ចុងឆ្នាំ ១៩៧៥ ដើមឆ្នាំ១៩៧៦

សម្លេងឧឃោសនស័ព្ទក៏បានលាន់ឮបន្តបន្ទាប់គ្នាតាមរយៈរលកសម្លេងដ៏មុតស្រួចរបស់យុវជនវ័យម្ភៃឆ្នាំម្នាក់ ស្រែកប្រកាសឲ្យប្រជាពលរដ្ឋទាំងឡាយដែលរស់នៅក្នុងកូនក្រុងប៉ៃលិននេះ ត្រូវតែចាកចាកចេញពីគេហដ្ឋានរបស់ខ្លួនត្រឹមតែបីថ្ងៃប៉ុណ្ណោះ ដើម្បីរៀបចំស្រុកទេសកម្ចាត់ពួកខ្មាំងសត្រូវដែលបានបង្កប់ខ្លួននៅក្នុងតំបន់នេះ។ ស្នូរអាវុធលាន់ឮដូចលាជផ្ទុះនៅទីជិតទីឆ្ងាយ ក្រោមការបញ្ជារបស់ក្រុមឈុតខ្មៅមួយក្រុមទៅលើគ្រួសារនៃអ្នករស់នៅក្នុងតំបន់ត្បូងកណ្ដៀងដោយសារតែគ្រួសារទាំងឡាយខ្លះមានការស្ទាក់ស្ទើរ សម្រេចចិត្តមិនស្រេចដែលត្រូវចាកចេញពីផ្ទះទាំងទទឹងទិសដូច្នេះនោះ។ គ្រប់លំនៅឋានទាំងឡាយត្រូវបានបិទទ្វារចោលយ៉ាងស្ងាត់ជ្រងុំត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ សម្លេងទ្រហោយំ ស្ដាយស្រណោះទ្រព្យសម្បត្តិផ្ទះសំបែង និងការមិនចង់ឃ្លាតចោលពីលំនៅរបស់អ្នកស្រុកក៏បានបណ្ដែតខ្លួនឡើង ជាហេតុធ្វើឮឲ្យក្រុមឈុតខ្មៅខឹងសម្បារមិនពេញចិត្តរាល់ទង្វើទាំងអស់នេះឡើយ។ មានអ្នកខ្លះត្រូវបានបាញ់សម្លាប់ចោលនៅនឹងកន្លែងភ្លាមៗ ដោយសារតែពួកគេមិនព្រមចាកចេញពីផ្ទះ មិនអស់អាល័យពីភាពឡូយឆាយភាពស្រណុកសុខស្រួលជាមួយទ្រព្យសម្បត្តិរបស់ខ្លួន។ ការរៀបចំស្រុកទេស ក្រោមរូបភាពបំភាន់ភ្នែកមិនគួរឲ្យជឿពិតជាគួរឲ្យសាហាវខ្លាំងណាស់ ពីព្រោះភាពស្អាតស្អំ ភាពមានសណ្ដាប់ធ្នាប់នៃទីក្រុងមួយនេះវាបានប្រែរូបរាងទាំងស្រុងទៅជារញ៉ែរញ៉ៃ រាយប៉ាយដោយការបំផ្លិចបំផ្លាញ រុះរើនៃផ្ទះសម្បែងតូចធំទាំងឡាយ។ ផ្សែងហុយពីការដុតកម្ទេចចោលនូវគ្រឿងសង្ហារឹមដ៏ប្រណិតៗមួយចំនួន ដែលពួកអាវខ្មៅរើទម្លាក់ដុតចោលយ៉ាងសន្ធឹកសន្ធាប់ ការបង្គាប់បញ្ជាយ៉ាងដាច់សាច់ទៅលើប្រជាពលរដ្ឋពិតជាមានអានុភាពខ្លាំងក្លាណាស់។ ប្រសិនបើបុគ្គលណាមួយមិនព្រមទទួលយកការបញ្ជានេះទេ ពួកគេនឹងត្រូវសម្លាប់ចោលមិនញញើតដៃឡើយ។ ការសម្លាប់មនុស្សនៅសម័យនោះ គឺដូចជាសម្លាប់សត្វអ៊ីចឹង ឲ្យតែអ្នកណាតមាត់ មិនព្រមទទួលយកច្បាប់ថ្មីមួយនេះ ក្រុមអាវខ្មៅច្បាស់ជាសម្លាប់ចោលមិនខានឡើយ។ មិនថាអ្នកមាន ឬអ្នកក្រទេ គឺស្ថិតនៅលើចុងកាំភ្លើង AK ដូចតែគ្នាទាំងអស់ ឲ្យតែពួកគេមិនពេញចិត្តនូវទង្វើសកម្មភាពរបស់ពួកយើង។

  • លោកក្មួយហ៎ា….. គ្រាន់តែបោសសម្អាតខ្មាំងសត្រូវហេតុអ្វីចាំបាច់ឲ្យពួកយើងចេញពីផ្ទះនោះ? (បុរសចំណាស់សែសិបម្នាក់បានសួរទៅកាន់យុវជនអាវខ្មៅនោះ)។
  • កុំហៅពួកយើងថាលោកក្មួយ ពាក្យនេះត្រូវដូរមកហៅ«សមមត្តិ» វិញហើយ សមមិត្តឯងធ្វើតាមតែអង្គការបញ្ជាទៅ ពីព្រោះអង្គការមានបំណាងល្អ ជួយដល់សមមិត្តហើយតើ។ សមមិត្តចេញពីផ្ទះត្រឹមតែពីរបីថ្ងៃទេ នឹងត្រូវត្រឡប់មកកាន់ផ្ទះរៀងៗខ្លួនវិញហើយ។ ម្យ៉ាងទៀតផ្ទះសម្បែង ទ្រព្យសម្បត្តិផ្សេងៗ អង្គការរបស់យើងនឹងរក្សាទុកឲ្យមិនបាត់បង់ទៅណាទេ(យុវជនអាវខ្មៅបានឆ្លើយប្រាប់)។
  • ចុះហេតុអ្វី បានជាមានការសម្លាប់ដល់អ្នកភូមិនោះ? (បុរសនោះសួរបន្តទៅទៀត)។
  • ពួកយើងបានប្រាប់ហើយ អង្គការមានផែនការខ្ពស់ដើម្បីកម្ចាត់ចោលខ្មាំងសត្រូវប្រឆាំងនឹងអង្គការបដិវត្តន៍យើង ចឹងហើយពួកដែលយើងសម្លាប់ចោលនោះគឺជាខ្មាំងប្រឆាំងនឹងអង្គការ (យុវជនដដែលបានឆ្លើយ)។
  • ចឹងឲ្យតែអ្នកណាប្រឆាំង ត្រូវតែសម្លាប់ចោលឬ? (បុរសចំណាស់នោះសួរ)។
  • សមរមិត្តសួរហ្នឹងត្រូវហើយ (យុវជនអាវខ្មៅឆ្លើយ)។
  • ឆាប់ឡើងកុំនៅតត្រេតតត្រតដល់ណាទៀត នាំគ្នាដើរទៅមុខបន្តទៀតទៅ! អ្នកខាងនោះប្រញាប់ប្រញាលឡើង! (យុវជនអាខ្មៅស្រែកទៅកាន់ហ្វូងមនុស្ស)។

ក្នុងស្ថានភាពចលាចល ច្របូកច្របល់នៃមនុស្សទាំងឡាយដែលកំពុងតែធ្វើដំណើរចាកចេញពីកូនក្រុងដ៏ស្រស់ស្អាតមួយនេះទាំងបង្ខំចិ្ត វាប្រៀបបាននឹងទុកឱកាសឲ្យកូនក្រុងដ៏ពិសិដ្ឋដែលសម្បូរទៅដោយត្បូងពេជ្រដ៏មានតម្លៃនៅទំនេរឯកាតែម្នាក់ឯងក្រោមផ្សែងសង្រ្គាម។ ការចាកចេញដែលប្រកបដោយទឹកភ្នែកនិរាសព្រាត់ប្រាស់បែកបាក់ប្អូនក្រុមគ្រួសារ គឺជាមហាសោកនាដកម្មចារទុកក្នុងប្រវត្តិសាស្រ្តកម្ពុជាដែលមិនធ្លាប់មានពីមុនមក។

ប្រជាជនខ្មែររាប់នាក់ ត្រូវបានជម្លៀសចេញឲ្យអស់ពីកូនក្រុងប៉ៃលិន។ ប៉ៃលិនគឺជាតំបន់មួយដែលសម្បូរទៅដោយរ៉ែធម្មជាតិដ៏មានតម្លៃមហាសាល។ មិនត្រឹមតែសម្បូររ៉ែតែប៉ុណ្ណោះទេ ថែមទាំងសម្បូរអំបូរជនជាតិទៀតផងដូចជា ព្នង គួយ និងកូឡា(ភូមា) ជាដើម។ ជនជាតិកូឡា(ភូមា) ការរស់នៅរបស់ពួកគេ មានភាពថ្លៃថ្នូរហ៊ឺហារខ្លាំងណាស់ សូម្បីតែឡេវអាវភាគច្រើនពួកគេយកត្បូងកែច្នៃធ្វើជាឡេវអាវដាក់យ៉ាងស្រស់បំព្រងតែម្ដង។

គួរកត់សម្គាល់ផងដែរថា ការឃ្លាតឆ្ងាយពីក្រុងចេញទៅកាន់ទីផ្សេងៗនោះ វាហាក់ដូចជាមានការកំណត់បែងចែកហ្វូងមនុស្សឲ្យដាច់ៗពីគ្នា។ ប្រជាជនខ្មែរត្រូវតែទៅម្ខាង ចំណែកឯជនជាតិភាគតិចកូឡា(ភូមា?) ត្រូវតែទៅម្ខាង។

ទាហានខ្មែរក្រហមបានកែប្រែទម្រង់ បែបបទនៃការរស់នៅ ទុកដាក់សម្រាប់ប្រជាជនទាំងឡាយ។ ហើយអ្នកសេសសល់ពីប្រជាជនខ្មែរ អង្គការថ្មីនេះបានបោសសម្អាតយ៉ាងសាហាវព្រៃផ្សៃជាទីបំផុត។ ជនជាតិកូឡា(ភូមា)  រាប់សិបគ្រួសារ ត្រូវបានដឹកចេញទៅកាន់ទីផ្សេងៗតាមរយៈរថយន្តបែនដី។ រណ្ដៅបរត្បូងជាច្រើនកន្លែង វាបានប្រែក្លាយទៅជារណ្ដៅកប់សព សម្រាប់ក្រុមគ្រួសារជនជាតិកូឡា(ភូមា?) ទាំងក្មេងទាំងចាស់ទៅវិញ។ ហេតុដូច្នេះហើយបានជាមកដល់សព្វថ្ងៃនេះ ជនជាតិមួយនេះបានបាត់បង់ពីទឹកដីត្បូងពេជ្រទាំងស្រុងនៅសល់តែតួអក្សរ និងឈ្មោះ ដែលបានមានទុកនៅតាមទីវត្តអារាមខ្លះៗតែប៉ុណ្ណោះ។

កូនរថយន្តហ្ស៉ីបពណ៌ខ្មៅត្រូវគ្នាទៅនឹងឯកសណ្ឋានពណ៌ខ្មៅដូចស្លាបក្អែកមានវត្ដមានកាន់តែច្រើនឡើងៗព្រមទាំងមានអាវុធគ្រប់ដៃ ខ្លះបែរភ្ជង់តម្រង់ទៅកាន់ហ្វូងមនុស្សទាំងឡាយដែលកំពុងតែបោះជំហានមួយៗនៅលើដងវិថីនានាៗ។ មនុស្សរាប់ម៉ឺននាក់ប្រជ្រៀតក្បាលគ្នា មានទាំងតូចទាំងធំ ធ្វើដំណើរទៅមុខទាំងគ្មានទិសដៅពិតប្រាកដ។ ឥវ៉ែឥវ៉ាន់សំពីងសំពោង ដែលពួកគេយកមកតាមខ្លួនខ្លះដោយសង្ឃឹមថាអង្គការឲ្យចេញត្រឹមតែបីថ្ងៃប៉ុណ្ណោះនោះ ក៏បានក្លាយជាក្ដីបារម្ភទុក្ខព្រួយជាទីបំផុត។

នៅតាមផ្លូវជាតិលេខ៥៧ ប៉ៃលិន-បាត់ដំបង មនុស្សជាច្រើននាក់ដើរតម្រង់មករកស្រុកផ្សេងៗ ដែលអង្គការបានកំណត់ឲ្យពួកគេស្នាក់នៅធ្វើការជាបណ្ដោះអាសន្ន។ ទាហានជាច្រើនត្រូវបានសម្លាប់ដេកហើមស្ពីង រុយរោមអ៊ូ។ ទាហានទាំងនេះ សុទ្ធតែជាទាហានរបស់ លន់ នល់ ទាំងអស់ដែលអង្គការចាត់ទុកថាជាខ្មាំងសត្រូវរបស់ពួកគេ ដូច្នេះត្រូវតែកម្ចាត់ចោល។ គ្រាន់តែប៉ុន្មានថ្ងៃប៉ុណ្ណោះ អ្វីៗសព្វបែបយ៉ាងប្រែប្រួលខុសប្រក្រតីទាំងស្រុង ជាពិសេសរបៀបរបបគ្រប់គ្រងដោយអង្គការថ្មីមួយនេះ។ យុវជនអាវខ្មៅក្មេងៗស្ពាយកាំភ្លើងដើរល្បាតយ៉ាងអង់អាច ទឹកមុខដ៏មាំគួរខ្លាចរអាក្រៃលែង។ ការធ្វើដំណើរចេញពីក្រុងប៉ៃលិន មានការយឺតយូរខ្លាំងណាស់ ដោយសារតែចំនួនមនុស្សច្រើនពេក លុះមកដល់បន្ទាយក្បែរដីក្រហម អង្គការបានប្រកាសឲ្យហ្វូងមនុស្សទាំងអស់សម្រាកដើម្បីដាំបាយហូបរៀងៗខ្លួនដែលមានអ្វីបន្តិចបន្តួចជារបស់យកតាមខ្លួនស្រាប់។

ការរៀបចំដាំបាយប្រព្រឹត្តទៅយ៉ាងលំបាកនៅកណ្ដាលហ្វូងមនុស្សមីដេរដាស។ ខ្វះទាំងទឹកខ្វះទាំងម្ហូបដើម្បីឲ្យសមាជិកគ្រួសាររបស់ខ្លួនបានទទួលទាន ជាពិសេសកុមារតូចៗដែលពួកគេមិនធ្លាប់អត់អាហារយូរដូច្នេះឡើយ។ ក្លិនឆ្អេះ ក្លិនឆ្អាប ស្អុយផ្សេងៗ ដែលកើតចេញពីការបន្ទោរបង់ពាសកាល ក៏បងឲ្យមានការកើតជាជម្ងឺផ្សេងៗ។ ម្យ៉ាងទៀត ក្លិនដែលយើងស្ទើរទ្រាំមិនបាននោះគឺក្លិនសាកសពទាហាន លន់ នល់ នេះតែម្ដង។ លុះហូបចុកបានត្រឹមតែកន្លះពោះគ្រប់ៗគ្នារួចហើយ ការបង្ខំចិត្តដេកពួននៅក្នុងកូនមុងតូចៗរបស់ខ្លួន គ្រួសារជាច្រើនទៀតបានយកលំហមេឃទាំងមូលធ្វើជាមុងផែនប្រឹថពីធ្វើជាកម្រាល ក្រាលសម្រាប់ប្រពន្ធកូនដេក។ ចំពោះអ្នកមាន កុងសែ ថៅកែទិញត្បូងទាំងឡាយដែលមានត្បូង ប្រាក់ទាំងប៉ុន្មាន បានយករបស់ដែលមានតម្លៃទាំងនោះដោះដូរមកវិញត្រឹមតែកន្លែងស្នាក់មួយរាត្រី ឬកូនកន្ទុយត្រីងៀតបានបន្ដិចបន្តួចប៉ុណ្ណោះ។ ពេលណាស្រុកកើតកលយុគដូច្នោះ មាស ប្រាក់ ត្បូង ពេជ្រ ក៏បានប្រែក្លាយទៅជាក្រដាសដុតបង្អើលមូស ស្មើនឹងកូនដុំថ្ម ឬគ្រួសអស់រលីង។ ពីព្រោះថាអង្គការបានប្រកាសបញ្ឈប់លែងឲ្យមានការប្រើប្រាស់ក្រដាសប្រាក់ទៀតហើយ ដោយសារហេតុផលថា អង្គការមានកាតព្វកិច្ចមើលការខុសត្រូវជំនួស ហើយចាប់ពីពេលនេះទៅមនុស្សទាំងអស់នេះរស់នៅបែបលក្ខណៈរួម អ្នកធ្វើការបានបាយហូប ចំណែកអ្នកមិនធ្វើការគឺត្រូវតែយកទៅរៀន ហាត់ពត់លត់ដំប្ដូរឥរិយាបថទំនើងហ៊ឺហារទាំងប៉ុន្មាន ត្រូវតែលុបបំបាត់ចេញ សម្របខ្លួនឲ្យសមស្របទៅតាមអង្គការបដិវត្តន៍។ ណាមួយការរស់នៅក្រោមការមើលថែរបស់អង្គការនេះទៀតសោត គឺមានការសុក្រឹត គ្មានអ្នកតូចគ្មានអ្នកធំ អ្នកមានអ្នកក្រ បែងចែកវណ្ណៈដូចសម័យមុនៗទៀតនោះទេ។ អង្គការដ៏អស្ចារ្យនេះហើយដែលអាចធ្វើឲ្យមនុស្សទូទាំងប្រទេសមានសេចក្ដីសុខស្រួលជាងគេ។

បីថ្ងៃកន្លងផុតទៅ ហ្វូងមនុស្សទាំងឡាយចេះតែបន្តដំណើរទៅតាមទិសដៅរបស់អង្គការដែលបានបែងចែកតំបន់ឲ្យ។ ហើយក្ដីសង្ឃឹមដែលអង្គការអាវខ្មៅបានសន្យាថាឲ្យវិលត្រឡប់មកកាន់ផ្ទះសម្បែងវិញនោះ ក៏លែងមានការប្រកាសប្រាប់ទៀតហើយដែរ បានត្រឹមតែប្រាប់ថា អង្គការកំពុងតែដុតដៃដុតជើងបោសសម្អាតពួកខ្មាំងមិនទាន់អស់នៅឡើយ។ អង្គការបានប្រកាសប្រាប់តាមរថយន្តហ្ស៉ីបថា ផ្ទះ ទ្រព្យសម្បត្តិរបស់សមមិត្តទាំងអស់មិនបាត់បង់ទៅណាទេ អង្គការបានរក្សាទុកយ៉ាងយកចិត្តទុកដាក់បំផុតកុំបារម្ភអី។

ហ្វូងមនុស្សក៏ត្រូវបានកាត់ជាផ្នែកៗ ផ្នែកខ្លះត្រូវទៅខាងអូរអណ្ដូង ត្រែង ដំណាក់ស្ដៅ មួយចំនួនទៀតត្រូវទៅខាងភ្នំដូនមាយ ច្រាំងចោត រូង​អំពុះឃ្លាំង កំពង់គល់។ ការធ្វើការងារនៅតាមមូលដ្ឋាន ដែលបានបែងចែកដោយអង្គការនោះ មានការលំបាកខ្លាំងណាស់ ដោយសារមនុស្សមួយចំនួនធំ អតីតកុងសែថៅកែត្បូង មន្រ្តីរាជការ សុទ្ធសឹងតែជាអ្នកមិនធ្លាប់ធ្វើការធ្ងន់ៗ គួបផ្សំនឹងការហូបចុកមិនគ្រប់គ្រាន់ផងធ្វើឲ្យអ្នកទាំងនោះស្រុតកម្លាំងស្គមស្បែកដណ្ដប់ឆ្អឹង ក្មេងៗមួយភាគធំ ត្រូវបានស្លាប់ជាបន្តៗ ដោយសារកង្វះអាហារ និងឈឺគ្មានថ្នាំលេបជាដើម។

ការងារដែលអង្គការបានប្រគល់មុខងារឲ្យធ្វើក្រោមកំដៅថ្ងៃ ខ្យល់រងាជាច្រើនម៉ោង លើសលួសហួសកម្លាំង ហើយរបបអាហារមិនស្មើទៅនឹងអ្វីដែលបានធ្វើនោះ ជាកត្ដាធ្វើឲ្យមានការឈឺ កើតជម្ងឺអាសន្នរោគផ្សេងៗ និងអត្រាស្លាប់ក៏កាន់តែច្រើនដែរ។

ចំពោះការងារវិញ ទាំងប្រុសទាំងស្រីធ្វើស្មើគ្នាទាំងអស់ ត្រូវកាប់ឆ្ការព្រៃដើម្បីដាំសណ្ដែក ល្ង ពោត និងអំពៅជាដើម។ ទោះបីជាមានការរស់នៅរួមគ្នានិងហូបរួមគ្នាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋទាំងអស់ហូបមិនគ្រប់គ្រាន់នោះឡើយ ដច្នេះហើយបានជាមានការកើតជម្ងឺរមួលពោះរហូតដល់ស្លាប់ក៏សឹងមាន។ ការលួចលាក់មើមឈើបន្តិចបន្តួចក៏ចាប់ផ្ដើមមានជាហូរហែ ទង្វើនេះ ជាទង្វើក្បត់នឹងអង្គការ អាចស្លាប់ឬអាចរស់ទៅតាមទំហំទោសនោះ។

អង្គការមានក្រឹតវិន័យដ៏តឹងរឹងចំពោះតែប្រជាពលរដ្ឋតែប៉ុណ្ណោះ បើអ្នកណាម្នាក់ហ៊ានលួចរបស់ទុកហូបនោះ គឺមានន័យថាមិនស្មោះត្រង់នឹងអង្គការឡើយ ស្មើនឹងពាក្យថា«ខ្មាំង» ជាមុខសញ្ញាត្រូវកម្ទេចចោលភ្លាម។ សម្រាប់អង្គការវិញ នៅពេលណាមានគណៈប្រតិភូតំណាងតំបន់មកប្រជុំបូកសរុបស្ថិតិការងារ តែងតែរៀបចំអាហារច្រើនពោរពាសស៊ីសល់ទុកដល់ជ្រូកស៊ីទៀតផង។ បើនិយាយពីកសិផលដំណាំដាំដុះវិញ មួយឆ្នាំធ្វើបីដង មួយហិចតាបីបួនតោនឯណោះ ប្រឹងទាំងយប់ទាំងថ្ងៃហូបចុកមិនគ្រប់គ្រាន់ បានត្រឹមតែបបរទឹករាវកក្លូកដដែល។ អញ្ចឹងហើយបានជាមានពាក្យមួយថា «ធ្វើស្រែនឹងមេឃស៊ីបាយ ធ្វើស្រែនឹងបាយស៊ីបបរ» ពាក្យនេះជាពាក្យរបស់កញ្ញាបញ្ញាវន្ដម្នាក់ដែលបាននិយាយនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុន្ដអនិច្ចា គ្រាន់តែនាងនិយាយផុតពីមាត់ មិនបានប៉ុន្មានដង្ហើមរុយផង នាងក៏ត្រូវបានយុវជនអាវខ្មៅពួកចិត្តតិរច្ឆានយកទៅសម្លាប់ចោលបាត់ទៅ។

សុរិយាអស្តង្គតរលត់បាត់កាំរស្មីទៅ បានត្រឹមតែបន្សល់ទុកនូវចំហាយក្ដៅៗចេញពីដីខ្សាច់នៅតាមផ្លូវនៃរទេះគោ។ នរៈពាក់អាវខ្មៅខ្លះមានឆ្នួតក្បាលក្រមា ស្មាលីកាំបិតខ្វែវដើរចេញពីចម្ការឫស្សីព្រៃព្រិច ដែលទើបតែកាប់រួច ក្នុងសភាពហេវហត់ដើរជាជួរៗ ហាក់ដូចជាគេបានគូសខ្សែបន្ទាត់ឲ្យដើរយ៉ាងមានរបៀប។

បរុសម្នាក់មានឆ្អឹងធំ សម្បុរសជ្រះបន្តិចស្ទើរមិនមែនខ្មែរចំ ក្នុងចំណោមជនឯទៀត បានដើរចូលក្នុងកូនខ្ទមប្រក់ស្លឹកដូង ដែលអង្គការបានប្រគល់ឲ្យជាកម្មសិទ្ធិ។ បានយកកាំបិតទៅបញ្ឈរនៅក្បែរកូនឆ្នាំងដាំថ្នាំបុរាណមួយដែលមានក្លិនមិនច្រឡំ ងាយនឹងកត់សម្គាល់បាន ប្រសិនបើមានអ្នកណាដើរកាត់មុខកូនខ្ទមស្លឹកដូងនោះ នឹងដឹងថាពិតជាអ្នកណាទើបតែសម្រាលកូនជាមិនខានឡើយ ពីព្រោះក្លិនថ្នាំស្ងោរនេះ គឺជាប្រភេសទថ្នាំកូនខ្ចី។

  • យ៉ាងម៉េចដែរពុកវា ការងារថ្ងៃនេះ? (មីងខែមសួរទៅប្ដី)។

ពូម៉ឺនដើរទៅសិតទឹកថ្នាំហូប បន្ទាប់ពីគាត់ឱនឈ្ងោកមើលកូនទារកដ៏គួរឲ្យស្រឡាញ់ស្មើរថ្លើមប្រមាត់របស់គាត់ រួចឆ្លើយតបទៅនឹងសំណួររបស់ប្រពន្ធគាត់ថា៖

  • ការងារដែលអង្គការដាក់ឲ្យកាប់ឆ្ការព្រៃនោះពិតជាលំបាកណាស់ ពីព្រោះដីព្រៃនោះមានទំហំធំហើយក្រាស់ទៀត អ្នកកាប់មានតែដប់នាក់តែប៉ុណ្ណោះ។ ម្យ៉ាងទៀតអង្គការបង្ខំឲ្យហើយក្នុងថ្ងៃនេះតែម្ដង។ អង្គការប្រាប់ថា ស្អែកត្រូវទៅកាប់នៅឯព្រៃផ្សេងទៀត មិនអាចធ្វើការងារប៉ុណ្ណោះ ត្រាំត្រែងយូរថ្ងៃឡើយ។
  • ហើយកូនប្រុសយើងមានយំធ្វើទុក្ខម៉ែវាឯងទេ? (ពូម៉ឺនបែរមកសួរប្រពន្ធ)។
  • កូនយើងមិនសូវជាធ្វើទុក្ខអីទេ ឃើញដេករហូត(មីងខែម ឆ្លើយ)។
  • ចុះពុកវាឯងទៅកាប់ព្រៃមានជួបអ្នកស្គាល់ទេ? (មីងខែម ខិតមកខ្សឹបប្ដី)។
  • ខ្ញុំបានជួបនឹងអ្នកស្គាល់មុខម្នាក់កាលយើងនៅរកស៊ីត្បូងនៅបរតាំងស៊ូ ថែមទាំងធ្លាប់មានទាស់ពាក្យសម្ដីនឹងគ្នា ពីរឿងត្បូងទៀតម្ដងផង (ពូមឿនឱនមកនិយាយតិចៗ)
  • ណាគេទៅពុកវា? (មីងខែម សួរទាំងឆ្ងល់ក្នុងចិត្ត)។។
  • គេនោះគឺ… ​(ពូម៉ឺនឆ្លើយដាច់ៗ)

មីងខែម កំពុងតែប្រឹងផ្ទៀងត្រចៀកស្ដាប់ពូម៉ឺន ឆ្លើយ មិនទាន់បានបញ្ចប់នូវប្រយោគនោះផង ស្រាប់តែមានហេតុការណ៍ក៏ភ្ញាក់ផ្អើលមួយបានបង្ហាញខ្លួននៅចំច្រកចូលក្នុងខ្ទមនោះ។

  • គឺខ្ញុំ….(សមមិត្តម៉េងដើរចូល)។
  • ហ៊ាម៉េង! (មីងខែម ភ្លាត់មាត់)។
  • ត្រូវហើយ…. ខ្ញុំគឺម៉េង…. ថៅកែត្បូងម៉េង ពីមុន នរណាៗក៏ស្ញើបនឹងខ្ញុំដែរ (សមមិត្តម៉េងឆ្លើយយ៉ាងកតើត)។
  • ដូចជាធំក្លិនកូនខ្ចី? អ្នកណាគេទើបឆ្លងទន្លេឬ? ឬក៏សមមិត្តខែម ឯង? អូ…. កូនសប្រុសនេះស្អាតថ្លោសគ្រាន់បើណាស់តើ! (សមមិត្តម៉េង ឈរមើលមុខកូនង៉ា)
  • ចុះសមមិត្តហេតុអ្វី បានជាសមមិត្តម៉េងឯងដឹងថាពួកយើងនៅទីនេះ? (ពូ ម៉ឺនសួរ)។
  • សើច…. ​ខ្ញុំស៊ើបទម្រាំនឹងដឹងគឺអស់រយៈមួយអាទិត្យទើបបានដឹង(សមមិត្តម៉េង ដើរក្រពាត់ដៃក្បែរ ភ្លើងចង្រ្កានថ្នាំ)។ ខ្ញុំមកនេះមិនមែនមានបំណងអាក្រក់នោះទេ ធម្មតាមិត្តធ្លាប់រួមអាជីពពីមុនមក ចេះតែចង់សួរសុខទុក្ខគ្នាទៅ។ ម្យ៉ាងទៀតរឿងទាស់គ្នាពីមុនៗ យើងបំភ្លេចវាចោលទៅ ព្រោះវាកន្លងហួសយូរខែឆ្នាំហើយ។ ប្រហែលសមមិត្តទាំងពីរមានការងឿងឆ្ងល់ហើយមើលទៅ ដែលបានឃើញខ្ញុំស្លៀកពាក់ឈុតខ្មៅ មានស្ពាយកាំភ្លើងដូច្នេះនោះ។ ខ្ញុំសុំប្រាប់សមមិត្តឲ្យដឹងទៅចុះ អង្គការបានចាត់តាំងឲ្យខ្ញុំមើលការខុសត្រូវនៅតំបន់នេះ ហើយខ្ញុំក៏មានការទំនាក់ទំនងដ៏សម្ងាត់ជាមួយអង្គការជាយូរឆ្នាំហើយដែរ តាំងពីមុនខ្ញុំធ្វើជាថៅកែត្បូងនៃប៉ៃលិននេះម្ល៉េះ។
  • ចឹងបានន័យថាសមមិត្តម៉េង ធ្វើជាគិញសម្ងាត់នេះយូរហើយមែនទេ? (ពូម៉ឺនសួរ) សមមិត្តម៉េង អង្គុយឆ្កឹះរងើកភ្លើងបន្តិចមុនឆ្លើយនូវសំណួរនេះ
  • ត្រឹមត្រូវហើយ… ដូចដែលខ្ញុំបានប្រាប់ខាងដើមចឹង គឺយូរឆ្នាំហើយ ពីព្រោះអង្គការមានផែនការច្បាស់លាស់ ​ដើម្បីលុបបំបាត់ចោលនូវវណ្ណៈមូលធននិយម អំពើជិះជាន់ទៅលើអ្នកទន់ខ្សោយ ​គ្មានអ្នកមាន គ្មានអ្នកក្រ ព្រមទាំងគ្មានអ្នកណាបម្រើអ្នកណាឡើយ។

កូនង៉ារើបម្រះខ្លួន ស្រែកយំង៉ាៗ ដោយសារឮសម្លេងមនុស្សចម្លែកនិយាយ។ មីងខែម បែរមកលើកត្រកងកូនង៉ាថ្នមៗ ដូចកាន់កែវពេញទឹកខ្លាចកំពប់។ សមមិត្តខែម ចាប់បំបៅដោះកូនដោយបែរទៅជ្រុងម្ខាងនៃកូនខ្ទម។

  • ខ្ញុំមកនេះ គ្រាន់តែចង់មកប្រាប់សមមិត្តទាំងពីរនាក់ឲ្យមានការប្រុងប្រយ័ត្នបន្តិច ពីព្រោះអង្គការនឹងមានផែនការថ្មីមួយទៀត ដើម្បីស្រាវជ្រាវរកអតីតបញ្ញាវន្ត មន្រ្តីរាជការ យោធា ទាហាន សិល្បករ កវីនិពន្ធទាំងឡាយ ដែលអង្គការយល់ថាជាមនុស្សខូចសតិ ប្រព្រឹត្តតែអំពើភ្លើតភ្លើន ពុលទៅនឹងភាពរីករាយតែពីរឿងរាំច្រៀងសប្បាយឥតបានការ។ ខ្ញុំត្រឡប់ទៅវិញហើយ ប្រសិនបើមានការអី សមមិត្តឯងអាចប្រាប់ខ្ញុំបាននៅពេលជួបខ្ញុំលើកក្រោយ។ ខ្ញុំលាសិនហើយ…. ​(សមមិត្តម៉េង បាននិយាយប្រាប់សមមិត្តម៉ឺននិងខែម)។

សមមិត្តម៉េង ដើរចេញពីកូនខ្ទមបាត់ទៅ ចំណែកឯម៉ឺននិងខែមបានត្រឹមដកដង្ហើមធំ មើលមុខគ្នាតែប៉ុណ្ណោះ ពីព្រោះតាមសម្ដីរបស់សមមិត្តម៉េង អង្គការនឹងបន្តស្រាវជ្រាវ បញ្ញាវន្ដ កវីនិពន្ធ មន្រ្តីរាជការ ទាំងឡាយដើម្បីសម្លាប់ចោល ពីព្រោះអ្នកទាំងពីរជាអ្នកចេះដឹងជ្រៅជ្រះមួយរូបផងដែរ។

ទោះបីសមមិត្តខែម សម្រាលកូនបានត្រឹមតែបីថ្ងៃក៏ដោយ អង្គការក៏បានបញ្ជាឲ្យមកជួយការងារគេនៅជិតៗផ្ទះ ដោយកូនមានអ្នកទទួលទុកមើលថែជំនួសនៅក្នុងរោងកុមារដ្ឋាន។ សមមិត្តខែម ទោះបីមិនទាន់រឹងដៃរឹងជើងស្រួលបួសក៏ត្រូវតែចុះធ្វើការឲ្យដូចគេដែរ ពីព្រោះនេះជាបញ្ជាពីអង្គការ។ ការកាប់ឆ្ការច្បារដំណាំ មើលថែបន្លែ ស្រោចទឹកបន្លែ ថែជ្រូក ដាក់បាយឲ្យជ្រូកជាដើម គឺបានត្រឹមតែមួយអាទិត្យតែប៉ុណ្ណោះ សមមិត្តខែម ក៏ត្រូវសមមិត្តនារីផ្សេងទៀតច្រណែន បានរាយការណ៍ដល់ថ្នាក់លើ។ ស្អែកឡើងសមមិត្តខែម ក៏ត្រូវបានបញ្ជាឲ្យទៅធ្វើការនៅចម្ការវិញម្ដងជាមួយសមមិត្តប្រុសស្រីឯទៀត។

  • ក្មួយៗ… ទើបតែសម្រាលកូនខ្ជីផង ហេតុអ្វីអង្គការបញ្ជាឲ្យមកធ្វើកាប់គាស់ដីចម្ការអំពៅចឹង? (អ៊ំស្រីម្នាក់និយាយខ្សិបៗដាក់នាង ខែម)
  • ចា៎អ៊ំ… ពីមុនខ្ញុំធ្វើការនៅក្នុងសួនបន្លែ មើលថែជ្រូកបន្តិចបន្តួច ប៉ុន្ដែក្រោយពីមានការច្រណែនពីសមមិត្ត​នារីឯទៀតៗ ពួកគេរាយការណ៍ទៅថ្នាក់លើថាខ្ញុំហ្នឹងខ្ជិល មានកម្លាំងពេញខ្លួន ទម្រន់ មាយាទុកកម្លាំងមើលថែកូនខ្ចី មិនគួរឲ្យមានការនេះចំពោះខ្ញុំទៀតនោះឡើយ (នាងខែម និយាយតិចៗបណ្ដើរប្រឹងកាប់រណ្ដៅអំពៅបណ្ដើរ)។
  • យី! មីថ្លើមខ្មៅណា ច្រណែនមិនមើលមនុស្សកូនខ្ចីសោះ! យី! មីនេះសមតែអង្គការយកទៅឲ្យរៀនសូត្រមែន (សម្ដីខឹងសម្បាររបស់អ៊ំស្រី)។
  • មិនអីទេអ៊ំ… ខ្ញុំអាចធ្វើបាន គ្រាន់តែនៅឆ្ងាយពីកូនតូច អណិតកូន។ ទឹកភ្នែករបស់នាងខែម ស្រក់ចុះច្រោកមួយរំពេចទាំងកណ្ដាលថ្ងៃជិតត្រង់ (នាងឆ្លើយគួរសមទាំងអួលដើមក)។
  • ប៉ុន្ដែអ៊ំចេះតែបារម្ភ ខ្លាចក្រែងក្មួយឯងប្រឹងធ្វើការពេកទៅ​ទៅជាទាស់អត់ទឹកដោះឲ្យកូនបៅទៅណា (អ៊ំស្រីដដែលនិយាយសម្ដែងការព្រួយបារម្ភ)។
  • ត្រូវហើយអ៊ំ… តិចលោខ្ញុំទាស់ទេដឹង បានជាដោះរបស់ខ្ញុំលែងសូវមានទឹកដោះចឹង កូនបៅមិនឆ្អែតទេ គ្នាយំយប់ណាស់ឥឡូវនេះ (នាងខែម និយាយទាំងភ្ញាក់ខ្លួន)។
  • នោះអ៊ំថា ហើយចេះខុស ថាទាស់អត់ទឹកដោះៗមែន (អ៊ំស្រីយឹក និយាយ)។
  • ចឹងធ្វើម៉េចទៅអ៊ំដើម្បីឲ្យមានទឹកដោះសម្រាប់បៅវិញនោះ(នាងខែមនិយាយ)
  • ចាំមើលល្ងាចមកធ្វើការវិញម្ដងទៀតចាំអ៊ំប្រាប់ អ៊ំត្រូវសួរតាវាសិន ពីព្រោះគាត់ចេះថ្នាំបុរាណច្រើនណាស់ ម៉េចម៉ាបើបានថ្នាំហើយ ចាំអ៊ំយកទៅឲ្យដល់ផ្ទះតែម្ដង គ្រាន់អ៊ំបានមើលមុខចៅតិចផង (អ៊ំយឹក មានប្រសាសន៍ទាំងញញឹម)។
  • ចា៎អ៊ំ… អរគុណហើយ ដែលអ៊ំមានសន្ដានចិត្តល្អដូច្នេះនោះ (នាងខែម និយាយមុខស្ងួត)។

ថ្ងៃក៏កាន់តែខ្ពស់ ចំណែកពោះវិញក៏កាន់តែកូររណ្ដំដូចឆ្មាររត់ដេញចាប់កណ្តុរ។ សម្លេងស្រែកខ្លាំងៗពីទាហានអាវខ្មៅ ប៉ុល ពត ស្រែកប្រកាសថា៖

  • ព្រឹកនេះសមមិត្តទាំងអស់គ្នាសម្រាកសិនចុះ ពីព្រោះដល់ម៉ោងបាយថ្ងៃត្រង់ហើយ លុះបាយថ្ងៃត្រង់រួចចាំយើងចាប់បន្តការងារទៀត។

ទាំងអស់គ្នាក៏ម្នីម្នាសម្រុកដើរតម្រង់ ត្រឡប់មកកាន់រោងបាយរួមវិញដោយក្ដីស្រេកឃ្លានជាពន់ពេក។ ចំពោះការហូបចុកវិញ ពេលណាក៏ដូចពេលណាដែរ អង្គការតម្រូវឲ្យប្រជាជនទាំងអស់នៅក្នុងមូលដ្ឋាននីមួយៗបបរជាមួយសម្លរម្ជូរត្រកួន ដាក់ទាំងចាស់ទាំងខ្ចី និងត្រីកញ្ចុះទាំងធ្មុង រអិលព្រាល់ ក្លិនឆ្អាបស្ទើរដោលចេញមកវិញ។ ពេលខ្លះផ្លាស់មុខម្ហូប ជួនមានសម្លរប្រហើរ កកូរចឹងដែរ ប៉ុន្ដែអ្វីដែលមិនអាចផ្លាស់បាននោះគឺបបរនៅតែជាបបរដដែល មិនអាចដូរមកជាបាយវិញជាដាច់ខាត។ ចំពោះមេកង មេក្រុមធំៗវិញ គឺគេតម្រូវទទួលបាយជាមួយមុខម្ហូបយ៉ាងតិចពីរមុខឯណោះ។ អង្គការតែងតែមានការប្រកាស​ នៅពេលមានអង្គប្រជុំម្ដងៗថា អង្គការស្រឡាញ់ប្រជាជនទាំងអស់ស្មើៗគ្នា គ្មានអ្នកលើ ហើយក៏គ្មានអ្នកក្រោមដែរ។ មានអ្វីត្រូវចេះចែករំលែកគ្នា មិនត្រូវលាក់បំពួននោះឡើយ នៅក្នុងរោងបាយរបស់យើង។ ហើយបើមានអ្វីដែលអង្គការរបស់យើងធ្វើទៅហើយមិនយុត្តិធម៌នោះ សូមសមមិត្តទាំងអស់គ្នាមានជាមតិយោបល់មក! កុំខ្លាចក្រែងអី!

  • ខ្ញុំមានមតិយោបល់ខ្លះៗមានសមមិត្ត (សមមិត្តចន បានលើកដៃ)។

សម្លេងទះដៃពីកម្មាភិបាលបួនដប់នាក់នៅខាងមុខហ្វូងមនុស្សយ៉ាងស្រុះគ្នា។

  • ល្អណាស់សមមិត្តចន ដែលមានជាមតិយោបល់ដូច្នេះនោះ តើសមមិត្តចន ឯងមានមតិយ៉ាងណា?

