តុលាការប្រជាជនបដិវត្តន៍
ជាតុលាការ ដែលរបបសាធារណរដ្ឋប្រជាមានិតកម្ពុជារួមជាមួយវៀតណាម បានបង្កើតឡើងនៅឆ្នាំ១៩៧៩ ដើម្បីព្យាយាមនាំយកមេដឹកនាំខ្មែរក្រហមដូចជា ប៉ុល ពត និង អៀង សារី មកកាត់ទោសកំបាំងមុខពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។ ការកាត់ទោសកំបាំងមុខនេះ ត្រូវបានធ្វើឡើងនៅសាលមហោស្របចតុមុខនាទីក្រុងភ្នំពេញ ហើយការផ្ដល់សក្ខីកម្មត្រូវបានធ្វើឡើងរយៈពេល៥ថ្ងៃ។ សាលក្រមចេញនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ១៩៧៩ បានចោទប្រកាន់មេដឹកនាំខ្មែរក្រហមពីររូបពីបទបានប្រព្រឹត្តិអំពើប្រល័យពូជសាសន៍ដោយបានកាត់ទោសប្រហារជីវិតនិងបញ្ជាឲ្យរឹបអូសយកទ្រព្យសម្បត្តិទាំងអស់ដែលមាន។ ប្រទេស លោកខាងលិចជាច្រើន បានច្រានចោលសាលក្រមនេះ និងចាត់ទុកថារដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា ជាអាយ៉ងរបស់វៀតណាម ហើយសាលាក្ដីនេះគ្រាន់តែជាការសម្ដែងប៉ុណ្ណោះ។