនាឲ្យប្រជាជន និងយុទ្ធជនបាត់​ជំនឿ​ទុក​ចិត្ត​ លើអង្គការ ដោយប្រើវិធីបង្ករទំនាស់ក្នុងអង្គភាពទ័ព មន្ទីរពេទ្យ និងឃោសនាឲ្យយុទ្ធជន​ដើរហើរដោយសេរី និងបំផ្លិចបំផ្លាញសម្ភារផ្សេងៗ។ ​កំណត់ហេតុ​អំពីប្រវត្តិរបស់ ង៉ែត អឿង មានចំនួនសរុប៥០ទំព័រ ដែលបានរៀបរាប់​អំពីសកម្មភាព​ប្រឆាំង​អង្គការ ចាប់តាំង​ពីឆ្នាំ​១៩៧២ រហូតដល់ថ្ងៃអង្គការចាប់ខ្លួន។

ខាងក្រោមនេះ គឺជាសេចក្តីសង្ខេបដែលដកស្រង់ចេញពីសេចក្តីកំណត់ហេតុប្រវត្តិ​របស់ ង៉ែត អឿង ៖

នៅឆ្នាំ១៩៧២ អឿង បានចូលបដិវត្តន៍នៅភូមិប្រាសាទ ឃុំប្រាសាទ ស្រុក១៦ តំបន់២៥ ដោយអ្នកនាំចូលមានឈ្មោះ ស្រ៊ន នាទីលេខាស្រុក១៦។ ក្រោយពេល អឿង ចូលបដិវត្តន៍រួចមក គាត់មាននាទីជាមេក្រុមកងអនុសេនាតូច ក្រោយមកនៅកងអនុសេនា​ធំ។ កាល អឿង ចូលបដិវត្តន៍ដំបូង អ្នកដែលទទួលខុសត្រូវលើគាត់មានឈ្មោះ អុល នាទីលេខាអង្គភាពស្រុក១៦។ បន្ទាប់មក អង្គភាពស្រុកនេះ​ ត្រូវបានអង្គការរៀបចំជាមួយ​កងវរសេនាតូច១២៧ ប្រចាំតំបន់២៥ ដោយមានអ្នកដឹកនាំឈ្មោះ លាត នាទីលេខា​វរសេនាតូច១២៧។ ក្រោយមកអង្គភាព វរសេនាតូច១២៧នេះ  ត្រូវបានតំបន់២៥ ប្រគល់​ឲ្យ​មកនៅក្នុងវរសេនាធំ ២៦៨ ដែលមានឈ្មោះ សុន ជាអ្នកដឹកនាំ និងស្ថិតក្រោមការ​គ្រប់គ្រងរបស់​កង​ពល១២។

ប្រវត្តិសកម្មភាពជាខ្សែចង្វាក់ចាត់តាំងក្បត់

យោធាខ្មែរក្រហមប្រយុទ្ធនៅសមរភូមិ
ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