និយាយមកចុះ! (សមមិត្តមេកង ឈ្មោះយ៉ាត បានសួរ)។

  • ខ្ញុំសូមស្នើឲ្យសមមិត្តប្រធានកែទម្រង់ផែនការ នៅក្នុងរោងបាយរបស់យើង (សមមិត្តចន បានស្នើទៅកាន់សមមិត្តប្រធានយ៉ាត)។
  • តើសមមិត្តចន ចង់បានយ៉ាងណា នៅក្នុងរោងបាយរបស់យើងនេះ? (សមមិត្តប្រធានសួរបន្ត)។
  • ខ្ញុំចង់ឲ្យមានការដូរពីហូបបបរ ទៅជាការហូបបាយវិញ (សមមិត្តចន ឆ្លើយ)។

សម្លេងទះដៃពីកម្មាភិបាលទាំងនោះ លាន់ឮសារជាថ្មីម្ដងទៀត ប្រកបដោយអត្ថន័យដ៏ព្រឺសាច់។

  • ពិតជាល្អមែនសមមិត្តចន… យើងខ្ញុំនឹងមិនភ្លេចទេនូវមតិយោបល់ស្នើសុំរបស់សមមិត្ត យើងនឹងធ្វើតាមមតិរបស់សមមិត្ត (សមមិត្តប្រធានដើរទៅឱបសមមិត្តចន នៅក្នុងចិត្តស្ទើរតែរហែកសាច់សមមិត្តចន ស៊ីទាំងស្រស់)។
  • តើសមមិត្តណាចង់មានមតិយោបល់ដូចសមមិត្តចន ទៀតទេ? សូមអញ្ជើញ! បើមិនមានទេ អង្គប្រជុំយើងនឹងត្រូវបញ្ចប់ហើយ ប្រកាសរំសាយឥឡូវ។

លុះអង្គប្រជុំបានរំសាយហើយ ម្នាក់ៗមានការភ័យខ្លាចជំនួសសមមិត្តចន ស្ទើរគ្រប់ៗគ្នា ប៉ុន្ដែគ្មានអ្នកណាហ៊ាននិយាយនោះឡើយ។ ម្នាក់ៗបានត្រឹមតែសោកស្ដាយ មិនគួរណាសមមិត្តចន ស្នើសុំបែបហ្នឹងនោះទេ។

រាត្រីខែភ្លឺនារដូវប្រាំងរាំងស្ងួតហួតហែង ព្រឹក្សព្រៃទាំងឡាយស្វិតក្រញម ដល់ព្រមស្ទើរក្ស័យទាំងឫសទាំងគល់ទៅហើយ។ ពន្លឺដួងច័ន្ទក៏ស្រឡះច្បាស់ត្រចង់ទៀត សព្វសត្វទាំងឡាយក៏លែងខ្វល់ខ្វាយពីអ្វីផ្សេងទៀត ធ្វើយ៉ាងណាមួយរាត្រីកាលនេះលង់លក់ឲ្យបានស្គប់ស្កល់ ប្រាសចាកទុក្ខកង្វល់ ចង្រៃភិតភ័យ ចូរកុំឲ្យបៀតបៀនខ្លួនខណៈពេលកំពុងចូលនិន្រ្ទានោះឡើយ។ ឆ្កែស្រុក ឆ្កែព្រៃ អាអូដ្ឋ តាវៅក៏បាត់ស្ងាត់មាត់ឲ្យជ្រងំ លែងហ៊ានស្រែកលេង ហ៊ានយំទៀតហើយដែរ ហាក់ដូចជាយល់ពីដំណើរសាច់រឿងដ៏សោកនាដកម្ម នៃរង្វង់កង់ចក្រនយោបាយកម្ពុជាដែលកំពុងតែលិចអណ្ដែតឥតឈប់ឈរ ដោយសារតែមនោគមន៍វិជ្ជាដ៏ពិសពុលរបស់បរទេសបានចាក់ស្រោចស្រប មកលើកម្ពុជាទាំងស្រុង ឲ្យលិចលង់ផុងជាប់ដកខ្លួនមិនរួច។

សម្លេងមាន់ចាប់ផ្ដើមរងាវជាលើកទីមួយចប់បានមិនទាន់ស្រួលបួលផង គ្រប់លំនៅឋានទាំងពួងមានសភាពស្ងប់ស្ងាត់ទន្រ្ទីង លើកលែងតែកូនង៉ារបស់សមមិត្តខែម តែប៉ុណ្ណោះដែលស្រែកយំម្ដងម្កាលមិនដឹងជាក្មេងនោះកើតអ្វីឲ្យប្រាកដ?។ សន្ធឹកជើងខោដើរប៉ះគ្នាប៉ាត់ៗ លាយទៅនឹងទម្ងន់ស្បែកជើងកង់ឡានទន្រ្ទាន់ដីក្នុងជំហានជើងប្រញាប់ប្រញាល់ កាត់មុខកូនខ្ទមរបស់នាយម៉ឺននិងនាងខែម។ រំលងបានបីបួនកូនខ្ទម ក៏លាន់ឮសម្លេងស្រែកហៅឈ្មោះសមមិត្តចន។

  • សមមិត្តចន អឺយ… សមមិត្តចន (សម្លេងស្រែកហៅ)។
  • បាទ បាទ បាទ (សមមិត្តចន ឆ្លើយតប)
  • ពួកខ្ញុំមកនេះ គឺមានការចង់ប្រាប់ដល់សមមិត្ត ពីព្រោះសមមិត្តប្រធានពេញចិត្តនឹងសេចក្ដីក្លាហានរបស់សមមិត្តឯងខ្លាំងណាស់ ដូច្នេះសមមិត្តប្រធានបញ្ជាឲ្យពួកខ្ញុំមកនាំសមមិត្តចន ឯងទៅជួបគាត់នៅស្រុកព្រឹកស្អែកនេះ។ អ៊ីចឹងហើយសមមិត្តចូរទៅជាមួយពួកយើងឥឡូវនេះ ពីព្រោះយើងត្រូវដើរផ្លូវឆ្ងាយណាស់ (សមមិត្តម៉េង បាននិយាយប្រាប់សមមិត្តចន)។
  • អូ… ចឹងផង! បាទ បាទ ខ្ញុំនឹងទៅជាមួយសមមិត្តក្នុងឥឡូវនេះភ្លាម (សមមិត្តចង់ទទួលពាក្យបញ្ឆោទពីសមមិត្តម៉េង)។

បន្ទាប់ពីរៀបចំខ្លួនរួចស្រេចបាច់ហើយ ទាំងអស់គ្នាបាននាំគ្នាដើរចេញពីភូមិឆ្ពោះទៅទិសខាងកើតស្ងាត់បាត់ឈឹងទៅ។ លុះអ្នកទាំងនោះដើរទៅមុខទៀតមិនបានប៉ុន្មានផង សមមិត្តចន ត្រូវបានកម្មាភិបាលអាវខ្មៅចាប់ចហស្លាបសេកនឹងខ្សែចំណងបណ្ដើរទៅខាងត្បូងព្រៃសម្លាប់ចោលបាត់ទៅ។

រោងចក្រស្ករអំពៅនៅកំពង់គល់ ដែលជារោងចក្រមួយសល់ពីសម័យសង្គមរាស្រ្តនិយមនោះ ត្រូវបានគ្រប់គ្រងកាន់កាប់ជំនួសវិញដោយ ប៉ុល ពត។ រាល់ផលដំណាំនៅតាមចម្ការអំពៅតរូវបានយកមកកិនកៀបសម្រិតសម្រាំងយ៉ាងល្អល្អាច់ ឲ្យកើតទៅជាស្ករអំពៅក្នុងបរិមាណមហិមា។ ប្រជាជនទាំងឡាយមានការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ មិនហ៊ានត្អូញត្អែរឡើយទោះបីខ្លួនលំបាកយ៉ាងណា។ ពីព្រោះក្នុងសម័យបនប្រល័យពូជសាសន៍ មិនត្រូវការអ្នកណាម្នាក់មានការខ្ជិលច្រអូសនោះទេ ប្រសិនបើអង្គការដឹងច្បាស់ជាយកមកក្នុងព្រៃខាងត្បូងភ្នំដូនមាយជាមិនខានឡើយ។ ដូច្នេះហើយប្រជាជនទំាងនោះមានការភ័យខ្លាច។ ម្យ៉ាងទៀត ពួកនេះសម្លាប់មនុស្សមិនចាំបាច់សួររកហេតុផលជាក់លាក់នោះឡើយ ឲ្យតៃតែពួកគេមិនពេញចិត្តចំពោះបុគ្គលណាមួយហើយ បុគ្គលនោះច្បាស់ជារត់មិនរួចពីដែកផ្លូវរទេះ គល់ឫស្សី ឬត្បូងចប នោះទេ។

ស្ករអំពីត្រូវបាននាំចេញទាំងឡានៗពីរោងចក្ររាល់តែថ្ងៃ មិនដឹងជាដឹកទៅកាន់តំបន់ណាខ្លះនោះទេ។ យោងតាមរូបភាពទាំងនេះ ប្រជាជនទាំងឡាយមិនខ្សត់ស្ករអំពៅហូបឡើយ ដោយសារចម្ការអំពៅមានការដាំជាហូរហែចាប់តាំងពីកំពង់គល់រហូតមកដល់ដីភ្នំដូនមាយឯណោះ ឃើញថាច្រើនៗហួសពីការស្មានទៅទៀត។ ទាហានអាវខ្មៅឈរយាមតាមមើលការខុសត្រូវ នៅពេលប្រជាជនប្រុសស្រីលីសែងបាវស្ករអំពៅដាក់លើឡានយ៉ាងមានរបៀបជាទីបំផុត ប្រយ័ត្នប្រយែងមិនឲ្យស្ករអំពៅទាំងនោះជ្រុះធ្លាក់បែកធ្លាយសូម្បីមួយគ្រាប់ ពីព្រោះអង្គការមានការសន្សំសំចៃខ្ពស់ណាស់។

  • ស្ករអំពៅទាំងឡាយនេះ អង្គការនឹងចែកជូនដល់ប្រជាជនដែលខ្វះខាតនៅតាមតំបន់មូលដ្ឋានផ្សេងៗទៀត ហេតុដូច្នេះហើយ សូមសមមិត្តទាំងអស់គ្នាកុំមានការសង្ស័យឲ្យសោះ។ អង្គការមានការយកចិត្តទុកដាក់ខ្លាំងចំពោះបណ្ដាប្រជាជននៅតាមតំបន់ដែលមិនធ្លាប់បានហូប គឺត្រូវទទួលបាននូវចំណែកគ្រប់គ្នាៗ គ្រប់តំបន់ៗទាំងអស់ (ទាហានខ្មែរក្រហមម្នាក់ប្រកាសជាសាធារណៈដល់ប្រជាជនដែលកំពុង តែធ្វើការនៅក្នុងរោង​ចក្រស្ករសទាំងមូល)។
  • ជយោ! ជយោ! អង្គការដ៏អស្ចារ្យ! (ប្រជាជនទាំងនោះស្រែកព្រមៗគ្នា)។

បាវស្ករសបានរត់ទៅដេកតម្រៀបគ្នា ពាសពេញផ្ទៃពោះឡាន។ លុះចប់សព្វគ្រប់ហើយ រថយន្តទាំងនោះក៏បានដឹកអ្នកដំណើរថ្មី គឺបាវស្ករទាំងអស់ចេញពីរោងចក្របាត់ស្រមោលឈឹង បានបន្សល់ទុកនូវក្លិនផ្សែងប្រេងម៉ាស៊ូតធុំឆួលច្រមុះស្ទើរតែដាច់ដង្ហើម។ ប្រជាជនទាំងឡាយបានត្រឹមឈរសម្លឹងមើលក្ដិតឡានដឹកស្ករសចេញទៅទាំងស្ដាយស្រណោះចំពោញពលីកម្មរបស់ផងខ្លួន ខំធ្វើខំថែថួនទាំងយប់ទាំងថ្ងៃសម្រេចសម្រួលមិនបានហូបសូម្បីមួយម៉ាត់។ នេះឬដែលហៅថាអង្គការគិតគូរដល់ប្រជាជនដែលខ្វះខាតនោះ? សំណួរបែបនេះមានតែនៅក្នុងចិត្តតែប៉ុណ្ណោះ តែកាលណាលាន់ឮដល់អង្គការ នោះប្រាកដជាមិនខ្វះដីកប់ឡើយ។

មួយអាទិត្យក្រោយមក បន្ទាប់ពីបាវស្ករសដឹកចេញពីរោងចក្រយកទៅចែកជូនដល់ប្រជាជននោះ។ ពេលវេលាកាប់ឆ្ការធ្វើដីដាំអំពៅក៏ឈានមកដល់បន្តបន្ទាប់ឥតស្រាកស្រានផងដែរ។ មិនថាប្រុសឬស្រីនោះទេរឿងធ្វើការមិនបានកំណត់បែងចែកពីភេទ ឋានៈ វណ្ណៈសោះ ឲ្យតែអ្នកណាជាកូនចៅរបស់អង្គការត្រូវតែខិតខំធ្វើការឲ្យមែនទែន ទើបអង្គការពេញចិត្ត(ទុកឲ្យរស់)។ ប្រសិនបើហ៊ានតែខ្ជិលច្រអូសនោះ អង្គការមិនអនុញ្ញាតឲ្យនៅក្នុងមូលដ្ឋាននេះទៀតទេ គឺត្រូវតែបញ្ជូនឲ្យទៅនៅភូមិថ្មីជាមិនខានឡើយ (សម្លាប់ចោល)។

ក្រោមកំដៅថ្ងៃនាខែវស្សា ធម្មជាតិទាំងឡាយ លូតលាស់ត្រួយស្លឹកខៀវស្រងាត់ ប៉ុន្ដែវាហាក់ដូចជាគ្មានសម្រស់ ឬភាពទាក់ទាញឲ្យមានការរីករាយចិត្ត សប្បាយចិត្តទៅតាមធម្មជាតិឲ្យបានបន្តិចសោះឡើយ។ វាហាក់ដូចជាមានទុក្ខកង្វល់ អំពល់ពេញទ្រូង វាហាក់ដូចជាយល់ដឹងអំពីអារម្មណ៍មនោសញ្ចេតនារបស់ប្រជាជនទំាងឡាយដែលកំពុងតែជួបទុក្ខព្រួយ រលួយពេញប្រាណ។ ស្រុកទេសធ្លាប់តែសប្បាយរីករាយ ច្រៀងរាំលេងកំសាន្ត បន្ធូរបន្ថយអារម្មណ៍បានតាមចិត្ត ឥឡូវត្រូវបានស្ថិតក្រោមការដឹកនាំរបស់មេបនប្រល័យពូជសាសន៍ ប៉ុល ពត ចងរឹតបំបិទសិទ្ធិសេរីភាពសព្វបែបយ៉ាង ដាក់ជំនួសមកវិញសិល្បៈឈាមខ្មៅគម្រក់ នរកទាំងរស់។ តន្រ្តីចម្រៀងបដិវត្តន៍ បញ្ចូលមនោគមន៍វិជ្ជាឲ្យខ្មែរសម្លាប់ខ្មែរគ្នាឯងចោលសាច់ចោលឆ្អឹងពាសពេញដី ព្រៃមិនសល់។

វាតាបក់មករំភើយៗម្ដងក្ដៅទៅម្ដងត្រជាក់បន្តិចម៉ោ គួបផ្សំទៅនឹងចង្វាក់កាប់គាស់រណ្ដៅដាំអំពៅវាក៏បង្កើតរួមផ្សំគ្នាទៅជាចង្វាក់ភ្លេងមួយគួរឲ្យធុញទ្រាន់ជាទីបំផុត។ ក្លិនជាសត្រូវរបស់ច្រមុះក៏ចេះតែបន្តភាយមកទាំងខ្សែៗ ស្ទើរតែចង់កល់ក្អួតចង្អោរម្ដងៗ។ ក្លិនទាំងអស់នេះច្បាស់ជានៅមិនឆ្ងាយប៉ុន្មានឡើយ។ កំសួលក្លិនមានសន្ទុះល្បឿនខ្លាំងណាស់ព្រះអឺយ! តើសាកសពអ្នកណាគេត្រូវបានសត្វកកាយដីស៊ីស្ទើរអស់ពាក់កណ្ដាលទៅហើយនោះហ្ន៎! ចឹងតើបានជាក្លិនស្អុយសម្បើមណាស់។ សាកសពនេះច្បាស់ជាពួកទាហានអាវខ្មៅ សម្លាប់អ្នកណាម្នាក់ជាមិនខានឡើយ។ បើតាមមើលទៅសាកសពនេះប្រហែលស្លាប់មួយអាទិត្យហើយ ដោយសារតែពួកវាកាប់រណ្ដៅរាក់ពេកបានជាសត្វអាចកកាយស៊ីបាននោះ។

រវល់តែឱនកាប់គាស់ដីដាំអំពៅ ភ្លេចមើលក្រោយដីដែលនៅទំនេរស្ទើរតែអស់ទៅហើយ នេះបានចំជាជក់វក់នឹងការងារមែន។ វេលាថ្ងៃត្រង់ប្រជាជននៅតំបន់កំពង់គល់ ទាំងអស់ក៏ត្រូវបានសម្រាកដើម្បីវិលត្រឡប់ទៅកាន់រោងបាយហូបបាយជុំគ្នានៅទីនោះ។ ក្លិនសម្លរម្ជូរដើមចេកបានចោលក្លិនយ៉ាងឈ្ងុយដល់ច្រមុះមនុស្សម្នាទាំង ឡាយដែលកំពុងតែស្រេកឃ្លានហេវហត់ពីការងារ។ ទោះបីសម្លរត្រូវហូបជាមួយបបរក៏ដោយ សម្រាប់អ្នកហូបដើម្បីរស់ក៏ហូបដោយលំបាកដែរ រករសជាតិជីវជាតិដើម្បីទ្រទ្រង់រាងកាយមួយមិនបានស្រួល។ មានអ្នកខ្លះមានតែស្បែកដណ្ដប់ឆ្អឹងក្បាលជង្គង់ប៉ុនក្បាល កើតរោគហើមដៃហើមជើង ស្ពឹកស្រពន់ដោយសារតែហូបខ្វះជាតិប្រៃ។

ការហូបបបរ មិនគ្រប់ចំនួននោះហើយ ធ្វើឲ្យប្រជាជនមួយចំនួនដេកស្លាប់ក៏សឹងមាន។ មានអ្នកខ្លះទៀតគ្រាន់តែដើរលូកដៃចូលក្នុងរន្ធក្ដាម ស្លាប់ទាំងដៃនៅក្នុងរន្ធក៏សឹងមាន។ កត្ដាទាំងអស់នេះកើតចេញពីអង្គការបង្អត់អាហារ ដើម្បីទុកកសិផលទាំងឡាយដែលធ្វើបានដឹកជញ្ជូនទៅកាន់ប្រទេសផ្សេងៗទៀតទុកជាថ្នូរអ្វីមួយមកវិញ។

បន្ទាប់ពីបាយថ្ងៃត្រង់រួច អង្គការមិនរង់ចាំយូរនោះឡើយគឺត្រូវតែបញ្ជាប្រជាជនទាំងអស់នេះឲ្យទៅកន្លែងធ្វើការវិញ។ អង្គការមិនឲ្យសម្រាកពេលក្រោយថ្ងៃត្រង់រួចនោះឡើយ។ ការកាប់គាស់រណ្ដៅដាំដំណាំត្រូវបានបន្តសកម្មភាពជាបន្តទៀត។

សំណើចសើចលេងក៏ក្រៀមក្រំទាំងបង្ខំចិត្ត បានលួចចូលមកពួនសម្ងំនៅក្នុងកូនចន្លោះធ្មេញរបស់ប្រជាជនមួយភាគតូចដែលកំពុងតែធ្វើការពារពេញទៅដោយទុក្ខព្រួយពេញដើមទ្រូង។ មិនដឹងថាពេលណាទើបស្រុកទេសចប់សង្រ្គាមត្រជាក់មួយនេះឡើយ ពីព្រោះមនុស្សមួយប្រទេសដ៏តូចមួយនេះកំពុងតែលិចលង់ឈ្លក់នឹងផ្សែងអាវុធដែលទាហានអាវខ្មៅរបស់អង្គការបានបាញ់សម្លាប់មនុស្ស ធ្វើទារុណកម្មឥតត្រាប្រណីបន្តិចសោះឡើយ។

  • និយាយចឹង សមមិត្តយីមហា៎! ឮថាប៉ុន្មានថ្ងៃមុនអង្គការបានដឹកស្ករសយកទៅចែកជូនប្រជាជននៅខាងមូលដ្ឋានរបស់សមមិត្តយីមឯង រួចចុះសមមិត្តយីម មានបានទទួលចំណែកនឹងគេទេ? (សមមិត្តនារីកេង បាននិយាយខ្សិបៗដាក់សមមិត្តយីម)
  • ទេ! ដូចជាមិនបានឃើញមានចែកចំណែកស្ករសសាំងប្រេងឆាអីនោះទេ! នៅខាងមូលដ្ឋានរបស់ខ្ញុំមិនដែលមានស្ករសហូបនោះឡើយ។ កុំថាឡើយស្ករសសូម្បីតែអំបិលក៏ចង់យ៉ាប់ទៅហើយ(សមមិត្តយីម ខ្សិបតិចៗដាក់វិញ)។
  • បើអ៊ីចឹង… ស្ករសទាំងឡានៗអស់ទាំងហ្នឹង អង្គការដឹកយកទៅណាវិញទៅហ្ន៎? (សមមិត្តនារីកេងឆ្ងល់ក្នុងចិត្ត)។

ការងារកាប់គាស់រណ្ដៅអំពៅបានបន្តរហូតដល់ល្ងាច ទើបអង្គការអនុញ្ញាតឲ្យឈប់សម្រាកវិលត្រឡប់មកផ្ទះវិញដើម្បីរង់ចាំសម្លេងជួងគោះហៅឲ្យទៅហូបបាយរួមគ្នានៅឯងរោងបាយដូចសព្វដង។

ពីរឆ្នាំកន្លងទៅយ៉ាងតឹងតែងជាទីបំផុត រកអ្វីមកប្រៀបផ្ទឹមពុំបាន។ ស្ថានភាពនយោបាយនៅតែអូសបន្ទាយ ក្រោមការគ្រប់គ្រងរបស់អង្គការខ្មែរក្រហមដដែល។ ហើយប្រជាជនទាំងឡាយ ក៏ចេះតែបន្ថែមការងារសស្រាក់សស្រាំទាំងយប់ទាំងថ្ងៃ លៃលកយ៉ាងណារាល់កសិផលដំណាំដាំដុះទាំងអស់ទទួលបាននូវផលទ្វេដង។

ក្រោមដំណក់ទឹកភ្លៀង ស្រោចស្រប់លើដំបូលកូនខ្ទមស្លឹកដូងលាយស្លឹកត្នោត ដែលជាវិមានទឹកភ្នែកដ៏ពិសិដ្ឋបានជួយបិទបាំងការពារខ្យល់ភ្លៀងបានមួយភាគធំដែរ។ ដំណក់ទឹកភ្លៀង បន្តស្រក់រហូតដល់រំលងអាធ្រាតទើបវាឈប់។ ក្នុងកូនខ្ទមដ៏ជរាមួយនេះ ស្ទើរតែរកកន្លែងណាឲ្យមានសុវត្ថិភាព ចៀសរួចពីការលិចហូរ តាមចន្លោះស្លឹកដូងត្នោតមិនមានឡើយ។ កូនខ្ទមដែលបានទទួលបន្ទុក ឲ្យរស់នៅក្នុងកូនខ្ទមនេះ មានសមាជិកគ្រួសារដល់ទៅប្រាំនាក់ គឺមានសមមិត្តផាច ជាឪពុក សមមិត្តនារីកេង ជាម្ដាយហើយនិងមានកូនស្រីបីនាក់ទៀត។ កូនស្រីទីមួយ អាយុ៦ឆ្នាំ ឈ្មោះសុគន្ធា កូនស្រីទីពីរ អាយុ៥ឆ្នាំគោដា និងកូនស្រីពៅអាយុ៣ឆ្នាំ ឈ្មោះរចនា។

ការរស់នៅក្នុងកូនខ្ទម សមាជិកគ្រួសារទាំងអស់គ្នា ស្ទើរតែគ្មានអ្វីយកមកដណ្ដប់បិទបាំងកាយឲ្យបានសមមរម្យនោះទេ។ កូនក្រណាត់សំពត់ចាស់មួយផ្ទាំងសម្រាប់បងស្រីទីមួយ និងទីពីរដណ្ដប់រួមគ្នាហើយម្ដាយនិងកូនស្រីពៅ បានកូនផ្ទាំងសំពត់ចាស់មួយផ្ទាំងដណ្ដប់ដូចគ្នា។ រីឯតាផាច ជាឪពុកវិញ បានត្រឹមតែកូនក្រមាកញ្ចាស់ដ៏តូចមួយតែប៉ុណ្ណោះ បិទបាំងមិនបានសព្វខ្លួនឡើយ បាំងខាងក្បាលនៅខាងជើង ហើយបើបាំងខាងជើងវិញ ក្បាលត្រូវនៅទទេ កណ្ដាលវាលអ៊ីចឹងទៅ។

ការរស់នៅក្នុងរបបខ្មែរក្រហម ប្រជាជនទូទាំងប្រទេសមានការលំបាកលំបិនយ៉ាប់យ៉ឺនគ្រប់ៗគ្នា។ ការងារច្រើនលើសនឹងកម្លាំង មិនមានពេលណាឲ្យបានសម្រាកនោះទេ។ ការហូបចុកក៏រឹតតែឃ្លាតឆ្ងាយទៅទៀត ពេញមួយខែ ពេញមួយឆ្នាំ ប្រជាជនមិនដែលបានឃើញស្រមោលបាយមានវត្តមានបាយបង្ហាញខ្លួននៅនឹងមុខម្ដងណាឡើយ។

ដោយឆ្នាំនេះ ជាឆ្នាំដែលសម្បូរទៅដោយទឹកភ្លៀងច្រើននោះ ប្រជាជនទាំងឡាយដែលរស់នៅតាមមូលដ្ឋានភ្នំដូនមាយ ច្រាំងចោត កំពង់គល់ រូង អំពុះឃ្លាំង អង្គការបានឲ្យមកធ្វើការកសិកម្មរួមគ្នានៅតំបន់ច្រាំងចោទ និងនៅតាមតំបន់រូង។ ការធ្វើនៅពីរតំបនើនេះមានការលំបាកច្រើនតែមែនទែនពីព្រោះអង្គការខ្មែរក្រហមមិនមានគ្រឿងយន្ត ឬគោក្របី ទឹមភ្ជួររាស់នោះឡើយ គឺត្រូវតែពឹងទៅលើកម្លាំងមនុស្សសុទ្ធសាធ។ កម្លាំងប្រជាជន ដែលអង្គការបានប្រមូលតាមមូលដ្ឋាននានា ឲ្យមកធ្វើស្រែនៅតំបន់ទាំងពីរនេះគឺត្រូវប្រើចប កាប់គាស់យ៉ាងណា ឲ្យតែធ្វើស្រែបានស្រួល ទទួលផលច្រើន។

សម្លេងជួងបានបន្លឺឡើង ប៉ាង ប៉ាង ទាំងព្រលឹមអុរ ជាសញ្ញាមួយប្រាប់ដល់ប្រជាជនដែលរស់នៅក្នុងមូលដ្ឋានច្រាំងចោតទាំងអស់គ្នា ឲ្យរៀបចំខ្លួន ដើម្បីចេញដំណើរដោយថ្មើរជើង ដើរឆ្ពោះទៅកាន់កសិដ្ឋានដែលអង្គការខ្មែរក្រហមបានកំណត់ទីតាំងធ្វើស្រែទុកជាស្រេច។

ប្រជាជនទាំងឡាយ ខិតខំកាប់គាស់ដី បំបែកកកាយ ធ្វើឲ្យដីបែកទៅជាបំណែក ងាយស្រួលក្នុងការសាបព្រោះ។ ការធ្វើស្រែដោយប្រើកម្លាំងមនុស្សទាំងស្រុងដូច្នេះ មានការចុះថយកម្លាំងរបស់មនុស្សយ៉ាងលឿនដូចជាភ្ជួរ ក៏ប្រើមនុស្សឲ្យអូសទាញនង្គ័ល រនាស់ក៏ប្រើកម្លាំងមនុស្សដែរ។ ប្រុសៗខ្លះថមថយចុះនូវកម្លាំងពេកទៅ ពេលឃ្លានខ្លាំងពេកដើម្បីកុំឲ្យពោះកូរ ត្រូវយកក្រមាមកចងរឹតពោះឲ្យតឹងកុំឲ្យកូរ។ ជាក់ស្ដែងនៅក្នុងសម័យនោះ ពូផាចពេលគាត់ឃ្លានខ្លាំង គាត់តែងតែចងរឹតពោះដូច្នេះឯង។

ការមិនមានពេលវេលាមើលថែកូនឲ្យបានសមរម្យ វាក៏ជាហេតុការណ៍អាក្រក់ដ៏ធំបំផុតមួយដែរ។ ក្មេងៗដែលនៅឯមូលដ្ឋានច្រាំងចោទចាប់ផ្ដើមកើតជម្ងឺរាគមួលរមួលពោះ ជុះអាចម៍ចេញមកសុទ្ធតែក្បាលកន្ទក់លាយឈាមស្ទើរតែទាំងអស់គ្នា។ ជាអនិច្ចា ក្មេងម្នាក់ក្នុងចំណោមក្មេងទាំងនោះ គឺមានកុមារីសុគន្ធា មានអាការៈធ្ងន់ធ្ងរជាងក្មេងឯទៀតៗ ដុនដាបដេកនៅតែលើកូនកន្ទេលមួយ ខ្លួនប្រាណស្គមរឹងរៃបើកភ្នែកភ្លឹះៗ សម្លឹងមើលដំបូលកូនខ្ទម ហាក់ដូចជារង់ចាំនូវសេចក្ដីស្លាប់ ថាតើវាមកយកខ្លួននៅពេលណា?។

ផ្ទៃមេឃនៅពេលរសៀល ពោរពេញទៅដោយដុំពពកពណ៌ខ្មៅស្ទើរតែលុបបាត់នូវតួអង្គព្រះអាទិត្យទាំងមូល។ ឯនាយជើងមេឃព្យុះពពកខ្មៅខ្មួលខ្មាញ់ត្របាញ់ខ្សែពណ៌ខ្មៅជាចង្វាយៗ ធ្លាក់មកលើភូមិឋានឯណោះ។ មិនយូរប៉ុន្មាន ព្យុះពពកខ្មៅនោះក៏រត់យ៉ាងលឿនមកដល់មូលដ្ឋានច្រាំងចោតដែលជាកន្លែងប្រជាជនទាំងឡាយកំពុងតែមមាញឹកនឹងការងារកាប់គាស់ដីសម្រាប់ធ្វើស្រែវស្សា។ ម្នាក់ៗមិនហ៊ានឈប់សម្រាក ឬរត់ចូលកូនរោងណាមួយនោះឡើយ ដូច្នេះត្រូវទ្រាំទទឹកជោកពេញតែខ្លួនគ្រប់ៗគ្នាទៅ។ ភ្លៀងធ្លាប់មកយ៉ាងសន្ធប់ ហាក់ដូចជាខឹងនឹងអ្នកណាអ៊ីចឹង ប្រមាណដប់នាទីក៏លែងភ្លៀងរួចហើយព្រះអាទិត្យក៏ចាប់ផ្ដើមបញ្ចេញកម្ដៅរបស់ខ្លួនមកវិញដែរ។ សកម្មភាពការងារកំពុងតែប្រព្រឹត្តទៅយ៉ាងវេទនាជាទីបំផុតនោះ ស្រាប់តែមានបុរសម្នាក់មាឌធំក្រអាញ អាម្បុរខ្មៅដូចដើមត្នោតពុក ដែលគេស្គាល់ថាគាត់ជាមេភូមិនៅច្រាំងចោតនេះ។ គាត់មានអ្នកអមដំណើរចំនួនពីរនាក់ដែលប្រដាប់ដោយអាវុធ AK គ្រប់ដៃ។ មេភូមិដឿន គឺជាមនុស្សម្នាក់ដែលជាប្រភេទមនុស្សគ្មានមនោសញ្ចេតនាដល់មនុស្សដូចគ្នាឡើយ។ គាត់បានដើរមកឈរនៅលើភ្លឺស្រែដែលគេកំពុងតែកាប់នោះ រួចស្រែកហៅថា៖

  • សមមិត្តនារីកេង សមមិត្តនារីឯងដើរមកណេះ! (មេភូមិឌឿនបានបញ្ជា)។
  • ចា៎សមមិត្តបង (សមមិត្តនារីកេង បានទទួលបញ្ជា)។
  • យើងមកនេះ មិនមែនចិត្តយើងចង់ជួបសមមិត្តនារីឯងនោះទេ ដោយសារមានបញ្ជាពីថ្នាក់លើមកឲ្យសមមិត្តនារីឯងសម្រាកមួយល្ងាចពីការងារទៅមើលអើតកូនស្រីច្បងដែលកំពុងតែដេកឈឺ នៅពេលឥឡូវនេះភ្លាម (សមមិត្តមេភូមិបាននិយាយប្រាប់)។
  • កូនខ្ញុំឈឺ….ចា៎ សមមិត្តបង ខ្ញុំនឹងទៅឥឡូវនេះ (សមមិត្តនារីកេងឆ្លើយ)។

សមមិត្តមេភូមិ និងបក្សពួកឈរសម្លឹងមុខសមមិត្តនារីមិនប្រិចភ្នែក សឹងចង់ហុតឈាម។ ពួកគេត្រឡប់ទៅវិញវឹងហាក់ដូចជាខ្ពើមរអើមនៅទីនោះអ៊ីចឹង។ លុះពួកគេដើរចេញទៅបាត់អស់ហើយសមមិត្តនារីយើងក៏ដើរទៅប្រាប់សមមិត្តផាច ជាប្ដីឲ្យបានដឹងពីហេតុការណ៍ដែលបានកើតមកលើរូបកូនស្រីច្បងនោះ។

ដើម្បីមកជួបមុខកូនដែលដេកឈឺនៅនឹងកន្ទេលដើរមិនរួច លុះបានមកដល់កូនខ្ទមដ៏កំសត់របស់ខ្លួនហើយ អ្វីៗដែលគិតទាំងប៉ុន្មានវាត្រូវបានត្រដាងខ្លួនយ៉ាងច្បាស់ក្រឡែត ស្ទើរតែធ្លាក់ថ្លើមប្រមាត់បាត់សង្ខារ។ មនុស្សពីរបីនាក់កំពុងតែឈរមើល កម្មាភិបាលខ្មែរក្រហមកំពុងតែបណ្ដើរកង់មានដឹកអ្វីមួយនៅលើចង្អើរក្រោយ យ៉ាងទទឹងទទែងដូចជាដឹកកំណាត់ឈើប្រវែងមួយម៉ែត្រពីរតឹកនោះគីជាសាកសពកូនស្រីច្បងរបស់ពូម៉ឺនមីងខែម ទេតើ។

  • សមមិត្ត សមមិត្ត ឈប់សិន! ឲ្យខ្ញុំបានមើលមុខកូនខ្ញុំសិនម៉ោ! កូនខ្ញុំស្លាប់ហើយ សូមសមមិត្តយល់ដល់ចិត្តខ្ញុំផង ខ្ញុំសុំយកសាកសពកូនកប់ដោយខ្លួនឯង ឲ្យបានសមរម្យបន្តិចបានទេសមមិត្ត? (សមមិត្តនារីកេង យំអង្វរ សុំសាកសពកូនស្រីពីកម្មាភិបាលខ្មែរក្រហម)។
  • កូនស្រីរបស់សមមិត្តនារីឯង ក៏ដូចជាកូនចៅបង្កើតរបស់អង្គការដែរ អ៊ីចឹងហើយគ្មានអ្វីត្រូវព្រួយបារម្ភទៀតនោះទេ អង្គការចេះចាត់ចែងទុកដាក់សាកសពកូនរបស់សមមិត្តនារីហើយ (សមមិត្តមេភូមិឌឿន និយាយយ៉ាងមំា)។
  • សមមិត្តមានប្រសាសន៍នេះត្រឹមត្រូវហើយ អង្គការចេះចាត់ចែងទុកដាក់សពកូនស្រី ប៉ុន្ដែខ្ញុំគ្រាន់តែចង់បានសពកូនស្រីមកបញ្ចុះទុកដាក់ឲ្យបានស្រួលនៅទីទួលក្រោយផ្ទះ ដោយមានយាយតាម្នាក់ពីរមកជួយសូត្រធម៌ បញ្ជូនវិញ្ញាណកូនស្រីតែប៉ុណ្ណោះ (សមមិត្តនារីកេង ទទូចអង្វរទាហានខ្មែរក្រហម)។
  • ទេដាច់ខាត មិនបាន! គ្មានយាយតាណា មកជួយសូត្រធម៌តំឡង់ព្រៃឥតបានការនោះទេ! ធ្វើបែបនោះគឺខុសពីគោលការណ៍ដ៏អស្ចារ្យរបស់អង្គការយើងហើយ។ អង្គការបានកាប់រណ្ដៅទុកសាកសពកូនសមមិត្តរួចជាស្រេចហើយ គឺវាស័ក្កសមណាស់ទៅហើយសម្រាប់សពកូនសមមិត្តនោះ គឺព្រៃចេកក្រោយភូមិឯណោះ។ ម៉េចប៉ុណ្ណឹងហើយ សមមិត្តមិនពេញចិត្តទៀតឬ?​(សមមិត្តមេភូមិឌឿននិយាយ)។
  • ប៉ុន្ដែខ្ញុំសុំឲ្យសមមិត្តបងដូរកន្លែងកប់សាកសព មកកប់នៅលើទីទួលក្រោយផ្ទះក្បែរដើមកន្ទួតព្រៃនេះវិញ បានទេសមមិត្តបង? (សមមិត្តនារីកេងបានស្នើសុំ)។
  • មិនបានគឺមិនបាន… បាន… ហើយ! ស្ដាប់បានទេ! ឬសមមិត្តនារីចង់កប់ជាមួយកូនដែរ? បើសមមិត្តនារីឯងចង់កប់ជាមួយកូននោះអង្គការអាចធ្វើតាមបាន ប៉ុន្ដែបើឲ្យដូរកន្លែងកប់សពកូនវិញនោះ គឺអង្គការធ្វើមិនបានទេ (សមមិត្តមេភូមិឌឿននិយាយដាច់អហង្ការ)។

កង់បានដឹកសាកសពកូនស្រីច្បងរបស់សមមិត្តនារីកេង មកដល់ព្រៃចេកជាទីស្មសានមួយកន្លែងក៏បានបញ្ឈប់កង់ឲ្យកម្មាភិបាលពីរនាក់លើកទម្លាក់សពបោះចូលក្នុងរណ្ដៅឮសូរភឹប ដូចជាបោះកំណាត់ដើមចេក។ សមមិត្តនារីកេង ឈរមើល ស្ទើរតែគាំងបេះដូងស្លាប់ទៅតាមកូនទៅហើយ។ កម្ទេចដីត្រូវបានលាយរាយមកលើសាកសព ជំនួសដោយបាច់ផ្កាភ្ញីទៀនធូប បន្តិចម្ដងៗរហូតដល់លប់បាត់សាកសពដ៏តូចស្វិតទាំងមូល។ កម្មាភិបាលខ្មែរក្រហមទាំងនោះកប់សពរួចហើយ ពួកគេក៏បាននាំគ្នាដើរចេញបាត់ទៅ នៅសល់តែសមមិត្តនារីកេង លុតជង្គង់ថ្វាយបង្គុំសពកូនអង្គុយយំថ្លែងទុក្ខតែម្នាក់ឯងកណ្ដាលព្រៃចេក។

ឆ្នាំ១៩៧៨ ពូម៉ឺន និងមីងកេង បានបាត់បង់កូនស្រីច្បងគួរឲ្យស្រឡាញ់ស្នេហ៍ស្មើជីវិតម្នាក់។ ពួកគាត់នៅសល់កូនស្រីពីរនាក់ទៀត ដោយមានកូនស្រីពីរដែលមានសុខភាពមិនសូវជាល្អប៉ុន្មានដែរនោះទេ។ ដោយបានឃើញស្ថានភាពកូនស្រីទីពីររបស់ខ្លួនមិនសូវល្អដូច្នេះនោះ សមមិត្តនារីនិងប្ដីរឹតតែមានក្ដីកង្វល់ទេ្វដង។ កន្លះខែមុនកូនស្រីច្បងស្លាប់ទៅ ជូតទឹកភ្នែកមិនទាន់ស្ងួតពីថ្ពាល់ផង ឥឡូវធ្លាក់មកដល់កូនស្រីទីពីរទៀត។ កុមារីចាប់ផ្ដើមឈឺបន្ដិចម្ដងៗ ដោយសារតែមេដោះជាអ្នកមើលថែក្មេងៗមើលថែមិនបានដិតដល់ ហើយក្មេងហូបមិនគ្រប់គ្រាន់ អត់មានបបរហូបក៏ហូបកន្ទក់បន្ថែមចម្អែតក្រពះនៅពេលឪពុកម្តាយចេញទៅធ្វើការស្រែចម្ការ គឺតម្រូវឲ្យទុកកូនផ្ញើនឹងមេដោះមើលថែជំនួស ដូច្នេះកូនក្មេងទាំងឡាយមានអីហូបហ្នឹង។ កុមារីឈ្មោះគោដា ចាប់ផ្ដើមរាគមួលរមួលក្រពះ ជុះអាចម៍ចេញមកសុទ្ធតែឈាម គ្មានថ្នាំសង្កូវណាដើម្បីទប់ទល់រោគនេះបាននៅសម័យនោះ អ្នកជម្ងឺបើបានជាឈឺហើយគឺរង់ចាំតែសេចក្ដីស្លាប់តែប៉ុណ្ណោះមិនថាចាស់ឬកូនក្មេងនោះទេ។ នៅរំលងអធ្រាតស្ទើរតែជ្រៀតចូលដល់ថ្ងៃថ្មីទៅហើយជាអកុសលកូនស្រីទីពីររបស់សមមិត្តផាត និងសមមិត្តនារីកេង ក៏រលត់ផុតសង្ខារនៅកណ្ដាលផ្សែងនៃសង្រ្គាមត្រជាក់បាត់ទៅនៅក្នុងឆ្នាំ១៩៧៨ ដដែលនោះ។

ក្ដីទុក្ខវិយោគសោកសង្រេងទាំងប៉ុន្មាន បានស្រក់ស្រោចស្រប់មកលើទំហំដួងចិត្តប្ដីប្រពន្ធគូនេះឲ្យលិចលង់កាន់តែជ្រៅទៅៗនៅក្នុងសេចក្ដីស្ដាយស្រណោះមិនអស់អាល័យពីកូនស្រីទាំងពីរនាក់ ស្ទើរតែវង្វេងវង្វាន់លែងគិតលែងខ្វល់នូវសេចក្ដីសុខរបស់ខ្លួនតទៅមុខទៀតហើយ។ ពីរនាក់ប្ដីប្រពន្ធមួយអន្លើនិងកូនស្រីពៅសម្រេចសម្រួលគ្នាក៏គិតថា៖

  • ឪវា… កូនស្រីរបស់យើងស្លាប់អស់ពីនាក់ទៅហើយក្នុងឆ្នាំនេះ។ ខ្ញុំគិតថាយើង លួចរត់ពីមូលដ្ឋានច្រាំងចោទនេះទៅនៅមូលដ្ឋានចាស់(ភ្នំដូនមាយ) របស់យើងវិញ ទោះបីជាពួកគេតាមចាប់សម្លាប់នៅទីនោះ ក៏ឲ្យគេចាប់សម្លាប់ទៅចុះ ពីព្រោះយើងបានបាត់បង់កូនស្រីអស់ពីរនាក់ហើយនោះ រស់នៅក៏ឥតខ្លឹមសារអីដែរ(មីងកេង និយាយខ្សឹបៗដាក់ត្រចៀកប្ដី)។
  • ស្រេចតែម៉ែវាឯងទេ….​ចំពោះខ្ញុំដូចជាហេងហាងខ្លាំងណាស់រកគិតមិនយល់ទេ។ ណាមួយកូនស្រីទើបតែស្លាប់ថ្មីៗនេះផង ណាមួយខ្លួនឯងនេះទៀតសោត ខ្លួនកំពុងតែឈឺធ្វើអ្វីស្ទើរមិនជាប់ដៃ(ពូផាចខ្សឹបដាក់ត្រចៀកប្រពន្ធវិញ)។
  • យ៉ាងណាយ៉ាងណី… យប់នេះយើងត្រូវតែលេបលួចរត់ចេញពីទីនេះឲ្យបាន ទៅដល់ភ្នំដូនមាយចាំយើងគិតទៀត ងាប់ក៏ងាប់ទៅ លែងខ្វលទៀតហើយ(មីងកេង និយាយខ្សឹបៗ)។
  • ណ្ហើយ! ស្រេចតែម៉ែវាឯងទេ…. ខ្ញុំក៏គិតដូចម៉ែវាឯងដែរៗ (សម្ដីរបស់ពូផាច)។

រាត្រីយប់ស្ងាត់ក្រោមតំណក់ទឹកភ្លៀងរលឹមប្រុយៗ សង្កេតមើលទៅឃើញថាមានឱកាសល្អក៏សម្រេចចិត្តលបរត់ចេញពីកូនខ្ទមតាមច្រកខាងលិចភូមិ។ រត់ចេញពីផ្ទះមិនបានផុតពីចុងភូមិស្រួលបួលផងក៏វះអឺនឹងទាហានកងឈ្លបខ្មែរក្រហមបីនាក់ កំពុងឈរកេះដែកកេះអុជបារីជក់។ ដោយឃើញបែកផ្កាភ្លើងដែកកេះដូច្នេះហើយ ប្ដីប្រពន្ធនឹងកូនក៏សម្ងំពួនក្នុងគុម្ពោតព្រៃសង្កែក្បែរនោះ ចម្ងាយប្រហែលម្ភៃម៉ែត្រ។

  • នោះសមមិត្ត! ខ្ញុំដូចបានឮសម្លេងអី ឮសូរប្រោកៗនៅខាងមុខយើងនោះ តិចលោមានមនុស្សលបរត់ចេញពីទីនេះទេដឹង? ទៅមើលតិចមើល! (កម្មាភិបាលខ្មែរក្រហមម្នាក់និយាយឡើង)។
  • តោះ….! (មនុស្សម្នាក់ទៀតយល់ស្របទៅសង្កេតពិនិត្យមើល)។

ពីរនាក់ប្ដីប្រពន្ធភ័យញ័រសាច់ដូចកូនកង្កែបត្រូវបានគេប្រឡាក់អំបិល ខំសម្ងំពួននៅក្នុងព្រៃសង្កែនោះមិនហ៊ានកម្រើកសូម្បីអង្រ្កងវារតោងខាំខ្លះក៏មិនហ៊ានមាត់ដែរ។ ចំណែកខាងម្ដាយវិញខំទប់មាត់កូនស្រីពៅរចនាយ៉ាងប្រុងប្រយ័ត្ន ពីព្រោះកុមារីកំពុងតែដេកលក់។

  • សមមិត្តទាំងពីរកុំសង្ស័យថាមានមនុស្សលបរត់គេចអី យប់ថ្មើរនេះនោះ។ សម្លេងនោះអាចជាសម្លេងសត្វបោលក៏ថាបានដែរ សមមិត្តឃើញទេ នៅខាងឆ្វេងដៃយើងនេះមានព្រៃក្រាស់ឃ្មឹក ហើយក៏មានសត្វតូចធំរស់នៅក្នុងព្រៃនេះច្រើនណាស់ដែរ។ ចំណែកឯខាងស្ដាំយើងនេះទៀតលោត ជាផ្លូវលំមួយកាត់ពញរៃរហូតដល់ភ្នំដូនមាយឯណោះ។ នៅភូមិសាស្រ្តនេះ ខ្ញុំស្គាល់ច្បាស់ណាស់ ច្បាស់ដូចជាបាតជើងខ្ញុំអ៊ីចឹង។ តោះ! ឈប់សង្ស័យទៀតទៅ យើងដើរទៅមុខទៀត……(អ្នកទីបីនិយាយ)។

កម្មាភិបាលខ្មែរក្រហមទាំងបីនាក់ ចេញហួសពីកន្លែងពួននោះប្រហែលប្រាំមួយ-ប្រាំពីរម៉ែត្រប៉ុណ្ណោះ ក៏ស្រាប់តែមានអ្វីមួយវារនៅលើខ្នងជើងពូផាច ជាហេតុធ្វើឲ្យគាត់ភ្ញាក់រលាស់ជើងពេញទំហឹងខ្ទាតចេញពីលើខ្នងជើង ផ្លោងបានបីបួនម៉ែត្រពីខ្លួនចូលទៅក្នុងគុម្ពកូនព្រិចក្បែរនោះឮសូរប្រោក។

  • ឈប់សិនសមមិត្តច្បាស់ណាស់ ម្ដងនេះទោះបីរត់ទៅណាក៏មិនរួចដែរ ខ្ញុំនឹងសម្លាប់វាឲ្យផ្ទាល់ដៃខ្ញុំតែម្ដង(ទាហានម្នាក់បានទាញខ្វែវដែលកាន់ជាប់នឹងដៃ) អុជចន្លុះឆួលមើលកន្លែងដែលឮសូរនោះ។

លុះឆួលភ្លើងចន្លុះទៅឃើញរង្គើៗ កម្រើកគុម្ពកូនព្រិចដូច្នេះក៏ស្រែកហៅគ្នីគ្នាបណ្ដើរ ដៃខាងឆ្វេងកាន់ចន្លុះឆួលមើល ហើយដៃខាងស្ដាំកាន់ខ្វែវកាប់សាប់ទៅលើព្រៃនោះបណ្ដើរទាល់តែខ្ទេចខ្ទីរេចដល់ដី។ ទាហានពីរនាក់ទៀតមកជួយកាប់គ្នានោះ ដល់យល់ឃើញច្បាស់ឈាមប្រឡាក់មុខខ្វែវផងប្រឡាក់ដើមកូនព្រិចព្រៃនោះផង ទើបដឹងថាវាសម្លេងសត្វ។

  • មើល៍បានហើយសមមិត្តវាងាប់ហើយ…. បើសមមិត្តឯកាប់យ៉ាងៗហ្នឹង វាទ្រាំម៉េចនឹងបានទៅ!។ ណាចន្លុះភ្លើង ហុចមកឲ្យខ្ញុំចាំខ្ញុំឆ្កឹះយកមកឲ្យមើលឃើញច្បាស់នឹងភ្នែកម្ដង។ ឃើញនៅ! ពស់ថ្លាន់តើ! ហ៊ឺ! សមមិត្តឯងខ្លាចពស់ថ្លាន់ទេ? (ទាហានខ្មែរក្រហមទីពីឬពន្យុយគ្នាឯងលេង)។
  • យី! សមមិត្តនេះ បើពស់មិនខ្លាច ឲ្យខ្ញុំខ្លាចអីវិញទៅ? សីម្បីតែកូនពស់ព្រលិតក៏ខ្ញុំខ្លាចដែរ (កម្មាភិបាលទីមួយឆ្លើយតបវិញ)។
  • បានហើយ! ឈប់លេងសើចគ្នាឯងទៀតទៅ! យប់ជ្រៅមែនទែនណាស់ហើយណា។ ដូចខ្ញុំបានប្រាប់សមមិត្តទាំងពីរអ៊ីចឹង នៅក្នុងព្រៃនេះគ្មាននរណាហ៊ានរត់កាត់យប់ព្រលប់នោះទេ មានតែសត្វតែប៉ុណ្ណោះ តោះទៅ….! កុំភ្លេចយកពស់ថ្លាន់មកផងចាំខ្ញុំឲ្យគេឆាក្ដៅឲ្យហូប (ទាហានទីបីបាននិយាយប្រាប់)។

បន្ទាប់ពីអ្នកទាំងបីនាក់ចេញបាត់ទៅ បីនាក់ប្ដីប្រពន្ធនិងកូនក៏បានចាកចេញពីគុម្ពោតព្រៃសង្កែនោះ រត់តាមផ្លូវលំមួយឆ្ពោះទៅកាន់ភ្នំដូនមាយ ជាមូលដ្ឋានចាស់ធ្លាប់នៅបាត់ទៅដែរ។

លុះលបរត់មកដល់ភ្នំដូនមាយ រួចស្រួលបួលជាស្ថាពរហើយ គ្រួសារពូផាច និងមីងកេងត្រូវបានបងប្រុសមីងកេងឈ្មោះ កាយ សុំការស្នាក់នៅពីមេភូមិភ្នំដូនមាយ។ សមមិត្តមេភូមិក៏បានអនុញ្ញាតឲ្យនៅ ប៉ុន្ដែនៅតែមានការលំបាកខ្លះដែរ គឺពូផាច និងមីងកេង ត្រូវតែខិតខំធ្វើការឲ្យមែនទែន ទើបពួកគេរស់នៅបានជាសុខស្រួលប្រក្រតី។

ហេតុតែនិស្ស័យចិត្តរបស់អ្នកទាំងពីរជាមនុស្សដែលមិនចេះខ្ជិលច្រអូសផងនោះ ពួកគេក៏បានធ្វើឲ្យសមមិត្តមេភូមិ ក៏ដូចជាកម្មាភិបាលខ្មែរក្រហមឯទៀតៗមានការស្រឡាញ់ចូលចិត្តគ្រប់ៗគ្នា។ ការងារកាប់គាស់ លីសែង ទូលរែក មីងកេងធ្វើបានដូចមនុស្សប្រុសអ៊ីចឹង ពេលខ្លះមីងកេង ត្រូវបានអ្នករស់នៅក្នុងមូលដ្ឋានជាមួយគ្នាសរសើរមិនដាច់ពីមាត់ ថាជាស្រ្តីដែលពោរពេញដោយសុឆន្ទៈខ្ពស់ ស្លូតបូតស្មោះត្រង់ មិនដែលធ្វើឲ្យអ្នកណាម្នាក់មានការឈឺចាប់ដោយសារខ្លួនឡើយ។

ជំនោររាត្រីក្រោមរស្មីដួងចន្ទត្រចះត្រចង់ ស្រមោលរុក្ខជាតិទាំងឡាយបានបន្ទាយកាយខ្មៅស្ទុងៗក្រាលគ្របមកលើផែនប្រឹថពី។ ខ្យល់បក់ក្នុងល្បឿនតិចៗមកប៉ះនឹងជញ្ជាំងកូនខ្ទមធ្វើពីស្លឹកដូងឮសូរពឹកៗ ហាក់ដូចជាកូនម្រាមដៃមកកេះគោះ ផ្ទាត់បង្កឲ្យមានចង្វាក់ភ្លេង។ សម្លេងបក់មូសក៏បានលាន់ឮឡើងយ៉ាងរំខានចិត្តដល់អ្នកដែលកំពុងតែនិន្រ្ទានក្នុងកូនខ្ទមនោះពេកកន្លង។ ស្រមោលយ៉ាងធំបានផុសផ្អិតជាប់នៅលើជញ្ជាំងកូនខ្ទម ក្នុងលក្ខណៈអង្គុយត្របោមក្បាលជង្គង់។

