មាតិកា

ផ្ដិលកេរជីវិត

រាត្រីទុក្ខព្រួយ ខ្ញុំអង្គុយសំងំក្នុងត្រង់សេ (លេណដ្ឋាន) តូចចង្អៀតមួយ  ដែលមានឈើក្រាក់គ្របពីលើដោយគំនរយ៉ាងច្រើនដើម្បីទុកជារនាំងការពារគ្រាប់។ សល់តែប្រឡោះតូចមួយនៅចំហៀងខាងមុខសម្រាប់លូនចេញចូលក្នុងគ្រាមានអាសន្ន។ រណ្ដៅនេះមានរាងជាអក្សរអិល។ នៅខាងក្នុងងងឹតស្លុប ហប់គ្មានខ្យល់ចេញចូលទូលំទូលាយដូចបរិយាកាសខាងក្រៅឡើយ។ តាមកន្លៀតឈើ មានសត្វគីង្គក់ជាច្រើនក្បាល។ ក្បែរជើងរបស់ខ្ញុំ មានពំនូកដីដែលស្រមោចក្រហមពូនគរដើម្បីយករន្ធធ្វើជាទីជម្រកស្នាក់អាស្រ័យផ្ញើជីវិតរបស់ពួកគេរស់នៅ។

មួយផ្នែកទៀតនៃត្រង់សេ ខ្ញុំឃើញមានការុងអង្ករ និងអីវ៉ាន់ សម្លៀកបំពាក់មួយចំនួនរាយពាសពេញទាំងរណ្ដៅ នៅត្រង់នេះមួយនៅត្រង់នោះមួយ។ ដោយម្ដាយខ្ញុំភ័យខ្លាចខ្លាំងពីការបាញ់ប្រហារគ្នារវាងទ័ពជាតិនិងទ័ពព្រៃនៃសង្រ្គាមឈាមជ័រខ្មែរឯងតែមួយនេះ គាត់ចេះតែគ្រវែងចូលឲ្យតែបានៗទៅ។ ដោយសេចក្ដីភ័យរន្ធត់ពេក ដៃខ្ញុំខេះតែស្រវាឱបបង្វេចជាប់យ៉ាងណែនចងដោយក្រមាមិនដឹងថាជារបស់អ្វីឡើយ។ ក្បាលរបស់ខ្ញុំសុទ្ធតែដី គ្រាមានស្នូរកាំភ្លើងធំម្ដងៗ រង្គើញ័ររញ្ជួយធ្លាក់ដីស្រោចពីគំនរឈើបីដូចតំណក់ទឹកភ្លៀងរលឹម។ ពុកខ្ញុំតែងតែយកដីមករោយលើក្បាលរបស់ខ្ញុំ ដោយពោល    តិចៗថា សូមព្រះធរណីជួយកូនចៅឲ្យបានផុតពីគ្រោះកាចទាំងឡាយផង។ សម្លៀកបំពាក់មួយចង្កេះបែកញើសជោកខ្លួន ឪពុកម្តាយ បងប្អូន ញាតិប្រុសស្រី ចូលក្នុងបន្ទប់នេះទាំងអស់គ្នា។ ម្នាក់ៗនិយាយរកគ្នាដោយភាសាខ្សឹបខ្សៀវបែបភ័យខ្លាចផង និងត្រចៀកផ្ទៀងចាំស្ដាប់កាំភ្លើងផង។ ម្ដងឮចេញពីទិសខាងជើង។ ម្ដងឮចេញពីទិសខាងលិចបន្ដបន្ទាប់ឆ្លើយឆ្លងគ្នាមិនដាច់។ ខ្ញុំស្ដាប់ឮម្ដងៗភ័យឈឺព្រួចចាក់ឆេវដល់ក្នុងពោះនិងដើមទ្រូង។​ ក្លិនដី ក្លិនខ្លួនមនុស្សម្នាក់ៗក្នុងរណ្ដៅនេះ ទោះបីជាងងឹតមើលមុខគ្នាមិនឃើញក្ដី ប៉ុន្ដែវាបានធ្វើឲ្យខ្ញុំចេះចំណាំបានថាជានរណាយ៉ាងច្បាស់។ សំឡេងគ្រាប់បាញ់តគ្នាបានចប់មួយស្របក់ ប៉ុន្ដែមនុស្សនៅក្នុងរណ្ដៅសន្តិសុខនេះមិនទាន់មាននរណាម្នាក់ហ៊ានចេញឡើយ។ ថ្ងៃណាក៏ដូចថ្ងៃណាដែរ ខ្ញុំតែងតែចូលលាក់ខ្លួនក្នុងរណ្ដៅនេះ គ្រាណាដែលមានការវាយប្រហារគ្នាដោយកាំភ្លើង ពីក្រុមអ្នកចម្បាំងខ្មែរ។ យូរៗទៅចិត្តខ្ញុំមិនចង់ចេញពីរណ្ដៅនេះឡើយ ចង់តែនៅសោយសេចក្ដីសុខត្រឹមមួយគ្រួសារ មិនចង់បានអ្វីក្រៅតែពីចង់បានសន្តិភាពនេះឡើយ។ ខ្ញុំនៅក្នុងរណ្ដៅជាញឹក     ញយ។ ទីនេះហាក់ធ្វើឲ្យខ្ញុំមានភាពកក់ក្ដៅបញ្ចៀសអស់សេចក្ដីភ័យខ្លាចហើយការពារគ្រប់បែបយ៉ាងដល់រូបខ្ញុំ       បាន។ យប់កាន់តែងងឹតណាស់ទៅហើយ សំឡេងមនុស្សយំកងរំពងបានបន្លឺឡើងជាថ្មី ជំនួសនៃសំឡេងកាំភ្លើងអមជាមួយសំឡេងឆ្កែព្រុសដេញតាមតាំងពីចុងភូមិខាងជើងរហូតមកដល់មុខផ្ទះខ្ញុំ។ ខ្ញុំផ្ទៀងស្ដាប់ដោយស្ញៀមស្ងាត់ស្ទើរតែមិនហ៊ានដកដង្ហើម។ បេះដូងលោតញាប់ញ័រខ្ទរខ្លាំងក្នុងទ្រូងដូចគេបុកចង់ធ្លាយមកក្រៅម្ដងៗ។ អារម្មណ៍របស់ខ្ញុំពិតជាភ័យខ្លាចណាស់ រកអ្វីមកប្រៀបពុំបានឡើយ។ ឪពុកខ្ញុំនិយាយមករកខ្ញុំ និងអ្នកនៅក្នុងរណ្ដៅនេះដោយសេចក្ដីព្រួយបារម្មណ៍។ គាត់បានប្រាប់ម្ដាយរបស់ខ្ញុំ និងបង ប្អូនសាច់ញាតិ និងខ្ញុំដែលនៅក្នុងរណ្ដៅនេះមិនឲ្យចេញទៅណាឡើយ ដ៏រាបណាគាត់ត្រឡប់មកវិញ។ រួចគាត់លូនចេញទៅក្រៅរណ្ដៅនេះ សសៀរតាមគុម្ពចេក ទៅក្បែរដើមទឹកដោះ អែបៗជិតជង្រុកស្រូវដើម្បីតាមរកមើលការមកដល់នៃសំឡេងយំនេះ។ សកម្មភាពរបស់គាត់ដូចគ្រាមានអាសន្នថ្ងៃមុនៗអ៊ីចឹង។ គាត់យល់យ៉ាងជាក់ច្បាស់សព្វសាច់សេចក្ដីរួចហើយ ទើបគាត់ត្រឡប់មកប្រាប់ដល់ខ្ញុំ និងអ្នកនៅក្នុងរណ្ដៅនេះ ឲ្យចេញមកក្រៅ រួចរៀបចំ អីវ៉ាន់ឲ្យបានឆាប់រហ័សជាទីបំផុត ដើម្បីធ្វើដំណើរចេញពីផ្ទះសម្បែងក្នុងភូមិក្រសាំងនេះ ទាំងយប់ទៅតាំងទីលំនៅឯស្រុកចុងកាល់ តាមការជម្លៀសរបស់គេ។ ខ្ញុំស្ទុះចេញពីក្នុងរណ្ដៅយ៉ាងប្រញាប់រត់ទៅយករបស់របរបន្តិចបន្តួចដាក់លើរទេះ។ ពុករបស់ខ្ញុំដឹកគោមកទឹមរទេះ។ ម្ដាយរបស់ខ្ញុំដៃម្ខាងពប្អូនប្រុសរបស់ខ្ញុំ ដៃម្ខាងកាន់ភ្លើងចន្លុះដើរមុខរទេះបំភ្លឺផ្លូវ។ បងប្អូនក្នុងភូមិដណ្ដឹងហៅរកគ្នាប្រជុំមុខផ្ទះខ្ញុំ រួចបររទេះចេញទៅទាំងយប់ងងឹត។ ខ្ញុំក្រឡេកមើលផ្ទះជាច្រើនដង ប៉ុន្ដែដោយសារយប់ងងឹតពេក រទេះបរចេញទៅកាន់តែឆ្ងាយរហូតខ្ញុំមើលផ្ទះរបស់ខ្ញុំលែងឃើញ។ ទឹកភ្នែករបស់ខ្ញុំស្រក់មកដោយមិនដឹងខ្លួនក្នុងយប់ងងឹតគ្មាននរណាម្នាក់បានឃើញ និងដឹងឮឡើយ។