កន្លងមក អឿង ធ្លាប់ស្ថិតនៅក្រោមការដឹកនាំរបស់ សុន  ប៉ុន្តែ សុន មិនដែល បានទាក់ទងជាមួយ អឿង ទេ។ រហូតដល់អង្គការបានចាត់តាំងឲ្យអង្គភាពអនុសេនា ធំរបស់ អឿង ទៅបោះខ្សែត្រៀមនៅសមរភូមិកោះក្របីក្រោម ទើប សុន បានហៅ អឿង ទៅសួរអំពីសភាពការណ៍នៅក្នុងអង្គភាព និងសមរភូមិយ៉ាងដូចម្តេចដែរ? ពេលនោះ អឿង បានឆ្លើយថា នៅក្នុងសមរភូមិមានសភាពការណ៍ល្អប្រសើរ រីឯបងប្អូននៅក្នុងខ្សែត្រៀម មានសភាពធម្មតា ចំណែកឯស្បៀងអាហារវិញ មានការខ្វះខាតម្តងម្កាលដែរ។ លុះដល់​ពេលល្ងាច ក្នុងថ្ងៃដដែល សុន បាននិយាយណែនាំ និងអូសទាញគោលជំហររបស់ អឿង ដោយបានលើកហេតុផលជាច្រើនមកនិយាយបញ្ជាក់ប្រាប់ អឿង ថា ត្រូវខិតខំពង្រឹង គោលជំហរ ប្រយុទ្ធឲ្យខ្លាំងក្លា និងខិតខំកសាងខ្លួនឲ្យបានល្អ។ ពេលនោះ សុន បានសួរ អឿង បន្ថែមទៀតថា តើសព្វថ្ងៃ អឿង ពេញចិត្តនឹងតួនាទីរបស់ខ្លួនដែរឬទេ? ប្រសិន បើមិនទាន់ពេញចិត្តទេ  គាត់នឹងបញ្ចូល អឿង ឲ្យចូលបក្សពលករវៀតណាម។ ពេលនោះ អឿង បានឆ្លើយថា ប្រសិនបើ សុន ឯងឲ្យខ្ញុំធ្វើអ្វីក៏ខ្ញុំព្រមធ្វើដែរ។ នៅពេល សុន ឮដូច្នេះ ក៏បញ្ចូល អឿង ក្នុងបក្សពលករវៀតណាម និងបានបង្កើតកម្មវិធីប្រកាសជាផ្លូវការ ហើយអ្នកដែលត្រូវបានបញ្ចូលជាបក្ស​ពលករ​វៀត​ណាមកាលនោះ មានចំនួន១០នាក់។ អឿង បានចូលជាបក្សពលករវៀតណាមចាប់តាំងពីពេលនោះមក។ ក្រោយ​ពីបាន​បញ្ចូល​អ្នកទាំងនោះ ជាសមាជិកពេញសិទ្ធិរបស់បក្សពលករហើយ សុន​ និង លាត បាន​ប្រគល់ភារកិច្ចឲ្យអ្នកទាំងនោះធ្វើ គឺត្រូវបង្កប់ខ្លួននៅក្នុងជួរបដិវត្តន៍ កសាង និង​សម្រប​ខ្លួន​ឲ្យអង្គការមានទំនុកចិត្ត។ ក្រោយមក សុន និង លាត បានបង្ហាត់បង្រៀនអ្នកទាំងនោះ​ឲ្យចេះរបៀបរបបនៃការអូសទាញសមាជិកថ្មី ដូចជា ៖ ត្រូវសង្កេតមើលអត្តចរិកពីសង្គម​ចាស់ និងប្រវត្តិសកម្មភាព តើអ្នកទាំងនោះមានគោលជំហរ​ខ្សោយឬខ្លាំង។ ប៉ុន្តែត្រូវប្រុង​ប្រយ័ត្ន​ចំពោះការកសាងយុទ្ធជន ឬកម្មាភិបាលណាដែល​មាត់រអិល ពីព្រោះខ្លាចបែក​ការនាំឲ្យ​មានគ្រោះថ្នាក់ដល់ក្រុមយើង។ បន្ទាប់ពីបាន​ណែនាំរួចហើយ សមាជិកទាំងអស់​ក៏បំបែកគ្នាទៅតាមកន្លែងរៀងៗខ្លួន ចំណែក អឿង ក៏ត្រឡប់ទៅអង្គភាពរបស់ខ្លួនដែរ។ លុះព្រឹកស្អែក អឿង បានចេញទៅខ្សែត្រៀម សមរភូមិកោះក្របី។ រយៈពេលបីថ្ងៃក្រោយ​មក អឿង បានរងរបួសហើយបាន​សម្រាក​ព្យាបាលនៅពេទ្យតំបន់២៥។ អស់រយៈពេល​ជាងពីរខែក្រោយមក របួសរបស់ អឿង បានជាសះស្បើយហើយបានវិលត្រឡប់មក​អង្គភាព​វិញ។ ក្រោយពេលមកដល់ខ្សែ​ត្រៀមវិញ បានរយៈពេលជាងដប់ថ្ងៃ អឿង ក៏ត្រូវ​របួស​ម្តងទៀត ហើយបានសម្រាកព្យាបាលនៅពេទ្យអស់រយៈពេលជាងបីខែ នៅអំឡុង​ ឆ្នាំ១៩៧៣។ ក្រោយពីបានជាសះស្បើយពីរបួស អឿង ក៏ត្រឡប់មក​អង្គភាព​ដើមវិញ។ ប៉ុន្តែ​ពេលនោះ អឿង បានមកសម្រាកនៅវត្តឬស្សីស្រុក ដោយមាន​នាទីជា​មេបញ្ជាការកង​អនុសេនាតូច។ ក្រោយពីសម្រាកបានរយៈពេលបីថ្ងៃ អង្គភាពរបស់ អឿង ត្រូវបានអង្គការ​ចាត់​តាំង​ឲ្យត្រៀមវាយខ្មាំងនៅសមរភូមិវត្តកណ្តាល​ នៅ​កោះ​អន្លង់ចិន។ ក្រោយពីចូល​វាយ​នៅ​សមរភូមិបានប្រាំបីថ្ងៃ អឿង បានរងរបួស ហើយអង្គភាពក៏បានបញ្ជូនគាត់ឲ្យទៅ​សម្រាក​នៅពេទ្យព្រែកថ្មី តំបន់២៥។ អឿង បានសម្រាកព្យាបាល​នៅ​ពេទ្យរយៈ​ពេល​ជិតបីខែ​ រហូតដល់ឆ្នាំ១៩៧៤។ នៅអំឡុង​ពេល​ដែល អឿង សម្រាក​នៅ​ពេទ្យព្រែកថ្មី គាត់​បាន​ទាក់ទងជាមួយឈ្មោះ ថៃ និង ប៉េង ដែលបានសម្រាកនៅពេទ្យ​ជាមួយគ្នា។ មូល​ហេតុដែល អឿង ទាក់​ទង​ជា​មួយ ថៃ និង ប៉េង បាន​ គឺនៅពេលដែលអ្នកទាំងពីរបាន​បបួល អឿង ចេញពី​បន្ទប់មកអង្គុយនៅខាងក្រៅជជែកគ្នាលេងអំពីការស្នាក់នៅ និងការ​ហូប​​ចុកនៅក្នុងមន្ទីរ​ពេទ្យថា មិនដែលមានសម្លរ ឬបាយហូបឆ្ងាញ់ទេ។ ចំពោះថ្នាំ​ព្យា​បាល​វិញ គឺមានត្រឹមតែ​ថ្នាំអាចន៍​ទន្សាយតែប៉ុណ្ណោះ ជួនកាលផឹកថ្នាំនោះហើយ ធ្វើឲ្យឈឺ​ក្បាល វិលមុខ រាគអាចម៍ និងឈឺធ្ងន់លើសដើមទៅទៀត។ ពេល​នោះ អឿង, ថៃ និង ប៉េង បានរៀបចំផែនការ និងធ្វើសកម្មភាពឲ្យ​ចលាចលនៅ​ក្នុងមន្ទីរពេទ្យដើម្បីឲ្យបក្សពិបាក​ដោះ​ស្រាយ។ បន្ទាប់មក អឿង ត្រូវបានប្រធានមន្ទីរពេទ្យ​ព្រែកថ្មី បញ្ជូនគាត់ឲ្យទៅ​សម្រាក​នៅពេទ្យតាកុកវិញ ទើបការទាក់ទងជាមួយ ថៃ និង ប៉េង បានដាច់ខ្សែរយៈ។