  • ម៉ែវាមិនទាន់សម្រានទេឬ? យប់ជ្រៅណាស់ហើយណា? (បុរសជាប្ដីសួរប្រពន្ធខ្លួន)។
  • ខ្ញុំដេកមិនលក់ទេពុកវាអើយយប់នេះនោះ មិនដឹងជាហេតុអីបានជាខ្ញុំដេកមិនលក់សោះ អ៊ីចឹងនោះ (ប្រពន្ធឆ្លើយទាំងទឹកសម្លេងក្រៀមក្រំ)។
  • ហ៊ឺ!! ម៉ែវាឯងនឹកដល់កូនស្រីទាំងពីរនាក់ដែលទើបស្លាប់នោះមែនទេ? (ពូផាច សួរសំណួរចាក់ដោតចំបេះដូងភរិយា)។

ស្រីមិនអាចឆ្លើយនូវសំណួរនេះភា្លមបានទេ អ្វីដែលបានឆ្លើយតបនូវនេះមុនគេនោះ គឺទឹកភ្នែដ៏ល្អក់ខ្វល់ពោរពេញទៅដោយទុក្ខសោករាប់ថ្ងៃខែឆ្នាំហូរស្រកចុះមករឹមៗលើផែនថ្ពាល់ស្រី។

  • ខ្ញុំខំធ្វើចិត្តមិនទាន់បាននៅឡើយទេឪវា…. កូនស្រីនៅស្រស់នឹងភ្នែកស្រណោះសព្វបែបយ៉ាង ខិតខំតស៊ូដើម្បីកូនប៉ុណ្ណាក៏ឥតប្រយោជន៍ កូនស្លាប់នៅក្នុងសង្រ្គាមគ្មានផ្សែងអាវុធគឺស្លាប់ដោយសារអត់បាយទាល់តែបានមែន(ភរិយាកំសត់ថ្លែងពីទំហំបេះដូងដល់ស្វាមី)។
  • មានតែខំកាត់ចិត្តទេម៉ែវាអើយ…! ធ្វើម៉េចបើស្រុកទេសយើងកើតកលយុគសង្រ្គាមដូច្នេះនោះ បើស្រុកមានសន្តិភាពនោះ ក៏កូនយើងមិនស្លាប់ទៅណា។ កាលយើងរស់នៅប៉ៃលិន ទ្រព្យសម្បត្តិ ផ្ទះសម្បែង របស់ប្រើប្រាស់ យើងមានមិនខ្វះចន្លោះត្រង់ណា កូនយើងក៏មានការរស់នៅយ៉ាងស្រួល គ្មានទុក្ខកង្វល់ ប៉ុន្ដែនេះគ្នាស្លាប់នៅពេលស្រុកមានសង្រ្គាមគ្មានអីស៊ីដើម្បីរស់ដូចគេដូចឯង។ ជម្ងឺបៀតបៀនធ្វើឲ្យគ្នាស្លាប់ចោលពួកយើង គ្នាក៏មិនចង់ស្លាប់បែបហ្នឹងឯណាម៉ែវា! (ស្វាមីនិយាយលួងលោមចិត្តភរិយា)។
  • បានហើយ…. មាន់រងាវហើយសម្រាកបន្តិចទៅស្អែកធ្វើការផង! (ប្ដីតឿនប្រពន្ធ)។

ព្រឹកនេះជាថ្ងៃចាប់ផ្ដើមធ្វើនៅរោងចក្រស្ករសកំពង់គល់សាជាថ្មីរបស់ប្ដីប្រពន្ធគូនេះ។ អង្គការស្រឡាញ់ទុកចិត្តចំពោះអ្នកទាំងពីរខ្លាំងណាស់ ពីព្រោះអង្គការបានចាត់កងឈ្លបឲ្យតាមដានមើល ឃើញថាអ្នកទាំងពីរនាក់ពិតជាមនុស្សល្អមែន។

សន្ធឹកម៉ាស៊ីនកិនដើមអំពៅ លាន់ឮឲ្យទ្រហឹងខ្ទ័រដើមទ្រូង។ ដើមអំពៅត្រូវបានបោះចូលក្នុងម៉ាស៊ីនទាំងបាច់ៗ កម្លាំងកិនក្រោមកម្លាំងក្បាលម៉ាស៊ីនរថភ្លើងយកមកកែច្នៃដើម្បីអូសទាញ កង់ចក្រផ្សេងៗឲ្យដំណើរការស្រួលដោយប្រើអូសដុតជាប្រភពថាមពល។ ទាំងកម្លាំងម៉ាស៊ីនទាំងកម្លាំងមនុស្សប្រព្រឹត្តទៅយ៉ាងស៊ីចង្វាក់គ្នាពេកក្រៃ ហាក់ដូចជាការប្រកួតប្រជែងដើម្បីជ័យលាភីគ្នាអ៊ីចឹង។ ម្នាក់ៗមានការសស្រាក់សស្រាំ និងការងារនៅក្នុងរោងចក្រស្ករសកំពង់គល់ខ្លាំងណាស់ ស្រាប់តែមានកម្មាភិបាលម្នាក់ ដើរមកនិយាយទៅកាន់មនុស្សម្នាក់ក្នុងចំណោមមនុស្សជាច្រើន ធ្វើឲ្យមានការភិតភ័យស្ទើរលស់ព្រលឹងគ្រប់គ្នាៗ។

  • សមមិត្តនារីកេង​ត្រូវតែឈប់ធ្វើការនៅទីនេះភ្លាម ហើយត្រូវតែទៅតាមខ្ញុំឥឡូវនេះ ពីព្រោះសមមិត្តមេភូមិត្រូវការជួបសមមិត្តនារីឯង (កម្មាភិបាលខ្មែរក្រហមនិយាយយ៉ាងដាច់អហង្កា)។

ហ្វូងមនុស្សទាំងឡាយ បន្ទាប់ពីបានស្ដាប់ឮកម្មាភិបាលខ្មែរក្រហមនិយាយដូច្នេះ ពួកគេជូរមាត់ជូរកគ្រប់គ្នាទៅហើយ ពីព្រោះពួកគេធ្លាប់ដឹងពីមុនៗមកជាស្រេចទៅហើយ ឲ្យតែក្នុងលក្ខខ័ណ្ឌកោះហៅយ៉ាងនេះ គឺគ្មានអ្វីក្រៅពីយកទៅរៀនសូត្រ(សម្លាប់ចោល) នោះឡើយ។

  • ទៅឥឡូវនេះឬ សមមិត្តបង? (សមមិត្តនារីកេងសួរ)។
  • ចាំដល់ពេលណាទៀត បើយលងបានប្រាប់សមមិត្តនារីរួចហើយ ឲ្យឈប់ធ្វើការឥឡូវនេះ ហើយទៅជួបសមមិត្តមេភូមិនោះ (កម្មាភិបាលរូននេះសម្លុត)។
  • ចា៎ សមមិត្តបង… ខ្ញុំនឹងទីជាមួយឥឡូវនេះភ្លាម(សមមិត្តនារីកេងឆ្លើយទាំងតក់ស្លុតមហិមា)។

កម្មាភិបាលម្នាក់នេះ បានបណ្ដើរសមមិត្តនារីកេង ចេញពីរោងចក្រស្ករសបានធ្វើឲ្យមនុស្សទាំងឡាយលួចដៀងក្រសែភ្នែកមើលព្រឹត្តិការណ៍បណ្ដើរសមមិត្តនារីរូបនេះទាំងក្ដីព្រឺព្រួយ។ លុះចេញផុតពីរោងចក្រប្រមាណ២០០ម៉ែត្រ មានកូនវីឡាដ៏តូចមួយខ្នងកំពុងតែឈរយ៉ាងស្ងាត់ស្ងៀមកណ្ដាលកូនព្រៃ ហាក់ដូចជាកំពុងឈររង់ចាំអ្នកណាម្នាក់។ អ្នកទាំងពីរបានដើរចូលទៅក្នុងវីឡានោះ ស្រាប់តែមានវត្តមានសមមិត្តមេភូមិ កម្មាភិបាលបីនាក់ ព្រមទាំងមានសមមិត្តនារីម្នាក់ទៀត កំពុងតែឈរនៅក្បែរជញ្ជាំងក្នុងទឹកមុខស្លេកស្លាំងស្ទើររាកអាចម៍ស្ទើររាក     នោម។

  • អូ…..! មកដល់ហើយសមមិត្តនារីកេង (សមមិត្តមេភូមិឧទានលាន់មាត់)។
  • ចា៎សមមិត្តមេភូមិ… ខ្ញុំមកដល់ហើយ (សមមិត្តនារីកេងឆ្លើយតបយ៉ាងគួរសម)។
  • ប្រសើរណាស់..! (សមមិត្តមេភូមិក្រោកពីកៅអីដើរមកជិតសមមិត្តនារីទាំងពីរ)។

លុះកម្មាភិបាលទាំងបីនាក់បានឃើញដូច្នេះហើយ ពួកគេក៏បានដើរចេញមកឈរខាងក្រៅកូនវីឡានោះវិញ ដើម្បីទុកឲ្យសមមិត្តមេភូមិនិយាយកិច្ចការជាមួយសមមិត្តនារីទាំងពីរនាក់។

  • ខ្ញុំបានចាត់ឲ្យគេទៅហៅសមមិត្តនារីទាំងពីរនាក់មកនេះ គឺខ្ញុំមានកិច្ចការដ៏តូចមួយដើម្បីឲ្យសមមិត្តនារីធ្វើ ហើយខ្ញុំមិនទុកចិត្តលើអ្នកណា ក្រៅពីសមមិត្តនារីទាំងពីរនាក់នេះឡើយ (សមមិត្តមេភូមិនិយាយដោយឈរក្បែរបង្អួច សម្លឹងមើលទេសភាពខាងក្រៅកូនវីឡា)។

បន្ទាប់ពីសមមិត្តនារីទាំងពីរនាក់នោះ ស្ទង់ចិត្តសមមិត្តមេភូមិដឹងបានហើយ ពួកគេក៏យល់ពីបំណងរបស់គាត់ ហើយក៏លែងភ័យពីរឿងស្លាប់តទៅទៀតដែរ។

  • សមមិត្តមេភូមិមានធរុៈកិច្ចការសំខាន់អី… ចង់ពឹងឲ្យពួកយើងធ្វើនោះ សូមមានប្រសាសន៍បញ្ជាមកចុះចា៎! ពួកយើងនឹងធ្វើជូនភ្លាម (សមមិត្តនារីកេងនិយាយ)។
  • ត្រូវហើយ… សមមិត្តមេភូមិ មានអ្វីចង់ឲ្យពួកនាងខ្ញុំធ្វើនោះ ចូរមានប្រសាសន៍មកចុះ (សមមិត្តនារីម្នាក់ទៀតជួយនិយាយបន្ថែមបន្ថយគ្នា)។
  • នៅព្រឹកស្អែកនេះនឹងមានគណៈប្រតិភូជាន់ខ្ពស់មកពីប្រទេសចិនបីបួននាក់ ត្រូវមកស្នាក់នៅក្នុងកូនវីឡានេះ។ ហេតុដូច្នេះហើយ សមមិត្តនារីទាំងពីរនាក់ត្រូវតែរៀបចំបោសសម្អាត តុបតែងទាំងក្រៅទាំងក្នុងកូនវីឡានេះឲ្យបានស្អាតដើម្បីទុកទទួលពួកគេ។ ក្រណាត់ទាំងនេះ សមមិត្តនារីច្នៃធ្វើជាកម្រាលតុ ហើយផ្លែដូងទាំងនេះទៀតសោត កាប់យកទឹកវាទុកលាងបង្គន់ឲ្យបានស្អាតណា(សមមិត្តមេភូមិនិយាយ)។
  • ចា៎សមមិត្តមេភូមិកុំព្រួយរឿងហ្នឹង…! ទុកចិត្តលើពួកនាងខ្ញុំចុះ (សមមិត្តនារីកេងនិយាយ)។

ការបោសសម្អាតកូនវីឡានេះ បានប្រព្រឹត្តយ៉ាងរលូន។ អ្នកទាំងពីរខិតខំប្រឹងប្រែងធ្វើ ទាំងបោសសម្អាត ទាំងកាត់ក្រណាត់ធ្វើជាកម្រាលតុបានយ៉ាងល្អទៀតផង។ ពួកគេទាំងពីរនាក់ធ្វើការក្នុងកូនវីឡានេះ ជាន់ខាងក្រោមរួចស្រេច ពួកគេក៏ឡើងទៅបោសសម្អាតនៅជាន់ខាងលើទៀត លុះឡើងទៅដល់ជាន់ខាងលើ ពួកគេក៏ប្រទះឃើញមានពាងធំៗចំនួនបីនៅទន្ទឹមគ្នា ហាក់ដូចជាកំពុងតែឈរ រង់ចាំពួកគេទាំងពីរនាក់អ៊ីចឹង៖

  • សមមិត្តបង…. នៅខាងលើនេះមានពាងចំនួនបី ហើយពាងនីមួយៗផ្ទុកសុទ្ធតែមាសពេញៗដូចគ្នាទាំងអស់… សមមិត្តបងមើលនែ៎! (សមមិត្តនារីម្នាក់ឧទានឡើងយ៉ាងភ្ញាក់ផ្អើល)។
  • អូរ!! សុទ្ធតែមានមែនតើ! គ្រឿងអលង្កាគ្រប់ប្រភេទតែម្ដងហើយ! ណ្ហើយ… កុំទៅយកចិត្តទុកដាក់នឹងវាអី! ធ្វើតែការយើងទៅបានហើយកុំខ្វល់… ​ទុកឲ្យអង្គការជាអ្នកចាត់ចែងទៅរឿងពាងមាសនេះនោះ។ របស់ទាំងនេះជាកម្មសិទ្ធិរបស់អង្គការ តែអ្នកណាហ៊ានប៉ះពាល់វានោះ ច្បាស់ជាដាច់ក្បាលពីស្មាជាមិនខានឡើយ!(សមមិត្តនារីកងនិយាយពន្យល់ប្រាប់សមមិត្តនារីម្នាក់ទៀត)។

លុះដល់ព្រឹកស្អែកឡើង ក៏ឃើញមានគណៈប្រតិភូជាន់ខ្ពស់ចិនបីនាក់មកមែន។ ពួកគេមកដល់ត្រូវទទួលស្វាគមន៍យ៉ាងអឹកអធឹកពីសមមិត្តមេភូមិ កម្មាភិបាលខ្មែរក្រហមជាច្រើននាក់ផ្សេងទៀត។ ចំណែកប្រជាជនវិញ មិនត្រូវបានអនុញ្ញាតឲ្យមកទទួលបដិសណ្ឋារៈគណៈប្រតិភូចិននោះឡើយ ពីព្រោះរឿងនេះរឿងផ្ទៃក្នុងរបស់អង្គការជាមួយជនជាតិចិននោះ។

ការផ្លាស់មូលដ្ឋានពីច្រាំងចោត មកនៅក្នុងមូលដ្ឋានភ្នំដូនមាយ របស់ប្ដីប្រពន្ធនិងកូននេះ បានតែកន្លះឆ្នាំតែប៉ុណ្ណោះ កូនស្រីពៅរបស់ពួកគេក៏បានចាប់ផ្ដើមឈឺជាដំណំ។ ទោះបីពួកគេខិតខំខ្នះខ្នែង រត់ខ្វែងដៃខ្វែងជើងដើម្បីរកវិធីព្យាបាលជម្ងឺពិសនេះតាមបែបបុរាណយ៉ាងណាក៏ដោយ ក៏មិនអាចបន្ធូរបន្ថយនូវអាការៈរោគឲ្យថមថយ បាននោះដែរ។ ជម្ងឺរបស់កូនស្រីពៅចេះតែងៀមទៅៗ គម្រប់ថ្ងៃប្រាំពីរកុមារីដ៏កំសត់ម្នាក់នេះក៏បានលាចាកលោកនេះទៅ បានបន្សល់នូវក្ដីទុក្ខលោកឲ្យម៉ែឪស្រណោះស្ដាយស្ទើរឆ្កួតវង្វេងទាំងពីរនាក់ប្ដីប្រពន្ធជាលើកទីបីម្ដងទៀត។

សង្រ្គាមដួងចិត្តនៅតែបន្ដធ្វើឲ្យមីងកេង និងពូផាច មិនឲ្យមានក្ដីសុខស្ងប់ពីខន្ធសន្ដាន ខ្លួនប្រាណដ៏ស្គមកំប្រឹងរបស់ពួកគាត់ឡើយ។ កូនស្រីទាំងបីបានស្លាប់ទៅ សម្រាប់ទំហំដួងចិត្តដ៏ស្អាតស្អំ មេត្រីភាពចំពោះកូនៗ វារឹតតែចងរឹតទងសួតប្រមាត់របស់ពួកគាត់មិនអាចបំភ្លេចបាន លុបចោលឲ្យឆ្ងាយចេញពីក្រសែភ្នែកមិនបាននោះឡើយ។

កាលរស់នៅក្នុងមូលដ្ឋានភ្នំដូនមាយ ហាក់ដូចជាពុំសូវមានភាពស្រួលស្រណុក សុខផ្លូវចិត្តប៉ុន្មានទេ ដោយសារតែកន្លងទៅថ្មីៗនេះពួកគាត់ទើបតែស្លាប់កូនស្រីបង្ហើយចេញពីដៃ។ មិនយូរប៉ុន្មានបន្ទាប់ពីកូនស្លាប់ទៅអង្គការខ្មែរក្រហមក៏បានបញ្ជាឲ្យពួកគាត់មកធ្វើការនៅក្នុងមូលដ្ឋានថ្មីមួយទៀតគឺស្ថិតនៅក្នុងភូមិថ្ង័រ ដែលនៅមិនឆ្ងាយណាស់ណាពីមូលដ្ឋានចាស់ភ្នំដូនមាយនោះឡើយ។

ប្រជាជនជាច្រើននាក់ត្រូវបានអង្គការឲ្យឈរនៅចំហៀងរោងបាយពេលព្រលឹមស្រាងៗ។ ប្រុសមួយផ្នែក ហើយស្រីមួយផ្នែកដើម្បីរង់ចាំស្ដាប់ការបែងចែកទិសដៅមុនខងារធ្វើការមិនឲ្យមានការទំនេរនោះទេ។ ប្រុសៗភាគតិចណាស់ដែលអង្គការផ្ដល់អាទិភាពការងារស្រួលជាងគេនោះ វៀរលែងតែអ្នកខ្លះមានជម្ងឺប្រចាំកាយ ទើបអង្គការឲ្យធ្វើការងារស្រួលបន្ដិច។

ការដាំបន្លែបង្កា គឺជាផ្នែកមួយដ៏សំខាន់បំផុតក្នុងសម័យ ប៉ុល ពត ពីព្រោះបន្លែទាំងនេះហើយដែលខាងចុងភៅមានស្លរឬដាក់លាយជាមួយបបរ ទុកសម្រាប់ប្រជាជនមូលដ្ឋាននីមួយៗហូបជាប្រចាំមិនលោះថ្ងៃនោះ។

ចំណែកស្រីៗនិងប្រុសឯទៀតវិញ ត្រូវនៅធ្វើការខាងចម្ការអំពៅ។ មានការកាប់គាស់ស្មើៗដៃគ្នាទាំងអស់ ដើម្បីធ្វើយ៉ាងណាបង្កើនបរិមាណស្ករអំពៅឲ្យកាន់តែច្រើនឡើង។

សកម្មភាពមួយៗក្នុងកាយវិការជាអ្នកជម្ងឺ កាន់ចបកាប់បំបែកដីស្ទើរមិនបែករបស់ពូផាច ហាក់ដូចជាផ្ទាំងទស្សនីយភាពដ៏ស្រស់ត្រកាល ទាក់ទាញចំណាប់អារម្មណ៍ពីអ្នករួមការងារដូចគ្នាថា៖

  • សមមិត្ត…. សមមិត្តឯងមានជម្ងឺអីដែរនៅក្នុងខ្លួន បានជាអង្គការឲ្យមកធ្វើការក្នុងសួនបន្លែដូចពួកយើងដែរអ៊ីចឹង? (សមមិត្តម្នាក់បានសួរពូផាច)។
  • អីយ៉ូយ!! សមមិត្តអើយ! ខ្ញុំកើតជម្អឺរាកមួលឈាម ព្រមទាំងហើមពងស្វាសផង! ពិបាកក្នុងខ្លួនណាស់ ប៉ន្ដែធ្វើម៉េចបើអង្គការបានបញ្ជាឲ្យធ្វើការទៅហើយនោះ។ ប្រសិនបើយើងហ៊ានបដិសេធថាមិនព្រមធ្វើការនោះ…. ណាខ្លួនកំពុងឈឺស្រាប់ផង ស្រួលមិនស្រួលអង្គការយកទៅកាប់ទាំងរស់ក៏មិនដឹង(ពូផាចនិយាយប្រាប់សមមិត្តម្នាក់វិញ)។
  • អ៊ីចឹងមែនហ្នឹងឯង! ខ្ញុំធ្លាប់ឃើញផ្ទាល់នឹងភ្នែកស្រស់ៗតែម្ដង។ ថ្ងៃមួយកាលខ្ញុំនៅមូលដ្ឋានអំពុះឃ្លាំង សមមិត្តនារីម្នាក់គ្នាឈឺដេកនៅនឹងកន្ទេលយូរថ្ងៃ អង្គការឃើញលំបាកដល់អង្គការខ្លាំងពេក កម្មាភិបាលខ្មែរក្រហមនាំគ្នាសែងសមមិត្តនារីនោះយកទៅកប់នៅទីទួលក្រោយផ្ទះបាត់ទៅ ទាំងគ្នាមិនទាន់ផុតដង្ហើមផង។ លុះដល់ល្ងាច ប្ដីនិងកូនមកធ្វើការវិញមិនបានឃើញប្រពន្ធខ្លួន ក៏មានការភ្ងាក់ផ្អើល ទើបរត់ទៅសួរសមមិត្តដែលកំពុងតែអង្គុយជាមួយកម្មាភិបាលឯទៀតនៅលើតុវែងមួយ សួរពីរឿងប្រពន្ធរបស់ខ្លួន។ តាសមមិត្តមេភូមិនោះឆ្លើយមកវិញយ៉ាងស្រួលថា៖
  • ប្រពន្ធរបស់សមមិត្តឯងបានស្លាប់ទៅហើយ មុននេះប៉ុន្មានម៉ោងប៉ុណ្ណោះ។ អង្គការសុំចូលរួមសោកស្ដាយផង។ ម្យ៉ាងទៀតអង្គការឃើញគ្មានអ្នកណាយកសពទៅកប់ អង្គការក៏បានយកទៅកប់ឲ្យរួចហើយ! ផ្នូរខ្មោចនៅព្រៃរកាទួលក្រោយផ្ទះឯណោះ។
  • ប៉ុន្ដែព្រឹកមិញនេះ ប្រពន្ធខ្ញុំបានធូរច្រើនណាស់តើសមមិត្តមេភូមិ! (បុរសជាប្ដីសពឧទានឡើង)។
  • ព្រឹកមិញជារឿងផ្សេង ប៉ុន្ដែនៅល្ងាចនេះ គេបានស្លាប់ហើយ! ឯងស្ដាប់បានទេ? ឬ សមមិត្តឯងចង់ចោទប្រកាន់អង្គការថាយកប្រពន្ធសមមិត្តទៅកប់ទាំងរស់ឬ? (សមមិត្តមេភូមិទះតុក្រោកឈរចង្អុលមុខបុរសជាប្ដីមុននិយាយដាក់ទាំងកម្រាល)។
  • ទេខ្ញុំមិនហ៊ានចោទប្រកាន់អង្គការទេ ប៉ុន្ដែខ្ញុំ……. (បុរសនោះឆ្លើយតបវិញយ៉ាងក្រៀមក្រំ)។
  • បើមិនហ៊ានទេ…. ត្រឡប់ទៅផ្ទះវិញចុះ (សមមិត្តមេភូមិគំហកដាក់)។

បុរសជាប្ដីនៃសពនោះ ក៏ត្រឡប់ទៅផ្ទះវិញទាំងអារម្មណ៍មួរម៉ៅ​ហើយហួសទៅមើលផ្នូរខ្មោចប្រពន្ធជាមួយកូនបីនាក់ទៀត ដើម្បីធ្វើការគោរពវិញ្ញាណខន្ធប្រពន្ធនិងម្ដាយ។

  • សមមិត្តឃើញទេ…. អង្គការសាហាវយ៉ាងណា? មនុស្សមិនទាន់ស្លាប់ផង បែរជាយកគ្នាទៅកប់ទាំងរស់ទៅកើត។ អានរកនេះ…. (បុរសនោះខ្សឹបដាក់់ពូផាច)។
  • ចំពោះអង្គការអ្វីអង្គការធ្វើបានដែរ កុំទៅលូកដៃលូនជើងនឹងអង្គការ ក្រែងលោងាប់ឥតអំពើ!។ បានហើយ…. ពួកគេដើរមកហើយ ក្រែងគេឮទៅ! (ពូផាចខ្សឹបតបវិញ)។

ការងារនៅក្នុងសួនបន្លែថ្ងៃនេះ ត្រូវបានបញ្ចប់ក្រោមសម្លេងផ្លែចបត្របាក់ដីមួយៗ គួរជាទីធុញទ្រាន់ទ្រលាន់ចិត្ត។ ប្រជាជនទាំងឡាយត្រូវបានសម្រាក ឃើញមានដើរជាបន្តបន្ទាប់គ្នា មកកាន់រោងបាយនៅក្នុងមូលដ្ឋានភូមិថ្មី។

ដំណើរអ៊ីកអ៊ាកៗនៃស្រ្តីម្នាក់ ដែលមានទម្ងន់(ផ្ទៃពោះ) ស្ទើរតែជិតគ្រប់ខែដៃហើយនោះ បានបង្ហាញខ្លួនយ៉ាងឱឡារិកនៅចំពោះមុខពូផាច ដែលកំពុងឈររង់ចាំប្រពន្ធខ្លួននៅក្បែរច្រកចូលរោងបាយខាងក្រោមដើមល្មុតដ៏ចាស់ក្រឹកមួយដើម។ ទោះបីជាមីងកេងមានផ្ទៃពោះជិតគ្រប់ខែក៏ដោយ ក៏គាត់មិនហ៊ានទម្រន់ដែរ ខំធ្វើការមិនហ៊ានឲ្យអង្គការខឹងនឹងខ្លួនឡើយ។ ស្នាមញញឹមដ៏ស្ងួតរើងរបស់ប្ដីស្វាគមន៍ចំពោះភរិយានោះ វាគ្រាន់តែជាកូនពន្លឺផ្លេកបន្ទោរដ៏តូចមួយនៅពេលរាត្រីរនោចតែប៉ុណ្ណោះ។ ពូផាច បានដើរទៅទទួលភរិយាក្នុងកាយវិការរាក់ទាក់ ដូចមនុស្សបែកគ្នាយូរអ៊ីចឹង៖

  • យ៉ាងម៉េចដែរម៉ែវា…. ពោះកូនមានធ្វើទុក្ខម៉ែឯង?(ពូផាចសួរភរិយា)។
  • វារាងសៀតពោះខ្លះដែរនៅពេលធ្វើការនោះ ប៉ុន្ដែខ្ញុំមិនបានធ្វើការកាប់គាស់ដីចម្ការអំពៅឲ្យលើសកម្លំាងនោះទេ ដោយសារតែមានអ្នកខ្លះគេជួយបន្ធូរបន្ថយការងារ ប្រហែលគេគិតថាខ្ញុំមានផ្ទៃពោះមើលទៅ(មីងកេងនិយាយប្រាប់ប្ដី)។
  • តោះចឹង! ចូលទៅក្នុងរោងបាយទៅ…. ហូបបាយដើម្បីកូនក្នុងផ្ទៃគ្នាបានទទួលអាហារខ្លះផង។ ម្យ៉ាងទៀតជិតគ្រប់ខែដូច្នេះ ត្រូវតែមើលថែឲ្យបានល្អល្អាច់ទើបបាន ចៀសវាងមានបញ្ហាដល់ពេលសម្រាល (ពូផាចលើកទឹកចិត្តភរិយា)។

ប៉ុន្មានអាទិត្យក្រោយមក ពេលវេលាដ៏សមគួរសម្រាប់ភរិយារបស់ពូផាច ក៏បានមកដល់ ដើម្បីសម្រាលបាននូវទារកដ៏ល្អមួយរូប។ ចំណងស្នេហាមួយនេះ ទោះបីស្ថិតក្នុងបរិបទនយោបាយមិនសមស្របក៏ដោយ ក៏ក្ដីស្រឡាញ់ក្ដីរំភើបរីករាយពេញថ្លើមប្រម៉ាត់ឥតឧបមាចំពោះទឹកចិត្តជាឪពុកម្ដាយទូទៅដូចជាពូផាត និងមីងកេងមានទំហំធំធេងខ្លាំងណាស់។

កូនប្រុសរបស់ពួកគាត់ បានធ្វើឲ្យអ្នកនៅក្នុងមូលដ្ឋានទាំងមូលមានការស្រឡាញ់ស្ទើរគ្រប់ៗគ្នា។ គាត់បានដាក់ឈ្មោះឲ្យកូនប្រុសមួយនេះថា សាយម្ភូ ជាឈ្មោះដ៏ពិរោះហើយសក្ដិសមខ្លាំងណាស់ចំពោះកូនប្រុសរបស់ពួក គាត់។

ដោយសារកាលៈទេសៈមិនអនុញ្ញាតឲ្យមីងកេងនៅផ្ទះ ដើម្បីអាំងភ្លើងឆ្អើរសាច់សរសៃឲ្យរឹងឆ្អិនល្អបានយូរថ្ងៃនោះឡើយ គ្រាន់តែគាត់សម្រាលកូនបានត្រឹមតែមួយអាទិត្យតែប៉ុណ្ណោះ អង្គការក៏បានឲ្យគាត់ចេញធ្វើការទៅហើយ។ មានស្រ្តីជាមេម៉ាយៗ និងស្រ្តីទើបតែសម្រាលកូនថ្មីៗជាច្រើននាក់ដែលអង្គការបានប្រមូលឲ្យធ្វើការក្នុងរោងមួយកន្លែង។ ការងារដែលអង្គការដាក់ឲ្យពួកគាត់ទាំងនោះធ្វើគឺក្រងស្បូវ។ ស្បូវជាច្រើនបាច់ត្រូវបានច្រូតយកមកពីព្រៃហាលទុកឲ្យស្ងួតដើម្បីក្រងវាធ្វើជាកណ្ដប់សម្រាប់ប្រក់បិទបាំងផ្ទះសម្បែង។

ចូលដល់ឆ្នាំ១៩៧៩ កង់ចក្រនយោបាយវិលយ៉ាងត្របាញ់ រកស្មានមិនបាន។ សម្លេងអាវុធតូចធំទាំងឡាយលាន់ឮគ្រប់ទិសទីទាំងអស់។ កងទ័ពខ្មែរក្រហមមានការប្រជុំដ៏សម្ងាត់ស្ដីពីផែនការទប់ស្កាត់នូវាការវាយលុករបស់កងទ័ពវៀតណាមមកលើកងទ័ពខ្លួន។ ការវាយប្រយុទ្ធគ្នារវាងកងទ័ពខ្មែរក្រហម និងកងទ័ពវៀតណាមកាន់តែខ្លាំងឡើងៗ បណ្ដាប្រជាជនទៅតាមខេត្តជាប់ព្រំប្រទល់កម្ពុជា-ថៃ ក៏ចាប់ផ្ដើមរត់កាត់វាលកាត់ព្រៃ ផ្សងជីវិតមករស់នៅលើទឹកដីប្រទេសថៃ ពោរចេញទៅដោយគ្រោះថ្នាក់ជាទីបំផុត។ នៅពេលនោះកងទ័ពក៏លែងសូវខ្វល់ពីប្រជាជនប៉ុន្មានដែរហើយ ពីព្រោះកងទ័ពវៀតណាម បានបាញ់ស្រោចមកលើកងទ័ពខ្មែរក្រហមខ្លាំងពេក ជាហេតុធ្វើឲ្យខ្មែរក្រហមរវល់តែឱបអាវុធប្រយុទ្ធតវិញយ៉ាងមហិមា។ លុះការវាយប្រយុទ្ធគ្នា ខាងភាគីខ្មែរក្រហមទទួលបរាជ័យ អ្នកស្លាប់មានចំនួនច្រើន ហើយអ្នកនៅរស់ក៏រត់យកតែអាយុរៀងៗខ្លួននោះ។ ទីបំផុត កងទ័ពវៀតណាមក៏ទទួលបានជោគជ័យនៅក្នុងការប្រយុទ្ធគ្នានេះ។ ចំណែកឯពូផាច និងមីងកេង និងកូនប្រុសពៅរបស់គាត់ ព្រមទាំងប្រជាជនឯទៀតក៏បានរត់មករស់នៅក្នុងជំរុំជនភៀសខ្លួន៖ ជំរុំចាស់ ខាវអ៊ីដាង បន្ទាយអំពិល រហូតដល់ជំរុំចុងក្រោយគេគឺជំរុំសាយធូ (ប្រទេសថៃ) បាត់ទៅ។

និពន្ធដោយ ៖ អៀម សារ៉ុម

ផ្ដិលកេរជីវិត

មួយផ្នែកទៀតនៃត្រង់សេ ខ្ញុំឃើញមានការុងអង្ករ និងអីវ៉ាន់ សម្លៀកបំពាក់មួយចំនួនរាយពាសពេញទាំងរណ្ដៅ នៅត្រង់នេះមួយនៅត្រង់នោះមួយ។ ដោយម្ដាយខ្ញុំភ័យខ្លាចខ្លាំងពីការបាញ់ប្រហារគ្នារវាងទ័ពជាតិនិងទ័ពព្រៃនៃសង្រ្គាមឈាមជ័រខ្មែរឯងតែមួយនេះ គាត់ចេះតែគ្រវែងចូលឲ្យតែបានៗទៅ។ ដោយសេចក្ដីភ័យរន្ធត់ពេក ដៃខ្ញុំខេះតែស្រវាឱបបង្វេចជាប់យ៉ាងណែនចងដោយក្រមាមិនដឹងថាជារបស់អ្វីឡើយ។ ក្បាលរបស់ខ្ញុំសុទ្ធតែដី គ្រាមានស្នូរកាំភ្លើងធំម្ដងៗ រង្គើញ័ររញ្ជួយធ្លាក់ដីស្រោចពីគំនរឈើបីដូចតំណក់ទឹកភ្លៀងរលឹម។ ពុកខ្ញុំតែងតែយកដីមករោយលើក្បាលរបស់ខ្ញុំ ដោយពោល    តិចៗថា សូមព្រះធរណីជួយកូនចៅឲ្យបានផុតពីគ្រោះកាចទាំងឡាយផង។ សម្លៀកបំពាក់មួយចង្កេះបែកញើសជោកខ្លួន ឪពុកម្តាយ បងប្អូន ញាតិប្រុសស្រី ចូលក្នុងបន្ទប់នេះទាំងអស់គ្នា។ ម្នាក់ៗនិយាយរកគ្នាដោយភាសាខ្សឹបខ្សៀវបែបភ័យខ្លាចផង និងត្រចៀកផ្ទៀងចាំស្ដាប់កាំភ្លើងផង។ ម្ដងឮចេញពីទិសខាងជើង។ ម្ដងឮចេញពីទិសខាងលិចបន្ដបន្ទាប់ឆ្លើយឆ្លងគ្នាមិនដាច់។ ខ្ញុំស្ដាប់ឮម្ដងៗភ័យឈឺព្រួចចាក់ឆេវដល់ក្នុងពោះនិងដើមទ្រូង។​ ក្លិនដី ក្លិនខ្លួនមនុស្សម្នាក់ៗក្នុងរណ្ដៅនេះ ទោះបីជាងងឹតមើលមុខគ្នាមិនឃើញក្ដី ប៉ុន្ដែវាបានធ្វើឲ្យខ្ញុំចេះចំណាំបានថាជានរណាយ៉ាងច្បាស់។ សំឡេងគ្រាប់បាញ់តគ្នាបានចប់មួយស្របក់ ប៉ុន្ដែមនុស្សនៅក្នុងរណ្ដៅសន្តិសុខនេះមិនទាន់មាននរណាម្នាក់ហ៊ានចេញឡើយ។ ថ្ងៃណាក៏ដូចថ្ងៃណាដែរ ខ្ញុំតែងតែចូលលាក់ខ្លួនក្នុងរណ្ដៅនេះ គ្រាណាដែលមានការវាយប្រហារគ្នាដោយកាំភ្លើង ពីក្រុមអ្នកចម្បាំងខ្មែរ។ យូរៗទៅចិត្តខ្ញុំមិនចង់ចេញពីរណ្ដៅនេះឡើយ ចង់តែនៅសោយសេចក្ដីសុខត្រឹមមួយគ្រួសារ មិនចង់បានអ្វីក្រៅតែពីចង់បានសន្តិភាពនេះឡើយ។ ខ្ញុំនៅក្នុងរណ្ដៅជាញឹក     ញយ។ ទីនេះហាក់ធ្វើឲ្យខ្ញុំមានភាពកក់ក្ដៅបញ្ចៀសអស់សេចក្ដីភ័យខ្លាចហើយការពារគ្រប់បែបយ៉ាងដល់រូបខ្ញុំ       បាន។ យប់កាន់តែងងឹតណាស់ទៅហើយ សំឡេងមនុស្សយំកងរំពងបានបន្លឺឡើងជាថ្មី ជំនួសនៃសំឡេងកាំភ្លើងអមជាមួយសំឡេងឆ្កែព្រុសដេញតាមតាំងពីចុងភូមិខាងជើងរហូតមកដល់មុខផ្ទះខ្ញុំ។ ខ្ញុំផ្ទៀងស្ដាប់ដោយស្ញៀមស្ងាត់ស្ទើរតែមិនហ៊ានដកដង្ហើម។ បេះដូងលោតញាប់ញ័រខ្ទរខ្លាំងក្នុងទ្រូងដូចគេបុកចង់ធ្លាយមកក្រៅម្ដងៗ។ អារម្មណ៍របស់ខ្ញុំពិតជាភ័យខ្លាចណាស់ រកអ្វីមកប្រៀបពុំបានឡើយ។ ឪពុកខ្ញុំនិយាយមករកខ្ញុំ និងអ្នកនៅក្នុងរណ្ដៅនេះដោយសេចក្ដីព្រួយបារម្មណ៍។ គាត់បានប្រាប់ម្ដាយរបស់ខ្ញុំ និងបង ប្អូនសាច់ញាតិ និងខ្ញុំដែលនៅក្នុងរណ្ដៅនេះមិនឲ្យចេញទៅណាឡើយ ដ៏រាបណាគាត់ត្រឡប់មកវិញ។ រួចគាត់លូនចេញទៅក្រៅរណ្ដៅនេះ សសៀរតាមគុម្ពចេក ទៅក្បែរដើមទឹកដោះ អែបៗជិតជង្រុកស្រូវដើម្បីតាមរកមើលការមកដល់នៃសំឡេងយំនេះ។ សកម្មភាពរបស់គាត់ដូចគ្រាមានអាសន្នថ្ងៃមុនៗអ៊ីចឹង។ គាត់យល់យ៉ាងជាក់ច្បាស់សព្វសាច់សេចក្ដីរួចហើយ ទើបគាត់ត្រឡប់មកប្រាប់ដល់ខ្ញុំ និងអ្នកនៅក្នុងរណ្ដៅនេះ ឲ្យចេញមកក្រៅ រួចរៀបចំ អីវ៉ាន់ឲ្យបានឆាប់រហ័សជាទីបំផុត ដើម្បីធ្វើដំណើរចេញពីផ្ទះសម្បែងក្នុងភូមិក្រសាំងនេះ ទាំងយប់ទៅតាំងទីលំនៅឯស្រុកចុងកាល់ តាមការជម្លៀសរបស់គេ។ ខ្ញុំស្ទុះចេញពីក្នុងរណ្ដៅយ៉ាងប្រញាប់រត់ទៅយករបស់របរបន្តិចបន្តួចដាក់លើរទេះ។ ពុករបស់ខ្ញុំដឹកគោមកទឹមរទេះ។ ម្ដាយរបស់ខ្ញុំដៃម្ខាងពប្អូនប្រុសរបស់ខ្ញុំ ដៃម្ខាងកាន់ភ្លើងចន្លុះដើរមុខរទេះបំភ្លឺផ្លូវ។ បងប្អូនក្នុងភូមិដណ្ដឹងហៅរកគ្នាប្រជុំមុខផ្ទះខ្ញុំ រួចបររទេះចេញទៅទាំងយប់ងងឹត។ ខ្ញុំក្រឡេកមើលផ្ទះជាច្រើនដង ប៉ុន្ដែដោយសារយប់ងងឹតពេក រទេះបរចេញទៅកាន់តែឆ្ងាយរហូតខ្ញុំមើលផ្ទះរបស់ខ្ញុំលែងឃើញ។ ទឹកភ្នែករបស់ខ្ញុំស្រក់មកដោយមិនដឹងខ្លួនក្នុងយប់ងងឹតគ្មាននរណាម្នាក់បានឃើញ និងដឹងឮឡើយ។

រាល់ថ្ងៃខ្ញុំតែងតែយំរងំក្នុងចិត្ត ត្បិតតឹងទ្រូងនឹងសង្រ្គាមដ៏រ៉ាំរ៉ៃនេះណាស់។ ខ្ញុំតែងតែបង្កើតសំណួរគ្មានចម្លើយសួរខ្លួនឯងជាច្រើនដងរាប់មិនអស់ថា តើហេតុអ្វីបានជាមានសង្រ្គាម? ហេតុអ្វីបានជាគេចង់ប្រហារអ្នកដទៃទៅវិញ ទាំងដែលអ្នកដទៃក៏ចង់មាន ចង់បានដូចជាខ្លួនឯងផងដែរនោះ? តើភាពរីកចម្រើនរុងរឿងរបស់ប្រទេសជាតិ ពិតជាចាំបាច់ត្រូវធ្វើសង្រ្គាមកាប់សម្លាប់ជីវិតគ្នាឯងអ៊ីចឹងមែនទេ? អ្វីៗដែលខ្ញុំចង់បានមិនមែនបែបនេះឡើយ គឺចង់ឃើញការរស់នៅរបស់ប្រជាជនមានសេចក្ដីសុខ ប្រទេសជាតិសម្បូរសប្បាយ មនុស្សម្នាចេះស្រឡាញ់គ្នា ជួយយកអាសាគ្នា សាមគ្គីគ្នាជាភាតរភាពនៅលើទឹកដីសុវណ្ណភូមិនេះ។

សង្រ្គាមនាំមកនូវសេចក្ដីវិនាសអន្តរាយខាតទាំងទ្រព្យងាប់ទាំងជីវិត។ អ្វីដែលមនុស្សចេះតែមានមហិច្ឆតាចង់បានមិនស្កប់ស្កល់ចិត្ត ហើយម្នាក់ៗតែងតែកាប់ប្រចាក់គ្នាក៏ព្រោះតែសេចក្ដីលោភលន់ធ្ងន់តែនឹងអំណាចរៀងៗខ្លួនប្រាថ្នាមិនចេះចប់មិនចេះហើយក្នុងវដ្តសង្សារនេះឯង។ សម័យកាលណាក៏ដូចសម័យកាលណាដែរ ការប្រឈមមុខដាក់គ្នា វាមិនដែលមានភាពរីកចម្រើនបានមកដោយការប្រហារគ្នាឡើយ។ វារឹងរឹតតែធ្វើឲ្យជីវិតនៃពូជមនុស្សកាន់តែហោចទៅៗ ហើយបង្កនូវការបែកបាក់សាមគ្គី ប៉ះពាល់ដល់វប្បធម៌ជាតិ ទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរ ពិសេសគឺបាត់បង់នូវឆន្ទៈស្នេហាជាតិក្នុងនាមឈាមជ័រជាខ្មែរ។ រចនាសម្ព័ន្ធនានាក្នុងភូមិស្រុក វត្តអារាម សាលារៀន មន្ទីរពេទ្យ ទូទាំងប្រទេសត្រូវបានបំផ្លាញ។ អ្នកទីក្រុង និងជនបទដាច់ស្រយោលដែលធ្លាប់តែរស់នៅដោយប្រើសេរីភាពផ្ទាល់ខ្លួនយ៉ាងសប្បាយរីករាយជាមួយជីវភាព មុខរបររបស់ខ្លួនក្នុងប្រទេសសន្តិភាពនេះ ប្រែទៅជាគ្មានផ្ទះសម្បែង ត្រាច់ចរទៅគ្រប់ច្រកល្ហកតាមតែបញ្ជាគេ ដូចខ្ញុំកញ្ជះដាច់ថ្លៃអ៊ីចឹង។ រទេះចេះតែបន្ដដំណើរទៅមុខជានិច្ចទោះបីឆ្លងកាត់ភក់ជ្រាំទាំងកណ្ដាលយប់ងងឹតនេះក៏ដោយ។ ខ្ញុំអង្គុយងុយងោកលើរទេះទោះត្រូវដីខ្ទាតចេញពីកង់រទេះមកស្រោចលើខ្លួនរបស់ខ្ញុំយ៉ាងណាក៏ដោយ ក៏ខ្ញុំហាក់មិនចាប់អារម្មណ៍ថាជាបញ្ហាធំរបស់ខ្ញុំឡើយ ប៉ុន្ដែអ្វីដែលជាបញ្ហារបស់ខ្ញុំនាពេលនេះគឺ ជីវិត និងអនាគតរបស់ខ្ញុំត្រូវរសាត់អណ្តែតទៅដល់ទីណា គ្មានអ្នកណាដឹងនិងបកស្រាយបានឡើយ។

ចំពោះមុខនេះ ខ្ញុំក៏ដូចជាបងប្អូនប្រជាពលរដ្ឋក្នុងភូមិដែលកំពុងតែរស់នៅជួបជុំគ្រួសារ ផ្ទះសម្បែង បងប្អូន យ៉ាងសប្បាយរីករាយក៏ប្រែប្រួលយ៉ាងលឿនត្រឹមតែមួយរយៈពេលដ៏ខ្លី ទៅជាមនុស្សគ្មានលំនៅដ្ឋានរបស់ខ្លួនឯងច្បាស់លាស់ ចាកចោលស្រៃចម្ការច្បារដំណាំ រសាត់អណ្ដែតទាំងយប់អាធ្រាត្រគួរឲ្យអាសូរ។ នេះក៏ព្រោះតែបុព្វហេតុនៃសង្រ្គាម ដែលកើតចេញពីការចង់បាននូវអំណាច បំផ្លិចបំផ្លាញតែជាតិឯងគ្មានក្រែងរអែងចិត្តអាណិត ដល់ជីវិតរស់នៅរបស់មនុស្សស្លូតត្រង់បន្តិចឡើយ។

រដូវរំហើយនេះអាកាសធាតុនាពេលយប់កាន់តែត្រជាក់ ខ្ញុំរងាញាក់ដូចកូនចាបហល់ទឹកភ្លៀងអ៊ីចឹង។ ក្លិនស្រូវស្រាលទុំ ប្រហើរចេញពីវាលស្រែក្បែរៗដងផ្លូវមិនដាច់ ឆ្លងពីភូមិក្រសាំងកាត់តាមខាងជើងភូមិឈូក បន្តទៅភូមិខ្នារ ភូមិគោកស្ពាន និងភូមិព្រះនគរឆ្ពោះទៅទីរួមស្រុកចុងកាល់។ ខ្យល់បក់បោកនារាត្រីនេះមិនដាច់ឡើយ សំឡេងឆ្កែលូល្វើយៗព្រោះវង្វេងបាត់ម្ចាស់ លាន់សូរគ្រលួចពីក្នុងព្រៃខាងក្រោយហ្វូងនៃការធ្វើដំណើរ។ សូរសព្ទនេះកាន់តែធ្វើឲ្យចិត្តខ្ញុំក្តុកក្ដួលជាពន់ពេក។ គោដើរបណ្ដើរស៊ីស្មៅព្រេចបណ្ដើរមិនឈប់បង្អង់ឡើយ។ ការធ្វើដំណើរពេញមួយយប់ទល់ភ្លឺ នៅទីបំផុតទើបខ្ញុំមកដល់ស្រុកចុងកាល់។

