ការរំដោះរបស់វៀតណាមចំពោះកម្ពុជា

រថយន្កងទ័ពវៀតណាមនៅកមន្ពុជា ក្នុងខែមករា ឆ្នាំ១៩៧៩។
រូបថត៖ ឌិញ ហ្វុង។ ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា
ទង់ជាតិសាធារណរដ្ឋប្ប្រជាមានិតកម្ពុជាដែលត្ត្រូវបានបង្កើតឡើងបន្ទាប់ពីការរំដោដោយប្ប្រទេទេសវៀវៀតណាម។ (រូបភាព៖ កម្មសិទ្ធសាធារណៈ)

ភាពតានតឹងរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម បានចាប់ផ្តើមប៉ះទង្គិចគ្នាជាបន្តបន្ទាប់តាំងពីដើមឆ្នាំ១៩៧៥។ រហូតមកដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ១៩៧៨ កងទ័ពវៀតណាម ដោយមានការចូលរួមពីប្រជាជនកម្ពុជាដែលបានរត់គេចពីខ្មែរក្រហមផង បានចាប់ផ្ដើមវាយលុកចូលមកប្រទេសកម្ពុជារហូតទទួលបានជ័យជម្នះទាំងស្រុង នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ កងកម្លាំងវៀតណាម បានជួយបង្កើតសង្គមនិយមថី្មមួយ ដែលជារដ្ឋាភិបាលមានគណបក្សតែមួយឈ្មោះ “សាធារណរដ្ឋប្រជាមានិតកម្ពុជា” ដែលដឹក​នាំដោយសមមិត្ត ហេង សំរិន។ សាធារណរដ្ឋប្រជាមានិតកម្ពុជា បានចាប់ផ្តើមស្ដារឡើងវិញនូវវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋយ៉ាងសន្សឹមៗ។ នៅឆ្នាំ១៩៨៩ របបនេះត្រូវបានប្តូរឈ្មោះទៅជា “រដ្ឋកម្ពុជា”វិញ។

(សម្រាប់ព័ត៌មានបន្ថែម សូមអានសៀវភៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យជំពូក១១)

“ឋាននរកនៅលើផែនដី”

ប៊ូ ម៉េង  គឺជាអ្នកទោសម្នាក់ក្នុងចំណោមអ្នកទោសមួយចំនួនតូចដែលនៅរស់រានមានជីវិតពីគុកទួលស្លែង ខណៈដែលអ្នកទោសប្រមាណ១សែន៧ម៉ឺននាក់ផ្សេងទៀត បានស្លាប់បាត់បង់ជីវិតនៅទីនោះ។ ប៊ូ ម៉េង មានស្រុកកំណើតនៅខេត្តកំពង់ចាម និងបានរៀនគូររូបតាំងពីគាត់នៅក្មេង។ ទីបំផុត គាត់បានគូររូបសញ្ញាផ្សេងៗសម្រាប់ខ្សែភាពយន្ត និងបានបើកហាងផ្ទាល់ខ្លួនមួយ។

នៅដើមទសវត្សរ៍១៩៧០ ប៊ូ ម៉េង និងប្រពន្ធឈ្មោះ ម៉ា យឿន បានចូលបម្រើក្នុងចលនាខ្មែរក្រហម ដើម្បីជួយបញ្ចប់សង្គ្រាមស៊ីវិល និងរំដោះសម្តេចព្រះ នរោត្តម សីហនុ។ នៅឆ្នាំ១៩៧៧ ប៊ូ   ម៉េង និងប្រពន្ធ ត្រូវបានបញ្ជូនទៅកាន់សហករណ៍នៅក្នុងខេត្តកណ្តាល និងក្រោយមកត្រូវបញ្ជូនទៅកាន់ទួលស្លែង ដោយដាក់ឃុំឃាំងនៅក្នុងបន្ទប់មួយ និងបានថតរូប ទាំងមិនដឹងមូលហេតុ។ តាំងពីពេលនោះមក ប៊ូ ម៉េង លែងបានជួបមុខប្រពន្ធគាត់ជារៀងរហូត។