ក្រោយពេលចេញពីមន្ទីរពេទ្យ អឿង បានវិលត្រឡប់មកអង្គភាព​វិញ។ អឿង សម្រាកនៅអង្គភាពបានប្រហែលបួនថ្ងៃ ក៏ត្រូវបានឈ្មោះ មុយ នាទីប្រធាន​អនុសេនា​ធំ ចាត់តាំងគាត់ឲ្យទៅសមរភូមិម្តងទៀត។ ក្រោយពេល អឿង បានចូល​សមរភូមិ​រយៈពេល​ជាងដប់ថ្ងៃមក ​វរសេនា​​តូច​១២៧ បានផ្លាស់មកស្នាក់នៅខាង​ក្រោយ​វត្ត​ចំពុះក្អែក​ចម្ងាយ​ប្រហែល​មួយ​គីឡូ​ម៉ែត្រ​ពីព្រែកប្រាវិញ។ អឿង បានសម្រាក​នៅទីនោះមិនបានប៉ុន្មានថ្ងៃ​ផង ក៏ស្រាប់តែ ប៉េង បានណាត់ជួបគាត់ រួមជាមួយបក្ខពួកប្រាំបួន​នាក់ទៀត ដើម្បី​ដាក់ផែនការ​លប​បាញ់អង្គភាព​រាយមីន។ បន្ទាប់ពីបានដាក់ផែនការរួច​រាល់​ហើយ ប៉េង, អឿង និង គ្រុយ (នាទីស្នង​ការកងអនុសេនាតូច) បានចេញ​ដំណើរទៅ​តាមកងទ័ព។ ពេលនោះ អឿង, ប៉េង និង គ្រុយ បានរៀបចំខ្សែត្រៀម ហើយមិនយូរ​ប៉ុន្មានអង្គភាពរាយ​មីន​ក៏មកដល់ និងបានវាយប្រយុទ្ធគ្នាមួយសន្ទុះបណ្តាលឲ្យអង្គភាព​រាយ​មីនស្លាប់ម្នាក់ និង​របួស​ធ្ងន់ម្នាក់ ចំណែក​បក្ខពួករបស់ អឿង ក៏ត្រូវរបួសស្រាលម្នាក់​ដែរ។ ក្រោយពេល​ធ្វើសកម្មភាពរួចហើយ អឿង ក៏បានវិលត្រឡប់មកអង្គភាពវិញ។ សម្រាកបានមួយយប់ អង្គការបានចាត់តាំង អឿង និងសមាជិកក្នុងអង្គភាពទាំងមូលឲ្យរៀបខ្សែត្រៀម​នៅ​សមរភូមិកោះក្របី​លើ (ជាប់ទន្លេបាសាក់)។ បន្ទាប់ពី អឿង ចូលប្រយុទ្ធនៅសមរភូមិបាន​រយៈពេលពីរថ្ងៃ គាត់ក៏រងរបួស ហើយបានសម្រាកព្យាបាលនៅពេទ្យព្រែកតាកុក។