រាល់ថ្ងៃខ្ញុំតែងតែយំរងំក្នុងចិត្ត ត្បិតតឹងទ្រូងនឹងសង្រ្គាមដ៏រ៉ាំរ៉ៃនេះណាស់។ ខ្ញុំតែងតែបង្កើតសំណួរគ្មានចម្លើយសួរខ្លួនឯងជាច្រើនដងរាប់មិនអស់ថា តើហេតុអ្វីបានជាមានសង្រ្គាម? ហេតុអ្វីបានជាគេចង់ប្រហារអ្នកដទៃទៅវិញ ទាំងដែលអ្នកដទៃក៏ចង់មាន ចង់បានដូចជាខ្លួនឯងផងដែរនោះ? តើភាពរីកចម្រើនរុងរឿងរបស់ប្រទេសជាតិ ពិតជាចាំបាច់ត្រូវធ្វើសង្រ្គាមកាប់សម្លាប់ជីវិតគ្នាឯងអ៊ីចឹងមែនទេ? អ្វីៗដែលខ្ញុំចង់បានមិនមែនបែបនេះឡើយ គឺចង់ឃើញការរស់នៅរបស់ប្រជាជនមានសេចក្ដីសុខ ប្រទេសជាតិសម្បូរសប្បាយ មនុស្សម្នាចេះស្រឡាញ់គ្នា ជួយយកអាសាគ្នា សាមគ្គីគ្នាជាភាតរភាពនៅលើទឹកដីសុវណ្ណភូមិនេះ។

សង្រ្គាមនាំមកនូវសេចក្ដីវិនាសអន្តរាយខាតទាំងទ្រព្យងាប់ទាំងជីវិត។ អ្វីដែលមនុស្សចេះតែមានមហិច្ឆតាចង់បានមិនស្កប់ស្កល់ចិត្ត ហើយម្នាក់ៗតែងតែកាប់ប្រចាក់គ្នាក៏ព្រោះតែសេចក្ដីលោភលន់ធ្ងន់តែនឹងអំណាចរៀងៗខ្លួនប្រាថ្នាមិនចេះចប់មិនចេះហើយក្នុងវដ្តសង្សារនេះឯង។ សម័យកាលណាក៏ដូចសម័យកាលណាដែរ ការប្រឈមមុខដាក់គ្នា វាមិនដែលមានភាពរីកចម្រើនបានមកដោយការប្រហារគ្នាឡើយ។ វារឹងរឹតតែធ្វើឲ្យជីវិតនៃពូជមនុស្សកាន់តែហោចទៅៗ ហើយបង្កនូវការបែកបាក់សាមគ្គី ប៉ះពាល់ដល់វប្បធម៌ជាតិ ទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរ ពិសេសគឺបាត់បង់នូវឆន្ទៈស្នេហាជាតិក្នុងនាមឈាមជ័រជាខ្មែរ។ រចនាសម្ព័ន្ធនានាក្នុងភូមិស្រុក វត្តអារាម សាលារៀន មន្ទីរពេទ្យ ទូទាំងប្រទេសត្រូវបានបំផ្លាញ។ អ្នកទីក្រុង និងជនបទដាច់ស្រយោលដែលធ្លាប់តែរស់នៅដោយប្រើសេរីភាពផ្ទាល់ខ្លួនយ៉ាងសប្បាយរីករាយជាមួយជីវភាព មុខរបររបស់ខ្លួនក្នុងប្រទេសសន្តិភាពនេះ ប្រែទៅជាគ្មានផ្ទះសម្បែង ត្រាច់ចរទៅគ្រប់ច្រកល្ហកតាមតែបញ្ជាគេ ដូចខ្ញុំកញ្ជះដាច់ថ្លៃអ៊ីចឹង។ រទេះចេះតែបន្ដដំណើរទៅមុខជានិច្ចទោះបីឆ្លងកាត់ភក់ជ្រាំទាំងកណ្ដាលយប់ងងឹតនេះក៏ដោយ។ ខ្ញុំអង្គុយងុយងោកលើរទេះទោះត្រូវដីខ្ទាតចេញពីកង់រទេះមកស្រោចលើខ្លួនរបស់ខ្ញុំយ៉ាងណាក៏ដោយ ក៏ខ្ញុំហាក់មិនចាប់អារម្មណ៍ថាជាបញ្ហាធំរបស់ខ្ញុំឡើយ ប៉ុន្ដែអ្វីដែលជាបញ្ហារបស់ខ្ញុំនាពេលនេះគឺ ជីវិត និងអនាគតរបស់ខ្ញុំត្រូវរសាត់អណ្តែតទៅដល់ទីណា គ្មានអ្នកណាដឹងនិងបកស្រាយបានឡើយ។

ចំពោះមុខនេះ ខ្ញុំក៏ដូចជាបងប្អូនប្រជាពលរដ្ឋក្នុងភូមិដែលកំពុងតែរស់នៅជួបជុំគ្រួសារ ផ្ទះសម្បែង បងប្អូន យ៉ាងសប្បាយរីករាយក៏ប្រែប្រួលយ៉ាងលឿនត្រឹមតែមួយរយៈពេលដ៏ខ្លី ទៅជាមនុស្សគ្មានលំនៅដ្ឋានរបស់ខ្លួនឯងច្បាស់លាស់ ចាកចោលស្រៃចម្ការច្បារដំណាំ រសាត់អណ្ដែតទាំងយប់អាធ្រាត្រគួរឲ្យអាសូរ។ នេះក៏ព្រោះតែបុព្វហេតុនៃសង្រ្គាម ដែលកើតចេញពីការចង់បាននូវអំណាច បំផ្លិចបំផ្លាញតែជាតិឯងគ្មានក្រែងរអែងចិត្តអាណិត ដល់ជីវិតរស់នៅរបស់មនុស្សស្លូតត្រង់បន្តិចឡើយ។

រដូវរំហើយនេះអាកាសធាតុនាពេលយប់កាន់តែត្រជាក់ ខ្ញុំរងាញាក់ដូចកូនចាបហល់ទឹកភ្លៀងអ៊ីចឹង។ ក្លិនស្រូវស្រាលទុំ ប្រហើរចេញពីវាលស្រែក្បែរៗដងផ្លូវមិនដាច់ ឆ្លងពីភូមិក្រសាំងកាត់តាមខាងជើងភូមិឈូក បន្តទៅភូមិខ្នារ ភូមិគោកស្ពាន និងភូមិព្រះនគរឆ្ពោះទៅទីរួមស្រុកចុងកាល់។ ខ្យល់បក់បោកនារាត្រីនេះមិនដាច់ឡើយ សំឡេងឆ្កែលូល្វើយៗព្រោះវង្វេងបាត់ម្ចាស់ លាន់សូរគ្រលួចពីក្នុងព្រៃខាងក្រោយហ្វូងនៃការធ្វើដំណើរ។ សូរសព្ទនេះកាន់តែធ្វើឲ្យចិត្តខ្ញុំក្តុកក្ដួលជាពន់ពេក។ គោដើរបណ្ដើរស៊ីស្មៅព្រេចបណ្ដើរមិនឈប់បង្អង់ឡើយ។ ការធ្វើដំណើរពេញមួយយប់ទល់ភ្លឺ នៅទីបំផុតទើបខ្ញុំមកដល់ស្រុកចុងកាល់។

