មាតិកា

ខ្ញុំហៀបនឹងស្លាប់ដោយសារជំងឺ

ជាមួយវ័យជរា រស់នៅតែម្នាក់ឯង នៅភូមិលំទងចាស់ ឃុំលំទងចាស់ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ យាយ រីប ហឿន មានវ័យ៧៣ឆ្នាំហើយ។
ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ជាមួយវ័យជរា រស់នៅតែម្នាក់ឯង នៅភូមិលំទងចាស់ ឃុំលំទងចាស់ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ យាយ រីប ហឿន មានវ័យ៧៣ឆ្នាំហើយ។ ប្តីរបស់យាយ ហឿន បានស្លាប់​តាំងពីបីឆ្នាំមុនម៉្លេះ ហើយកូនៗប្រុសស្រីទាំង៧នាក់របស់គាត់បានរៀបការ និងរស់នៅបែកពី​គាត់​អស់​ហើយ។ យាយបានរៀបរាប់ពីដំណើរជីវិតដែលបានឆ្លងកាត់នៅក្នុងរបបខ្មែរក្រហម​ថា៖

ក្រោយឆ្នាំ១៩៧០​ បន្ទាប់ពីរដ្ឋប្រហារទម្លាក់សម្តេច សីហនុ ការទម្លាក់គ្រាប់បែក បាន​កើត​មានឡើងស្ទើរគ្រប់ទីកន្លែង។ សំឡេងយន្តហោះបានធ្វើឲ្យប្រជាជនគ្រប់គ្នាមានការភ័យ ខ្លាច អ្នកខ្លះបានរត់ចោលផ្ទះសម្បែង ដោយសារតែភិតភ័យនឹងសំឡេងលាន់កងរំពងរបស់​ម៉ាស៊ីន​យន្តហោះ។ ពេលនោះ គាត់និងប្តីឈ្មោះ ហ៊ីន បានសម្រេចចិត្តចេញពីផ្ទះគាត់ទៅរស់ នៅក្នុងទឹកដីថៃ ដែលស្ថិតនៅជាប់នឹងព្រំដែនខ្មែរវិញ។ ប៉ុន្តែរយៈពេលមួយខែក្រោយមក ថៃ​បានបញ្ជូនគាត់ និងប្តីមកស្រុកកំណើតវិញ ប​ន្ទាប់ពីការទម្លាក់គ្រាប់បែកបានស្ងប់ស្ងាត់ យាយ ហឿន និងប្តីបានប្រកបរបរធ្វើស្រែចម្ការធម្មតាវិញ។ ប៉ុន្តែរឿង​ដែលគួរឲ្យសោកស្តាយនោះ គឺឪពុកម្តាយរបស់គាត់ បានស្លាប់ក្នុងអំឡុងពេលដែលមានការ​ទម្លាក់​គ្រាប់បែកនោះ។

នៅឆ្នាំ១៩៧៣ ប្តីរបស់យាយ ហឿន និងបងប្រុសរបស់គាត់ ឈ្មោះ រី តាប់ បានស្ម័គ្រ ចិត្តធ្វើជាទាហាន លន់ នល់។ ប្តីរបស់គាត់ចូលធ្វើទាហានមិនបានប៉ុន្មាន ក៏មានជំងឺគ្រុនចាញ់ ហើយត្រូវអង្គភាពបញ្ជូនមកផ្ទះវិញ។ ក្រោយមក គាត់និងប្តីបានផ្លាស់ទៅរស់នៅខេត្ត​សៀមរាប។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានជ័យជម្នះ និងគ្រប់គ្រងប្រទេស តន្ត្រី សិល្បៈ សាសនា ទំនៀមទម្លាប់ប្រពៃណី ត្រូវបានខ្មែរក្រហមហាមឃាត់​ ហើយក៏ជាពេលដែលកូនត្រូវបែកពី​ឪពុកម្តាយ ប្រពន្ធបែកពីប្តី គឺស្ទើរតែគ្រប់គ្រួសារបានបែកបាក់គ្នា។ ប្រជាជនដែលរស់នៅ​តាមទីក្រុង ទីប្រជុំជននានា ត្រូវខ្មែរក្រហមជម្លៀសចេញឲ្យទៅតាមទីជនបទ  ដោយយក​លេស​ថា អាមេរិកាំងនឹងមកទម្លាក់គ្រាប់បែក។ ប្រជាជនត្រូវបង្ខំឲ្យចាកចេញពីផ្ទះសម្បែង ដោយមិនបានយកអ្វីទៅជាប់នឹងខ្លួនច្រើននោះទេ ព្រោះគិតថា នឹងបានត្រឡប់មកផ្ទះវិញ ក្នុង​រយៈពេលបីថ្ងៃក្រោយ។

ជាក់ស្តែង យាយ ហឿន និងគ្រួសារត្រូវខ្មែរក្រហមជម្លៀសឲ្យទៅរស់នៅស្រុក ក្រឡាញ់ ដោយធ្វើដំណើរតាមរថយន្ត និងថ្មើរជើង។ យាយ​ ហឿន បានឲ្យដឹងថា គាត់ត្រូវធ្វើ ដំណើរ​ទាំង​ថ្ងៃ​ទាំងយប់ ដោយមានតែអាហារបន្តិចបន្តួចហូបប៉ុណ្ណោះ។ ទៅដល់ស្រុក ក្រឡាញ់ អង្គការ​បានបែងចែកប្រជាជនទៅតាមក្រុមរៀងៗខ្លួន ដោយឡែកយាយ ហឿន ត្រូវ​អង្គការ​ចាត់ឲ្យ​​ចូលកងនា​រីធ្វើស្រែ។ ប៉ុន្មានខែក្រោយមក ប្តីរបស់យាយ ហឿន ត្រូវបាន អង្គការនាំទៅសួរចម្លើយទាក់ទងនឹងទាហាន លន់ នល់។ យាយ ហឿន បានឲ្យដឹងថា ប្តីរបស់ គាត់ពេលនៅស្រុកក្រឡាញ់មិនបានប្រើឈ្មោះដើមទេ គឺប្តីរបស់គាត់បានប្តូរឈ្មោះថ្មី​ (មក ដល់សព្វថ្ងៃគាត់មិនចាំឈ្មោះ​ថ្មីរបស់ប្តីគាត់ទេ)។​ ប្តីរបស់គាត់ តាហ៊ីន ត្រូវបានអង្គការ​បញ្ជូ​នទៅ​សួរចម្លើយនៅខេត្តបន្ទាយមានជ័យ (តំបន់៥) និងក្រោយមកបានដោះលែងមកវិញ ដោយ​រកមិនឃើញឈ្មោះប្តីរបស់គាត់ពាក់ព័ន្ធជាមួយអតីតទាហាន លន់ នល់។ ប៉ុន្តែបង ប្រុសរបស់​យាយ ហឿន ឈ្មោះ រី​ តាប់ មិនមានវាសនារួចជីវិតដូចប្តីគាត់ទេ។ បងប្រុសរបស់ គាត់ត្រូវ​អង្គការ​ចាប់បញ្ជូនមកភ្នំពេញ ទាក់ទងនឹងអតីតភាពជាទាហាន លន់ នល់។ មួយខែក្រោយ​មក ទើបគាត់ដឹងថា បងប្រុសរបស់គាត់ត្រូវបានអង្គការយកទៅសម្លាប់។

នៅឆ្នាំ១៩៧៧ តាហ៊ីន ត្រូវបានអង្គការបញ្ជូនឲ្យទៅធ្វើការនៅកងចល័ត ខេត្តកំពង់ធំ ដែលត្រូវទៅលើកទំនប់១មករា។ ចាប់តាំងពីពេលនោះមក យាយ ហឿន ត្រូវរស់នៅឆ្ងាយពីប្តី រហូតដល់របបខ្មែរក្រហមដួលរលំ។ អំឡុងពេលរស់នៅតែម្នាក់ឯង យាយ ហឿន កើត មានជំងឺផ្លូវចិត្តដែលគាត់ត្រូវរស់នៅឆ្ងាយពីប្តី ម្យ៉ាងទៀត គាត់ត្រូវធ្វើការ​ទាំងយប់ ទាំងថ្ងៃ និងហូបមិនគ្រប់គ្រាន់ រហូតដល់គាត់ធ្លាក់ខ្លួនឈឺជាទម្ងន់។ ពេលនោះ ម្រាមដៃរបស់គាត់ ក៏កើតពិស ជាហេតុធ្វើឲ្យគាត់មិនអាចទៅធ្វើការបាន។ អង្គការបានហៅយាយ ហឿន ទៅ​សាកសួរ និងបានពិនិត្យឃើញថាគាត់ពិតជាឈឺ ទើបអនុញ្ញាតឲ្យឈប់សម្រាក។ អំឡុងពេល​គាត់សម្រាកព្យាបាលជំងឺ មេកងនារីរបស់គាត់តែងតែយករបបអាហារមកឲ្យគាត់ហូប។ ប៉ុន្មាន​ថ្ងៃក្រោយមក អង្គការបានហៅមេកងនារីនោះទៅរៀនសូត្របាត់ដោយមិនដឹងពីមូល​ហេតុ ហើយចាប់តាំងពីថ្ងៃនោះមកគាត់មិនដែលឃើញមេកងនារីនោះត្រឡប់មកវិញទេ។ គាត់​បានត្រឹមតែឮពាក្យចចាមអារាមថា អង្គការបានចោទថា មេកងនារីនោះ ក្បត់នឹងអង្គការ។ ដោយឈឺនឹងជំងឺពិសដែលកើតនៅម្រាមដៃគាត់ខ្លាំងពេក យាយ ហឿន បានសម្រេចចិត្ត​កាត់ម្រាមដែលកើតពិសនោះចោលតែម្តង។

ក្រោយរបបខ្មែរក្រហមបានដួលរលំ នៅឆ្នាំ១៩៧៩ ប្តីរបស់យាយបានត្រឡប់មករក​យាយវិញ និងនាំគ្នាទៅរស់នៅក្នុងទឹកដីថៃអស់រយៈពេល២ឆ្នាំ។ អំឡុងពេលនោះ យាយ និងប្តីប្រកបរបរបោចវល្លិ៍ បាញ់សត្វ និងកាប់ឈើលក់។ បន្ទាប់ពីស្ថានការណ៍វាយប្រយុទ្ធគ្នា​ស្ងប់​ស្ងាត់បន្តិច យាយ ហឿន និងប្តីបានត្រឡប់មកនៅស្រុកអន្លង់វែង ដែលជាតំបន់កាន់កាប់​រ​បស់​កម្លាំងខ្មែរក្រហមដែលនៅសេសសល់ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ តាម៉ុក។ យាយ ហឿន បានឲ្យដឹងថា តាម៉ុក គ្រប់គ្រងតំបន់អន្លង់វែង ចំណែកប្រជាជនរស់នៅ ប្រកបរបរ​ធ្វើស្រែចម្ការធម្មតា ប៉ុន្តែមិនតឹងរ៉ឹងដូចមុនទេ។ បន្ទាប់មក ប្តីរបស់គាត់ តាហ៊ីន ក៏បានចូល​បម្រើបម្រើកងទ័ព តាម៉ុក។

យាយ ហឿន បានឲ្យដឹងថា តាម៉ុក គ្រប់គ្រងតំបន់អន្លង់វែង និងមិនមានជម្លៀស​ប្រជាជន​ទៅណាទេ។ នៅពេល នោះ ការប្រយុទ្ធគ្នាជាមួយកងទ័ពវៀតណាមមិនទាន់បញ្ចប់​ទេ និងបានបង្កឲ្យមានមនុស្សស្លាប់ជាបន្តបន្ទាប់។ មិនយូរប៉ុន្មាន ប្តីរបស់គាត់បានធ្លាក់ខ្លួនឈឺ ហើយក៏លាឈប់ពីកងទ័ព និងត្រឡប់មករស់នៅជាមួយគាត់នៅភូមិវិញ។

រិន រចនា និសិ្សតឆ្នាំទី៤ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