អឿង បានសម្រាកព្យាបាលនៅពេទ្យព្រែកតាកុកអស់រយៈពេលជាងមួយខែ ទើប​គណៈមន្ទីរពេទ្យបានប្រកាសជ្រើសរើសអ្នករបួសណាដែលមានលទ្ធភាពអាចដើរបាន ឲ្យ​ទៅ​ចូលរួម​កម្មពិធីបុណ្យនៅកោះធំ។ ក្រោយពីប្រកាសរួច អង្គការបានយកកាណូតមកដឹក​អុ្នក​រ​បួស​​មួយ​ចំនួនទៅចូលរួមពិធីបុណ្យនោះ។ ពេលទៅដល់កន្លែង អឿង បានឮអង្គការ​ឧទ្ទេស​នាមថា អង្គភាពវរសេនាតូច១២៧ នឹងប្រគល់ឲ្យកងពល១២ ជាអ្នកគ្រប់​គ្រងវិញ។ ក្រោយពីអង្គការប្រកាសឧទ្ទេសនាមរួចហើយ ពិធីបុណ្យនោះក៏ត្រូវ​បានបញ្ចប់ រីឯអ្នកដែល​ទៅ​ចូល​រួមបានវិលត្រឡប់មកមន្ទីរពេទ្យវិញ។

​ក្នុងអំឡុងពេល អឿង សម្រាកនៅពេទ្យរយៈពេលជាងដប់ថ្ងៃ អឿង បានទាក់ទងជា​មួយឈ្មោះ វ៉ែន និង សូត្រ ដើម្បីប្រជុំដាក់ផែនការប្រឆាំងបដិវត្តន៍ នៅក្នុងមន្ទីរពេទ្យ។ ខ្លឹមសារប្រជុំ ៖ គឺធ្វើសកម្មភាពបំផុសបំផុលអ្នកជំងឺទាំងអស់ដែលសម្រាកនៅមន្ទីរពេទ្យ​ឲ្យមានទំនាស់ជាមួយបុគ្គលិកពេទ្យ ឬគណៈពេទ្យ និងលើកជាបញ្ហា​​ចំពោះបុគ្គលិកពេទ្យ អំពីកង្វះអនាម័យ និងមិនយកចិត្តទុកដាក់មើលថែអ្នកជំងឺ ចំណែក​ម្ហូបអាហារវិញ គឺមិន​ដែលមានម្ហូបឆ្ងាញ់ទេ។ ចំពោះផែនការខាងលើនេះ អ្នកទាំង​បីនាក់​អនុវត្តបានសម្រេច ហើយ​បានធ្វើសកម្មភាពអុកឡុក នៅក្នុងមន្ទីរពេទ្យនេះជា​បន្ត​បន្ទាប់។

រហូតដល់ខែសីហា ឆ្នាំ១៩៧៤ ជំងឺរបស់ អឿង បានជាសះស្បើយ ហើយ​បានវិលត្រឡប់មកអង្គភាពវិញ។ អឿង សម្រាកនៅអង្គភាពបានមួយរយៈ ក៏ត្រូវបាន​ឈ្មោះ ប៉ាវ នាទីសមាជិកវរសេនាតូច១២៧ បានចាត់តាំងគាត់ឲ្យទៅសមរភូមិវត្តឬស្សី​ស្រុក។ ក្រោយពីចូលសមរភូមិបានរយៈពេលប្រាំពីរថ្ងៃ អឿង បានត្រូវរបួស ហើយ​អង្គភាព​ពេទ្យបានបញ្ជូនគាត់ឲ្យទៅសម្រាកនៅមន្ទីរពេទ្យព្រែកថ្មី។ អឿង បានសម្រាកនៅទីនោះ រយៈពេលជិតបីខែ នៅក្នុងអំឡុងឆ្នាំ១៩៧៥។ បន្ទាប់ពីរបួសបានជា​សះស្បើយហើយ អឿង ក៏វិលត្រឡប់ទៅអង្គភាពវិញ។ អង្គការបានរៀបចំ ​ អឿង ឲ្យឡើងនាទីជាសមាជិក​កងអនុសេនាធំ។ បន្ទាប់មក អង្គការបានចាត់តាំង អឿង ឲ្យចូលទៅសមរភូមិដងទន្លេ​មេគង្គ។ ក្រោយពេលទៅដល់សមរភូមិ អឿង​ និងអង្គភាពទាំងមូលបានចូលវាយខ្មាំងជា​បន្តបន្ទាប់ រហូតបានរំដោះសមរភូមិដងទន្លេមេគង្គនេះបានជាស្ថាពរ។

លុះដល់ខែមីនា ឆ្នាំ១៩៧៥ អង្គភាពបានចាត់តាំង អឿង ឲ្យទៅរៀននៅសាលា​បច្ចេកទេសរបស់កងពល១២ នៅម្តុំភូមិកំពង់ស្វាយកណ្តាល និងវត្តទួលសង្កែ (ស្រុក​កោះធំ)។ ក្រោយពេល អឿង រៀននៅសាលាបច្ចេកទេសនេះបានមួយខែ អង្គការបាន រំសាយសាលានេះ រីឯអ្នកដែលទៅចូលរៀ​នក៏វិលត្រឡប់មកអង្គភាពរៀងៗខ្លួនវិញ។ នៅ​ខែឧសភា ឆ្នាំ១៩៧៥ ឈ្មោះ សុន បានធ្វើការណែនាំ អឿង និងសមាជិកបក្សពលករ​វៀតណាម​៤១នាក់ទៀត ឲ្យស្គាល់គ្នាដើម្បីធ្វើការទាក់ទងនៅថ្ងៃខាងមុខ។ ក្រោយពេល​ធ្វើការណែនាំរួចហើយ សុន បានប្រកាសបិទអង្គប្រជុំ។

សកម្មភាពជាក់ស្តែងរបស់ អឿង និងបក្ខពួកពេលនោះ

យោធាខ្មែរក្រហមប្រយុទ្ធនៅសមរភូមិ
ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

