អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬសាលាក្ដីខ្មែរក្រហម
នៅឆ្នាំ១៩៩៧ រាជរដ្ឋាភិបាលកម្ពុជាបានស្នើសុំជំនួយពីអង្គការសហប្រជាជាតិ ដើម្បីបង្កើតតុលាការពិសេសមួយដែលសព្វថ្ងៃគេស្គាល់ថាជា «អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬសាលាក្ដីខ្មែរក្រហម» ដើម្បីនាំយកមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមមកកាត់ទោស។ នៅឆ្នាំ២០០៦ ចៅក្រម បានចូលស្បថកាន់តំណែងក្នុងតុលាការនេះ។ រហូតមកដល់សព្វថ្ងៃ សាលាក្តីខ្មែរក្រហមនេះ បានកាត់ទោសបុគ្គលចំនួន៣រូបគឺ កាំង ហ្គេកអ៊ាវ ហៅ ឌុច, នួន ជា និង ខៀវ សំផន។ អ្នកទាំងនេះត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត។ ប៉ុន្តែសំណុំរឿងរបស់ នួន ជា និងខៀវ សំផន ត្រូវបានប្ដឹងឧទ្ធរណ៍។ តុលាការបានចោទប្រកាន់មនុស្សចំនួន៣នាក់បន្ថែមទៀត ទាក់ទងហ្នឹងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិគឺ មាស មុត ជាអតីតមេបញ្ជាការកងទ័ពជើងទឹកខ្មែរក្រហម អឹម ចែម ជាអតីតគណៈស្រុក និងតាអាន ជាអតីតអនុលេខាតំបន់។ នៅខែធ្នូឆ្នាំ២០១៥ យិម ទិត្យ ហៅ តាទិត្យ ដែលជាអតីតអនុលេខាតំបន់ ត្រូវបានចោទប្រកាន់រួមបញ្ចូលទាំងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ផង។
(សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ គេហទំព័រអង្គជំនុំជម្រៈវិសាមញ្ញក្នុងតុលាការកម្ពុជា(ECCC)
វីដេអូ៖ ចៅក្រមនៃអង្គជំនុំជម្រះវិសាមញ្ញនៅក្នុងតុលាការកម្ពុជា ប្រកាសពីសាលក្រមប្រឆាំងនឹងករណីកាំង ហ្កេកអ៊ីវ ហៅ ឌុច