ប៉ុល ពត ធ្វើដំណើរទៅកាន់ប្រទេសចិន និងកូរ៉េខាងជើង

ក្នុងដំណើទស្សនកិច្ចផ្លូវការនៅក្រៅប្រទេសតែម្តងគត់ ក្នុងពេលដែល ប៉ុល ពតស្ថិតក្នុងឋានៈជាមេដឹកនាំកំពូលនៃរដ្ឋាភិបាលខ្មែរក្រហម ប៉ុល ពត បានចុះកិច្ចព្រមព្រៀងជាមួយប្រទេសចិននិងកូរ៉រខាងជើង ដើម្បីបង្កើនជំនួយយោធា វគ្គ   បណ្តុះបណ្តាល និងជំនួយផ្សេងទៀត។ ប្រទេសចិនបានផ្ដល់ការគាំទ្រពេញទំហឹងរបស់ខ្លួនចំពោះកម្ពុជាប្រជាធិបតេយ្យ។

មេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម កំពុងធ្វើដំណើរតាមរថភ្លើង (ជួរមុខពីឆ្វេងទៅស្តាំ៖ ប៉ុល ពត, វន វ៉េត។ ជួរបន្ទាប់ពីឆ្វេងទៅស្តាំ៖ នួន ជា និង តាម៉ុក) ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ការប៉ះទង្គិចរវាងកម្ពុជានិងវៀតណាម បានផ្ទុះឡើង

បន្ទាប់ពីប្រទេសកម្ពុជាបានបើកការវាយប្រហារនៅតាមបណ្ដោយព្រំដែនវៀតណាមនៅដើមឆ្នាំ១៩៧៧មក មានកងទ័ពវៀតណាមយ៉ាងហោចណាស់៥ម៉ឺននាក់ បានវាយចូលភាគខាងកើតនៃប្រទេសកម្ពុជា ដើម្បីបង្ហាញពីការព្រមាន របស់ខ្លួន។ នៅពេលដែលកងទ័ពវៀតណាមត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ ទាហានខ្មែរមួយចំនួនត្រូវបានកងទ័ពវៀតណាមគៀរយកទៅជាមួយ រួមទាំង
កម្មាភិបាលខ្មែរក្រហមដែលបានរត់ទៅជ្រកកោននៅក្នុងប្រទេសវៀតណាមដោយសារតែមានភាពភ័យខ្លាចរងគ្រោះពីការធ្វើបន្សុទ្ធកម្ម។ ភាពតានតឹងផ្នែកយោធារវាងប្រទេសទាំងពីរ នៅតែបន្តខ្លាំងឡើង។

ភូមិភាគបូព៌ាត្រូវបានបោសសម្អាត(បន្សុទ្ធកម្ម)កាន់តែខ្លាំងឡើងៗ

ប្រជាជនប្រមាណ១សែននាក់ ត្រូវបានសម្លាប់នៅក្នុងការធ្វើបន្សុទ្ធកម្មនៅភូមិភាគបូព៌ា។ កម្មាភិបាលខ្មែរក្រហមជាច្រើននាក់ បានរត់ភៀសខ្លួនទៅកាន់ប្រទេសវៀតណាម ដែលជាកន្លែងទទួលបានការបណ្តុះបណ្តាល និងការគាំទ្រ ផ្នែកសម្ភារផ្សេងៗ។

ការរំដោះរបស់វៀតណាម

កងទ័ពវៀតណាម និងកងកម្លាំងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលត្រូវបានបង្កើតឡើងដោយអតីតកម្មាភិបាលខ្មែរក្រហមមកពីភូមិភាគបូព៌ា និងប្រជាជនកម្ពុជានៅក្នុងប្រទេសវៀតណាម បានវាយប្រយុទ្ធចូលក្នុងប្រទេសកម្ពុជា។ ភាពជោគជ័យរបស់កងទ័ពវៀតណាម និងកងកម្លាំងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា គឺអាស្រ័យលើកម្លាំងកងទ័ពដ៏ច្រើនលើសលុប បច្ចេកទេសក្នុងការវាយលុក កាំភ្លើងធំធន់ធ្ងន់ ព្រមទាំងចំណុចចជាច្រើនទៀត ។

រថក្រោះវៀតណាមនៅក្បាលថ្នល់ ខណ្ឌច្បារអំពៅ ខែមករា ឆ្នាំ១៩៧៩។ រូបថត៖ ឌិញ ហ្វុង។ ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ការវាយរំដោះទីក្រុងភ្នំពេញ និងការរត់គេចខ្លួនរបស់កងកម្លាំងខ្មែរក្រហម

កងទ័ពវៀតណាម បានវាយយកទីក្រុងភ្នំពេញ និងបានជួយបង្កើតរបបថ្មីមួយ ឈ្មោះថា “សាធារណរដ្ឋប្រជាមានិតកម្ពុជា” ។ កងកម្លាំងខ្មែរក្រហម បានរត់ភៀសខ្លួនទៅកាន់ព្រំដែនថៃ ជាកន្លែងដែលកងកម្លាំងខ្មែរក្រហមទាំងអស់ ចាប់ផ្ដើមយុទ្ធនាការតស៊ូបដិវត្តន៍មួយផ្សេងទៀត។

តុលាការប្រជាជនបដិវត្តន៍កម្ពុជា

ជាតុលាការ ដែលដឹកនាំដោយវៀតណាមនៅទីក្រុងភ្នំពេញ។ តុលាការប្រជាជនបដិវត្តន៍កម្ពុជា បានប្រារព្ធធ្វើឡើងនៅក្នុងសាលមហោស្រពចតុមុខ នៅទីក្រុងភ្នំពេញ។ តុលាការនេះ បានកាត់ទោស ប៉ុល ពត និង អៀង សារី ពីបទប្រល័យពូជសាសន៍។ អ្នកទាំងពីរ ត្រូវបានកាត់ទោសប្រហារជីវិតដោយកំបាំងមុខ។

តុលាការប្រជាជនបដិវត្តន៍កម្ពុជា បានកាត់ទោសប្រហារជីវិត អៀង សារី និង ប៉ុល ពត ដោយកំបាំងមុខក្នុងឆ្នាំ១៩៧៩។
ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ប្រមូលផ្តុំកម្លាំងខ្មែរក្រហមឡើងវិញ

កងកម្លាំងខ្មែរក្រហមដែលនៅសេសសល់ បានបង្កើតកងទ័ពជាតិកម្ពុជាប្រជា ធិបតេយ្យ។ យុទ្ធសាស្ត្ររបស់ក្រុមនេះ គឺសម្លាប់កងទ័ពវៀតណាម។ ក្រុមទ័ពព្រៃទាំងនេះ បានធ្វើសកម្មភាពវាយឆ្មក់ជាច្រើនលើកច្រើនសារ នៅតាមអគារ ការិយាល័យ បណ្ដាញគមនាគមន៍នានា ផ្លូវថ្នល់និង ផ្លូវដែកនៅទូទាំងប្រទេស និងបានព្យាយាមស្វែងរកការគាំទ្រពីប្រជាជន ដើម្បីទទួលបានធនធាន និង
ព័ត៌មាន។ ប៉ុន្តែក្រុមនេះ មិនទទួលបានភាពជោគជ័យក្នុងការស្វែងរកការគាំទ្រពីប្រជាជនឡើយ។

ក្រុមទ័ពព្រៃខ្មែរក្រហមមួយក្រុមនៅក្បែរព្រំដែនថៃ ក្នុងអំឡុងឆ្នាំ១៩៨០។
រូបថត៖ ជេ ខូហ្វម៉ាន់។ ប្រភព៖ បណ្ណសារដ្ឋានសារមជ្ឈមណ្ឌលឯកសារកម្ពុជា

បង្កើតរដ្ឋាភិបាលថ្មីមួយ

ខ្មែរក្រហម បានចងសម្ព័ន្ធជាមួយ សម្ដេចព្រះ នរោត្តម សីហនុ និងមេដឹកនាំមិនមែនកុម្មុយនិស្ត គឺលោក សឺន សាន ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះត្រីភាគី។ នៅក្នុងទីក្រុងភ្នំពេញឯណេះវិញ វៀតណាមបានជួយបង្កើតរដ្ឋាភិបាលថ្មីមួយគឺ សាធារណរដ្ឋប្រជាមានិតកម្ពុជា ដឹកនាំដោយលោក ហេង សំរិន ដែលជាអតីតកម្មាភិបាលខ្មែរក្រហម ដែលបានរត់ភៀសខ្លួនទៅប្រទេសវៀតណាមនៅឆ្នាំ១៩៧៨។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះអង្គម្ចាស់ ស៊ូផានុវង្ស នៃប្រទេសឡាវ មកកាន់ទីក្រុងភ្នំពេញនៅដើមទសវត្សរ៍១៩៨០ ដើម្បីផ្តល់ការគាំទ្រដល់របបថ្មី។ ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស

រដ្ឋាភិបាលចំនួន១៩ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ដែលបង្ហាញពីការបញ្ចប់ជាផ្លូវការនៃសង្គ្រាមរវាងកម្ពុជា និងវៀតណាម។ ស្ថិតនៅក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ អង្គការសហប្រជាជាតិ មានបេសកកម្មពិសេសសមួយនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានហៅថា អ៊ុនតាក់។ បេសកកម្មនេះ បន្តរហូតដល់ឆ្នាំ១៩៩៣ ទើបត្រូវបញ្ចប់ ដើម្បីត្រួតពិនិត្យបទឈប់បាញ់គ្នា និង រៀបចំដំណើរការរដ្ឋធម្មនុញ្ញថ្មីមួយនិងការបោះឆ្នោតនៅ  កម្ពុជា។

ទង់ជាតិអាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់)។ រូបភាព៖ កម្មសិទ្ធសាធារណៈ)

ខៀវ សំផន ទទួលរងការវាយដំនៅទីក្រុងភ្នំពេញ

អតីតប្រមុខរដ្ឋ និងមេដឹកនាំកម្ពុជាប្រជាធិបតេយ្យ បានវិលត្រឡប់មកទីក្រុងភ្នំពេញវិញ បន្ទាប់ពីសន្ធិសញ្ញាសន្តិភាពអង្គការសហប្រជាជាតិ ប៉ុន្តែភ្លាមៗនោះ ខៀវ សំផន បែរជាទទួលរងនូវការវាយដំពីប្រជាជនកម្ពុជា ដែលពោរពេញដោយកំហឹង ព្រមទាំងបានស្រែកថា “អាឃាតករៗ” និង “សម្លាប់បិសាចៗ”។ ខៀវ សំផន និងកម្មាភិបាលខ្មែរក្រហមផ្សេងទៀត ត្រូវបានជួយសង្គ្រោះដោយទាហាន និងនគរបាល ហើយត្រូវបានជម្លៀសចេញទៅកាន់ទីក្រុងបាងកក។

ខៀវ សំផន កំពុងនិយាយទៅកាន់ទាហានខ្មែរក្រហម និងប្រជាជននៅតាមព្រំដែនថៃ ក្នុងអំឡុងឆ្នាំ១៩៨០
រូបភាព៖ ជេ ឃូសម៉ាន់។ ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា