ខឹម ប៊ុនថូ អតីតពេទ្យយោធាក្នុងរបបខ្មែរក្រហម

ខឹម​ ប៊ុនថូ ភេទប្រុស មានស្រុកកំណើតនៅភូមិតារោង ឃុំស្អាង ស្រុកស្អាង​ ខេត្តកណ្តាល។​ ថុន មានប្រពន្ធឈ្មោះ សុខ ណា និងមានកូនចំនួន៧នាក់ (ប្រុស៤ ស្រី៣នាក់)។ ប៊ុនថូ មានបងប្អូនបង្កើត៥នាក់ ប៉ុន្តែស្លាប់២នាក់ ក្នុងរបប ប៉ុល ពត។

កាលពី​សង្គមចាស់ ប៊ុនថូ រៀនបានបន្តិចបន្តួចដោយសារកាលណោះ គាត់កំព្រាឪពុក​ម្តាយ នៅក្នុងវ័យ១៣ឆ្នាំ (ឪពុកម្តាយ ប៊ុនថូ ស្លាប់នៅសម័យសង្គមរាស្ត្រនិយម)។

នៅឆ្នាំ១៩៧០ ប៊ុនថូ បានស្នាក់អាស្រ័យនៅវត្តស្អាងស្រែ អស់រយៈពេលបីឆ្នាំ ទើបគាត់ចាក​ចេញពីវត្តទៅចូលធ្វើកងពិសេស នៅក្នុងកងពល១១ ដែលមានអ្នកគ្រប់គ្រងឈ្មោះ សោម។ ប៊ុនថូ បានធ្វើការជាមួយ សោម​ អស់រយៈពេលមួយឆ្នាំ ក្រោយមក គាត់ក៏ត្រូវរបួស និងពិការជើង ដោយសារប្រយុទ្ធគ្នាជាមួយទាហាន លន់ នល់។

រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងយោធាខ្មែរក្រហមទទួលបានជ័យជំនះទូទាំងប្រទេស ពេលនោះ ខ្មែរក្រហមបានចាត់តាំង​ ប៊ុនថូ ឲ្យនៅមន្ទីរពិការ។ ប៊ុនថូ ធ្វើការនៅមន្ទីរពិការរហូតដល់ឆ្នាំ១៩៧៦ ទើបអង្គការបានដកគាត់ឲ្យមកធ្វើពេទ្យវិញ។

កម្មាភិបាលខ្មែរក្រហម នៅក្នុងរោងចក្រស្លថ្មាំ ឆ្នាំ១៩៧៨។ រូបថត៖ ហ្គូណា ប៊ើគស្ត្រម។
ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

នៅឆ្នាំ១៩៧៧ ប៊ុនថូ ត្រូវបានអង្គការចាប់គូរឲ្យរៀបការ ដែលកាលណោះមានបួនគូរ ដែលសុទ្ធតែត្រូវអង្គការចាប់បង្ខំ។ ចាប់ពីឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៧៨ កងទ័ពវៀតណាមបានវាយប្រយុទ្ធជាមួយកងយោ​ធាខ្មែរក្រហមនៅខេត្តរតនៈគិរី មណ្ឌលគិរី និងខេត្តព្រៃវែង ពេលនោះ កងទ័ពខ្មែរក្រហមបានត្រូវរបួស និងស្លាប់​ជា​ច្រើននាក់។

ប៊ុនថូ បាន​បន្តថា មានអ្នករបួសខ្លះ ពេល​មក​ដល់មន្ទីរពេទ្យស្លាប់ក៏មាន ដោយសារនៅតាម​ផ្លូវមេរោគបានឆ្លងតាមមុខ​របួស ធ្វើឲ្យពិបាកព្យាបាល។ រហូតដល់​ឆ្នាំ១៩៧៩ ខ្មែរក្រហមត្រូវបានផ្តួលរំលំ ដោយ​កងទ័ពកងទ័ពវៀតណាម និងកងទ័ពរណសិរ្ស ពេលនោះ ប៊ុនថូ បានរត់គេចខ្លួនជាមួយនឹងបក្ខពួកដោយជិះម៉ូតូ​ចេញពីភ្នំពេញ កាត់តាមផ្លូវជាតិលេខ៤។ ពេលទៅដល់ឧត្តុង​ ប៊ុនថូ បានឮស្នូរកាំភ្លើងប្រយុទ្ធគ្នា​កាន់តែ​កៀក ធ្វើឲ្យ​គាត់ភ័យខ្លាច និងព្រួយបារម្ភយ៉ាងខ្លាំង។ ​ប៊ុនថូ បានទុកម៉ូតូចោល រួចរត់ចូលទៅ​ក្នុងព្រៃ។ ប៊ុនថូ បានធ្វើ​ដំណើរនៅក្នុង​ព្រៃ​អស់រយៈពេល​ជាងបីខែ ទើបទៅ​ដល់​ព្រំដែនកម្ពុជា-ថៃ នៅម្តុំស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ប៊ុនថូ បានសម្ងំលាក់ខ្លួននៅក្នុងព្រៃតាមព្រំដែន ជាមួយកងយោធាខ្មែរក្រហមជាច្រើននាក់ទៀត ដើម្បីធ្វើសកម្មភាពប្រយុទ្ធប្រឆាំងនឹង​កងទ័ពវៀតណាម ប៉ុន្តែពេលនោះមិន​សូវ​មានស្បៀងសម្រាប់ផ្គត់ផ្គង់ដល់កងយោធា​ទេ។ នៅឆ្នាំ១៩៨០-៨១ កងយោធាខ្មែរក្រហម​បានរៀបចំឲ្យមានប្រជាជនសារឡើងវិញ ដោយថ្នាក់លើបានប្រកាសទៅកាន់យោធាថា  ប្រសិនបើយោធាណាចង់ឈប់មករស់នៅជាប្រជាជនសាមញ្ញវិញ គឺអាចឈប់បាន ប៉ុន្តែ​ពេលនោះគ្មានយោធាណា​ម្នាក់​និយាយថាចង់ឈប់ទេ។

កម្មាភិបាលខ្មែរក្រហម នៅក្នុងរោងចក្រស្លថ្មាំ ឆ្នាំ១៩៧៨។ រូបថត៖ ហ្គូណា ប៊ើគស្ត្រម។
ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ក្រោយមក ប្រជា​ជនដែលរស់នៅក្នុងស្រុក​ម៉ាឡៃ បានទន្រ្ទានព្រៃដើម្បីសង់លំនៅដ្ឋាន ទើប​មានយោធាមួយចំនួនបានលាឈប់មករស់ក្នុងជីវភាពជាប្រជាជនវិញ។ នៅអំឡុង​ពេលនោះ ក៏មានប្រជាជនដែលកាប់ព្រៃឆ្ការព្រៃ បានជាន់មីន​ស្លាប់ និងរបួសជា​ច្រើន​នាក់ដែរ។

រហូតមកដល់ឆ្នាំ១៩៩៨ កងយោធាខ្មែរក្រហមនៅម៉ាឡៃបានធ្វើសមាហរណកម្មចុះចូលជាមួយរាជរដ្ឋា​ភិបាលកម្ពុជា ពេលនោះ ប៊ុនថូ មិនបានត្រឡប់ទៅរស់នៅស្រុកកំណើត​​របស់ខ្លួនទេ ដោយគាត់យល់ថា នៅស្រុកកំណើតពិបាកក្នុងការប្រកបរបររកស៊ី ដោយមានតែរបរនេសាទប៉ុណ្ណោះ ដែលខុសពីនៅស្រុកម៉ាឡៃដែលមានចំនួនប្រជាជន សមល្មមបង្កឲ្យមានភាព​ងាយ​​ស្រួលក្នុងការប្រកបរបររកស៊ី។ ម្យ៉ាងទៀត ប្រសិនបើ​គាត់គ្មានដើមទុនរកស៊ី គាត់អាច​ស៊ីឈ្នួល​ឲ្យថៅកែ ឬអាចបេះផ្លែឈើ និងបន្លែយកទៅលក់។ ដូច្នេះហើយ ទើប ប៊ុនថូ និងប្រពន្ធបាន​សម្រេចចិត្តកសាងជីវិតថ្មី រស់នៅក្នុងស្រុកម៉ាឡៃ ចាប់តាំងតែពីពេល​នោះ​មក។

ហូ ថុនា៖​ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា

ឆាយ ម៉ឺន អតីតពេទ្យយោធាក្នុងរបបខ្មែរក្រហម

រថក្រោះរបស់កងទ័ពវៀតណាម ត្រូវបានកងទ័ពបដិវត្តិខ្មែរក្រហមបាញ់ឆេះក្នុងអំឡុងពេលវាយប្រយុទ្ធគ្នា នៅសមរភូមិខេត្តស្វាយរៀង​ នៅធ្នូ ឆ្នាំ១៩៧៧  <br />
ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អំពីគ្រួសារ និងការសិក្សា

ឆាយ ម៉ឺន កើតនៅឆ្នាំ១៩៦៤ នៅភូមិត្រោយង ឃុំរាក់ជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។​ ម៉ឺន មានម្ដាយឈ្មោះ ទុយ ម៉ន និងឪពុកឈ្មោះ ឆាយ មិញ។​ ម៉ឺន​ មានបងប្អូន៧នាក់ ប៉ុន្ដែជាអកុសលបងប្រុសម្នាក់ឈ្មោះ ឆាយ ម៉ុត ត្រូវបានខ្មែរក្រហមសម្លាប់ក្រោមបទចោទថា ក្បត់អង្គការ ដោយសារបងប្រុសរបស់ ម៉ឺន នៅភូមិភាគបូព៌ាក្រោមការគ្រប់គ្រងរបស់ សោ ភឹម។  ម៉ឺន រៀនបានត្រឹមថ្នាក់ទី១០ (សង្គមចាស់)។​

សកម្មភាពមុនឆ្នាំ ១៩៧៥

បន្ទាប់ពីមានរដ្ឋប្រហារទម្លាប់សម្ដេច សីហនុ ឆ្នាំ ១៩៧០ ម៉ឺន បានឈប់រៀនដោយសារពេលនោះសាលារបស់ ម៉ឺន មិនមានគ្រូបង្រៀន។ ម៉ឺន បានជួយធ្វើកិច្ចការឪពុកម្ដាយ ហើយនៅឆ្នាំ១៩៧៤ ម៉ឺន ក៏បានចាប់ផ្ដើមចូលបម្រើបដិវត្តន៍ខ្មែរក្រហម ដែលនៅពេលនោះ ម៉ឺន បានបម្រើការងារជាកងឈ្លបឃុំ។ ម៉ឺន ធ្វើជាកងឈ្លបឃុំ បានរយៈពេល៦ខែ គាត់ត្រូវបានអង្គភាពបញ្ជូនឱ្យធ្វើការងារនៅយោធាស្រុកបាភ្នំ ដែលមាននាទីជាយុទ្ធជនតស៊ូប្រឆាំងនឹងរដ្ឋាភិបាល លន់ នល់។   នៅខែមីនា ឆ្នាំ ១៩៧៥ ម៉ឺន បានត្រូវរបួសក្នុងអំឡុងពេលប្រយុទ្ធជាមួយកងទ័ព លន់ នល់ នៅខាងកើតទន្លេ (ជិតអ្នកលឿង) ហើយគាត់ត្រូវបានបញ្ជូនឱ្យទៅសម្រាកនៅមន្ទីរពេទ្យអ្នកលឿង។

កងទ័ពបដិវត្តន៍ខ្មែរក្រហម កំពុងយាមការពារនៅតាមឆ្នេរសមុទ្រ <br />
ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាច (១៩៧៥-១៩៧៩)   

បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាច នៅឆ្នាំ១៩៧៥ ម៉ឺន ត្រូវបានបញ្ជូនឱ្យទៅធ្វើការពារនៅព្រំប្រទល់វៀតណាម ស្ថិតនៅក្នុងកងពល ៨០៥ ដែលមាន រីម ជាប្រធានកងពល។ ស្ថានភាពនៅព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិភាគបូព៌ា ឆ្នាំ១៩៧៥ ដល់ ១៩៧៦ មានការវាយប្រយុទ្ធគ្នាបន្ដិចបន្តួចនៅឡើយ។ ប៉ុន្តែ ចាប់ពីឆ្នាំ១៩៧៧ ដល់ ១៩៧៩​ នៅភូមិភាគបូព៌ា មានការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើងរវាងកងទ័ពបដិវត្តន៍ខ្មែរក្រហម និងកងទ័ពវៀតណាម ហើយកងទ័ពទាំងសងខាងបានបាត់បង់ជីវិតដូចគ្នា។​

នៅពាក់កណ្ដាលឆ្នាំ ១៩៧៧ ម៉ឺន ត្រូវបានខ្មែរក្រហមបញ្ជូនឱ្យទៅរៀនវិជ្ជាពេទ្យនៅខេត្តព្រៃវែង ​ រយៈពេលជិតមួយឆ្នាំ ទើបត្រឡប់ទៅព្យាបាលកងទ័ពនៅព្រំដែនវិញ។ ម៉ឺន នៅព្រំដែនបានមួយរយៈ ក៏កងទ័ពវៀតណាមវាយយកបានភូមិភាគបូព៌ា និងបានវាយជាបន្តបន្ទាប់រហូតដល់របបខ្មែរក្រហមដួលរលំ។