រាល់ថ្ងៃពេលព្រឹកព្រលឹមថ្មើរនេះ ពុកខ្ញុំតែងតែទៅច្រូតស្រូវស្រាលខាងត្បូងភូមិក្រសាំងជាមួយនឹងអ្នកភូមិដែលពួកគាត់ជួយដៃគ្នាច្រូតម្នាក់ម្ដង ប៉ុន្ដែគ្រានេះបែរជាមកតាំងរស់នៅក្នុងវត្ដ ស្រុកចុងកាល់ទៅវិញ។ អ្វីៗដែលនៅសេសសល់របស់ពុកខ្ញុំ ក៏ដូចជាអ្នកភូមិទាំងអស់មិនត្រូវបានបំពេញ និងប្រមូលផលជារបស់ខ្លួនដូចមុនទៀយឡើយ គឺត្រូវទុកចោលទាំងស្រុងនៅឯភូមិក្រសាំងនោះឯង។ ជីវភាពជាអ្នកស្រែចម្ការ គ្មានអ្វីសប្បាយចិត្តជាងការប្រមូលផលស្រូវ ដែលកំពុងតែទុំពាសពេញវាលស្រែនោះឡើយ។ ខ្ញុំធ្លាប់តែងើបពីព្រឹកព្រលឹមស្រាងៗដាំបាយជំនួសដៃជើងឪពុកម្ដាយខ្លះ ដើម្បីវេចខ្ទប់ជូនពួកគាត់ចេញដំណើរទៅច្រូតស្រូវ ក៏កើតជាមកអង្គុយសំកុកនៅលើរទេះមិនព្រមចេញទៅណាឡើយ។ ខ្ញុំនៅតែមិនអស់ចិត្តចំពោះសកម្មភាពនៃការជម្លៀសនេះ។ ​អារម្មណ៍វិលវល់មិនដាច់ស្រេច។ វាហាក់ដូចជាការយល់សប្តិក្នុងពេលរាត្រីមួយនេះអ៊ីចឹង។ ខ្ញុំដាក់ភ្នែកទៅកន្លែងណាក៏ឃើញតែរទេះដឹកអីវ៉ាន់ និងមនុស្សម្នាឈប់ត្រៀបត្រាក្នុងវត្តអារាមដែរ។ ម្នាក់ៗខ្វល់ខ្វាយក្នុងចិត្តដោះស្រាយមិនចេញឡើយ។ ស្បៀងដែលពួកយើងមានមិនច្រើនទេ ព្រោះរំពឹងគិតថាបានហូបអង្ករស្រូវថ្មីដែលនឹងប្រមូលផលជាបណ្ដើរតាមរបៀបអ្នកស្រុកស្រែចម្ការនៅទីជនបទ។

ខ្ញុំសម្រាកនៅស្រុកចុងកាល់បានមួយយប់ ហើយត្រូវបានប្រធានក្រុមចល័តជម្លៀស ទៅភូមិត្រុំស្រុកស្រីស្នំ ខេត្តសៀមរាបជាបន្តទៀត ជាមួយនឹងក្មេងៗក្នុងភូមិដែលមានអាយុស្របាលខ្ញុំដែរ។ ការដកទៅលើកនេះគឺខ្ញុំទៅតែឯងទេ។ ចំណែកឯក្រុមគ្រួសាររបស់ខ្ញុំគេទុកឲ្យធ្វើដំណើរមួយផ្នែកតាមពីក្រោយឆ្ពោះទៅភូមិត្រុំ ស្រុកស្រីស្នំ ខេត្តសៀមរាបដូចគ្នាដែរ។ ប៉ុន្ដែលើកនេះគេបំបែកគ្នាដោយយកក្មេងៗឲ្យធ្វើដំណើរផ្សេងៗ ឯក្រុមគ្រួសារធ្វើដំណើរជាមួយប៉ែកផ្សេង។ ឪពុករបស់ខ្ញុំហុចបង្វេចក្រមាមួយឲ្យខ្ញុំដោយគាត់ផ្ដាំថា កូនយកបង្វេចនេះទៅតាមខ្លួនចុះ ទុកគ្រាន់ប្រើការក្នុងគ្រាមានអាសន្នណាមួយ ចូលកូនកុំចោលវាឲ្យសោះព្រោះតទៅវាជាកេរជីវិតរបស់កូនហើយ។ ខ្ញុំឈោងយកអំណោយនោះមកឱបជាប់នឹងដើមទ្រូងដោយសេចក្ដីរំភើប។ ខ្ញុំលុតគង្គង់ស្រក់ទឹកភ្នែកឱនក្បាលសំពះលាឪពុកអមដោយអំណេរគុណចំពេះអ្នកមានគុណរបស់ខ្ញុំ។ ស្របគ្នានោះប្រធានក្រុមចល័តនិងហ្វូងក្មេងៗមួយក្រុមមកដល់លម្ម គាត់បណ្ដើរពួកខ្ញុំចេញទៅប្រមាណជាសាមសិបនាក់ ដើម្បីរង់ចាំឡើងជិះរថយន្ត អាដំរីទឹក ដឹកខ្សាច់សម្រាប់យកទៅកសាងពីភូមិគោកស្រម៉យកទៅស្រុកក្រឡាញ់។ មួយសន្ទុះធំរថយន្តបីគ្រឿងមកដល់ ពួកខ្ញុំត្រូវបំបែកគ្នាជាបីក្រុមដែរឡើងជិះរថយន្តនោះ។ អាដំរីទឹកបោលយ៉ាងលឿនដូចឈ្មោះដែលគេដាក់ឲ្យមែន។ រថយន្តនាំមុខមកដល់ស្ពានអូរជីកដែលជាស្ពានស្ថិតក្នុងព្រំប្រទល់នៃខេត្តទាំងពីរ គឺខេត្តសៀមរាប និងខេត្តឧត្ថរមានជ័យ។

