វាលពិឃាត

ប្រភព៖ បណ្ណសារដ្ឋានមជ្ឈមណ្ឌលឯកសារកម្ពុជា
ជាទីតាំងសម្លាប់ដែលបានកើតមាននៅក្នុងប្រទេសកម្ពុជា។ ប្រជាជនកម្ពុជាច្រើនជាង១លាននាក់ត្រូវបានសម្លាប់ និងកប់ចោលនៅក្នុងទីតាំងសម្លាប់ទាំងនោះ ចាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ តាមរយៈការស្រាវជ្រាវបានបង្ហាញថា មានរណ្ដៅសាកសពរួមចំនួនប្រមាណ២ម៉ឺនរណ្ដៅត្រូវបានរកឃើញនៅស្ទើរតែគ្រប់ទីកន្លែង ដែលបានបន្សល់ទុកតាំងពីរបបខ្មែរក្រហមមក។ ជនរងគ្រោះដែលបានស្លាប់នៅតាមវាលពិឃាតទាំងនេះ គឺជាអ្នកដែលមានកំហុសឆ្គងជាមួយអង្គការ ដូចជាមិនគោរពវិន័យ ឬបទបញ្ជានិងអ្នកទាំងឡាយណា ដែលត្រូវខ្មែរក្រហមចោទប្រកាន់ថាជា “សត្រូវ” របស់ខ្លួន។ សត្រូវទាំងនោះរួមមាន៖ សាស្ត្រាចារ្យ បញ្ញវន្ដ សិល្បករ តន្រ្តីករ និងកវីនិពន្ធ ជាដើម។ ជើងឯក ដែលជាដីចម្ការដំណាំ និងមានចម្ងាយប្រមាណ១៣គីឡូម៉ែត្រប៉ែកខាងត្បូងទីក្រុងភ្នំពេញ គឺជាកន្លែងសម្លាប់មនុស្សយ៉ាងច្រើនមួយក្នុងអំឡុងពេលនៃរបបខ្មែរក្រហម។ ក្រោយខែមករា ឆ្នាំ១៩៧៩ មានរណ្ដៅសាកសពចំនួនជាង១០០ ត្រូវបានគាស់ឡើងនៅក្នុងបរិវេណវាលពិឃាតជើងឯក និងប្រទះឃើញមានសាកសពចំនួន៨៨៩៥នាក់ នៅក្នុង រណ្តៅទាំងនោះ។ ជនរងគ្រោះដែលត្រូវបានយកមកសម្លាប់នៅវាលពិឃាតជើងឯកនេះ ភាគច្រើនជាអ្នកទោសទួលស្លែង (ស-២១)។

ប្រភព៖ បណ្ណសារដ្ឋានមជ្ឈមណ្ឌលឯកសារកម្ពុជា
វីដេអូ៖ អតីតកម្មាភិបាលផ្នែកសន្តិសុខប្រចាំនៅគុកទួលស្លែងឈ្មោះ ហ៊ឹម ហ៊ុយ និយាយអំពីការបញ្ជូនអ្នកទោសទៅជើងឯក