ជីវិតក្រោយរបបខ្មែរក្រហម និងក្រោយសន្ដិភាព

បន្ទាប់ពីរបបខ្មែរក្រហមត្រូវបានផ្ដួលរលំ នៅឆ្នាំ១៩៧៩ ម៉ឺន បានត្រឡប់ទៅរស់នៅស្រុកកំណើតវិញ។ នៅស្រុកកំណើតបានរយៈពេលមួយឆ្នាំ ម៉ឺន បានសម្រេចចិត្តចាកចេញពីស្រុកកំណើតទៅរកស៊ីនៅព្រំដែនខ្មែរថៃ ដោយសារមិនមានមុខរបររកស៊ីនៅស្រុកកំណើត និងមានជីវភាពខ្វះខាត។ ពេលទៅដល់ព្រំដែនខ្មែរឥថៃ ម៉ឺន បានរកស៊ីរត់ពន្ធលក់ក្រណាត់ សារុង និងបារី នៅជិតភ្នំឆ័ត្រ។

នៅឆ្នាំ១៩៨១ ម៉ឺន បានចូលបម្រើការងារជាពេទ្យរបស់កងទ័ពខ្មែរក្រហមនៅតំបន់ភ្នំឆ័ត្រ។ រហូតមកដល់ឆ្នាំ១៩៨៣ ម៉ឺន បានត្រឡប់ទៅបម្រើការងារជាពេទ្យ នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ នៅឆ្នាំ១៩៨៥ ម៉ឺន បានអាពាហ៍ពិពាហ៍តាមប្រពៃណីជាមួយ ឃួន អច​ ហើយប្រាំឆ្នាំក្រោយមក គាត់ក៏លាឈប់ពីខ្មែរក្រហម ដោយសារអស់ជំនឿចិត្តលើការដឹកនាំរបស់ខ្មែក្រហម។

សព្វថ្ងៃ ម៉ឺន​ មានកូន៧នាក់ (ប្រុស ៤ ស្រី ៣) រស់នៅឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយប្រកបការងារជាកសិករ និង ព្យាបាលជំងឺស្រាលៗដល់ប្រជាជននៅក្នុងភូមិតាមចំណេះដឹង និងបទពិសោធន៍ដែលគាត់ធ្លាប់រៀននៅក្នុងរបបខ្មែរក្រហម។

ឃាង សេងហឿន​ បុគ្គលិកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារកម្ពុជា

សិក្ខាសាលាពិគ្រោះយោបល់ស្តីពីកម្មវិធីសិក្សាលម្អិតលើមុខវិជ្ជាប្រវត្តិវិទ្យា ពីថ្នាក់ទី១០ ដល់ថ្នាក់ទី១២

នៅថ្ងៃទី២០​ ខែធ្នូ ឆ្នាំ២០១៧ សិក្ខាសាលាពិគ្រោះយោបល់ស្តីពីកម្មវិធីសិក្សាលម្អិតស្តីពីមុខវិជ្ជាប្រវត្តិវិទ្យាពីថ្នាក់ទី១០​ ដល់ថ្នាក់ទី១២ ដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន​ និងកីឡា និងមានការចូលរួមពីថ្នាក់ដឹកនាំ អគ្គនាយក អគ្គនាយរង ប្រធាននាយកដ្ឋាន សមាជិកអនុគណៈកម្មការមុខវិជ្ជាឯកទេសប្រវត្តិវិទ្យា និងបុគ្គលិកអង្គការជាដៃគូ មកពីមជ្ឈមណ្ឌលឯកសារកម្ពុជា​​ ត្រូវបានរៀបចំធ្វើឡើងនៅអគា​H នៃវិទ្យាស្ថានជាតិអប់រំ ក្រុងភ្នំពេញ។

ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

នៅក្នុងឱកាសចាប់ផ្តើមបើកសិក្ខាសាលាពិគ្រោះយោបល់នេះ ឯកឧត្តមបណ្ទិតសភាចារ្យ ហង់ ជួន ណារ៉ុន មានប្រសាសន៍ថា កំណែទម្រង់កម្មវិធីសិក្សាស្តីពីមុខវិជ្ជាប្រវត្តិវិទ្យា បានចាប់ផ្តើមធ្វើជាយូរឆ្នាំ​មកហើយ គឺចាប់តាំងពីឯកឧត្តមចូលធ្វើជារដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា​ ដំបូង។ រហូតមកដល់ពេលនេះ ជាការសម្រេចចុងក្រោយ ថាយើងនឹងព្រមព្រៀងលើចំណុចអ្វីខ្លះក្នុងកម្មវិធីសិក្សាប្រវត្តិវិទ្យានេះ។ កម្មវិធីសិក្សាប្រវត្តិវិទ្យានេះ នឹងសរសេរតាមកម្មវិធីសិក្សាប្រវត្តិវិទ្យារបស់ប្រទេសសិង្ហបុរី ដោយមានការឯកភាពពីគណៈកម្មាធិការប្រវត្តិវិទ្យាកម្ពុជា។ គណៈកម្មាធិការនេះ នឹងពិនិត្យទៅលើមាតិកាប្រវត្តិសាស្រ្តមួយចំនួនដែលនៅសេសសល់ និង ការប្រើពាក្យបច្ចេកទេសមួយចំនួនទៀត។​ ឯកឧត្តម ក៏បានរំឭកអង្គប្រជុំឲ្យប្រើប្រាស់វចនានុក្រម សម្តេច ជូ ណាត ជាគោល និងបកស្រាយពាក្យបច្ចេកទេសទាំងអស់ឲ្យ​លម្អិត ដើម្បីជួយសម្រួលដល់លោកគ្រូអ្នកគ្រូក្នុងការបង្រៀនសិស្សានុសិស្ស។ ឯកឧត្តម ក៏បានលើកឡើងនៅក្នុងអង្គប្រជុំថា សៀវភៅស្តីពីកម្មវិធីសិក្សាប្រវត្តិវិទ្យានេះនឹងបោះពុម្ពក្នុងអំឡុងពេល៥ខែខាងមុខ​ និងបញ្ចូលក្នុងកម្មវិធីសិក្សា ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២។

នៅពេលរសៀល អង្គសិក្ខាសាលាពិគ្រោះយោបល់ ដែលមានការចូលរួមពីសមាជិកអនុគណៈកម្មការមុខវិជ្ជាឯកទេសប្រវត្តិវិទ្យា នាយកសាលា ប្រធានក្រុមបច្ចេកទេសមុខវិជ្ជាប្រវត្តិវិទ្យា និងលោកគ្រូអ្នកគ្រូមុខវិជ្ជាឯកទេសនៃរាជធានីភ្នំពេញ បានពិនិត្យមើលលម្អិតទៅលើកម្មវិធីសិក្សាមុខវិជ្ជាប្រវត្តិវិទ្យាពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ និងការកែលម្អកម្មវិធីសិក្សាប្រវត្តិវិទ្យានេះ។ បន្ទាប់មក អង្គសិក្ខាសាលាពិគ្រោះយោបល់នេះ ក៏បានធ្វើការបែងចែកជាក្រុមពិភាក្សា និងធ្វើបទបង្ហាញតាមក្រុមនីមួយៗ ដោយ ក្រុមបឋមសិក្សា​ ដឹកនាំដោយលោក មួង​ សុផាត,​ ក្រុមអនុវិទ្យាល័យ ដឹកនាំដោយលោក ចេង ហុង និងក្រុមវិទ្យាល័យ ដឹកនាំដោយ បណ្ឌិត វង់ សុធារ៉ា។

នៅក្នុងការពិភាក្សានេះ លោក ចេង ហុង សាស្រា្តចារ្យនៅវិទ្យាស្ថានជាតិអប់រំ បានធ្វើបទបង្ហាញស្តីពីការធ្វើកិច្ចតែងការបង្រៀនថ្មីដើរតាមប្រព័ន្ធសិក្សាសតវត្សរ៍ទី២១។ លោកបានលើកឧទាហរណ៍​ ស្តីពីការធ្វើកិច្ចតែងការបង្រៀន អំពីមេរៀន ប្រវត្តិសាស្រ្តពិភពលោក ដោយបានបែងជាបីផ្នែក  គឺ ១) ប្រធានបទសិក្សាបញ្ញត្ត (ពាក្យគន្លឹះ ឬ មេរៀន) ២) បុច្ឆនសិក្សា​ (ការសិក្សាដោយខ្លួនឯង ដោយមានការសម្របសម្រួលពីគ្រូ ហើយសិស្សអាចបង្កើតសំណួរ និងចម្លើយដោយខ្លួនឯង និង ៣) លទ្ធផលសិក្សារំពឹងទុក (ឬចំណោលសិក្សា ដែលជាផែនការរំពឹងទុកនៅពេលបង្រៀន)។ បន្ទាប់ពីការធ្វើបទបង្ហាញនេះក៏មានការឯកភាពពីលោកគ្រូ អ្នកគ្រូ នៅតាមវិទ្យាល័យនានាក្នុងក្រុងភ្នំពេញដែលជាសមាជិក។ កម្មវិធីបានបញ្ចប់នៅពេលរសៀល ដោយមានការបូកសរុបលទ្ធផលរួមនៃការពិគ្រោះយោបល់។

សោម ប៊ុនថន បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា

ពិធីសម្ពោធសៀវភៅ “រាជវង្សានុវង្សកម្ពុជា”

រូបថត៖ អូច មករា <br />
ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

សៀវភៅថ្មីដែលរៀបរាប់អំពី​រាជវង្សនៃប្រទេសកម្ពុជា​ ដែលសរសេរឡើងដោយឯកអគ្គរាជទូត បណ្ឌិត​ ហូលីយ៉ូ ជែលដ្រេស (Julio A. Jeldres) អតីតលេខាផ្ទាល់ និងជាអ្នកសរសេរប្រវត្តិរបស់សម្តេចព្រះបាទនរោត្តមសីហនុ នឹងត្រូវបានបើកសម្ពោធជាផ្លូវការនៅព្រះបរមរាជវាំង នាថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ២០១៧ ក្រោមព្រះរាជវត្តមានព្រះបាទសម្តេច នរោត្តម សីហមុនី និងសម្តេចម៉ែ ព្រះបរមនាថ សីហនុ ។

រូបថត៖ អូច មករា <br />
ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

សៀវភៅកម្រាសប្រមាណជាង ៣០០​ ទំព័រ ដែលបន្ថែមនូវព័ត៌មានថ្មីៗដែលសរសេរដោយ ឯកអគ្គរាជទូត បណ្ឌិត ហូលីយ៉ូ ជែលដ្រេស នាឆ្នាំ២០០៣​ មានផ្ទុកនូវជំពូកថ្មីរបស់ព្រះបាទនរោត្តម​ សីហមុនី និងសមាជិកជាន់ខ្ពស់ដែលជាខ្សែស្រឡាយរាជវង្ស ក៏ដូចជាព្រះរាជនត្តាដែលធ្វើការនៅក្នុងប្រទេសកម្ពុជា។ ជំពូកថ្មីនេះ ក៏មានផ្ទុកនូវព័ត៌មានទាក់ទងអំពីអតីតព្រះមហាក្សត្រអង្គមុនៗដែលជាប់សែស្រឡាយ ព្រះបាទអង្គដួង ដែរ។

រូបថត៖ អូច មករា <br />
ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

កម្មវិធីសម្ពោធនេះ មានការចូលរួមពីភ្ញៀវប្រមាណ៧០នាក់​ រួមមាន អ្នកឧបត្ថម្ភការបោះពុម្ពសៀវភៅ ព្រះសង្ឃមកពីប្រទេសជប៉ុន ភ្ញៀវបរទេស និងមន្រ្តីមកពីស្ថានទូតចិន។

អ៊ុយ ប៉េងឡេង នាទីជំនួយការវរសេនាធំ៣៣ កងពល៧០៣

អ៊ុយ ប៉េងឡេង ភេទប្រុស មានស្រុកកំណើតនៅភូមិថ្មី ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល។ គាត់មានឪពុកឈ្មោះ អ៊ុយ សយ និងម្តាយឈ្មោះ អៀង ទៀង។ ប៉េងឡេង បានចូលបដិវត្តន៍នៅខែឧសភា ឆ្នាំ១៩៧០។ សេចក្តីកំណត់ហេតុអំពីប្រវត្តរបស់ អ៊ុយ ប៉េងឡេង មានចំនួនសរុប៨២ទំព័រ ព្រមទាំងមានស្នាមផ្តិតមេដៃសាម៉ីខ្លួន ដែលបានរៀប រាប់អំពីសកម្មភាពប្រឆាំងបក្សកុម្មុយនីស្តកម្ពុជាចាប់តាំងពីឆ្នាំ១៩៧០ រហូតដល់ថ្ងៃអង្គការ ចាប់ខ្លួន​បាននៅថ្ងៃទី២៧ ខែសីហា​ ឆ្នាំ១៩៧៧។

គ្រែសម្រាប់ឲ្យអ្នកទោសដេកនៅក្នុងបន្ទប់ឃុំឃាំងនៃមន្ទីរសន្តិសុខស-២១ ហើយដើម្បីការពារអ្នកទោសដែលមានបំណងលួចរត់គេចខ្លួន ឆ្មាំគុកបានដាក់ខ្នោះជើងអ្នកទោសភ្ជាប់ទៅគ្រែថែមទៀត។ រូបថត៖ សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង
ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

សេចក្តីសង្ខេបដែលដកស្រង់ចេញពីចមើ្លយសារភាពរបស់ អ៊ុយ ប៉េងឡេង មានដូច​ខាងក្រោម៖

អ៊ុយ ប៉េងឡេង​ បានចូលបដិវត្តន៍ដំបូងមាននាទីជាកងឈ្លប នៅឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល។ កន្លះខែក្រោយមក ប៉េងឡេង បានផ្លាស់ទៅធ្វើជាឈ្លបស្រុក១៨ ក្រោម ការដឹកនាំរបស់ជនជាតិយួន​ម្នាក់ឈ្មោះ វ៉ាង អាង។ ប៉េងឡេង បានធ្វើការនៅទីនោះ ប្រហែលពីរខែ វ៉ាង អាង បានណែនាំគាត់ឲ្យរៀនអក្សរយួន និងនិយាយភាសាយួន ម្យ៉ាងទៀតត្រូវដឹងគុណបំណាច់ចំពោះជនជាតិយួនដែលបានជួយរំដោះទឹកដីកម្ពុជា។ ក្រោយមក ប៉េងឡេង អាចប្រើប្រាស់ភាសាយួនបានបន្តិចបន្តួច។ បន្ទាប់មក​ ចាន់ ស៊ីថន ជាគណៈស្រុកកោះធំ បានហៅ ប៉េងឡេង ឲ្យទៅរៀនបច្ចេកទេសនៅវត្តព្រែកឬស្សី ក្នុង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល។ ប៉េងឡេង បានបញ្ជាក់ថា កាលរៀននៅ សាលាបច្ចេកទេស មានសិស្សចូលរួមប្រហែល៥០នាក់។ អ្នកដែលបង្ហាត់បង្រៀន កាល នោះ គឺជាជនជាតិយួនមានឈ្មោះ សៅ ភាង។ ចំពោះវគ្គសិក្សាមានរយៈពេលជិត មួយខែ។

ក្រោយពេលបញ្ចប់វគ្គសិក្សា ប៉េងឡេង បានឃើញ ចាន់ ស៊ីថន ចងទង់សញ្ញា ញញួរ​ និងកណ្តៀវ ដែលមានពណ៌ក្រហមទៀតផង។ ក្រោយមក ចាន់ ស៊ីថន បាន ប្រកាសបិទវគ្គសិក្សា រួចហើយគាត់បានឲ្យ ប៉េងឡេង និងសិស្សទាំងអស់នោះ ធ្វើ សច្ចាប្រណិធានចំពោះទង់ពលករវៀតណាម។ ចាន់ ស៊ីថន ជាអ្នកសូត្រមុន រីឯអ្នកទាំង អស់នោះជាអ្នកសូត្រតាមក្រោយ ដោយប្រើពាក្យថា ប្តេជ្ញា ស្មោះត្រង់ចំពោះទង់បក្សពល ករវៀតណាម គោរពស្រឡាញ់ និងសាមគ្គីភាពជាមួយជនជាតិវៀតណាម ដែលបាន រំដោះនូវទឹកដីកម្ពុជា។ រហូតដល់ខែវិច្ឆិកា ឆ្នាំ១៩៧០ ជនជាតិវៀតណាម-ខ្មែរ បានបែក​បាក់សាមគ្គីភាពគ្នា។ ក្រោយពីការបែកបាក់ វ៉ាង អាង ជាអ្នកដឹកនាំក្នុងអង្គភាពឈ្លប បានណែនាំថា​​ តំបន់២៥ គឺជាតំបន់ សេអ៊ីអា ឬជាតំបន់របស់បក្ខពួក លន់ នល់។ បក្ស លន់ នល់​ បានបង្កើតតំបន់នេះឡើង គឺដើម្បីជិះជាន់ប្រជាជនដណ្តើមដីរំដោះ។ ពេលនោះ វ៉ាង អាង បានណែនាំបន្ថែមថា​ យើងត្រូវរៀបចំផែនការកម្ទេចតំបន់២៥ ចោល។ មួយរយៈ ក្រោយមក បងរបស់ ប៉េងឡេង បានមកយក ប៉េងឡេង ឲ្យទៅនៅផ្ទះវិញ រហូត ដល់ខែកុម្ភៈ ឆ្នាំ១៩៧១ ប៉េងឡេង ក៏បានចូលបដិវត្តន៍ម្តងទៀត នៅក្នុងកងទ័ពតំបន់២៥ កងអនុសេនាធំគ២។

ក្រោយពេលចូលបដិវត្តន៍ ប៉េងឡេង បានទទួលភារកិច្ចខាងសេដ្ឋ កិច្ច។ កន្លះខែក្រោយមកអង្គភាពអនុសេនាធំគ២នេះក៏បានរំសាយ រួចរៀបចំជាបីអនុ សេនាធំ ពេលនោះ ប៉េងឡេង បានមករស់នៅក្នុងសេដ្ឋកិច្ចរួមតំប​ន់ ក្រោមការដឹកនាំរបស់​ សុខ។ ក្រោយមក សុខ បានហៅ ប៉េងឡេង និងអ្នកផ្សេង១៤នាក់ទៀត​ ដើម្បី​ធ្វើការ​ណែនាំមានដូចជា៖ លើកអំពីបញ្ហារបស់បក្សសឺនសាន​​ថាក្រុមនេះគឺ សុទ្ធតែល្មោភ​បុណ្យស័ក ឬចង់ដណ្តើមរដ្ឋអំណាចនៅតំបន់ ម្យ៉ាងទៀតត្រូវធ្វើបដវត្តន៍ ដើម្បីបុណ្យស័ក ប្រាក់ខែ ឬសិទ្ធិសេរីភាពចំពោះខ្លួន និងត្រូវជួយលើកឥទ្ធិពលចំពោះ សុខ ផ្ទាល់ ដើម្បី​ឲ្យអ្នកដទៃឃើញគាត់ជាមនុស្សល្អត្រឹមត្រូវនៅក្នុងតំបន់។​ បន្ទាប់មក ប៉េងឡេង បាន​ធ្វើសកម្មភាពជាក់ស្តែងនៅក្នុងឃុំកំពង់ស្វាយលើ ដោយធ្វើការឃោសនាអំពីឥទ្ធិពល របស់​ សុខ និងបំបាត់នូវឥទ្ធិពលក្រុមដែលមកពីហាណូយ ជាពិសេស​ សូ ពុំ និង សឺន សាន។ លុះត្រាតែប្រជាជនមានភាពកក់ក្តៅទៅលើ​ សុខ រួចហើយ ប៉េងឡេង នឹងផ្អាក ធ្វើសកម្មភាពនេះ។ នៅខែឧសភា ឆ្នាំ១៩៧១ សុង លី បានយក ប៉េងឡេង មកធ្វើសេដ្ឋកិច្ច នៅកងអនុសេនាធំគ១៩៥ ( សុង លី គឺជាសមាជិកម្នាក់ ក្នុងចំណោមអ្នកទាំង១៤នាក់ ខាងលើ ដែលត្រូវបាន សុខ ហៅមកណែនាំ)។ ក្រោយមក សុង លី បានណែនាំ ប៉េងឡេង ជាបន្តបន្ទាប់ រីឯ ប៉េងឡេង ផ្ទាល់ បានធ្វើសកម្មភាពបបួលប្រជាជននៅភូមិត្រែង ស្រុក ស្អាង រាំច្រៀងសប្បាយ​ធ្វើឲ្យប្រជាជនទាំងនោះមិនគិតពីបញ្ហាអ្វីទាល់តែសោះ។

ឯសកម្ម ភាពម្យ៉ាងទៀតរបស់ ប៉េង ឡេង គឺបានលួចកិបកេងប្រាក់ខែរបស់យុទ្ធជន ឬកម្មាភិបាល ប្រចាំខែ ដោយយកទៅទិញនំចំណីសម្រាប់បុគ្គលផ្ទាល់ខ្លួន។ មកដល់ខែមិថុនា ក្នុងឆ្នាំ ១៩៧១ដដែល សុង​ លី បានឃើញសកម្មភាពរបស់ ប៉េងឡេង មមាញឹក និងធ្វើបានល្អ ជាបន្តបន្ទាប់ ពេលនោះ គាត់បានចាត់តាំង ប៉េងឡេង ធ្វើជាសមាជិក ស៊ីអាយអេ។ បន្ទាប់មក សុង លី បានធ្វើការណែនាំ ប៉េងឡេង អំពីភារកិច្ចរបស់ ស៊ីអាយអេ មានដូចជា ត្រូវបង្កប់ ស៊ីរូងផ្ទៃក្នុងបដិវត្តន៍ តាមរូបភាពផ្សេងៗដោយស្របច្បាប់របស់បដិវត្តន៍  ម្យ៉ាង ទៀតកសាងកម្លាំង ស៊ីអាយអេ នៅក្នុងជួរបដិវត្តន៍ ដើម្បីពង្រីកកម្លាំងនេះ សម្រាប់ត្រៀម វាយបដិវត្តន៍ នាពេលខាងមុខ និងត្រូវបំផុសយុទ្ធជន ឬកម្មាភិបាលឲ្យចេះសប្បាយ ភ្លើតភ្លើនពីមុខមាត់ បុណ្យស័ក និងបំផ្លិចបំផ្លាញផលប្រយោជន៍បដិវត្តន៍។​ ក្រោយពីទទួល ការណែនាំរួចហើយ ប៉េងឡេង បានធ្វើសកម្មភាពទាំងនោះ ជាបន្តបន្ទាប់ រហូតដល់ ខែសីហា ក្នុងឆ្នាំដដែល អង្គភាពអនុសេនាធំគ១៩៥ បានផ្លាស់មកនៅប្រចាំការ ដើម្បីទប់ ទល់ជាមួយខ្មាំង ដែល មាន​ទីតាំងនៅម្តុំស្រុកស្អាង។ ពេលនោះ ប៉េងឡេង បានធ្វើ សកម្មភាពធ្វើឲ្យបាត់លុយកាក់របស់អង្គការ​ ដោយភូតកុហក់ថា លុយបានធ្លាក់ចូល ទៅក្នុងទឹក។ អំឡុងពេលនោះ ប៉េងឡេង បានកសាងកម្លាំង សេអ៊ីអា ពីរនាក់បន្ថែមទៀត ១) ឈ្មោះ សឺម ម៉ាន (នៅក្នុង ស-២១) ២) ឈ្មោះ រដ្ឋ (អង្គការកម្ទេចចោលនៅមូលដ្ឋាន ២៥)។ បន្ទាប់មក ប៉េងឡេង បានណែនាំ អ្នកទាំងពីរឲ្យធ្វើសកម្មភាព គឺត្រូវចូលទៅបង្កប់ ខ្លួននៅក្នុងជួរបដិវត្តន៍ និងត្រូវ​កសាង កម្លាំងថ្មីបន្ថែមទៀត។

នៅឆ្នាំ១៩៧២ អង្គការបានដកអង្គភាពអនុសេនាធំ១៩៥ ចេញពីតំបន់ ហើយបាន​បញ្ចូលទៅក្នុងអង្គភាពវរសេនាតូច១១២ ប្រចាំភូមិភាគពិសេសនៅខាងត្បូងភ្នំពេញ។ នៅ ខែមករា ក្នុងឆ្នាំដដែល ប៉េងឡេង បានធ្វើសកម្មភាពធ្វើឲ្យខូចអង្ករអស់៩បាវ ដោយធ្វើឲ្យ លេចទឹកខូច បណ្តាលឲ្យខ្វះស្បៀងដល់កងទ័ព។ សកម្មភាពនេះ ប៉េងឡេង ធ្វើចាប់តាំង ពីខែ​មករា ដល់ខែមេសា រហូតដល់ ប៉េងឡេង ធ្លាក់ខ្លួនឈឺ។ បន្ទាប់មក ប៉េងឡេង បានសម្រាកនៅមន្ទីរពេទ្យកំពង់គ។ ខណៈនោះ ប៉េងឡេង បានធ្វើសកម្មភាព ជេរប្រមាថ ពេទ្យសព្វគ្រប់បែបយ៉ាង និងបានរិះគន់អំពីបញ្ហាហូបចុក មិនព្រមគោរពវិន័យពេទ្យ ធ្វើឲ្យ មានទំនាស់នៅក្នុងមន្ទីរពេទ្យ ដើម្បីឲ្យមានភាពស្មុគ្រស្មាញ ឲ្យអង្គការពិបាកដោះស្រាយ ។ មួយរយៈក្រោយមក ប៉េងឡេង បានវិលត្រឡប់មកអង្គភាពវិញ រួចអង្គការបានស្នើ សុំកងកម្លាំងនៅក្នុងអង្គភាពអនុសេនាធំ១៩៥ ប្រាំពីរនាក់ដើម្បីឲ្យទៅរៀនស៊ើបការ ក្នុងនោះ មាន ប៉េងឡេង ម្នាក់ដែរ។ មុននឹងទៅរៀនសូត្រ​ សុង លី បានណែនាំអ្នកទាំង ប្រាំពីរ នាក់នោះថា ត្រូវបង្ករទំនាស់ជាមួយអ្នកដែលទៅចូលរៀនជាមួយគ្នា បំផុសឥទ្ធិពល របស់ សុខ ដើម្បីឲ្យសិក្ខាកាមទាំងអស់នៅក្នុងសាលាបានដឹង និងបំផុសអំពីបញ្ហាមុខមាត់ បុណ្យ ស័កនៅក្នុងសាលា។ ក្រោយមក ប៉េងឡេង និងបក្ខពួកបានទៅរៀនបច្ចេកទេស ស៊ើបការនេះ ដែលមានទីតាំងស្ថិតនៅខាងត្បូងវត្តខ្ពប ឃុំខ្ពប ស្រុកស្អាង។ ក្រោយពីបាន ទៅដល់កន្លែងសិក្សារួចមក ប៉េងឡេង និងបក្ខពួកបានធ្វើសកម្មភាពដូចដែល សុង លី​​ បានរៀបរាប់ខាងលើ ប៉ុន្តែសិក្ខាកាមទាំងអស់មិនសូវខ្វល់ពីការបំផុសរបស់ ប៉េងឡេង​ និង បក្ខពួកឡើយ ដោយអ្នកទាំងនោះយល់ថា ឈ្មោះ សុខ នេះ ពួកគេធ្លាប់ស្គាល់ធាតុពិត រួចមកហើយ។

