មាតិកា

អតីតកម្មាភិភាឝភូមិភាគកណ្តាល បានមករស់នៅអន្លង់វែង ដោយសាគេចពីកងទ័ពវៀតណាម

ស្ថិតក្នុងសម្លៀកបំពាក់អាវពណ៍សឆ្នូតខ្មៅ និងបង់កក្រមាពណ៌ក្រហមឆ្នូតលឿង អង្គុយនៅក្នុងខ្ទមក្បែរអង្រឹងក្រោមដំបូលប្រក់ស្លឹកត្នោត អ៊ំប្រុសបានប្រាប់ខ្ញុំឲ្យដឹងថា គាត់មានឈ្មោះ កែ​ សោម អាយុ៧៧ឆ្នាំ កើតនៅភូមិទឹកឃ្លាំង ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ បច្ចុប្បន្ន សោម រស់នៅភូមិអូររុន ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សោម បានរៀបរាប់បន្តថា គាត់បានឃ្លាតឆ្ងាយពីស្រុកកំណើត និងមករស់នៅក្នុងស្រុកអន្លង់វែងរហូតមកដល់សព្វថ្ងៃនេះ គឺដោយសារគាត់រត់ភៀសខ្លួនពីកងទ័ពវៀតណាម មកព្រំដែនកម្ពុជា-ថៃនៅឆ្នាំ១៩៧៩។ សោម បានចូលធ្វើយោធាខ្មែរក្រហមប្រចាំនៅតាមព្រំដែនភាគខាងលិច នឹងបានផ្លាស់មករស់នៅតំបន់១០០៣ (តំបន់អន្លង់វែង) ដែលគ្រប់គ្រងដោយតាម៉ុក រហូតដល់មានការធ្វើសមាហរណកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅឆ្នាំ១៩៩៨។

កាលពីក្មេង​ សោម បានបួសរៀននៅវត្តទឹកឃ្លាំងបានរយៈពេលបីវស្សា។ លុះដល់ឆ្នាំ១៩៧០  ក៏បានស្ម័គ្រចិត្ត​ចូលបម្រើក្នុងជួរបដិវត្តន៍តាមការដឹកនាំរបស់ឈ្មោះ រាជ ដែលជាមេភូមិ។ កាលណោះ ​ប្រជាជន​ភាគច្រើនមានការ​ស្រឡាញ់​ពេញចិត្តចំពោះការដឹកនាំរបស់សម្តេចព្រះនរោត្តម សីហនុ ហើយមិនបានពេញចិត្តនឹងការធ្វើរដ្ឋប្រហាររបស់លោកសេនាប្រមុខ​ លន់ នល់ ឡើយ។

នៅពេលចូលបម្រើក្នុងជួរបដិវត្តន៍ សោម បានចូលទៅព្រៃម៉ាគីដែលមានទីតាំងនៅ ក្នុងស្រុកសណ្តាន់ (ខាងក្បាលដំរី ជិតភ្នំជី)។ នៅពេលដែលបំពេញការងារនៅទីនោះ សោម តែងបានឃើញវត្តមានរបស់មេដឹកនាំមួយចំនួនដូចជា ​ខៀវ សំផន អៀង សារី  ហ៊ូ​ នឹម​ និង​ ហ៊ូ​ យន់។

កែ សោម

ក្រោយពេលដែលខ្មែរក្រហមបានទទួលជ័យជម្នះទាំងស្រុងនាថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ក្រុមគ្រួសាររបស់ សោម ត្រូវបានអង្គការជម្លៀសឲ្យទៅរស់នៅភូមិផ្សេង។  ចំណែក សោម ស្ថិតនៅក្នុងអង្គភាពពាណិជ្ជកម្ម ផ្នែកដឹកជញ្ជួនស្រូវ ដោយក្នុងមួយក្រុមមានសមាជិកចំនួន១២នាក់ និងមានរថយន្តចំនួន១២គ្រឿង។ រថយន្តដឹកស្រូវទាំងនោះ ជា រថយន្តនាំមកពីប្រទេសចិន។ សោម នៅចាំថា រថយន្តមួយៗ ដឹកស្រូវបានចំនួនតែ​១០បាវ យកទៅដាក់នៅរោងម៉ាស៊ីនកិនស្រូវនៅខេត្តកំពង់ចាម។ បន្ទាប់ពីកិនបានជាអង្កររួចរាល់ហើយ ត្រូវដឹកអង្ករទាំងនោះមកឲ្យអង្គភាពយោធា។

ក្នុងឆ្នាំ១៩៧៦ បន្ទាប់ពីធ្វើការនៅក្នុងអង្គភាពពាណិជ្ជកម្មផ្នែកខាងដឹកជញ្ជូនស្រូវបានមួយរយៈមក ដោយសារ សោម ពូកែហែលទឹក និងមានជំនាញខាងចែវទូកផងនោះ កែ ពក ដែលជាលេខាភូមិភាគកណ្តាលបានចាត់តាំង សោម ឲ្យមកធ្វើការខាងនេសាទត្រីនៅកំពង់ឆ្នាំងវិញ ក្រោមការដឹកនាំរបស់ឈ្មោះ នាង មកពីតំបន់៤១។ នៅពេលដែលអង្គភាពនេសាទផលិតបានជា ត្រីងៀត ប្រហុក សោម ក៏បានដឹកជញ្ជូន​ត្រីងៀត ប្រហុកទាំងអស់នោះ តាមកាណូតយកមកដាក់នៅតាមឃ្លាំងម្តុំជ្រោយចង្វារភ្នំពេញ។ មួយរយៈកាលក្រោយមកទៀត កែ ពក បានចាត់តាំង សោម ឲ្យទៅនៅខាងទន្លេសាបជាមួយ តាយ៉ាន នៅក្នុងអង្គភាពនេសាទត្រីដដែល។ ពេលនោះ សោម បានទទួលនាទីជាអនុ​ប្រធានមើលការ​ខុសត្រូវប្រជាជនធ្វើត្រីប្រហុក និងផ្អក។ សោម បានបន្តឲ្យដឹងថា គាត់ធ្លាប់បានចូលរួមប្រជុំជាមួយ កែ ពក និងសមាជិកមួយចំនួន ​មកពីគណៈតំបន់៤១ និងតំបន់៤២។​ នៅពេលប្រជុំ សោម បានរាយការណ៍ជូនថ្នាក់លើអំពីកិច្ចការនានាដែលអង្គភាពរបស់គាត់បានអនុវត្តកន្លងមក និងបន្ទាប់មកថ្នាក់លើក៏​បានដាក់ផែនការថ្មីៗទៀត ដើម្បីយកទៅអនុវត្តបន្ត។

ក្រោយមកទៀត សោម បានទទួលសំបុត្រពីពាណិជ្ជកម្មភូមិភាគ ដោយបានដាក់បទបញ្ជាឲ្យចាត់ចែងធ្វើត្រីប្រហុកឲ្យបានសម្រេចតាមផែនការរបស់អង្គការ ដើម្បីចែកចាយត្រីប្រហុកទៅតាមភូមិភាគនានា តាមរយៈនីរសារឈ្មោះ ហេង​​ និងឈ្មោះ ងួន។ លុះពេលអង្គភាពរបស់ សោម​ ធ្វើត្រីប្រហុកបានសម្រេចតាមផែនការដែលបានកំណត់រួចហើយ សោម បានចាត់ចែងដឹកតាមរថយន្ត និងកាណូតមកចែកជូនតាមភូមិភាគ និងតំបន់នានាតាមការស្នើសុំ។

បន្ទាប់ពីរបបខ្មែរក្រហមដួលរលំទៅ សោម បានសម្រេចចិត្តរត់គេចខ្លួនទៅប៉ៃលិនជាមួយយោធាខ្មែរក្រហមផ្សេងៗទៀត ហើយបានធ្វើដំណើររហូតទៅដល់ជំរំខាងអ៊ីដាវប្រទេសថៃ ដោយបានចំណាយពេលប្រហែលជាងកន្លះខែ​។ ឆ្នាំ១៩៨១-១៩៨២ សោម ត្រូវបានផ្លាស់ទៅនៅខាងយោធាការពារព្រំដែននៅបន្ទាយឆ្មារ និងនៅខេត្តបន្ទាយមានជ័យតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ក្រោយមក សោម មាននាទីដឹកជញ្ជូនគ្រាប់កាំភ្លើងយកមកឲ្យ​អង្គភាពយោធារបស់តាម៉ុកនៅអន្លង់វែង ដោយបានធ្វើដំណើរកាត់តាមស្រុកវ៉ារិន​ សៀមរាប និងស្រែណូយ។​ លុះដល់ឆ្នាំ១៩៨៥ សោម បានសម្រេចចិត្តឈប់ធ្វើការ​ដឹកជញ្ជូនគ្រាប់ ហើយបានមករស់នៅជាមួយកងមីងៗ នៅតំបន់អន្លង់វែង។

មួយរយៈក្រោយមក សោម ក៏បានរៀបការប្រពន្ធនៅលើភ្នំ១០០៣ ដែលពិធីរៀបមង្គលការនេះថ្នាក់លើជាអ្នករៀបចំឲ្យ។ លុះក្រោយមកទៀតក្នុងឆ្នាំ១៩៩៨ នៅពេលដែលខ្មែរក្រហមបានធ្វើសមាហរកម្មចុះចូលជាមួយរាជរដ្ឋាភិបាល  សោម បានសម្រេចចិត្តវិលត្រឡប់មករស់នៅក្នុងភូមិអូររុនជាមួយក្រុមគ្រួសារ កសាងជីវិតសារជាថ្មីរហូតមកដល់សព្វថ្ងៃនេះ។

ស៊ិន សុធីតា