មាតិកា

ព្រះបាទ នរោត្តម សីហនុ (ថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២)


សម្តេចព្រះ នរោត្តម សីហនុ (ស្តាំ) ឱបជាមួយតំណាងកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហម ខៀវ សំផន ក្នុងឆ្នាំ១៩៧៣។ ប្រភព៖ បណ្ណសារដ្ឋានមជ្ឈមណ្ឌលឯកសារកម្ពុជា

ព្រះបាទ នរោត្តម សីហនុ ជាអតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ព្រះអង្គបានឡើងគ្រងរាជ្យលើកដំបូងពីឆ្នាំ១៩៤១ ដល់ឆ្នាំ១៩៥៥ និងលើកទីពីរ ពីឆ្នាំ១៩៩៣ដល់ឆ្នាំ២០០៤។ ព្រះអង្គធ្លាប់ធ្វើជានាយករដ្ឋមន្រ្តី ប្រមុខរដ្ឋ និងជាព្រះប្រធាន។ ព្រះអង្គគឺជាអ្នកនយោបាយយ៉ាងសំខាន់នៅក្នុងប្រទេសកម្ពុជា អស់រយៈកាលពេញមួយជីវិតរបស់ព្រះអង្គ ដែលជាញឹកញាប់ព្រះអង្គបានផ្លាស់ប្ដូរសម្ព័ន្ធភាពនយោបាយរបស់ព្រះអង្គ។ ព្រះអង្គ ជាអង្គដំបូងដែលបានហៅចលនាកុម្មុនិស្ដកម្ពុជាថាជា “ខ្មែរក្រហម”។

នៅឆ្នាំ១៩៧០ រដ្ឋាភិបាលរបស់ព្រះអង្គត្រូវបានផ្ដួលរំលំដោយ លន់​ នល់។ ព្រះអង្គបានបង្កើតរដ្ឋា- ភិបាលនិរទេសមួយនៅទីក្រុងប៉េកាំង ដែលត្រូវបានស្គាល់ថា “រាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា” និងបានចាប់ផ្ដើមបង្កើតទំនាក់ទំនងជាមួយមេដឹកនាំខ្មែរក្រហម។ ការគាំទ្ររបស់ព្រះអង្គចំពោះចលនាខ្មែរក្រហមបានធ្វើឲ្យចលនានេះកាន់តែទទួលបានប្រជា​ប្រិយភាពខ្លាំងឡើងៗ។ នៅពេលដែលខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញនៅឆ្នាំ១៩៧៥ សម្តេចព្រះ នរោត្តម សីហនុ ត្រូវបានតែងតាំង​ជាប្រមុខរដ្ឋនៃកម្ពុជាប្រជាធិបតេយ្យ ប៉ុនែ្តមានតែ ប៉ុល ពត ទេ ដែលជាមេដឹកនាំ​ពិតប្រាកដ។ នៅឆ្នាំ១៩៧៦ ព្រះអង្គបានសុំលាលែងពីតំណែង ហើយត្រូវបានឃុំខ្លួននៅក្នុងព្រះបរមរាជវាំង រហូតដល់ខែមករាឆ្នាំ១៩៧៩។ នៅឆ្នាំ១៩៨២ ព្រះអង្គត្រូវបានតែងតាំងជាព្រះប្រធាននៃរដ្ឋាភិបាលចម្រុះត្រីភាគី ឬ រដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ។

នៅខែកញ្ញា ឆ្នាំ១៩៩៣ រដ្ឋសភាជាតិបានបោះឆ្នោតលើកស្ទួយរាជានិយមឡើងវិញ ហើយព្រះបាទ នរោត្តម សីហនុ បានក្លាយជាព្រះមហាក្សត្រម្ដងទៀត។ ព្រះអង្គបានដាក់រាជ្យ នៅថ្ងៃទី៧​ ខែតុលា ឆ្នាំ២០០៤ ហើយព្រះរាជបុត្ររបស់ព្រះអង្គ ព្រះនាម ព្រះបាទ នរោត្តម សីហមុនី បានឡើងស្នងរាជ្យបន្តពីព្រះអង្គ។ ព្រះបាទ នរោត្តម សីហនុ បានសោយទីវង្គត់នាជន្មាយុ៨៩ព្រះវស្សានៅទីក្រុងប៉េកាំងនាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២។ ក្នុងរយៈកាលពេញមួយជីវិតរបស់ព្រះអង្គ ព្រះអង្គបានផលិតខ្សែភាពយន្តបានប្រហែល៥០រឿង ច្រៀងចំរៀង និពន្ធបទភ្លេង និងលេងឧបករណ៍តន្រ្តីជាច្រើនផ្សេងទៀត។

សម្តេចព្រះប្រមុខរដ្ឋ នរោត្តម សីហនុ ជាប្រមុខរដ្ឋកម្ពុជា នៅក្នុងតំបន់រំដោះ។
ប្រភព៖ បណ្ណសារដ្ឋានមជ្ឈមណ្ឌលឯកសារកម្ពុជា
?>