មាតិកា

បែកឪពុកតាំងពីនៅកុមារ

ប៊ូ ខន ភេទស្រី អាយុ៥៦ឆ្នាំ កើតនៅភូមិថ្មី ឃុំត្រាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ សព្វថ្ងៃ ខន​ រស់នៅភូមិកណ្ដាលក្រោម  ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

រឿងរ៉ាវជីវិតអ្នកស្រុកអន្លង់វែង

បឹងតាម៉ុក

ប៊ូ ខន ភេទស្រី អាយុ៥៦ឆ្នាំ កើតនៅភូមិថ្មី ឃុំត្រាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ សព្វថ្ងៃ ខន​ រស់នៅភូមិកណ្ដាលក្រោម  ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ខន មានឪពុកឈ្មោះ ប៊ូ ទុន និងម្ដាយឈ្មោះ យ៉ង ប៉ាច​។ ឪពុកម្តាយរបស់ ខន បានបាត់បង់ជីវិតនៅពេលរត់បែកឆ្នាំ១៩៧៩។ ខន ជាកូនបងបង្អស់នៅក្នុងគ្រួសារ ដែលមានប្អូនបង្កើតចំនួនប្រាំនាក់ (ស្រីបីនាក់ និង ប្រុសពីរនាក់)។ នៅក្នុងចំណោមបងប្អូនរបស់ ខន គ្មាននរណាម្នាក់បាត់បង់ជីវិតឡើយ និងបានរស់នៅជុំគ្នានៅស្រុកកំណើត លើកលែងតែ ខន ដែលមករស់នៅក្នុងស្រុកអន្លង់វែង។

ខន បានរៀបការចំនួនពីរលើក​។ លើកទីមួយនៅចុងឆ្នាំ១៩៧៨ ខន រៀបការជាមួយឈ្មោះ សេង អតីតជាងធ្វើផ្ទះឲ្យកងចល័តស្នាក់នៅ។ ខន​​ បានរៀបការដោយមិនបានស្រឡាញ់គ្នាទេ។ ខន និង សេង ត្រូវបានខ្មែរក្រហមផ្សំផ្គុំ ហើយដោយមានការភ័យខ្លាចនឹងការយកទៅសម្លាប់ចោល ខន និង សេង ក៏បានយល់ព្រមយកគ្នាជាប្ដីប្រពន្ធ។ ពិធីនេះបានប្រព្រឹត្តទៅដោយមានអ្នកត្រូវរៀបការប្រមាណជាពី១០ ទៅ២០គូ ចូលរួម។ បន្ទាប់មក ខ្មែរក្រហមបានហៅប្ដីប្រពន្ធតំណាងឲ្យគូនីមួយៗឡើងចាប់អារម្មណ៍ និងប្តេជ្ញាចំពោះអង្គការស្រឡាញ់គ្នាអស់មួយជីវិត។ ក្រោយមក ប្ដីរបស់ ខន​ ឈ្មោះ សេង បានស្លាប់ពេលរត់ភៀសខ្លួនឆ្នាំ១៩៧៩ ដោយសារប្តីគាត់មានជំងឺរាគ។ មិនត្រឹមតែប៉ុណ្ណោះ ខន បានបាត់បង់កូនម្នាក់ទៀត នៅពេលរត់ ឆ្នាំ១៩៧៩ ដែរ។  ក្រោយមក ខន បានរៀបការជាលើកទីពីរ នៅឆ្នាំ១៩៨៥ ជាមួយឈ្មោះ ម៉ា ណាត ជាអតីតយោធាខ្មែរក្រហម (បច្ចុប្បន្ន អាយុ៦០ឆ្នាំ) ។ បច្ចុប្បន្ន ខន មានកូនចំនួនបីនាក់ (ប្រុសមួយ និង ស្រីពីរនាក់)។

ខន មិនបានរៀនសូត្រទេ ដោយសារតែជីវភាពគ្រួសារគាត់ខ្វះខាត ហើយម៉្យាង ទៀត ដោយសារតែប្អូនៗរបស់គាត់នៅតូចៗ ដូច្នេះគាត់ត្រូវនៅមើលថែប្អូនៗ។ ទោះបីយ៉ាងណា ​ប្អូនៗរ​បស់​ ខន សុទ្ធតែបានរៀនសូត្រ។

ខន បានរស់នៅជាមួយឪពុកម្ដាយរហូតដល់ឆ្នាំ១៩៧៣។  នៅក្នុងឆ្នាំដដែល ភូមិរបស់ ខន មានការទម្លាក់គ្រាប់បែកប្រភេទ បេ៥២ (B52) របស់អាមេរិក ទាំងយប់ទាំងថ្ងៃ។ ការទម្លាក់គ្រាប់បែកទាំងនេះ បានធ្វើឲ្យប្រជាជនដែលរស់នៅក្នុងភូមិថ្មីជាច្រើននាក់បាន ស្លាប់ និង រងរបួស ហើយ ខន ក៏ស្ថិតនៅក្នុងព្រឹត្រ្តិការណ៍នៃការទម្លាក់បែកនោះដែរ ប៉ុន្តែ សំណាងល្អគាត់មិនបានរងរបួស ព្រោះឪពុកម្ដាយរបស់គាត់បានដឹកដៃគាត់រត់ចូលត្រង់សេទាន់ពេល។

ផ្ទះតាម៉ុក

នៅឆ្នាំ១៩៧៤ ខន បានចូលបដិវត្តន៍ដោយស្ម័គ្រចិត្តជាមួយយុវជនដ៏ទៃទៀត ដែលធ្វើជាឈ្លបយាមនៅតាមភូមិ។ ក្រោយមក ខន បាន​ចូលក្នុងក្រុមសិល្បៈ។ នៅក្នុងក្រុមសិល្បៈនោះមានសមាជិកប្រមាណជា២០នាក់ដែលមានប្រធានសិល្បៈឈ្មោះ​ ចំរើន។ ក្រៅពីធ្វើការងារសិល្បៈ រៀងរាល់មួយខែម្ដង ខន ត្រូវបានបញ្ជូនឲ្យទៅជួយសែងយោធាខ្មែរក្រហមដែលរងរបួសដោយសារការប្រយុទ្ធជាមួយទាហាន លន់ នល់ នៅក្នុងសមរភូមិ ហើយ​យោធាខ្មែរក្រហមខ្លះទៀតបានរងរបួសដោយសារការទម្លាក់គ្រាប់បែក។ ដោយសារទាហាន លន់ នល់ និង​ យោធាខ្មែរក្រហមជាសត្រូវស៊ីសាច់ហុតឈាមគ្នា ដូច្នេះនៅពេល យោធាខ្មែរក្រហមចាប់បានទាហាន លន់  នល់ យោធាខ្មែរក្រហមបានយក ទាហាន លន់ នល់ ទៅសម្លាប់ចោល។ ចំណែកទាហាន លន់ នល់ ដែលចាប់បានយោធាខ្មែរក្រហម ទាហាន លន់ នល់ ក៏អារកយោធាខ្មែរក្រហម ហើយដោតលើធាងត្នោត។ ខន បានរៀនរាប់ពីព្រឹត្តិការណ៍នោះថា  នៅពេលដែលទាហាន លន់ នល់ វាយឈ្នះយោធាខ្មែរក្រហម ទាហាន លន់ លន់ បានចាប់យោធាខ្មែរក្រហម  ចងជាមួយខ្សែរួចអូសតាមពីក្រោយរថយន្ត។ បន្ទាប់ពីអូសបានចម្ងាយប្រមាណមួយគីឡូ​ម៉ែត្រ ទាហាន លន់ នល់ បានកាត់កយោធាខ្មែរក្រហមដោតជាប់ដើមត្នោត នៅចំពោះមុខអ្នកភូមិជាច្រើន។ ខន បានឃើញ ព្រឹត្តិការណ៍នេះផ្ទាល់ភ្នែក នៅភូមិត្រពាំងព្រីង។

ពីឆ្នាំ១៩៧៥-១៩៧៧ ខន បាន​ចូលធ្វើការក្នុងកងចល័ត។ ខន និង កងឯទៀតត្រូវបានខ្មែរក្រហមបញ្ជូនឲ្យទៅរែកដី និងលើកទំនប់។ ក្រោយមក កងរបស់ ខន ត្រូវបានបញ្ជូនឲ្យទៅព្រៃនប់ ខេត្តកំពត (បច្ចុប្បន្ន ស្ថិតនៅក្នុងខេត្តព្រះសីហនុ) ដែលនៅទីនោះមានប្រធានកងចល័តឈ្មោះ ឡន។

នៅឆ្នាំ១៩៧៨ ខន ត្រូវបានខ្មែរក្រហមបញ្ជូនទៅខេត្តសៀមរាប និងបានចាត់តាំងគាត់ឲ្យធ្វើការនៅរោងចក្រតម្បាញ ដែលមានកម្មករប្រហែល១០០នាក់ ក្នុងនោះមានបុរសប្រមាណជា៤ ទៅ ១០នាក់ ជាជាងជួសជុលម៉ាស៊ីន។ នៅក្នុងរោងចក្រ ខ្មែរក្រហមប្រើម៉ាស៊ីនស្វ័យប្រវត្តិសម្រាប់ត្បាញ​ ហើយរោងចក្រនេះភាគច្រើនត្បាញក្រម៉ា។ នៅរោងចក្រនេះ ក៏មានចិញ្ចឹមដង្កូវនាងដើម្បីស្រាវយកសូត្រមកត្បាញដែរ។ ជីវភាពរបស់ ខន ពេលរស់នៅសៀមរាប មិនខុសពីរស់នៅតំបន់ព្រៃនប់ទេ គឺនៅតែមានការខ្វៈខាតដដែល។