ទន្ទឹមនេះ ប៉េងឡេង និងសមាជិកក្រុមបានធ្វើសកម្មភាពបង្ករទំនាស់ ធ្វើឲ្យ បែកបាក់សាមគ្គីភាព ដោយលើកហេតុផលថា អង្គភាពនេះមិនល្អ អង្គភាពនោះមិនល្អ រួចលើកអង្គភាពរបស់ខ្លួន ដាក់អង្គភាពដទៃ ធ្វើឲ្យគណៈសាលាពិបាកដោះស្រាយ។ ​ក្រោយពេល ប៉េងឡេង បញ្ចប់វគ្គសិក្សារយៈពេលជិតពីរខែ រហូតដល់ចុងខែមិថុនា ក្នុងឆ្នាំ១៩៧២ អង្គការបានបិទសាលារៀនបច្ចេកទេសស៊ើបការតំបន់២៥នេះ រួចអង្គការ​បានបើកសមរភូមិ ខាងកើតទន្លេបាសាក់ សមរភូមិប៉ារ៉ែន ព្រែកតាជ័រ ព្រែកតានុក និង​សមរភូមិព្រែកតាតិន។ ចំពោះសកម្មភាពរបស់ ប៉េងឡេង វិញ នៅក្នុងសមរភូមិអង្គការ​បាន ចាត់ តាំងគាត់ឲ្យយក មីនទៅផ្តាច់របងនៅសមរភូមិព្រែកតាជ័រ។ ប៉ុន្តែ កាលនោះ ប៉េងឡេង បានធ្វើឲ្យមីនមិនផ្ទុះ រីឯរបងក៏មិនដាច់ បណ្តាលឲ្យកងទ័ពសម្រុកចូលមិនដល់​ទីតាំង ហើយផែនការរបស់អង្គការក៏ត្រូវបានបរាជ័យ។ បន្ទាប់ពីធ្វើសកម្មភាពនេះរួចមក ប៉េងឡេង បានជួប សុង លី ហើយបានពិភាក្សាគ្នាអំពីបញ្ហាផ្ទៃក្នុង និងរៀបចំផែនការខ្លះៗ ដើម្បីប្រឆាំងនឹងបដិវត្តន៍បន្តទៅទៀត។ មួយរយៈក្រោយមក ប៉េងឡេង បានឮដំណឹងថា សុង លី បានស្លាប់ ចំពោះខ្សែរយៈរវាង ប៉េងឡេង និង សុង លី ក៏ត្រូវបានដាច់ចាប់ តាំងពីពេលនោះមក។ រីឯអង្គភាពស៊ើបការវិញ​ ក៏ត្រូវបានបញ្ឈប់ឲ្យធ្វើសកម្មភាពនៅ ខាងកើតទន្លេបាសាក់ ​រួចផ្លាស់មកនៅក្នុងតំបន់១៥វិញ។​ ចំពោះការមករស់នៅក្នុងតំបន់ ១៥ ប៉េងឡេង បានធ្វើការខាងក្រោយឈូងលាប នៅត្រើយខាងលិច​ទន្លេបាសាក់។ ពេលនោះ ប៉េងឡេង បាន បន្តសកម្មភាព ធ្វើឲ្យការជម្លៀសប្រជាជនរបស់អង្គការមានការ យឺតយ៉ាវ ដោយភូតកុហក់ថា នៅម្តុំឈូងលាបមានខ្មាំង និងទាហានជាច្រើនដែលធ្វើឲ្យ ការជម្លៀសប្រជាជនមានការលំបាក។ រហូតដល់ខែមីនាឆ្នាំ១៩៧៣ អង្គការមានផែនការ វាយនៅថ្នល់ជាតិ២១ ពេលនោះ ប៉េងឡេង​ បានជួប​ជាមួយឈ្មោះ ពិសេស ផល់។

បន្ទាប់មក ផល់ បានណែនាំ ប៉េងឡេង អំពីភារកិច្ចដែលត្រូវធ្វើ នៅពេលដែលអង្គការ ចាប់ផ្តើមវាយនៅផ្លូវជាតិ២១ គឺត្រូវឲ្យគាត់ទៅទាក់ទងជាមួយ នី (អនុលេខាវរសេនាតូច ៧០៦ ក្នុងកងពល៧០៣) និង ភា (វរសេនាតូច៧០៥ ក្នុងកងពល ៧០៣)។ ចំពោះ​ការទាក់ ទងរវាងអ្នកទាំងពីរនេះ គឺដើម្បីឲ្យការវាយសម្រុករបស់អង្គការ ប្រព្រឹត្តិទៅមិន​បាន សម្រេច។ បន្ទាប់មក ប៉េងឡេង, នី និង ភា បានធ្វើសកម្មភាពនេះរហូតមកដល់​ខែមិថុនា ឆ្នាំ១៩៧៣ដដែល។ អំឡុងពេលនោះ អង្គការបានបញ្ឈប់ការវាយនៅផ្លូវជាតិ២១ រួចបានផ្លាស់មកវាយនៅផ្លូវជាតិលេខ២ នៅសមរភូមិស្ពានរលួយ។​​ ពេលនោះ ប៉េងឡេង បានធ្វើសកម្មភាពដោយត្រួតពិនិត្យមើលទីតាំងដែលត្រូវវាយ រួចប្រាប់អង្គការថាមើលមិន ច្បាស់ នាំឲ្យកងទ័ពវាយសម្រុកចូលទៅ បណ្តាលឲ្យកងទ័ពស្លាប់ជាច្រើន។  រហូតដល់​ខែ កក្កដា ឆ្នាំ១៩៧៤ ប៉េងឡេង បានជួបជាមួយឈ្មោះ សឿន។ ពេលនោះ សឿន បាន និយាយណែនាំ ប៉េងឡេង ថា ត្រូវបង្កប់ខ្លួនបន្តទៀត ដើម្បីស៊ីរូងផ្ទៃក្នុងរបស់បដិវត្តន៍ ឲ្យកាន់តែស៊ីជម្រៅ និងត្រូវខិតខំកសាងខ្លួនឲ្យបដិវត្តន៍ជឿទុកចិត្ត។

ពាក់កណ្តាល ខែកក្កដា អង្គការបានចាត់តាំង ប៉េងឡេង និង សឿន ឲ្យទៅរៀនខាងផ្នែកនយោបាយ ដែលមានរយៈពេលមួយខែ។ ក្រោយពេលបញ្ចប់វគ្គសិក្សាខ្លីមួយនេះ អង្គការបានប្រគល់ ភារកិច្ចឲ្យ ប៉េងឡេង យកកាំជ្រួច១០៧ទៅបាញ់ទម្លាក់នៅម្តុំពោធ៌ិចិនតុង នៅវត្ត​ពុទ្ធនិព្វាន ក្នុងតំបន់១៥។ ក្រោយពេល ប៉េងឡេង ធ្វើសកម្មភាព នេះរួចមកអង្គការ បានហៅ​គាត់​មកអង្គភាពនៅទន្លេបាសាក់វិញ។ ​នៅពេលដែលគាត់ត្រឡប់មកដល់ អង្គភាព អង្គការបានចាត់តាំងគាត់​ឲ្យទៅពិនិត្យមើលនៅសមរភូមិម្តុំ ទួលសុភី ដើម្បីរៀបផែនការ​វាយកម្ទេចទីតាំងនោះ។ រីឯ ប៉េងឡេង វិញនៅតែ បន្តកុហក់អង្គការដូចកាលមុនៗ ដោយ​ពិនិត្យ​​មើលមិនច្បាស់ ធ្វើឲ្យវាយសម្រុកមិនបានសម្រេច។ រហូតដល់ឆ្នាំ១៩៧៥ ប៉េងឡេង បានកសាងកម្លាំងថ្មីបានពីរនាក់ទៀត ឈ្មោះ វ៉ាង (ស-២១) និង ភន (ស-២១) រួចគាត់បានបញ្ចូលអ្នកទាំងពីរជាសមាជិក សេអ៊ីអា។ បន្ទាប់មក ប៉េងឡេង បានណែនាំ អ្នកទាំងពីរអំពីគោលជំហររបស់ សេអ៊ីអា គឺត្រូវស៊ីរូងផ្ទៃក្នុងបដិវត្តន៍ កសាងកម្លាំងនៅក្នុង ជួរបដិវត្តន៍ វាយបដិវត្តន៍នៅពេលបក្ខពួកគេមិនដឹងខ្លួន និងធ្វើសកម្មភាពបំផ្លិចបំផ្លាញ បដិវត្តន៍។​ ដល់ខែមីនា​ ឆ្នាំដដែល អង្គការបានចាត់តាំង ប៉េងឡេង​ ឲ្យទៅជួយធ្វើការ នៅក្នុងអនុសេនាធំមួយទៀត ក្នុងអង្គភាពវរសេនាតូចដដែល។

ប៉េងឡេង បានធ្វើការនៅក្នុងអង្គភាពនោះបានមួយរយៈ អង្គការក៏ចាត់តាំងគាត់ មកនៅអង្គភាពចាស់វិញ។ ដោយ ពេលនោះ អង្គការបានប្រគល់ភារកិច្ចថ្មីមួយទៀតនៅផ្លូវជាតិលេខ២។ បន្ទាប់មក ប៉េងឡេង បានចុះត្រួតពិនិត្យមើលសកម្មភាពខ្មាំងអស់រយៈពេលកន្លះខែ រួចហើយរាយ ការណ៍ទៅអង្គការ។ ពេលនោះ អង្គការចាប់ផ្តើមវាយរំដោះទីក្រុងភ្នំពេញ រហូតដល់ខ្មែរ ក្រហមទទួលបានជ័យជម្នះនៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥។ អំឡុងពេលនោះ ប៉េងឡេង បានត្រូវរបួសហើយបានសម្រាកនៅពេទ្យព្រែកថ្មី ក្នុងភូមិភាគពិសេស​អស់រយៈពេលមួយ ខែ។ ពេលនោះ ប៉េងឡេង បានជួបជាមួយ ផល់ ហើយបានពិភាក្សាគ្នាអំពីបញ្ហា ផ្ទៃក្នុងខ្លះៗ ទន្ទឹមនេះ ផល់ បានរាយការណ៍ប្រាប់ ប៉េងឡេង ថា បច្ចុប្បន្ន សុខ មានផែន ការធ្វើបាតុកម្មក្នុងខែកក្កដា ឆ្នាំ១៩៧៥នេះ ដោយមានផែនការដណ្តើមរដ្ឋអំណាចនៅ ទីក្រុងភ្នំពេញ ដែលត្រូវប្រើកម្លាំងមូលដ្ឋានតំបន់២៥ គឺកម្លាំងរបស់ សុខ ដែលនៅ ភូមិភាគពិសេស ម្យ៉ាងទៀត គាត់បានបញ្ជាក់ប្រាប់ថា ប្រសិនបើ ប៉េងឡេង មានកម្លាំង ប៉ុន្មានគឺគាត់ស្នើសុំឲ្យរៀបត្រៀម ដើម្បីគាំទ្របាតុកម្មខាងមុខនេះ។ មួយរយៈក្រោយមក ប៉េងឡេង បានចេញពីមន្ទីរពេទ្យ មិនបានប៉ុន្មានថ្ងៃ ក៏ឮដំណឹងថា អង្គការមានវិធានការ ចាប់​ សុខ ដោយអង្គការស៊ើបដឹងថា សុខ ជារនុកក្នុងធ្វើការប្រឆាំងនឹងបដវត្តន៍ ចំពោះ ប៉េងឡេង វិញ ក៏បានដាច់ខ្សែរយៈជាមួយ សុខ ចាប់តាំងពីពេលនោះមក។ ដល់ខែមិថុនា ឆ្នាំ១៩៧៥ដដែល អង្គការបានចាត់តាំង ប៉េងឡេង ឲ្យមកនៅក្នុងអង្គភាពថ្មើរជើង ក្នុងកងវរសេនាតូច២៦៥ វរសេនាធំ២៧០ កងពល១២។ កាលនោះ ប៉េងឡេង បានជួប ឈ្មោះ ខាត់ នាទីលេខាវរសេនាតូច និង ឈុន នាទី វរសេនាធំ។ បន្ទាប់មក ឈុន បានបើកអង្គប្រជុំពិភាក្សាមួយ ដោយលើកអំពីភារកិច្ចដែល ត្រូវធ្វើប្រឆាំងនឹងបដិវត្តន៍ គឺត្រូវពិនិត្យមើលសភាពការរបស់បដិវត្តន៍ ឬការកសាងកម្លាំង នៅក្នុងកងទ័ព និងពិនិត្យ មើលអំពីបញ្ហាផ្សេងៗ។ ខណៈនោះ ខាត់ បានលើកឡើងថា កម្លាំងរបស់គាត់មានពីរ នាក់ទៀត ១) ឈ្មោះ ផល្លី នាទីអនុសេនាធំ នៅក្នុងកងវរសេនាតូច២៦៥ បច្ចុប្បន្ននៅ ស-២១ ២) ឈ្មោះ គីម នាទីអនុសេនាធំនៅក្នុងវរសេនាតូច​៧០៦ កងពល៧០៣។ ក្រោយពេលពិភាក្សាគ្នាចប់ ឈុន ក៏បានប្រកាសបិទអង្គប្រជុំ។

នៅចុងខែសីហា ឆ្នាំ១៩៧៥​ អង្គការបានផ្លាស់ ប៉េងឡេង ឲ្យមកនៅអង្គភាពវរសេនាតូច១៤៣ ដោយ ប្រគល់ភារកិច្ចឲ្យធ្វើស្រែនៅគោកអំពិល។ ពេលនោះ ប៉េងឡេង បានកសាងកម្លាំងថ្មី ៦នាក់បន្ថែមទៀត ១) ឈ្មោះ ប៉ូច នាទីអនុសេនាធំ បច្ចុប្បន្ននៅ​ ស-២១ ២) ជន​ នៅស-២១ ៣) លន់ នៅស-២១ និង ៤) ឆន នៅស-២១ ៥) កុយ នៅស-២១ ៦) លី នៅស-២១។ បន្ទាប់មក ប៉េងឡេង បានបញ្ចូលអ្នកទាំងអស់នោះចូលជាសមាជិក សេអ៊ីអា។ អំឡុងពេលនោះ ប៉េងឡេង បានដាក់ភារកិច្ចឲ្យអ្នកទាំងនោះធ្វើនៅក្នុង ស-២១ គឺត្រូវ ក្តាប់សភាពការនៅ ស-២១ ប្រសិនបើអង្គការមានវិធានការឃាត់ខ្លួន ចំពោះកម្លាំងក្បត់ បដិវត្តន៍ ថាតើមានអ្នកណាខ្លះ គឺត្រូវរាយការណ៍ទៅគាត់ មួយទៀតត្រូវពង្រីកកម្លាំងនៅ ក្នុងស-២១ ដើម្បីស៊ីរូងផ្ទៃក្នុងនៅស-២១ និងត្រូវបង្ករទំនាស់ក្នុងស-២១។ រហូតដល់ខែ កុម្ភៈ ឆ្នាំ១៩៧៦ មានឈ្មោះ ប៉ូច បានរាយការណ៍ទៅ ប៉េងឡេង ថា ខ្សែក្បត់ដែល អង្គការចាប់បានភាគច្រើន គឺសុទ្ធតែជាសមាជិកនៅក្នុងមូលដ្ឋានតំបន់២៥ រីឯការកសាង កម្លាំងថ្មីវិញ គឺមិនទាន់ធ្វើបាននោះទេ។ ដល់ខែមីនា ឆ្នាំដដែល មានឈ្មោះ ឆន បានរាយការណ៍ទៅ ប៉េងឡេង ដែរថា ខ្សែក្បត់ដែលអង្គការរកឃើញភាគច្រើនគឺនៅ ក្នុងកងទ័ពកង១៧០ ហើយនៅមូលដ្ឋានបូព៌ា និងនៅមូលដ្ឋានតំបន់២៥។ ម្យ៉ាងទៀត ឆន បានធ្វើសកម្មភាពបំផុសអំពីបញ្ហាមុខមាត់បុណ្យស័ក ដោយនិយាយអំនួតអួតអាងពី បុគ្គលខ្លួន វាយប្រហារដល់អ្នកដទៃ ធ្វើយ៉ាងម៉េចបង្ករទំនាស់ឲ្យបាន ដើម្បីបែកបាក់ សាមគ្គីភាពគ្នា។

រហូតមកដល់ដើមឆ្នាំ១៩៧៧ ប៉េងឡេង​ កសាងកម្លាំងថ្មីបាន ២១នាក់ថែមទៀត រីឯកម្លាំងទាំងអស់នេះ គឺកសាងសម្រាប់ត្រៀមធ្វើសកម្មភាព ក្នុងការវាយ បដិវត្តន៍នាពេលខាងមុខ។ នៅខែមីនា ឆ្នាំដដែលអង្គការត្រូវការកងកម្លាំងរបស់ ប៉េងឡេង​ មកធ្វើការនៅ ស-២១។ ពេលនោះ ប៉េងឡេង បានចាត់តាំងកម្លាំងចាស់របស់ខ្លួន៥នាក់ មានឈ្មោះ វ៉ាង, ជ្រីវ, ម្រ៉ិច, ភន និង ទីម។ ពេលដែលអ្នកទាំង៥នាក់ មកដល់ស-២១ អ្នកទាំងនោះមានភារកិច្ចត្រូវបង្កប់ស៊ីរូងផ្ទៃក្នុងនៅស-២១ និងរាយការណ៍ពីសកម្មភាព របស់បដិវត្តន៍ ដូចដែលធ្លាប់ធ្វើកន្លងមក។ ដល់ខែកក្កដា ឆ្នាំ១៩៧៧ដដែល អង្គការ បានស៊ើបដឹងអំពីសកម្មភាពរបស់ ផល់ ដែលធ្វើការប្រឆាំងនឹងបដិវត្តន៍។ មិនយូរប៉ុន្មាន អង្គការមានវិធានការចាប់ខ្លួន ផល់។  ដោយពេលនោះ ប៉េងឡេង មានការព្រួយបារម្ភ យ៉ាងខ្លាំងពីព្រោះ ផល់ បានធ្វើសកម្មភាពប្រឆាំងនឹងបដិវត្តន៍ជាមួយខ្លួន រហូតដល់ថ្ងៃ អង្គការចាប់ខ្លួន ផល់។ អំឡុងពេលនោះ អង្គការបានចាត់តាំង ប៉េងឡេង ឲ្យសួរចម្លើយ ផល់ ផ្ទាល់ ដើម្បីរកខ្សែរយៈក្បត់ជាមួយគាត់។ ពេលនោះ ប៉េងឡេង មានផែនការ ចំពោះ ផល់ ដោយជម្លៀសគាត់ឲ្យនៅឆ្ងាយពីអ្នកដទៃ ឬត្រូវសួរចម្លើយ និងធ្វើទារុណកម្មគាត់ ឲ្យជ្រុលរហូតដល់ស្លាប់។ ផែនការទាំងនេះ ប៉េងឡេង មិនទាន់បានអនុវត្តផង ថ្នាក់លើក៏ បានចាត់តាំងគាត់ ឲ្យទៅរៀបចំកម្លាំងដើម្បីការពារស្តាត សម្រាប់អង្គការបើកវគ្គរៀនសូត្រ ផ្សព្វផ្សាយ អំពីខ្សែក្បត់របស់ខ្មាំងនៅក្នុងឆ្នាំ១៩៧៧នេះ។ ទន្ទឹមនេះ អង្គការបានអប់រំ ប៉េងឡេង បន្ថែមថា ការការពារនៅស្តាតនេះវាពិតជាមានសារៈសំខាន់ណាស់ ដូច្នេះ ប៉េងឡេង ឯង ត្រូវឈរជើងនៅទីនេះជាប្រចាំ ដោយមិនចាំបាច់ទៅណាទៀតទេ។ ពេលនោះ ប៉េងឡេង ក៏បានធ្វើតាមការណែនាំរបស់ថ្នាក់លើ និងបានរៀបចំកម្លាំង ១៥០នាក់ទៀត ក្នុងការការពារទីកន្លែងនោះ។

មួយអាទិត្យក្រោយមក ប៉េងឡេង បាន ឈ្លាតឱកាសមកអង្គភាពរបស់ខ្លួន ដើម្បីពិភាក្សាជាមួយបក្ខពួក អំពីរឿងរ៉ាវ របស់ ផល់ ដែលត្រូវបានអង្គការចាប់ខ្លួន ពីព្រោះថា អំឡុងពេលដែល ប៉េងឡេង ទៅបំពេញ ភារកិច្ចនៅស្តាត ថ្នាក់លើបាននិយាយប្រាប់គាត់ថា អង្គការមានបំណងបញ្ជូន ផល់ ទៅស-២១ ដើម្បីឲ្យស-២១ អ្នកសួរចម្លើយ ផល់ វិញ។ ពេលនោះ ប៉េងឡេង និងបក្ខពួកមាន ការព្រួយបារម្ភ និងស្មុគស្មាញយ៉ាងខ្លាំង ក៏ចាត់វិធានការលួចដោះលែង ផល់ ឲ្យទៅលាក់ខ្លួននៅកន្លែងស្ងាត់ ដើម្បីឲ្យអង្គការរកមិនឃើញ។ បន្ទាប់មក ប៉េងឡេង និងបក្ខពួក បានធ្វើសកម្មភាពនេះបានសម្រេច រីឯ ប៉េងឡេង ក៏វិលត្រឡប់មកស្តាតវិញ។ ទន្ទឹមនេះ អង្គការបានឮដំណឹងថា ផល់ ត្រូវបានបក្សក្បត់ជួយរំដោះ រួចហើយបាន​រៀបចំកម្លាំង តាមចាប់ ផល់ ម្តងទៀត។ មួយរយៈក្រោយមក អង្គការបានស៊ើបដឹងពីកន្លែង ស្នាក់នៅរបស់ ផល់ ហើយបានចាត់តាំងកងកម្លាំងបដិវត្តន៍មួយចំនួនឲ្យទៅចាប់ ផល់។ ពេលនោះ អង្គការបានយក ផល់ ទៅស-២១ ដើម្បីសួរចម្លើយរកបក្ខពួកក្បត់។ ទន្ទឹមនេះ ផល់ បានឆ្លើយសារភាពប្រាប់អង្គការ អំពីខ្សែរយៈក្បត់ សេអ៊ីអា ជាបន្តបន្ទាប់ រហូត ដល់ថ្ងៃមួយ ផល់ បានសារភាពប្រាប់អង្គការថា ប៉េងឡេង ក៏ជាខ្សែរយៈក្បត់ សេអ៊ីអា ប្រឆាំងនឹងបដិវត្តន៍ដែរ។ ភ្លាមៗនោះ អង្គការក៏បានចាត់វិធានការចាប់ ប៉េងឡេង នៅថ្ងៃទី ២៧ ខែសីហា ឆ្នាំ១៩៧៧។

ដកស្រង់ចេញពីឯកសារលេខ J០០០៤៨

ហូ ថុនា បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា

វេទិកាថ្នាក់រៀនស្តីពីសារសំខាន់នៃការសិក្សាប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ នៅវិទ្យាល័យ ជា ស៊ីម ចំរើនរដ្ឋ

ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ មជ្ឈមណ្ឌលឯកសារកម្ពុជា សហការជាមួយ​ក្រសួង​អប់រំ យុវជន និងកីឡា បានបើកវេទិកាថ្នាក់រៀនមួយស្តីអំពីប្រវត្តិ​សាស្ត្រ​​កម្ពុជា​ប្រជាធិប​តេយ្យ នៅវិទ្យាល័យជាស៊ីមចំរើនរដ្ឋ ដែលមានសិស្សា​នុសិស្សចូលរួមសរុប៦៩នាក់ (ប្រុស៣០នាក់)។ ដំបូងឡើយ វិទ្យាល័យនេះជា​ឧបសម្ព័ន្ធវិទ្យា​ល័យ​ឬស្សីកែវ ស្ថិតនៅភូមិ​ស្វាយប៉ាក សង្កាត់ស្វាយប៉ាក ​ខណ្ឌឬស្សីកែវ រាជ​ធានីភ្នំពេញ។