សំឡេងផ្ទុះរន្ធឺលាន់ឮ រញ្ជួយព្រះធរណីក្បែរគល់ស្ពាន បែកផ្សែងខ្មួលខ្មាញ់ហុយទ្រលោមនៅលើអាកាស។ ខ្សាច់ស្រោចក្បាលកប់ខ្លួនរបស់ខ្ញុំស្ទើររើមិនរួច ឡានឈប់ង៉ក់មិនធ្វើដំណើរទៅមុខមួយរំពេច។ សំឡេងស្រែកយំបន្លឺឡើងដូចជាកូនចាបបែកសំបុក ដីចូលភ្នែកខ្ញុំរកមើលអ្វីមិនឃើញទេ ដៃខ្ញុំម្ខាងឱបបង្វេចជាប់ ដៃម្ខាងទៀតរាវរកមិត្តភក្តិដែលជិះជុំគ្នានៅលើពំនូកខ្សាច់នោះ ដោយប្រវេប្រវារកគ្នាឲ្យគ្រប់ចំនួន។ ឱ! គុណបុណ្យព្រះធរណី លោកពិតជាជួយដល់ជីវិតស្លូតត្រង់វ័យខ្ចីរបស់ក្មេងៗទាំងនេះណាស់ អ្នកហាក់ដូចជាដឹងថា ក្មេងៗទាំងអស់ គឺកម្លំាងរបស់ជាតិដ៏រឹងមាំដើម្បីបន្ដវេនដែលត្រូវរែរស់មើលថែការពារប្រទេសមួយនេះ ឲ្យរួចចាកទុក្ខពីរបបដ៏ខ្មៅងងឹតនេះអ៊ីចឹង។ បង្វេចក្រមារបស់ខ្ញុំរហែកអស់ ខ្ញុំលុតជង្គង់លើកដៃប្រណម្យនឹកដល់គុណបុណ្យឪពុកម្តាយ ដែលជាព្រះគន្លោងដ៏មានអានុភាពដ៏ថ្លៃថ្លាបំផុតជួយការពារជីវិតរបស់កូនក្នុងគ្រាមានអាសន្ននេះ។ ខ្ញុំបោសដីចេញពីបង្វេច និងបើកមើលតាមស្នាមដែលរហែកនេះដោយទឹកភ្នែកសស្រាក់។ ខ្ញុំឃើញច្បាស់នឹងភ្នែក គឺជាកូនផ្ដិតតូចមួយក្រាស់ហើយមានស្នាមអំបែងគ្រាប់បុកចំប៉ុន្ដែមិនឆ្លុះ។ ឱ!ផ្ដិលជីវិតខ្ញុំអើយ អ្នកបានជួយខ្ញុំឲ្យរួចផុតពីសេចក្ដីស្លាប់ និងមានជីវិតរស់នៅបាន ចាកចេញគេចពីគ្រោះកាចក៏ចង្រៃនេះហើយ ប្រសិនជាគ្មានអ្នកទេ ម្ល៉េះសមកាយរបស់ខ្ញុំនឹងឆ្លុះធ្លាយដោយលោហៈមហាប្រល័យផ្ទុះនេះហើយ។ ម្ល៉េះសមកាយរបស់ខ្ញុំ ឈាមស្រស់របស់ខ្ញុំ វានឹងធ្លាក់ស្រោចស្របព្រះធរណីដ៏ស្រស់ស្អាតមួយនេះដោយអាសាឥតការទៅហើយ។ តៃកុងឡាន នឹងក្រុមការងាររបស់គាត់ជិះនៅខាងមុខត្រូវស្លាប់ទាំងអស់។ ប្រធានក្រុមចល័តរត់មករកពួកខ្ញុំ។ ដោយឃើញថាគ្មានបញ្ហាអ្វីគាត់ឲ្យពួកខ្ញុំប្រញាប់ឡើងរថយន្តនៅពីក្រោយពីរគ្រឿងទៀតដែលគ្មានបញ្ហា ដើម្បីចេញដំណើរទៅមុខជាបន្ដ។ ខ្ញុំចាប់បង្វេចរហែករបស់ខ្ញុំឡើងជិះរថយន្តជាថ្មី។

ការធ្វើដំណើរមិនអាចឈប់បង្អង់ឡើយ ឆ្លងពីភូមិមួយទៅភូមិមួយ រហូតដល់ស្រុកក្រឡាញ់។ ពីដំបូងប្រធានក្រុមចល័តប្រាប់ខ្ញុំថាត្រូវជម្លៀសមកភូមិត្រុំ ប៉ុន្ដែដោយហេតុថា  រថយន្តមួយជាន់មីនផ្ទុះត្រូវការដឹកខ្សាច់ឲ្យបានរហ័ស ទើបប្រើពួកខ្ញុំក្មេងៗជាអ្នកមកចូកទម្លាក់ខ្សាច់ឲ្យបានរហ័សដែរ។ ដូច្នេះហើយទើបបង្ខំឲ្យពួកខ្ញុំបន្តមកដល់ស្រុកក្រឡាញ់ទៀតខុសពីគោលដៅចាស់។ មេឃងងឹតទៅហើយ ឡានដឹកខ្សាច់ទើបដល់ស្រុកក្រឡាញ់ ខ្ញុំកាយខ្សាច់ទាំងយប់ងងឹត ម៉ោងជិតដប់យប់ទើបអស់នឹងបានសម្រាក។ ឡានចេញដំណើរត្រឡប់ទៅដឹកខ្សាច់បន្ដទៀត ប៉ុន្ដែគេមិនឲ្យខ្ញុំទៅវិញទេ គឺគេទុកខ្ញុំនិងមិត្តឯទៀតនៅចាំចូកខ្សាច់ទម្លាក់ឯស្រុកក្រឡាញ់នេះរយៈពេលប្រាំយប់ប្រាំថ្ងៃ។ ខ្ញុំប្រឹងប្រែងធ្វើការងារមិនដែលធ្វេសប្រហែសឡើយ។ ធ្វើយ៉ាងណាឲ្យតែរក្សាខ្លួននឹងជីវិតបានទោះការងារធ្ងន់ស្រាល ឆ្លងកាត់រងាក្ដៅបែបណា ក៏ខ្ញុំមិនដែលត្អូញត្អែរមួយម៉ាត់ឲ្យឮដែរ មានតែខាំមាត់សង្កត់ចិត្ត អត់ធ្មត់ក្រាញននៀលធ្វើរហូតទាំងយប់ទាំងថ្ងៃជានិច្ច។

២.ជំរំជម្លៀស

ប្រជាពលរដ្ឋដែលជម្លៀសដំបូងមកស្នាក់អាស្រ័យនៅក្នុងស្រុកចុងកាល់នេះ គឺមានតែបីភូមិប៉ុណ្ណោះក្នុងនោះមានភូមិក្រសាំង ភូមិប្រាសាទ និងភូមិខ្នារ។ ឥឡូវដំណើរការជម្លៀស​នៅតែបន្តទៅភូមិត្រុំ ស្រុកស្រីស្នំ ខេត្តសៀមរាបទៀត។ គ្រួសាររបស់ខ្ញុំធ្វើដំណើរតាមផ្លូវបានឃើញរថយន្តដែលខ្ញុំជិះ ខូចខាតដោយផ្ទុះមីន ពួកគាត់ពិតជារន្ធត់ចិត្តណាស់។ គាត់ព្រួយបារម្មពីខ្ញុំក្រែងមានគ្រោះភ័យទាំងឡាយកើតមានចំពោះរូបខ្ញុំ។ គ្រួសាររបស់ខ្ញុំនិងគ្រួសារជម្លៀសទាំងអស់ មករស់នៅក្នុងផ្ទះជាមួយអ្នកភូមិត្រុំ ទាំងអស់គ្នា ដែលតម្រូវឲ្យមួយគ្រួសារជម្លៀសស្នាក់នៅជាមួយគ្រួសារអ្នកភូមិត្រុំមួយគ្រួសារដែរ។

ប្រជាជនទាំងអស់នៅក្នុងភូមិត្រុំត្រូវបានសហករណ៍កែនយកធ្វើការច្រូតស្រូវនៅឆ្ងាយពីភូមិនេះរហូតដល់ភូមិរំដេង…… ហើយក្រុមចល័តខ្លះត្រូវបានគេយកទៅឲ្យបិទភ្លឺស្រែនៅតាមវាលស្រែនិងលើកទំនប់នៅត្រពាំងស្រែង និងនៅអាងត្រពាំងថ្មផងដែរ។ កន្លែងណាក៏ដូចកន្លែងណាដែរគឺធ្វើការយ៉ាងលំបាកលំបិនបំផុត គ្មានអ្នកណាបានហូបឆ្ងាញ់ទេ។ ការហូបបាយជាហ្វូង ជាក្រុម ជាពួកដោយវេចចានម្នាក់មួយជានិច្ច។ បន្ទាប់នៅចូកខ្សាច់ទម្លាក់អស់ដប់ប្រាំថ្ងៃនៅឯស្រុកក្រឡាញ់ យប់មួយខ្ញុំមកដល់ជំរំជម្លៀសក្នុងភូមិត្រុំ។ ខ្ញុំនិងមិត្តឯទៀតត្រូវបានប្រធានសហករណ៍ជូនទៅរកផ្ទះម្ដងម្នាក់ៗព្រោះពួកខ្ញុំមិនដឹងថាគ្រួសាររបស់ខ្លួននៅទីណាទេ។ ក្នុងរាត្រីដ៏សែនស្ងាត់នៅភូមិត្រុំ នារីចល័តទាំងអស់នាំគ្នាងូតទឹករួចហើយទើបបណ្ដើរគ្នាទៅយកបាយពីចុងភៅនៅឯចុងភូមិខាងត្បូង ដើម្បីយកមកស្រស់ស្រូបក្នុងពេលល្ងាច។ និយាយដល់ត្រឹមនេះ អាហារពេលល្ងាចរបស់ពួកខ្ញុំវាលែងស្ថិតនីចំពេលល្ងាចឡើយ គឺនៅក្នុងពេលរាត្រីស្ទើរតែរាល់ៗថ្ងៃ។ ខ្ញុំយកផ្ដិលខាត់ដែលឪពុករ​បស់ខ្ញុំ បានឲ្យខ្ញុំដើម្បីទុកប្រើប្រាស់ពេលមានការចាំបាច់នានាទៅដាក់បាយនិងម្ហូបអាហារតាមការចាំបាច់នេះ។ អាហាររបស់ក្រុមចល័តនេះញុំាតែពេលយប់ ពេលខ្លះមានតែដំឡូងពេលខ្លះក៏មានតែបាយគ្មានសម្ល ពេលខ្លះក៏មានតែបបរ… ហើយពេលខ្លះមានខ្លោចឬឆៅ…. ក៏ខ្ញុំមិនរអ៊ូដែរ គឺទ្រាំលេបឲ្យតែពេញពោះ និងបានរស់បន្តទៅទៀតទេ។

ពីមួយថ្ងៃទៅមួយថ្ងៃខ្ញុំតែងតែឃើញគេរៀបចំផែនការគ្រប់គ្រង់មនុស្ស នៅក្នុងការធ្វើការងាររបស់ក្រុមសហករណ៍នៅភូមិត្រុំមានសភាពប្លែកៗគ្នា។ ខ្ញុំសង្កេតឃើញគេបែងចែកជាបួនទិដ្ឋភាពគឺ ក្រុមកុមារ ក្រុមយុវជន ក្រុមមនុស្សវ័យកណ្ដាល និងមនុស្សចាស់។ ក្រុមកុមារគេឲ្យដើររើសអាចម៍គោដើម្បីយកទៅធ្វើជីកកំប៉ុស្ដ។ ក្រុមយុវជន គេបានចាត់ជាក្រុមចាត់ជាក្រុមចល័តដើម្បីឲ្យទៅបិទភ្លឺស្រែ ឬច្រូតស្រូវ។ ក្រុមវ័យកណ្ដាលគេឲ្យដឹកនាំផងនឹងធ្វើការផងតាមក្រុមនីមួយៗ។ រីឯក្រុមមនុស្សចាស់គេឲ្យនៅចាំផ្ទះមើលកូនចៅរបស់ក្រុមការងារដែលគេឲ្យទៅធ្វើការច្រូតស្រូវ បិទភ្លឺ… ដែលពួកគាត់ម្នាក់ៗទទួលរ៉ាប់រងមើលក្មេងតូចៗពីបីទៅប្រាំនាក់។ ចំណែកអាហារសម្រាប់ទទួលទានវិញគ្រប់ក្រុមទាំងអស់មិនតម្រូវឲ្យនរណាម្នាក់មានភារកិច្ចដាំបាយឬស្លខ្លួនឯងទេ គឺគេមានចុងភៅម្នាក់សម្រាប់គ្រប់គ្រងលើការងារនេះ។ ឲ្យតែដល់ម៉ោងបាយព្រឹក ថ្ងៃត្រង់ ល្ងាច ខ្ញុំឮគរវាយជួង ដើម្បីផ្ដល់ជាសញ្ញាដល់ក្រុមការងារទាំងអស់ទៅតម្រង់ជួរគ្នាទទួលយកម្ហូបអាហារទាំងនោះមកបរិភោគ។

បន្ទាប់ពីធ្វើការងារយ៉ាងស្វិតស្វាញ តាមតួនាទីដែលប្រធានសហករណ៍បានបែងចែងជូនម្នាក់ៗដើម្បីទទួលខុសត្រូវ ខ្ញុំពុំដែលមានពេលសម្រាកគ្រប់គ្រាន់ឡើយ។ ក្នុងនាមជាក្មេងស្រីម្នាក់ ដែលមានភាពវ័យខ្ចីលើបទពិសោធន៍ការងារ ខ្ញុំពិតជាមានការលំបាកណាស់នូវអ្វីដែលខ្ញុំទទួលពីការដាក់ឲ្យធ្វើនេះ។ ការងារទាំងអស់វាពិតជាមានទំហំធំដែលហួសពីកម្លាំងកាយ និងសមត្ថភាពរបស់ខ្ញុំ។ ប៉ុន្ដែដើម្បីរក្សាជីវិតឲ្យរស់នៅបាន ជួបជុំឪពុកម្តាយ បងប្អូន និងដើម្បីប្រទេសជាតិ ទឹកដីដ៏បវររបស់ខ្ញុំ កិច្ចការធ្ងន់ស្រាលអីទាំងប៉ុន្មានក្លាយជាធម្មតា ហើយខ្ញុំសម្រេចធ្វើឲ្យបានទាំងអស់ បើទោះបីជាខ្ញុំត្រូវធ្វើការងារទាំងនោះទ្វេមួយជាពីរ… ទាំងកណ្ដាលថ្ងៃក្ដៅ ភ្លៀងផ្គររន្ទះម្ដេចម្ដាក៏ដោយ។ វ័យ១៥ឆ្នាំប្រហែលខ្ញុំនេះសមណាស់តែ នឹងមានរូបរាង សាច់ឈាមស្រស់ឆោមលោមពណ៌ទ្រលុកទ្រលន់ ហើយកំពុងតែសិក្សារៀនសូត្រ និងរស់នៅយ៉ាងសុខស្រួលក្នុងជម្រកដ៏សាមញ្ញរបស់ខ្ញុំហើយ មិនគួរណាមករសាត់អណ្ដែតគ្រប់ច្រកល្ហកទាំងកណ្ដាលថ្ងៃនិងរាត្រីដូច្នេះសោះ។ តើនេះជាផលកម្មរបស់ខ្ញុំពីអតីតជាតិមកឬយ៉ាងណាបានជាបណ្ដាលឲ្យជីវិតរបស់ខ្ញុំមកជួបរឿងអស់ទាំងនេះ? យប់ថ្ងៃគ្មានឱកាសបានជជែកនិងរស់នៅជួបជុំគ្រួសារប្រកបដោយភាពកក់ក្ដៅឡើយ។ ទេវាមិនមែនជាផលកម្មដ៏អាក្រក់របស់ខ្ញុំទេ ព្រោះមនុស្សមួយភូមិ មួយប្រទេសក៏ជួបទុក្ខព្រួយចំពោះរឿងនេះដែរ តើវាជាផលកម្មរបស់អ្នកណាជាអ្នកសាងវាឡើង ទើបវាឲ្យពួកយើងជួបទុក្ខលំបាកដូច្នេះ? ឥឡូវនេះសូម្បីរដូវខែបុណ្យទានអ្វីក៏គ្មានរណាហ៊ានធ្វើតាមទំនៀមទម្លាប់ដែរ ព្រោះរបបនេះបានបិទសិទ្ធសេរីគ្រប់យ៉ាងរបស់ប្រជាពលរដ្ឋមិនឲ្យនរណាមានចិត្តខ្វល់ខ្វាយនិងរឿងធ្វើបុណ្យទាននេះឡើយ។ ម្យ៉ាងទៀតនៅតាមទីវត្តអារាមក៏គ្មានព្រះសង្ឃអីដែរព្រោះគេចាប់ផ្សឹកព្រះសង្ឃអស់ហើយ។ ឱ! ប្រទេសកម្ពុជាអើយ អ្នកកំពុងតែជួបដូចជាពាក្យស្លោកមួយបទថា​«វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើនថ្កាន» នេះហើយ។ តើថ្ងៃណាទើបអ្នកងើបរួចពីគ្រោះកាចដ៏អាក្រក់នេះបាន? ប្រជាពលរដ្ឋម្នាក់ៗធ្វើការដូចសត្វធាតុគ្មានត្រាប្រណី តើជីវិតណាមិនក្ស័យ?

៣.ជំងឺបាក់ជ័របាយ

រាងកាយរបស់ខ្ញុំស្គាំងស្គម ស្វិតស្រពោនក្រៀមក្រញង់ខ្មៅក្រញេស មើលមិនយល់ឡើយ។ រាល់ថ្ងៃខ្ញុំទៅធ្វើការទាំងខ្លួនមានជំងឺ ដោយបណ្ដាលមកពីការធ្វើការងារធ្ងន់បាក់កម្លាំង និងការទទួលទានអាហារខ្វះជីវជាតិផ្នែកអាហារូបត្ថម្ភផង។  ចាប់តាំងពីខ្ញុំដឹងថា ខ្លួនរបស់ខ្ញុំមានជំងឺបាក់ជ័របាយនេះមក ខ្ញុំហាក់មិនសូវសប្បាយចិត្តនឹងការងារទាំងឡើយ។ ម្យ៉ាងទៀតខ្ញុំមិនខ្លាចនឹងការគំរាមកំហែងពីក្រុមអាវខ្មៅ ប៉ុល ពល ទៀតទេ។ ពួកគេតែងតែប្រើសម្ដីគំហកខ្លាំងៗដាក់ខ្ញុំ ថាខ្ញុំជាមនុស្សពុតធ្វើជាឈឺ ម្យ៉ាងទៀតពួកគេចេះតែរំអុកដាក់ខ្ញុំម្ដងហើយម្ដងទៀត ថាខ្ញុំជាមនុស្សឈឺសតិអារម្មណ៍​ អីឯណានោះទៅវិញ។ ឪពុកម្តាយរបស់ខ្ញុំ ការដែលឃើញខ្ញុំធ្លាក់ខ្លួនឈឺដូច្នេះ ពួកគាត់ពិបាកចិត្តណាស់។ ប៉ុន្ដែពួកគាត់មិនដែលបញ្ចេញឲ្យខ្ញុំឃើញថា គាត់មានការពិបាកចិត្តព្រោះតែរូបខ្ញុំឡើយ។ គាត់កាន់តែធ្វើមុខស្រស់ញញឹមដាក់ខ្ញុំ និងលើកទឹកចិត្តខ្ញុំជានិច្ច។

រាល់យប់ក្នុងរដូវចម្រូតនេះមានខ្យល់បក់ពីទិសខាងជើងត្រជាក់ណាស់ ប៉ុន្ដែខ្លួនរបស់ខ្ញុំ បែរជាក្ដៅដូចភ្នំ។ភ្លើងខុសពីមនុស្សធម្មតាទៅវិញ។ ពុករបស់ខ្ញុំតែងតែអុចធូបបន់ស្រន់ ដល់វត្ថុស័ក្កសិទ្ធិដែលថែរក្សាទឹកដីប្រទេសកម្ពុជា។ ពិសេសបារមីនៅប្រាសាទព្រហ្មកិល ស្ពានប្រាប់ទិសដែលជាសម្បត្តិវប្បធម៌ជាប្រវត្តិសាស្រ្តរបស់ខ្មែរនាបុរាណសម័យដ៏រុងរឿងឲ្យមកជួយបីបាច់ថែរក្សារូបខ្ញុំ បានឆាប់ជាសះស្បើយពីជំងឺទៀតផង។  គាត់តែងតែធ្វើដំណើរទៅដងទឹកពីប្រាសាទ និងស្ពានទាំងអស់ដើម្បីយកមកឲ្យខ្ញុំផឹកនឹងពពោកខ្លួនប្រាណរបស់ខ្ញុំដោយរំពឹងទុកថា ទឹកទាំងនោះជួយធ្វើឲ្យខ្ញុំបានជាសះស្បើយតាមសេចក្ដីប្រាថ្នា។ គាត់យកទឹកដាក់ក្នុងផ្ដិលខាត់ប្រហែលមួយថ្នាំងដៃឲ្យខ្ញុំផឹកបន្ដិច រួចយកមកដាក់ពីលើពោះរបស់ខ្ញុំដើម្បីឲ្យកម្ដៅក្នុងខ្លួនឆាប់ចុះត្រជាក់។ ម្ដាយរបស់ខ្ញុំយកបបរមកបញ្ចុកខ្ញុំដោយទឹកចិត្ត និងសេចក្ដីស្រឡាញ់ចំពោះខ្ញុំ។ បង ប្អូន អ្នកជិតខាងគ្នាតែងតែនាំគ្មានមកសួរសុខទុក្ខខ្ញុំមិនដែលដាច់។ កម្លាំងចិត្តទាំងអស់របស់ពួកគាត់បានជំរុញឲ្យដល់កម្លាំងចិត្តរបស់ខ្ញុំ​ កាន់តែមានព្រលឹងឡើងពីមួយថ្ងៃទៅមួយថ្ងៃរហូតបានធូរស្បើយ។ កូនផ្ដិលខាត់មួយនេះគ្រាខ្ញុំមានទុក្ខលំបាកតែងតែមានវត្ដមានគេរហូត គេគឺជាកេរជីវិតរបស់ខ្ញុំ។

កម្ដៅខ្លួនចុះត្រជាក់ហើយ ចំណែកទឹកមុខរបស់កូនក៏កាន់តែស្រសើថ្លាជាមុនដែរ បារមីវត្ថុសក្ដិសិទ្ធិពិតជាជួយកូនរបស់ពុកឲ្យជាសះស្បើយហើយ លោកឪពុករបស់ខ្ញុំគាត់មានប្រសាសន៍មករកខ្ញុំដោយសេចក្ដីសង្ឃឹម។ ខ្ញុំញញឹមទៅរកគាត់ដោយក្ដីរំភើបក្នុងចិត្ត បើទោះជាខ្ញុំកំពុងតែដេកនៅនឹងកន្ទេលក្រោកមិនទាន់រួចស្រួលបួលក៏ដោយ។ ម្តាយរបស់ខ្ញុំលូកដៃស៊កពីក្រោម ក របស់ខ្ញុំ លើកខ្ញុំឡើងឲ្យអង្គុយ។ ខ្ញុំដាក់ភ្នែកទៅទីណាក៏ឃើញសុទ្ធតែពណ៌លឿងទាំងអស់ គ្មានឃើញអ្វីស្រស់បំព្រងដូចគ្រាមុនឡើយ។ ភាពធេងធោងនៅមិនទាន់ចាកឆ្ងាយពីខ្ញុំសោះ ខ្ញុំប្រឹងហូបបបរឲ្យបានច្រើនដើម្បីឲ្យសុខភាពរបស់ខ្ញុំកាន់តែរឹងមាំជាងមុន។ ឪពុករបស់ខ្ញុំអង្គុយក្បែរខ្ញុំ ដោយដៃកាន់កន្សែងជ្រលក់ទឹកជូតដៃ ជើង និងខ្លួនឲ្យខ្ញុំ។

ថ្ងៃនេះកូនញុំាបបរបានច្រើនណាស់ កូនស្រីម៉ែជាហើយ។ ម្ដាយរបស់ខ្ញុំគាត់និយាយមករកខ្ញុំ។ ខ្ញុំញញឹមទៅរកគាត់ដោយទឹកមុខបែបក្រៀមក្រោះក្នុងស្ថានភាពអ្នកជំងឺ។ ឪពុករបស់ខ្ញុំនៅតែបន្ដពពោកទឹកឲ្យខ្ញុំរហូតទាល់តែខ្ញុំមានអារម្មណ៍ថារងាទាញភួយមកដណ្ដប់ទើបគាត់ឈប់ជូតឲ្យខ្ញុំ។ ដោយសេចក្ដីស្រឡាញ់ និងទឹកចិត្តលះបង់ដ៏ខ្ពស់របស់ឪពុកម្តាយនេះ និងអ្នកភូមិ ញាតិមិត្តជិតឆ្ងាយដែលបានយកថ្នាំសង្កូវ នេះបន្តិច ថ្នាំនោះបន្តិចតាមបទពិសោធន៍ដែលពួកគាត់ធ្លាប់បានព្យាបាលចំពោះអ្នកជំងឺដោយបង្ហាញពីប្រសិទ្ធភាពថ្នាំទាំងនោះ ដែលពួកគាត់ធានាអះអាងថា ពូកែស័ក្ដិសិទ្ធិណាស់ យកមកឲ្យខ្ញុំទុកប្រើប្រាស់ មើលទៅឡើងគរលើគ្នាហើយ។ ដោយហេតុថាជាប្រភេសថ្នាំបុរាណ ប្រើដោយមានការផ្សំគ្នាមានទឹកដោះខ្លា ឆ្អឹងសត្វ ស្បែកសត្វ សំបកសិប្បីសត្វ ឫសឈើ សំបកឈើ ខ្លឹមឈើ ផ្លែឈើ ដែលឈើខ្លះក៏ជាប្រភេទឈើពុល ប៉ុន្ដែដល់ពេលយកផ្សំក្នុងការប្រើប្រាស់ព្យាបាលជំងឺ វាបានក្លាយជាឱសថដ៏ស័ក្ដិសិទ្ធិផងដែរ។ គេយកថ្នាំទាំងនោះមកដុសជាមួយថ្មមួយដុំ ដោយដាក់ទឹករួចទុកឲ្យរងដើម្បីខ្ញុំផឹកជាថ្នាំព្យាបាល។ ខ្ញុំសង្កេតឃើញថា ថ្នាំខ្លះគេគ្រាន់តែដុសមួយដង ខ្លះគេដុសពីរដង ខ្លះបីដង…. តាមតម្រូវតាមប្រភេទជំងឺ ដូចជាថ្នាំបញ្ចុះកំដៅ ឈឺក្បាល វិលមុខ…. ជាដើម។

ឱ! ទឹកចិត្តឪពុកម្តាយបើទោះបីជា កូននៅតូចឬធំក្ដី ក៏លោកតែងតែមើលថែទាំកូនដោយក្ដីស្រឡាញ់គ្មានថ្ងៃសាបសូន្យឡើយ។ មិនថាកូនមានគ្រួសារហើយក្ដី ឬកូនក្លាយទៅជាមនុស្សមានបុណ្យស័ក្ដិតូច​ធំអ្វីក៏ដោយ កូនរបស់គាត់នៅតែជាក្មេងប្រុស ​ឬក្មេងស្រីម្នាក់ជាទីស្រឡាញ់របស់គាត់ជានិច្ច។

ខ្ញុំនឹកដល់ទឹកដីកំណើតរបស់ខ្ញុំខ្លាំងណាស់ ពិសេសផលដំណាំ សត្វឆ្កែឆ្មាររបស់ខ្ញុំ។ ម្ល៉េះសមគ្នារស់នៅយ៉ាងលំបាកលំបិនមិនដឹងជាបានអ្វីជាអាហារនោះទេ។ គេធ្លាប់តែមានម្ចាស់តែងតែយកចិត្តទុកដាក់ចំពោះពួកគេ។ ឪពុករបស់ខ្ញុំគាត់ហុចកូនផ្ដិលខាត់តូចមួយដែលមានទឹកថ្នាំនៅក្នុងនោះយកមកឲ្យខ្ញុំផឹក។ នេះកូនញុំាបបរហើយ ផឹកថ្នាំនេះបន្ដិចទៅដើម្បីឲ្យកូនឆាប់មានកម្លាំងនិងជាសះស្បើយ ព្រោះនៅតែប្រាំថ្ងៃទៀតទេយើងនឹងត្រឡប់ទៅផ្ទះ ស្រុកភូមិយើងវិញហើយ។ ខ្ញុំគ្រាន់តែស្ដាប់ឮឪពុករបស់ខ្ញុំនិយាយចប់ភ្លាម ខ្ញុំទទួលកូនផ្ដិលខាត់តូចមួយនោះផឹកទឹកថ្នាំអស់ស្ទើរគ្មានសល់មួយតំណក់ ហើយទឹកមុខរបស់ខ្ញុំញញឹមពព្រាយមួយរំពេចដោយកាយវិការនិយាយរួសរាយខុសពីថ្ងៃណាៗទាំងអស់ ខ្ញុំពិតជាសប្បាយចិត្តរកអ្វីមកប្រៀបផ្ទឹមពុំបានឡើយ។

៤.ព្រលឹងជីវិត

ព្រលឹងហាក់ហោះចូលមកនៅក្នុងខ្លួនរបស់ខ្ញុំវិញហើយ ខ្ញុំត្រូវតែខំហូបចំណីអាហារដើម្បីឲ្យសុខភាពឆាប់រឹងមាំ ​ពិសេសដើម្បីបានឃើញទិដ្ឋភាពស្រុកភូមិរបស់ខ្ញុំជាថ្មី ស្ថិតក្នុងសុខសន្ដិភាពយ៉ាងសុខសាន្ត។ បំណងរបស់ខ្ញុំចង់ឃើញតែប្រទេសជាតិមានសុខសន្ដិភាព ប្រជាជនមានជីវភាពធូរធាររស់នៅសម្បូរសប្បាយ ហើយចេះសាមគ្គីគ្នាជាឆ្លុងមួយរួមគ្នាថែរក្សាសម្បត្តិវប្បធម៌ ទំនៀមទំលាប់ប្រពៃណី កសាងបាននូវសំណង់ថ្មីៗ ដូចដូនតាយើងពីបុរាណ ដែលលោកបានកសាង និងបន្សល់ទុករួមមានប្រាសាទស្ថានបុរាណនានាដ៏ច្រើននៅលើទឹកដីសុវណ្ណភូមិនេះ។

ជីវភាពរបស់ប្រជាជនក្នុងគ្រានេះ បើទោះជាខិតខំប្រឹងប្រែងទាំងយប់ ទាំងថ្ងៃស្ទើរតែគ្មានថ្ងៃឈប់សម្រាកក៏ដោយ ក៏ពុំមានសិទ្ធិយកជារបស់ខ្លួនឡើយ ហើយបាយទឹកវិញក៏ពុំមានសិទ្ធដាំបាយហូបខ្លួនឯងដែរ គឺចាំតែទទួលយកបាយសម្លពីចុងភៅដូចៗគ្នាទាំងអស់។ ដល់ម៉ោងបាយគេវាយជួងហៅឲ្យគ្រប់គ្នាយកចានទៅតម្រង់ជួរចាំយកម្ហូបអាហារទាំងនោះតែរៀងៗខ្លួន។

ថ្ងៃនេះស្ថានភាពជំងឺរបស់ខ្ញុំកាន់តែសះស្បើយ ខ្ញុំអាចដើរបាន និងធ្វើអ្វីៗបានដូចធម្មតាវិញ។ ហើយឪពុកម្តាយរបស់ខ្ញុំ និងបងប្អូនអ្នកជិតខាងទាំងអស់ក៏មានចិត្តសប្បាយរីករាយអបអរសាទរដោយឃើញខ្ញុំបានជា និងមានសាច់ឈាមល្អប្រសើរដូចដើមវិញ។ ទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋខ្មែរយើងពិតជាមានសេចក្ដីសណ្ដោសប្រោសប្រណីជាមួយគ្នាណាស់។ ម្នាក់ៗតែងតែចែករំលែកទាំងនំចំណី ស្រីសាច់ ម្ហូបអាហារឲ្យគ្នាមិនដែលដាច់ឡើយ។ ពិសេសវប្បធម៌ចែករំលែកនេះបានក្លាយជាផ្នត់គំនិតដ៏រឹងមាំមួយរបស់ខ្មែរ ដែលធ្វើឲ្យមិត្តភាពមានភាពយូរអង្វែងប្រកបដោយសាមគ្គីភាពបំផុត។

ពេលវេលាបានមកដល់ ខ្ញុំនិងក្រុមគ្រួសារ និងអ្នកភូមិទាំងអស់ធ្វើដំណើរត្រឡប់ទៅភូមិកំណើតវិញដោយម្នាក់ៗមានទឹកមុខសប្បាយរីករាយ។ ខ្ញុំមើលឃើញពីទឹកចិត្តរបស់ប្រជាពលរដ្ឋទាំងអស់គ្នាច្បាស់ណាស់ថា សុខចិត្តរស់នៅផ្ទះរបស់ខ្លួនឯង បើទោះជាផ្ទះនោះតូចក្ដី  ឬធំក្ដីក៏ពួកគាត់ពេញចិត្តនឹងអ្វីដែលគាត់មានជានិច្ចជាជាងគាត់រស់នៅផ្ទះធំទ្រនំខ្ពស់ប៉ុន្ដែជារបស់គេ។ ហើយពួកគាត់ក៏ស៊ូលំបាកដោយសារខ្លួន ឯងបម្រើខ្លួនឯង មានសេចក្ដីសប្បាយរីករាយជាងការរស់នៅក្នុងរបបមួយក៏ខ្មៅងងឹតនេះ ដែលធ្វើឲ្យពួកគេរស់នៅចាំហូបបាយស្រាប់ ប៉ុន្ដែបាត់សិទ្ធិសេរីគ្រប់បែបយ៉ាងនេះ។

គ្រាន់តែប៉ុន្មានខែកន្លងមកនេះស្រូវទុំដួលរាបដល់ដី ខ្លះត្រូវភ្លើងឆេះគ្មានសល់ ខ្លះទៀតដុះសារឡើងវិញហាក់ដូចជាស្រូវទើបលេងខ្លួនថ្មីអ៊ីចឹង។ សត្វចាប បក្សាបក្សីហិចហើរចុះទន្រ្ទានស៊ីស្រូវទាំងកងទាំងហ្វូងតាមចិត្តស្ទើរគ្មានសល់បន្តិចទេ។

ក្នុងភូមិមានផ្ទះតែគ្មានមនុស្សនៅ មានផ្លូវប៉ុន្ដែគ្មានមនុស្សដើរ ស្មៅដុះច្រូងច្រាង ក្លាយជាទីក្រុងមូសនិងពពួកសត្វអាសិរិ្ពសយ៉ាងសប្បាយរស់ទៅវិញ។ ដើមដូង ដើមត្នោត ដើមស្វាយ ដើមខ្នុរ និងដើមទឹកដោះ ដែលខ្ពស់ៗ មួយចំនួនត្រូវបានបាក់សំយ៉ាកចុះមកដី ដែលបណ្ដាលមកពីត្រូវគ្រាប់កាំភ្លើងប្រយុទ្ធតគ្នាក្នុងសង្រ្គាមស៊ីសាច់ហុតឈាមរវាងខ្មែរនិងខ្មែរឯងនេះ។

ភូមិកំណើតដ៏កម្សត់របស់ខ្ញុំ ខ្ញុំមិននឹកស្មានថា ខ្ញុំអាចវិលមកជួបអ្នកសារជាថ្មីសោះ។ អំណឹះតទៅខ្ញុំប្រាថ្នាថានឹងរស់នៅជាមួយអ្នក​​ មិនចាកចេញពីអ្នក ដោយសារសង្រ្គាមទៀតឡើយ បើទោះបីជាខ្ញុំត្រូវបាត់បង់ជីវិតក៏ដោយ ក៏សូមឲ្យខ្ញុំស្លាប់នៅទីនេះជាមួយអ្នកចុះ។ ហើយបំណងធំបំផុតរបស់ខ្ញុំគឺចង់បានសន្តិភាព ដើម្បីមានឱកាសបានសិក្សារៀនសូត្រយកចំណេះវិជ្ជាមកចូលរួមជួយអភិវឌ្ឍប្រទេសជាតិឲ្យរួចផុតពីភាពក្រីក្រ ជាពិសេសគឺភ្លើងសង្រ្គាមក៏គួរឲ្យភ័យខ្លាចនេះ។

ម្តាយរបស់ខ្ញុំចូលទៅរៀបចំផ្ទះនិងអុជធូបបន់ស្រន់នៅកន្លែងព្រះភូមិដែលរៀបដាក់តម្កល់ក្នុងផ្ទះ។ គាត់ប្រាប់ដល់ជំនាងផ្ទះថាម្ចាស់ផ្ទះមកវិញហើយ សូមឲ្យសុខសប្បាយក្នុងការរស់នៅជួបតែសេចក្ដីសុខចម្រុងចម្រើនកុំបីខាន។ ខ្ញុំមើលម្ដាយរបស់ខ្ញុំដោយស្ញៀមស្ងាត់។ ពុករបស់ខ្ញុំជាមនុស្សឧស្សាហ៍ម្នាក់ កាលបើឃើញផ្ទះសុទ្ធតែស្មៅដុះជុំជិតយ៉ាងនេះ គាត់យកខ្វែវ និងចបកាប់មកឆ្ការ ជំរះឲ្យស្រឡះល្អមួយរំពេច។ ខ្ញុំជួយប្រមូលសំរាមទាំងនោះគរ ដុតឲ្យចេះស្រឡះល្អ។ ខ្ញុំសែនអាណិតឆ្កែ ឆ្មាររបស់ខ្ញុំណាស់។ ពួកគេរស់នៅទីនេះដោយគ្មានម្ចាស់មួយរយៈកាលកន្លងទៅនេះមិនដឹងថាគេបានធ្វីជាអាហារទេ គ្រាន់តែឃើញម្ចាស់មកដល់ផ្ទះយ៉ាងនេះ ពួកគេរត់មកឱបផងយំស្រែកផងនៅចំពោះមុខយើង ដូចជាចង់ប្រាប់ថា គេនឹកណាស់ គេព្រួយណាស់ គេវេទនាណាស់អ៊ីចឹង…។​ ខ្ញុំលុតជង្គង់ទាំងពីរយកដៃត្រកងពីក្រោមទ្រូងរបស់គេឱបពួកគេដោយសេចក្ដីស្រឡាញ់ចំពោះពួកគេ។ ទឹកភ្នែករបស់ខ្ញុំមិនអាចឃាត់បានទេ បានហូរមកដោយសេចក្ដីរំភើបចំពោះភាពសិ្នទ្ធស្នាល និងភាពស្មោះត្រង់របស់ពួកគេ បើទោះជាសត្វក្ដីប៉ុន្ដែពួកគេហាក់ដូចជាសមាជិកគ្រួសារជាមួយអ៊ីចឹង ខ្ញុំនិយាយថាមួយពួកគេទាំងដែលមិនដឹងថាពួកគេយល់ន័យឬមិនយល់ន័យថា ចាប់ពីថ្ងៃនេះតទៅពួកឯងនឹងរស់នៅជាមួយខ្ញុំ ព្រមទាំងគ្រួសារដោយសប្បាយរីករាយចុះពួកយើងឈប់ចាកចេញពីឯងហើយ ដរាបណាជីវិតយើងមិនទាន់រលាយពួកឯងនឹងរស់នៅបានសុខក្នុងរង្វង់គ្រួសាររបស់ខ្ញុំ។ ពិសេសប្រទេសជាតិមួយនេះនឹងទទួលបានសុខសន្ដិភាពមកវិញ ជាបណ្ដើរៗជាក់ជាមិនខានឡើយ។

និពន្ធនៅឧត្ដរមានជ័យ ថ្ងៃសុក្រ ៥រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣

ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩

 

និពន្ធដោយ ៖ អ៊ឹម សានី

ចម្លងចេញពីឯកសារដើមដោយ៖ មីន សាណាស់

(ការចម្លងចេញពីឯកសារដើម គឺត្រូវបានរក្សាឃ្លោងឃ្លាដើមទាំងស្រុង លើកលែងកំណែអក្ខរាវិរុទ្ធខ្លះៗប៉ុណ្ណោះ)