សកម្មភាពមុនរំដោះ ៖

១) បំផុសទំនាស់នៅក្នុងមន្ទីរពេទ្យ

២) បង្ករបក្ខពួកបំផុសទំនាស់នៅក្នុងអង្គភាពជាបន្តបន្ទាប់

៣) សេរី​ ប្រើអាជ្ញាដាក់យុទ្ធជន និងកម្មាភិបាលខាងក្រោមជាញឹកញាប់

សកម្មភាពក្រោយរំដោះ ៖

១) បំផុសយុទ្ធជន និងកម្មាភិបាលថ្នាក់ក្រោម ឲ្យសេរី ភ្លើតភ្លើនទៅតាមសម្ភារល្អៗ លើសរបបអង្គការកំណត់

២) បំផុសទំនាស់ជាមួយអង្គភាពនារី និងឃាត់ចាប់គេទុកជាញឹកញាប់

៣) សើររើដើរហើរ ទាក់ទង បង្ករបក្ខពួក បង្ករទំនាស់ ធ្វើឲ្យបក្សពិបាកដោះស្រាយ​ជាបន្ត បន្ទាប់។

ក្រោយពេលធ្វើសកម្មភាពដូចខាងលើរួចមក សុន បានចាត់តាំង អឿង និងបក្ខពួក ឲ្យទៅនៅក្នុងអង្គភាពវរសេនាតូច៣១៣ វរសេនាធំ៣១ កងពល៧០៣ថ្មីវិញ។​ ប៉ុន្តែមុននឹង​ទៅ​​អង្គភាព​ថ្មី សុន បានហៅ អឿង និងបក្ខពួកមកណែនាំជាសម្ងាត់ ដែលមានខ្លឹមសារ​ដូច​តទៅ ៖ ត្រូវក្តាប់សកម្មភាពឲ្យបានណែនមុន​នឹងធ្វើសកម្មភាពអ្វីមួយ ហើយត្រូវប្រុង​ប្រយ័ត្ន​ចំពោះ​យុទ្ធជន​ ឬកម្មាភិបាលខ្មែរក្រហម ព្រោះអង្គការកំពុងតាម​ដាន​បក្ខពួកយើង។ ក្រោយពេលធ្វើការណែនាំរួចហើយ សុន​ បានឧទ្ទេសនាម អឿង និងបក្ខពួកទៅកាន់​អង្គភាពថ្មីដើម្បីធ្វើការទាក់ទងស្គាល់គ្នា។​ កាលនោះមានឈ្មោះ អុល គ្រប់គ្រងនៅ​អង្គភាព​វរសេនាតូច៣១៣។ ក្រោយពេល អឿង បានរស់នៅក្នុងអង្គភាពថ្មីនេះបានមួយរយៈ ក៏ស្រាប់តែបានជួប សុន នៅម្តុំវិមានឯករាជ្យ និងបានពិភាក្សាអំពីសភាពការផ្ទៃក្នុង​ខ្លះៗ។ ពេលនោះ សុន បានប្រាប់ អឿង ថា នៅខែតុលា ឆ្នាំ១៩៧៥ ខាងមុខ​នេះ នឹងរៀបចំធ្វើ​បាតុកម្ម និងវាយបដិវត្តន៍ ហើយបច្ចុប្បន្ននេះកំពុងរៀបចំរបបថ្មីមួយ​ទៀត។ បន្ទាប់ពី​ពិភាក្សា​​គ្នាចប់ អឿង បានវិលត្រឡប់មកអង្គភាពវិញ រួចហើយបានរៀប​ចំអាវុធ និងកម្លាំង​បក្ស​ពលករ​នៅក្នុងអង្គភាពឲ្យត្រៀមលក្ខណៈដើម្បីចូលរួមបាតុកម្ម។ រយៈពេលជិត​មួយ​សប្តាហ៍ក្រោយមក អង្គការបានចាត់តាំងអង្គភាពវរសេនាធំ​របស់ អឿង ឲ្យទៅធ្វើស្រែនៅ​ភូមិ​បាគូរ នៅខាងត្បូងភ្នំពេញ។ រីឯកងអនុសេនាធំមួយទៀត ឲ្យឈរជើងនៅទីក្រុងភ្នំពេញ​ដដែល។ ចំពោះការទាក់ទងរវាង អឿង និងបក្ខពួក ក៏បានដាច់ខ្សែរយៈចាប់​តាំងពី​ពេល​នោះមក។ មិនយូរប៉ុន្មាន អឿង បានឮដំណឹងថាបក្ខពួកមួយចំនួន ត្រូវបាន​អង្គការ​ចាប់ខ្លួន ដោយអង្គការស៊ើបដឹងថា ជាបក្សពលករវៀតណាម ដែលមកបង្កប់ខ្លួន​ស៊ីរូង​ផ្ទៃក្នុង។ អឿង ចាប់ផ្តើមមានការព្រួយបារម្ភអំពីខ្លួនឯងផ្ទាល់ និងបក្ខពួក ហើយ​បានហៅ​សមាជិកបក្ស​ពលករ​ទាំងអស់មកជួបជុំ និងពិភាក្សាគ្នា។ ក្នុងខ្លឹមសារប្រជុំនោះ អឿង បាននិយាយថា សមាជិកទាំងអស់ត្រូវតាមដាន និងក្តាប់សភាពការឲ្យជាប់នៅក្នុងដៃ ប្រសិនបើមាន​សភាព​ការអ្វីប្លែក ត្រូវរាយការណ៍ឲ្យគាត់ជាបន្ទាន់។ ភ្លាមនោះ មាន​សមាជិក​ម្នាក់បាន​​​លើកឡើងថា រយៈពេលកន្លងមកនេះ គាត់ពិតជាខំពុះពាររាល់ឧបសគ្គ​តូចធំដើម្បីបំពេញ​ភារកិច្ចជូនបក្សពលករ ដូចជា បំផុសទំនាស់នៅក្នុងអង្គភាពរវាង​យុទ្ធជន និងកម្មាភិបាល ឲ្យកុហកថាឈឺ ហើយសព្វថ្ងៃនេះ គាត់បានបំផុសឲ្យយុទ្ធ​ជនរត់ទៅផ្ទះបានបីនាក់ ប៉ុន្តែត្រូវ​បាន​អង្គការ​ចាប់យកមកវិញ។ ពេលនោះ អឿង បាន​បន្ថែមថា សមាជិកទាំងអស់ត្រូវផ្អាក​ធ្វើសកម្មភាពប្រឆាំងនឹងបដិវត្តន៍ ពីព្រោះសភាពការ​បច្ចុប្បន្ននេះ អង្គការកំពុងតែតាមដាន​បក្ខពួកយើង ដូច្នេះហើយសមាជិកទាំងអស់ត្រូវបង្កប់​ខ្លួនឲ្យជ្រៅនៅក្នុងចលនាបដិវត្តន៍​ ហើយខំកសាងខ្លួនឲ្យបានល្អកុំឲ្យអង្គការចាប់ថ្នាក់​បាន។ រីឯចលនាក្នុងបដិវត្តន៍កាន់តែវិវត្ត​ទៅ​មុខជាប្រចាំ ចំពោះ​មហាជន និង​កម្មាភិបាល​​គឺកាន់​តែខ្លាំងក្លាក្នុងការវាយកម្ចាត់​កម្មសិទ្ធិ​ឯកជន ជាពិសេសមានគោល​ជំហររឹងមាំ​ក្នុង​សមូហភាព។ រយៈពេលជាងដប់ថ្ងៃ​ក្រោយប្រជុំ សុន ក៏ត្រូវបានអង្គការចាប់ខ្លួនបាន​ធ្វើឲ្យបក្ខពួករបស់ អឿង ចាប់ផ្តើម​ភ័យខ្លាច រួចនាំគ្នារត់បែកខ្ញែកអស់។ រី​ឯ អឿង ក៏មិនហ៊ានធ្វើសកម្មភាពប្រឆាំងនឹង​បដិវត្តន៍ខ្លាំងក្លាទេ គ្រាន់តែធ្វើសកម្មភាពបំភ្លើសមាគ៌ា​របស់បក្សបន្តិចបន្តួច និងសកម្មភាព​ផ្សេងៗ​ដែល​គាត់អាចធ្វើទៅបានរហូតដល់ថ្ងៃអង្គការ​ចាប់ខ្លួន នៅថ្ងៃទី៤ ខែសីហា ឆ្នាំ​១៩៧៧។

ដកស្រង់ចេញពីឯកសារលេខ J០០០៦១

ហូ ថុនា បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា