ប៉ុល ពត (ថ្ងៃទី១៩ ខែឧសភា ឆ្នាំ១៩២៥ ដល់ ថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៩៨)
ជាមេដឹកនាំខ្មែរក្រហម និងជាឧក្រិដ្ឋជនម្នាក់ក្នុងចំណោមឧក្រិដ្ឋជនសង្រ្គាមកំពូលក្នុងសតវត្សទី២០។ ប៉ុល ពត (សាឡុត ស) កើតនៅក្នុងភូមិនេសាទមួយក្នុងខេត្តកំពង់ធំ។ ប៉ុល ពត បានផ្លាស់ទៅរស់នៅទីក្រុងភ្នំពេញក្នុងឆ្នាំ១៩៣៤។ ប៉ុល ពត បានចំណាយពេល១ឆ្នាំស្នាក់នៅក្នុងវត្ត មុនពេលគាត់ចូលរៀននៅសាលាបឋមសិក្សាកាតូលិកបារាំងមួយ។ នៅឆ្នាំ១៩៤៩ ប៉ុល ពត បានជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសបារំាងផ្នែកបច្ចេកវិទ្យាកម្មវិធីវិទ្យុហើយក្លាយទៅជាសកម្មជនក្នុងចលនាកុម្មុយនិស្ដ។
បន្ទាប់ពីវិលត្រឡប់មកប្រទេសកម្ពុជាវិញប៉ុលពតបានចាប់ផ្ដើមធ្វើបដិវត្តក្នុងពេលដែលខ្លួនជាគ្រូបង្រៀននៅសាលាឯកជនមួយ និងក្លាយខ្លួនជាសមាជិកបក្សដ៏សំខាន់និងមានឥទ្ធិពលម្នាក់នៅក្នុងបក្សកុម្មុយនិស្ដ។ នៅឆ្នាំ១៩៦៣ ប៉ុល ពត និងមេដឹកនាំបក្សកុម្មុនិស្ដផ្សេងទៀតបានផ្លាស់ទៅកាន់តំបន់ដាច់ស្រយាលមួយ និងបានកសាងកម្លាំងទ័ពព្រៃ ហើយចាប់ផ្ដើមងើបបះបោរទូទាំងប្រទេសនៅឆ្នាំ១៩៦៨។បដិវត្តខ្មែរក្រហមទទួលបានការទាក់ទាញខ្លាំងឡើងៗ រហូតដល់បានរំដោះទីក្រុងភ្នំពេញនៅថ្ងៃទី១៧ខែមេសា ឆ្នាំ១៩៧៥។ ចាប់ពីឆ្នាំ១៩៧៦ដល់ឆ្នាំ១៩៧៩ ប៉ុល ពត គឺជានាយករដ្ឋមន្រ្តីនៃរបបកម្ពុជាប្រជាធិបតេយ្យ និងបានកាន់កាប់អំណាចផ្ដាច់ការ។
នៅឆ្នាំ១៩៧៩ ប៉ុល ពត បានរត់ភៀសខ្លួនទៅកាន់ព្រំដែនខ្មែរ-ថៃ នៅពេលដែលកងទ័ពវៀតណាមវាយរំដោះប្រទេសកម្ពុជា។ ប៉ុល ពត បានបន្តយុទ្ធនាការកសាងកម្លាំងទ័ពរបស់ខ្លួននៅក្នុងព្រៃ ប៉ុន្តែកម្លាំងខ្មែរក្រហម មិនអាចឡើងគ្រប់គ្រងអំណាចវិញបានឡើយ។ នៅឆ្នាំ១៩៨៥ ប៉ុល ពត បានលាលែងពីតំណែងបក្សជាផ្លូវការ ប៉ុន្តែនៅតែគ្រប់គ្រងអំណាចដដែល។ នៅឆ្នាំ១៩៩៧ ក្រុមបំបែកខ្លួនខ្មែរក្រហមបានចាប់និងឃុំខ្លួន ប៉ុល ពត នៅក្នុងផ្ទះ។ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៩៨ ប៉ុល ពត បានស្លាប់ដោយជម្ងឺបេះដូងក្នុងអាយុ៧៣ឆ្នាំ។ ប៉ុល ពត មិនដែលសម្ដែងឲ្យឃើញពីការសោកស្ដាយរបស់ខ្លួនឡើយ គឺបានត្រឹមតែនិយាយថា“ចលនារបស់យើងបានធ្វើឲ្យមានកំហុស”។ ប៉ុល ពត បានបញ្ជាក់ថាការសម្លាប់ទាំងអស់គឺដើម្បីជួយសង្រ្គោះប្រទេសកម្ពុជាពីសត្រូវវៀតណាម ហើយក៏បានលើកឡើងថា ចំនួនអ្នកស្លាប់ត្រូវបានបំផ្លើស។
(សម្រាប់ព័ត៌មានបន្ថែមសូមអាន “ប៉ុលពត៖ Anatomy of a nightmare”និពន្ធដោយហ្វីលីប សត នៅឆ្នាំ២០០៦)