កាំង ហ្កេកអ៊ាវ (សមមិត្ត ឌុច) (កើតថ្ងៃទី១៧ ខែវិច្ឆិកា ១៩៤២)
អតីតមេដឹកនាំខ្មែរក្រហម កាំង ហ្កេកអ៊ាវ ហៅ ឌុច ជាប្រធានមន្ទីរសន្ដិសុខមជ្ឈិមរបស់រដ្ឋាភិបាលខ្មែរក្រហម។ ឌុច មើលការខុសត្រូវគុកទួលស្លែង(ស-២១) នៅក្នុងទីក្រុងភ្នំពេញ ដែលមានអ្នកទោសប្រមាណ ១៨,០០០នាក់ ត្រូវបានជាប់ឃុំឃាំង សួរចម្លើយ និង ធ្វើទារុណកម្ម ហើយអ្នកទោសស្ទើរតែទាំងអស់ត្រូវបានសម្លាប់។ ឌុច មានស្រុកកំណើតនៅខេត្តកំពង់ធំ និងជាគ្រូគណិតវិទ្យា។ ឌុច បានចូលបក្សកុម្មុយនិស្ដកម្ពុជានៅឆ្នាំ១៩៦៧ ហើយក្រោយមកគាត់ត្រូវបានចាប់ខ្លួន។ នៅឆ្នាំ១៩៧០ ឌុច ត្រូវបានដោះលែង ហើយគាត់បានចូលរួមក្នុងចលនាខ្មែរក្រហម។ ឌុច បានពិនិត្យមើលរាល់ចម្លើយសារភាពរបស់អ្នកទោសទាំងអស់ និងបានបញ្ជាឲ្យសម្លាប់អ្នកទាំងនោះ។ ឌុច បានប្រាប់អ្នកកាសែតថា “នរណាក៏ដោយឲ្យតែជាអ្នកទោស គឺត្រូវតែសម្លាប់។ នេះជាច្បាប់របស់បក្សយើង”។ ឌុច បានក្លាយខ្លួនជាគ្រូបង្រៀនម្តងទៀត នៅដើមទសវត្សរ៍ទី៩០ ហើយបានក្លាយទៅជាអ្នកកាន់សាសនាគ្រិស្ដ។ នៅឆ្នាំ១៩៩៩ ឌុច ត្រូវបានចាប់ខ្លួនដោយតុលាការយោធាកម្ពុជា។ នៅក្នុងសាលាក្ដីខ្មែរក្រហម ឌុច បាននិយាយថាខ្លួន “ស្អប់” ការងារ ប៉ុន្ដែភាពភ័យខ្លាចបានជម្រុញខ្លួនឲ្យធ្វើការទាំងនេះ។ ឌុច គឺជាមេដឹកនាំខ្មែរក្រហមដំបូង ដែលត្រូវបានអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា នាំមកកាត់ទោសមុនគេបង្អស់ ហើយនៅឆ្នាំ២០១០ ឌុច ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ៣៥ឆ្នាំពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ រួម បញ្ជូលទាំងការសម្លាប់និងការធ្វើទារុណកម្មផង។ ក្រោយមក ឌុច ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត។
វីដេអូ៖ កាំង ហ្គេកអ៊ាវ សុំអភ័យទោសពីប្រជាជនកម្ពុជានៅចំពោះមុខសាលាក្តីខ្មែរក្រហម