មាតិកា

គុកទួលស្លែង (មន្ទីស-២១)


បន្ទប់សួរចម្លើយ និងបន្ទប់ឃុំឃាំងនៅមន្ទីរ ស-២១។​ បន្ទប់នេះ ត្រូវបានប្រើប្រាស់សម្រាប់ឃុំឃាំងអ្នកទោសជា
កម្មាភិបាលជាន់ខ្ពស់ ឬសំខាន់ៗ របស់ខ្មែរក្រហម។ ប្រភព៖ ប័ណ្ណសារនៃមជ្ឈមណ្ឌលឯកសារកម្ពុជា

អតីតវិទ្យាល័យមួយក្នុងទីក្រុងភ្នំពេញ ត្រូវបានប្រែក្លាយជាមន្ទីរឃុំឃាំង ដែលគ្រប់គ្រងដោយ កាំង ហ្កេកអ៊ាវ ហៅ ឌុច។ ចាប់ពីឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩ មានអ្នកទោសប្រមាណ១ម៉ឺន៧ពាន់នាក់ត្រូវបានចាប់ខ្លួន និងឃុំឃាំងនៅក្នុងមន្ទីរសន្តិសុខនេះ។ អ្នកទោសទាំងនោះ ត្រូវបានធ្វើទារុណកម្ម និងបង្ខំឲ្យរាយការណ៍ពីឈ្មោះសមាជិកក្រុមគ្រួសារ និងអ្នកជិតសិ្នតរបស់ខ្លួន ហើយក្រោយមកអ្នកទាំងនោះត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់។ មុនដំបូង មន្ទីរសន្តិសុខនេះមានឃុំឃាំងអ្នកទោសភាគច្រើនជាអតីតមន្រ្តីរដ្ឋការក្នុងរបបលន់ នល់ ដូចជាទាហាន មន្រ្តីរដ្ឋាភិបាល បណ្ឌិតសភា វេជ្ជបណ្ឌិត គ្រូពេទ្យ និង គ្រូបង្រៀនជាដើម។ ក្រោយមកក្នុងពេលខ្មែរក្រហមធ្វើបន្សុទ្ធកម្ម(ការបោសសម្អាត) ទៅលើកម្មាភិបាលរបស់ខ្លួន មន្ទីរសន្តិសុខនេះ មានឃុំឃាំងអ្នកទោសដែលជាសមាជិកបក្សរបស់ខ្មែរក្រហម ព្រមទាំងក្រុមគ្រួសារផង។ អ្នកទោសត្រូវបានវាយធ្វើបាប ធ្វើទារុណកម្មបង្ខំឲ្យឆ្លើយសារភាពពីសកម្មភាពក្បត់ដែលជាប់ទាក់ទងជាមួយ សេអ៊ីអា កាហ្សេបេ ឬ ខ្សែវៀតណាម។ ​បន្ទាប់ពីសួរចម្លើយរួច អ្នកទោសត្រូវបានបញ្ជូនទៅកាន់បឹងជើងឯកដើម្បីសម្លាប់។ ក្នុងចំណោមអ្នកទោសទាំងអស់ ដែលត្រូវបានបញ្ជូនទៅគុកទួលស្លែងមានតែអ្មកទោស១២នាក់ប៉ុណ្ណោះ ដែលបានរួចផុតជីវិតពីការសម្លាប់។ គុកទួលស្លែង ត្រូវបានប្រែក្លាយជា “សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង” ចាប់តាំងពីឆ្នាំ១៩៨០មកដល់ពេលបច្ចុប្បន្ននេះ។

រូបគំនូរគូរដោយ ប៊ូ ម៉េង ដែលជាអ្នករស់រានមានជីវិតពីមន្ទីរ ស-២១ ដោយសារគាត់អាចគូររូបបាន។
ប្រភព៖ ប័ណ្ណសារនៃមជ្ឈមណ្ឌលឯកសារកម្ពុជា

(សម្រាប់ព័ត៌មានបន្ថែម សូមមើល សៀរភៅ ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ ជំពូក​៩)
វីដេអូ៖ ក្រឡេកមើលខាងក្នុងនៃគុកទួលស្លែង (មន្ទីរ ស-២១)


វីដេអូ៖ អតីតកងសន្តិសុខទួលស្លែង ហ៊ឹម ហ៊ុយ និយាយពីការដឹកជញ្ជូនអ្នកទោសទៅកាន់បឹងជើងឯក

?>