គ្រួសាររបស់គាត់ត្រូវបានគេសម្លាប់

វ័យតាំងពីកុមារភាពរបស់ គឹម ហ៊ួយ គឺសាមញ្ញបំផុត។ គាត់រស់នៅយ៉ាងជិតដិតជាមួយក្រុមគ្រួសារ។ ក្នុងឆ្នាំ១៩៦៩ គឹម ហ៊ួយ បានទៅរស់នៅជាមួយប្តី ឯខេត្តបាត់ដំបង។ បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាច ទ្រព្យសម្បត្តិឯកជនរបស់ គឹម ហ៊ួយ ត្រូវបានរឹបអូស។ គាត់ហូបបាយរួមជាមួយអ្នកឯទៀតនៅក្នុងរោងបាយ និងបានបាត់បង់សិទ្ធិរបស់គាត់ទាំងអស់។

ក្នុងឆ្នាំ១៩៧៨ ប្តីរបស់ គឹម ហ៊ួយ ត្រូវបានសម្លាប់។ គាត់​រៀប​រាប់​ថា៖ ពេលដែលគាត់កំពុងបំបៅដោះកូន យោធាខ្មែរក្រហមពីរនាក់បាន មកហៅប្តីរបស់គាត់ចេញទៅ។ មួយរយៈពេលក្រោយមក ទើប គាត់​ បានដឹងថា ប្តីរបស់គាត់ត្រូវបានបង្ខំឲ្យទម្លាក់ឥវ៉ាន់និងម្ហូបអាហារចេញពីត្រាក់ទ័រ។ នៅពេលដែលប្តីរបស់គាត់ធ្វើកិច្ចការរួច យោធាខ្មែរក្រហមបានបាញ់សម្លាប់គាត់ចោល។

ក្នុងឆ្នាំ១៩៧៩ គឹម ហ៊ួយ និងកូនទាំងបីរបស់គាត់ បានវិលត្រឡប់មកស្រុកកំណើតវិញ ដើម្បី បានជួបជុំគ្រួសារវិញ។ ប៉ុន្តែមិនដូចអ្វីដែល គឹម ហ៊ួយ គិតឡើយ ព្រោះឪពុក-ម្តាយ បងប្អូន និងក្មួយៗទាំង៨នាក់របស់គាត់ បានស្លាប់អស់ទៅហើយ ដោយសារកម្មាភិបាលខ្មែរក្រហមសម្លាប់ ព្រោះតែរឿង ជីកដីដោយគ្មានការអនុញ្ញាត។

រយៈពេលជាង៣០ឆ្នាំក្រោយមក គឹម ហ៊ួយ រស់នៅក្នុងជីវភាពក្រីក្រ និងគ្មានថវិកាគ្រប់គ្រាន់សម្រាប់ឲ្យកូនរបស់គាត់បានរៀនសូត្រឡើយ។ គាត់បានស្តីបន្ទោសខ្មែរក្រហមថា បានធ្វើឲ្យគ្រួសារគាត់ធ្លាក់ដុនដាប ដោយសារតែប្តីនិងសាច់ញាតិបងប្អូនរបស់គាត់ត្រូវបានសម្លាប់។

“យើងដេកនៅស្លឹកត្នោត”

បន្ទាប់ពីបានបញ្ចប់ការសិក្សានៅវិទ្យាល័យ គោក សារឿន បានចូលធ្វើជានគរបាល និងបានរៀបការ ហើយក្រោយមក គាត់បានក្លាយជាអនុ-សេនីយ៍ឯកក្នុងកងកម្លាំងប្រដាប់អាវុធនៃរបបសាធារណរដ្ឋខ្មែរ ដែលធ្វើការប្រយុទ្ធប្រឆាំងនឹងកងកម្លាំងរបស់ខ្មែរក្រហមនៅតាមសមរភូមិ។

ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ក្នុងពេលដែលប្រជាជនរស់នៅទីក្រុងភ្នំពេញត្រូវបានជម្លៀសចេញពីទីក្រុង សារឿន បានលាក់ឯកសណ្ឋានយោធារបស់គាត់ ដោយស្លៀកពាក់ខោអាវស៊ីវិលជំនួសវិញ ព្រមទាំងបានចាកចេញពីទីក្រុងទៅកាន់ស្រុកកំណើតរបស់គាត់។

ប្រជាជនដែលរស់នៅក្នុងស្រុកកំណើតរបស់ សារឿន បានស្គាល់ពីអតីតកាលរស់គាត់គ្រប់ៗគ្នា ព្រោះថា គាត់បានជួយអ្នកទាំងនោះពេលដែលគាត់នៅធ្វើជាទាហាន លន់ នល់។ គ្រួសាររបស់ សារឿន បានទទួលការហូបចុកគ្រប់គ្រាន់ ប៉ុន្តែគាត់បានសង្កេតឃើញថា ប្រជាជនក្នុងភូមិបានបាត់ខ្លួនជារៀងរាល់ថ្ងៃ។ ក្រោយមក សារឿន ត្រូវបានចាប់ និងឃុំខ្លួន ដោយសារតែគាត់ជាអតីតទាហាន លន់ នល់។

“ស្ថិតក្នុងមន្ទីរឃុំឃាំង យើងបានដេកកើយបាតដៃ ហើយអ្នកទោសទាំងអស់បន្ទោរបង់ដាក់ពាងទឹក។ ពួកយើងងើបទៅធ្វើការតាំងពីម៉ោង៤:៣០នាទីព្រឹក រហូតដល់ល្ងាចទើបវិលមកវិញ”។

ម្តាយ និងបងប្រុសរបស់ សារឿន បានស្លាប់ជាបន្តបន្ទាប់ដោយសារអត់អាហារ នៅពេលដែលគាត់កំពុងតែជាប់ក្នុងមន្ទីរឃុំឃាំង។ សារឿន បានទទួលការអនុញ្ញាតឲ្យចេញពីមន្ទីរឃុំឃាំងចំនួន១ សប្តាហ៍ ដើម្បីកប់សាកសពម្តាយ និងបងប្រុស។

ក្រោយឆ្នាំ១៩៧៩ សារឿន នៅរស់រានមានជីវិត ហើយគាត់មិនអនុញ្ញាតឲ្យកូនរបស់គាត់ចូលធ្វើជានគរបាល ឬកងកម្លាំងប្រដាប់អាវុធដូចគាត់ឡើយ។

តស៊ូដើម្បីរស់

ភិន លី មានស្រុកកំណើតនៅខេត្តកណ្តាល។ គាត់បានចូលបម្រើបដិវត្តន៍ក្នុងឆ្នាំ១៩៧២ បន្ទាប់ពីខ្មែរក្រហមចូលកាន់កាប់ភូមិរបស់គាត់។ លី ថា ​គាត់​​មាន​សេចក្តី​រីករាយ​​នៅ​ពេល​ដែល​គាត់​មានការងារនេះធ្វើ។

ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

បងប្អូនប្អូនទាំងអស់របស់ លី បានចូលបម្រើក្នុងចលនាបដិវត្តន៍ ដោយបងប្អូនប្រុសធ្វើជាយោធា ហើយស្រីៗធ្វើជាកម្មាភិបាលពេទ្យ។

ក្នុងឆ្នាំ១៩៧៧ ប្រធានកងពលរបស់គាត់ត្រូវបានចាប់ខ្លួន ពីបទជាប់ទាក់ទងជាមួយវៀតណាម។ ខ្មែរក្រហមបាន ចោទប្រកាន់គាត់ពីបទចូលរួមក្បត់ជាមួយមេ ហើយបញ្ជូនគាត់ទៅកាន់គុកព្រៃសរ ដើម្បីអប់រំកែប្រែ។

“ក្នុងពេលដែលខ្ញុំជាប់គុក ប្រធានគុកបាននិយាយថា ប្រសិនបើមាននរណាម្នាក់ធ្វើឲ្យមានកំហុស អ្នកទាំងនោះនឹងប្រឈមនឹងការសម្លាប់ចោល។ ដូច្នេះ ខ្ញុំបានរៀនសូត្រពីវា ហើយខ្ញុំបានខំធ្វើការយ៉ាងខ្លាំងរហូតខ្ញុំបានរស់រានមានជីវិត។”

នៅពេលដែលកងទ័ពវៀតណាមចូលមកដល់ លី បានរត់ចូលព្រៃ រហូតដល់ព្រំប្រទល់ថៃ។ ក្នុងឆ្នាំ១៩៨២ លី បានត្រឡប់មកស្រុកកំណើតវិញ។ បន្ទាប់មក បងប្អូនរបស់គាត់ពីរនាក់ទៀត ក៏បានមកដល់ស្រុកកំណើតដែរ។ ចំណែកឯបងប្អូន៣នាក់ទៀត បានស្លាប់និងបាត់ខ្លួនក្នុងអំឡុងពេលធ្វើបដិវត្តន៍។

“គាត់មិនឆ្លើយ…”

ក្នុងឆ្នាំ១៩៧២ មានអ្នកទៅកាន់ផ្ទះរបស់ ទ្រី ឃន ហើយបានប្រាប់កូនប្រុសអាយុ១៦ឆ្នាំរបស់គាត់ ឈ្មោះ ស្រ៊ុន សុង ឲ្យចូលបម្រើបដិវត្តន៍។

ពីរឆ្នាំក្រោយមក ទ្រី ឃន ព្រមទាំងប្តីរបស់គាត់បានទៅ យកកូនរបស់គាត់ពីខ្មែរក្រហមមកវិញ។ សុង មានជម្ងឺជាទម្ងន់។ ថ្ងៃមួយ ឃន បានស្រែកហៅកូនរបស់គាត់ ប៉ុន្តែកូនគាត់មិន ឆ្លើយតបគាត់ឡើយ។ សុង ត្រូវកម្មាភិបាលខ្មែរក្រហម មកយកចេញពីផ្ទះម្តងទៀត ទៅកាន់សមរភូមិវិញ។ បន្ទាប់មក ឃន បានឃើញកូនរបស់គាត់លើកចុងក្រោយនៅខែមេសា ឆ្នាំ១៩៧៥។

“គាត់[ឪពុករបស់ សុង]បាននិយាយថា ប្រសិនបើមាននរណាម្នាក់មកស្នើសុំកូនប្រុសដទៃទៀតរបស់គាត់ ឲ្យចូលបម្រើបដិវត្តន៍ គាត់នឹងមិនអនុញ្ញាតឲ្យទៅទៀតទេ”។

ក្រោយមក មានអ្នកមកកាន់ភូមិរបស់គាត់ ហើយបានសួរនាំគាត់ពីកូនប្រុស ដែលធ្វើការជាអ្នកថតរូបនៅក្នុងគុកក្នុងក្រុងភ្នំពេញ។ ទ្រី ឃន បានប្រាប់វិញថា សុង មិនមែនធ្វើការនៅក្នុងគុកទេ តែធ្វើការនៅក្នុងការិយាល័យ។ ព័ត៌មាននេះ បានធ្វើឲ្យ ឃន បានដឹងដំណឹងពីកូនប្រុសរបស់គាត់ តាមរយៈប្រវត្តិរូបរបស់ សុង ដែលត្រូវបានធ្វើឡើងនៅទួលស្លែង កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នំា១៩៧៧។ ទ្រី ឃន បានបាត់ដំណឹង និងតាមរកដំណឹងកូនប្រុសគាត់តាំងពីឆ្នាំ១៩៧៩មក តែគាត់មិនបានដំណឹងសោះ។

“អ្នកខ្លះនិយាយថា បានឃើញ សុង ជិះសេះនៅលើភ្នំ ហើយបានសួរគាត់ថាត្រឡប់ទៅផ្ទះវិញអត់។ សុង បាននិយាយថា គាត់ខ្លាចកងទ័ពវៀតណាម ហើយមិនយល់ព្រមត្រឡប់មកផ្ទះរហូតទាល់តែអ្នកទាំងនោះចាកចេញមក។ ខ្ញុំបានរង់ចាំ សុង ជារៀងរហូតមក”។

សមាជិកគ្រួសាររបស់ ស៊្រុន សុង។ ពីឆ្វេងទៅស្តាំ គឹម, តូច, ទ្រី ឃន, លក និង ស៊ីម

គ្មានថ្នាំដើម្បីព្យាបាលកូនរបស់គាត់

ទុន ឈុំ ធំដឹងក្តីឡើងនៅក្នុងគ្រួសារកសិករមួយក្នុងខេត្ត តាកែវ។ ឈុំ បានក្លាយជាវេជ្ជបណ្ឌិត ទោះជាគាត់មិនសូវចូលចិត្តកិច្ចការនេះក៏ដោយ ប៉ុន្តែការងារគឺពិបាករកណាស់។ ចុងបញ្ចប់ ឈុំ ត្រូវបានបញ្ជូនទៅធ្វើការនៅក្នុងមន្ទីរពេទ្យក្នុងក្រុងភ្នំពេញ។

នៅខែមេសា ឆ្នាំ១៩៧៥ ឈុំ និងគ្រួសារត្រូវបានជម្លៀសទៅកាន់ខេត្តកំពង់ស្ពី។ នៅទីនោះ អង្គការបានសួរនាំគ្រួសារគាត់ពីប្រវត្តិកាលពីអតីតកាល។ ឈុំ ត្រូវអង្គការសង្ស័យ ព្រោះគាត់និយាយថា គាត់គឺជាជាងឈើនៅក្នុងមន្ទីរពេទ្យ។

កូនដំបូងរបស់ ឈុំ មានជម្ងឺ រួចបានស្លាប់នៅកន្លែងសម្រាកព្យាបាលរបស់ខ្មែរក្រហម ក្នុងឆ្នាំ១៩៧៥។ គាត់ថា គាត់អាចជួយសង្រ្គោះកូនបាន ប្រសិនមានថ្នាំគ្រប់គ្រាន់។

នៅចុងឆ្នាំ១៩៧៨ អង្គការបានបញ្ជាឲ្យ ឈុំ ទៅធ្វើការក្នុងផ្នែកឳសថបូរាណ និងដុតខ្មោច។ គាត់បានចូលព្រៃរកថ្នាំបូរាណសម្រាប់ព្យាបាលជម្ងឺ ហើយបានឃើញសាកសពជាច្រើន។ ថ្ងៃមួយ គាត់និងបុរសម្នាក់ទៀត បានទទួលបញ្ជាឲ្យកប់សាកសពចំនួន២១នាក់។ ពេលទៅដល់ ពួកគាត់ទាំងពីរបានឃើញអ្នកទាំង២១នាក់នោះ នៅមានជីវិតនៅឡើយ ព្រមទាំងបានស្តាប់ឮការនិយាយគ្នាថា កងទ័ពវៀតណាមនឹងរំដោះប្រទេសនាថ្ងៃខាងមុខមិនខាន។

“មួយសន្ទុះក្រោយមក អង្គការបានកាត់ក្បាលអ្នកទាំងនោះទម្លាក់ចេញពីស្មា ហើយពួកខ្ញុំទាំងពីរនាក់ជាអ្នកកប់អ្នកទាំងនោះ”។

ពួកគេគ្មានន័យអ្វីទាំង់អស់សម្រាប់គាត់

មិនដូចប្រជាជនកម្ពុជាភាគច្រើនទេ សារ៉ន មិនដែលជួបប្រទះការអត់ឃ្លានក្នុងរបបខ្មែរក្រហមឡើយ។ គាត់ និយាយថា ការរស់នៅរបស់គាត់ក្នុងរបបខ្មែរក្រហម គឺល្អប្រសើរណាស់ ព្រោះគាត់ជាកម្មាភិបាលខ្មែរក្រហម។

សារ៉ន ត្រូវបានចាត់ទុកថាជាប្រភេទ “ប្រជាជនចាស់” នៅក្នុងស្រុកកំណើតរបស់គាត់ និងទទួលបានការទំនុកបម្រុងយ៉ាងល្អពីខ្មែរក្រហម។ សារ៉ន ត្រូវបានបញ្ជូនទៅកាន់ក្រុងព្រៃវែង កាលពីគាត់មានអាយុ១៣ឆ្នាំ ហើយបន្ទាប់មក គាត់ត្រូវបានផ្ទេរបន្តមកកាន់ទីក្រុងភ្នំពេញ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ សារ៉ន បានឃើញសាកសពមនុស្សយ៉ាងច្រើន។ ប៉ុន្តែសាកសពទាំងនោះមិនបានធ្វើឲ្យគាត់ប៉ះពាល់អារម្មណ៍គាត់ឡើយ ព្រោះគ្មានន័យអ្វីទាំងអស់សម្រាប់គាត់។

សារ៉ន បានទទួលការកោតសរសើរពីខ្មែរក្រហម ព្រោះគាត់ឆ្លាតនិងម៉ឺងម៉ាត់។ សារ៉ន គឺជាអ្នកវាយឯកសារសម្រាប់របបខ្មែរក្រហម ព្រោះគាត់ជាមនុស្សដាច់ខាតចំពោះបុព្វហេតុបដិវត្តន៍។

“មានរបបអាហារគ្រប់គ្រាន់ និងសម្បូរណ៍ទៅដោយការកម្សាន្ត។ ខ្ញុំមិនដែលស្នើសុំអង្គការមកលេងផ្ទះឡើយ ព្រោះខ្ញុំខ្លាចខ្ជះខ្ជាយពេលវេលារបស់អង្គការ។ នៅពេលនោះ ខ្ញុំបានភ្លេចឪពុកម្តាយរបស់ខ្ញុំបាត់ទៅហើយ”។

https://soundcloud.com/user-154457099/uk-saran