រាល់ថ្ងៃពេលព្រឹកព្រលឹមថ្មើរនេះ ពុកខ្ញុំតែងតែទៅច្រូតស្រូវស្រាលខាងត្បូងភូមិក្រសាំងជាមួយនឹងអ្នកភូមិដែលពួកគាត់ជួយដៃគ្នាច្រូតម្នាក់ម្ដង ប៉ុន្ដែគ្រានេះបែរជាមកតាំងរស់នៅក្នុងវត្ដ ស្រុកចុងកាល់ទៅវិញ។ អ្វីៗដែលនៅសេសសល់របស់ពុកខ្ញុំ ក៏ដូចជាអ្នកភូមិទាំងអស់មិនត្រូវបានបំពេញ និងប្រមូលផលជារបស់ខ្លួនដូចមុនទៀយឡើយ គឺត្រូវទុកចោលទាំងស្រុងនៅឯភូមិក្រសាំងនោះឯង។ ជីវភាពជាអ្នកស្រែចម្ការ គ្មានអ្វីសប្បាយចិត្តជាងការប្រមូលផលស្រូវ ដែលកំពុងតែទុំពាសពេញវាលស្រែនោះឡើយ។ ខ្ញុំធ្លាប់តែងើបពីព្រឹកព្រលឹមស្រាងៗដាំបាយជំនួសដៃជើងឪពុកម្ដាយខ្លះ ដើម្បីវេចខ្ទប់ជូនពួកគាត់ចេញដំណើរទៅច្រូតស្រូវ ក៏កើតជាមកអង្គុយសំកុកនៅលើរទេះមិនព្រមចេញទៅណាឡើយ។ ខ្ញុំនៅតែមិនអស់ចិត្តចំពោះសកម្មភាពនៃការជម្លៀសនេះ។ ​អារម្មណ៍វិលវល់មិនដាច់ស្រេច។ វាហាក់ដូចជាការយល់សប្តិក្នុងពេលរាត្រីមួយនេះអ៊ីចឹង។ ខ្ញុំដាក់ភ្នែកទៅកន្លែងណាក៏ឃើញតែរទេះដឹកអីវ៉ាន់ និងមនុស្សម្នាឈប់ត្រៀបត្រាក្នុងវត្តអារាមដែរ។ ម្នាក់ៗខ្វល់ខ្វាយក្នុងចិត្តដោះស្រាយមិនចេញឡើយ។ ស្បៀងដែលពួកយើងមានមិនច្រើនទេ ព្រោះរំពឹងគិតថាបានហូបអង្ករស្រូវថ្មីដែលនឹងប្រមូលផលជាបណ្ដើរតាមរបៀបអ្នកស្រុកស្រែចម្ការនៅទីជនបទ។

ខ្ញុំសម្រាកនៅស្រុកចុងកាល់បានមួយយប់ ហើយត្រូវបានប្រធានក្រុមចល័តជម្លៀស ទៅភូមិត្រុំស្រុកស្រីស្នំ ខេត្តសៀមរាបជាបន្តទៀត ជាមួយនឹងក្មេងៗក្នុងភូមិដែលមានអាយុស្របាលខ្ញុំដែរ។ ការដកទៅលើកនេះគឺខ្ញុំទៅតែឯងទេ។ ចំណែកឯក្រុមគ្រួសាររបស់ខ្ញុំគេទុកឲ្យធ្វើដំណើរមួយផ្នែកតាមពីក្រោយឆ្ពោះទៅភូមិត្រុំ ស្រុកស្រីស្នំ ខេត្តសៀមរាបដូចគ្នាដែរ។ ប៉ុន្ដែលើកនេះគេបំបែកគ្នាដោយយកក្មេងៗឲ្យធ្វើដំណើរផ្សេងៗ ឯក្រុមគ្រួសារធ្វើដំណើរជាមួយប៉ែកផ្សេង។ ឪពុករបស់ខ្ញុំហុចបង្វេចក្រមាមួយឲ្យខ្ញុំដោយគាត់ផ្ដាំថា កូនយកបង្វេចនេះទៅតាមខ្លួនចុះ ទុកគ្រាន់ប្រើការក្នុងគ្រាមានអាសន្នណាមួយ ចូលកូនកុំចោលវាឲ្យសោះព្រោះតទៅវាជាកេរជីវិតរបស់កូនហើយ។ ខ្ញុំឈោងយកអំណោយនោះមកឱបជាប់នឹងដើមទ្រូងដោយសេចក្ដីរំភើប។ ខ្ញុំលុតគង្គង់ស្រក់ទឹកភ្នែកឱនក្បាលសំពះលាឪពុកអមដោយអំណេរគុណចំពេះអ្នកមានគុណរបស់ខ្ញុំ។ ស្របគ្នានោះប្រធានក្រុមចល័តនិងហ្វូងក្មេងៗមួយក្រុមមកដល់លម្ម គាត់បណ្ដើរពួកខ្ញុំចេញទៅប្រមាណជាសាមសិបនាក់ ដើម្បីរង់ចាំឡើងជិះរថយន្ត អាដំរីទឹក ដឹកខ្សាច់សម្រាប់យកទៅកសាងពីភូមិគោកស្រម៉យកទៅស្រុកក្រឡាញ់។ មួយសន្ទុះធំរថយន្តបីគ្រឿងមកដល់ ពួកខ្ញុំត្រូវបំបែកគ្នាជាបីក្រុមដែរឡើងជិះរថយន្តនោះ។ អាដំរីទឹកបោលយ៉ាងលឿនដូចឈ្មោះដែលគេដាក់ឲ្យមែន។ រថយន្តនាំមុខមកដល់ស្ពានអូរជីកដែលជាស្ពានស្ថិតក្នុងព្រំប្រទល់នៃខេត្តទាំងពីរ គឺខេត្តសៀមរាប និងខេត្តឧត្ថរមានជ័យ។

សំឡេងផ្ទុះរន្ធឺលាន់ឮ រញ្ជួយព្រះធរណីក្បែរគល់ស្ពាន បែកផ្សែងខ្មួលខ្មាញ់ហុយទ្រលោមនៅលើអាកាស។ ខ្សាច់ស្រោចក្បាលកប់ខ្លួនរបស់ខ្ញុំស្ទើររើមិនរួច ឡានឈប់ង៉ក់មិនធ្វើដំណើរទៅមុខមួយរំពេច។ សំឡេងស្រែកយំបន្លឺឡើងដូចជាកូនចាបបែកសំបុក ដីចូលភ្នែកខ្ញុំរកមើលអ្វីមិនឃើញទេ ដៃខ្ញុំម្ខាងឱបបង្វេចជាប់ ដៃម្ខាងទៀតរាវរកមិត្តភក្តិដែលជិះជុំគ្នានៅលើពំនូកខ្សាច់នោះ ដោយប្រវេប្រវារកគ្នាឲ្យគ្រប់ចំនួន។ ឱ! គុណបុណ្យព្រះធរណី លោកពិតជាជួយដល់ជីវិតស្លូតត្រង់វ័យខ្ចីរបស់ក្មេងៗទាំងនេះណាស់ អ្នកហាក់ដូចជាដឹងថា ក្មេងៗទាំងអស់ គឺកម្លំាងរបស់ជាតិដ៏រឹងមាំដើម្បីបន្ដវេនដែលត្រូវរែរស់មើលថែការពារប្រទេសមួយនេះ ឲ្យរួចចាកទុក្ខពីរបបដ៏ខ្មៅងងឹតនេះអ៊ីចឹង។ បង្វេចក្រមារបស់ខ្ញុំរហែកអស់ ខ្ញុំលុតជង្គង់លើកដៃប្រណម្យនឹកដល់គុណបុណ្យឪពុកម្តាយ ដែលជាព្រះគន្លោងដ៏មានអានុភាពដ៏ថ្លៃថ្លាបំផុតជួយការពារជីវិតរបស់កូនក្នុងគ្រាមានអាសន្ននេះ។ ខ្ញុំបោសដីចេញពីបង្វេច និងបើកមើលតាមស្នាមដែលរហែកនេះដោយទឹកភ្នែកសស្រាក់។ ខ្ញុំឃើញច្បាស់នឹងភ្នែក គឺជាកូនផ្ដិតតូចមួយក្រាស់ហើយមានស្នាមអំបែងគ្រាប់បុកចំប៉ុន្ដែមិនឆ្លុះ។ ឱ!ផ្ដិលជីវិតខ្ញុំអើយ អ្នកបានជួយខ្ញុំឲ្យរួចផុតពីសេចក្ដីស្លាប់ និងមានជីវិតរស់នៅបាន ចាកចេញគេចពីគ្រោះកាចក៏ចង្រៃនេះហើយ ប្រសិនជាគ្មានអ្នកទេ ម្ល៉េះសមកាយរបស់ខ្ញុំនឹងឆ្លុះធ្លាយដោយលោហៈមហាប្រល័យផ្ទុះនេះហើយ។ ម្ល៉េះសមកាយរបស់ខ្ញុំ ឈាមស្រស់របស់ខ្ញុំ វានឹងធ្លាក់ស្រោចស្របព្រះធរណីដ៏ស្រស់ស្អាតមួយនេះដោយអាសាឥតការទៅហើយ។ តៃកុងឡាន នឹងក្រុមការងាររបស់គាត់ជិះនៅខាងមុខត្រូវស្លាប់ទាំងអស់។ ប្រធានក្រុមចល័តរត់មករកពួកខ្ញុំ។ ដោយឃើញថាគ្មានបញ្ហាអ្វីគាត់ឲ្យពួកខ្ញុំប្រញាប់ឡើងរថយន្តនៅពីក្រោយពីរគ្រឿងទៀតដែលគ្មានបញ្ហា ដើម្បីចេញដំណើរទៅមុខជាបន្ដ។ ខ្ញុំចាប់បង្វេចរហែករបស់ខ្ញុំឡើងជិះរថយន្តជាថ្មី។

ការធ្វើដំណើរមិនអាចឈប់បង្អង់ឡើយ ឆ្លងពីភូមិមួយទៅភូមិមួយ រហូតដល់ស្រុកក្រឡាញ់។ ពីដំបូងប្រធានក្រុមចល័តប្រាប់ខ្ញុំថាត្រូវជម្លៀសមកភូមិត្រុំ ប៉ុន្ដែដោយហេតុថា  រថយន្តមួយជាន់មីនផ្ទុះត្រូវការដឹកខ្សាច់ឲ្យបានរហ័ស ទើបប្រើពួកខ្ញុំក្មេងៗជាអ្នកមកចូកទម្លាក់ខ្សាច់ឲ្យបានរហ័សដែរ។ ដូច្នេះហើយទើបបង្ខំឲ្យពួកខ្ញុំបន្តមកដល់ស្រុកក្រឡាញ់ទៀតខុសពីគោលដៅចាស់។ មេឃងងឹតទៅហើយ ឡានដឹកខ្សាច់ទើបដល់ស្រុកក្រឡាញ់ ខ្ញុំកាយខ្សាច់ទាំងយប់ងងឹត ម៉ោងជិតដប់យប់ទើបអស់នឹងបានសម្រាក។ ឡានចេញដំណើរត្រឡប់ទៅដឹកខ្សាច់បន្ដទៀត ប៉ុន្ដែគេមិនឲ្យខ្ញុំទៅវិញទេ គឺគេទុកខ្ញុំនិងមិត្តឯទៀតនៅចាំចូកខ្សាច់ទម្លាក់ឯស្រុកក្រឡាញ់នេះរយៈពេលប្រាំយប់ប្រាំថ្ងៃ។ ខ្ញុំប្រឹងប្រែងធ្វើការងារមិនដែលធ្វេសប្រហែសឡើយ។ ធ្វើយ៉ាងណាឲ្យតែរក្សាខ្លួននឹងជីវិតបានទោះការងារធ្ងន់ស្រាល ឆ្លងកាត់រងាក្ដៅបែបណា ក៏ខ្ញុំមិនដែលត្អូញត្អែរមួយម៉ាត់ឲ្យឮដែរ មានតែខាំមាត់សង្កត់ចិត្ត អត់ធ្មត់ក្រាញននៀលធ្វើរហូតទាំងយប់ទាំងថ្ងៃជានិច្ច។

២.ជំរំជម្លៀស

ប្រជាពលរដ្ឋដែលជម្លៀសដំបូងមកស្នាក់អាស្រ័យនៅក្នុងស្រុកចុងកាល់នេះ គឺមានតែបីភូមិប៉ុណ្ណោះក្នុងនោះមានភូមិក្រសាំង ភូមិប្រាសាទ និងភូមិខ្នារ។ ឥឡូវដំណើរការជម្លៀស​នៅតែបន្តទៅភូមិត្រុំ ស្រុកស្រីស្នំ ខេត្តសៀមរាបទៀត។ គ្រួសាររបស់ខ្ញុំធ្វើដំណើរតាមផ្លូវបានឃើញរថយន្តដែលខ្ញុំជិះ ខូចខាតដោយផ្ទុះមីន ពួកគាត់ពិតជារន្ធត់ចិត្តណាស់។ គាត់ព្រួយបារម្មពីខ្ញុំក្រែងមានគ្រោះភ័យទាំងឡាយកើតមានចំពោះរូបខ្ញុំ។ គ្រួសាររបស់ខ្ញុំនិងគ្រួសារជម្លៀសទាំងអស់ មករស់នៅក្នុងផ្ទះជាមួយអ្នកភូមិត្រុំ ទាំងអស់គ្នា ដែលតម្រូវឲ្យមួយគ្រួសារជម្លៀសស្នាក់នៅជាមួយគ្រួសារអ្នកភូមិត្រុំមួយគ្រួសារដែរ។

ប្រជាជនទាំងអស់នៅក្នុងភូមិត្រុំត្រូវបានសហករណ៍កែនយកធ្វើការច្រូតស្រូវនៅឆ្ងាយពីភូមិនេះរហូតដល់ភូមិរំដេង…… ហើយក្រុមចល័តខ្លះត្រូវបានគេយកទៅឲ្យបិទភ្លឺស្រែនៅតាមវាលស្រែនិងលើកទំនប់នៅត្រពាំងស្រែង និងនៅអាងត្រពាំងថ្មផងដែរ។ កន្លែងណាក៏ដូចកន្លែងណាដែរគឺធ្វើការយ៉ាងលំបាកលំបិនបំផុត គ្មានអ្នកណាបានហូបឆ្ងាញ់ទេ។ ការហូបបាយជាហ្វូង ជាក្រុម ជាពួកដោយវេចចានម្នាក់មួយជានិច្ច។ បន្ទាប់នៅចូកខ្សាច់ទម្លាក់អស់ដប់ប្រាំថ្ងៃនៅឯស្រុកក្រឡាញ់ យប់មួយខ្ញុំមកដល់ជំរំជម្លៀសក្នុងភូមិត្រុំ។ ខ្ញុំនិងមិត្តឯទៀតត្រូវបានប្រធានសហករណ៍ជូនទៅរកផ្ទះម្ដងម្នាក់ៗព្រោះពួកខ្ញុំមិនដឹងថាគ្រួសាររបស់ខ្លួននៅទីណាទេ។ ក្នុងរាត្រីដ៏សែនស្ងាត់នៅភូមិត្រុំ នារីចល័តទាំងអស់នាំគ្នាងូតទឹករួចហើយទើបបណ្ដើរគ្នាទៅយកបាយពីចុងភៅនៅឯចុងភូមិខាងត្បូង ដើម្បីយកមកស្រស់ស្រូបក្នុងពេលល្ងាច។ និយាយដល់ត្រឹមនេះ អាហារពេលល្ងាចរបស់ពួកខ្ញុំវាលែងស្ថិតនីចំពេលល្ងាចឡើយ គឺនៅក្នុងពេលរាត្រីស្ទើរតែរាល់ៗថ្ងៃ។ ខ្ញុំយកផ្ដិលខាត់ដែលឪពុករ​បស់ខ្ញុំ បានឲ្យខ្ញុំដើម្បីទុកប្រើប្រាស់ពេលមានការចាំបាច់នានាទៅដាក់បាយនិងម្ហូបអាហារតាមការចាំបាច់នេះ។ អាហាររបស់ក្រុមចល័តនេះញុំាតែពេលយប់ ពេលខ្លះមានតែដំឡូងពេលខ្លះក៏មានតែបាយគ្មានសម្ល ពេលខ្លះក៏មានតែបបរ… ហើយពេលខ្លះមានខ្លោចឬឆៅ…. ក៏ខ្ញុំមិនរអ៊ូដែរ គឺទ្រាំលេបឲ្យតែពេញពោះ និងបានរស់បន្តទៅទៀតទេ។

ពីមួយថ្ងៃទៅមួយថ្ងៃខ្ញុំតែងតែឃើញគេរៀបចំផែនការគ្រប់គ្រង់មនុស្ស នៅក្នុងការធ្វើការងាររបស់ក្រុមសហករណ៍នៅភូមិត្រុំមានសភាពប្លែកៗគ្នា។ ខ្ញុំសង្កេតឃើញគេបែងចែកជាបួនទិដ្ឋភាពគឺ ក្រុមកុមារ ក្រុមយុវជន ក្រុមមនុស្សវ័យកណ្ដាល និងមនុស្សចាស់។ ក្រុមកុមារគេឲ្យដើររើសអាចម៍គោដើម្បីយកទៅធ្វើជីកកំប៉ុស្ដ។ ក្រុមយុវជន គេបានចាត់ជាក្រុមចាត់ជាក្រុមចល័តដើម្បីឲ្យទៅបិទភ្លឺស្រែ ឬច្រូតស្រូវ។ ក្រុមវ័យកណ្ដាលគេឲ្យដឹកនាំផងនឹងធ្វើការផងតាមក្រុមនីមួយៗ។ រីឯក្រុមមនុស្សចាស់គេឲ្យនៅចាំផ្ទះមើលកូនចៅរបស់ក្រុមការងារដែលគេឲ្យទៅធ្វើការច្រូតស្រូវ បិទភ្លឺ… ដែលពួកគាត់ម្នាក់ៗទទួលរ៉ាប់រងមើលក្មេងតូចៗពីបីទៅប្រាំនាក់។ ចំណែកអាហារសម្រាប់ទទួលទានវិញគ្រប់ក្រុមទាំងអស់មិនតម្រូវឲ្យនរណាម្នាក់មានភារកិច្ចដាំបាយឬស្លខ្លួនឯងទេ គឺគេមានចុងភៅម្នាក់សម្រាប់គ្រប់គ្រងលើការងារនេះ។ ឲ្យតែដល់ម៉ោងបាយព្រឹក ថ្ងៃត្រង់ ល្ងាច ខ្ញុំឮគរវាយជួង ដើម្បីផ្ដល់ជាសញ្ញាដល់ក្រុមការងារទាំងអស់ទៅតម្រង់ជួរគ្នាទទួលយកម្ហូបអាហារទាំងនោះមកបរិភោគ។

បន្ទាប់ពីធ្វើការងារយ៉ាងស្វិតស្វាញ តាមតួនាទីដែលប្រធានសហករណ៍បានបែងចែងជូនម្នាក់ៗដើម្បីទទួលខុសត្រូវ ខ្ញុំពុំដែលមានពេលសម្រាកគ្រប់គ្រាន់ឡើយ។ ក្នុងនាមជាក្មេងស្រីម្នាក់ ដែលមានភាពវ័យខ្ចីលើបទពិសោធន៍ការងារ ខ្ញុំពិតជាមានការលំបាកណាស់នូវអ្វីដែលខ្ញុំទទួលពីការដាក់ឲ្យធ្វើនេះ។ ការងារទាំងអស់វាពិតជាមានទំហំធំដែលហួសពីកម្លាំងកាយ និងសមត្ថភាពរបស់ខ្ញុំ។ ប៉ុន្ដែដើម្បីរក្សាជីវិតឲ្យរស់នៅបាន ជួបជុំឪពុកម្តាយ បងប្អូន និងដើម្បីប្រទេសជាតិ ទឹកដីដ៏បវររបស់ខ្ញុំ កិច្ចការធ្ងន់ស្រាលអីទាំងប៉ុន្មានក្លាយជាធម្មតា ហើយខ្ញុំសម្រេចធ្វើឲ្យបានទាំងអស់ បើទោះបីជាខ្ញុំត្រូវធ្វើការងារទាំងនោះទ្វេមួយជាពីរ… ទាំងកណ្ដាលថ្ងៃក្ដៅ ភ្លៀងផ្គររន្ទះម្ដេចម្ដាក៏ដោយ។ វ័យ១៥ឆ្នាំប្រហែលខ្ញុំនេះសមណាស់តែ នឹងមានរូបរាង សាច់ឈាមស្រស់ឆោមលោមពណ៌ទ្រលុកទ្រលន់ ហើយកំពុងតែសិក្សារៀនសូត្រ និងរស់នៅយ៉ាងសុខស្រួលក្នុងជម្រកដ៏សាមញ្ញរបស់ខ្ញុំហើយ មិនគួរណាមករសាត់អណ្ដែតគ្រប់ច្រកល្ហកទាំងកណ្ដាលថ្ងៃនិងរាត្រីដូច្នេះសោះ។ តើនេះជាផលកម្មរបស់ខ្ញុំពីអតីតជាតិមកឬយ៉ាងណាបានជាបណ្ដាលឲ្យជីវិតរបស់ខ្ញុំមកជួបរឿងអស់ទាំងនេះ? យប់ថ្ងៃគ្មានឱកាសបានជជែកនិងរស់នៅជួបជុំគ្រួសារប្រកបដោយភាពកក់ក្ដៅឡើយ។ ទេវាមិនមែនជាផលកម្មដ៏អាក្រក់របស់ខ្ញុំទេ ព្រោះមនុស្សមួយភូមិ មួយប្រទេសក៏ជួបទុក្ខព្រួយចំពោះរឿងនេះដែរ តើវាជាផលកម្មរបស់អ្នកណាជាអ្នកសាងវាឡើង ទើបវាឲ្យពួកយើងជួបទុក្ខលំបាកដូច្នេះ? ឥឡូវនេះសូម្បីរដូវខែបុណ្យទានអ្វីក៏គ្មានរណាហ៊ានធ្វើតាមទំនៀមទម្លាប់ដែរ ព្រោះរបបនេះបានបិទសិទ្ធសេរីគ្រប់យ៉ាងរបស់ប្រជាពលរដ្ឋមិនឲ្យនរណាមានចិត្តខ្វល់ខ្វាយនិងរឿងធ្វើបុណ្យទាននេះឡើយ។ ម្យ៉ាងទៀតនៅតាមទីវត្តអារាមក៏គ្មានព្រះសង្ឃអីដែរព្រោះគេចាប់ផ្សឹកព្រះសង្ឃអស់ហើយ។ ឱ! ប្រទេសកម្ពុជាអើយ អ្នកកំពុងតែជួបដូចជាពាក្យស្លោកមួយបទថា​«វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើនថ្កាន» នេះហើយ។ តើថ្ងៃណាទើបអ្នកងើបរួចពីគ្រោះកាចដ៏អាក្រក់នេះបាន? ប្រជាពលរដ្ឋម្នាក់ៗធ្វើការដូចសត្វធាតុគ្មានត្រាប្រណី តើជីវិតណាមិនក្ស័យ?

៣.ជំងឺបាក់ជ័របាយ

រាងកាយរបស់ខ្ញុំស្គាំងស្គម ស្វិតស្រពោនក្រៀមក្រញង់ខ្មៅក្រញេស មើលមិនយល់ឡើយ។ រាល់ថ្ងៃខ្ញុំទៅធ្វើការទាំងខ្លួនមានជំងឺ ដោយបណ្ដាលមកពីការធ្វើការងារធ្ងន់បាក់កម្លាំង និងការទទួលទានអាហារខ្វះជីវជាតិផ្នែកអាហារូបត្ថម្ភផង។  ចាប់តាំងពីខ្ញុំដឹងថា ខ្លួនរបស់ខ្ញុំមានជំងឺបាក់ជ័របាយនេះមក ខ្ញុំហាក់មិនសូវសប្បាយចិត្តនឹងការងារទាំងឡើយ។ ម្យ៉ាងទៀតខ្ញុំមិនខ្លាចនឹងការគំរាមកំហែងពីក្រុមអាវខ្មៅ ប៉ុល ពល ទៀតទេ។ ពួកគេតែងតែប្រើសម្ដីគំហកខ្លាំងៗដាក់ខ្ញុំ ថាខ្ញុំជាមនុស្សពុតធ្វើជាឈឺ ម្យ៉ាងទៀតពួកគេចេះតែរំអុកដាក់ខ្ញុំម្ដងហើយម្ដងទៀត ថាខ្ញុំជាមនុស្សឈឺសតិអារម្មណ៍​ អីឯណានោះទៅវិញ។ ឪពុកម្តាយរបស់ខ្ញុំ ការដែលឃើញខ្ញុំធ្លាក់ខ្លួនឈឺដូច្នេះ ពួកគាត់ពិបាកចិត្តណាស់។ ប៉ុន្ដែពួកគាត់មិនដែលបញ្ចេញឲ្យខ្ញុំឃើញថា គាត់មានការពិបាកចិត្តព្រោះតែរូបខ្ញុំឡើយ។ គាត់កាន់តែធ្វើមុខស្រស់ញញឹមដាក់ខ្ញុំ និងលើកទឹកចិត្តខ្ញុំជានិច្ច។

រាល់យប់ក្នុងរដូវចម្រូតនេះមានខ្យល់បក់ពីទិសខាងជើងត្រជាក់ណាស់ ប៉ុន្ដែខ្លួនរបស់ខ្ញុំ បែរជាក្ដៅដូចភ្នំ។ភ្លើងខុសពីមនុស្សធម្មតាទៅវិញ។ ពុករបស់ខ្ញុំតែងតែអុចធូបបន់ស្រន់ ដល់វត្ថុស័ក្កសិទ្ធិដែលថែរក្សាទឹកដីប្រទេសកម្ពុជា។ ពិសេសបារមីនៅប្រាសាទព្រហ្មកិល ស្ពានប្រាប់ទិសដែលជាសម្បត្តិវប្បធម៌ជាប្រវត្តិសាស្រ្តរបស់ខ្មែរនាបុរាណសម័យដ៏រុងរឿងឲ្យមកជួយបីបាច់ថែរក្សារូបខ្ញុំ បានឆាប់ជាសះស្បើយពីជំងឺទៀតផង។  គាត់តែងតែធ្វើដំណើរទៅដងទឹកពីប្រាសាទ និងស្ពានទាំងអស់ដើម្បីយកមកឲ្យខ្ញុំផឹកនឹងពពោកខ្លួនប្រាណរបស់ខ្ញុំដោយរំពឹងទុកថា ទឹកទាំងនោះជួយធ្វើឲ្យខ្ញុំបានជាសះស្បើយតាមសេចក្ដីប្រាថ្នា។ គាត់យកទឹកដាក់ក្នុងផ្ដិលខាត់ប្រហែលមួយថ្នាំងដៃឲ្យខ្ញុំផឹកបន្ដិច រួចយកមកដាក់ពីលើពោះរបស់ខ្ញុំដើម្បីឲ្យកម្ដៅក្នុងខ្លួនឆាប់ចុះត្រជាក់។ ម្ដាយរបស់ខ្ញុំយកបបរមកបញ្ចុកខ្ញុំដោយទឹកចិត្ត និងសេចក្ដីស្រឡាញ់ចំពោះខ្ញុំ។ បង ប្អូន អ្នកជិតខាងគ្នាតែងតែនាំគ្មានមកសួរសុខទុក្ខខ្ញុំមិនដែលដាច់។ កម្លាំងចិត្តទាំងអស់របស់ពួកគាត់បានជំរុញឲ្យដល់កម្លាំងចិត្តរបស់ខ្ញុំ​ កាន់តែមានព្រលឹងឡើងពីមួយថ្ងៃទៅមួយថ្ងៃរហូតបានធូរស្បើយ។ កូនផ្ដិលខាត់មួយនេះគ្រាខ្ញុំមានទុក្ខលំបាកតែងតែមានវត្ដមានគេរហូត គេគឺជាកេរជីវិតរបស់ខ្ញុំ។

កម្ដៅខ្លួនចុះត្រជាក់ហើយ ចំណែកទឹកមុខរបស់កូនក៏កាន់តែស្រសើថ្លាជាមុនដែរ បារមីវត្ថុសក្ដិសិទ្ធិពិតជាជួយកូនរបស់ពុកឲ្យជាសះស្បើយហើយ លោកឪពុករបស់ខ្ញុំគាត់មានប្រសាសន៍មករកខ្ញុំដោយសេចក្ដីសង្ឃឹម។ ខ្ញុំញញឹមទៅរកគាត់ដោយក្ដីរំភើបក្នុងចិត្ត បើទោះជាខ្ញុំកំពុងតែដេកនៅនឹងកន្ទេលក្រោកមិនទាន់រួចស្រួលបួលក៏ដោយ។ ម្តាយរបស់ខ្ញុំលូកដៃស៊កពីក្រោម ក របស់ខ្ញុំ លើកខ្ញុំឡើងឲ្យអង្គុយ។ ខ្ញុំដាក់ភ្នែកទៅទីណាក៏ឃើញសុទ្ធតែពណ៌លឿងទាំងអស់ គ្មានឃើញអ្វីស្រស់បំព្រងដូចគ្រាមុនឡើយ។ ភាពធេងធោងនៅមិនទាន់ចាកឆ្ងាយពីខ្ញុំសោះ ខ្ញុំប្រឹងហូបបបរឲ្យបានច្រើនដើម្បីឲ្យសុខភាពរបស់ខ្ញុំកាន់តែរឹងមាំជាងមុន។ ឪពុករបស់ខ្ញុំអង្គុយក្បែរខ្ញុំ ដោយដៃកាន់កន្សែងជ្រលក់ទឹកជូតដៃ ជើង និងខ្លួនឲ្យខ្ញុំ។

ថ្ងៃនេះកូនញុំាបបរបានច្រើនណាស់ កូនស្រីម៉ែជាហើយ។ ម្ដាយរបស់ខ្ញុំគាត់និយាយមករកខ្ញុំ។ ខ្ញុំញញឹមទៅរកគាត់ដោយទឹកមុខបែបក្រៀមក្រោះក្នុងស្ថានភាពអ្នកជំងឺ។ ឪពុករបស់ខ្ញុំនៅតែបន្ដពពោកទឹកឲ្យខ្ញុំរហូតទាល់តែខ្ញុំមានអារម្មណ៍ថារងាទាញភួយមកដណ្ដប់ទើបគាត់ឈប់ជូតឲ្យខ្ញុំ។ ដោយសេចក្ដីស្រឡាញ់ និងទឹកចិត្តលះបង់ដ៏ខ្ពស់របស់ឪពុកម្តាយនេះ និងអ្នកភូមិ ញាតិមិត្តជិតឆ្ងាយដែលបានយកថ្នាំសង្កូវ នេះបន្តិច ថ្នាំនោះបន្តិចតាមបទពិសោធន៍ដែលពួកគាត់ធ្លាប់បានព្យាបាលចំពោះអ្នកជំងឺដោយបង្ហាញពីប្រសិទ្ធភាពថ្នាំទាំងនោះ ដែលពួកគាត់ធានាអះអាងថា ពូកែស័ក្ដិសិទ្ធិណាស់ យកមកឲ្យខ្ញុំទុកប្រើប្រាស់ មើលទៅឡើងគរលើគ្នាហើយ។ ដោយហេតុថាជាប្រភេសថ្នាំបុរាណ ប្រើដោយមានការផ្សំគ្នាមានទឹកដោះខ្លា ឆ្អឹងសត្វ ស្បែកសត្វ សំបកសិប្បីសត្វ ឫសឈើ សំបកឈើ ខ្លឹមឈើ ផ្លែឈើ ដែលឈើខ្លះក៏ជាប្រភេទឈើពុល ប៉ុន្ដែដល់ពេលយកផ្សំក្នុងការប្រើប្រាស់ព្យាបាលជំងឺ វាបានក្លាយជាឱសថដ៏ស័ក្ដិសិទ្ធិផងដែរ។ គេយកថ្នាំទាំងនោះមកដុសជាមួយថ្មមួយដុំ ដោយដាក់ទឹករួចទុកឲ្យរងដើម្បីខ្ញុំផឹកជាថ្នាំព្យាបាល។ ខ្ញុំសង្កេតឃើញថា ថ្នាំខ្លះគេគ្រាន់តែដុសមួយដង ខ្លះគេដុសពីរដង ខ្លះបីដង…. តាមតម្រូវតាមប្រភេទជំងឺ ដូចជាថ្នាំបញ្ចុះកំដៅ ឈឺក្បាល វិលមុខ…. ជាដើម។

ឱ! ទឹកចិត្តឪពុកម្តាយបើទោះបីជា កូននៅតូចឬធំក្ដី ក៏លោកតែងតែមើលថែទាំកូនដោយក្ដីស្រឡាញ់គ្មានថ្ងៃសាបសូន្យឡើយ។ មិនថាកូនមានគ្រួសារហើយក្ដី ឬកូនក្លាយទៅជាមនុស្សមានបុណ្យស័ក្ដិតូច​ធំអ្វីក៏ដោយ កូនរបស់គាត់នៅតែជាក្មេងប្រុស ​ឬក្មេងស្រីម្នាក់ជាទីស្រឡាញ់របស់គាត់ជានិច្ច។

ខ្ញុំនឹកដល់ទឹកដីកំណើតរបស់ខ្ញុំខ្លាំងណាស់ ពិសេសផលដំណាំ សត្វឆ្កែឆ្មាររបស់ខ្ញុំ។ ម្ល៉េះសមគ្នារស់នៅយ៉ាងលំបាកលំបិនមិនដឹងជាបានអ្វីជាអាហារនោះទេ។ គេធ្លាប់តែមានម្ចាស់តែងតែយកចិត្តទុកដាក់ចំពោះពួកគេ។ ឪពុករបស់ខ្ញុំគាត់ហុចកូនផ្ដិលខាត់តូចមួយដែលមានទឹកថ្នាំនៅក្នុងនោះយកមកឲ្យខ្ញុំផឹក។ នេះកូនញុំាបបរហើយ ផឹកថ្នាំនេះបន្ដិចទៅដើម្បីឲ្យកូនឆាប់មានកម្លាំងនិងជាសះស្បើយ ព្រោះនៅតែប្រាំថ្ងៃទៀតទេយើងនឹងត្រឡប់ទៅផ្ទះ ស្រុកភូមិយើងវិញហើយ។ ខ្ញុំគ្រាន់តែស្ដាប់ឮឪពុករបស់ខ្ញុំនិយាយចប់ភ្លាម ខ្ញុំទទួលកូនផ្ដិលខាត់តូចមួយនោះផឹកទឹកថ្នាំអស់ស្ទើរគ្មានសល់មួយតំណក់ ហើយទឹកមុខរបស់ខ្ញុំញញឹមពព្រាយមួយរំពេចដោយកាយវិការនិយាយរួសរាយខុសពីថ្ងៃណាៗទាំងអស់ ខ្ញុំពិតជាសប្បាយចិត្តរកអ្វីមកប្រៀបផ្ទឹមពុំបានឡើយ។

៤.ព្រលឹងជីវិត

ព្រលឹងហាក់ហោះចូលមកនៅក្នុងខ្លួនរបស់ខ្ញុំវិញហើយ ខ្ញុំត្រូវតែខំហូបចំណីអាហារដើម្បីឲ្យសុខភាពឆាប់រឹងមាំ ​ពិសេសដើម្បីបានឃើញទិដ្ឋភាពស្រុកភូមិរបស់ខ្ញុំជាថ្មី ស្ថិតក្នុងសុខសន្ដិភាពយ៉ាងសុខសាន្ត។ បំណងរបស់ខ្ញុំចង់ឃើញតែប្រទេសជាតិមានសុខសន្ដិភាព ប្រជាជនមានជីវភាពធូរធាររស់នៅសម្បូរសប្បាយ ហើយចេះសាមគ្គីគ្នាជាឆ្លុងមួយរួមគ្នាថែរក្សាសម្បត្តិវប្បធម៌ ទំនៀមទំលាប់ប្រពៃណី កសាងបាននូវសំណង់ថ្មីៗ ដូចដូនតាយើងពីបុរាណ ដែលលោកបានកសាង និងបន្សល់ទុករួមមានប្រាសាទស្ថានបុរាណនានាដ៏ច្រើននៅលើទឹកដីសុវណ្ណភូមិនេះ។

ជីវភាពរបស់ប្រជាជនក្នុងគ្រានេះ បើទោះជាខិតខំប្រឹងប្រែងទាំងយប់ ទាំងថ្ងៃស្ទើរតែគ្មានថ្ងៃឈប់សម្រាកក៏ដោយ ក៏ពុំមានសិទ្ធិយកជារបស់ខ្លួនឡើយ ហើយបាយទឹកវិញក៏ពុំមានសិទ្ធដាំបាយហូបខ្លួនឯងដែរ គឺចាំតែទទួលយកបាយសម្លពីចុងភៅដូចៗគ្នាទាំងអស់។ ដល់ម៉ោងបាយគេវាយជួងហៅឲ្យគ្រប់គ្នាយកចានទៅតម្រង់ជួរចាំយកម្ហូបអាហារទាំងនោះតែរៀងៗខ្លួន។

ថ្ងៃនេះស្ថានភាពជំងឺរបស់ខ្ញុំកាន់តែសះស្បើយ ខ្ញុំអាចដើរបាន និងធ្វើអ្វីៗបានដូចធម្មតាវិញ។ ហើយឪពុកម្តាយរបស់ខ្ញុំ និងបងប្អូនអ្នកជិតខាងទាំងអស់ក៏មានចិត្តសប្បាយរីករាយអបអរសាទរដោយឃើញខ្ញុំបានជា និងមានសាច់ឈាមល្អប្រសើរដូចដើមវិញ។ ទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋខ្មែរយើងពិតជាមានសេចក្ដីសណ្ដោសប្រោសប្រណីជាមួយគ្នាណាស់។ ម្នាក់ៗតែងតែចែករំលែកទាំងនំចំណី ស្រីសាច់ ម្ហូបអាហារឲ្យគ្នាមិនដែលដាច់ឡើយ។ ពិសេសវប្បធម៌ចែករំលែកនេះបានក្លាយជាផ្នត់គំនិតដ៏រឹងមាំមួយរបស់ខ្មែរ ដែលធ្វើឲ្យមិត្តភាពមានភាពយូរអង្វែងប្រកបដោយសាមគ្គីភាពបំផុត។

ពេលវេលាបានមកដល់ ខ្ញុំនិងក្រុមគ្រួសារ និងអ្នកភូមិទាំងអស់ធ្វើដំណើរត្រឡប់ទៅភូមិកំណើតវិញដោយម្នាក់ៗមានទឹកមុខសប្បាយរីករាយ។ ខ្ញុំមើលឃើញពីទឹកចិត្តរបស់ប្រជាពលរដ្ឋទាំងអស់គ្នាច្បាស់ណាស់ថា សុខចិត្តរស់នៅផ្ទះរបស់ខ្លួនឯង បើទោះជាផ្ទះនោះតូចក្ដី  ឬធំក្ដីក៏ពួកគាត់ពេញចិត្តនឹងអ្វីដែលគាត់មានជានិច្ចជាជាងគាត់រស់នៅផ្ទះធំទ្រនំខ្ពស់ប៉ុន្ដែជារបស់គេ។ ហើយពួកគាត់ក៏ស៊ូលំបាកដោយសារខ្លួន ឯងបម្រើខ្លួនឯង មានសេចក្ដីសប្បាយរីករាយជាងការរស់នៅក្នុងរបបមួយក៏ខ្មៅងងឹតនេះ ដែលធ្វើឲ្យពួកគេរស់នៅចាំហូបបាយស្រាប់ ប៉ុន្ដែបាត់សិទ្ធិសេរីគ្រប់បែបយ៉ាងនេះ។

គ្រាន់តែប៉ុន្មានខែកន្លងមកនេះស្រូវទុំដួលរាបដល់ដី ខ្លះត្រូវភ្លើងឆេះគ្មានសល់ ខ្លះទៀតដុះសារឡើងវិញហាក់ដូចជាស្រូវទើបលេងខ្លួនថ្មីអ៊ីចឹង។ សត្វចាប បក្សាបក្សីហិចហើរចុះទន្រ្ទានស៊ីស្រូវទាំងកងទាំងហ្វូងតាមចិត្តស្ទើរគ្មានសល់បន្តិចទេ។

ក្នុងភូមិមានផ្ទះតែគ្មានមនុស្សនៅ មានផ្លូវប៉ុន្ដែគ្មានមនុស្សដើរ ស្មៅដុះច្រូងច្រាង ក្លាយជាទីក្រុងមូសនិងពពួកសត្វអាសិរិ្ពសយ៉ាងសប្បាយរស់ទៅវិញ។ ដើមដូង ដើមត្នោត ដើមស្វាយ ដើមខ្នុរ និងដើមទឹកដោះ ដែលខ្ពស់ៗ មួយចំនួនត្រូវបានបាក់សំយ៉ាកចុះមកដី ដែលបណ្ដាលមកពីត្រូវគ្រាប់កាំភ្លើងប្រយុទ្ធតគ្នាក្នុងសង្រ្គាមស៊ីសាច់ហុតឈាមរវាងខ្មែរនិងខ្មែរឯងនេះ។

ភូមិកំណើតដ៏កម្សត់របស់ខ្ញុំ ខ្ញុំមិននឹកស្មានថា ខ្ញុំអាចវិលមកជួបអ្នកសារជាថ្មីសោះ។ អំណឹះតទៅខ្ញុំប្រាថ្នាថានឹងរស់នៅជាមួយអ្នក​​ មិនចាកចេញពីអ្នក ដោយសារសង្រ្គាមទៀតឡើយ បើទោះបីជាខ្ញុំត្រូវបាត់បង់ជីវិតក៏ដោយ ក៏សូមឲ្យខ្ញុំស្លាប់នៅទីនេះជាមួយអ្នកចុះ។ ហើយបំណងធំបំផុតរបស់ខ្ញុំគឺចង់បានសន្តិភាព ដើម្បីមានឱកាសបានសិក្សារៀនសូត្រយកចំណេះវិជ្ជាមកចូលរួមជួយអភិវឌ្ឍប្រទេសជាតិឲ្យរួចផុតពីភាពក្រីក្រ ជាពិសេសគឺភ្លើងសង្រ្គាមក៏គួរឲ្យភ័យខ្លាចនេះ។

ម្តាយរបស់ខ្ញុំចូលទៅរៀបចំផ្ទះនិងអុជធូបបន់ស្រន់នៅកន្លែងព្រះភូមិដែលរៀបដាក់តម្កល់ក្នុងផ្ទះ។ គាត់ប្រាប់ដល់ជំនាងផ្ទះថាម្ចាស់ផ្ទះមកវិញហើយ សូមឲ្យសុខសប្បាយក្នុងការរស់នៅជួបតែសេចក្ដីសុខចម្រុងចម្រើនកុំបីខាន។ ខ្ញុំមើលម្ដាយរបស់ខ្ញុំដោយស្ញៀមស្ងាត់។ ពុករបស់ខ្ញុំជាមនុស្សឧស្សាហ៍ម្នាក់ កាលបើឃើញផ្ទះសុទ្ធតែស្មៅដុះជុំជិតយ៉ាងនេះ គាត់យកខ្វែវ និងចបកាប់មកឆ្ការ ជំរះឲ្យស្រឡះល្អមួយរំពេច។ ខ្ញុំជួយប្រមូលសំរាមទាំងនោះគរ ដុតឲ្យចេះស្រឡះល្អ។ ខ្ញុំសែនអាណិតឆ្កែ ឆ្មាររបស់ខ្ញុំណាស់។ ពួកគេរស់នៅទីនេះដោយគ្មានម្ចាស់មួយរយៈកាលកន្លងទៅនេះមិនដឹងថាគេបានធ្វីជាអាហារទេ គ្រាន់តែឃើញម្ចាស់មកដល់ផ្ទះយ៉ាងនេះ ពួកគេរត់មកឱបផងយំស្រែកផងនៅចំពោះមុខយើង ដូចជាចង់ប្រាប់ថា គេនឹកណាស់ គេព្រួយណាស់ គេវេទនាណាស់អ៊ីចឹង…។​ ខ្ញុំលុតជង្គង់ទាំងពីរយកដៃត្រកងពីក្រោមទ្រូងរបស់គេឱបពួកគេដោយសេចក្ដីស្រឡាញ់ចំពោះពួកគេ។ ទឹកភ្នែករបស់ខ្ញុំមិនអាចឃាត់បានទេ បានហូរមកដោយសេចក្ដីរំភើបចំពោះភាពសិ្នទ្ធស្នាល និងភាពស្មោះត្រង់របស់ពួកគេ បើទោះជាសត្វក្ដីប៉ុន្ដែពួកគេហាក់ដូចជាសមាជិកគ្រួសារជាមួយអ៊ីចឹង ខ្ញុំនិយាយថាមួយពួកគេទាំងដែលមិនដឹងថាពួកគេយល់ន័យឬមិនយល់ន័យថា ចាប់ពីថ្ងៃនេះតទៅពួកឯងនឹងរស់នៅជាមួយខ្ញុំ ព្រមទាំងគ្រួសារដោយសប្បាយរីករាយចុះពួកយើងឈប់ចាកចេញពីឯងហើយ ដរាបណាជីវិតយើងមិនទាន់រលាយពួកឯងនឹងរស់នៅបានសុខក្នុងរង្វង់គ្រួសាររបស់ខ្ញុំ។ ពិសេសប្រទេសជាតិមួយនេះនឹងទទួលបានសុខសន្ដិភាពមកវិញ ជាបណ្ដើរៗជាក់ជាមិនខានឡើយ។

និពន្ធនៅឧត្ដរមានជ័យ ថ្ងៃសុក្រ ៥រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣

ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩

 

និពន្ធដោយ ៖ អ៊ឹម សានី

ចម្លងចេញពីឯកសារដើមដោយ៖ មីន សាណាស់

(ការចម្លងចេញពីឯកសារដើម គឺត្រូវបានរក្សាឃ្លោងឃ្លាដើមទាំងស្រុង លើកលែងកំណែអក្ខរាវិរុទ្ធខ្លះៗប៉ុណ្ណោះ)

 

ភូមិខ្ញុំក្នុងសម័យ ប៉ុល ពត

ខ្លឹមសាររឿងដែលខ្ញុំដាក់ចំណងជើង«ភូមិខ្ញុំក្នុងសម័យប៉ុល ពត» គឺជាការនិទានការពិត ស្ដីអំពីជីវភាពរស់នៅរបស់ប្រជាជនភូមិ«ណុងម៉ូវ» ដែលផ្ដើមចេញពីគ្រួសារខ្ញុំផ្ទាល់។ «ណុងម៉ូវ» ជាបណ្ដុំគ្រួសារស្ថិតនៅវាលស្រែ ដែលមានផ្ទះមិនលើសពីសាមសិបខ្នង ជាផ្នែកចំណុះរបស់ភូមិ«បឹង» ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលហៅជារួមថាភូមិ«បឹងណុងម៉ូវ»។ គ្រួសារខ្ញុំបានរស់នៅទីនេះចាប់ពីឆ្នាំ១៩៧៣ ដល់ឆ្នាំ១៩៧៧។ ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ ខ្ញុំមានអាយុ១៣ឆ្នាំ។ ដំណើររឿងគឺជាព្រឹត្តិការណ៍ពិតឈ្មោះពិត ទីកន្លែងពិត ក្នុងចំណោមហេតុការណ៍ពិត ជាច្រើនដែលបានកើតឡើងក្នុងភូមិ«បឹងណុងម៉ូវ» នាសម័យកម្ពុជាប្រជាធិបតេយ្យដែលខ្ញុំ នឹងផ្ដល់ជូនខ្លឹមសារទំព័រខាងមុខនេះ។ ដោយកាលនោះខ្ញុំស្ថិតក្នុងវ័យកុមារ ការចងចាំ និងការយល់ដឹង នៅមានចន្លោះប្រហោងខ្លះដើម្បីបំពេញនូវកង្វះព័ត៌មាននេះ ខ្ញុំបានជួបសន្ទនាជាមួយមនុស្សសំខាន់ៗ ដែលរស់នៅទីនោះ ក្នុងរបបនោះ ដែលខ្ញុំនឹងភ្ជាប់ជារូបថតខ្លះៗនៅទំព័រចុងក្រោយ។

ខ្ញុំសូមគោរពដ៏ខ្ពង់ខ្ពស់ និងសូមមេត្ដាអធ្យាស្រ័យ ពីសំណាក់អ្នកចេះដឹងទាំងអស់ នូវរាល់កំហុសឆ្គងទាំងឡាយដែលកើតដោយអចេតនា ឬពីកម្រិតនៃចំណេះដឹង ពិសេសចំពោះសំណេរដោយកុំព្យូទ័រនេះ ដែលខ្ញុំខំប្រឹងប្រែងអស់ពីសមត្ថភាព ទទួលបានក្នុងកម្រិតប៉ុណ្ណឹង។

ថ្ងៃអាទិត្យ ១៤កើត ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣

ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា គ.ស.២០១៩

រឿង ភូមិខ្ញុំក្នុងសម័យ ប៉ុល ពត

ជ័យជម្នះ១៧មេសា

សម័យកម្ពុជាប្រជាធិបតេយ្យ ឬហៅថាសម័យប៉ុល ពត បានចាប់បដិសន្ធិឡើងក្ដោបក្ដាប់អំណាចនយោបាយនៅថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ បន្ទាប់ពីយកជ័យជម្នះដោយប្រើអាវុធ ប្រយុទ្ធបង្ហូរឈាមលើសមរភូមិពេញផ្ទៃប្រទេស ផ្ដួលរំលំរបបសាធារណរដ្ឋខ្មែរ ដែលដឹកនាំដោយសេនាប្រមុខ លន់ ណុល។

បន្ទាប់ពីទទួលបានជ័យជម្នះភ្លាម រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ បានលុបចោលរបៀបរបបគ្រប់គ្រងនយោបាយពីសង្គមចាស់ ហើយរៀបចំចាត់តាំងរចនាសម្ព័ន្ធគ្រប់គ្រងអំណាចគ្រប់លំដាប់ថ្នាក់ជាថ្មី។ សមាសភាពនៃអ្នកដឹកនាំមូលដ្ឋាន ដូចជាប្រធានក្រុម ប្រធានកង ប្រធានឈ្លប ប្រធានភូមិ គណៈប្រធានឃុំ ត្រូវបានជ្រើសរើសចេញពី គ្រួសារជាកសិករ ឬកម្មករដែលមានជីវភាពក្រីក្រ។ ពាក្យថា«អង្គការ»គឺសំដៅទៅលើថ្នាក់ដឹកនាំរដ្ឋអំណាចពីថ្នាក់ក្រោមដល់ថ្នាក់លើ។ ពាក្យថា«កម្មាភិបាល» សំដៅលើសមាសភាព​អ្នកកាន់អំណាចកំពូលៗរបស់អង្គការ មានគណៈតំបន់ គណៈភូមិភាគ គណៈមជ្ឈិមបក្សជាដើម។

ប្រជាជនប្រុសស្រី ចាស់ក្មេង នៅភូមិបឹង ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ម្នាក់ៗមានទឹកមុខរីករាយ ញញឹមញញែម ត្រេកអរនឹងជ័យជម្នះថ្ងៃ១៧មេសា។ សម្លេងឧគ្ឃោសនសព្ទ បន្លឺក្តែងៗ ចេញពីវេទិកាអង្គមិទិ្ទញ នៅកណ្ដាលវាលស្រែខាងលិចភូមិ បន្ទរដោយស្នូរទះដៃប្រាវៗ និងសម្រែកជ័យឃោសនាយ៉ាងកងរំពង៖

  • ជយោ! ថ្ងៃជ័យជម្នះ១៧មេសាមហារុងរឿង។ …. ជយោ! ជយោ! ជយោ!
  • ជយោ! បដិវត្តន៍កម្ពុជា ដ៏មហិមា។ ….ជយោ! ជយោ! ជយោ!
  • ជយោ! វណ្ណៈកសិករ វណ្ណៈកម្មករ ដ៏ក្លាហាន។ ….ជយោ! ជយោ! ជយោ!
  • បរាជ័យ! ចក្រពត្តិអាមេរិក និងពួកបរិវារ។ …. បរាជ័យ! បរាជ័យ!បរាជ័យ!

បន្ទាប់ពីកម្មាភិបាលអង្គការ ដែលគ្រងដោយសម្លៀកបំពាក់ពណ៌ខ្មៅ បង់កក្រមា ពាក់មួកកន្ដិបពណ៌ស្លែ ពាក់ស្បែកជើងកង់ឡាន មានមតិយោបល់ក្នុងអង្គប្រជុំ និងស្រែកជ័យឃោសយ៉ាងអឺងកង នៅវេលាថ្ងៃជិតត្រង់ អង្គប្រជុំបានត្រូវប្រកាសរំសាយ។

ខ្ញុំ និងក្រុមគ្រួសាររួមទាំងប្រជាជនច្រើនកុះករ ដើរកាត់វាលស្រែវិលត្រឡប់មកផ្ទះរៀងៗខ្លួន ដោយទឹកមុខស្រស់ស្រាយ សប្បាយរីករាយឥតឧបមា។ ល្ងាចនេះ មនុស្សម្នាជួបជុំគ្នាជាក្រុមៗ​បួនប្រាំនាក់ៗនៅតាមមុខផ្ទះ មានភាពខ្ញៀវខ្ញាររីករាយ ខុសប្លែកជាងពេលមុនៗ។

ជំនោររាត្រីកាលបក់ត្រសៀកៗ ស្លឹកដូងកម្រើកខ្លួនខ្វើកៗ នៅលើវេហាស៍ពន្លឺតារាព្រិចៗ បក្សាបក្សីរាត្រីចរ ហើរគៀកគូឆ្វែលឆ្វាត់កាត់ស្បៃសន្ធិយា សព្វសត្វមនុស្សម្នា ចូលចាប់និន្រ្ទាលង់លក់សូន្យឈឹងទៅ។

ការមកដល់នៃអ្នកភ្នំពេញ

ឆ្នាំ១៩៧៥ ខែមេសា អាកាសធាតុក្ដៅហែងស្ទើរឆេះ រុក្ខជាតិស្វិតរញម។ នៅឯវាលស្រែ ថ្ងៃបណ្ដើរកូន    ព្រិចៗ។ យូរៗម្ដង ខ្យល់កួចដីហុយទ្រលោម។ ប្រជាជនកម្ពុជា​ ប្រុស ស្រី ចម្រុះវ័យ កំពុងធ្វើដំណើរហូរហែរលើទ្រូងផ្លូវជាតិលេខ៦ (ជ.៦) ក្នុងភូមិសាស្រ្តទឹកដីស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ខ្លះទូល ខ្លះរែក ខ្លះយួរ ខ្លះបណ្ដើរកង់ ខ្លះធាក់ស៊ីក្លូ ផ្ទុកឥវ៉ាន់រយីងរយោង។ ស្រ្តីពរពោះ ស្រី្តបីកូនតូច ចាស់ជរា ក្មេងតូចៗ ធ្វីដំណើរយឺតៗ យូរៗសម្រាកម្ដង ក្នុងសភាពហត់ហេវ យ៉ាងស្រពាប់ស្រពោន។ អ្នកដំណើរខ្លះបន្តទៅមុខខ្លះបែកចូលតាមផ្លូវទៅកាន់ភូមិអ្នកស្រុក។ ដោយឡែកតាមផ្លូវលំពីភូមិជនជាតិចាម ត្រពាំងឈូក ចូលទៅកាន់ភូមិបឹង ​ក៏មានអ្នកដំណើរដើរបន្តគ្នារដឹកចូលទៅផងដែរ។

«អ្នកដំណើរមកកាន់ភូមិយើងរាល់ថ្ងៃហ្នឹង ពួកគេមកពីណា?» ខ្ញុំសួរទៅកាន់ម្ដាយខ្ញុំ។

«អាហេង! ពួកគេមកពីភ្នំពេញ ត្រូវអង្គការបដិវត្តន៍ជម្លៀសឲ្យមករស់នៅតាមជនបទស្រុកស្រែចម្ការជាមួយនឹងយើងហ្នឹងណា»។

«មិនយូរប៉ុន្មានទេ ផ្ទះយើងក៏ប្រហែលជាមានអ្នកមកសុំរស់នៅជាមួយដែរ»។ ឪពុកខ្ញុំដែលមានវ័យ៥៥ឆ្នាំ ពោលបន្ថែមទៅលើចម្លើយម្តាយខ្ញុំ។ គាត់បានបន្ដថា៖

«យប់មិញ រ៉ាត់យ៉ូអាមេរិកាំង(វិទ្យុអាមេរិកាំងជាភាសាខ្មែរ) បាននិយាយថា កងយោធាអង្គការបដិវត្តន៍ខ្មែរក្រហម បានបាញ់រះទៅលើអាកាស និងបាញ់សម្លាប់ចោលចំពោះជនណាដែលចចេសរឹងរូស មិនព្រមចាកចេញពីទីក្រុងភ្នំពេញ ឬមិនស្ដាប់បញ្ជាអង្គការ»។ នៅតាមផ្លូវធ្វើដំណើរមានមនុស្សច្រើនណែនណាន់តាន់តាប់ កកស្ទះតាម ផ្លូវ។ មានអ្នកជំងឺដេកស្លាប់តាមចិញ្ចើមផ្លូវ។ មានក្មេងវង្វេងម៉ែឪ។ មានស្រ្តីសម្រាលកូនដោយគ្មានគ្រូពេទ្យ។ ស្ដាប់ទៅលំបាកវេទនាណាស់។ ហ៊ឺ! សភាពការណ៍ប្រទេសជាតិ ដូចជាមិនស្រួលទេដឹងម៉ែវា! ហើយរាល់យប់មានផ្កាយដុះកន្ទុយនៅទិសខាងលិចទៀតផង។ តិចស្រុកយើងប្រែប្រួលម៉េចៗទៅ? ឪពុកខ្ញុំនិយាយទៅកាន់សមាជិកគ្រួសារ ក្នុងទឹកមុខបង្ហាញនូវក្ដីបារម្ភ។

ស្ទើរជារៀងរាល់ថ្ងៃ អ្នកចំណូលស្រុកនេះនៅតែបន្តវត្ដមានរប៉ុយៗលើផ្លូវដីហុយ ចូលមកកាន់ភូមិបឹងជាបន្តបន្ទាប់។ គ្រួសារខ្ញុំបានទទួលសមាជិកថ្មីម្នាក់ ត្រូវជាសាច់ញាតិមកស្នាក់នៅជាមួយ។ ឯគ្រួសារនៅខាងលិចផ្ទះខ្ញុំ និងផ្ទះនៃគ្រួសារខ្លះទៀត ក៏ឃើញមានប្រជាជនចំណូលថ្មីមកស្នាក់នៅជាមួយដែរ។ ប្រធានភូមិ ប្រធានក្រុម បានបែងចែករៀបចំក្រុមចំណាកស្រុកមកពីភ្នំពេញនេះ ឲ្យមានពួក មានក្រុម រស់នៅជាមួយនិងប្រជាជនមូលដ្ឋាន។ ភាគច្រើនរស់នៅក្រោមផ្ទះ សំយាបផ្ទះ សង់ខ្ទមតូចៗ ឬជ្រកនឹងជង្រុកស្រូវនៃប្រជាជនចាស់។ អ្នកទាំងអស់នេះត្រូវបានអង្គការកំណត់ហៅថា«ប្រជាជនថ្មី ឬប្រជាជន១៧មេសា»។

ជារៀងរាល់ថ្ងៃ ចាស់ជរា កុមារតូចៗ បានដើរសុំអង្ករ សុំម្ហូបអាហារពីអ្នកស្រុកមូលដ្ឋានចាស់។ ដោយកង្វះអាហារយ៉ាងដំណំ។ កន្លែងរស់នៅគ្មានអនាម័យ។ ជំងឺយាយីយ៉ាងខ្លាំង ប្រជាជន១៧មេសានេះ ស្លាប់បាត់បង់ជីវិតជាប​ន្តបន្ទាប់។

ការប្រមូលទ្រព្យសម្បត្តិដាក់រួម

នៅកណ្តាលវាលខាងលិចភូមិ មានរោងដោលមួយដែលតុបតែងលម្អដោយស្លឹកដូង ស្លឹកជ្រៃក្រឹម និងមានមីក្រូមួយគ្រឿង ចងភ្ជាប់នឹងឫស្សីមួយដើម លើកខ្ពស់ផុតពីរោង។ ទីនេះហើយដែលប្រធានក្រុមបានប្រាប់ប្រជាជនកាលពីល្ងាចមិញ ឲ្យទៅចូលរួមប្រជុំស្ដាប់អង្គការថ្នាក់លើ។ ទាំងប្រជាជនចាស់ ទាំងប្រជាជនថ្មី បានអង្គុយត្រៀបត្រាស្ដាប់មតិយោបល់របស់អង្គការ។ ខ្ញុំបានត្រឡប់មកផ្ទះវិញ មុនអង្គប្រជុំត្រូវបានបញ្ចប់ដើម្បីដាំបាយ។

វេលាថ្ងៃជិតត្រង់ ឪពុកម្តាយខ្ញុំបានមកដល់ផ្ទះ។ ពេលហូបបាយ ពួកគាត់ស្ងៀមស្ងាត់មិនមាត់មិនកដូចពេលមុនៗសោះ។ ឃើញបែបនេះខ្ញុំសួរគាត់៖

«ម៉ែប៉ា! មានរឿងអីបានធ្វើមុខក្រៀមៗអ៊ីចឹង? បាយខ្ញុំដាំ ពិសាមិនឆ្ងាញ់ឬ?»

«ស្រុកយើងប្រែប្រួលហើយកូន។ ចាប់ពីពេលនេះទៅ យើងត្រូវប្រមូលរបស់របរទ្រព្យសម្បត្តិ សម្ភារៈទាំងអស់ប្រគល់ឲ្យអង្គការយកទៅដាក់រួម។ លែងមានហូបបាយតាមផ្ទះ លែងចាយលុយ លែងមានផ្សារលក់ដូរទៀតហើយ។»

»អ៊ីចឹង គោយើងទាំងអស់យកដាក់រួមដែរ?» បងប្រុសខ្ញុំសួរ។

»គោក្របី ជ្រូក មាន់ ទា ស្រូវ អង្ករ ចាន ឆ្នាំ កែវ វែក ស្លាបព្រា ត្រូវយកទៅដាក់ជាសមូហភាពទាំងអស់។ ស្អែកមេគោ និងអាកូនវាពីរក្បាលហ្នឹង ត្រូវដឹកយកទៅទុកនៅវត្ដជើងចាស់។ ឯចានឆ្នាំងត្រូវយកទៅទុកនៅផ្ទះ យាយដឹប។» ប៉ាទំពាបាយបណ្ដើរ និយាយបណ្ដើរ។

បរិភោគបាយរួច ខ្ញុំបានទៅផ្ទះម្ដាយមីង ដែលនៅជាប់របងគ្នា។ ខ្ញុំឃើញបង្វិចខ្មៅមួយ ទុកនៅក្រោមគ្រែដំណេក ដែលពីមុនមិនដែលឃើញសោះ។ ខ្ញុំឆ្ងល់៖

«មីង! ស្អីខ្មៅមួយដុំធំនៅក្រោមគ្រែនោះ?» មីងមើលមកខ្ញុំ ក្នុងអារម្មណ៍ភ្ញាក់ផ្អើល ហើយគាត់បន្លឺថា៖

«កុំប្រាប់គេអាហេង! អញលាក់អង្ករទុកដាំបាយស៊ីខ្លះ ស្អែកប្រមូលឲ្យអង្គការអស់ហើយ។» មីងស៊ីម តប។

មិនបានយូរប៉ុន្មានផង ម្តាយមីងក៏ទាញស្បោងក្រោមគ្រែនោះចេញមកវិញ ប្រហែលជាខ្លាចបែកការណ៍ពីខ្ញុំហើយមើលទៅ។ ពេលរសៀល ខ្ញុំយកមេគោទៅចងឲ្យស៊ីស្មៅដូចសព្វដង ហើយក៏ហួសទៅផ្ទះមិត្តភក្ដិនៅកណ្ដាលភូមិ។

«អាឃ្លី! ហ្អែងជីកដីធ្វើអ្វីហ្នឹង?» ខ្ញុំសួរមិត្តភក្ដិ។

«កុំនិយាយឮៗអានេះ! ប្រយ័ត្នគេដឹង ម៉ែអញឲ្យជីកដីកប់ចាន។ ហ្អែងដើរចេញទៅ ប្រយ័ត្នម៉ែអញស្ដីឲ្យ។» អាឃ្លី ត​ប។ ខ្ញុំមកដល់ផ្ទះឃើញម្តាយរៀបកែវធំៗ ចានថ្មល្អៗដាក់ក្នុងឆ្នាំងដែក ហើយបងប្រុសលើកយកទៅក្រោយផ្ទះ។ ខ្ញុំដឹងថា គឺគាត់យកទៅកប់លាក់ទុកហើយ។

រាត្រីកាលឈានមកបន្ដិចម្ដងៗ។ យប់នេះសំឡេងឆ្កែព្រុស វ៉ូសៗ ពេញភូមិ។ មុនពេលចូលដំណេក ខ្ញុំឃើញម្តាយខ្ញុំ ដើរទៅមុខទៅក្រោយ ប្រហែលចាក់ស្រេះដោយបញ្ហាស្មុគ្រស្មាញហើយមើលទៅ។

អរុណោទ័យ ចាំងរស្មីពីទិសបូព៌។ ប្រជាជនក្មេងចាស់ប្រុសស្រី ខ្លះយូរ ខ្លះលី ខ្លះទូល ខ្លះដឹកដោយកង់ ដោយរទេះគោ នាំសម្ភារៈ របស់របរ យកទៅដាក់ជាសមូហភាព។ ខ្ញុំដឹកគោបីក្បាល បងប្រុសកាន់រំពាត់ដេញពីក្រោយ។ កូនគោតូចមួយក្បាល វារត់ត្រឡប់មកផ្ទះវិញ ស្រែក មែៗ រត់ចុះរត់ឡើង គួរឲ្យអាណិត។ បន្ទាប់ពីយកគោប្រគល់ឲ្យអង្គការហើយ ត្រឡប់មកដល់ផ្ទះវិញ ដេញចាប់ទាបានបួនប្រាំក្បាលយកទៅដាក់រួមក្នុងត្រពាំងដែលហ៊ុំព័ទ្ធដោយព្រួលរៀបបម្រុងទុកជាស្រេច។ របស់របរទាំងឡាយណាដែលយកទៅមិនទាន់អស់ ត្រូវរក្សាទុកបណ្ដោះអាសន្ននៅតាមផ្ទះ ត្រូវប្រធានរោងបាយចាប់យកទៅធ្វើម្ហូបជារៀងរាល់ថ្ងៃ។ នៅផ្ទះខ្ញុំ មានកូនមាន់តូចៗជាច្រើនសំបុក។ ទាតូចៗបួនដប់ក្បាលដែលនៅសេសសល់ រួមនឹងឆ្កែបីក្បាលផង ដោយគ្មានចំណីស៊ី គ្មានការថែទាំ បានស្លាប់ និងរត់ចេញពីផ្ទះជាបន្តបន្ទាប់ គ្មានសល់មួយឡើយ។ ដំណាំដាំដុះ ជី ខ្ទឹម ឃ្លោក ត្រឡោច ស្វិតរញម ងាប់អស់គ្មានសល់មួយទង។

ការហូបរួម

ការដាំស្ល បរិភោគបាយនៅតាមគ្រួសារ ត្រូវបានលុបបំបាត់ចោលទាំងស្រុង។ អង្គការបានបង្កើតទីកន្លែងដាំស្ល បរិភោគរួមគ្នាមួយហៅថា«រោងបាយ»។ «ប្រធានរោងបាយ» ឬហៅម្យ៉ាងទៀតថា«ប្រធានចុងភៅ» ជាអ្នកគ្រប់គ្រងការងាររោងបាយ និងមានអំណាចកាត់បន្ថយរបបអាហារ ឬផ្ដាច់របបអាហារ មួយពេល មួយថ្ងៃ ឬលើសពីនេះ ចំពោះជនណាដែលអង្គការបានកំណត់មុខសញ្ញាជាមុន ដូចជាអ្នកមិនសកម្មការងារ អ្នកមិនទៅធ្វើការងារ អ្នកធ្វើពុតជាឈឺ អ្នកគេចវេសពីការងារ។ សំឡេងជួងរោទិ៍ ម៉ឺង ម៉ឺង  ម៉ឺង ពេលថ្ងៃត្រង់ និង ម៉ឺង ម៉ឺង  ម៉ឺង ពេលព្រលប់ជាសញ្ញាប្រាប់ថាដល់ពេលហូបបាយ។ ម្នាក់ៗត្រូវអង្គុយតាមក្រុម ទល់មុខគ្នាលើកៅអីក្ដារបន្ទះវែងៗ នៃតុធ្វើអំពីឈើបន្ទះប្រវែងបីបួនម៉ែត្រ តម្រៀបជាជួររង់ចាំបរិភោគបាយ តាមការចាត់ចែងរបស់ចុងភៅ។ ការហូបរបៀបនេះ ចាត់ចែងដំណើរការបានតែពីដំបូងប៉ុណ្ណោះ។ រយៈពេលក្រោយៗមក មិនចាំបាច់ហូបអង្គុយតាមក្រុមទៀតទេ គឺចុងភៅជាអ្នកផ្ដល់របបបាយ ឬបបរទៅតាមបុគ្គលដោយម្នាក់ៗ កាន់ចាន ស្លាបព្រារៀងៗខ្លួន ឈរតម្រង់ជាជួរ ដើរទៅរកចុងភៅ ដែលកាន់វែកត្រឡោកដូង ឈរជ្រែងនៅជាប់នឹងឆ្នាំងខ្ទះបាយ។ បន្ទាប់ពីទទួលរបបអាហាររួមម្នាក់ៗត្រូវមកអង្គុយបរិភោគរៀងៗខ្លួន។

«អាហេង! ម៉េចបបរហ្អែងបានតិចម៉េស?» មិត្តរួមការងារហេតុបបរគ្រូកៗ សួរមកខ្ញុំ។

«ចុងភៅថាអញ ដកសំណាបមិនគ្រប់ចំនួនកណ្ដាប់។ កាត់របបបបរអញ ឲ្យតែកន្លះវែកទេ ខ្ញុំតបតិចៗ។

«អើ! ថ្ងៃមុន អាឆន ​និងអញ ចុងភៅផ្ដាច់របបមួយពេលដែរ ដោយអញទាំងពីរអត់ទៅកាប់ទន្រ្ទានខែត្រ។» កងកម្លាំងពលកម្មមនុស្សពេញវ័យ ពួកគេទៅធ្វើការឆ្ងាយៗពីភូមិ មិនសូវបានហូបរួម នៅទីនេះដូចកងកុមារឡើយ គឺទៅធ្វើការនៅទីណា​ហូបរួមគ្នានៅទីនោះ។

កងកុមារ

          អង្គការបានបែងចែកកម្លំាងពលកម្មទៅតាមវ័យមនុស្ស។ កងចល័តកុមារ អាយុប្រហាក់ប្រហែល១៣ឆ្នាំចុះក្រោម។ ខ្ញុំព្រមទាំងកុមារទាំងអស់បានរៀនអក្សរ។ នៅសាលារៀនបឋមសិក្សា «ស្វាយអម្ភា» ដែលមានទីតាំងនៅខាងកើតជាប់ភូមិបឹង។ អង្គការមិនឲ្យហៅគ្រូបង្រៀនថា«លោកគ្រូឬអ្នកគ្រូ»ទេ គឺត្រូវហៅថា«បង»។ រីឯកុមារៗដូចគ្នា គឺត្រូវហៅថា«មិត្ត»ហើយត្រូវប្រើពាក្យ«ហូប» មិនឲ្យនិយាយថា«ស៊ី ឬផឹក»ទេ។ កាលពីដំបូង ការសិក្សារៀនសូត្រមានដំណើរការបានរៀនជាប់លាប់ជាធម្មតា តែពេលក្រោយៗមក រៀនអក្សរ ក ខ បួនដប់នាទី ហើយក៏ចេញទៅធ្វើពលកម្ម។ កម្មាភិបាលអង្គការថ្នាក់លើបានចុះមកជួបសំណេះសំណាលជាមួយកងកុមារ ព្រមទាំងចែកដីសមួយកំណាត់ដើម សៀវភៅមួយ កំណាត់ខ្មៅដៃមួយកំណាត់ ដល់កុមារគ្រប់ៗគ្នា ហើយបន្លឺវាចាខ្លាំងៗ ដោយវាសដៃចុះឡើងៗថា៖

«ប្រទេសយើងក្រ លំបាកវេទនាដោយសារពួកសក្តិភូមិ នាយទុន បនប្រតិកិរិយា ចក្រពត្តិអាមេរិក។ ពួកវាជិះជាន់កេងប្រវញ្ច ជញ្ជក់ញើសឈាមវណ្ណៈកសិករកម្មករយើង។ ឥឡូវយើងបានជ័យជម្នះយ៉ាងត្រចះត្រចង់។ យើងមានអង្គការបដិវត្តន៍ដ៏ត្រឹមត្រូវ ជាម៉ែឪរបស់យើងទាំងអស់គ្នា។ តែខ្មាំងស៊ីរូងផ្ទៃក្នុងនៅមិនទាន់អស់នៅឡើយទេ ដូចនេះកុមារទាំងអស់ ដែលជាកូនចៅអង្គការត្រូវស៊ើបការណ៍ រាយការណ៍ ប្រាប់អង្គការអំពីខ្សែរយៈខ្មាំងបង្កប់ ពួក សេ អ៊ី អា ឬ កា ហ្សេ ​បេ។»

«ជយោ! ១៧មេសា មហាជោគជ័យ។ ជយោ! ជយោ! ជយោ!»

«ជយោ! អង្គការមហាលោតផ្លោះមហាអស្ចារ្យ។ ជយោ! ជយោ! ជយោ!»

«ជយោ! មគ៌ាអង្គការបដិវត្តន៍មហាត្រឹមត្រូវ។ ជយោ! ជយោ!ជយោ!»

សាលាដែលធ្លាប់រៀនពីមុនត្រូវបានរុះរើ ដើម្បីយកឈើធ្វើជាជង្រុកស្រូវ។ ការសិក្សាត្រូវប្តូរមករៀននៅក្រោមផ្ទះប្រជាជនវិញ។ ថ្នាក់រៀនថ្មីនេះ មិនមានជញ្ជាំងបិទបាំងទេ។ មានតុឈើចាស់ៗអង្គុយប្រជ្រៀតគ្នា។ សរសេរអក្សរដោយធ្យូង។ បន្ទាប់ពីរៀន ក ខ គ ឃ ង បានបួនដប់នាទីមក បងៗ(គ្រូ) បានដឹកនាំកុមារធ្វើការងារពលកម្ម លើករងដាំត្រកួន ពូនរងដាំដំឡូងជ្វា កាប់ដើមទន្រ្ទានខែត្រយកមកធ្វើជី។

មិនយូរប៉ុន្មាន ការសិក្សានៅក្រោមផ្ទះត្រូវបានបញ្ឈប់ទាំងស្រុង។ កុមារត្រូវបែងចែកជាក្រុមៗ ដើម្បីធ្វើពលកម្ម។ ម៉ោងប្រហែលប្រាំទៀបភ្លឺ ស្នូរជួងបន្លឺពីរោងបាយ រោទិ៍ជាច្រើនម៉ឺង បន្ទាប់មកស្នូរកញ្ចែច្រេក! ច្រេក! ជាសញ្ញថាឲ្យកុមារទៅធ្វើពលកម្មតាមផែនការដែលបានកំណត់ដោយប្រធានកង។ ក្រុមខ្ញុំមានសមាជិកមិនលើសពីដប់នាក់ ដើរកាប់ទន្រ្ទានខែត្រ ក្នុងមួយថ្ងៃបួនទំនូល យកទៅកាប់ចិញ្រ្ចាំនៅឃ្លាំងផ្ទុកជីអាចម៍គោ។ ការងារពលកម្មតាមវាលស្រែ ​យើងអាចបេះស្លឹកឈើ ផ្លែឈើ រកឃ្មុំតាមគម្ពោធព្រៃ ចុះទឹកបេះផ្លែព្រលឹត ផ្លែស្រវាតោក ចាប់ត្រី ខ្យង ក្ដាម កង្កែប លួចបរិភោគ ដើម្បីសម្រន់នៃការស្រេកឃ្លានបានខ្លះៗ។ ក្នុងទឹកសម្បូរត្រីណាស់យកបង្គីជញ្ជាត់ ឬ ចាប់ដោយដៃទទេ ក៏អាចបានដែរ។

«ជួយផង! ជួយផង!» (សម្លេងមិត្តនារី ប៉ិច ដោះមួក គ្រវីគ្រវាត់ស្រែកអោយគេជួយ)។

«យ៉ាងម៉េច កាប៉ិច ឃ្មុំទិចមែន?» មិត្តយ៉ុន សួរ។

«កាប់ត្រូវសំបុកស្រាំង វាដេញទិច តែមិនអីទេ រត់ចេញទាន់។»

«អើ! ថ្ងៃមុនខ្ញុំប៉ោងភ្នែកម្ខាងដែរ បីថ្ងៃបានបាត់ហើម» មិត្ត ឆន ប្រាប់ទៅមិត្តរួមការងារ។

ការងារប្រែប្រួលទៅតាមរដូវ។ ខែប្រាំងនាំគ្នាដើររើសកួរស្រូវតាមវាលស្រែដែលកំពុងច្រូតកាត់ កើបអាចម៍គោ កើបជីលេខ១ (ជីលាមកមនុស្សលាយផេះ) កាប់ទន្រ្ទានខែត្រ រៀបលានបញ្ជាន់ស្រូវ។ ខែវស្សា ដកសំណាប ដកស្មៅក្នុងសន្ទូង អូសកណ្ដាប់ស្រូវសម្រាប់មនុស្សចាស់ស្ទូង ចាប់ក្ដាមតាមភ្លឺស្រែ ជីករន្ធកណ្តុរតាមភ្លឺស្រែ ឬតាមគម្ពោតព្រៃ។ កណ្តុរដែលចាប់បាន ត្រូវព្រលាត់ដោតចង្កាក់ហាលថ្ងៃ ទុកធ្វើជាម្ហូបរួម។

ការងារហត់នឿយ ពោះឃ្លាន តែបានភាពធូរស្បើយមកបន្លប់ខ្លះៗ ដោយនាំគ្នាហែលទឹកលេង តាមអូរ តាមប្រឡាយខ្វាត់ខ្វែងលាតសន្ធឹងកាត់វាលស្រែ។

កងចល័ត

បុរសនារី ពេញវ័យ ពេញកម្លាំង ត្រូវបានអង្គការហៅថា «កងចល័ត»។ ការងារដែលធ្ងន់ៗ ត្រូវសម្រេចដោយកម្លាំងស្រួចនេះ។ កងចល័តនេះច្រើនតែធ្វើការងារនៅឆ្ងាយៗពីភូមិស្រុក។ ការងារកន្លែងណា គឺបោះជំរំស្នាក់នៅ ហូបចុកកន្លែងនោះ។ ខែប្រាំងបន្ទាប់ពីការងារច្រូតកាត់រួច គឺជីកប្រឡាយលើកទំនប់។ អូរ ប្រឡាយ​តូចធំ រាក់ជ្រៅ សណ្តូកខ្លួនត្រង់ភ្លឹងតាមវាលស្រែ គឺជាសមិទ្ធផល នៃកម្លាំងសាច់ដុំដៃ សាច់ដុំស្មា កាប់នឹងចប រែកនឹងបង្គី ប្រឹងយ៉ាងសស្រាក់ស្រាំ នៃកងយុវពលករនេះ។ បងប្រុសខ្ញុំបីនាក់ជាកងចល័ត។ យូរៗម្ដងសុំច្បាប់ប្រធានកងមកលេងផ្ទះបានមួយព្រឹក មួយល្ងាច ឬមួយថ្ងៃ។ ពួកគាត់សម្បុរខ្មៅព្រឹស ស្គមកំប្រឹង សក់ក្បាលចាក់គំត្រចៀក មើលសឹងមិនស្គាល់។

«អាហេង! ម៉ែមិនទាន់មកផ្ទះទេ?» បងប្រុសសួរខ្ញុំ។

«ម៉ែ ល្ងាចបានមកផ្ទះ បងឯងមកប៉ុន្មានថ្ងៃ? » ខ្ញុំសួរ

«សុំច្បាប់ប្រធានកងបានមួយល្ងាច ស្អែកងើបពីយប់ទៅការដ្ឋានវិញ។ នៅលើផ្ទះមានអីហូបអត់?»

អត់មានទេ។ ល្ងាចមិញម៉ែ បានស្ករត្នោតមួយដុំ ទុកនៅក្បែរពាងទឹក យកហូបទៅ។» បងខ្ញុំដើរសំដៅទៅក្រោយ តាមការប្រាប់។

ពេលព្រលប់យប់បន្តិច ឪពុកម្ដាយមកដល់ផ្ទះ។ មុនពេលលង់លក់ក្នុងដំណេក បងប្រុសទី១នេះ និយាយជាមួយម្តាយឮល្អុសៗ តិចៗ «ប្រយ័ត្នប្រយែងៗ….» ខ្ញុំស្ដាប់ឮផុតៗមិនយល់អស់សេចក្ដី ហើយក៏ស្ងប់ស្ងាត់លង់លក់ក្នុងរាត្រីសូន្យឈឹង។

អង្គការមិនឲ្យហៅ ប៉ា ម៉ាក់ ចឹក ចែ កូវ ទ្រា….. តាមទម្លាប់កូនចៅចិនទេ គឺត្រូវហៅថា«ពុក ម៉ែ ពូ​មីង សមមិត្តប្អូន សមមិត្តបង សមមិត្តពូ….»។

កងមនុស្សចាស់

កងមនុស្សចាស់មានពីរប្រភេទ គឺមនុស្សវ័យកណ្ដាល ដែលមានអាយុប្រហាក់ប្រហែលសិបប្រាំឆ្នាំចុះក្រោម និងមួយប្រភេទទៀតគឺមនុស្សដែលវ័យលើសពីនេះ រហូតដល់ចាស់ជរា។

មុខព្រួញការងាររបស់ក្រុមមនុស្សវ័យកណ្ដាល គឺការងារបង្កបង្កើនផលក្នុងសហករណ៍។ រដូវធ្វើស្រែ គឺការងារ​ភ្ជួររាស់ ដកស្ទូង  ធាក់រហាត់ទឹក បាចទឹកបញ្ចេញបញ្ចូលស្រែ ច្រូតកាត់ បោកបែន….។ ស្រែប្រាំង ក៏មានធ្វើបន្ដិចបន្តួចដែរ។ ក្រៅពីការងារក្នុងសហករណ៍ មានអ្នកខ្លះឡើងត្នោត នេសាទត្រី កាប់អុស ដាំបន្លែ ចិញ្ចឹមមាន់ ទា ជ្រូក និងឃ្វាលគោ។ ក្រោយពីបញ្ចប់ការងារស្រែស្រូវ ក្រុមវ័យកណ្ដាលនេះក៏សកម្មប្រយុទ្ធមុខព្រួញការងារជីក ប្រឡាយ លើកទំនប់មិនខុសពីកងចល័តឡើយ។ ការងារបង្កបង្កើនផល នៅឆ្ងាយពីភូមិ យប់ជ្រៅបានមកដល់ផ្ទះ ជួនកាលសម្រាកនៅទីនោះពីរបីយប់ក៏មាន។

«ម៉ែ! ម៉េចក៏យប់ជ្រៅម៉េស?» ខ្ញុំសួរទៅម៉ែ ដែលទើបមកពីសហករណ៍ ប្រហែលម៉ោងប្រាំបី ប្រាំបួនយប់។

«យប់នេះអង្គការ ឲ្យសម្រុកស្ទូងបង្ហើយដីស្រែ។ មីងៗខ្លះមិនទាន់មកដល់ផង។» ម៉ែឆ្លើយទាំងសភាពហេវហត់ គ្រងដោយសម្លៀកបំពាក់បំណះរហែករយ៉ៃ។

​«អ្នកហុងអើយ! មកដល់ផ្ទះនៅ?» សំឡេងស្រី្ត ដើរកៀនផ្ទះស្រែកសួរ។

«មកដល់មួយសន្ទុះហើយ អ្នកឃុត» ម៉ែតបវិញ។

ក្រុមយាយៗ តាៗ ក៏មមាញឹកនឹងការងារសិប្បកម្មដែរ។ ទីកន្លែងធ្វើការពួកគាត់ នៅក្នុងភូមិហើយការងារពលកម្មនៅលាយឡំជាមួយស្រ្តីមានផ្ទៃពោះ ស្រ្តីកូនខ្ចី។ ការងារប្រចាំថ្ងៃគឺមើលថែទាំក្មេងតូចៗ ដែលម្ដាយរបស់ពួកគេទៅធ្វើការងារ ត្បាញកន្ទេលរំចេក កន្ទេលស្លឹកត្នោត ដេរស្លឹកកណ្ដប ក្រងស្បូវ ធ្វើបង្គី វេញខ្សែគោ ​ត្បាញល្អី កញ្ជើ ចង្អេរ ជួសជុលនង្គ័ល រនាស់ រទេះគោ ធ្វើត្បាល់កិនស្រូវ ជាន់អង្ករ កិនស្រូវ អុំអង្ករ…។

របបអាហារ

របបអាហារប្រចាំថ្ងៃពីរពេល គឺពេលថ្ងៃត្រង់ និងពេលល្ងាច។ គ្មានការស្រស់ស្រូបពេលព្រឹកព្រលឹមទេ។ កាលពីដំបូង ចុងភៅបានរៀបចំម្អូបអាហារ បាយសម្លគ្រប់គ្រាន់សម្រាប់បរិភោគ។  មានបាយនិងម្ហូបទឹកមួយមុខ ម្ហូបគោកមួយមុខ យ៉ាងហោចណាស់ក៏បានហូបបបរខាប់ ជាមួយនឹងប្រហុកស្ងោរដែរ។ ប៉ុន្ដែខែឆ្នាំបន្តបន្ទាប់មក អាហារកាន់តែខ្សត់ទៅៗ គួរឲ្យសង្វេគ។ បបររាវកក្លូក មានគ្រាប់អង្ករមួយៗ លាយជាមួយត្រកួនស្រែ លាយព្រលឹត លាយដំឡូងជ្វា លាយដំឡូងឈើ…។ ម្នាក់ៗទទួលរបបមួយវែកត្រឡោកដូង ហូបជាមួយទឹកប្រហុកស្ងោរ ឬ សម្លម្ជូរព្រលឹត ស្ងោរត្រឡាច ជាដើម។ ខែដែលខ្សត់ខ្សោយទុរ្ភឹក្សបំផុត គឺរដូវដកស្ទូង។ របបអាហារ ជាក្ដួចស្ងោរ គ្រាប់ពោតស្ងោរ ចេកណាំវ៉ាមួយផ្លែ។ ដើម្បីកាត់បន្ថយនូវភាពស្រេកឃ្លាន ម្នាក់ៗបេះស្លឹកឈើ ផ្លែឈើ មើមឈើ ចាប់ខ្យង ក្ដាម ត្រី កង្កែប ចង្រិត លួចដុតបរិភោគពេលយប់ស្ងាត់។ យប់មួយនៅក្រោយផ្ទះ៖

«ម៉ែ!កំពុងធ្វើអ្វីហ្នឹង?» ខ្ញុំសួរគាត់តិចៗ។

«កុំមាត់! ប្រយ័ត្នបែកការណ៍ បើគេដឹងយកទៅវ៉ៃចោលទាំងគ្រួសារ។ អញស្ងោរគល់ចេក បន្ដិចទៀតឆ្អិនហើយ។» ម៉ែនិយាយបណ្ដើរ ឈ្ងោកមុខផ្លុំភ្លើងផែតៗ។ យប់នេះខ្ញុំបរិភោគគល់ចេកស្ងោរបីនាក់ឪពុកម្តាយ យ៉ាងឆ្ងាញ់ពិសា។

យប់មួយនោះ មេឃងងឹតឈឹង រលឹមស្រិចៗ ឪពុកម្តាយខ្ញុំមិនឃើញមកផ្ទះសោះ ខ្ញុំខ្លាចអើយខ្លាច ឃ្លានអើយឃ្លាន។ អង្គុយឱបក្បាលជង្គង់ រង់ចាំស្ដាប់ស្នូរជួងពីរោងបាយ។ ស្ងាត់ឈឹង ឮសូរតែសត្វមៀមយំ ច្រេវ ច្រេវ។ យប់ជ្រៅណាស់ទៅហើយ ទើបឮសូរជួង ម៉ឺង! ម៉ឺង! ពន្លឺចេញពីរោងបាយ។ ខ្ញុំនិងកុមារដទៃទៀត ដើរកាត់ភ្លៀងរលឹមទៅរោងបាយ។ ក្រោមពន្លឺភ្លើងចន្លុះក្រហមព្រាលៗ ឃើញចេកណាំវ៉ាបួនដប់ស្និតដាក់នៅលើតុ។ ខ្ញុំចូលតម្រង់ជួរជាមួយមនុស្សជាច្រើននាក់ទៀត រង់ចាំទទួលរបបអាហារ។ ពុទ្ធោ! ចុងភៅហុចចេកឲ្យម្នាក់មួយផ្លែៗ។ មួយសន្ទុះធំទើបម៉ែមកដល់ផ្ទះគាត់សួរ៖

«អាហេង! មកពីណាទទឹកក្បាលជោក?»

«ខ្ញុំមកពីរោងបាយ បានតែចេកមួយទេម៉ែអើយ។»

«ដេកសិនទៅ យប់នេះម៉ែមានគល់ល្ហុង។»

យប់នេះបានហូបគល់ល្ហុងស្ងោរ ឆ្ងាញ់ដូចបានហូបគល់ចេកស្ងោរ កាលពីពេលយប់មុនអ៊ីចឹងដែរ។ រស់ជាតិ នៃគល់ល្ហុងស្ងោរ បានធ្វើឲ្យខ្ញុំបាត់ឃ្លាន បាត់កូរពោះ បន្តរស់សម្រាប់ថ្ងៃស្អែក។

ខ្នើយកញ្ចាស់ ក្រាស់ឃ្មឹកដោយក្អែល ទ្រដោយកន្ទេលរហែកបែកព្រុយ បានឆក់ទាញឲ្យគ្រួសារខ្ញុំលង់លក់ក្នុងដំណេកយ៉ាងក្រៀមក្រំ ក្រោមជំនោររលឹមស្រិចៗនៃរាត្រីស្លាបក្អែក។

ទៅនៅដីថ្មី

«ទៅនៅដីថ្មី» គឺជាពាក្យដែលអង្គការ ប្រាប់ទៅប្រជាជន១៧មេសា ឲ្យទៅតាំងទីលំនៅភូមិស្រុកថ្មីដែលរៀបចំដោយអង្គការបដិវត្តន៍។ ប្រជាជនដែលអង្គការបញ្ជូនឲ្យទៅរស់នៅដីថ្មី គឺបាត់ដំណឹងជារៀងរហូត។ ពាក្យទាំងនេះគឺជាការបិទបាំង នៃការកាប់សម្លាប់ប្រហារជីវិត។

ពេលព្រឹកព្រលឹមមួយ មានរទេះគោជាជួរផ្ទុកដោយគ្រួសារ១៧មេសា។ មិត្តកុមារខ្ញុំបីនាក់នៅលើរទេះគោផ្សេងពីគ្នា។ អាឡុង ជិះរទេះជាមួយគ្រួសារវា។ វាស្រែកមកកាន់ខ្ញុំដោយភាពរីករាយ៖

«អេ! អាហេង អញទៅនៅដីថ្មីហើយ អញលែងបានលេងហែលទឹក ជាមួយហ្អែងហើយ។»

«មិត្តទាំងអស់គ្នា! លាសិនហើយ ចាំស្រុកសម្បូរសប្បាយ ចាំយើងជួបគ្នា។» អាឆាត ជាកុមារដែលមានមាឌធំជាងគេនៅក្នុងក្រុមពលកម្ម។ វាស្រែកពីលើរទេះមកកាន់ក្រុមកុមារ ដែលកំពុងដើរកាប់ទន្រ្ទានខែត្រតាមដងផ្លូវ។

គ្រួសារអ្នក១៧មេសា ត្រូវបានដឹកជញ្ជូនឲ្យទៅរស់នៅដីថ្មីជាបន្តបន្ទាប់។ ពេលក្រោយៗនេះ ពួកគេមានទឹកមុខស្រពាប់ស្រពោនបំផុត ព្រោះឮដំណឹងល្ហិចល្ហៀងចុងមាត់ចុងកថា អ្នកទៅមុនៗ ត្រូវបានយកទៅវ៉ៃសម្លាប់ចោល នៅព្រៃភូមិស្រឡៅតូង ដែលជាតំបន់ព្រៃក្រាស់ក្នុងភូមិសាស្រ្តទឹកដីឃុំបល្លង្គកំពង់ថ្ម ជាប់ព្រំប្រទល់ស្រុកចម្ការលើខេត្តកំពង់ចាម។

ជំនឿទំនៀមទម្លាប់ប្រពៃណី

ជំនឿវប្បធម៌ទំនៀមទម្លាប់ខ្មែរ ដែលមានតាំងពីយូរយារណាស់មកហើយ ត្រូវលុបបំបាត់ចោលទាំងស្រុង។ ការប្រណិបត្តិសាសនា ពិធីបុណ្យ ការរៀបអាពាហ៍ពិពាហ៍ ការច្រៀង ការរាំកម្សាន្ត ត្រូវចាត់ទុកជាវប្បធម៌ចាស់គំរិល ពាលាអាវាសែ អន់ថយ ប្រតិកិរិយា នាំឲ្យខាតបង់ការងារពលកម្ម ត្រូវលុបបំបាត់ចោលទាំងស្រុង។ អង្គការតម្រូវឲ្យដើរតាមមាគ៌ាបដិវត្តន៍ដ៏ត្រឹមត្រូវ មហាលោតផ្លោះ មហាអស្ចារ្យ មហារុងរឿង។

ថ្ងៃមួយវេលាថ្ងៃជិតត្រង់នៅទីសក្ការៈវត្ត«ជើងចាស់» មានបុរសម្នាក់កំពុងលើកញញួរ វាយកម្ទេចពុទ្ធបដិមា ឮសូរ ភូសៗ៖

«ពួកហ្អែង ឈរមើលស្អី ចង់ងាប់ឬ?» ជនដែលកាន់ញញួរ ចង្អុលមកកងកុមារ ដែលដើរកាត់ទីនេះដើម្បីទៅធ្វើពលកម្មនៅជិតរោងស្ករត្នោត។ មួយរយៈក្រោយមក ទីនេះក្លាយជាទ្រុងចិញ្ចឹមជ្រូក។

ការរៀបអាពាហ៍ពិពាហ៍ តាមប្រពៃណីជាតិមិនមានទេ។ មានគូដណ្ដឹងមួយគូនោះ កូនកំលោះកូនក្រមុំ នៅភូមិផ្សេងគ្នា។ ចាស់ទុំបានជាប់ពាក្យជាប់សម្ដីនឹងគ្នា តាំងពីគ្រាកន្លង ហើយត្រូវរៀបចំពិធីភ្ជាប់ពាក្យតាមប្រពៃណី ក្នុងសម័យអង្គការបដិវត្តន៍ឆ្អិនឆ្អៅ។ កូនកំលោះរួមទាំងចាស់ទុំបួននាក់មកពីភូមិបារាយណ៍ ត្រូវបានអង្គការឃាត់ដំណើរ។ អង្គការសួរគំហក៖

«សមមិត្តឯងទាំងអស់គ្នាទៅណា មកណា មានការអី? មានសំបុត្រធ្វើដំណើរទេ?»

«ខ្ញុំនាំកូនខ្ញុំទៅភ្ជាប់ពាក្យនៅឯភូមិបឹង មិនមានលិខិតស្នាមទេ។» ស្រ្តីម្នាក់មានវ័យហាសិបឆ្នាំប្លាយឆ្លើយតបដោយកិរិយាស្រគត់ស្រគំ។

«សមមត្តិឯងទាំងអស់គ្នាដើររហេតរហូត ឆ្លងពីភូមិមួយទៅភូមិមួយ គ្មានអង្គការវិន័យមិនគោរពច្បាប់អង្គការ មិនព្រមលះបង់អាគំនិតសក្តិភូមិ។ ជនប្រភេទនេះទុកក៏មិនចំណេញ ដកចេញក៏មិនខាត។ អង្គការមិនអនុញ្ញាតឲ្យសមមិត្តទៅទេ។ ត្រឡប់ទៅវិញ! ទៅ!ទៅ!។» កម្មាភិបាលអង្គការបោះសំឡេងខ្លាំងៗ ព្រមទាំងលើកដៃចង្អុលឡើងលើ ជាសញ្ញាឲ្យចាកចេញ។ អ្នកដំណើរទាំង៤នាក់បានត្រឡប់ក្រោយយ៉ាងក្រៀមក្រំ។ ឯរោងពិធីនៅផ្ទះខាងស្រីត្រូវរុះរើចេញ។

អង្គការជាអ្នករៀបចំ ពិធីអាពាហ៍ពិពាហ៍។ យុវជនពិការរបស់អង្គការ មានសិទ្ធិជ្រើសរើសយុវនារីតាមបំណង។ បុរសនារី ត្រូវតែទទួលយកគ្នាជាប្ដីប្រពន្ធ តាមការចាត់តែងរបស់អង្គការ។ ពិធីរៀបការម្ដងៗ ក្នុងរយៈពេលតែមួយមានបួនប្រាំគូ ឬច្រើនលើសពីនេះទៀត។ ការចូលរួមរបស់ឪពុកម្តាយ បងប្អូនសាច់ញាតិមិនសូវចាំបាច់។ ពិធីលៀងអាហារ ការរៀបចំពិធីតាមប្រពៃណី ការរាំកម្សាន្ត ពុំមានឡើយ។ កូនកំលោះ កូនក្រមុំ ក្នុងសម្លៀកបំពាក់ពណ៌ខ្មៅ​ បង់កក្រមាថ្មី ដែលអង្គការទើបនឹងចែកឲ្យ ត្រូវអង្គុយលើកៅអីជាជួរទល់មុខគ្នា ស្ដាប់មតិយោបល់របស់អង្គការ ហើយចុងក្រោយគូស្វាមីភរិយាថ្មី ងើបឈរបេ្ដជ្ញាចិត្ត៖ បង្កើតកូនសម្រាប់អង្គការ បង្កបង្កើនផលមួយហិកតាឲ្យបានបីតោនស្រូវ ស្មោះត្រង់ដើរតាមមាគ៌ាអង្គការបដិវត្តន៍ជានិច្ច។

អង្គការអនុញ្ញាតឲ្យប្ដីប្រពន្ធថ្មីថ្មោងនេះ ឈប់សម្រាកពីការងារពលកម្មពីរបីថ្ងៃ។ បន្ទាប់មក គឺទៅធ្វើការតាមមុខព្រួញរៀងៗខ្លួន។

ការងារហួសកម្លាំង ហូបពុំគ្រប់គ្រាន់ គ្មានថ្នាំព្យាបាលជំងឺ ប្រជាជនស្លាប់ស្ទើរជារៀងរាល់ថ្ងៃ។ សាកសពត្រូវរុំនឹងកន្ទេល យកទៅព្រៃភ្លាមៗ ដោយពុំរង់ចាំញាតិសន្ដានចូលរួម ឬរៀបចំពិធីតាមជំនឿប្រពៃណី ទំនៀមទម្លាប់   ឡើយ។ នៅជាយភូមិ ប្រជាជន១៧មេសាម្នាក់ ដេកស្លាប់ទៀបភ្លឺ។ ប្រពន្ធយំស្រណោះប្ដី។

«នែក! មិត្តនារី នៅអាលោះអាល័យដល់ណាទៀត។ កិច្ចការបែបនេះ មិនបាច់ព្រួយបារម្ភទេ ​អង្គការចេះចាត់ចែងហើយ។ សមមិត្តនារី មានគោលជំហរមិនរឹងមាំ។ រឿងប៉ុណ្ណេះៗ មិនហ៊ានពលីកម្មលះបង់។ នេះមិនមែនជានារីបដិវត្តន៍ទេ។ ទៅ! កុំនៅរំអួយបង្ហូរទឹកភ្នែកឥតប្រយោជន៍ នាំខាតការងារបង្កបង្កើនផល។ ទៅ!» អង្គការសម្ដី   ខ្លាំងៗ ព្រមទាំងលើកដៃបញ្ហា។ ប្រពន្ធឈរមើលគេសែងសពប្ដីយកទៅព្រៃយ៉ាងសង្វេគ រួចក៏បោះជំហានស្រាលៗ ចាកចេញទៅកាន់មុខសញ្ញាការងាររបស់ខ្លួន។

ប្រជាជនត្រូវស្លៀកពាក់ពណ៌ខ្មៅ តាមមាគ៌ាអង្គការ។ ការតុបតែងខ្លួន ដោយប្រេងម្សៅ ដោយគ្រឿងអលង្ការ ភាពឆើតឆាយ ហ៊ឺហា ស៊ីវិល័យ ត្រូវហាមឃាត់ដាច់ខាត។ ខោអាវដែលមានពណ៌ប្លែកៗ ត្រូវជ្រលក់មកជាពណ៌ខ្មៅ។ ស្លឹកឈើ សំបកឈើ ផ្លែឈើ ត្រូវបានប្រជាជន យកមកធ្វើជាគ្រឿងជ្រលក់ពណ៌ខោអាវ។

«អាចែម! ហ្អែងមកពីធ្វើការ បេះផ្លែម៉ាក់ក្លឿ មកជ្រលក់ខោអាវផង។ » មីងឃុត ប្រើកូនគាត់។

«ខ្ញុំរកបេះដែរ តែគ្មានផ្លែទេ គេបេះអស់ហើយ ចាំខ្ញុំបេះស្លឹកចំពុះទាក៏បានដែរ។ » ចែម តបម្តាយ។

ក្នុងគ្រួសារឪពុកម្តាយប្ដីប្រពន្ធកូនកម្រនឹងបានជួបជុំគ្នាណាស់។ ម្នាក់ៗធ្វើការឆ្ងាយៗ តាមមុខព្រួញរៀងៗខ្លួន។ កងចល័តដែលជាកម្លាំងស្រួច សមរភូមិការងារគឺលើកទំនប់ជីកប្រឡាយ បង្កបង្កើនផល។ យូរៗម្ដងអាចសុំច្បាប់ប្រធានកង មកលេងផ្ទះបានមួយព្រឹក ឬមួយល្ងាច ឬមួយថ្ងៃ។ ការដើរឆ្លងពីភូមិមួយទៅភូមិមួយ ត្រូវហាម     ឃាត់។ ដោយនឹកកូនខ្លាំងពេក ម្ដាយខ្ញុំបានចេញដំណើរឆ្ពោះទៅភូមិបារាយណ៍។ ជិតដល់ភូមិស្រាប់តែ៖

«នែក! មិត្តនារី ទៅណាដើរហើរមិនធ្វើការងារទេឬ?» មិត្តនារីម្នាក់មាឌធំមាំលីកាំបិតផ្គាក់សស្ងាចឈរជ្រែង ឃាត់ដំណើរ។

«ចាស៎! មិត្តនារី ខ្ញុំទៅលេងកូននៅបារាយណ៍ ខានជួបគ្នាយូរណាស់មកហើយ។ »​ ម្តាយឱនក្បាលតប។

«ឯណាសំបុត្រស្នាមធ្វើដំណើរ? » សមមិត្តនារី ភឿក ជាប្រធានសន្តិសុខ«វត្តទួល» គំហកសួរ។

«ខ្ញុំនឹកកូនពេកមិនបានសុំច្បាប់អង្គការ ខ្ញុំសុំទៅជួបតែមួយព្រឹកទេ។» ម្តាយខ្ញុំលើកដៃសំពះ។

«មិត្តនារីឯងដើរហើរសេរី​មិនគោរពអង្គការវិន័យបដិវត្តន៍។ ជនប្រភេទនេះ ទុកក៏មិនចំណេញ ដកចេញក៏មិនខាត។ តែណ្ហើយចុះ…. នាំម៉ែកូនត្រឡប់ទៅវិញទៅ! ចេញទៅ!! ….។» ម៉ែចាប់ទាញដៃខ្ញុំទាំងញ័រទទ្រើតត្រឡប់ទៅក្រោយវិញ។

កម្មវិធីជួបជុំគ្នា រាត្រីស្រមោលសរ​​ រាំកម្សាន្ត លៀងអាហារ មិនមានឡើយ។ បទចម្រៀងពីសង្គមចាស់ ត្រូវហាមឃាត់ និងកម្ទេចចោល។ អង្គការអនុញ្ញាតឲ្យច្រៀងតែចម្រៀងបដិវត្តន៍ប៉ុណ្ណោះ។ ការអាន ការមើលការស្ដាប់ ការសរសេរ ការបោះពុម្ព គឺពុំមានឡើយ។ អ្នកណាស្ដាប់វិទ្យុក្រៅពីរបស់រដ្ឋាភិបាល គឺជាខ្មាំង។ នៅឯរោងបាយមានវិទ្យុម៉ាក ហ្វឺលីប មួយគ្រឿង គ្មានថ្មថាមពលសម្រាប់ដំណើរការស្ដាប់ទេ។ ប្រសិនបើត្រូវការស្ដាប់វិទ្យុជាតិ ត្រូវរវៃ បង្វិលខ្នងកង់ ដែលចងភ្ជាប់ទៅនឹងឌីណាម៉ូកង់ ដោយខ្សែអង្រឹងតភ្ជាប់ចរន្តចូលវិទ្យុ។ នៅរដូវប្រាំ យូរៗម្ដង អង្គការបញ្ចាំងខ្សែភាពយន្ត ស្តីអំពីការបង្កបង្កើនផល និងការលើកទំនប់ជីកប្រឡាយឲ្យមើលម្ដងម្កាលដែរ។

ការដ្ឋាន

ការងារលើកទំនប់ជីកប្រឡាយ គឺនៅរដូវប្រាំង បន្ទាប់ពីបញ្ចប់ការងារបង្កបង្កើនផលរួច។ ជំរំកងចល័តជួរ ប្រក់និងបិទបាំងដោយស្លឹកកណ្តប និងធាងដូង នៅជិតទីតាំងការដ្ឋាន។ កម្លាំងពលកម្មច្រើនដេរដាស ខ្លះកាន់ចប កាន់ត្រសេះ កាន់ដែកស្បែង កាប់ គាស់ ជីក រែកដី យ៉ាងសស្រាក់សស្រាំ។ ពលករធ្វើពលកម្មតាំងពីមុនថ្ងៃរះ រហូតដល់ថ្ងៃត្រង់ទើបឈប់សម្រាកហូបបាយ ឬបបរ។ ពុំមានការស្រស់ស្រូបពេលព្រឹកទេ។ បន្ទាប់ពីសម្រាកបរិភោគហើយ ត្រូវបន្តការងារទៀតរហូតដល់ពេលព្រលប់។ ក្រុមនីមួយៗត្រូវសម្រេចតាមផែនការកំណត់។ បុរសនារី ដែលមានភាពសិទ្ធិស្នាល ញញឹមរួសរាយ រាក់ទាក់រកគ្នាត្រូវអង្គការចោទប្រកាន់ថា«ប៉ះពាល់សីលធម៌អង្គការវិន័យ»។ អ្នកទោសស្នេហាបែបនេះ ត្រូវអង្គការបង្ខំឲ្យធ្វើការជាទម្ងន់ បន្ទាប់ពីការដ្ឋានត្រូវបានបញ្ចប់ អាចយកទៅសម្លាប់ចោលក៏មាន។

ទម្ងន់ការងារ ធ្វើឲ្យពលករ ហេវហត់បាក់កម្លាំង គ្រុនរងាជារៀងរាល់ថ្ងៃ។ ខ្លះកោសខ្យល់ ដកសក់ទាញត្រច្រៀក រិតទ្រូង។ នៅក្រោមដើមស្នាយជាប់នឹងការដ្ឋាន បុរសនារីពីបួននាក់កំពុងកោសខ្យល់៖

«អូយ! កោសតិចៗឈឺណាស់។ កុំដកសក់ខ្លាំងពេកឈឺណាស់។»

«សមមិត្តនារីទម្រន់ពេក ស្រែកខ្លាំងៗបែបនេះ នាំឲ្យប៉ះពាល់សតិអារម្មណ៍ រាំងស្ទះការងារ។ រួសរាន់ឡើងប្រញាប់ធ្វើការងារ។» ​សម្ដីប្រធានកងឈរក្រពាត់ដៃនៅជិតអ្នកជំងឺ។

ការងារក្នុងការដ្ឋាន ពុំមានគ្រឿងយន្តទេ។ ជនណាដែលធ្វើឲ្យខូចខាតនូវសម្ភារពលកម្ម ដូចជា បាក់ចប បាក់ត្រសេះ បាក់ដែកស្បែង បាក់ដងរែក ត្រូវអង្គការចោទប្រកាន់ថា«ខ្មាំង» នាំឲ្យរាំងស្ទះការងារ។ អ្នកទោសបែបនេះត្រូវរងនូវទម្ងន់ទណ្ឌកម្ម ឬហៅយកទៅកសាងរៀនសូត្រ។ ប្រជាជនដែលអង្គការស្នើទៅ«រៀនសូត្រ» ភាគច្រើនមិនដែលមកវិញទេ គឺបាត់ខ្លួនជារៀងរហូត។

ការងារបង្កបង្កើនផល ក៏ពុំមានប្រើគ្រឿងយន្ដដែរ។ អ្នកណាធ្វើឲ្យបាត់បង់ បាក់បែកខូចខាតនូវសម្ភារកសិកម្ម មានរនាស់ នង្គ័ល រទេះ ស្លាប់គោ ក្របី ឬ រំខានដល់ការងារ ត្រូវចោទប្រកាន់ថាជា «ខ្មាំងស៊ីរូងផ្ទៃក្នុង»។ ប្រជាជនណាដែលត្រូវអង្គការចោទថា«ខ្មាំង» នឹងក្លាយជាខ្មោច។ ការងារភ្ជួររាស់ សាបព្រោះ ដកស្ទូង ច្រូតកាត់ ត្រូវធ្វើតាមផែនការកំណត់។ ផែនការអង្គការគឺដីមួយហិចតា ត្រូវឲ្យបានទិន្នផលស្រូវបីតោន។ ពេលកំពុងដកស្ទូង នៅលើភ្លឺស្រែ ស្រ្តីៗហេវហត់ ស្លេកស្លាំង ឈឺក្បាលវិលមុខ ដួសសន្លប់ គ្រុនរងាមិនខុសពីការដ្ឋានកងចល័តឡើយ។ អ្នកខ្លាចឈ្លើង ស្រែកយ៉េយ៉ូយ ស្រវាតោងគេតោងឯង រត់ជាន់សន្ទូងជាន់សំណាប ត្រូវអង្គការស្ដីបន្ទោសថាមានស្មារតី សតិអារម្មណ៍ទន់ជ្រាយ គោលជំហរមិនរឹងមាំហើយត្រូវដាក់ទណ្ឌកម្មផ្សេងៗ មានកាត់បន្ថយរបបអាហារ បង្អត់អាហារ ឬបន្ថែមការងារជាដើម។

សុខាភិបាល

កុំថាឡើយជំងឺធ្ងន់ធ្ងរ សូម្បីតែកើតកមរមាស់ ទឹកស៊ីជើង អាត់ស៊ីដៃ ឈឺភ្នែក ក៏ពុំមានឱសថវេជ្ជសាស្រ្ត សម្រាប់ព្យាបាលឡើយ។ សាប៊ូកក់សក់ សាប៊ូដុសខ្លួន សាប៊ូបោកខោអាវក៏គ្មានដែរ។ ប្រជាជនយកស្លឹកឈើ សំបកឈើ ឫសឈើ ផ្សែផ្សំធ្វើជាឱសថសម្រាប់ព្យាបាលជំងឺដោយខ្លួនឯង។

«អានូ! មកពីធ្វើការ ឆ្លៀតបេះផ្លែម៉ាក់ក្លឿ យកមកលាបជើង ទឹកស៊ីរមាស់ណាស់» មីងស៊ីម ប្រាប់ទៅកូន គាត់។

«រកបេះអត់បានទេម៉ែ ពួកម៉ាកខ្ញុំរមាស់ជើងគ្រប់ៗគ្នា ពួកវារកបេះដែរ តែរកមិនបានទេ។ »

«អើ! នៅភូមិស្វាយអម្ភា ឃើញមានផ្លែមួយៗដែរ បេះផ្ញើអញផង។ » ពូលៀង ដើរកាត់ពីមុខប្រាប់បន្ថែម។

មានមន្ទីរពេទ្យអង្គការមួយកន្លែង ទីតាំងស្ថិតនៅវត្ត«ពណ្ណរាយ»។ នៅលើសាលាឆាន់មួយខ្នង មានអ្នកជំងឺច្រើនស្អេកស្កះ ភាគច្រើនជាស្រ្តីមានវ័យចំណាស់។ គ្រូពេទ្យដើរចែកថ្នាំឱសថសូនមូលៗ ដូចអាចម៍ទន្សាយ ឲ្យអ្នក ជំងឺ។ ម្តាយខ្ញុំក៏បានដូចគេគ្រប់ៗគ្នាដែរ។ នៅខាងកើតសាលាឆាន់ មានអ្នកកាប់ចិញ្ច្រាំឫសឈើ មើមឈើ ស្លឹកឈើ សំបកឈើ និងមានហាលវត្ថុទាំងអស់នេះ ជាច្រើនកន្ទេលរាល់ៗថ្ងៃ។ នៅកន្លែងសម្រាកព្យាបាលជំងឺនេះ សូរសព្ទអឺងកង ខ្លះថ្ងូរ ខ្លះនិយាយ ទារកយំង៉ោងង៉ាង។ អ្នកជំងឺតេតាណូស ដែលពេទ្យចងភ្ជាប់នឹងគ្រែ ខ្លះស្រែកច្រៀង ខ្លះស្រែកជេរ។ សម្រាកពេទ្យនៅទីនេះ បានពីរបីយប់ ម្ដាយខ្ញុំត្រលប់មកផ្ទះវិញ។

«អ្នកហុង! ទៅផ្ទះវិញ ឈៀងអើតមើលអាតូចកូនខ្ញុំផង ខ្ញុំមិនទាន់បានទៅទេ។» មីងម្នាក់នៅភូមិជាមួយផ្ដាំផ្ញើ។

«មិនអីទេអ្នកឃុត ខ្ញុំនឹងអើតទៅមើលវា។ តោះ! អាហេង យកកំសៀវដាក់ក្នុងកន្រ្ទកត្រឡប់ទៅផ្ទះវិញ»ម្ដាយខ្ញុំវេចថ្នាំចំណាំងឈើដាក់ក្នុងថ្នក់ក្រមា រៀបចំចេញមកផ្ទះ។

អង្គប្រជុំ

នៅតាមសហករណ៍ តាមការដ្ឋានលើកទំនប់ ជីកប្រឡាយ អង្គការតែងតែប្រជុំអប់រំស្មារតី បំពាក់គោលជំហរសតិអារម្មណ៍ស្មារតីបដិវត្តន៍ជានិច្ច។ អង្គប្រជុំពុំមានរៀបចំវេទិកា ឬសមាភាពគណៈអធិបតីទេ គឺប្រធានកង ឬ កម្មាភិបាលឈរនិយាយទៅកាន់កងកម្លាំងពលកម្ម ដែលអង្គុយផ្ទាល់ដី ជាជួរនៅខាងមុខ។ អង្គការនិយាអំពីការហាត់ពត់លត់ដំខ្លួន លះបង់សួនតួដើម្បីសួនរួម គោរពអង្គការវិន័យ ប្រយុទ្ធបង្កបង្កើនផល លើកទំនប់ ជីកប្រឡាយ កម្ទេចខ្មាំងស៊ីរូងផ្ទៃក្នុង សមរភូមិក្រោយឧបត្ថម្ភសមរភូមិមុខ វាយបំបាក់បនប្រតិកិរិយា ពួកនាយទុន សក្តិភូមិ ខ្សែ សេ អ៊ី អា និង កា ហ្សេ បេ វាយកម្ទេចអាខ្មាំងយួន។

ចុងបញ្ចប់នៃអង្គប្រជុំ សមាជិកសមាជិកា ស្រែកជ័យឃោសបន្ទរតាមអង្គការ និងឡើងបេ្តជ្ញាចិត្ត ស្មោះត្រង់ជាមួយអង្គការបដិវត្តន៍ ដោយលើកដៃស្ដាំក្ដាប់ឡើងលើ និងទះដៃបន្ទរតាមក្រោយ ប្រាវៗផង។

«ជយោ! បដិវត្តន៍ មហាលោតផ្លោះ មហាអស្ចារ្យ។ ជយោ! ជយោ!»

«ជយោ! មាគ៌ាអង្គការមហាត្រឹមត្រូវ។ ជយោ! ជយោ!»

«ជយោ! ថ្ងៃ១៧មេសា​មហារុងរឿង។ ជយោ! ជយោ!»

«បរាជ័យ បនអាខ្មាំងយួន។ បរាជ័យ! បរាជ័យ!»

«បេ្តជ្ញា! ការពារទឹកដីមិនឲ្យអាខ្មាំងយួនយកដីបានមួយចំអាមជាដាច់ខាត។ បេ្ដជ្ញា! ប្ដេជ្ញា!»

ជីកស្មៅជីកទាំងឫស

ពាក្យ«ជីកស្មៅជីកទាំងឫស» ជាពាក្យដែលអង្គការបង្កើតឡើង មានន័យថា «ក្នុងគ្រួសារ បើសមាជិកគ្រួសារណាម្នាក់ត្រូវអង្គការយកទៅសម្លាប់ គឺត្រូវសម្លាប់ចោលទាំងគ្រួសារ» ឬ មានន័យម្យ៉ាងទៀត «បើថ្នាក់ដឹកនាំឬកម្មាភិបាលណាម្នាក់ ត្រូវអង្គការថ្នាក់លើចោទថាក្បត់ សមាសភាពដែលជាសហការីក៏ក្បត់ដែរ ត្រូវអង្គការយកទៅសម្លាប់ចោលទាំងអស់» ឬប្រើពាក្យភ្ជាប់គ្នាថា «ជីកស្មៅជីកទាំងឫស សម្លាប់មនុស្សសម្លាប់ទាំងពូជ»។

ប្រធានភូមិទី១ឈ្មោះ ម៉ង់ ចាប់ផ្ដើមរិតបន្ដឹងបន្ដិចម្ដងៗ ទៅលើការរស់នៅរបស់ប្រជាជន ហើយក៏ចាប់ផ្ដើមដឹកប្រជាជន១៧មេសា យកទៅឲ្យរស់នៅដីថ្មី ដោយរទេះគោចេញពីភូមិយកទៅឡើងរថយន្តដែលត្រៀមចាំជាស្រេច លើកំណាត់ផ្លូវជាតិលេខប្រាំមួយ(ជ.៦) ភូមិត្រពាំងឈូក ហើយបញ្ជូនយកទៅសម្លាប់ចោលនៅភូមិសាស្រ្តព្រៃស្រឡៅតូង។ មិនបានយូរប៉ុន្មានផង សមមិត្តប្រធានភូមិទី១នេះ ត្រូវអង្គការថ្នាក់លើ ស្នើឲ្យទៅរៀនសូត្រ។ រីឯបក្សពួកខ្សែស្រឡាយ ក៏ត្រូវបាត់ខ្លួនជាបន្តបន្ទាប់ដែរ។

ប្រធានភូមិទី២ ឈ្មោះ យៀន ឡើងកាន់កាប់អំណាចជំនួសប្រធានភូមិទី១។ ប្រធានភូមិឡើងថ្មីនេះបានបន្តសកម្មភាពដឹកប្រជាជនបញ្ញើក្អែក (ប្រជាជន១៧មេសា) យកទៅនៅដីថ្មីដូចមុនដែរ ព្រមទាំងស្រាវជ្រាវយ៉ាងសកម្មរកមុខសញ្ញាខ្មាំងប្រឆាំងអង្គការបដិវត្តន៍។ ប្រជាជននៅមូលដ្ឋាន ដែលជាប់ខ្សែស្រឡាយកូនចៅចិន ចាម អ្នកធ្វើជំនួញ អ្នករដ្ឋការ អ្នករៀនបានខ្ពង់ខ្ពស់ និងអ្នកមាននិន្នការនយោបាយពីសង្គមចាស់ ត្រូវស្នើឲ្យទៅរៀនសូត្រជាបន្តបន្ទាប់។ ចឹកបួយ ចាំង ចឹកហាក់ ឆុង ជាអ្នកមានធនធានក្នុងភូមិត្រូវអង្គការចាប់យកទៅវ៉ៃសម្លាប់ចោលទាំងគ្រួសារ ហើយកូនចៅគ្រួសារទាំងពីរនេះ ក៏ត្រូវចាប់ខ្លួនយកទៅសម្លាប់ចោលជាបន្តបន្ទាប់ដែរ។

បងប្រុសទី១ នៃគ្រួសារខ្ញុំឈ្មោះ លៀង និងមិត្តភក្តិគាត់មានផ្ទះជាប់ព្រំគ្នាឈ្មោះ ខា ត្រូវអង្គការចាប់បង្ខំបញ្ជូនឲ្យទៅសមរភូមិមុខ។ ម្ដាយខ្ញុំ និងម្តាយពូ ខា ទឹកភ្នែកហូរសស្រាក់ លន់តួសំពះអង្វរប្រធានភូមិ៖

«សូមសមមិត្ត កុំយកកូនខ្ញុំទៅអី វានៅក្មេងណាស់​ ទុកវាសិនទៅ។ ខ្ញុំសុំសំពះ សមមិត្តបង…។»

«គ្រាន់តែប៉ុណ្ណឹងមិនហ៊ានលះបង់។ សមមិត្តនារីមិនដាច់ខាតចំពោះអង្គការ។ នេះមិនមែនជាជនបដិវត្តន៍ទេ។»

«ទៅ! នាំវាទៅ! ចំណែកមិត្តនារីត្រូវទៅធ្វើការងារ។ កុំរឹងទទឹង​នឹងមាគ៌ាបដិវត្តន៍។ កង់ប្រវត្តិសាស្រ្តកំពុងវិល លូកដៃដាច់ដៃ លូកជើងដាច់ជើង។» ប្រធានភូមិគំហកខ្លាំងៗ។ កងឈ្លបក៏បាននាំយុវជនទាំងពីរនាក់ចាកចេញទៅ ក្រោមដំណក់ទឹកភ្នែកនៃស្រ្តីមាតាទាំងពីរ។

ក្នុងដំណាក់កាលនៃប្រធានភូមិទី២នេះ ប្រជាជនអត់បាយក្រហាយទឹក លើសពីពេលមុនៗទៀត ហើយដេកស្លាប់ស្ទើរជារៀងរាល់ថ្ងៃ។ ខ្ញុំឃ្លានហេវហត់ស្ទើរទន់ជង្គង់ ដើរឡើងឆ្លងផ្លូវលំពុំចង់រួច។ ពេលព្រលប់មួយ ម៉ែទើបត្រឡប់ពីសហករណ៍ ខ្ញុំសួរគាត់៖

«ម៉ែ! ម៉េចមិនយកគល់ចេកមកស្ងោរហូបទៀត?»

«កុំមាត់! មិនបានទេអាហេង។ ប្រធានភូមិក្រោយនេះមកពីខេត្តតាកែវ  និយាយរដឺនៗ កាចសាហាវខ្លាំងណាស់ ហើយមានកងឈ្លបស៊ើបការណ៍ តាមដានប្រជាជនគ្រប់ច្រកល្ហកទៀតផង។  ដេកទៅកុំមាត់! » ម៉ែតបតិចៗ ដោយប្រញាប់យកដៃមកខ្ទប់មាត់ខ្ញុំផង។

យប់នេះខ្ញុំឃ្លានពេក ដេកក៏មិនលក់ ក៏ចុះទៅដី ដើម្បីទៅលួចដកកំផើមស្រូវក្នុងស្រែហូប។​ មិនទាន់ទាំងចេញពីក្រោមផ្ទះផង ស្រាប់តែភ្លើងពិលវាសឆ្វាច់ៗ ពីផ្លូវលំនៃមុខផ្ទះ។ ខ្ញុំភ័យក៏ប្រញាប់លាក់ខ្លួន ពួនអែបជណ្ដើរផ្ទះ។ ស្បៃរាត្រីកាលដ៏ងងឹតអាប់អួរ បានមកគ្រប់មុខ បិទភ្នែកខ្ញុំ បង្ខំឲ្យលង់លក់ក្នុងដំណេកពោរពេញដោយក្ដីស្រេកឃ្លានឥតឧបមា។

ប្រធានភូមិទី២ ត្រូវបានកម្មាភិបាលថ្នាក់លើ ចោទថាក្បត់អង្គការ ហើយត្រូវចាប់បញ្ជូនយកទៅឲ្យរៀនសូត្រលត់ដំខ្លួន។ ប្រធានភូមិទី៣ ដែលទើបឡើងថ្មីនេះឈ្មោះ កាញ់។ ទន្ទឹមនឹងនេះដែរ ក៏ឃើញមានវត្ដមានឈ្លបសន្តិសុខ មុខប្លែកៗ ដែលមិនមែនជាមនុស្សធ្លាប់រស់នៅភូមិនេះ។ កងសន្តិសុខដែលគួរឲ្យខ្លាចជាងគេគឺឈ្មោះ រ័ត្ន។ រ័ត្ន គឺជាជនពិការ ស្លៀកពាក់ពណ៌ខ្មៅ បង់កក្រមា ពាក់មួករបប ស្បែកជើងកង់ឡាន មានខ្សែអង្រឹងមួយចង្វាយនិងកាំបិតស្នៀតច្រកស្រោមជាប់នឹងចង្កេះ ហើយស្ពាយពិលមួយដើមដែលលម្អដោយស្រោមរំយោល ហើយនិងមានស្ពាយកាំភ្លើងអាកាបត់មួយដើមផងដែរ។

ក្នុងរយៈកាលនៃប្រធានភូមិទី១ និងទី២ ប្រជាជន១៧មេសា ត្រូវបានបោសសម្អាតទាំងស្រុង ហើយប្រជាជនមូលដ្ឋានដែលអង្គការចាត់ទុកថា«ព្រូនសង្គម ទុកក៏មិនចំណេញ ដកចេញក៏មិនខាត» ក៏កម្ទេចចោលជាបន្តបន្ទាប់ដែរ។ ប្រធានភូមិទី៣ ចុងក្រោយនេះ រួមទាំងកងសន្តិសុខ បន្តតាមដានស៊ើបការណ៍សម្ងាត់ស្រាវជ្រាវ បោសសម្អាតខ្មាំងស៊ីរូងផ្ទៃក្នុង ពីក្នុងចំណោមប្រជាជនដែលនៅសេសសល់ពីការកាប់សម្លាប់។ ឪពុកខ្ញុំត្រូវប្រធានសន្តិសុខឈ្មោះ រ័ត្ន ចាប់ខ្លួន ចងដៃនឹងខ្សែអង្រឹងក្រពាត់មកក្រោយ បណ្ដើរលើខ្នងទំនប់ យកទៅទុកធ្វើទារុណកម្ម នៅមន្ទីរសន្តិសុខ«វត្ដជ្រង» នៃឃុំឈូកខ្សាច់។ រយៈពេលប្រហែលបួនប្រាំថ្ងៃ គ្រួសារខ្ញុំ និងគ្រួសារម្ដាយមីង ត្រូវកម្មាភិបាលអង្គការមកពីគណៈតំបន់ស្នើសុំប្រធានភូមិបឹង ដឹកដោយរទេះគោយកទៅនៅភូមិ«ថ្មី» ជាប់នឹងរបងនៃមន្ទីរសន្តិសុខ«វត្តជ្រង»។

មានផ្ទះអត់មនុស្សនៅ មានផ្លូវអត់មនុស្សដើរ

«មានផ្ទះអត់មនុស្សនៅ មានផ្លូវអត់មនុស្សដើរ នេះជាពំនោលខ្មែរបុរាណ ដែលមានន័យថា៖ ភូមិស្រុក ផ្ទះសម្បែង ផ្លូវថ្នល់ ដែលជាជម្រក ទីកន្លែងរស់នៅសុខសាន្ត និងធ្វើដំណើរទៅមក ត្រូវបោះបង់ចោលដោយបង្ខំចិត្ត ព្រោះមានហេតុការណ៍ ឧបទ្រពចង្រៃផ្សេងៗ ដូចជាជំងឺសាហាវរាតត្បាត អគ្គីភ័យ ចោរកម្ម ទីសមរភូមិសង្រ្គាម ខ្យល់ព្យុះ រញ្ជួយដី បន្ទុះភ្នំភ្លើង ឬដោយជំនឿផ្សេងៗ។

ប្រជាជន១៧មេសា ដែលរស់នៅក្នុងភូមិ ត្រូវអង្គការដឹកយកទៅសម្លាប់ចោលគ្មានសល់។ ប្រជាជនដែលអង្គការកំណត់មុខសញ្ញា«ខ្លាំងបដិវត្តន៍» ត្រូវចាប់ចងយកទៅសម្លាប់ចោលជាបន្តបន្ទាប់។ យុវជន ត្រូវចាប់បញ្ជូនទៅសមរភូមិមុខ(កងទ័ព) ជាហូរហែ។ ប្រជាជនដេកស្លាប់ដោយអត់អាហារ ដោយជំងឺស្ទើរមិនចន្លោះថ្ងៃ។ ទីបំផុតប្រជាជននៃភូមិ«បឹងណុងម៉ូវ» ដែលនៅសេសសល់ទាំងប៉ុន្មាន ត្រូវជម្លៀសពីភូមិ ឲ្យទៅតាំងទីនៅតំបន់ព្រៃក្រាស់។ «ភូមិត្រពាំងឈូក» នេះហើយដែលជាទីកន្លែងរស់នៅថ្មីនៃប្រជាជនភូមិ«បឹងណុងម៉ូវ» រស់នៅលើគេហដ្ឋាន នៃប្រជាជនខ្មែរឥស្លាម។

ណុងម៉ូវ ធ្លាប់ជាភូមិ ដែលមានធម្មជាតិស្រស់បំព្រង ព័ទ្ធជុំវិញដោយវាលស្រូវខៀវស្រងាត់ ឥឡូវប្រែជាស្រពាប់ស្រពោន ក្រៀមក្រោះ។ ស្មៅដុះស៊ុបទ្រប់ ស្លឹកឈើជ្រុះប៉ើងរាត់រាយ កាំជណ្ដើរធ្លាក់ជ្រុះរយីករយាក ជញ្ជាំងរយីងរយោងតោងដោយវល្លិ៍ព្រៃ។

ស្លឹកដូងបក់រលាស់ខ្លួនតិចៗ យោលចុះយោលឡើង អង្រួនបបោសអង្អែលលើដំបូលស្បូវ ហាក់ចង់ស្រដីសួរទៅផ្ទះកម្សត់ថា«ឲ្យ!ម្ចាស់យើងទៅណាបាត់ហើយ»?។

គេហដ្ឋានឈរតម្រៀបគ្នាសងខាងផ្លូវ ខ្លះទាបខ្លះខ្ពស់ប្រក់ស្លឹកប្រក់ស្បូវ ជញ្ជាំងរហែកធ្លុះធ្លាយឈរទប់ខ្លួនយ៉ាងកម្សត់តោកយ៉ាករង់ចាំម្ចាស់វិលវិញ។ ផ្លូវលំ លូនសណ្តូកខ្លួនភ្លឹងកាត់ភូមិ ចិញ្ចើមក្រាស់ឃ្មឹក ដោយស្មៅកន្រ្តើយ ​ស្ងប់ស្ងាត់ស្ងៀមឈឹងគ្មានអ្នកដំណើរ។

ព្រះអាទិត្យនៅទិសខាងលិច ក្រហមព្រាលៗ បន្ទាបខ្លួនលាចាកលោកីយ៍ ហើយពន្លករាត្រីក៏ឈានមកដល់។ ស្រមោលស្ទង់ៗ នៃភូមិរហោឋាន ដ៏រខេករខាកនេះ បានពន្លិចខ្លួនបំពួនកាយបន្ដិចម្ដងៗ ចូលជ្រកក្រោមស្បៃអន្ធិកា ហើយទីបំផុតក៏ជ្រមុជកាយ កប់ជ្រៅទៅក្នុងពិភពងងឹតសូន្យសុង។

អរុណោទ័យ នៃថ្ងៃ៧មករា ឆ្នាំ១៩៧៩ ភ្លឺត្រចះត្រចង់ រះកម្ចាត់អ័ព្ទខ្មៅងងឹត នៃរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត។ វាយោដើមរដូវ បក់ពីទិសឧត្ដរ នាំមកនូវក្លិនគន្ធពិដោរ​ដ៏ក្រអូបប្រហើរ នៃបុប្ផាធម្មជាតិ។ ទឹកសន្សើមពេលព្រឹកព្រលឹម ទាក់ទើរលើចុងស្មៅត្រជាក់ស្រិប ចាំងរស្មីព្រិចៗដូចគ្រាប់ពេជ្រ ត្បូងចរណៃ។ ផ្កាផ្នក់ទឹកពណ៌លឿងខ្ចី ព្រឹក្សាព្រៃដុះលូតខៀវស្រងាត់ បក្សាបក្សី ត្រដាងស្លាបរំភើយលើវេហាស៍ មនុស្សម្នាខ្ញៀវខ្ញាររីករាយសប្បាយ។ តែអនិច្ចា បឹងណុងម៉ូវ នៅតែក្រៀមស្វិត ឥតខ្លឹមសារ ក្លាយជាព្រៃស្មសាន ឋានស្ងាត់ឈឹង ស្លាប់បាត់ព្រលឹង គ្មានម្ចាស់រក្សានៅ។ ឲ្យ!ភូមិខ្ញុំ!៕

ដោយ ៖ សង ហេង

ចម្លងចេញពីឯកសារដើមដោយ៖ មីន សាណាស់

(ការចម្លងចេញពីឯកសារដើម គឺត្រូវបានរក្សាឃ្លោងឃ្លាដើមទាំងស្រុង លើកលែងកំណែអក្ខរាវិរុទ្ធខ្លះៗប៉ុណ្ណោះ)

នរកលោកីយ៍បីឆ្នាំប្លាយ

ចាប់ផ្ដើមសរសេររឿងនេះ គឺចាប់ផ្ដើមនឹកឃើញនូវរឿងទាំងអស់ដែលបានកើតឡើង ដោយបានជួបផ្ទាល់ឃើញផ្ទាល់នឹងភ្នែកពេលនោះឯងដែលទឹកប៊ិចលាយនិងទឹកភ្នែកបានបង្ហូរចុះមក លើក្រដាសពណ៌សដែលតំណាងដោយទឹកចិត្តសបរិសុទ្ធ ស្លូតត្រង់របស់កូនខ្មែរគ្រប់រូបដែលមានជីវិតជីវភាពរស់នៅយ៉ាងវេទនាជាទីបំផុតក្នុងសម័យនោះ។ អ្នកនិពន្ធខ្ញុំបាទបានប្រដូចសម័យកាលនោះហាក់ដូចជា ឋាននរកនៅលើលោកីយ៍នេះ ក្នុងរយៈពេលជាងបីឆ្នាំ។ មានរឿងជាច្រើនណាស់ដែលបានជួប និងឃើញផ្ទាល់។ ខ្ញុំបាទអ្នកនិពន្ធសូមលំឱនកាយអភ័យទោស មិនបានរៀបរាប់អស់នោះទេ ព្រោះថាការសរសេរនេះ គឺដកស្រង់តែចំនុចសំខាន់ៗខ្លះតែប៉ុណ្ណោះ។

…កត្តាទាំងពីរនេះឯងដែលបងបារម្ភខ្លាំងណាស់ តែទោះបីជាមានឧបសគ្គមករារាំងយ៉ាងណាក៏ដោយ ឲ្យតែយើងនៅស្មោះនិងគ្នាស្រឡាញ់គ្នា យើងទាំងពីរនាក់នៅតែសុំផ្សងបានជួបគ្នាទាំងជាតិនេះនិងជាតិក្រោយទៀត កុំឲ្យយើងឃ្លាតពីគ្នាណា រចនា។ (វាសនា ពោលមួយៗសំឡឹងមុខគូរស្នេហ៍កំពុងតែមានទឹកភ្នែករលីងរលោងអួលដើមកនិយាយទៅរកប្រុសស្នេហ៍មិនរួច)។

ក្នុងខណៈនោះមានឡានកាម៉ារីពណ៌ស៥គ្រឿងផ្ទុកអ្នកដំណើរ។ ឡានមួយគ្រឿងមានគ្នា៤នាក់ បានលូនចូលមកកាន់វត្ដពោធិ៍ក្រឡាញ់ ដោយអ្នកជិះមានសម្លៀកបំពាក់ខ្មៅ កន្សែងបង់កពណ៌ក្រហម ពាក់ស្បែកជើងកង់ឡាន មួកកាតិបពណ៌គគីរ មានកាំភ្លើងវែងខ្លីមកឈប់ក្នុងវត្ដ។ ប្រជាពលរដ្ឋទាំងចាស់ទាំងក្មេងផ្អើលឈូឆររត់ប្រសេចប្រសាចពេញវត្ដ។ ឯគូរស្នេហ៍ទាំងពីរនាក់មកមើលនឹងគេដែរ ស្រាប់តែឮសំឡេងបុរសម្នាក់មាឌធំខ្មៅមានកាំភ្លើងខ្លីនិងចង្កេះ យកក្បាលមេក្រូប្រកាសក្ដែងៗយ៉ាងខ្លាំងថា៖

«ពុកម៉ែទាំងអស់គ្នា កុំភិតភ័យ សមមិត្តបងយើងទាំងអស់គ្នានេះ ចុះមកតាមអង្គការ មហាលោតផ្លោះ ដាក់ទិសឲ្យមកជួយសង្រ្គោះបងប្អូនផុតពីរបបសក្តិភូមិ លន់ នល់ ប្រើអំណាចជិះជាន់ផ្ដាច់ការមកលើពុកម៉ែ។ សូមពុកម៉ែកុំភ័យបារម្ភ សប្បាយទៀតចុះ។ អង្គការបើកឱកាសឲ្យពុកម៉ែបានសប្បាយចូលឆ្នាំម្ដងទៀតចំនួន៣ថ្ងៃ»។

ទាំងអស់គ្នាសប្បាយរីករាយរំភើបក្នុងចិត្តឥតឧបមា ហើយឆ្ងល់គ្រប់គ្នាថាចុះទាហាន លន់ នល់ ទៅណាអស់ បានជាឲ្យពួកខោអាវខ្មៅខ្មែរក្រហមចូលមកបានស្រួលម្ល៉េះ ឥតមានឮផ្ទុះអាវុធអ្វីសោះ។ ម្នាក់ៗកំពុងតែឆ្ងល់គ្រប់គ្នាស្រាប់តែមេខ្មែរក្រហមម្នាក់រាងទាបក្រអាញ ចាប់ក្បាលមេក្រូមកស្រែកប្រកាសបន្ថែមទៀតថា៖

«ខ្ញុំសូមគោរពពុកម៉ែបងប្អូនទាំងអស់គ្នាស្ងាត់! ពុកម៉ែកុំឆ្ងល់ឲ្យសោះ ពេលនេះប្រទេសជាតិយើងមានសន្ដិភាពហើយ។ យើងបានវាយចូលទីក្រុងភ្នំពេញ។ អង្គការរបស់យើងបានគ្រប់គ្រងភ្នំពេញទាំងមូល។ យើងបានចូលកាន់កាប់ប៉ុស្ដិ៍វិទ្យុជាតិ។ ទាហាន លន់ នល់ ទំលាក់អាវុធចុះ។ យើងរួបរួមគ្នាកសាងប្រទេសជាតិ ដើម្បីសន្តិភាពបញ្ចប់សង្រ្គាមឥតមានអ្នកមាន អ្នកក្រ អ្នកជិះជាន់គេ និងអ្នកដែលត្រូវគេជិះជាន់ទៀត។ យើងមានវណ្ណៈតែមួយ ជា វណ្ណៈកម្មករ កសិករទាំងអស់គ្នា ឥតមានវណ្ណៈសក្ដិភូមិ វណ្ណៈមូលធននិយម ប្រើអំណាចផ្ដាច់ការអ្វីទេ។ អង្គការយើងដឹកនាំប្រទេសជាតិរីកចម្រើន មហាលោតផ្លោះ មហាអស្ចារ្យ»។

ពេលនោះ សម្លេងទះដៃរបស់យោធាខ្មែរក្រហម នាំគ្នាទះដៃហើយស្រែកជ័យឃោសខ្លាំងៗថា៖

–      ជយោ!ជយោ! អង្គការមហាលោតផ្លោះ មហាអស្ចារ្យ!

បងប្អូនប្រជាពលរដ្ឋពេលនោះសប្បាយចិត្តណាស់ នាំគ្នាទះដៃ ខ្លះស្រែកហ៊ោថាស្រុកយើងសាន្តត្រាណហើយ! សុខសប្បាយហើយ! ចប់សង្រ្គាមហើយ!។ រចនា កាន់ដៃ វាសនា ជាប់ហើយក្ដាប់យ៉ាងណែនហាក់ដូចជាចង់បង្កប់នូវគំនិតអាថ៌កំបាំងអ្វីម្យ៉ាង ដែលផ្ទុយពីគំនិតអ្នកស្រុកភូមិទាំងអស់ តែនាងមិនហ៊ាននិយាយ។

…«បាទពុក! ចុះអង្គការគេឲ្យយើងទៅទីណា? ប៉ុន្មានថ្ងៃទៀតត្រឡប់ចូលផ្ទះវិញ» (វាសនា ប្រញាប់សួរឪពុករបស់ខ្លួន ព្រមទាំងស្ទុះចូលក្នុងរៀបចំខោអាវបន្ដិចបន្តួចឲ្យប្អូនជួយកាន់។ ខ្លួនឯងស្ទុះទៅអៀវជីដូន។

«គេថាទៅវត្ដតាប៉ុនណាកូន។ មិនយូរទេយើងនឹងបានមកផ្ទះយើងវិញពេលអង្គការគេរៀបចំភូមិរបស់យើងរួច។ ពីភូមិទឹកជោរទៅវត្ដតាប៉ុនចំងាយ២គីឡូម៉ែត្រ។ ប្រជាជនឃុំទឹកជោរនាំគ្នាដើរទូលអីវ៉ាន់ ខ្លះរែក ខ្លះពុន ខ្លះបររទេះ ខ្លះដើរដឹកដៃកូន ខ្លះដឹកអីវ៉ាន់តាមកង់ម៉ូតូឡានសំដៅមកវត្តតាប៉ុនទាំងអស់គ្នាយ៉ាងគគ្រឹកគ្រេងប្រសេចប្រសាច។ ខ្លះដើរតាមថ្នល់ ខ្លះដើរកាត់វាល។ វាសនា ខំអៀវជីដូនចាស់បែកញើសហូរជោគដូចទឹក។ នាយឥតមានថ្ងូរមួយម៉ាត់ឡើយ។ ឯផ្ទៃមេឃខែពិសាខ មានសភាពចង់ភ្លៀង មេឃខ្មៅមីដេរដាស ផ្លេកបន្ទោរ ស្នូររន្ទះបាញ់ឆ្វេចឆ្វាចសញ្ញាថាមិនយូរប៉ុន្មានទេ ព្រះភិរុណនឹងបង្អុរទឹកភ្លៀងមួយមេយ៉ាងធំមកហើយ។ ព្រះអាទិត្យជិតអស្ដង្គតរលត់រស្មី។ គ្រាន់តែប្រជាជនប្រុសស្រីចាស់ក្មេងចូលក្នុងវត្ដតាប៉ុនជុំគ្នាមួយស្របក់ ភ្លៀងមួយមេយ៉ាងខ្លាំងលាយឡំនឹងសំរែកយោធាខ្មែរក្រហមស្រែកគំរាម។

«ពុកម៉ែ ទាំងអស់គ្នាចេញក្រៅវត្ត ដោយឥតមានយកអីវ៉ាន់ទៅទេ។ ចេញតែមួយរយៈ ចាំអង្គការមើលអីវ៉ាន់ឲ្យក្នុងទីនេះមិនបាត់ទេ។ អ្នកណាហ៊ានកាន់អីវ៉ាន់តែបន្តិចតាមជាប់នឹងខ្លួន អង្គការយើងបាញ់ចោល ព្រោះនៅជាប់កម្មសិទ្ធិក្រាស់ផ្ទាល់ខ្លួន ជាប់វណ្ណៈមូលធន ជាប់របបសក្ដិភូមិ មិនចេះតស៊ូដូចវណ្ណៈកម្មករកសិករ។ ប្រញាប់ចេញភ្លាមទាំងអស់គ្នាចេញភ្លាម។

–      បុ័ង! បុ័ង! បុ័ង! (និយាយរួចបាញ់កាំភ្លើងទៅលើបីគ្រាប់)

តាមការពិតនេះជាល្បិចរបស់អង្គការឲ្យយកអីវ៉ាន់ចេញពីផ្ទះមកទុកជុំគ្នានឹងវត្ដ ងាយស្រួលកុំពិបាកពួកគេប្រមូលតាមផ្ទះនាំតែហត់នឿយ។ យប់នោះមិនបានចូលមកវត្តយកអីវ៉ាន់វិញទេ។ នាំគ្នាដើរទាំងយប់ងងឹតឈឹង ខ្លួនញ័រចំប្រប់ដូចកូនសត្វ។ ខ្លះហល់ទឹកភ្លៀង មានស្លាប់កូនង៉ា ក្មេងតូចៗ និងចាស់ជរា។ ចំណែកជីដូន វាសនា បានសំពត់ភ្លៀងមួយដែលខ្លួនបានលាក់ទុកក្នុងអាវ ការពារទទឹកដល់ជីដូនកំសត់របស់ខ្លួន។ អៀវជីដូនដើរតាមគេក្រោមដំណក់ទឹកភ្លៀង និងស្នូររន្ទះទាំងងងឹតឈឹងមិនដឹងថាទៅទីណា គឺដើរតាមបញ្ជារបស់កងយោធានាំផ្លូវខាងមុខ។

យើងទាំងអស់គ្នានាំគ្នាដើរទាំងហេវហត់អស់កម្លាំងយ៉ាងខ្លាំងមួយយប់ដល់ព្រឹក។ ព្រលឹមឡើងមកដល់វត្តចារក្រោម ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ។​ នៅទីនោះ ទាំងប្រជាជននិងព្រះសង្ឃក្នុងវត្ដស្ងាត់ជ្រងំព្រោះត្រូវជម្លៀស ចេញក្នុងថ្ងៃតែមួយដូចគ្នា។ នេះជាទិសដោររបស់អង្គការឲ្យចេញពីភូមិទៅរស់នៅតាមវាលស្រែឥតមានឲ្យនៅក្នុងភូមិវិញទេ។ មេយោធាម្នាក់ស្រែកប្រកាសថា «ពុកម៉ែ មិត្តទាំងអស់គ្នាសម្រាកដាំបាយហូប»។ (ពាក្យហូបនេះជាពាក្យខ្មែរជំនួសពាក្យស៊ី។ គេប្រើទាំងអស់គ្នាតាំងពីសម័យ ប៉ុល ពត)។ ដោយកំពុងរកមើលអង្ករតាមផ្ទះ ស្រាប់តែឮសម្លេងយោធាម្នាក់ស្រែកមកថា៖

«ឈប់សិនបងប្អូនពុកម៉ែទាំងអស់គ្នា មកដល់ភូមិតាអំ ឃុំប្រាសាទនេះហើយ ចូររកកន្លែងសម្រាកសិនចុះ តែឲ្យសម្រាកក្រៅភូមិតាមមាត់ស្ទឹងវាលស្រែនេះឯង មិនឲ្យចូលទៅក្នុងភូមិទេ»។

នៅទីនោះ មានព្រៃរបោះកូនឈើតូចៗ នាំគ្នាធ្វើជម្រកដោយកាច់ស្លឹកឈើប្រក់ធ្វើជាដំបូលការពារកំដៅថ្ងៃនិងទឹកភ្លៀង ហាក់ដូចជាសត្វកាច់សំបុកធ្វើជម្រកឲ្យកូន។

លុះព្រឹកឡើងយោធាម្នាក់ដើរហៅមកប្រជុំ ហើយនិយាយថា៖

«ពុកម៉ែ បងប្អូនទាំងអស់គ្នា អង្គការដាក់ទិសឲ្យពុកម៉ែ បងប្អូននៅធ្វើស្រែទីនេះឯង ដោយរៀបជាក្រុម ជាភូមិ ងាយស្រួលអង្គការត្រួតពិនិត្យ ហើយប្រធានភូមិប្រធានក្រុមជ្រើសរើសយកតែអ្នកក្រ អ្នកធ្លាប់កំសត់ ធ្លាប់តស៊ូវណ្ណៈអធន កម្មករ កសិករ ឥតយកអ្នកចេះដឹង អ្នកមានទេពិបាកប្រើណាស់ព្រោះមនុស្សទាំងនោះនៅជាប់របបសក្ដិភូមិនាយទុកប្រតិកិរិយា» (នេះជាពាក្យសំដីពិតដែលគេប្រើសម័យប៉ុល ពត ដែលខ្ញុមនៅចាំបានច្បាស់) អង្គការបើករបបអង្គរឲ្យពីរនាក់កន្លះកំប៉ុង និងអំបិលបន្ដិច។ យើងខំធ្វើស្រែកើត ពុកម៉ែបងប្អូន ថ្ងៃក្រោយហូបមួយថ្ងៃបីដងមានបង្អែមមួយអាទិត្យម្ដងទៀត។ នេះជាគំនិតល្អរបស់អង្គការមហាលោកតផ្លោះ មហាអស្ចារ្យ មិនដូចជាសម័យលន់ នល់ ទេ អ្នកណាមានចេះតែមាន បងប្អូនអ្នកខ្សត់គ្នាវេទនានៅតែវេទនា ពេលនេះអង្គការបានវាយរបបចាស់បង្កើតរបបថ្មី។ បានហូបស្មើៗទាំងអស់គ្នាមែនទេ បងប្អូន?» (គ្មានអ្នកណាម្នាក់ហ៊ានជំទាស់ចេះតែឆ្លើយថាបាទ ថាចា៎!ទាំងអស់គ្នា)។ បើបងប្អូនណាមានមាសមានប្រាក់ជាប់នឹងខ្លួន ប្រមូលឲ្យអង្គការមករួចខ្លួន។ បើអង្គការស៊ើបដឹងថាលាក់ទុក អង្គការវាយកម្ទេចចោលទាំងពូជ ព្រោះក្បត់នឹងអង្គការ ក្បត់បដិវត្ត»។

ប្រជុំចប់ភ្លាមរៀបចំភូមិ រៀបចំក្រុមចុះធ្វើស្រែ។ បងប្អូនមួយចំនួនឲ្យឡើងទៅប្រមូលស្រូវនៅតាមផ្ទះនៅតាមភូមិដែលជម្លៀសចេញ ប្រមូលឲ្យអស់ដល់អង្គការកុំឲ្យមានសល់បន្ដិចឡើយ ទុកសម្រាប់ថ្ងៃក្រោយពេលជម្លៀសអ្នកភូមិចូលភូមិវិញ និងអ្នកនៅទីក្រុងមកនៅតាមស្រុកស្រែឥតមានឲ្យសល់អង្ករស្រូវរបស់ប្រើប្រាស់នោះឡើយ មានតែសំបកផ្ទះប៉ុណ្ណោះ។ នេះជាគំនិតផ្កាច់ការ ផ្ដាច់ជីវិតរបស់របបប្រជាធិបតេយ្យប៉ុល ពត ខ្មែរក្រហម ចង់សម្លាប់មនុស្សដោយកាប់សម្លាប់ និងបង្អត់អាហារ។ ពេលទៅប្រមូលស្រូវតាមភូមិ វាសនា និងលោកពូ តុង ឆាយ ត្រូវមានឈ្មោះទៅនឹងគេដែរទៅប្រមូលស្រូវភូមិទឹកជោរ ជាភូមិកំណើតរបស់ខ្លួន។ ឯអ្នកផ្សេងៗទៀតគ្រប់ៗភូមិអង្គការក៏បានឲ្យទៅប្រមូលគ្រប់កន្លែងឲ្យអស់នោះដែរ។ ស្រូវដែលប្រមូលបានអង្គការមិនដឹងជាដឹកយកទៅទុកដាក់ឯណាអស់ទេ។ លុះព្រឹកឡើង វាសនា បាត់មិនឃើញលោកពូ តុង ឆាយ ក៏សួរគ្នាឯងខ្សឹបៗស្ងាត់ៗថា៖

«មីងសំ លោកពូតុង ឆាយ ព្រឹកនេះមិនឃើញមកប្រមូលស្រូវ?»

អង្គការបានរៀបចំធ្វើជាសហករណ៍ហូបបបររួម ដោយដាក់បីភូមិ ឬបួនភូមិតាមភូមិធំតូចធ្វើមួយសហករណ៍ដែលមានយោធាម្នាក់ក្ដាប់រួមដោយយកអ្នកមូលដ្ឋានដែលជាអ្នកក្រធ្លាប់បម្រើគេ ធ្លាប់ដើរលេងល្បែង និងអ្នកល្ងង់ឲ្យធ្វើជាប្រធានភូមិក្រុមដឹកនាំ ដោយមានហូបបបររួមមួយភូមិ លត់ដំបបរមួយខ្លះដាក់ប្រាំកំប៉ុងសម្រាប់គ្នា៨០នាក់។ ចាស់ៗទៅណាមិនរួច ត្រូវត្បាញកញ្ជើកញ្រ្ចែង ចង្អេរ បង្គីរ ឲ្យគេរែកដី។ ខ្លះធ្វើចំការធ្វើស្រែយុវជននារីចេញដើរចល័ត ស៊ីអត់ស៊ីឃ្លាន ស៊ីក្ដាម ស៊ីខ្យងបេះបោចស្លឹកឈើ រស់យ៉ាងវេទនាជាទីបំផុត។

 

ជីវិតរស់នៅតាមសហកណ៍

ឆ្នាំ១៩៧៦ ប្រជាជនចាស់ដែលគេហៅថាពួកមូលដ្ឋាន បានវិលត្រឡប់ពីរស់នៅតាមវាលតាមព្រៃ ឲ្យមកនៅតាមភូមិជាមួយប្រជាជនថ្មីដែលទើបជម្លៀសពីទីក្រុង មានពួករំដោះចាស់ គេត្រួតពិនិត្យសូមបញ្ជាក់ថាជាអ្នកធ្លាប់តស៊ូក្នុងព្រៃមុនឆ្នាំ១៩៧៥ គេដកពីពួកយោធាមកកាន់ពីលើប្រជាជនចាស់នោះទៀត។ នៅក្រោមពន្លឺចង្កៀងប្រេងខ្លាញ់ត្រី ដែលគេយកក្រណាត់ដាក់ក្នុងចានខ្លាញ់ធ្វើប្រឆេះភ្លឺព្រឹមៗក្រោមខ្ទមកំសត់ ជញ្ជាំងស្លឹកឆ្លុះ មុខហើមស្លេកស្លាំងនិយាយទៅកាន់ វាសនា សំលេងខ្សាវៗ ពេលដែលឃើញវាសនាកំពុងយកបាវចាស់មួយធ្វើភួយដណ្ដប់ឲ្យក្មេងជំទង់ម្នាក់ទៀតជាប្អូនគ្រុនញាក់មុខមាត់ដៃជើងហើម ដោយជំងឺអត់អាហារ ធ្វើការបាក់កម្លាំង ហូបបបររាវដូចទឹកមួយថ្ងៃពីរពេល គឺថ្ងៃត្រង់និងល្ងាច។

«វាសនា! កូនខំមើល ឡាវ ទីជាប្អូនឲ្យមែនទែន ព្រោះគ្នានៅក្មេង។ ចំណែកពុកវិញចាស់ហើយ ស្លាប់ចុះកុំគិតអីកូន»។

និយាយរួច គាត់បិទភ្នែកដង្ហើមលោតដង្ហក់បេះដូងដើរញាប់ ខ្លួនញាក់។

«ពុកកុំនិយាយយ៉ាងនេះ ពុកមិនអីទេ។ ពុកត្រូវតែរស់នៅជាមួយកូនបន្ដទៀត។ វាសនា ស្ទុះចេញពីប្អូនទៅឱបឪពុកជាទីស្រឡាញ់ហើយពោលតិចៗទាំងអួលដើមក មិនហ៊ាននិយាយខ្លាំងទេ ខ្លាចកងឈ្លបយប់គេដើរឮថាឯងសតិអារម្មណ៍។ នៅជិតនោះយាយ លី ជាម្តាយ និងប្អូនប្រុសស្រីពីរនាក់ទៀតរបស់ វាសនា ក៏ខិតមកជិតនោះដែរ ទើបឃើញ តាលន បើកភ្នែកព្រឹមៗនិយាយខ្សាវៗសាជាថ្មីទៀតុ៖

«ម៉ែវា! មុននឹងស្លាប់ខ្ញុំសូមហូបបាយបានមួយម៉ាត់! តើឯងបានអង្ករពីណាមកដាំ»។

«ពុកវាខ្ញុំបានសន្សំអង្ករបានកន្លះកំប៉ុងពីថ្ងៃមុន ពេលទៅច្រូតស្រូវខ្ញុំដាក់ស្រូវតាមថ្នក់សំពត់យកមកបុកធ្វើជាអង្ករបានខ្លះដែរ។ ព្រឹកនេះចាំក្រោកដាំបាយបានបន្ដិចជូនពុកវាឯងពិសារ»។

ដោយធ្វើការពីថ្ងៃអស់កម្លាំង និងហូបមិនឆ្អែតផង ក៏នាំគ្នាសម្រាក។ តែអ្នកជំងឺពីរនាក់ឳ និងកូន សម្រាកមិនបានលក់ទេ ចេះតែរើខ្លួននិងដេកថ្ងូរឥតឈប់។ ជារៀងរាល់យប់ គេឃើញភ្លើងពិលរបស់កងឈ្លប និងអ្នកភូមិ ទាំងអស់រស់នៅតាមសហករណ៍ប្រឹងប្រែងធ្វើការទាំងចាស់ក្មេង ទាំងយប់ថ្ងៃ មានការងារធ្វើគ្រប់ៗគ្នាឥតមានរណាម្នាក់ដើរមកសួរសុខទុក្ខ ឬនិយាយគ្នាលេងឡើយ គឺផ្តាច់មនោសញ្ចេតនារៀងខ្លួន ខ្លាចស្លាប់គ្រប់គ្នាព្រោះមិនទុកចិត្តគ្នា បានត្រឹមតែមើលមុខស្រពោនរៀងខ្លួនឥតមានបានសប្បាយចិត្តសោះ។

ជីវិតរស់នៅតាមកងចល័ត

ពាក្យថាកងចល័តមានពីរ គឺកងចល័តតំបន់ និងកងចល័តតាមសហករណ៍ ឬតាមឃុំ។ កងចល័តតំបន់គេប្រមូលយុវជននារីធ្វើការរែកដី លើកទំនប់ជីកប្រឡាយ នៅតំបន់ណាដែលលំបាកខ្លាំង សមរភូមិក្ដៅនៅឆ្ងាយៗ ដូចជាអាងត្រពាំងថ្មខេត្តបន្ទាយមានជ័យ អាងកំពីងពួយខេត្តបាត់ដំបង។ ឯកងចល័តតាមសហករណ៍ ឬតាមឃុំ ជាកងចល័តដែលគេប្រមូលយុវជននារី ឬវ័យកណ្ដាលឲ្យធ្វើការលើកទំនប់ លើកភ្លឺ ជីកប្រឡាយ ធ្វើស្រែនៅតាមភូមិឃុំ សហករណ៍ជិតៗលំនៅដ្ឋាន។

«នែ! វាសនា ថ្ងៃនេះមិត្តឯងត្រូវនាំកូនក្រុម១០នាក់ រែកកណ្ដាប់ស្រូវទៅដាក់ក្រោយវត្ដចារលើ»។ មេកងម្នាក់ដាក់ទិសបញ្ជា វាសនា។

វាសនា ជាប្រជាជនមូលដ្ឋានគេឲ្យមើលការខុសត្រូវប្រជាជនថ្មីដេលជម្លៀសមកទីក្រុង។ មួយក្រុម១០នាក់ធ្វើការ។ ​ក្នុងខណៈជាមេក្រុម វាសនា ធ្វើការដូចកូនក្រុមដែរ។ នាយយើងរែកកណ្ដាប់ស្រូវដាច់ឆ្ងាយពីគេមកដល់កន្លែងដើមស្រូវដែលខ្ពស់លិចក្បាលបាត់។ អង្គុយចុះ លូកយកកូនក្រណាត់ប៉ុនបាតដៃពីហោប៉ៅខោ រួចកាយដីឲ្យគ្រឡុកបន្ដិច ក៏យកក្រណាត់ទ្រាប់ រួចបូតគួរស្រូវដាក់ ហើយយកដងរែកបុកស្រូវ ដោយភ្នែកលួចមើលគេ រួចយកមកផ្លុំនឹងដៃឲ្យជ្រះក្បាលអង្កាមខ្លះ នៅខ្លះ ហើយហូបអង្កររួចលប់ក្រឡុកនោះវិញធ្វើយ៉ាងនេះរាល់ពេល។ ពេលខ្លះហើមពោះទល់លាមក។ ក្រោយមកទៀតគេឈប់ឲ្យរែកកណ្ដាប់គេឲ្យច្រូតស្រូវ ក៏ទំពារស៊ីស្រូវ ព្រោះតែហូបបបរមិនឆ្អែត។ បើសំរឹតយកតែកាកបានមួយស្លាបព្រា​ ក្រៅពីនោះទឹកថ្លាឆ្វង់ដូចទឹកភ្លៀង។ ពេលឃើញមិត្ត ហេង ប្រជាជនថ្មីត្រូវស្លាប់ដោយទល់លាមក វាសនា ឈប់ហ៊ានហូបស្រូវតទៅទៀត។

«ម៉ែ! កូនហូបមិនឆ្អែតទេម៉ែ។ រួចការងារពេលល្ងាចហើយ កូនមករកបន្លែនៅផ្ទះ ព្រោះនៅកងចល័តឯវាលឥតមានបន្លែទេ មានតែបបររាវ»។ វាសនា លួចរត់មកផ្ទះក្រោយពេលសម្រាកពីការងារនៅពេលល្ងាច ដោយមិនបានប្រាប់មេកងឲ្យដឹង។

«វាសនា! ថ្ងៃក្រោយមុននឹងកូនមក កូនត្រូវប្រាប់គេឲ្យបានដឹង ខ្លាចគេធ្វើបាបកូនណ៎ា»។

វាសនា ប្រមូលបានបន្លែ ត្រប់ ផ្ទី ននោង ត្រកួន ល្ហុង បានកន្លះការ៉ុង ដើរផង រត់ផង ទៅកន្លែងធ្វើការវិញទាំងហត់ដង្ហក់។ ពេលមកដល់កន្លែងស្រាប់តែ៖

«អាវាសនា! អាឯងមកពីណាមិនបានប្រាប់អញមួយម៉ាត់។ អាឯងដើរសេរីគ្មានដឹងមេដឹងកង»។ អាមេកងធំម្នាក់នេះឈ្មោះ អាតូក ជាអ្នកមូលដ្ឋានដូចគ្នា រស់នៅភូមិជិតគ្នា គ្មានធម៌មេត្ដា ដល់ទាស់គ្នា។ នេះបើទៅរាយការណ៍ គេធ្វើបាបគាត់។ បើមិនទៅរាយការណ៍ គេស្ដីបន្ទោស។ ដូចនេះមានតែទៅនិយាយពាក្យល្អជាមួយគាត់៖

«លោកតា! លោកយាយ! អត់ទោសចុះកុំទាស់គ្នា។ ខ្ញុំសូមជម្រាបតាមត្រង់ ពុករាំងឲ្យខ្ញុំមកនៅជិតនេះ ដើម្បីយកការណ៍ពីអ្នកទាំងពីរដូចនេះបើអ្នកទាំងពីរចង់សុខ ហើយអាណិតដល់ខ្ញុំសូមកុំទាស់គ្នាចាប់ពីថ្ងៃនេះទីណ៎ា»។

តាឈុំ យាយសាយ មានសេចក្ដីត្រេកអរណាស់ឈប់ទាស់គ្នាចាប់ពីពេលនោះមក ហើយនឹកសរសើរអំពើល្អរបស់ វាសនា។

ក្រោយសម្រាកការងាររួច ពេលល្ងាចកម្មករទាំងអស់តែងជួបជុំគ្នានិយាយលេង តែនៅព្រឹកឃើញបាត់អ្នកនេះម្ដង អ្នកនោះម្ដង គឺបាត់ខ្លួនម្ដងមួយៗស្ទើររាល់យប់ដោយមិនដឹងពីមូលហេតុ។​ ខ្លះថានិយាយទៅប៉ះពាល់ អង្គការចាប់សួរចម្លើយឆ្លើយដាក់គ្នាជាបន្ត។ មិនអាចទ្រាំនៅបានតទៅទៀតខ្លាចគ្រោះថ្នាក់ដល់ខ្លួន វាសនា សុំលាពុករាំង មករស់នៅសហករណ៍របស់ខ្លួនវិញ ធ្វើឲ្យពុករាំង ក៏ដូចជាកម្មករទាំងអស់នៅឡឥដ្ឋមានការសោកស្ដាយមិនចង់ឲ្យ វាសនា ទៅណា ព្រោះវាសនាមនុស្សល្អម្នាក់ដឹងខុសត្រូវជួយដល់មិត្តគ្រប់គ្នា។

ប្រជាធិបតេយ្យរៀបការសេរីម្ដង ៥០គូ

នៅវាលដង្កៀបក្ដាម មនុស្សជាច្រើនមានសម្លៀកបំពាក់ចាស់ៗ ចំរុះពណ៌ ហើយប៉ះជាច្រើនបំណាស់ដែលមានរាងកាយស្គមស្លេកស្លាំង ហើមមុខមាត់ដៃជើងដើរស្ទើរមិនរួច កំពុងអង្គុយស្ដាប់ការប្រជុំរបស់ តាមោង មេតំបន់៥​ និយាយឆ្កាដៃជើងលើវេទិកាដែលមានយោធាមកការពារយ៉ាងប្រុងប្រយ័ត្ន។ មានទង់ប្រាសាទកំពូលបីពណ៌ក្រហមដាក់លើវេទិកាជាច្រើន។

«ពុកម៉ែបងប្អូនទាំងអស់គ្នា! ថ្ងៃនេះអង្គការបានរៀបចំធ្វើមហាសន្និបាតមួយយ៉ាងធំ ឲ្យបងប្អូនជួបជុំសប្បាយរីករាយ។ សម័យ លន់ នល់ គេថាធ្វើបុណ្យ តែធ្វើបុណ្យរបស់អង្គការនេះ មិនចាំបាច់មានព្រះសង្ឃទេ ព្រោះគ្មានប្រយោជន៍មិនឃើញបុណ្យណាមកជួយជាក់ស្ដែងដូចអង្គការដែលឲ្យបងប្អូនធ្វើទំនប់ប្រឡាយ ធ្វើស្រែកើតបានហូបឆ្អែតរាល់ថ្ងៃនោះទេ»។

ជយោ! ជយោ! អង្គការមហាលោតផ្លោត មហាអស្ចារ្យ ! (យោធាទះដៃ)

វាសនា មកប្រជុំសន្និបាតជាមួយគេ យកដៃកេះ តាភិម ដែលអង្គុយជិត ហើយឱនខ្សឹបពោលថា៖

«កុហកសោះ! អង្គការនេះ ប្រជាជនគ្នាហូបបររាវដើរចង់រលំ ថាហូបបាយឆ្អែតទៅរួច»។

«ឈប់និយាយទៅចៅ! ប្រយ័ត្នស្លាប់ អង្គការស្ដាប់ឮ ចៅត្រូវធ្វើល្ងង់ ធ្វើគរ ធ្វើថ្លង់ ទើបចៅអាយុវែង»។ ធ្វើឲ្យគូសង្សារពីរនាក់នេះត្រូវបែកគ្នាទៅកាន់ផ្ទះរៀងខ្លួនទាំងក្រៀមក្រម និងសោកស្ដាយដោយមិនបានក្រេបទឹកឃ្មុំសម្រេចតាមគោលបំណង។

បីថ្ងៃបន្ទាប់មក អង្គការហៅម្ដងមួយគូម្ដងមួយគូ ឡើងប្ដេជ្ញាតែរៀងខ្លួនគ្រប់ទាំង៤៩គូ។ ដោយឡែកនៅគូទី៥០ ដែលជាគូចុងក្រោយ ត្រូវគូ រំដួល និងយោធាកំឡោះ ឡើងកាន់ដៃគ្នាប្ដេជ្ញាចិត្ត។ រំដួល មានទឹកមុខស្រពោន។ ទឹកភ្នែកហូរដោយមិនឲ្យអង្គការដឹង។ នាងយកកន្សែងដែលគេប្រគល់ឲ្យជូតទឹកភ្នែក។ គ្រប់អ្នករៀបការទាំងអស់មុនរៀបការ គេបើកសំលៀកបំពាក់ខ្មៅ និងកន្សែងគ្រប់ៗគ្នា។ វាសនា ឃើញសង្សាកំសត់របស់ខ្លួនរៀបការ មានទឹកភ្នែកហូរមកដែរ តែមិនហ៊ានឲ្យពួកយោធាដឹង ខំបញ្ចេញទឹកមុខធម្មតា។

«អង្គការរៀបការម្ដង៥០គូរនេះ មិនឲ្យខាតការងារត្រូវធ្វើ។ បើមិត្តនារីណាហ៊ានប្រឆាំង រៀបការហើយមិនព្រមដេកជាមួយពួកយោធារបស់យើងនេះទេ អង្គការយើងដើរឈ្លបមើលពេលផ្សំដំណេកយប់នេះ ឃើញហើយ វាយចោល កុំថាអង្គការកាច»។ មេយោធាម្នាក់ឡើងនិយាយខ្លាំងៗដាក់មេក្រូ។

ពេលយប់ផ្សំដំណេក គេឲ្យដេកជុំគ្នាទាំងអស់ តែគ្រាន់តែយកស្លឹកឈើ ឬ ជញ្រ្ជាំងស្រូវ ឬ ក៏អ្វីបិទបាំងបន្តិច កងឈ្លបយោធាគេដើរតាមដានលបមើលនៅយប់ដោយប្រុងប្រយ័ត្ន៕

«ចប់»

 

និពន្ធដោយ ៖ មុត ឡោម

ចម្លងចេញពីឯកសារដើមដោយ៖ មីន សាណាស់

បញ្ជាក់៖ ឯកសារដើមបាត់ទំព័រមួយចំនួន។ អ្នកនិពន្ធបានប្រគល់តែផ្នែកដែលទាក់ទងនឹងរបបខ្មែរក្រហមប៉ុណ្ណោះ។

(ការចម្លងចេញពីឯកសារដើម គឺត្រូវបានរក្សាឃ្លោងឃ្លាដើមទាំងស្រុង លើកលែងកំណែអក្ខរាវិរុទ្ធខ្លះៗប៉ុណ្ណោះ)

អតីតកម្មាភិភាឝភូមិភាគកណ្តាល បានមករស់នៅអន្លង់វែង ដោយសាគេចពីកងទ័ពវៀតណាម

កាលពីក្មេង​ សោម បានបួសរៀននៅវត្តទឹកឃ្លាំងបានរយៈពេលបីវស្សា។ លុះដល់ឆ្នាំ១៩៧០  ក៏បានស្ម័គ្រចិត្ត​ចូលបម្រើក្នុងជួរបដិវត្តន៍តាមការដឹកនាំរបស់ឈ្មោះ រាជ ដែលជាមេភូមិ។ កាលណោះ ​ប្រជាជន​ភាគច្រើនមានការ​ស្រឡាញ់​ពេញចិត្តចំពោះការដឹកនាំរបស់សម្តេចព្រះនរោត្តម សីហនុ ហើយមិនបានពេញចិត្តនឹងការធ្វើរដ្ឋប្រហាររបស់លោកសេនាប្រមុខ​ លន់ នល់ ឡើយ។

នៅពេលចូលបម្រើក្នុងជួរបដិវត្តន៍ សោម បានចូលទៅព្រៃម៉ាគីដែលមានទីតាំងនៅ ក្នុងស្រុកសណ្តាន់ (ខាងក្បាលដំរី ជិតភ្នំជី)។ នៅពេលដែលបំពេញការងារនៅទីនោះ សោម តែងបានឃើញវត្តមានរបស់មេដឹកនាំមួយចំនួនដូចជា ​ខៀវ សំផន អៀង សារី  ហ៊ូ​ នឹម​ និង​ ហ៊ូ​ យន់។

កែ សោម

ក្រោយពេលដែលខ្មែរក្រហមបានទទួលជ័យជម្នះទាំងស្រុងនាថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ក្រុមគ្រួសាររបស់ សោម ត្រូវបានអង្គការជម្លៀសឲ្យទៅរស់នៅភូមិផ្សេង។  ចំណែក សោម ស្ថិតនៅក្នុងអង្គភាពពាណិជ្ជកម្ម ផ្នែកដឹកជញ្ជួនស្រូវ ដោយក្នុងមួយក្រុមមានសមាជិកចំនួន១២នាក់ និងមានរថយន្តចំនួន១២គ្រឿង។ រថយន្តដឹកស្រូវទាំងនោះ ជា រថយន្តនាំមកពីប្រទេសចិន។ សោម នៅចាំថា រថយន្តមួយៗ ដឹកស្រូវបានចំនួនតែ​១០បាវ យកទៅដាក់នៅរោងម៉ាស៊ីនកិនស្រូវនៅខេត្តកំពង់ចាម។ បន្ទាប់ពីកិនបានជាអង្កររួចរាល់ហើយ ត្រូវដឹកអង្ករទាំងនោះមកឲ្យអង្គភាពយោធា។

ក្នុងឆ្នាំ១៩៧៦ បន្ទាប់ពីធ្វើការនៅក្នុងអង្គភាពពាណិជ្ជកម្មផ្នែកខាងដឹកជញ្ជូនស្រូវបានមួយរយៈមក ដោយសារ សោម ពូកែហែលទឹក និងមានជំនាញខាងចែវទូកផងនោះ កែ ពក ដែលជាលេខាភូមិភាគកណ្តាលបានចាត់តាំង សោម ឲ្យមកធ្វើការខាងនេសាទត្រីនៅកំពង់ឆ្នាំងវិញ ក្រោមការដឹកនាំរបស់ឈ្មោះ នាង មកពីតំបន់៤១។ នៅពេលដែលអង្គភាពនេសាទផលិតបានជា ត្រីងៀត ប្រហុក សោម ក៏បានដឹកជញ្ជូន​ត្រីងៀត ប្រហុកទាំងអស់នោះ តាមកាណូតយកមកដាក់នៅតាមឃ្លាំងម្តុំជ្រោយចង្វារភ្នំពេញ។ មួយរយៈកាលក្រោយមកទៀត កែ ពក បានចាត់តាំង សោម ឲ្យទៅនៅខាងទន្លេសាបជាមួយ តាយ៉ាន នៅក្នុងអង្គភាពនេសាទត្រីដដែល។ ពេលនោះ សោម បានទទួលនាទីជាអនុ​ប្រធានមើលការ​ខុសត្រូវប្រជាជនធ្វើត្រីប្រហុក និងផ្អក។ សោម បានបន្តឲ្យដឹងថា គាត់ធ្លាប់បានចូលរួមប្រជុំជាមួយ កែ ពក និងសមាជិកមួយចំនួន ​មកពីគណៈតំបន់៤១ និងតំបន់៤២។​ នៅពេលប្រជុំ សោម បានរាយការណ៍ជូនថ្នាក់លើអំពីកិច្ចការនានាដែលអង្គភាពរបស់គាត់បានអនុវត្តកន្លងមក និងបន្ទាប់មកថ្នាក់លើក៏​បានដាក់ផែនការថ្មីៗទៀត ដើម្បីយកទៅអនុវត្តបន្ត។

ក្រោយមកទៀត សោម បានទទួលសំបុត្រពីពាណិជ្ជកម្មភូមិភាគ ដោយបានដាក់បទបញ្ជាឲ្យចាត់ចែងធ្វើត្រីប្រហុកឲ្យបានសម្រេចតាមផែនការរបស់អង្គការ ដើម្បីចែកចាយត្រីប្រហុកទៅតាមភូមិភាគនានា តាមរយៈនីរសារឈ្មោះ ហេង​​ និងឈ្មោះ ងួន។ លុះពេលអង្គភាពរបស់ សោម​ ធ្វើត្រីប្រហុកបានសម្រេចតាមផែនការដែលបានកំណត់រួចហើយ សោម បានចាត់ចែងដឹកតាមរថយន្ត និងកាណូតមកចែកជូនតាមភូមិភាគ និងតំបន់នានាតាមការស្នើសុំ។

បន្ទាប់ពីរបបខ្មែរក្រហមដួលរលំទៅ សោម បានសម្រេចចិត្តរត់គេចខ្លួនទៅប៉ៃលិនជាមួយយោធាខ្មែរក្រហមផ្សេងៗទៀត ហើយបានធ្វើដំណើររហូតទៅដល់ជំរំខាងអ៊ីដាវប្រទេសថៃ ដោយបានចំណាយពេលប្រហែលជាងកន្លះខែ​។ ឆ្នាំ១៩៨១-១៩៨២ សោម ត្រូវបានផ្លាស់ទៅនៅខាងយោធាការពារព្រំដែននៅបន្ទាយឆ្មារ និងនៅខេត្តបន្ទាយមានជ័យតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ក្រោយមក សោម មាននាទីដឹកជញ្ជូនគ្រាប់កាំភ្លើងយកមកឲ្យ​អង្គភាពយោធារបស់តាម៉ុកនៅអន្លង់វែង ដោយបានធ្វើដំណើរកាត់តាមស្រុកវ៉ារិន​ សៀមរាប និងស្រែណូយ។​ លុះដល់ឆ្នាំ១៩៨៥ សោម បានសម្រេចចិត្តឈប់ធ្វើការ​ដឹកជញ្ជូនគ្រាប់ ហើយបានមករស់នៅជាមួយកងមីងៗ នៅតំបន់អន្លង់វែង។

មួយរយៈក្រោយមក សោម ក៏បានរៀបការប្រពន្ធនៅលើភ្នំ១០០៣ ដែលពិធីរៀបមង្គលការនេះថ្នាក់លើជាអ្នករៀបចំឲ្យ។ លុះក្រោយមកទៀតក្នុងឆ្នាំ១៩៩៨ នៅពេលដែលខ្មែរក្រហមបានធ្វើសមាហរកម្មចុះចូលជាមួយរាជរដ្ឋាភិបាល  សោម បានសម្រេចចិត្តវិលត្រឡប់មករស់នៅក្នុងភូមិអូររុនជាមួយក្រុមគ្រួសារ កសាងជីវិតសារជាថ្មីរហូតមកដល់សព្វថ្ងៃនេះ។

ស៊ិន សុធីតា

ភូមិទួលសាលាដែល ហែម ឃឹន មករស់នៅដំបូង

ដើមកំណើតភូមិទួលសាលា

កាលដើមឡើយភូមិទួលសាលានេះ ត្រូវបានហៅថា ភូមិ៨០០ ព្រោះកងពល៨០០ បានមកគ្រប់គ្រងនៅទីនេះ។ ចុងឆ្នាំ១៩៩០ ដោយសភាពការណ៍ក្នុងប្រទេសនៅមិនទាន់ មានសន្តិភាពនៅ​ឡើយ​ ដូច្នេះពេលណា​ស្រុកភូមិមានសភាពការណ៍អសន្តិសុខ (កង​កម្លាំងរបស់រដ្ឋាភិបាល​វាយប្រហារយាធា​ខ្មែរ​ក្រហម) ប្រជាជនក៏នាំគ្នារត់ទៅជំរំអូរត្រាវ​(ទឹកដីថៃ) ក្រោមការគ្រប់គ្រងរបស់ឈ្មោះ ធិន ជាជន​ជាតិ​ទំពូន។ លុះដល់ឆ្នាំ១៩៩៩ ប្រជាជនបាននាំគ្នាចាកចេញពីជំរំអូរត្រាវ (ទឹកដីថៃ) មកតាំង​ទីលំនៅនៅទីនេះ ដោយសារ​ភូមិសាស្រ្តនៅទីនេះមានសភាពស្ងប់ស្ងាត់។ បន្ទាប់មក អ្នកភូមិបាន​ពិភាក្សាគ្នា ហើយបាន​មូលមតិគ្នាដាក់ឈ្មោះឲ្យភូមិនេះថា “ភូមិត្រពាំងប្រីយ៍”។ ប៉ុន្តែការដាក់ឈ្មោះឲ្យ​ភូមិមួយ​នេះថាជាភូមិត្រពាំងប្រីយ៍ មិនបានសម្រេចដូចការគិតនោះទេ ពីព្រោះឈ្មោះត្រពាំងប្រីយ៍​នេះ ត្រូវបានយកមកប្រើសម្រាប់ដាក់ឲ្យឈ្មោះរបស់ឃុំវិញ គឺឃុំត្រពាំងប្រីយ៍សព្វថ្ងៃ។ មក​ដល់​ឆ្នាំ២០០០ ដោយមានការបែងចែកភូមិឃុំសារជាថ្មី រាជរដ្ឋាភិបាលបានសម្រេចរៀបចំ​បង្កើតភូមិមួយនេះដោយ​បាន​ដាក់ឈ្មោះថា “ភូមិទួលសាលា” នេះបើយោងតាមបទ​សម្ភាសជាមួយលោកអ៊ំ ហែម ឃិន ជាប្រធានភូមិទួលសាលាបច្ចុប្បន្ន។

ភូមិទួលសាលា ជាភូមិមួយក្នុងចំណោមភូមិទាំង៦៨ របស់ស្រុកអន្លង់វែង។ ភូមិនេះ​មានព្រំប្រទល់ខាងលិចជាប់នឹងភូមិឯកភាព ខាងកើតជាប់នឹងផ្លូវជាតិលេខ៦៧ ខាងជើង​ជាប់នឹងភូមិជើងភ្នំ និងខាងត្បូងជាប់នឹងភូមិឃ្លាំងកណ្តាល ហើយនៅខាងជើងឆៀងខាង​លិច​ចុងភូមិ មានស្រះអូរជីកមួយយ៉ាងធំ និងនៅចំកណ្តាលភូមិទួលសាលានេះ ក៏មាន​ស្រះ​ឈូក​ធំមួយដែរ។ ក្រោយមកដោយមានជំនួយឧបត្ថម្ភពីមូលនិធិសហភាពអ៊ឺរ៉ុប ខាង​អាជ្ញាធរ​បានយកគ្រឿងចក្រមកកាយបាតស្រះឲ្យ​មានជម្រៅជ្រៅជាងមុន និងមានទំហំធំ​ជាងមុន។

បន្ទាប់ពីខ្មែរក្រហមបានធ្វើសមាហរណកម្ម ចុះចូលជាមួយរាជរដ្ឋាភិបាលមក ហេដ្ឋារចនាសម័្ពន្ធនានារបស់ភូមិទួលសាលា ហាក់មានការអភិវឌ្ឍគួរឲ្យកត់សម្គាល់ដូចជា ការកសាងសាលារៀនថ្នាក់បឋម ថ្នាក់អនុវិទ្យាល័យ ​ការកសាងផ្លូវជាតិធំជាងមុន​ទៅកាន់​ខេត្តព្រះវិហារ ត្រពាំងប្រាសាទ ការកសាងមន្ទីរពេទ្យ និងវត្តអារាមជាច្រើនដែល​ក្នុងសម័យ​សង្គ្រាម​មិនដែលមានការអភិវឌ្ឍដូច្នេះទេ។

ទេសភាពស្រុកអន្លង់វែង

ខ្ញុំបានធ្វើដំណើរចេញពីទីរួមស្រុកអន្លង់វែងតាមផ្លូវជាតិ​លេខ៦៧ ហើយបត់ស្តាំ​ចូល​តាមផ្លូវដីក្រហមធំមួយទៅ​កាន់ភូមិ​ទួលសាលា។ ភូមិនេះមានចម្ងាយជាង២០គីឡូ​ម៉ែត្រ​​ពី​ទីរួមស្រុកអន្លង់វែង​។ ផ្លូវចូលភូមិមាន​សភាពលំបាកដោយអន្លើ ព្រោះមានការដ្ឋាន​ដែល​កំពុងធ្វើការសាងសង់ស្ពានច្រើន​កន្លែងតាម​បណ្តោយផ្លូវ។ ពេលខ្ញុំមកដល់ភូមិទួល​សាលា ខ្ញុំចាប់អារម្មណ៍ថា នៅក្នុងភូមិទាំងមូលហាក់​មានសភាពស្ងប់ស្ងាត់។ បន្តិច​ក្រោយ​មកទើបខ្ញុំដឹងថា អ្នកភូមិមួយចំនួនធំបានចេញទៅប្រមូលផលដំឡូង ព្រោះជារដូវប្រមូល​ផល។ ចំណែកអ្នកខ្លះទៀត ចេញទៅធ្វើចម្ការដាំពោត ដំឡូង និង​ស្រូវ។

បន្ទាប់មក ខ្ញុំក៏បានជួបជាមួយអ៊ុំប្រុសម្នាក់ដែលសព្វថ្ងៃគាត់ធ្វើជាប្រធានភូមិទួល​សាលា​នេះ និងបានសួរនាំគាត់ពីរឿងរ៉ាងដែលបានកើតឡើងក្នុងជីវិតរបស់គាត់ពីដើមរៀង​មក។ អ៊ំប្រុសបាននិយាយប្រាប់ខ្ញុំថា គាត់មានឈ្មោះ ហែម ឃឹន បានធ្វើជាមេភូមិទួល​សាលា​នេះតាំងពីឆ្នាំ២០០៦មកម៉្លេះ។ ឃឹន មានអាយុ៧១ឆ្នាំ (កើតក្នុងឆ្នាំ១៩៤៧) នៅ​ភូមិទួលទ្រា ឃុំជប់ ក្រុងសួង ខេត្តកំពង់ចាម។ ឃឹន មានឪពុកឈ្មោះ ហែម សែន (ស្លាប់) ម្តាយឈ្មោះ កុល ម៉ៅ (ស្លាប់) និងមានបង​ប្អូនចំនួនប្រាំមួយនាក់ ស្រីបីនាក់ប្រុសបីនាក់។ គាត់បានរៀបការនៅក្នុងឆ្នាំ១៩៦៨ ជាមួយប្រពន្ធ​ឈ្មោះ អែង អ៊ី បច្ចុប្បន្នមានកូនចំនួន​ប្រាំមួយនាក់ ប្រុសបីនាក់​និងស្រីបីនាក់។

ឆ្នាំ១៩៦៥ ឃឹន បានចូលរៀន​នៅ​សាលាមេមត់ត្រឹមថ្នាក់ទី៧ចាស់។ លុះដល់ឆ្នាំ​១៩៧០ ក្រោយរដ្ឋប្រហារ ក៏ឈប់រៀន ហើយមករស់នៅជាមួយបងប្រុសធ្វើជាកម្មករចៀរ​ជ័រ​កៅស៊ូនៅ​មេមត់។ ឃឹន បានរៀបរាប់ថា នៅចុងឆ្នាំ១៩៧០ ការវាយប្រយុទ្ធគ្នារវាង​កងទ័ព លន់​ នល់ និងកងទ័ពយួននៅ​ឯបានលុង ក្នុងខេត្តរតនគិរី បានផ្ទុះឡើង។ ស្រប​ពេលនោះដែរ សម្តេចព្រះនរោត្តម សីហនុ ក៏បាន​អំពាវនាវឲ្យកូនចៅចូល ព្រៃម៉ាគីនៅ​ខេត្តរតនគិរី ដើម្បីតស៊ូវាយរំដោះយកទឹកដីមកវិញ។ ឃឹន​ បានបន្តថា សភាពការណ៍នៅ​ពេលនោះ មានភាព​ច្របូកច្របល់ ព្រោះម្យ៉ាងប្រជាជនខ្លាចយួនកៀរ​យកទៅ ហើយម្យ៉ាង​ទៀត​ខ្លាចកងទ័ព លន់ នល់​ ចាប់ខ្លួន។ ក្រោយមក ស្រុកបានលុងក៏ត្រូវបាន​រំដោះ មកវិញ។ ក្រោយព្រឹត្តិការណ៍បានស្ងប់ស្ងាត់ ឃឹន ក៏ត្រូវបានបញ្ជូនឲ្យមករស់នៅ និង​ធ្វើស្រែនៅក្នុងភូមិកំពង់សង្គម ស្រុកបានលុង ខេត្តរតនគិរី។

មកដល់ឆ្នាំ១៩៧៥ ឃឹន បានរស់នៅក្នុងសហករណ៍ភូមិត្រពាំងក្រហម ដោយ​ពេលនោះ ខ្មែរក្រហមបានប្រើឲ្យគាត់ធ្វើស្រែរួម និងហូបចុកជាសមូហភាព។ ខ្មែរក្រហម​បាន​ប្រើឲ្យប្រជាជន​ធ្វើការងារចាប់ពីម៉ោង៥ព្រឹក​ ដល់ម៉ោង១១ថ្ងៃ ទើបសម្រាកដើម្បីហូប​បាយ​ថ្ងៃត្រង់ និងចុះធ្វើការ​បន្តទៀត​​នៅម៉ោង១រសៀល​ រហូតដល់ម៉ោង៥ល្ងាច។ នៅពេល​យប់ តាមក្រុមនីមួយៗមានការ​ប្រជុំនិយាយពីការងារបង្កបង្កើនផល ធ្វើស្រែចម្ការ ដែល​បាន​ធ្វើនាពេលកន្លងមក។ ឃឹន បានបន្តថា នៅក្នុងសហករណ៍របស់គាត់ ប្រជាជនមិន​ត្រូវបានខ្មែរក្រហមបង្ខិតបង្ខំឲ្យធ្វើការងារធ្ងន់ ឬធ្វើបាបទេ ប៉ុន្តែ ស្របពេលនោះដែរ នៅ​កន្លែង​ផ្សេងៗតែងមានលេចឮព័ត៌មានថា ខ្មែរក្រហមបានធ្វើ​បាបប្រជាជន ដោយបង្ខំឲ្យធ្វើ​ការងារធ្ងន់ និងផ្តល់របបហូបចុកមិនគ្រប់គ្រាន់ជាដើម។

ឆ្នាំ១៩៧៦ ឈ្មោះ ខាត គណៈតំបន់គ្រប់គ្រងសហករណ៍ក្នុងស្រុកបានលុង ត្រូវ​បាន​ខ្មែរ ក្រហមចាប់ខ្លួនបញ្ជូន​មកភ្នំពេញ។ ចំណែក ឃឹន ដែលជាប្រជាជនធម្មតាត្រូវនៅ​ធ្វើស្រែតាម សហករណ៍ និងហូបបាយជាសមូហភាពដដែល។ លុះដល់ចុងឆ្នាំ១៩៧៨ ទើបនាំ​គ្នារត់ចេញពីសហករណ៍ ទៅរស់នៅក្នុងព្រៃនៃខេត្តរតនគិរី។ ការរស់នៅទីនោះមិន​មាន​លក្ខខណ្ឌល្អប្រសើរប៉ុន្មាន​ទេ ព្រោះត្រូវរស់នៅក្នុងខ្ទមតូចៗ ដើររុករកជីកម៉ើមក្តួចនៅ​ក្នុង​ព្រៃយកមកហូប ហើយក៏គ្មាន​អំបិលសម្រាប់ហូបគ្រប់គ្រាន់ដែរ។ ទោះជាយ៉ាងនេះក្តី ឃឹន និងអ្នកផ្សេងៗទៀតដែលមានគ្នាពី៥០០ ទៅ១០០០នាក់ ត្រូវបង្ខំចិត្តបន្តរស់នៅក្នុង​ព្រៃរហូតដល់ឆ្នាំ១៩៨៧-១៩៨៨ ទើបបានបន្តដំណើរដោយថ្មើរជើងដែលត្រូវប្រើរយៈពេល​បីខែ ទើបទៅដល់ជំរំ​ប្រេង​ខ្យល់ និងជំរំអូរត្រាវក្នុងទឹកដីថៃ។ ពេលទៅដល់ជំរំ ឃឹន និង​អ្នកដទៃទៀតបានទទួលរបបប្រចាំខែ ដោយក្នុងម្នាក់ៗទទួលបានអង្ករ១២​គីឡូក្រាម ត្រី​កាម៉ុង ត្រីខកំប៉ុង ចំណែកទីកន្លែងស្នាក់នៅត្រូវធ្វើផ្ទះតូចៗដោយខ្លួនឯង។ នៅក្នុងជំរំ ប៉ូលីសថៃ តែងចូលមកមើលការខុសត្រូ​វលើប្រជាជនជាប្រចាំ។ ឆ្នាំ១៩៨៩ ឃឹន បានចេញ​ពីដីថៃ ហើយបានមករស់នៅក្នុងតំបន់៨០០ (ជាជំរំរបស់កងពល៨០០ ហើយដែលសព្វថ្ងៃ​ក្លាយជាភូមិទួលសាលា)។ ឃឹន បានវាតយកដីដើម្បីសាងសង់លំនៅដ្ឋាន និងធ្វើស្រែ​ធ្វើចម្ការដាំដំណាំគ្រាន់ដើម្បី​ចិញ្ចឹមជីវិត។ ពេលនោះ សភាពការណ៍ក្នុងប្រទេសនៅមិន​ទាន់​មានសន្តិភាពនៅឡើយទេ ពេលណា​ស្រុកភូមិមានសភាពការណ៍មិនស្រួល (កង​កម្លាំង​របស់រដ្ឋាភិបាល​វាយប្រហារយាធាខ្មែរក្រហម) ឃឹន ក៏នាំគ្នារត់ទៅជំរំអូរត្រាវវិញ ស្របពេលនោះខ្មែរក្រហមក៏បានឃោសនាប្រាប់ប្រជាជនថា បើ​មិនរត់​ប្រយ័ត្នគេ​សម្លាប់។ ហេតុនេះ ប្រជាជនតែងតែនាំគ្នារត់តាមយោធាខ្មែរក្រហម។ លុះ​ក្រោយពេល​សភាព​ការណ៍​មានភាពស្ងប់ស្ងាត់ ប្រជាជនក៏បាននាំគ្នាចុះមកតំបន់៨០០​វិញ។

នៅឆ្នាំ១៩៩៨ ខ្មែរក្រហមបានធ្វើសមាហរណកម្មចុះចូល​ជាមួយ​រាជរដ្ឋាភិបាល ពេល​នោះប្រទេសជាតិ និងប្រជាជននៅទូទាំងប្រទេសក៏បានទទួលនូវសុខសន្តិភាពពេញ​បរិបូណ៌។ ដោយ​ឡែក ឃឹន ក៏បានវិលត្រឡប់មករស់នៅ ក្នុងតំបន់៨០០វិញ ហើយតំបន់​៨០០ បានប្រែក្លាយ​ទៅជាភូមិទួលសាលា ស្ថិតនៅក្នុងឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរ​មានជ័យ និងបាន​ប្រកបរបររកស៊ីធ្វើស្រែចម្ការរហូតដល់សព្វថ្ងៃ។

ចៅ ព្រហស្បតិ

បែកឪពុកតាំងពីនៅកុមារ

រឿងរ៉ាវជីវិតអ្នកស្រុកអន្លង់វែង

បឹងតាម៉ុក

ប៊ូ ខន ភេទស្រី អាយុ៥៦ឆ្នាំ កើតនៅភូមិថ្មី ឃុំត្រាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ សព្វថ្ងៃ ខន​ រស់នៅភូមិកណ្ដាលក្រោម  ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ខន មានឪពុកឈ្មោះ ប៊ូ ទុន និងម្ដាយឈ្មោះ យ៉ង ប៉ាច​។ ឪពុកម្តាយរបស់ ខន បានបាត់បង់ជីវិតនៅពេលរត់បែកឆ្នាំ១៩៧៩។ ខន ជាកូនបងបង្អស់នៅក្នុងគ្រួសារ ដែលមានប្អូនបង្កើតចំនួនប្រាំនាក់ (ស្រីបីនាក់ និង ប្រុសពីរនាក់)។ នៅក្នុងចំណោមបងប្អូនរបស់ ខន គ្មាននរណាម្នាក់បាត់បង់ជីវិតឡើយ និងបានរស់នៅជុំគ្នានៅស្រុកកំណើត លើកលែងតែ ខន ដែលមករស់នៅក្នុងស្រុកអន្លង់វែង។

ខន បានរៀបការចំនួនពីរលើក​។ លើកទីមួយនៅចុងឆ្នាំ១៩៧៨ ខន រៀបការជាមួយឈ្មោះ សេង អតីតជាងធ្វើផ្ទះឲ្យកងចល័តស្នាក់នៅ។ ខន​​ បានរៀបការដោយមិនបានស្រឡាញ់គ្នាទេ។ ខន និង សេង ត្រូវបានខ្មែរក្រហមផ្សំផ្គុំ ហើយដោយមានការភ័យខ្លាចនឹងការយកទៅសម្លាប់ចោល ខន និង សេង ក៏បានយល់ព្រមយកគ្នាជាប្ដីប្រពន្ធ។ ពិធីនេះបានប្រព្រឹត្តទៅដោយមានអ្នកត្រូវរៀបការប្រមាណជាពី១០ ទៅ២០គូ ចូលរួម។ បន្ទាប់មក ខ្មែរក្រហមបានហៅប្ដីប្រពន្ធតំណាងឲ្យគូនីមួយៗឡើងចាប់អារម្មណ៍ និងប្តេជ្ញាចំពោះអង្គការស្រឡាញ់គ្នាអស់មួយជីវិត។ ក្រោយមក ប្ដីរបស់ ខន​ ឈ្មោះ សេង បានស្លាប់ពេលរត់ភៀសខ្លួនឆ្នាំ១៩៧៩ ដោយសារប្តីគាត់មានជំងឺរាគ។ មិនត្រឹមតែប៉ុណ្ណោះ ខន បានបាត់បង់កូនម្នាក់ទៀត នៅពេលរត់ ឆ្នាំ១៩៧៩ ដែរ។  ក្រោយមក ខន បានរៀបការជាលើកទីពីរ នៅឆ្នាំ១៩៨៥ ជាមួយឈ្មោះ ម៉ា ណាត ជាអតីតយោធាខ្មែរក្រហម (បច្ចុប្បន្ន អាយុ៦០ឆ្នាំ) ។ បច្ចុប្បន្ន ខន មានកូនចំនួនបីនាក់ (ប្រុសមួយ និង ស្រីពីរនាក់)។

ខន មិនបានរៀនសូត្រទេ ដោយសារតែជីវភាពគ្រួសារគាត់ខ្វះខាត ហើយម៉្យាង ទៀត ដោយសារតែប្អូនៗរបស់គាត់នៅតូចៗ ដូច្នេះគាត់ត្រូវនៅមើលថែប្អូនៗ។ ទោះបីយ៉ាងណា ​ប្អូនៗរ​បស់​ ខន សុទ្ធតែបានរៀនសូត្រ។

ខន បានរស់នៅជាមួយឪពុកម្ដាយរហូតដល់ឆ្នាំ១៩៧៣។  នៅក្នុងឆ្នាំដដែល ភូមិរបស់ ខន មានការទម្លាក់គ្រាប់បែកប្រភេទ បេ៥២ (B52) របស់អាមេរិក ទាំងយប់ទាំងថ្ងៃ។ ការទម្លាក់គ្រាប់បែកទាំងនេះ បានធ្វើឲ្យប្រជាជនដែលរស់នៅក្នុងភូមិថ្មីជាច្រើននាក់បាន ស្លាប់ និង រងរបួស ហើយ ខន ក៏ស្ថិតនៅក្នុងព្រឹត្រ្តិការណ៍នៃការទម្លាក់បែកនោះដែរ ប៉ុន្តែ សំណាងល្អគាត់មិនបានរងរបួស ព្រោះឪពុកម្ដាយរបស់គាត់បានដឹកដៃគាត់រត់ចូលត្រង់សេទាន់ពេល។

ផ្ទះតាម៉ុក

នៅឆ្នាំ១៩៧៤ ខន បានចូលបដិវត្តន៍ដោយស្ម័គ្រចិត្តជាមួយយុវជនដ៏ទៃទៀត ដែលធ្វើជាឈ្លបយាមនៅតាមភូមិ។ ក្រោយមក ខន បាន​ចូលក្នុងក្រុមសិល្បៈ។ នៅក្នុងក្រុមសិល្បៈនោះមានសមាជិកប្រមាណជា២០នាក់ដែលមានប្រធានសិល្បៈឈ្មោះ​ ចំរើន។ ក្រៅពីធ្វើការងារសិល្បៈ រៀងរាល់មួយខែម្ដង ខន ត្រូវបានបញ្ជូនឲ្យទៅជួយសែងយោធាខ្មែរក្រហមដែលរងរបួសដោយសារការប្រយុទ្ធជាមួយទាហាន លន់ នល់ នៅក្នុងសមរភូមិ ហើយ​យោធាខ្មែរក្រហមខ្លះទៀតបានរងរបួសដោយសារការទម្លាក់គ្រាប់បែក។ ដោយសារទាហាន លន់ នល់ និង​ យោធាខ្មែរក្រហមជាសត្រូវស៊ីសាច់ហុតឈាមគ្នា ដូច្នេះនៅពេល យោធាខ្មែរក្រហមចាប់បានទាហាន លន់  នល់ យោធាខ្មែរក្រហមបានយក ទាហាន លន់ នល់ ទៅសម្លាប់ចោល។ ចំណែកទាហាន លន់ នល់ ដែលចាប់បានយោធាខ្មែរក្រហម ទាហាន លន់ នល់ ក៏អារកយោធាខ្មែរក្រហម ហើយដោតលើធាងត្នោត។ ខន បានរៀនរាប់ពីព្រឹត្តិការណ៍នោះថា  នៅពេលដែលទាហាន លន់ នល់ វាយឈ្នះយោធាខ្មែរក្រហម ទាហាន លន់ លន់ បានចាប់យោធាខ្មែរក្រហម  ចងជាមួយខ្សែរួចអូសតាមពីក្រោយរថយន្ត។ បន្ទាប់ពីអូសបានចម្ងាយប្រមាណមួយគីឡូ​ម៉ែត្រ ទាហាន លន់ នល់ បានកាត់កយោធាខ្មែរក្រហមដោតជាប់ដើមត្នោត នៅចំពោះមុខអ្នកភូមិជាច្រើន។ ខន បានឃើញ ព្រឹត្តិការណ៍នេះផ្ទាល់ភ្នែក នៅភូមិត្រពាំងព្រីង។

ពីឆ្នាំ១៩៧៥-១៩៧៧ ខន បាន​ចូលធ្វើការក្នុងកងចល័ត។ ខន និង កងឯទៀតត្រូវបានខ្មែរក្រហមបញ្ជូនឲ្យទៅរែកដី និងលើកទំនប់។ ក្រោយមក កងរបស់ ខន ត្រូវបានបញ្ជូនឲ្យទៅព្រៃនប់ ខេត្តកំពត (បច្ចុប្បន្ន ស្ថិតនៅក្នុងខេត្តព្រះសីហនុ) ដែលនៅទីនោះមានប្រធានកងចល័តឈ្មោះ ឡន។

នៅឆ្នាំ១៩៧៨ ខន ត្រូវបានខ្មែរក្រហមបញ្ជូនទៅខេត្តសៀមរាប និងបានចាត់តាំងគាត់ឲ្យធ្វើការនៅរោងចក្រតម្បាញ ដែលមានកម្មករប្រហែល១០០នាក់ ក្នុងនោះមានបុរសប្រមាណជា៤ ទៅ ១០នាក់ ជាជាងជួសជុលម៉ាស៊ីន។ នៅក្នុងរោងចក្រ ខ្មែរក្រហមប្រើម៉ាស៊ីនស្វ័យប្រវត្តិសម្រាប់ត្បាញ​ ហើយរោងចក្រនេះភាគច្រើនត្បាញក្រម៉ា។ នៅរោងចក្រនេះ ក៏មានចិញ្ចឹមដង្កូវនាងដើម្បីស្រាវយកសូត្រមកត្បាញដែរ។ ជីវភាពរបស់ ខន ពេលរស់នៅសៀមរាប មិនខុសពីរស់នៅតំបន់ព្រៃនប់ទេ គឺនៅតែមានការខ្វៈខាតដដែល។

របបខ្មែរក្រហមបានដួលរលំ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមបានវាយចូលមកប្រទេសកម្ពុជា ពេលនោះ ខន មិនបានវិលត្រឡប់ទៅស្រុកកំណើតទេ ព្រោះមិនស្គាល់ផ្លូវ និងខ្លាចការឃោសនាថា យួនអារក​។ ខន បានរត់ចូលព្រៃជាមួយប្រជាជនដ៏ទៃទៀតដែលភៀសខ្លួនដូចគ្នា។ ខន បានធ្វើដំណើរតាមផ្លូវពីខេត្តសៀមរាប រហូតដល់ កំរៀង ឡែម និង​ អូរដារ ខេត្តបាត់ដំបង សំដៅទៅព្រំដែនកម្ពុជា-ថៃ។ នៅឡែម មានអង្គការសហប្រជាជាតិមកយកប្រជាជនទៅរស់នៅប្រទេសទីបី ប៉ុន្តែ ខន មិនព្រមទៅ ថែមទាំងបានរត់គេចខ្លួន ព្រោះខ្មែរក្រហមបានបំផុសថាអាចយកទៅសម្លាប់​ និងមិនអាចត្រឡប់មកស្រុកវិញ។

មជ្ឈមណ្ឌលសន្តិភាពអន្លង់វែងនៅលើភ្នំដងរែក

នៅឆ្នាំ​១៩៨០ ខន បានរត់ទៅលើភ្នំដងរែក ដែលនៅទីនោះមានប្រជាជនប្រមាណជាមួយម៉ឺននាក់រស់នៅ។ ការរស់នៅរបស់ប្រជាជនពេលនោះ មានការជួយឧបត្ថមស្បៀងពីសំណាក់​ថៃ និងកាកបាទក្រហម។ ខន នៅក្នុងកងពល ៨០១ របស់ តាសារឿន (ហៅតា០៥)។ នៅលើភ្នំដងរែក ខន បានចូលរួមក្នុងសកម្មភាពសង្គ្រាម ដូចជា ជួយដឹកជញ្ជូនគ្រាប់ ដែលមានទំហំប៉ុនៗកជើងទៅសមរភូមិមុខ។ ខន ក៏បានស្ពាយសាកាដូសម្រាប់ដាក់គ្រាប់នៅខាងខ្នងដែរ។ 

ក្រោយមក តាម៉ុក ដែលជាមេដឹកនាំនៅអន្លង់វែងបានឈូសឆាយផ្លូវឲ្យប្រជាជនដែលនៅលើភ្នំដងរែកត្រឡប់មករស់នៅអន្លង់វែងវិញ។ ចំណែក ខន នៅពេលចុះពីលើភ្នំ ក៏បានទៅរស់នៅជិតសាលារៀនសព្វថ្ងៃ។ ប៉ុន្តែ ក្រោយពេលចរចាមិនត្រូវរ៉ូវគ្នា រវាងរដ្ឋាភិបាល និង​ តាម៉ុក ខន ក៏ឡើងទៅរស់នៅលើភ្នំដងរែកវិញ។  បន្ទាប់ពីមានការចរចារត្រូវគ្នា ខន បានចុះពីលើភ្នំ មករស់នៅអន្លង់វែងលើកទីពីរ។ ប៉ុន្តែ កន្លែងដែលគាត់ធ្លាប់រស់នៅពីមុនត្រូវបានយោធាខ្មែរក្រហមផ្សេងទៀតយក។ ដូច្នេះ ខន បានទៅរស់នៅភូមិកណ្ដាលក្រោម ដោយប្រកបរប​រធ្វើស្រែចម្ការ ។

ខន បានឲ្យដឹងថា នៅតំបន់អន្លង់វែងប្រជាជនចេះស្រឡាញ់ និង ចេះសាមគ្គីគ្នា។ ចំណែកបន្លែបង្កការដែលប្រជាជនដាំជុំវិញផ្ទះ ប្រជាជនចេះចែករំរែកគ្នាបរិភោគ ដូចជំនាន់ តាម៉ុក លើកលែងដំណាំមួយចំនួនដែលដាំដុះសម្រាប់តែផ្គត់ផ្គង់ជីវភាពក្នុងគ្រួសាររបស់គាត់ប៉ុណ្ណោះ។

ដារ៉ារដ្ឋ មេត្តា​ 

រឿងរ៉ាវចេញពីស្រុកអន្លង់វែង៖ មិនហ៊ាននៅផ្ទះនាពេលថ្ងៃ

ខាងលើជាសំដីរបស់លោកពូ យស់ ថាច អាយុ៥៩ឆ្នាំ មានស្រុកកំណើតនៅភូមិ​ពែងមាស​ជើង ឃុំស្ពឺ ស្រុកចម្ការលើ ខេត្តកំពង់ចាម។ ពូ ថាច មានឪពុកឈ្មោះ អ៊ូច អាន និងម្តាយ​ឈ្មោះ នា ផុន (ឪពុកម្តាយគាត់ស្លាប់ក្នុងសម័យខ្មែរក្រហម)​ ហើយគាត់មានបង​ប្អូន​បង្កើត​៤​នាក់ (ស្រីបីនាក់)។ ប្រពន្ធឈ្មោះ មុត រី និងមានកូនស្រីបីនាក់។ សព្វថៃ្ងពូ ថាច និងក្រុមគ្រួសាររស់នៅក្នុងភូមិថ្មី ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ កាលពីសង្គម​ចាស់ ពូ ថាច រៀនបានត្រឹមថ្នាក់ទី៦ នៅសាលាបឋមសិក្សាវត្តព្រេង ក្នុងខេត្តកំពង់ចាម។

យស់ ថាច

ថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥

នៅឆ្នាំ១៩៧៥ ពូ ថាច ត្រូវបានខ្មែរក្រហមជម្លៀសទៅខេត្តកំពង់ធំ​ ប្រើឲ្យលើក​ទំនប់​​ស្ទឹងជីនិត ហើយគាត់នៅក្នុងកងចល័តដែលមានសមាជិក១៩៣នាក់។ ពូ ថាច បន្តថា​ កាលណោះ គឺជារដូវប្រាំងការកាប់ដីលើកទំនប់មានការលំបាកខ្លាំង ដោយដី​រឹង​ប្រេះ​​ក្រហែង ហើយទឹកក៏គ្មានផឹកគ្រប់គ្រាន់ដែរ។ រីឯការហូបចុកវិញ គឺមាន​ត្រឹម​តែ​​បាយ​លាយជាមួយចេកខ្ចីប៉ុណ្ណោះ។ ទោះបីលំបាកយ៉ាងនេះក្តី ពូ ថាច មិន​ដែលហ៊ាន​តវ៉ានឹងអង្គ​ការឡើយ ដោយសារតែគាត់យល់ថា​ ប្រសិនបើតវ៉ាចំពោះការហូប​ចុក ច្បាស់​ជា​អង្គការ​យក​​ទៅសម្លាប់ចោលជាមិនខាន។ កន្លះឆ្នាំក្រោយមក ពូ ថាច ត្រូវ​បាន​​ខ្មែរ​ក្រហម​ជម្លៀស​ទៅស្រុកចម្ការលើវិញ ដោយឲ្យលើកទំនប់៥កុម្ភៈ ដើម្បីទប់ទឹកបញ្ចូល​ស្រែ​ ឬ​ប្រឡាយ​ឲ្យ​មានទឹក​គ្រប់គ្រាន់សម្រាប់ធ្វើស្រែចម្ការ។ រហូតដល់ឆ្នាំ១៩៧៦ អង្គការបាន​ចាត់តាំង ពូ ថាច ឲ្យចូល​បម្រើ​អង្គភាពកងទ័ពខ្មែរក្រហម ដោយឲ្យឈរជើងនៅទីក្រុងភ្នំពេញ និង​មាន​ភារកិច្ចយាមល្បាតជុំវិញ​ក្រុងភ្នំពេញ។ ចុងឆ្នាំ១៩៧៨ ពូ ថាច ត្រូវបានអង្គការបញ្ជាឲ្យ​ទៅ​ប្រយុទ្ធជាមួយកងទ័ព​វៀតណាមនៅអ្នកលឿង។

ក្រោយខ្មែរក្រហមដួលរលំ

នៅឆ្នាំ១៩៧៩ កងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងកងទ័ពវៀតណាម​បានផ្តួលរំលំរបបខ្មែរក្រហម។ ពេលនោះ ពូ ថាច បានរត់ភៀសខ្លួនទៅ​ព្រំ​ដែន​​ថៃ ក្នុង​ស្រុក​ប៉ៃលិន នៅម្តុំឡែម។ ការរត់ភៀសខ្លួន ពូ ថាច ជួបឧបសគ្គជាច្រើន​ដោយ​បាន​ប្រយុទ្ធ​គ្នា​ជា​មួយកងទ័ពវៀតណាមនៅតាមផ្លូវជាច្រើនលើកច្រើនសារ។ មិនត្រឹមតែ​ប៉ុណ្ណោះ ក្រុម​របស់គាត់ក៏គ្មាន​អាហារហូចចុកនៅតាមផ្លូវគ្រប់គ្រាន់ដែរ គឺមានត្រឹមតែអង្ករ​ពីរ​បីក្តាប់ សម្រាប់​បបរក្នុង​មួយពេលៗប៉ុណ្ណោះ សម្រាប់កងទ័ពប្រហែល៩០នាក់។ ក្នុង​នោះដែរ ពូ ថាច និងសមាជិកក្រុម​មិនដែល​បានសម្រាកក្នុងពេលធ្វើដំណើរឡើយ ដោយ​សារកងទ័ព​វៀតណាមដេញបាញ់ប្រកិតពីក្រោយ​។ ពូ ថាច បានធ្វើដំណើរមកដល់តំបន់ប៉ៃលិន ហើយ​រស់នៅទីនោះអស់រយៈពេលបីឆ្នាំ បន្ទាប់មក គាត់បានចាកចេញ​​ទៅឈរ​ជើង​នៅភ្នំ​ឆ័ត្រ ក្នុង​អង្គភាព ក-៥ ហើយបានចូល​ប្រយុទ្ធ​គ្នា​ជាមួយកង​ទ័ព​វៀតណាម ស្ទើរ​តែ​គ្មានពេល​សម្រាកក្នុងមួយខែៗ។ ពូ ថាច បន្តថា កាល​នៅ​សមរភូមិ​ប្រយុទ្ធមានកងទ័ព​ខ្មែរក្រហម​ជាច្រើនបានជាន់មីនស្លាប់ និង​ពិការ​ដោយសារ​នៅអង្គភាព ក-៥ សំបូរទៅ​ដោយ​មីន ដែល​បាន​ដាក់ជាច្រើនសម័យកាលកន្លងមក។ ក្នុងឆ្នាំ​១៩៩៧ ពូ ថាច បានទៅ​រស់នៅក្នុងតំបន់​អន្លង់វែង ដោយកាលនោះ តំបន់​អន្លង់វែងត្រូវ​បាន​រៀបចំ និង​បង្កើត​ឲ្យ​មាន​ភូមិឃុំសម្រាប់​ប្រជាជនរស់នៅ។ នៅក្នុងឆ្នាំ១៩៩៨ ពេលដែលខ្មែរ​ក្រហម​បានធ្វើ​សមា​ហរណ​កម្ម​ចុះចូល​ជាមួយរាជរដ្ឋាភិបាល ពូ ថាច ក៏បាន​ចូល​បម្រើកងទ័ព​រាជរដ្ឋាភិ​បាល រហូត​ដល់ឆ្នាំ២០០៨ ទើបគាត់សម្រេចចិត្តលាឈប់ពីអង្គភាពយោធា។ ក្រោយ​សមាហរណ​កម្មបានពីរឆ្នាំ ពូ ថាច បាននាំប្រពន្ធកូនទៅលេងស្រុកកំណើតរបស់​គាត់ ហើយ​បានជួប​បង​ស្រីគាត់តែម្នាក់​ប៉ុណ្ណោះ។ ពូ ថាច ស្នាក់នៅជាមួយបងស្រីបានមួយ​រយៈពេល​​ខ្លី ដោយយល់​ឃើញថាមិន​អាចរស់នៅ និងប្រកបរបររកស៊ីនៅស្រុក​កំណើត​​បាន​គាត់សម្រេចចិត្តវិលត្រឡប់មករស់​នៅ​​ក្នុង​​ស្រុកអន្លង់វែងវិញ ដោយប្រកបរបរធ្វើស្រែចម្ការ​រហូត​ដល់សព្វថ្ងៃ។

ហូ ថុនា អ្នកសរសេរទស្សនាវដ្ដីស្វែងរកការពិត

អតីតកងទ័ពជើងទឹកខ្មែរក្រហមបានរំលឹកពីបទពិសោធន៍នៅកោះតាង កោះប៉ូឡូវ៉ៃ និងកោះក្រចកសេះ

ឌូ​ អ៊ុន ភេទប្រុស អាយុ៦៣ឆ្នាំ មានស្រុកកំណើតនៅខេត្តតាកែវបានរៀបរាប់ឲ្យដឹងថា កាលពីក្មេងគាត់រៀនបានត្រឹមថ្នាក់ទី៩ចាស់ នៅសាលាបឋមសិក្សាអង្គរអណ្ដើក។ បន្ទាប់ពីមានរដ្ឋប្រហានៅឆ្នាំ១៩៧០គ្រូបង្រៀននៅសាលាបឋមសិក្សាអង្គរអណ្ដើកទាំងអស់បានរត់ភៀសខ្លួនទៅទីក្រុងភ្នំពេញ​ ហើយ អ៊ុន ក៏បានឈប់រៀន មករស់នៅជាមួយឪពុកម្ដាយជួយធ្វើស្រែ ឃ្វាលគោ និងក្របីជាដើម។

នៅចុងឆ្នាំ១៩៧២ មានយុវជនជាច្រើនបានស្ម័គ្រចិត្តចូលធ្វើជាកងឈ្លបភូមិ និងឃុំរបស់ខ្មែរក្រហម ដោយគិតថាពួកគេចូលនេះ​គឺដើម្បីបម្រើជាតិ។ អ៊ុន ក៏បានស្ម័គ្រចិត្តធ្វើកងឈ្លបដូចជាយុវជន  ផ្សេងៗទៀតដែរ។ ដំបូងឡើយ អ៊ុន បម្រើជាកងឈ្លប នៅឃុំតាយ៉ាប ដែលមានទីស្នាក់ការនៅភូមិជំនៀ  ខ្ពស់។ អ៊ុន ត្រូវបានចាត់តាំងឲ្យដើរមើល និងការពារសុវត្តិភាពនៅក្នុងភូមិឃុំ ហ្វឹកហាត់យុទ្ធសាស្រ្តកងទ័ព និងទទួលការអប់រំបំពាក់បំប៉នផ្នែកនយោបាយពីអង្គការខ្មែរក្រហម។ ហឿន ជាប្រធានឃុំតាយ៉ាប។

បន្ទាប់មកខ្មែរក្រហមបានបញ្ជូន អ៊ុន ឲ្យចូលក្នុងអង្គភាពកងទ័ពវិញ គឺកងវរសេនាតូចលេខ១០៣ តំបន់៣៣ ដែលត្រូវឈរជើងនៅព្រៃល្មាត ខាងជើងផ្លូវជាតិលេខ៤។ កឿន ជាប្រធានកងវរសេនាតូចលេខ ១០៣ ប៉ុន្តែក្រោយមក កឿន ក៏បានស្លាប់។ ហម បានឡើងជាប្រធាន ស៊ីម និងសំណាង ជាអនុប្រធាន ជំនួសកឿន។ នៅតំបន់៣៣មានកងវរសេនាតូចចំនួន៤​ គឺកងវរសេនាតូចលេខ១០២ ១០៣ ១០៤ និង១០៥។

នៅឆ្នាំ១៩៧៤ កងវរសេនាតូចលេខ១០២ និង១០៣ ត្រូវបានបញ្ចូលទៅក្នុងកងពលទី៣របស់ភូមិភាគនិរតី និងត្រូវទៅប្រចាំការនៅលង្វែក។ កងវរសេនាតូចលេខ១០៣ ត្រូវបានប្ដូរទៅជាកងវរសេនាតូច៤១០ ចំណុះឲ្យកងវរសេនាធំលេខ១៦។ ប្រធានវរសេនាតូចលេខ៤១០ គឺ ហម និង ស៊ីម ដដែល។ រីឯកងវរសេនាធំលេខ១៦ មានឈ្មោះ មៀច ជាប្រធាន។ អ៊ុន បានត្រូវរបួសចំជើង និងខ្នង នៅពេលប្រយុទ្ធក្នុងសមរភូមិ និងបានចូលសម្រាក់ពេទ្យអស់រយៈពេលជិត២ខែ។

នៅចុងឆ្នាំ១៩៧៤​ និងដើមឆ្នាំ១៩៧៥ កងពលរបស់ អ៊ុន បានផ្លាស់មកប្រតិបត្តិការនៅតាមផ្លូវជាតិលេខ៤ នៅម្តុំមហាសាំង (ទំនប់ព្រែកហៅ)។ ចំណែកកងទ័ពមួយចំនួនបានបន្តមកឈរជើងនៅបែកចានដដែល ដើម្បី​វាយប្រយុទ្ធជាមួយ​ទាហានលន់ នល់ និងអាមេរិក។ កងពលរបស់ អ៊ុន មិនបានចូលវ៉ៃដល់ទីក្រុងភ្នំពេញទេ គឺចូលត្រឹមតែបែកចានតែប៉ុណ្ណោះ។

ក្រោយពីរំដោះបានទីក្រុងភ្នំពេញភ្លាម ខ្មែរក្រហមតម្រូវឲ្យកងពលទី៣របស់ អ៊ុន ទៅប្រចាំការនៅកំពង់សោម។ ពោលគឺថ្ងៃទី១៩ ខែមេសា ឆ្នាំ១៩៧៥ កងពលទី៣ បានចេញទៅកំពង់សោម។ ថ្ងៃទី២០ ខែនិងឆ្នាំ ដដែលកងពលទី៣បានទៅដល់រាម។ លុះដល់រាម កងពលទី៣ ត្រូវបានប្ដូរឈ្មោះទៅជាកងពល១៦៤ ដែលជាកងពលរបស់មជ្ឈឹម។ ប្រធាន​និងអនុប្រធានកងពល១៦៤ ឈ្មោះ​ មុត និង ឌឹម។ ប៉ុន្តែកងវរសេនាតូចមិនបានប្ដូរឡើយពោល គឺកងវរសេនាតូចលេខ ៤១០ដដែល ហើយចំណែកឯប្រធាននិងអនុប្រធានក៏មិនមានការផ្លាស់ប្ដូរដែរ។

បន្ទាប់ពីនៅរាមបាន២ថ្ងៃ គឺថ្ងៃទី ២២ ខែមេសា ឆ្នាំ១៩៧៥ កងវរសេនាតូចលេខ ៤១០ ដែលមានកងទ័ពប្រមាណជា៣០០ទៅ៤០០នាក់ បានធ្វើដំណើរឆ្ភោះទៅកោះតាង និងកោះប៉ូឡូវ៉ៃ។ អ៊ុន បានឈរជើងនៅកោះតាង។ នៅកោះតាងនេះមានកងអនុសេនាធំចំនួន២ គឺគ៨ និងគ១០ ដែលមានកងទ័ពសរុបប្រហែល ២០០នាក់។​ អ៊ុន ស្ថិតនៅក្នុងកងអនុសេនាធំគ៨ ដែលមានឈ្មោះ ម៉េន និង ហួត ជាប្រធាន និងអនុប្រធានកងអនុសេនាធំគ៨។ ម៉ន ជាប្រធានកងអនុសេនាធំគ១០ ហើយហូន ជាអនុប្រធាន។ នៅកោះតាង អ៊ុន គឺជាប្រធានក្រុមដែលគ្រប់គ្រងកងទ័ពចំនួន១២នាក់។

ថ្ងៃទី ២៤ ខែមេសានិងឆ្នាំដដែល អ៊ុន និងកងទ័ពជាង១០០នាក់ទៀត ត្រូវបញ្ជូនឲ្យទៅកោះក្រចកសេះ ឬកោះប៉ូឡូប៉ង់សង់។ ការធ្វើដំណើរទៅកោះក្រចកសេះនេះ គឺត្រូវជិះទូកម៉ាស៊ីន១២០​សេះ ចំនួនជិត១០គ្រឿង​ ក្នុងទូកមួយគ្រឿងមានកងទ័ពប្រមាណជិត២០ ។ នៅកោះក្រចកសេះមានប្រជាជនរស់នៅច្រើន និងសម្បូរទៅដោយផ្ទះថ្ម។ ប្រជាជននៅទីនោះគឺជាប្រជាជនវៀតណាម និងខ្មែរកម្ពុជាក្រោម ដែលមានអ្នកខ្លះចេះភាសាខ្មែរ។ លើសពីនេះទៀតក៏មានទាហានធៀវគី(វៀតណាមខាងត្បូង)​នៅលកោះ ក្រចកសេះនេះផងដែរ។​ ខណៈពេលដែលទាហានវៀតណាមខាងត្បូងបានលើកទង់ជ័យសរនោះ កងទ័ពខ្មែរក្រហមបានចូលទៅដល់កោះក្រចកសេះភ្លាមៗដែរ។ ប្រជាជនដែលរស់នៅលើកោះក្រចកសេះមានភាពរាក់ទាក់ និងបានដាំបាយឲ្យ អ៊ុន និងកងទ័ពខ្មែរក្រហមផ្សេងទៀតបរិភោគ។ មេបញ្ជាការខ្មែរក្រហមប្រចាំនៅកោះក្រចកសេះរួមមាន សារឿន, ចាយ, ទង, ម៉េន និង ហួត ។ កងទ័ពខ្មែរក្រហម បានដើរប្រាប់ប្រជាជន និងទាហានធៀវគី ដែលរស់នៅកោះក្រចកសេះ ឲ្យរៀបចំខ្លួន និងអ៊ីវ៉ាន់ផ្សេងៗដើម្បីចាក់ចេញ ព្រោះកងទ័ពខ្មែរក្រហមត្រូវកាន់កាប់កោះនេះ។  បន្ទាប់ពីឈរជើងនៅកោះក្រចកសេះបានចំនួន២ថ្ងៃ អ៊ុន និងកងទ័ពប្រមាណ២០នាក់ទៀត ត្រូវទទួលបញ្ជាឲ្យត្រឡប់មកកោះតាងវិញ។ ចំណែកកងវរសេនាតូចលេខ៤៧០របស់ តាចាយ ដែលបានបញ្ជូនកងទ័ពមកបន្ថែមរហូតដល់ជាង៣០០នាក់បានបន្តឈរជើងនៅកោះក្រចកសេះទៀត។

អ៊ុន និងកងទ័ព២០នាក់ទៀត​ មិនបានចូលមកកោះតាងនោះភ្លាមទេ ពោលគឺត្រូវចូលទៅស្នាក់នៅកោះប៉ូឡូវ៉ៃមួយយប់សិន ពីព្រោះនៅកោះតាង កំពុងតែមានការវាយប្រយុទ្ធគ្នារវាងកងទ័ពខ្មែរក្រហមនឹងទាហានអាមេរិក។ នៅខណៈពេលប្រយុទ្ធនោះ កងទ័ពអាមេរិកបានប្រើយន្តហោះកន្ទុំរុយជាច្រើនគ្រឿង បោកគ្រាប់បែកផ្សែងជាច្រើនគ្រាប់ និងកាំភ្លើងទំនើបៗផងនោះ​ កងទ័ពខ្មែរក្រហមអាចទប់ទល់បានតែរយៈប៉ុន្មានម៉ោង ក៏បាននាំគ្នារត់ចូលព្រៃ និងឡើងលីភ្នំអស់។ នៅខណៈពេលកំពុងប្រយុទ្ធគ្នានៅលើកោះតាងនោះ ទាហានអាមេរិកក៏បានទម្លាក់គ្រាប់បែកនៅកំពង់សោម រាម និងរោងចក្រប្រេងកាតផងដែរ។ ការវាយប្រយុទ្ធគ្នានៅកោះតាងបានចាប់ផ្ដើមតាំងពីពេលព្រឹកព្រលឹម ហើយបានបញ្ចប់វិញនៅម៉ោងប្រមាណ៩យប់។

បន្ទាប់ពីបញ្ចប់ការប្រយុទ្ធគ្នា អ៊ុន​ និងកងទ័ពខ្មែរក្រហមផេ្សងទៀត ក៏បានចូលទៅដល់កោះតាងនិងជួយប្រមែរប្រមូលសាកសពកងទ័ពខ្មែរក្រហម​ និងទាហានអាមេរិកយកទៅកប់។​ សរុប​កងទ័ពខ្មែរក្រហមបានស្លាប់ចំនួន៧នាក់ និងបាត់ខ្លួន៣នាក់។ ចំណែកទាហានអាមេរិកក៏បានស្លាប់មានចំនួនប្រហាក់ប្រហែលគ្នានេះដែរ ថែមទាំងបានបន្សល់ទុកនូវខ្មោចយន្តហោះកន្ទុំរុយពីរគ្រឿង និងធុងសាំងចំនួន​​ពីរទៀតផង។

ការប្រយុទ្ធរវាងកងទ័ពខ្មែរក្រហម និងទាហានអាមេរិកនៅកោះតាងនេះ គឺដើមហេតុមកពីកងទ័ពខ្មែរក្រហមបានចាប់កប៉ាល់ម៉ាយ៉ាហ្គេស ដែលជាកប៉ាល់ដឹកទំនិញរបស់អាមេរិក ហើយអាមេរិកទាមទារឲ្យដោះលែងកប៉ាល់របស់ខ្លួន។ កប៉ាល់ម៉ាយ៉ាហ្គេសបានដឹកទំនិញឆ្លងកាត់ក្បែរកោះប៉ូឡូវ៉ៃ ហើយ​ត្រូវបានកងទ័ពជើងទឹករបស់ខ្មែរក្រហមចេញមកស្ទាក់ចាប់ពីកោះប៉ូឡូវ៉ៃយកមកទុកនៅកោះតាង។

បន្ទាប់រំដោះបានវៀតណាមខាងត្បូងនៅថ្ងៃទី៣០​ ខែមេសា​ ឆ្នាំ១៩៧៥​ ប្រហែល២សប្តាហ៍កងកងទ័ពវៀតណាមបានវាយសម្រុកកងទ័ពខ្មែរក្រហមនៅកោះក្រចកសេះនិងកោះប៉ូឡូវ៉ៃ។ កងទ័ពវៀតណាម​បានចាប់កងទ័ពខ្មែរក្រហមទាំងអស់យកទៅឃុំឃាំងនៅកោះត្រល់ និងបានបាញ់ពន្លិចទូកម៉ាស៊ីនរបស់ខ្មែរក្រហមអស់ជាច្រើនគ្រឿង។ ក្រោយមក នួន​​ ជា បានជួបចរចារជាមួយភាគីវៀតណាម ដើម្បីឲ្យដោះលែងកងទ័ពខ្មែរ និងប្រគល់កោះប៉ូឡូវ៉ៃមកឲ្យខ្មែរវិញ។ បន្ទាប់ពីវៀតណាមប្រគល់កោះប៉ូឡូវ៉ៃមកវិញ ខ្មែរក្រហម ក៏បានបញ្ជូន អ៊ុន និងកងវរសេនាតូចលេខ៤១០ ទៅប្រចាំការកោះប៉ូឡូវ៉ៃ។

ប្រជាជនវៀតណាម និងថៃតែងតែមកនេសាទត្រីនៅក្បែរៗកោះប៉ូឡូវ៉ៃ ហើយត្រូវកងទ័ពខ្មែរក្រហមចាប់ឃាត់ទុក និងបញ្ជូនអ្នកនេសាទទាំងនោះទៅកំពង់សោម។ លើសពីនេះ ក៏មានជនបទេសក្រៅពីថៃនិងវៀតណាម បានបើកក្ដោងឆ្លងកាត់ និងត្រូវកងទ័ពខ្មែរក្រហមចាប់បញ្ជូនមកកំពង់សោមផងដែរ។

អ៊ុន ធ្លាប់ត្រូវបានចាត់តាំងឲ្យមករៀនសូត្រ និងប្រជុំនៅកំពង់សោមម្ដងម្កាលដែរ គឺប្រជុំម្តងៗមានរយៈពេលមួយខែកន្លះ អ្នកដឹកនាំប្រជុំមាន មាស មុត, សេង, សុន សេន ហើយការប្រជុំនោះគឺទាក់ទងទៅនឹងការការពារជាតិ និងការការពារដែនដី។ នៅកោះប៉ូឡូវ៉ៃ អ៊ុន និងកងទ័ពផ្សេងទៀតបានដាំបន្លែ​បង្ការ និងធ្វើផែដើម្បីចតទូក កាណូតជាដើម។ កងទ័ពខ្មែរក្រហម ហូបចុកមួយថ្ងៃ៣ពេល គឺពេលព្រឹកហូបបបរ ពេលថ្ងៃហូបបាយ និងពេលលា្ងចហូបបាយ។

នៅឆ្នាំ១៩៧៩ វៀតណាមបានវាយចូលដល់កំពង់សោម អ៊ុន និងកងទ័ពផ្សេងទៀត បានរត់ចេញពីកោះប៉ូឡូវ៉ៃ ដោយឆ្លងកាត់តាមចម្លងគោ នៅខាងជើងស្ទឹងហាវ ឆ្ពោះទៅអណ្ដូងទឹក និងឡើងភ្នំអូរ​    ដំបង។ បន្ទាប់មក អ៊ុន​ រួមជាមួយកងទ័ព ប្រជាជនប្រុសស្រី​ចំនួន៣៣នាក់បានរត់ត្រឡប់មកកំពង់ស្ពឺ និងបានចូលសារភាពជាមួយវៀតណាម។ អ៊ុន ត្រូវស្ថិតនៅមន្ទីរអប់រំរយៈមួយខែកន្លះ វៀតណាមបញ្ជូនមកកំពង់ត្រាំ ពាមខ្វាវ។​ បន្ទាប់មក​ អ៊ុន​ និងមនុស្សជាង៣០នាក់ផ្សេងទៀតបានបែកគ្នាត្រឡប់មកស្រុកកំណើតរៀងៗខ្លួន។

សោម​ លាភ និសិ្សតស្ម័គ្រចិត្តលើគម្រោងជម្រុញឲ្យមានការទទួលខុសត្រូវ

ខឹម ប៊ុនថូ អតីតពេទ្យយោធាក្នុងរបបខ្មែរក្រហម

ខឹម​ ប៊ុនថូ ភេទប្រុស មានស្រុកកំណើតនៅភូមិតារោង ឃុំស្អាង ស្រុកស្អាង​ ខេត្តកណ្តាល។​ ថុន មានប្រពន្ធឈ្មោះ សុខ ណា និងមានកូនចំនួន៧នាក់ (ប្រុស៤ ស្រី៣នាក់)។ ប៊ុនថូ មានបងប្អូនបង្កើត៥នាក់ ប៉ុន្តែស្លាប់២នាក់ ក្នុងរបប ប៉ុល ពត។

កាលពី​សង្គមចាស់ ប៊ុនថូ រៀនបានបន្តិចបន្តួចដោយសារកាលណោះ គាត់កំព្រាឪពុក​ម្តាយ នៅក្នុងវ័យ១៣ឆ្នាំ (ឪពុកម្តាយ ប៊ុនថូ ស្លាប់នៅសម័យសង្គមរាស្ត្រនិយម)។

នៅឆ្នាំ១៩៧០ ប៊ុនថូ បានស្នាក់អាស្រ័យនៅវត្តស្អាងស្រែ អស់រយៈពេលបីឆ្នាំ ទើបគាត់ចាក​ចេញពីវត្តទៅចូលធ្វើកងពិសេស នៅក្នុងកងពល១១ ដែលមានអ្នកគ្រប់គ្រងឈ្មោះ សោម។ ប៊ុនថូ បានធ្វើការជាមួយ សោម​ អស់រយៈពេលមួយឆ្នាំ ក្រោយមក គាត់ក៏ត្រូវរបួស និងពិការជើង ដោយសារប្រយុទ្ធគ្នាជាមួយទាហាន លន់ នល់។

រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងយោធាខ្មែរក្រហមទទួលបានជ័យជំនះទូទាំងប្រទេស ពេលនោះ ខ្មែរក្រហមបានចាត់តាំង​ ប៊ុនថូ ឲ្យនៅមន្ទីរពិការ។ ប៊ុនថូ ធ្វើការនៅមន្ទីរពិការរហូតដល់ឆ្នាំ១៩៧៦ ទើបអង្គការបានដកគាត់ឲ្យមកធ្វើពេទ្យវិញ។

កម្មាភិបាលខ្មែរក្រហម នៅក្នុងរោងចក្រស្លថ្មាំ ឆ្នាំ១៩៧៨។ រូបថត៖ ហ្គូណា ប៊ើគស្ត្រម។
ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

នៅឆ្នាំ១៩៧៧ ប៊ុនថូ ត្រូវបានអង្គការចាប់គូរឲ្យរៀបការ ដែលកាលណោះមានបួនគូរ ដែលសុទ្ធតែត្រូវអង្គការចាប់បង្ខំ។ ចាប់ពីឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៧៨ កងទ័ពវៀតណាមបានវាយប្រយុទ្ធជាមួយកងយោ​ធាខ្មែរក្រហមនៅខេត្តរតនៈគិរី មណ្ឌលគិរី និងខេត្តព្រៃវែង ពេលនោះ កងទ័ពខ្មែរក្រហមបានត្រូវរបួស និងស្លាប់​ជា​ច្រើននាក់។

ប៊ុនថូ បាន​បន្តថា មានអ្នករបួសខ្លះ ពេល​មក​ដល់មន្ទីរពេទ្យស្លាប់ក៏មាន ដោយសារនៅតាម​ផ្លូវមេរោគបានឆ្លងតាមមុខ​របួស ធ្វើឲ្យពិបាកព្យាបាល។ រហូតដល់​ឆ្នាំ១៩៧៩ ខ្មែរក្រហមត្រូវបានផ្តួលរំលំ ដោយ​កងទ័ពកងទ័ពវៀតណាម និងកងទ័ពរណសិរ្ស ពេលនោះ ប៊ុនថូ បានរត់គេចខ្លួនជាមួយនឹងបក្ខពួកដោយជិះម៉ូតូ​ចេញពីភ្នំពេញ កាត់តាមផ្លូវជាតិលេខ៤។ ពេលទៅដល់ឧត្តុង​ ប៊ុនថូ បានឮស្នូរកាំភ្លើងប្រយុទ្ធគ្នា​កាន់តែ​កៀក ធ្វើឲ្យ​គាត់ភ័យខ្លាច និងព្រួយបារម្ភយ៉ាងខ្លាំង។ ​ប៊ុនថូ បានទុកម៉ូតូចោល រួចរត់ចូលទៅ​ក្នុងព្រៃ។ ប៊ុនថូ បានធ្វើ​ដំណើរនៅក្នុង​ព្រៃ​អស់រយៈពេល​ជាងបីខែ ទើបទៅ​ដល់​ព្រំដែនកម្ពុជា-ថៃ នៅម្តុំស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ប៊ុនថូ បានសម្ងំលាក់ខ្លួននៅក្នុងព្រៃតាមព្រំដែន ជាមួយកងយោធាខ្មែរក្រហមជាច្រើននាក់ទៀត ដើម្បីធ្វើសកម្មភាពប្រយុទ្ធប្រឆាំងនឹង​កងទ័ពវៀតណាម ប៉ុន្តែពេលនោះមិន​សូវ​មានស្បៀងសម្រាប់ផ្គត់ផ្គង់ដល់កងយោធា​ទេ។ នៅឆ្នាំ១៩៨០-៨១ កងយោធាខ្មែរក្រហម​បានរៀបចំឲ្យមានប្រជាជនសារឡើងវិញ ដោយថ្នាក់លើបានប្រកាសទៅកាន់យោធាថា  ប្រសិនបើយោធាណាចង់ឈប់មករស់នៅជាប្រជាជនសាមញ្ញវិញ គឺអាចឈប់បាន ប៉ុន្តែ​ពេលនោះគ្មានយោធាណា​ម្នាក់​និយាយថាចង់ឈប់ទេ។

កម្មាភិបាលខ្មែរក្រហម នៅក្នុងរោងចក្រស្លថ្មាំ ឆ្នាំ១៩៧៨។ រូបថត៖ ហ្គូណា ប៊ើគស្ត្រម។
ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ក្រោយមក ប្រជា​ជនដែលរស់នៅក្នុងស្រុក​ម៉ាឡៃ បានទន្រ្ទានព្រៃដើម្បីសង់លំនៅដ្ឋាន ទើប​មានយោធាមួយចំនួនបានលាឈប់មករស់ក្នុងជីវភាពជាប្រជាជនវិញ។ នៅអំឡុង​ពេលនោះ ក៏មានប្រជាជនដែលកាប់ព្រៃឆ្ការព្រៃ បានជាន់មីន​ស្លាប់ និងរបួសជា​ច្រើន​នាក់ដែរ។

រហូតមកដល់ឆ្នាំ១៩៩៨ កងយោធាខ្មែរក្រហមនៅម៉ាឡៃបានធ្វើសមាហរណកម្មចុះចូលជាមួយរាជរដ្ឋា​ភិបាលកម្ពុជា ពេលនោះ ប៊ុនថូ មិនបានត្រឡប់ទៅរស់នៅស្រុកកំណើត​​របស់ខ្លួនទេ ដោយគាត់យល់ថា នៅស្រុកកំណើតពិបាកក្នុងការប្រកបរបររកស៊ី ដោយមានតែរបរនេសាទប៉ុណ្ណោះ ដែលខុសពីនៅស្រុកម៉ាឡៃដែលមានចំនួនប្រជាជន សមល្មមបង្កឲ្យមានភាព​ងាយ​​ស្រួលក្នុងការប្រកបរបររកស៊ី។ ម្យ៉ាងទៀត ប្រសិនបើ​គាត់គ្មានដើមទុនរកស៊ី គាត់អាច​ស៊ីឈ្នួល​ឲ្យថៅកែ ឬអាចបេះផ្លែឈើ និងបន្លែយកទៅលក់។ ដូច្នេះហើយ ទើប ប៊ុនថូ និងប្រពន្ធបាន​សម្រេចចិត្តកសាងជីវិតថ្មី រស់នៅក្នុងស្រុកម៉ាឡៃ ចាប់តាំងតែពីពេល​នោះ​មក។

ហូ ថុនា៖​ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា