ដំណើរជីវិតរបស់ ពាក់ ធឿន
ពាក់ ធឿន កើតក្នុងឆ្នាំ ១៩៥៣ (១៩៥៣ ជាឆ្នាំដែលប្រទេសកម្ពុជាទទួលបានឯករាជ្យពីប្រទេសបារាំង) និងមានស្រុកកំណើតនៅភូមិបន្ទាយឆ្មាខាងជើង ឃុំបន្ទាយឆ្មា ស្រុកថ្មពួក ខេត្តបាត់ដំបង តែឥឡូវស្ថិតក្នុងខេត្តបន្ទាយមានជ័យ។
ពាក់ ធឿន កើតក្នុងឆ្នាំ ១៩៥៣ (១៩៥៣ ជាឆ្នាំដែលប្រទេសកម្ពុជាទទួលបានឯករាជ្យពីប្រទេសបារាំង) និងមានស្រុកកំណើតនៅភូមិបន្ទាយឆ្មាខាងជើង ឃុំបន្ទាយឆ្មា ស្រុកថ្មពួក ខេត្តបាត់ដំបង តែឥឡូវស្ថិតក្នុងខេត្តបន្ទាយមានជ័យ។ ធឿន មានជីតាឈ្មោះ វ៉ាន់ ដែលជាអតីតមេឃុំបន្ទាយឆ្មា, ឪពុករបស់ធឿន ឈ្មោះ វ៉ាន់ ពាក់ ដែលជាអតីតជំទប់ទី១ ឃុំបន្ទាយឆ្មាក្នុងសម័យសង្គមរាស្រ្តនិយម និងមានម្ដាយឈ្មោះ ណៅ ហ៊ុន។ ធឿន មានបងប្អូន ១១ នាក់ (ស្រី ៥ ប្រុស ៦នាក់)។ ធឿន គឹជាកូនច្បងក្នុងគ្រួសារ។ ធឿន រៀនបានត្រឹមថ្នាក់ទី ៧ (សម័យដើម) នៅសាលាបន្ទាយឆ្មា ក៏បានឈប់ បន្ទាប់ពីមានព្រឹត្ដិការណ៍រដ្ឋប្រហារទម្លាក់សម្ដេច សីហនុ ឆ្នាំ ១៩៧០។ ក្រោយឈប់ពីការសិក្សា ធឿន នៅផ្ទះជួយកិច្ចការធ្វើស្រែចម្ការឪពុកម្ដាយរហូតដល់ឆ្នាំ ១៩៧៥។
បន្ទាប់ពីខ្មែរក្រហមឡើងកាន់កាប់អំណាច នៅឆ្នាំ ១៩៧៥ ទ្រព្យសម្បត្តិ របស់របរ (ចាន ឆ្នាំង ស្លាព្រា គោក្របី និងមាសប្រាក់ជាដើម) គ្រួសាររបស់ ធឿន ក៏ដូចជាទ្រព្យសម្បត្តិ និងរបស់របររបស់ប្រជាជននៅក្នុងឃុំបន្ទាយឆ្មា ត្រូវបានខ្មែរក្រហមប្រមូលដាក់ឱ្យប្រើប្រាស់ជារបស់រួម។ នៅក្នុងឃុំបន្ទាយឆ្មា ខ្មែរក្រហមបានចាត់តាំង ញ៉េប ឱ្យជាអ្នកដឹកនាំ ហើយប្រជាជនត្រូវបានបែងចែកជាបីក្រុម មានក្រុមកុមារ ក្រុមយុវជន និងក្រុមវ័យកណ្ដាល។ ក្នុងក្រុមនីមួយៗត្រូវបានបែងចែកជាក្រុមតូចៗ (ប្រហែល ១០នាក់) និងមានប្រធានក្រុមម្នាក់។ ធឿន ត្រូវបានចាត់តាំងឱ្យនៅក្នុងក្រុមវ័យកណ្ដាល។ ធឿន ត្រូវបានខ្មែរក្រហមចាប់ដៃផ្សំផ្គុំឱ្យរៀបការជាមួយ ប៉េ សួន ដែលនៅពេលនោះ គឺមាន ៦០គូ នៅចុងឆ្នាំ១៩៧៥។ បន្ទាប់ពីចាប់ដៃការរួច ធឿន ត្រូវបានខ្មែរក្រហមដកចេញពីក្រុមវ័យកណ្ដាលឱ្យទៅជាកងចល័តឃុំ ដែលមានការងារជាអ្នកភ្ជួរស្រែ ដកស្ទូង និងលើកទំនប់ជាដើម។ នៅរដូវវស្សាឆ្នាំ ១៩៧៦ ធឿន ត្រូវបានបញ្ជូនឱ្យទៅលើកទំនប់អាងជើងគ្រោះ និងឆ្នាំ ១៩៧៧ ធឿន ត្រូវបានខ្មែរក្រហមបញ្ជូនទៅម្ដងទៀត ដែលពេលនោះមានមនុស្សប្រហែល ៥០០០នាក់ បានចូលរួម ដោយលើកទំនប់ប្រវែងប្រហែល ១០០០ ម៉ែត្រ (នៅក្នុងសម័យខ្មែរក្រហម ទំនប់អាងជើងគ្រោះត្រូវបានលើកពីរដង ដោយលើកៗទីមួយមានប្រវែងតូច និងទំហំខ្លី មិនអាចស្តុកទឹកបានច្រើន ដូច្នេះទំនប់នេះត្រូវបានលើកម្ដងទៀតនៅឆ្នាំ ១៩៧៧ ហើយទំនប់ជើងគ្រោះអាចស្ដុកទឹកធ្វើស្រែខួបប្រាំងខួបវស្សា មិនខ្វះទឹកនោះទេ)។ បន្ទាប់ពីលើកទំនប់អាងជើងគ្រោះជាលើកទី២រួច ធឿនត្រូវបានខ្មែរក្រហមចាត់តាំងឱ្យធ្វើជាប្រធានដែលមានសមាជិក១០នាក់ ដើម្បីមើលការខុសត្រូវទំនប់អាងជើងគ្រោះនោះកុំឱ្យមានការខូចខាត ធ្លុះធ្លាយ និងបាក់ជាដើម ហើយក្រៅពីការងារនោះ ធឿន និងកូនក្រុមត្រូវដើរចល័តធ្វើការងារផ្សេងទៀតមានភ្ជួររាស់ ដក់ស្ទូងជាដើម។ ធឿន ក៏ត្រូវបានខ្មែរក្រហមបញ្ជូនឱ្យទៅលើកទំនប់ត្រពាំងថ្មម្ដងម្កាលដែរ។ នៅចុងឆ្នាំ ១៩៧៧ ឪពុករបស់ធឿន ត្រូវបានខ្មែរក្រហមចាប់ខ្លួនបន្ទាប់ពីស្រាវជ្រាវឃើញថា ឪពុកធឿន ធ្លាប់ធ្វើការបម្រើឱ្យរបបសាធារណរដ្ឋខ្មែរ របស់ លន់ នល់។ នៅពេល ឪពុកធឿន ត្រូវបានចាប់ខ្លួន ពេលនោះ ធឿន ក៏នៅទីនោះដែរ ប៉ុន្ដែ ធឿន មិនអាចជួយអ្វីដល់ឪពុកបានឡើយ ពីព្រោះ ធឿន ធ្លាប់ឃើញតាលាភ ត្រូវបានខ្មែរក្រហមចាប់ខ្លួន ហើយពេលនោះកូនក៏មកជួយ ដូច្នេះខ្មែរក្រហមចាប់ទាំងពីរនាក់ឪពុកកូនយកទៅសម្លាប់ចោល។ ដោយហេតុនឹកឃើញដល់រឿងនោះ ធឿន ក៏មិនហ៊ានជួយឪពុកដោយខ្លាចខ្មែរក្រហមចាប់ខ្លួនសម្លាប់ទាំងពីរនាក់ ដូចតាលាភ និងកូន។ ធឿន បានដឹងថា ឪពុករបស់ខ្លួនត្រូវបានខ្មែរក្រហមយកទៅសម្លាប់នៅបន្ទាយទាហានថ្មពួកចាស់ (ធឿន បានឱ្យដឹងថា ខ្មែរក្រហមបានយកមនុស្សជាច្រើនទៅសម្លាប់នៅបន្ទាយទាហានថ្មពួកចាស់ ដោយក្នុងមួយរណ្ដៅមានមនុស្សយ៉ាងតិច ៥០ ទៅ ៦០នាក់ ដែលត្រូវបានសម្លាប់ ហើយកប់រួមគ្នា)។ នៅចុងឆ្នាំ ១៩៧៨ ធឿនត្រូវគណៈឃុំចាប់ខ្លួនបញ្ជូនទៅសហករណ៍សាលាបន្ទាយឆ្មា ដោយសារការសារភាពរបស់ សេន ថា ធឿន រួមគំនិតលួចជីកដំឡូង (សេន ត្រូវខ្មែរក្រហមចាប់ខ្លួននៅពេលលួចជីកដំឡូង ហើយ សេន ត្រូវបានខ្មែរក្រហមដាក់ទារុណកម្មសួរចម្លើយ)។ តែជាសំណាងល្អ នៅដើមឆ្នាំ ១៩៧៨ ធឿន ត្រូវបានដោះលែងវិញ បន្ទាប់ពីមានការធានាពី ហាក់ ដែលធ្វើការខាងសេដ្ឋកិច្ចឃុំ ថា ធឿន ជាមនុស្សល្អ ស្អាតស្អំ។ ក្រោយពីការដោះលែង ធឿន ត្រូវបានចាត់តាំងឱ្យធ្វើការងារខាងធ្វើស្រែ និងមើលការខុសត្រូវទំនប់អាងជើងគ្រោះជាធម្មតា។ នៅពាក់កណ្ដាលឆ្នាំ១៩៧៨ ធឿន, ឃួន និងអាល់ បានផ្ដើមគំនិតរៀបចំគម្រោងការសម្លាប់ខ្មែរក្រហម តែងគម្រោងនោះត្រូវបរាជ័យដោយសារកម្មាភិបាលខ្មែរបានដឹងមុន ដូច្នេះខ្មែរក្រហមបានដេញចាប់ក្រុមរបស់ធឿន។ នៅ ចុងឆ្នាំ ១៩៧៨ ធឿន បានរត់ភៀសខ្លួនចូលប្រទេសថៃ ហើយក្រោយមកក៏បានបម្រើការងារជាទាហានប៉ារ៉ានៅទីនោះ ដើម្បីប្រឆាំងរបបខ្មែរក្រហម។ ចូលបម្រើទាហានប៉ារ៉ា បាន ៤ ខែ ធឿន ក៏លាឈប់ ហើយត្រឡប់មកប្រទេសកម្ពុជាវិញ។
នៅឆ្នាំ ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមត្រូវបានដួលរលំ ធឿន ក៏បានចូលមកប្រទេសកម្ពុជាវិញ។ នៅពេលមកដល់កម្ពុជាវិញ ធឿន ត្រូវបានកងទ័ពវៀតណាមចាប់ខ្លួន និងឱ្យសារភាព ពីព្រោះរាល់ប្រជាជនដែលចូលទឹកដីថៃ ហើយត្រឡប់មកវិញ គឺកងទ័ពវៀតណាមចាប់ខ្លួន និងតម្រូវឱ្យសារភាព។ ក្រោយសារភាពរួច ធឿន បានទៅជួបជុំក្រុមគ្រួសារ ហើយក្រោយមកមេឃុំថ្មីឈ្មោះ ដឿម បានហៅ ធឿន ឱ្យធ្វើគ្រូបង្រៀននៅសាលាបន្ទាយឆ្មា ប៉ុន្ដែ ធឿន បានបដិសេធ ដោយគិតថាឪពុកស្លាប់ដោយសារធ្វើការងាររដ្ឋ ដូច្នេះ ធឿន មិនចង់ធ្វើការងាររដ្ឋនោះទេ។ នៅឆ្នាំ ១៩៨២ ផ្ទះរបស់ប្រជាជននៅក្នុងឃុំបន្ទាយឆ្មាត្រូវបានឆេះខ្ទេចខ្ទីដោយការប្រយុទ្ធគ្នារវាងកងទ័ពខ្មែរក្រហម និងកងទ័ពវៀតណាម។ ប្រជាជននៅក្នុងឃុំ ត្រូវបានជម្លៀសឱ្យទៅរស់នៅក្នុងឃុំសាម៉ន់ និងមួយចំនួនរត់ចូលព្រៃ។ ការរស់នៅក្នុងឃុំសាម៉ន់ គឺវេទនាបំផុតសម្រាប់ ធឿន ពីព្រោះមិនមានដីធ្វើស្រែចម្ការ ប្រជាជនមួយចំនួនក៏រត់ភៀសខ្លួនទៅព្រុំដែន។ ឆ្នាំ ១៩៨៨ ធឿន បានរត់ទៅរស់នៅជំរំសាយធូ។ នៅជំរំសាយធូ ធឿន បានចូលរៀនអក្សរ និងរៀនខាងបច្ចេកទេស ជំនាញខាង គ្រឿងម៉ាស៊ីន (ឡាន, ម៉ូតូ និងគោយន្តជាដើម) ហើយបានក្លាយជាគ្រូបង្រៀនខាងបច្ចេកទេសបង្រៀនដល់ជនពិការនៅទីនោះ។ ឆ្នាំ ១៩៩១ ធឿន បានចាក់ចេញពីជំរំសាយធូ មករស់នៅស្រុកកំណើតវិញ បន្ទាប់សង្រ្គាមត្រូវបានផុតរលុតក្នុងតំបន់នោះ។ ទៅដល់ភូមិវិញ ធឿន បានរស់នៅលើទឹកដីចាស់របស់ខ្លួន ជាមួយនឹងគ្រួសារ និងធ្វើការងារជាអ្នកស្រែចម្ការ។ នៅឆ្នាំ ២០០៣ ធឿន ត្រូវបានជ្រើសរើសពីចាស់ទុំនៅក្នុងភូមិឱ្យធ្វើជាមេភូមិបន្ទាយឆ្មាខាងជើង ពីព្រោះអ្នកភូមិគិតថា ជីតា និងឪពុករបស់ ធឿន គឺជាអ្នកបម្រើការងារដឹកនាំភូមិឃុំបានល្អ ហើយ ធឿន នៅជាមេភូមិរហូតដល់បច្ចុប្បន្ន។ សព្វថ្ងៃ ធឿន មានកូន បី នាក់(ស្រី២ ប្រុស១) និងរស់នៅក្នុងជីវភាពសមរម្យជាមួយគ្រួសារ។ រាល់ពេលបុណ្យទានម្ដង ធឿន និងគ្រួសារតែងធ្វើបុណ្យដើម្បីឧទ្ទិសកុសលដល់បុព្វការីជន ជាពិសេសឪពុកដែលបានស្លាប់ក្នុងរបបខ្មែរក្រហម។
ឃាង សេងហឿន បុគ្គលិកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារកម្ពុជា