ខឹម ប៊ុនថូ អតីតពេទ្យយោធាក្នុងរបបខ្មែរក្រហម
ខឹម ប៊ុនថូ ភេទប្រុស មានស្រុកកំណើតនៅភូមិតារោង ឃុំស្អាង ស្រុកស្អាង ខេត្តកណ្តាល។ ថុន មានប្រពន្ធឈ្មោះ សុខ ណា និងមានកូនចំនួន៧នាក់ (ប្រុស៤ ស្រី៣នាក់)។
ខឹម ប៊ុនថូ ភេទប្រុស មានស្រុកកំណើតនៅភូមិតារោង ឃុំស្អាង ស្រុកស្អាង ខេត្តកណ្តាល។ ថុន មានប្រពន្ធឈ្មោះ សុខ ណា និងមានកូនចំនួន៧នាក់ (ប្រុស៤ ស្រី៣នាក់)។ ប៊ុនថូ មានបងប្អូនបង្កើត៥នាក់ ប៉ុន្តែស្លាប់២នាក់ ក្នុងរបប ប៉ុល ពត។
កាលពីសង្គមចាស់ ប៊ុនថូ រៀនបានបន្តិចបន្តួចដោយសារកាលណោះ គាត់កំព្រាឪពុកម្តាយ នៅក្នុងវ័យ១៣ឆ្នាំ (ឪពុកម្តាយ ប៊ុនថូ ស្លាប់នៅសម័យសង្គមរាស្ត្រនិយម)។
នៅឆ្នាំ១៩៧០ ប៊ុនថូ បានស្នាក់អាស្រ័យនៅវត្តស្អាងស្រែ អស់រយៈពេលបីឆ្នាំ ទើបគាត់ចាកចេញពីវត្តទៅចូលធ្វើកងពិសេស នៅក្នុងកងពល១១ ដែលមានអ្នកគ្រប់គ្រងឈ្មោះ សោម។ ប៊ុនថូ បានធ្វើការជាមួយ សោម អស់រយៈពេលមួយឆ្នាំ ក្រោយមក គាត់ក៏ត្រូវរបួស និងពិការជើង ដោយសារប្រយុទ្ធគ្នាជាមួយទាហាន លន់ នល់។
រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងយោធាខ្មែរក្រហមទទួលបានជ័យជំនះទូទាំងប្រទេស ពេលនោះ ខ្មែរក្រហមបានចាត់តាំង ប៊ុនថូ ឲ្យនៅមន្ទីរពិការ។ ប៊ុនថូ ធ្វើការនៅមន្ទីរពិការរហូតដល់ឆ្នាំ១៩៧៦ ទើបអង្គការបានដកគាត់ឲ្យមកធ្វើពេទ្យវិញ។
នៅឆ្នាំ១៩៧៧ ប៊ុនថូ ត្រូវបានអង្គការចាប់គូរឲ្យរៀបការ ដែលកាលណោះមានបួនគូរ ដែលសុទ្ធតែត្រូវអង្គការចាប់បង្ខំ។ ចាប់ពីឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៧៨ កងទ័ពវៀតណាមបានវាយប្រយុទ្ធជាមួយកងយោធាខ្មែរក្រហមនៅខេត្តរតនៈគិរី មណ្ឌលគិរី និងខេត្តព្រៃវែង ពេលនោះ កងទ័ពខ្មែរក្រហមបានត្រូវរបួស និងស្លាប់ជាច្រើននាក់។
ប៊ុនថូ បានបន្តថា មានអ្នករបួសខ្លះ ពេលមកដល់មន្ទីរពេទ្យស្លាប់ក៏មាន ដោយសារនៅតាមផ្លូវមេរោគបានឆ្លងតាមមុខរបួស ធ្វើឲ្យពិបាកព្យាបាល។ រហូតដល់ឆ្នាំ១៩៧៩ ខ្មែរក្រហមត្រូវបានផ្តួលរំលំ ដោយកងទ័ពកងទ័ពវៀតណាម និងកងទ័ពរណសិរ្ស ពេលនោះ ប៊ុនថូ បានរត់គេចខ្លួនជាមួយនឹងបក្ខពួកដោយជិះម៉ូតូចេញពីភ្នំពេញ កាត់តាមផ្លូវជាតិលេខ៤។ ពេលទៅដល់ឧត្តុង ប៊ុនថូ បានឮស្នូរកាំភ្លើងប្រយុទ្ធគ្នាកាន់តែកៀក ធ្វើឲ្យគាត់ភ័យខ្លាច និងព្រួយបារម្ភយ៉ាងខ្លាំង។ ប៊ុនថូ បានទុកម៉ូតូចោល រួចរត់ចូលទៅក្នុងព្រៃ។ ប៊ុនថូ បានធ្វើដំណើរនៅក្នុងព្រៃអស់រយៈពេលជាងបីខែ ទើបទៅដល់ព្រំដែនកម្ពុជា-ថៃ នៅម្តុំស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ប៊ុនថូ បានសម្ងំលាក់ខ្លួននៅក្នុងព្រៃតាមព្រំដែន ជាមួយកងយោធាខ្មែរក្រហមជាច្រើននាក់ទៀត ដើម្បីធ្វើសកម្មភាពប្រយុទ្ធប្រឆាំងនឹងកងទ័ពវៀតណាម ប៉ុន្តែពេលនោះមិនសូវមានស្បៀងសម្រាប់ផ្គត់ផ្គង់ដល់កងយោធាទេ។ នៅឆ្នាំ១៩៨០-៨១ កងយោធាខ្មែរក្រហមបានរៀបចំឲ្យមានប្រជាជនសារឡើងវិញ ដោយថ្នាក់លើបានប្រកាសទៅកាន់យោធាថា ប្រសិនបើយោធាណាចង់ឈប់មករស់នៅជាប្រជាជនសាមញ្ញវិញ គឺអាចឈប់បាន ប៉ុន្តែពេលនោះគ្មានយោធាណាម្នាក់និយាយថាចង់ឈប់ទេ។
ក្រោយមក ប្រជាជនដែលរស់នៅក្នុងស្រុកម៉ាឡៃ បានទន្រ្ទានព្រៃដើម្បីសង់លំនៅដ្ឋាន ទើបមានយោធាមួយចំនួនបានលាឈប់មករស់ក្នុងជីវភាពជាប្រជាជនវិញ។ នៅអំឡុងពេលនោះ ក៏មានប្រជាជនដែលកាប់ព្រៃឆ្ការព្រៃ បានជាន់មីនស្លាប់ និងរបួសជាច្រើននាក់ដែរ។
រហូតមកដល់ឆ្នាំ១៩៩៨ កងយោធាខ្មែរក្រហមនៅម៉ាឡៃបានធ្វើសមាហរណកម្មចុះចូលជាមួយរាជរដ្ឋាភិបាលកម្ពុជា ពេលនោះ ប៊ុនថូ មិនបានត្រឡប់ទៅរស់នៅស្រុកកំណើតរបស់ខ្លួនទេ ដោយគាត់យល់ថា នៅស្រុកកំណើតពិបាកក្នុងការប្រកបរបររកស៊ី ដោយមានតែរបរនេសាទប៉ុណ្ណោះ ដែលខុសពីនៅស្រុកម៉ាឡៃដែលមានចំនួនប្រជាជន សមល្មមបង្កឲ្យមានភាពងាយស្រួលក្នុងការប្រកបរបររកស៊ី។ ម្យ៉ាងទៀត ប្រសិនបើគាត់គ្មានដើមទុនរកស៊ី គាត់អាចស៊ីឈ្នួលឲ្យថៅកែ ឬអាចបេះផ្លែឈើ និងបន្លែយកទៅលក់។ ដូច្នេះហើយ ទើប ប៊ុនថូ និងប្រពន្ធបានសម្រេចចិត្តកសាងជីវិតថ្មី រស់នៅក្នុងស្រុកម៉ាឡៃ ចាប់តាំងតែពីពេលនោះមក។
ហូ ថុនា៖ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា