បក្សកុម្មុយនិស្តកម្ពុជា
ជាបក្សនយោបាយសម្ងាត់របស់ខ្មែរក្រហម ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥១។ បក្សនេះមានឈ្មោះដំបូងថា “បក្សប្រជាជនបដិវត្តន៍ខ្មែរ”។ នៅឆ្នាំ១៩៦០ បក្សនេះបានប្ដូរឈ្មោះទៅជា “បក្សពលករកម្ពុជា”។ នៅឆ្នាំ១៩៦៣ ប៉ុល ពត បានក្លាយជាអគ្គលេខាបក្ស។ បន្ទាប់ពីទទួលដំណែងនេះ ប៉ុល ពត បានទៅជ្រកកោននៅមូលដ្ឋានទ័ពរបស់វៀតណាមនាភាគឥសាន្តប្រទេស ដែលមានឈ្មោះថា“មន្ទីរ១០០”។ នៅខែកញ្ញា ឆ្នាំ១៩៦៦ ប៉ុល ពត បានប្តូរឈ្មោះបក្សទៅជា “បក្សកុម្មុយនីស្តកម្ពុជា” ដោយហេតុផលចង់កាត់បន្ថយឥទ្ធិពលរបស់វៀតណាម និងរិតចំណងមិត្តភាពជាមួយចិន។ បន្ទាប់ពីឡើងកាន់កាប់អំណាចនៅឆ្នាំ១៩៧៥ បក្សកុម្មុយនិស្តកម្ពុជាបានហៅខ្លួនឯងថាជា “អង្គការ” ។ នៅខែកញ្ញាឆ្នាំ១៩៧៧ ប៉ុល ពត បានប្រកាសជាសាធារណៈពីវត្ដមានរបស់បក្សកុម្មុយនិស្ដកម្ពុជា។
(សម្រាប់ព័ត៌មានបន្ថែមសូមអានសៀវភៅ ប្រវត្តិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ជំពូក២ និង “អំពើប្រល័យពូជសាសន៍ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា” និពន្ធដោយលោក Ben Kiernan)