របបខ្មែរក្រហមបានដួលរលំ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមបានវាយចូលមកប្រទេសកម្ពុជា ពេលនោះ ខន មិនបានវិលត្រឡប់ទៅស្រុកកំណើតទេ ព្រោះមិនស្គាល់ផ្លូវ និងខ្លាចការឃោសនាថា យួនអារក​។ ខន បានរត់ចូលព្រៃជាមួយប្រជាជនដ៏ទៃទៀតដែលភៀសខ្លួនដូចគ្នា។ ខន បានធ្វើដំណើរតាមផ្លូវពីខេត្តសៀមរាប រហូតដល់ កំរៀង ឡែម និង​ អូរដារ ខេត្តបាត់ដំបង សំដៅទៅព្រំដែនកម្ពុជា-ថៃ។ នៅឡែម មានអង្គការសហប្រជាជាតិមកយកប្រជាជនទៅរស់នៅប្រទេសទីបី ប៉ុន្តែ ខន មិនព្រមទៅ ថែមទាំងបានរត់គេចខ្លួន ព្រោះខ្មែរក្រហមបានបំផុសថាអាចយកទៅសម្លាប់​ និងមិនអាចត្រឡប់មកស្រុកវិញ។

មជ្ឈមណ្ឌលសន្តិភាពអន្លង់វែងនៅលើភ្នំដងរែក

នៅឆ្នាំ​១៩៨០ ខន បានរត់ទៅលើភ្នំដងរែក ដែលនៅទីនោះមានប្រជាជនប្រមាណជាមួយម៉ឺននាក់រស់នៅ។ ការរស់នៅរបស់ប្រជាជនពេលនោះ មានការជួយឧបត្ថមស្បៀងពីសំណាក់​ថៃ និងកាកបាទក្រហម។ ខន នៅក្នុងកងពល ៨០១ របស់ តាសារឿន (ហៅតា០៥)។ នៅលើភ្នំដងរែក ខន បានចូលរួមក្នុងសកម្មភាពសង្គ្រាម ដូចជា ជួយដឹកជញ្ជូនគ្រាប់ ដែលមានទំហំប៉ុនៗកជើងទៅសមរភូមិមុខ។ ខន ក៏បានស្ពាយសាកាដូសម្រាប់ដាក់គ្រាប់នៅខាងខ្នងដែរ។ 

ក្រោយមក តាម៉ុក ដែលជាមេដឹកនាំនៅអន្លង់វែងបានឈូសឆាយផ្លូវឲ្យប្រជាជនដែលនៅលើភ្នំដងរែកត្រឡប់មករស់នៅអន្លង់វែងវិញ។ ចំណែក ខន នៅពេលចុះពីលើភ្នំ ក៏បានទៅរស់នៅជិតសាលារៀនសព្វថ្ងៃ។ ប៉ុន្តែ ក្រោយពេលចរចាមិនត្រូវរ៉ូវគ្នា រវាងរដ្ឋាភិបាល និង​ តាម៉ុក ខន ក៏ឡើងទៅរស់នៅលើភ្នំដងរែកវិញ។  បន្ទាប់ពីមានការចរចារត្រូវគ្នា ខន បានចុះពីលើភ្នំ មករស់នៅអន្លង់វែងលើកទីពីរ។ ប៉ុន្តែ កន្លែងដែលគាត់ធ្លាប់រស់នៅពីមុនត្រូវបានយោធាខ្មែរក្រហមផ្សេងទៀតយក។ ដូច្នេះ ខន បានទៅរស់នៅភូមិកណ្ដាលក្រោម ដោយប្រកបរប​រធ្វើស្រែចម្ការ ។

ខន បានឲ្យដឹងថា នៅតំបន់អន្លង់វែងប្រជាជនចេះស្រឡាញ់ និង ចេះសាមគ្គីគ្នា។ ចំណែកបន្លែបង្កការដែលប្រជាជនដាំជុំវិញផ្ទះ ប្រជាជនចេះចែករំរែកគ្នាបរិភោគ ដូចជំនាន់ តាម៉ុក លើកលែងដំណាំមួយចំនួនដែលដាំដុះសម្រាប់តែផ្គត់ផ្គង់ជីវភាពក្នុងគ្រួសាររបស់គាត់ប៉ុណ្ណោះ។

ដារ៉ារដ្ឋ មេត្តា​