ប៊ូ ម៉េង ត្រូវបានសួរចម្លើយស្ទើរស្លាប់ស្ទើររស់អស់រយៈពេលរាប់ខែ។ គាត់បានហៅព្រឹត្តិការណ៍នេះថា “ឋាននរក”។ ប៊ូ ម៉េង បានរួចផុតពីសេចក្តីស្លាប់ ដោយសារគាត់មានសមត្ថភាពសិល្បៈផ្នែកគូរគំនូរ។ គាត់ត្រូវបានចាត់តាំងឱ្យគូររូបភាព ប៉ុល ពត ដែលជាតួអង្គកុម្មុយនិស្ត ដូចជាកាល់ម៉ាក្ស លេនីន និងម៉ៅ សេទុង។ ប៊ូ ម៉េង បាននិយាយថា គាត់ភ័យខ្លាច​ពេល​វេលា​នៃ​សេចក្តីស្លាប់​របស់​គាត់​នឹង​មក​ដល់​ជារៀងរាល់យប់ពេល​ដែល​គាត់​​នៅក្នុងគុកទួលស្លែង។ ​ នៅ​ពេល​ដែល​គាត់​អាច​ឆ្លង​កាត់​​បាន​​មួយ​យប់​ៗ ម៉េង បាននិយាយថា ខ្ញុំដឹងថា ខ្ញុំអាចរស់នៅបានមួយថ្ងៃទៀតហើយ”

“ខ្ញុំរួចជីវិតដោយសារខ្ញុំកុហក់អង្គការ…”

ម៉េង ឆេង កើតក្នុងឆ្នាំ១៩៤៤ នៅខេត្តកណ្តាល។ ក្នុងពេលដែលខ្មែរក្រហមចូលកាន់កាប់អំណាច ឆេង បានធ្វើការនៅក្នុងព្រលានយន្តហោះពោធិ៍ចិនតុង និងបានរៀនភាសាបារាំង។

សហករណ៍ខ្មែរក្រហម។ រូបថត៖ Gunnar Bergstrom, ១៩៧៨។ ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ប្រពន្ធ និងកូនប្រុសរបស់ ឆេង បានចាកចេញទៅកាន់ស្រុកកំណើតក្នុងពេលជម្លៀស មុនគាត់។ កូនប្រុសរបស់ ឆេង បានស្លាប់នៅតាមផ្លូវពេលកំពុងជម្លៀស។ មួយខែក្រោយមក ឆេង បានធ្វើដំណើរទៅជួបប្រពន្ធឯស្រុកកំណើត។ នៅតាមផ្លូវ ឆេង បានប្រាប់អង្គការថា គាត់គឺជាអ្នកធាក់ស៊ីក្លូដើម្បីចិញ្ចឹមជីវិត។

ជីវិតរស់នៅក្នុងសហករណ៍នៅក្នុងខេត្តបាត់ដំបង គឺពិតជាពិបាកណាស់។ ប្រជាជនថ្មី ត្រូវបានបង្ខំឲ្យធ្វើការជាទម្ងន់។ ឆេង មិនត្រូវបានអនុញ្ញាតឲ្យទៅជួបប្រពន្ធគាត់ញឹកញាប់ឡើយ។ ប្រធានសហករណ៍ មានភាពសាហាវឃោរឃៅណាស់ ហើយជួនកាលបានរំលោភកូនស្រីរបស់អ្នកភូមិទៀតផង។

“ពេលខ្លះ គាត់បានសម្លាប់មនុស្សដោយវះទ្រូងយកថ្លើម រួចចំអិនហូប។​ គ្រប់ពេលដែលគាត់ចំអិន ភ្នែករបស់គាត់ឡើងក្រហមតែម្តង”។

កម្មាភិបាលខ្មែរក្រហមបានសម្លាប់បងប្រុសរបស់ ឆេង ឈ្មោះ គា ឈុន ដែលបានសិក្សានៅបរទេស និងចេះនិយាយច្រើនភាសា។

“ខ្ញុំមានសំណាងណាស់ ដែលបានរស់រានមានជីវិតពីរបបខ្មែរក្រហម ដោយសារខ្ញុំចេះកុហកអង្គការ។ ចំណែក​ ម្តាយ និងបងប្អូន៥នាក់ក្នុងចំណោម៨នាក់របស់ខ្ញុំ បានស្លាប់បាត់ទៅហើយ”។

បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ឆេង គឺជាកសិករ ហើយគាត់បានចិញ្ចឹមកូនប្រុសទាំងបីនាក់របស់បងប្រុសគាត់ឈ្មោះ ឈុន រហូតមកដល់សព្វថ្ងៃ។

គ្រួសាររបស់ ម៉េង ឆេង។ ម្តាយរបស់គាត់ ស្ថិតនៅជួរទី២រាប់ពីខាងឆ្វេង (ឆេង ឈរលេខរៀងទីពីរ រាប់ពីស្តាំ)។ ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

 

Save

Save

Save

គាត់គិតថា គាត់នឹងត្រូវគេយកទៅសម្លាប់ហើយ!

បងប្អូនបង្កើតទាំង៤នាក់របស់ សុផាន បានចូលបម្រើខ្មែរក្រហម។ ពេលនោះ សុផាន មានអាយុ១៣ឆ្នាំ។

គាត់គឺជាពេទ្យយោធា ដែលទទួលបន្ទុកថែរក្សាយោធារងរបួសពីសមរភូមិមុខ។ ក្រោយមក គាត់បានក្លាយជាពេទ្យធ្មេញនៅខេត្តកំពង់ចាម។ មានកម្មាភិបាលពេទ្យធ្មេញមកពីភ្នំពេញ និងកំពង់ធំ បានមកបង្រៀន សុផាន ហើយក្រោយមកអ្នកបង្រៀននោះបានបាត់ខ្លួនភ្លាមៗ។

សុផាន ត្រូវបានចាប់ខ្លួនក្នុងឆ្នាំ១៩៧៧ ឬ១៩៧៨ ដោយមិនដឹងមូលហេតុ។ កម្មាភិបាលខ្មែរក្រហម គ្រាន់តែបាននិយាយថា បងប្រុសរបស់គាត់បានក្បត់នឹងបដិវត្តន៍។

ក្នុងថ្ងៃមួយ គាត់ត្រូវបានប្រាប់ឲ្យឡើងឡាន។​ គាត់បានគិតថាគាត់ប្រាកដជាស្លាប់ក្នុងគ្រានោះហើយ។ ផ្ទុយទៅវិញ គាត់ត្រូវបានបញ្ជូនឲ្យមកធ្វើការនៅក្នុងការដ្ឋាន ព្រមទាំងបានទទួលសម្លៀកបំពាក់ខ្លះទៀតផង។ សុផាន បានដឹងថា សម្លៀកបំពាក់ទាំងនោះបានមកពីសាកសពដែលកម្មាភិបាលខ្មែរក្រហមបានសម្លាប់ជនរងគ្រោះរួចហើយ។

បន្ទាប់ពីប្រទេសកម្ពុជាត្រូវបានរំដោះ ប្រជាជនបានសងសឹកទៅលើពួកប្រធានភូមិ។ សុផាន​បាន​រៀបរាប់ស្ថានភាពនៅពេល​នោះ​​ថា៖ “ ប្រ​ជាជន​បាន​នាំគ្នា​ចង​ប្រធានភូមិ។ ប្រសិនបើប្រធានភូមិនោះជាមនុស្សល្អ គាត់​ប្រាកដ​​ជាអាច​រស់​បា​ន។ ប៉ុន្តែគាត់​កាចណាស់។ ដូច្នេះ ប្រជាជនបានសម្លាប់ពួក​គាត់​​ចោលទៅ ”។

“ខ្ញុំមិនដឹងអ្វីទេ!”

ឪពុករបស់ សុខ សុផាត ចង់ឲ្យគាត់ក្លាយជាលោកសង្ឃ។ ប៉ុន្តែក្នុងឆ្នាំ១៩៧៣ ខ្មែរក្រហមបានបង្ខំឲ្យលោកសង្ឃទាំងអស់សឹកដើម្បី ចូលបម្រើយោធា។ សុផាត បានទទួលការហ្វឹក ហ្វឺនក្បួនយុទ្ធសាស្ត្រទ័ព ដើម្បីប្រយុទ្ធជាមួយកងទ័ព លន់ នល់។

ពេលខ្មែរក្រហមចូលកាន់កាប់អំណាច សុផាត បានស្នាក់នៅជាមួយម្តាយមីង ដែលមិនត្រឹមតែជាអ្នកប្រយុទ្ធជាមួយកងទ័ព លន់ នល់ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអ្នកដាំបន្លែបង្កាផង។ ក្នុងឆ្នាំ១៩៧៨ ខ្មែរក្រហមបានចោទប្រកាន់ សុផាត ថា មានជាប់ខ្សែស្រឡាយជាមួយរដ្ឋាភិបាល លន់-នល់។ គាត់ត្រូវបានចាប់ខ្លួន រួចបញ្ជូនទៅកាន់គុកទួលស្លែង។ សុផាត ត្រូវបានសួរចម្លើយ និងធ្វើទារុណកម្ម ដូចជាវាយដំនិងឆក់ខ្សែភ្លើង ពេលដែលគាត់ស្ថិតនៅក្នុងគុក។ ចម្លើយ ដដែលៗរបស់គាត់គឺ “ខ្ញុំមិនដឹងអ្វីទាំងអស់”។

នៅពេលមួយនោះ សុផាត ត្រូវបាននាំយកទៅសម្លាប់ ប៉ុន្តែត្រូវដោះលែងមកវិញ។ គាត់បានឃើញរណ្តៅសាកសព និងសាកសពជាច្រើន។ ក្នុងឆ្នាំ១៩៧៩ គាត់បានរត់ចេញពីគុកទួលស្លែង ដោយលោតចុះពីជាន់ទីពីរនៃអគារគុក ព្រោះអ្នកទោសភាគច្រើនត្រូវបានបាញ់សម្លាប់នៅទីនោះ។

បន្ទាប់ពីការរំដោះរបស់កងទ័ពវៀតណាម សុផាត បានស្ម័គ្រចិត្តចូលរួមជាមួយរដ្ឋាភិបាលដើម្បីប្រយុទ្ធជាមួយកងទ័ពខ្មែរក្រហម។

គ្រួសាររបស់គាត់ត្រូវបានគេសម្លាប់

វ័យតាំងពីកុមារភាពរបស់ គឹម ហ៊ួយ គឺសាមញ្ញបំផុត។ គាត់រស់នៅយ៉ាងជិតដិតជាមួយក្រុមគ្រួសារ។ ក្នុងឆ្នាំ១៩៦៩ គឹម ហ៊ួយ បានទៅរស់នៅជាមួយប្តី ឯខេត្តបាត់ដំបង។ បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាច ទ្រព្យសម្បត្តិឯកជនរបស់ គឹម ហ៊ួយ ត្រូវបានរឹបអូស។ គាត់ហូបបាយរួមជាមួយអ្នកឯទៀតនៅក្នុងរោងបាយ និងបានបាត់បង់សិទ្ធិរបស់គាត់ទាំងអស់។

ក្នុងឆ្នាំ១៩៧៨ ប្តីរបស់ គឹម ហ៊ួយ ត្រូវបានសម្លាប់។ គាត់​រៀប​រាប់​ថា៖ ពេលដែលគាត់កំពុងបំបៅដោះកូន យោធាខ្មែរក្រហមពីរនាក់បាន មកហៅប្តីរបស់គាត់ចេញទៅ។ មួយរយៈពេលក្រោយមក ទើប គាត់​ បានដឹងថា ប្តីរបស់គាត់ត្រូវបានបង្ខំឲ្យទម្លាក់ឥវ៉ាន់និងម្ហូបអាហារចេញពីត្រាក់ទ័រ។ នៅពេលដែលប្តីរបស់គាត់ធ្វើកិច្ចការរួច យោធាខ្មែរក្រហមបានបាញ់សម្លាប់គាត់ចោល។

ក្នុងឆ្នាំ១៩៧៩ គឹម ហ៊ួយ និងកូនទាំងបីរបស់គាត់ បានវិលត្រឡប់មកស្រុកកំណើតវិញ ដើម្បី បានជួបជុំគ្រួសារវិញ។ ប៉ុន្តែមិនដូចអ្វីដែល គឹម ហ៊ួយ គិតឡើយ ព្រោះឪពុក-ម្តាយ បងប្អូន និងក្មួយៗទាំង៨នាក់របស់គាត់ បានស្លាប់អស់ទៅហើយ ដោយសារកម្មាភិបាលខ្មែរក្រហមសម្លាប់ ព្រោះតែរឿង ជីកដីដោយគ្មានការអនុញ្ញាត។

រយៈពេលជាង៣០ឆ្នាំក្រោយមក គឹម ហ៊ួយ រស់នៅក្នុងជីវភាពក្រីក្រ និងគ្មានថវិកាគ្រប់គ្រាន់សម្រាប់ឲ្យកូនរបស់គាត់បានរៀនសូត្រឡើយ។ គាត់បានស្តីបន្ទោសខ្មែរក្រហមថា បានធ្វើឲ្យគ្រួសារគាត់ធ្លាក់ដុនដាប ដោយសារតែប្តីនិងសាច់ញាតិបងប្អូនរបស់គាត់ត្រូវបានសម្លាប់។

“យើងដេកនៅស្លឹកត្នោត”

បន្ទាប់ពីបានបញ្ចប់ការសិក្សានៅវិទ្យាល័យ គោក សារឿន បានចូលធ្វើជានគរបាល និងបានរៀបការ ហើយក្រោយមក គាត់បានក្លាយជាអនុ-សេនីយ៍ឯកក្នុងកងកម្លាំងប្រដាប់អាវុធនៃរបបសាធារណរដ្ឋខ្មែរ ដែលធ្វើការប្រយុទ្ធប្រឆាំងនឹងកងកម្លាំងរបស់ខ្មែរក្រហមនៅតាមសមរភូមិ។

ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ក្នុងពេលដែលប្រជាជនរស់នៅទីក្រុងភ្នំពេញត្រូវបានជម្លៀសចេញពីទីក្រុង សារឿន បានលាក់ឯកសណ្ឋានយោធារបស់គាត់ ដោយស្លៀកពាក់ខោអាវស៊ីវិលជំនួសវិញ ព្រមទាំងបានចាកចេញពីទីក្រុងទៅកាន់ស្រុកកំណើតរបស់គាត់។

ប្រជាជនដែលរស់នៅក្នុងស្រុកកំណើតរបស់ សារឿន បានស្គាល់ពីអតីតកាលរស់គាត់គ្រប់ៗគ្នា ព្រោះថា គាត់បានជួយអ្នកទាំងនោះពេលដែលគាត់នៅធ្វើជាទាហាន លន់ នល់។ គ្រួសាររបស់ សារឿន បានទទួលការហូបចុកគ្រប់គ្រាន់ ប៉ុន្តែគាត់បានសង្កេតឃើញថា ប្រជាជនក្នុងភូមិបានបាត់ខ្លួនជារៀងរាល់ថ្ងៃ។ ក្រោយមក សារឿន ត្រូវបានចាប់ និងឃុំខ្លួន ដោយសារតែគាត់ជាអតីតទាហាន លន់ នល់។

“ស្ថិតក្នុងមន្ទីរឃុំឃាំង យើងបានដេកកើយបាតដៃ ហើយអ្នកទោសទាំងអស់បន្ទោរបង់ដាក់ពាងទឹក។ ពួកយើងងើបទៅធ្វើការតាំងពីម៉ោង៤:៣០នាទីព្រឹក រហូតដល់ល្ងាចទើបវិលមកវិញ”។

ម្តាយ និងបងប្រុសរបស់ សារឿន បានស្លាប់ជាបន្តបន្ទាប់ដោយសារអត់អាហារ នៅពេលដែលគាត់កំពុងតែជាប់ក្នុងមន្ទីរឃុំឃាំង។ សារឿន បានទទួលការអនុញ្ញាតឲ្យចេញពីមន្ទីរឃុំឃាំងចំនួន១ សប្តាហ៍ ដើម្បីកប់សាកសពម្តាយ និងបងប្រុស។

ក្រោយឆ្នាំ១៩៧៩ សារឿន នៅរស់រានមានជីវិត ហើយគាត់មិនអនុញ្ញាតឲ្យកូនរបស់គាត់ចូលធ្វើជានគរបាល ឬកងកម្លាំងប្រដាប់អាវុធដូចគាត់ឡើយ។

តស៊ូដើម្បីរស់

ភិន លី មានស្រុកកំណើតនៅខេត្តកណ្តាល។ គាត់បានចូលបម្រើបដិវត្តន៍ក្នុងឆ្នាំ១៩៧២ បន្ទាប់ពីខ្មែរក្រហមចូលកាន់កាប់ភូមិរបស់គាត់។ លី ថា ​គាត់​​មាន​សេចក្តី​រីករាយ​​នៅ​ពេល​ដែល​គាត់​មានការងារនេះធ្វើ។

ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

បងប្អូនប្អូនទាំងអស់របស់ លី បានចូលបម្រើក្នុងចលនាបដិវត្តន៍ ដោយបងប្អូនប្រុសធ្វើជាយោធា ហើយស្រីៗធ្វើជាកម្មាភិបាលពេទ្យ។

ក្នុងឆ្នាំ១៩៧៧ ប្រធានកងពលរបស់គាត់ត្រូវបានចាប់ខ្លួន ពីបទជាប់ទាក់ទងជាមួយវៀតណាម។ ខ្មែរក្រហមបាន ចោទប្រកាន់គាត់ពីបទចូលរួមក្បត់ជាមួយមេ ហើយបញ្ជូនគាត់ទៅកាន់គុកព្រៃសរ ដើម្បីអប់រំកែប្រែ។

“ក្នុងពេលដែលខ្ញុំជាប់គុក ប្រធានគុកបាននិយាយថា ប្រសិនបើមាននរណាម្នាក់ធ្វើឲ្យមានកំហុស អ្នកទាំងនោះនឹងប្រឈមនឹងការសម្លាប់ចោល។ ដូច្នេះ ខ្ញុំបានរៀនសូត្រពីវា ហើយខ្ញុំបានខំធ្វើការយ៉ាងខ្លាំងរហូតខ្ញុំបានរស់រានមានជីវិត។”

នៅពេលដែលកងទ័ពវៀតណាមចូលមកដល់ លី បានរត់ចូលព្រៃ រហូតដល់ព្រំប្រទល់ថៃ។ ក្នុងឆ្នាំ១៩៨២ លី បានត្រឡប់មកស្រុកកំណើតវិញ។ បន្ទាប់មក បងប្អូនរបស់គាត់ពីរនាក់ទៀត ក៏បានមកដល់ស្រុកកំណើតដែរ។ ចំណែកឯបងប្អូន៣នាក់ទៀត បានស្លាប់និងបាត់ខ្លួនក្នុងអំឡុងពេលធ្វើបដិវត្តន៍។

“គាត់មិនឆ្លើយ…”

ក្នុងឆ្នាំ១៩៧២ មានអ្នកទៅកាន់ផ្ទះរបស់ ទ្រី ឃន ហើយបានប្រាប់កូនប្រុសអាយុ១៦ឆ្នាំរបស់គាត់ ឈ្មោះ ស្រ៊ុន សុង ឲ្យចូលបម្រើបដិវត្តន៍។

ពីរឆ្នាំក្រោយមក ទ្រី ឃន ព្រមទាំងប្តីរបស់គាត់បានទៅ យកកូនរបស់គាត់ពីខ្មែរក្រហមមកវិញ។ សុង មានជម្ងឺជាទម្ងន់។ ថ្ងៃមួយ ឃន បានស្រែកហៅកូនរបស់គាត់ ប៉ុន្តែកូនគាត់មិន ឆ្លើយតបគាត់ឡើយ។ សុង ត្រូវកម្មាភិបាលខ្មែរក្រហម មកយកចេញពីផ្ទះម្តងទៀត ទៅកាន់សមរភូមិវិញ។ បន្ទាប់មក ឃន បានឃើញកូនរបស់គាត់លើកចុងក្រោយនៅខែមេសា ឆ្នាំ១៩៧៥។

“គាត់[ឪពុករបស់ សុង]បាននិយាយថា ប្រសិនបើមាននរណាម្នាក់មកស្នើសុំកូនប្រុសដទៃទៀតរបស់គាត់ ឲ្យចូលបម្រើបដិវត្តន៍ គាត់នឹងមិនអនុញ្ញាតឲ្យទៅទៀតទេ”។

ក្រោយមក មានអ្នកមកកាន់ភូមិរបស់គាត់ ហើយបានសួរនាំគាត់ពីកូនប្រុស ដែលធ្វើការជាអ្នកថតរូបនៅក្នុងគុកក្នុងក្រុងភ្នំពេញ។ ទ្រី ឃន បានប្រាប់វិញថា សុង មិនមែនធ្វើការនៅក្នុងគុកទេ តែធ្វើការនៅក្នុងការិយាល័យ។ ព័ត៌មាននេះ បានធ្វើឲ្យ ឃន បានដឹងដំណឹងពីកូនប្រុសរបស់គាត់ តាមរយៈប្រវត្តិរូបរបស់ សុង ដែលត្រូវបានធ្វើឡើងនៅទួលស្លែង កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នំា១៩៧៧។ ទ្រី ឃន បានបាត់ដំណឹង និងតាមរកដំណឹងកូនប្រុសគាត់តាំងពីឆ្នាំ១៩៧៩មក តែគាត់មិនបានដំណឹងសោះ។

“អ្នកខ្លះនិយាយថា បានឃើញ សុង ជិះសេះនៅលើភ្នំ ហើយបានសួរគាត់ថាត្រឡប់ទៅផ្ទះវិញអត់។ សុង បាននិយាយថា គាត់ខ្លាចកងទ័ពវៀតណាម ហើយមិនយល់ព្រមត្រឡប់មកផ្ទះរហូតទាល់តែអ្នកទាំងនោះចាកចេញមក។ ខ្ញុំបានរង់ចាំ សុង ជារៀងរហូតមក”។

សមាជិកគ្រួសាររបស់ ស៊្រុន សុង។ ពីឆ្វេងទៅស្តាំ គឹម, តូច, ទ្រី ឃន, លក និង ស៊ីម

គ្មានថ្នាំដើម្បីព្យាបាលកូនរបស់គាត់

ទុន ឈុំ ធំដឹងក្តីឡើងនៅក្នុងគ្រួសារកសិករមួយក្នុងខេត្ត តាកែវ។ ឈុំ បានក្លាយជាវេជ្ជបណ្ឌិត ទោះជាគាត់មិនសូវចូលចិត្តកិច្ចការនេះក៏ដោយ ប៉ុន្តែការងារគឺពិបាករកណាស់។ ចុងបញ្ចប់ ឈុំ ត្រូវបានបញ្ជូនទៅធ្វើការនៅក្នុងមន្ទីរពេទ្យក្នុងក្រុងភ្នំពេញ។

នៅខែមេសា ឆ្នាំ១៩៧៥ ឈុំ និងគ្រួសារត្រូវបានជម្លៀសទៅកាន់ខេត្តកំពង់ស្ពី។ នៅទីនោះ អង្គការបានសួរនាំគ្រួសារគាត់ពីប្រវត្តិកាលពីអតីតកាល។ ឈុំ ត្រូវអង្គការសង្ស័យ ព្រោះគាត់និយាយថា គាត់គឺជាជាងឈើនៅក្នុងមន្ទីរពេទ្យ។

កូនដំបូងរបស់ ឈុំ មានជម្ងឺ រួចបានស្លាប់នៅកន្លែងសម្រាកព្យាបាលរបស់ខ្មែរក្រហម ក្នុងឆ្នាំ១៩៧៥។ គាត់ថា គាត់អាចជួយសង្រ្គោះកូនបាន ប្រសិនមានថ្នាំគ្រប់គ្រាន់។

នៅចុងឆ្នាំ១៩៧៨ អង្គការបានបញ្ជាឲ្យ ឈុំ ទៅធ្វើការក្នុងផ្នែកឳសថបូរាណ និងដុតខ្មោច។ គាត់បានចូលព្រៃរកថ្នាំបូរាណសម្រាប់ព្យាបាលជម្ងឺ ហើយបានឃើញសាកសពជាច្រើន។ ថ្ងៃមួយ គាត់និងបុរសម្នាក់ទៀត បានទទួលបញ្ជាឲ្យកប់សាកសពចំនួន២១នាក់។ ពេលទៅដល់ ពួកគាត់ទាំងពីរបានឃើញអ្នកទាំង២១នាក់នោះ នៅមានជីវិតនៅឡើយ ព្រមទាំងបានស្តាប់ឮការនិយាយគ្នាថា កងទ័ពវៀតណាមនឹងរំដោះប្រទេសនាថ្ងៃខាងមុខមិនខាន។

“មួយសន្ទុះក្រោយមក អង្គការបានកាត់ក្បាលអ្នកទាំងនោះទម្លាក់ចេញពីស្មា ហើយពួកខ្ញុំទាំងពីរនាក់ជាអ្នកកប់អ្នកទាំងនោះ”។