វេទទិកាថ្នាក់រៀននេះ គឺបង្កើត​ឡើង​ដើម្បីឲ្យ​សិស្សា​នុសិស្ស​ពិភាក្សាគ្នា អំពីប្រវត្តិ​សាស្ត្រកម្ពុជាប្រជាធិប​តេយ្យ នូវអ្វីដែលសិស្សទាំងនេះបានដឹង និងធ្លាប់បានរៀនកន្លង​មក។​ មិនត្រឹមតែប៉ុណ្ណោះ ក៏មានការដាក់តាំងពិព័រណ៍ អំពីសកម្មភាពដែលខ្មែរក្រហមបាន​ជម្លៀស​ប្រជាជនទាំងបង្ខំទៅតាមទីជនបទដើម្បីធ្វើ​ស្រែ​ចម្ការ។ ពិព័រណ៍នេះ មានចំនួន​សរុប៥ផ្ទាំង និងបានរៀបចំ​ដាក់​តាំងមុនរយៈពេលបីថ្ងៃដើម្បីឲ្យ​សិស្សានុ​សិស្ស​មើលទុកជា​មុន ដើម្បីផ្តល់នូវចំណេះដឹងខ្លះៗមុនការចូលរួមវេទិកា​ថ្នាក់​រៀន​នេះ។ មុននឹងចាប់ផ្តើមកម្ម​វិធី បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា បានរៀបចំស្លាយ​ដើម្បី​ចាក់​បញ្ចាំងវីដេអូខ្លីមួយ ដែលនិយាយអំពីរបបខ្មែរក្រហម និងចែកសៀវភៅស្តី​អំពី​ប្រវត្តិ​សាស្រ្ត​កម្ពុជា​ប្រជាធិប​តេយ្យ (១៩៧៥-១៩៧៩)​ ដល់សិស្សានុសិស្សដែលចូលរួមវគ្គបណ្តុះ​បណ្តាល​នេះ។

ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ម៉ោង​ប្រាំបី​កន្លះព្រឹក លោក​នាយកសាលា​វិទ្យាល័យ ជា ស៊ីម ចំរើន​រដ្ឋ បាន​ប្រកាស​បើកវគ្គវេទិកា​ថ្នាក់​រៀនេះ និងបាន​និយាយ​អំពីសារសំខាន់នៃការសិក្សា​អំពី​ប្រវត្តិ​សាស្រ្ត​កម្ពុជា​ប្រជាធិបតេយ្យ ព្រមទាំង​បាន​រម្លឹក​អំពី​អតីត​កាលរបស់គាត់អំឡុង​ឆ្នាំ​​១៩៧៥-៧៩។ លោកនាយកសាលា មានឈ្មោះ ឌី ទេពកោសល្យ អាយុ៤៩ឆ្នាំ គាត់បានរៀបរាប់​អំពី​រឿងរ៉ាវខ្លះៗ ក្នុងរបបខ្មែរក្រហមដែលគាត់ធ្លាប់បានឆ្លង​កាត់​​កន្លងមក។ នៅឆ្នាំ១៩៧៧ ទេព្យកោសល្យ មានអាយុប្រហែល១២ឆ្នាំ អង្គការបានចាត់តាំងគាត់ឲ្យមើល​ក្របី។ នា​យប់មួយ ក្របីរបស់គាត់បានដាច់​ចំណង ហើយបានរត់ចេញពីក្រោល ពេល​នោះ​គាត់​បានដើររកក្របីទាំងយប់ មួយសន្ទុះក្រោយមកគាត់ក៏បានឃើញក្របីរបស់គាត់ ហើយបាន​ដឹកវាត្រឡប់​មកវិញ។ ពេលនោះ មានសមមិត្តដែលរស់នៅក្បែរគ្នា បាន​និយាយ​ប្រាប់​គាត់ថា ឪពុករបស់គាត់ត្រូវបានខ្មែរក្រហមយកទៅរៀន​សូត្រ​ហើយ (សម្លាប់) ខណៈពេល​ដែល ទេព្យកោសល្យ ឯងទៅរកក្របី។ ប៉ុន្តែ ទេព្យកោសល្យ បែរជាគិតថា វាជា​សំណាង​ល្អរបស់គាត់ដែលក្របីបានដាច់ចំណង ទើបគាត់​បាន​​រួច​ផុត​ជីវិត ពីព្រោះ​ពេល​​នោះ ប្រសិន​បើ ទេព្យកោសល្យ នៅជាមួយ​ឪពុករបស់គាត់ ច្បាស់​ជាអង្គការយកទៅ​សម្លាប់​​ចោលទាំងពីរនាក់ជាពុំខាន។ បង្វែរមក​វិញ ទេព្យកោសល្យ បាននិយាយទៅកាន់​សិស្ស​របស់គាត់ថា ការ​រៀន​ប្រវត្តិ​សាស្រ្តកម្ពុជាប្រជាធិបតេយ្យ ពិតជាមានសារសំខាន់​ខ្លាំង​ណាស់ ព្រោះវាជា​អតីតកាលដ៏​ជូរចត់មួយ ដែលសិស្សទាំងអស់ត្រូវយល់ដឹងអំពីរបប​នេះ​ឲ្យ​បាន​ច្បាស់ ដើម្បី​កុំឲ្យកើតមានឡើងសារជាថ្មី។

ទាវ លីលី ជាសិស្សថ្នាក់ទី១២A1 រៀននៅវិទ្យាល័យជាស៊ីមចំរើនរដ្ឋ បានរៀបរាប់ថា ពីដំបូងឡើយ គាត់ធ្លាប់បានឮពីសម័យខ្មែរក្រហម ​តាមរយៈឪពុកម្តាយរបស់គាត់ ដែល​បានប្រាប់អំពីស​កម្មភាព​ដែលកើតឡើងក្នុងសម័យកាលនោះ។ ពេលនោះ លីលី មាន​អារម្មណ៍​ថា ស្អប់របបនោះយ៉ាងខ្លាំង ប៉ុន្តែក្រោយ លីលី បានសិក្សាអំពីរបបនេះ នៅក្នុង​ថ្នាក់​រៀន​របស់ខ្លួនផ្ទាល់ ជាពិសេស​ថ្ងៃនេះ ដែលបានមានឱកាសចូលរួមវេទិកាថ្នាក់រៀន អំពី​របប​​កម្ពុជាប្រជាធិបតេយ្យ​ បានធ្វើឲ្យ លីលី យល់ដឹងកាន់​តែ​ច្បាស់ ហើយមិន​មាន​គំនិតស្អប់ ឬមិនចង់សិក្សាអំពីប្រវត្តិសាស្រ្តនេះទេ ផ្ទុយទៅវិញ លីលី ​យល់​ដឹង​បានច្រើនពី​របប​ខ្មែរក្រហមតាមរយៈការចូលរួមវេទិកាថ្នាក់រៀននេះ។ អ្វីដែលពិសេសទៀតនោះ នៅ​ពេល​ដែល លីលី បានមើលការតាំងពិព័រណ៍អំពីរូបភាព​ដែល​ខ្មែរក្រហមជម្លៀសប្រជាជន ហាក់បីដូចធ្វើឲ្យ លីលី ស្ថិតនៅក្នុងសកម្មភាពជាក់ស្តែង​មួយនៃរបបនោះ និងធ្វើឲ្យគាត់​មានអារម្មណ៍សង្វេគយ៉ាងពន់ពេក។

ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ប្រាក់​ សោភា រៀនថ្នាក់ទី១២ នៅវិទ្យាល័យ ជា ស៊ីម ចំរើនរដ្ឋ បាន​និយាយ​អំពីសារ​សំខាន់នៃការរៀនប្រវត្តិសាស្រ្តកម្ពុជាប្រជាធិប​តេយ្យថា ប្រវត្តិសាស្ត្រ​របស់ជាតិ​ខ្លួន​ផ្ទាល់ គឺមិនត្រូវបំភ្លេចនោះទេ ទោះបី​ជាប្រវត្តិសាស្ត្រល្អ ឬមិនល្អក្តី គឺយើង​ត្រូវសិក្សា​អំពីវាឲ្យ​បានច្បាស់ ជាពិ​សេស​របប ប៉ុល ពត ដែលជាប្រវត្តិសាស្រ្តដ៏សាហាវ​យង់ឃ្នង និងព្រៃផ្សៃ​ដែលប្រជាជនខ្មែរទូទៅមានអារម្មណ៍ដក់ជាប់នៅក្នុងចិត្តជានិច្ច។ ម្យ៉ាងទៀត សោភា បាន​បន្ថែមថា នៅពេលដែលបានរៀនប្រវត្តិសាស្រ្តនៅថ្ងៃនេះ គឺធ្វើឲ្យ​គាត់​បានដឹងកាន់តែ​ច្បាស់អំពីឈ្មោះថ្នាក់ដឹកនាំក្នុងសម័យកាលនោះ និង​គោល​នយោ​បាយ​ដែលខ្មែរក្រហម​បានប្រព្រឹត្ត។ សោភា បានបន្តថា ប្រសិនបើគាត់ទទួលបានចំណេះ​ដឹងពីប្រវត្តិសាស្រ្តនេះ​កាន់​តែច្រើន គាត់នឹងចែករំលែកទៅកាន់សិស្សប្អូនរបស់គាត់ ដែល​រៀន​នៅក្នុងវិទ្យាល័យ​ជា​មួយគ្នា ដើម្បីជាគន្លឹះសម្រាប់ប្រឡងទុតិយភូមិ ដែលជាវិញាសារ​ធ្លាប់បានចេញកន្លង​មក។ សោភា បានបញ្ជាក់ថា ការរៀនប្រវត្តិសាស្ត្រ​នេះ គឺបាន​ផ្តល់អត្ថប្រយោជន៍សម្រាប់​ខ្លួន​គាត់ផ្ទាល់ នៅពេលដែលគាត់ប្រឡងតែងសេចក្តី គាត់បាន​លើក​យកផលអវិជ្ជមាន​ដែល​កើត​ឡើងពី​របបនោះ មកធ្វើការប្រៀបធៀបនឹង​សម័យ​​កាល​បច្ចុប្បន្នថា តើវាមាន​លក្ខណៈ​ខុសគ្នាយ៉ាងដូចម្តេច​។ អ្វីដែល សោភា ចាប់អារម្មណ៍​បំផុតនោះ គឺរូបភាពតាំងពិព័រណ៍ ដែលបានឆ្លុះបញ្ចាំងអំពីសម័យអតីតកាល និងមានអក្សរ​ដែលសរសេរបញ្ជាក់អំពី​ព្រិត្តិការនោះ ម្យ៉ាងទៀត មានក្រុមការងាររបស់មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ជួយចង្អុល​បង្ហាញ​នូវចម្ងល់ទាំងឡាយដែល សោភា មានការងឿងឆ្ងល់ធ្វើ​ឲ្យ​ចម្ងល់​ទាំងនោះកាន់​តែយល់ច្បាស់ឡើង។  ​ជាចុង​បញ្ចប់ សោភា ​សំណូម​ពរ ថា ចង់ឲ្យ​មានវេទិកា​ថ្នាក់រៀន​អំពីប្រវត្តិ​សាស្រ្ត​បែបនេះ​តទៅទៀត ដើម្បីកុំ​ឲ្យ​​សិស្សានុសិស្ស ឬក្មេង​ជំនាន់​​ក្រោយ​​បំភ្លេច​នូវ​ប្រវត្តិ​សាស្រ្តមួយ​នេះ។

ហូ ថុនា បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត១០០សន្លឹក តាំងនៅសារមុន្ទីរតាម៉ុក ជាលើកដំបូង

រូបថត១០០សន្លឹក បានចាប់ផ្តើមដាក់តាំងបង្ហាញដល់សាធារណជនជាលើកដំបូង បង្អស់នៅសារមន្ទីរតាម៉ុក (អតីតផ្ទះតាម៉ុក) នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ នេះ ក្រោម​ការរៀបចំរបស់ក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ និងមន្ទីរទេស​ចរណ៍ស្រុកអន្លង់វែង សហការជាមួយមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង។ ការតាំងពិព័រណ៌​នេះ​​ បាន​​ក្លាយជាផ្នែកមួយ​ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណពីរឿងរ៉ាវ ទីតាំង​ប្រវត្តិសាស្រ្ត និងការតស៊ូរបស់ប្រជាជននៅក្នុងស្រុកអន្លង់វែង។ ពិព័រណ៌នេះ ក៏ជា​ការអប់រំ​ដល់សិស្សានុសិស្ស ប្រជាជន និងភ្ញៀវដែលមកទស្សនកិច្ច​នៅតំបន់នេះដែរ។​​

ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត១០០សន្លឹក បានបង្ហាញពីសម័យកាលផ្សេងៗ ចាប់តាំងពីសម័យសាធារណ​រដ្ឋ​ខ្មែរ (លន់ នល់), សម័យកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម), សម័យក្រោយខ្មែរក្រហម រហូតមកដល់អន្លង់វែង និងក្រោយពេលសមាហរណកម្ម។ អ្នកចូលរួមទស្សនាការតាំង​ពិព័រណ៌​នេះ អាចស្វែងយល់​ពីសម័យកាល​នីមួយៗ​ តាមរយៈរូបថត និងព័ត៌មានសង្ខេបនៃ​រូបថតនីមួយៗ។

ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

លោកស្រី ធិននី មុនីរស្មី ប្រធានមន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ មានប្រសាសន៍​ថា ការដាក់តាំងពិព័រណ៍រូបថតនេះ ពិតជាមានសារសំខាន់ខ្លាំងណាស់ ព្រោះកន្លងមក​ សារមុន្ទីរតាម៉ុក មិនសូវមានព័ត៌មាន ឬ រូបភាពច្រើននោះទេ អ្នកមកទស្សនាអាចត្រឹមតែ​ដើរ​មើល​សម្ភារមួយចំនួនដែលបន្សល់ពីជំនាន់តាម៉ុក គ្រប់គ្រង ប៉ុន្តែមានព័ត៌មានតិចតួច​សម្រាប់អាន និងសិក្សាស្វែងយល់។ តាមរយៈការតាំងពិព័រណ៍រូបថតប្រវត្តិសាស្ត្រនេះ អ្នកមកទស្សនាអាចស្វែងយល់អំពីរឿងរ៉ាវពីអតីតកាល តាមរយៈរូបថត ហើយជាពិសេស សម្រាប់ក្មេងជំនាន់ក្រោយដែលធ្លាប់តែឮអំពីរបបខ្មែរក្រហម តែមិនដែលស្គាល់មុខមាត់​របស់មេដឹកនាំខ្មែរក្រហមមួយចំនួននោះ អាចនឹងឃើញ ឬស្គាល់តាមរយៈរូបថតដែលដាក់​តាំង​នូវរូបមេដឹកនាំខ្មែរក្រហមទាំងនេះ។

ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា
ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

បណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បានបង្ហាញពីគោល បំណងក្នុងការដាក់តាំងពិព័រណ៍រូបថតនេះ គឺ​ត្រូវបានធ្វើឡើងដើម្បីបម្រើឲ្យការចងចាំ និង ការអប់រំ ដែលអាចជួយលើកកម្ពស់ការយល់ដឹង និងបង្កើតបានជាការឆ្លុះបញ្ចាំងដ៏ស៊ី ជម្រៅចំពោះសម័យកាលនោះ។ ខណៈដែលការដាក់តាំងពិព័រណ៌បាន និងកំពុងក្លាយជា រំឭកឡើងវិញអំពីអតីតកាល ពិព័រណ៌នេះ ក៏ជាភស្តុតាងជាក់ស្តែង ចំពោះព្រឹត្តិការណ៍ ប្រកបដោយសោកនាដកម្ម ដែលប្រជាជនកម្ពុជាបានឆ្លងកាត់។ លោកបាន រម្លឹកថា បន្ទាប់ការធ្វើសមាហរណកម្មរបស់តំបន់អន្លង់វែងនៅក្នុងឆ្នាំ​១៩៩៨ ផ្ទះតាម៉ុក ត្រូវបានប្រែ​ក្លាយ​ទៅជាសារមន្ទីរពីរឆ្នាំក្រោយមក។ ចំណុចចាប់ផ្តើមនៃសារមន្ទីរនេះ គឺ មានត្រឹមតែជា​សម្បក​ផ្ទះរបស់ តាម៉ុក ប៉ុណ្ណោះ ប៉ុន្តែគ្មានព័ត៌មានផ្សេងៗនៅឡើយទេ។ ទោះជា​យ៉ាង​ណាក៏ដោយ សារមន្ទីរនេះបានក្លាយជាទីតាំងដែលមានមនុស្សចូលទស្សនាច្រើនបំផុត បើប្រៀបធៀបទៅនឹងទីតាំងទេសចរណ៍ប្រវត្តិសាស្ត្រចំនួន១៤កន្លែងផ្សេងទៀត នៅក្នុង​ស្រុកអន្លង់វែង។ សារមន្ទីរនេះ ទទួលបានភ្ញៀវចូលទស្សនារាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗ ដែល​ភាគ​ច្រើន គឺជាប្រជាជនកម្ពុជា។ ដោយសារតែមានភាពចាំបាច់ដើម្បី ធ្វើឲ្យសារមន្ទីរនេះ​មានភាពរស់រវើកឡើងវិញ តាមរយៈការស្វែងយល់ឲ្យកាន់តែគ្រប់ជ្រុងជ្រោយថែមទៀត​អំពី​ប្រវត្តិ​សាស្ត្រនៃសង្គ្រាម និងសន្តិភាពនៅក្នុងប្រទេសកម្ពុជា មជ្ឈមណ្ឌលសន្តិភាព​អន្លង់វែង កំពុងបោះមួយជំហានទៅមុខទៀត ក្នុងការដាក់តាំង ពិព័រណ៌រូបថត១០០សន្លឹក​នេះ។

ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា
ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ក្រៅពីការតាំងពិព័រណ៌រូបថតនេះ កន្លងមកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បាន​សហការជាមួយក្រសួងទេសចរណ៍ រៀបចំវគ្គបណ្តុះបណ្តាលដល់មគ្គុទ្ទេសទេសចរណ៍​នៅតំបន់អន្លង់វែង។ វគ្គបណ្តុះបណ្តាលនេះ បានជួយពង្រឹងសមត្ថភាពដល់មគ្គុទ្ទេសទេស​ចរណ៍ឲ្យយល់ដឹងកា​ន់តែស៊ីជម្រៅពីតំបន់អន្លង់វែង ដោយធានាថាព័ត៌មានដែលបានផ្តល់​ទៅដល់ភ្ញៀវដែលបានមកទស្សនាតំបន់នេះមានភាព​ច្បាស់លាស់ និងអាចជឿទុកចិត្ត​បាន។

ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ពិព័រណ៍រូបថតនេះ ជាការតភ្ជាប់ដ៏មានសារសំខាន់សម្រាប់ភ្ញៀវ និងមគ្គុ​ទេ្ទសក៏ ទេសចរណ៍ តាមរយៈការជូនភ្ញៀងមកទស្សនានៅសារមន្ទីរនេះ។ ការតាំងពិព័រណ៌នេះ ក៏ជាការបង្កើតឲ្យមានការពិភាក្សាគ្នាក្នុងចំណោមអ្នកចូលរួម ឪពុកម្តាយ ចាស់ទុំ ឬ មិត្តភ័ក្តិ ដែលមកទស្សនា​រូបថតទាំងនេះ​ ឬក៏អាចសួរនាំមគ្គុទ្ទេសក៍ទេសចរណ៍ដែលអាចផ្តល់​ព័ត៌មានបន្ថែមអំពីចម្ងល់ទាំងឡាយអំឡុងពេលមើលរូបថត ។

ទាប សារៈមុនិន្ទ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបសំណាករម្លឹកអំពីការចងចាំ

ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ រូបសំណាករម្លឹកអំពីការចងចាំរបបខ្មែរក្រហម ដែល សិល្បករ និងអ្នករចនារូបសំណាក លោក អ៊ឹង ភូសេរ៉ា ជាកូនខ្មែរកាត់បារាំងបាន ហៅឈ្មោះថា «អ្នកអង្វរលន់តួ» ឬជាបូជនីយដ្ឋាន «សម្រាប់អ្នកដែលលែងនៅទីនេះទៀត ហើយ» ត្រូវបានសម្ពោធ និងដាក់តាំងជាផ្លូវការ នៅសួនច្បារទល់មុខស្ថានទូតបារាំង ក្នុង រាជធានីភ្នំពេញ។ រូបសំណាករម្លឹកពីការចងចាំនេះ ក៏ជាផ្នែកមួយនៃសំណងដល់ភាគីដើម បណ្តឹងរដ្ឋប្បវេណី ក្នុងសំណុំរឿង០០២/០១ ផ្តោតលើការកសាងបូជនីយដ្ឋានរំម្លឹកការចង ចាំនៅក្នុងទីក្រុងភ្នំពេញ ផ្តល់ការគោរពដល់ជនរងគ្រោះនៃការជម្លៀសដោយបង្ខំ ដែលត្រូវ ទទួលស្គាល់ ដោយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលបានចេញនៅក្នុង សេចក្តីសម្រេចរបស់តុលាការនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៤។ ជាមួយគ្នានេះដែរ សាលា​ រាជធានីភ្នំពេញ បានអនុញ្ញាតឲ្យកសាង និងដាក់តាំងរូបសំណាកនេះ ដែលគម្រោងនេះ ក្រោមការឧបត្ថម្ភពីដៃគូសប្បុរសជន ដូចជា ស្ថានទូតបារាំងប្រចាំនៅព្រះរាជាណាចក្រ កម្ពុជា, វិទ្យាស្ថានស្លឹករឹត, សមាគមនអាន់វ៉ៃយ៉ា និងអនុស្សាវរីយ៍ធំ និងដៃគូ សប្បុរសជន ជាច្រើនទៀត។

រូបថត៖ គឺម សុវណ្ណដានី
ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ជាជនរងគ្រោះម្នាក់ក្នុងអំឡុងពេលខ្មែរក្រហមបានធ្វើការជម្លៀសប្រជាជនដោយ បង្ខំចេញពីទីក្រុងភ្នំពេញ នៅថ្ងៃ១៧ មេសា ១៩៧៥ សិល្បករ សេរ៉ា ដែលពេលនោះ មានវ័យ១៣ឆ្នាំ បានបែកពីឪពុកនៅមុខស្ថានទូតបារាំង (កន្លែងដាក់តាំងរូបសំណាក បច្ចុប្បន្ន) ជាទីដែលត្រូវគាត់បានឃើញឪពុកជាលើកចុងក្រោយ។ នៅពេលដែល ខ្មែរក្រហមបានកាន់កាប់ទីក្រុងភ្នំពេញ ក្រុមគ្រួសាររបស់ សេរ៉ា បានសុំសិទ្ធិជ្រកកោនក្នុង ស្ថានទូតបារាំងប្រចាំក្រុងភ្នំពេញ។ ឪពុករបស់គាត់ជាពាណិជ្ជករខ្មែរដែលចេះនិយាយបាន ច្រើនភាសា និងធ្លាប់បានទៅសិក្សានៅប្រទេសបារាំងផង។ សេរ៉ា និងម្តាយ រួមទាំងបងប្អូន ត្រូវបានអនុញ្ញាតឲ្យចាកចេញពីប្រទេសកម្ពុជា លើកលែងតែឪពុកដែលមានដើមកំណើត ខ្មែររបស់ សេរ៉ា តែប៉ុណ្ណោះដែលមិនត្រូវបានអនុញ្ញាតឲ្យចាកចេញ ហើយត្រូវបាន ខ្មែរក្រហមចាប់ខ្លួនយកទៅ។ ក្រោយមក សេរ៉ា ក៏ទទួលដំណឹងថា ឪពុករបស់គាត់ ត្រូវ បានខ្មែរក្រហមសម្លាប់នៅឆ្នាំ១៩៧៨។​

រូបសំណាករម្លឹកដល់ការចងចាំនេះ សិល្បករ សេរ៉ា បង្កើតឡើងក្នុងគោលបំណង សម្តែងការគោរពដល់ជនរងគ្រោះនៃរបបខ្មែរក្រហម និងជាផ្នែកមួយនៃគម្រោងសំណង ដែលសម្រេចដាក់បញ្ចូលដោយតុលាការ ដែលទទួលខុសត្រូវលើការនាំយកអតីតមេដឹក នាំរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហមមកកាត់ទោស។ ការដាក់តាំងរូបសំណាក នេះ នៅរាជធានីភ្នំពេញ គឺជាបង្ហាញពីជំហានបន្ទាប់នៃការទទួលស្គាល់ជាសាធារណៈអំពី ឧក្រិដ្ឋកម្មដែលបានបង្កឡើង ព្រមទាំងផលប៉ះពាល់ដែលកើតមានចំពោះជនរងគ្រោះក្នុង របបខ្មែរក្រហម។ រូបសំណាកនេះ បានរម្លឹកពីភាពភ័យរន្ធត់ ជាក់ស្តែងរបស់ប្រជាជន កម្ពុជាក្នុងរបបខ្មែរក្រហម ដែលនៅតែបន្តលងបន្លាចប្រជាជនកម្ពុជាទាំងក្នុង និងក្រៅ ប្រទេសរហូតដល់បច្ចុប្បន្ន និងកំពុងជ្រាបរាលដាលដល់កូនចៅជំនាន់ក្រោយរបស់ជនរង គ្រោះកម្ពុជា។ ការតម្កល់នៅទីតាំងសាធារណៈនេះ បានផ្តល់ជាសារមួយនៃសន្តិភាព និង​ការផ្សះផ្សាថ្នាក់ជាតិដល់ជនរួមជាតិ។ លើសពីនេះ ការដាក់បង្ហាញស្នាដៃសិល្បៈ នៅទី​សាធារណៈ ក៏ជាការលើកទឹកចិត្តដល់សាធារណជនឲ្យជួបជុំគ្នា ដើម្បីរម្លឹកពីការចងចាំ និង​ឧទ្ទិសដល់មនុស្សជាទីស្រឡាញ់ដែលបានចែកឋានទៅហើយ។ យុវជន យុវនារី កម្ពុជាជំនាន់ក្រោយ​ ក៏គួរតែស្វែងយល់ពីបទពិសោធរបស់ឪពុកម្តាយ និងជីដូនជីតារបស់​ខ្លួន ដើម្បីឲ្យអ្នកទាំងនោះជាប់ទំនាក់ទំនងគ្នាតាមយៈការយល់ដឹងពីអំពើប្រល័យពូជ សាសន៍ និងរឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ រឿងរ៉ាវទាំងនេះ​ត្រូវ​បាននិយាយតៗគ្នាពីមួយជំនាន់ទៅមួយជំនាន់។

រូបថត៖ គឺម សុវណ្ណដានី
ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបសំណាកនេះ បានឧទ្ទិសដល់អ្នកដែលលែងនៅទីនេះទៀតហើយ ប្រហែលជា​ ទាក់ទងនឹងរបបប្រល័យពូជសាសន៍មានលក្ខណៈគួរឲ្យខ្លាច និងគួរឲ្យតក់ស្លុត។ ប៉ុន្តែ​ រូបចម្លាក់ «អ្នកអង្វរក» បែរជាបង្កឲ្យអ្នកទស្សនាមានអារម្មណ៍ទន់ភ្លន់ និងស្រស់ស្រាយ​ទៅវិញ។ ដោយគ្រាន់តែក្រលេកមួយភ្លែត យើងនឹងព្យាយាមវិភាគថា តើវាជារូបស្រី ឬ​រូបប្រុស តែរូបចម្លាក់នេះបង្ហាញពីមនុស្សជាតិ ជាងបង្ហាញពីលក្ខណៈភេទ។ រំពេចនោះ​យើងមានអារម្មណ៍ថា រូបចម្លាក់មានភាពប្រហាក់ប្រហែលនឹងយើងយ៉ាងខ្លាំង ដោយរូប​រាង​ដែល​ហាក់បីដូចជា​មនុស្សកំពុងតែធ្លាក់ពីលើទីខ្ពស់របស់រូបចំលាក់នោះ។ រូបចម្លាក់ ធ្វើឲ្យធ្វើឲ្យអ្នកទស្សនា មានអារម្មណ៍ អាណិតអាសូរពីភាពងាយរងគ្រោះរបស់វា ហើយរូប ចម្លាក់នេះធ្វើឲ្យយើងរឹតតែចង់ដឹងចង់ស្គាល់ថែមទៀត។

ការដាក់រូបនោះលើជើងទម្រទាបមានន័យថា សូម្បីតែក្មេងៗក៏អាចឈោងប៉ះ និង គយគន់ពិនិត្យមើលរូបនេះដោយផ្ទាល់ដែរ។ ផ្ទៃនៃរូបចម្លាក់នេះមានលក្ខណៈគ្រើមដូច​សំបក​ឈើ​ដែល​ធ្វើឲ្យយើងកាន់តែចង់ប៉ះ និងទំនាក់ទំនងជាមួយរូបចម្លាក់នេះ។

ពេលដែលយើងកាន់តែស្មឹងស្មាធបញ្ចូលអារម្មណ៍គិតដល់រូបចម្លាក់នេះ យើងកាន់ តែចង់ទៅលួងលោមរូបនេះ។ តើយើងមិនអាចទៅចាំទ្ររូបនេះនៅពេលដែលវាធ្លាក់បាន ឬទេ? យ៉ាងហោចណាស់យើងអាចបោសអង្អែលរូបនោះ ក៏ដូចជាគយគន់ទុក្ខសោក និងភាពឯកោរនៃរូបចម្លាក់ ហើយក្នុងពេលតែមួយបង្ហាញពីអារម្មណ៍ស្រដៀងគ្នាដែល យើងកំពុងតែមានជាមួយនឹងរូបចម្លាក់នេះ។ ខណៈយើងធ្វើបែបនោះយើងនឹងដឹងក្នុងចិត្ត ថា តាមការពិតយើងកំពុងតែចងចាំ និងលួងលោមជនរងគ្រោះនៃរបបប្រល័យពូជសាសន៍ ហើយយើងកំពុងតែមានជាប់ទំនាក់ទំនងជាមួយនឹងជនរងគ្រោះទាំងនោះ តាមរយៈ បទពិសោធន៍ផ្ទាល់ខ្លួនរបស់យើង។

ដៃរបស់រូបចម្លាក់នេះ ដាក់ប្រណមចូលគ្នាក្នុងទម្រង់ជាកាយវិការសំពះអង្វរក។ ប្រហែលជារូបចម្លាក់នេះកំពុងតែសូមអង្វរព្រះព្រោះថា រូបនេះកំពុងតែមើលទៅកាន់ឋាន សួគ៌។ ប៉ុន្តែសោកនាដកម្មនៃអំពើប្រល័យពូជសាសាន៍កម្ពុជា បានប្រឡែងលេងនឹង ជំនឿរបស់មនុស្សចំពោះព្រះដែលទ្រង់អាចអនុញ្ញាតឲ្យមានព្រឹត្តិការណ៍ប្រល័យពូជសាន៍ នេះកើតឡើងបានដែលធ្វើឲ្យមនុស្សស្លូតត្រង់យ៉ាងច្រើននាក់ត្រូវរងទុក្ខវេទនា។

រូបថត៖ គឹម សុវណ្ណដានី
ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ទម្រង់នៃការធ្លាក់ចុះ និងការអង្វរករទៅការឋានសួគ៌របស់រូបចម្លាក់នេះ បានបង្កប់ ទៅដោយភាពស្រស់ស្អាត និងថ្លៃថ្នូរ។ ទម្រង់ដាំក្បាលចុះក្រោមរបស់រូបនោះ បង្កើត នូវរូបភាពនៃការអស់សង្ឃឹមមួយ តែហេតុអ្វីបានជាយើងមិនបង្វែររូបនេះឲ្យមានទម្រង់ ត្រឹមត្រូវក្នុងចិត្តរបស់យើង ហើយធ្វើឲ្យអ្វីៗត្រឹមត្រូវឡើងវិញទៅ? ពេលនោះយើង នឹងឃើញថា រូបចម្លាក់នេះកំពុងតែដើរលើពពក ដោយលើកដៃសំពះតាមបែបប្រពៃណី ខ្មែរ។ ឬក៏រូបនេះ ជារូបអប្សរាដែលកំពុងតែរាំអណ្តែតអណ្តូង? តើអាយុរបស់អប្សរារូប នេះត្រូវកាត់បន្ថយឬ? រូបចម្លាក់នេះត្រូវបានដកផ្តាច់ផុតចេញពីដី ដែលជារូបភាពដែល គួរឲ្យព្រួយបារម្ភមួយសម្រាប់ប្រជាជនកម្ពុជា ដែលមានពូជពង្សជាអ្នកធ្វើកសិកម្មដោយ ទំនាក់ទំនងជាមួយដីយ៉ាងស្អិតរមួត។ តើនេះជារូបស្រី្តម្នាក់ ដែលឆ្លុះបញ្ចាំងពីសង្គមមាតា ធិបតេយ្យរបស់កម្ពុជាមែនដែរឬទេ? រូបចម្លាក់នេះធ្វើឡើងពីលង្ហិនដែលជាលោហៈម្យ៉ាង ដែលសិល្បៈករខ្មែរសម័យអង្គរតែងតែប្រើប្រាស់ដើម្បីធ្វើជារូបចម្លាក់ និងត្រូវស្គាល់ដោយ ប្រជាជនកម្ពុជាគ្រប់រូប។ ដូច្នេះហើយ ខណៈពេលដែលរូបចម្លាក់នេះបង្ហាញពីភាពឯកកោ យ៉ាងជាក់ស្តែង រូបចម្លាក់អ្នកអង្វរករនេះ ក៏បានផ្សាភ្ជាប់ទស្សនិកជនទៅកាន់អតីតកាល និងស្រុកកំណើតរួមរបស់អ្នកទាំងនោះ ក៏ដូចជាបានផ្សាភ្ជាប់ប្រជាជនខ្មែរទាំងអស់គ្នាដែរ។

គួរឲ្យសោកស្តាយចំពោះ សេរ៉ា ព្រោះថារូបចម្លាក់នេះស្ថិតនៅចំកន្លែង ដែលគាត់ បានឃើញមុខឪពុករបស់គាត់ជាលើកចុងក្រោយ ហើយ សេរ៉ា សូមគោរពអញ្ជើញ ប្រជាជនកម្ពុជាទាំងអស់គ្នាមកចូលរួមជាមួយគាត់ ក្នុងការរំឭកដល់អ្នកដែលលែងនៅ ទីនេះទៀតហើយ។ កម្ពុជាចាំបាច់ត្រូវមានស្តូកបូជនីយដ្ឋានទីធ្លា និងឱកាសបន្ថែមទៀត សម្រាប់ជួយឲ្យអ្នកជំនាន់ចាស់ បានសះស្បើយរបួសផ្លូវចិត្ត និងក្មេងជំនាន់ក្រោយ ចងចាំដើម្បីឲ្យប្រវត្តិសាស្ត្រមួយនេះកើតមានម្តងទៀត។

ជាថ្មីម្តងទៀតហើយដែលស្នាដៃរូបចម្លាក់របស់ សេរ៉ា ផ្តល់ឱកាសក្នុងការ លួង លោមអ្នកដែលស្លាប់ទៅក្នុងសម័យខ្មែរក្រហមក៏ដូចជាអ្នកដែលនៅរស់រានមានជីវិត តាម រយៈមនោសញ្ចេតនាការ យល់ចិត្ត និងមនុស្សជាតិរួមរបស់យើង។ ដូចគ្នាទៅនឹងស្នាដៃ សិល្បៈដទៃទៀតដែរ រូបចម្លាក់អ្នកអង្វរករបស់ សេរ៉ា មួយនេះជំរុញឲ្យមានការវិភាគ បក ស្រាយទៅតាមទស្សនៈនៃការយល់ឃើញរបស់បុគ្គលម្នាក់ៗរៀងៗខ្លួន។

អោក ឆាត៖ ជាប្រពលរដ្ឋរស់នៅក្នុងទីក្រុងភ្នំពេញ យល់ឃើញថា ការដាក់តាំងរូប សំណាកនេះ ពិតជាល្អខ្លាំងណាស់។ គាត់បានរម្លឹកពីជីវិតរបស់គាត់ក្នុងរបបខ្មែរក្រហមថា គាត់ និងគ្រួសាររស់នៅស្រុកព្រះស្តេច ខេត្តព្រៃវែង។ កាលណោះ គាត់ត្រូវបានអង្គការ បំបែកចេញពីគ្រួសារឲ្យទៅរស់នៅកងកុមារ។ គាត់ត្រូវរែកដី ដើររើសអាចម៍គោ និងកាប់ ទន្ទ្រានខេត្តរៀងរាល់ថ្ងៃ។ ការរស់នៅឆ្ងាយពីគ្រួសារពិតជាលំបាកខ្លាំងណាស់ សម្រាប់ ឆាត ជាកុមារ ជាពិសេសគាត់មិនដែលបានហូបគ្រប់គ្រាន់នោះទេ។ ហេតុនេះ​ ការដាក់ តាំងរូបសំណាកនេះ ឆាត ជឿជាក់ថា នឹងក្រើនរម្លឹកក្មេងៗជំនាន់ក្រោយអំពីរបបខ្មែរ​ក្រហម និងដាស់តឿនដល់អ្នកជំនាន់ក្រោយ ធ្វើយ៉ាងណាការពារ និងចៀសវាងកុំឲ្យ របប​នេះ កើតមានឡើងម្តងទៀត។

រូបថត៖ គឹម សុវណ្ណដានី
ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

សូ វិទូ និស្សិតផ្នែកស្ថាបត្យកម្ម នៃសកលវិទ្យាល័យភូមិន្ទ និងវិចិត្រសិល្បៈ៖

វិទូ ធ្លាប់បានឃើញស្នាដៃរបស់ សេរ៉ា ម្តង ក្នុងអំឡុងពេលតាំងពិព័រណ៍។ ផ្ទាំងគំនូរ និងចម្លាក់របស់គាត់ពិតជាស្នាដៃវិចិត្រកម្មមួយដែលបង្កប់ន័យទាក់ទងនឹងការចងចាំអំពី របបខ្មែរក្រហម។

សម្រាប់ វិទូ ស្នាដៃចម្លាក់របស់ សេរ៉ា មានរចនាបថថ្មីប្លែកពីគេ និងជាមធ្យោបាយថ្មី មួយក្នុងការតំណាងឲ្យគំនិតនៃសិល្បៈ។ ចម្លាក់នេះមានលក្ខណៈសហសម័យ និងទំនើប ហើយមានភាពល្បីរន្ទឺនៅក្នុងពិភពលោកដោយសារតែចម្លាក់នេះជំរុញឲ្យការស្រមើស្រមៃរបស់មនុស្សឈានទៅរកភាពអរូបីយ និងគំនិតគ្មានដែនកំណត់។

ចម្លាក់នេះធ្វើអំពីស្ពាន់ ជារូបចម្លាក់នៃមនុស្សម្នាក់ដែលទម្រេតខ្លួនលើជើងទម្រ ស្ពាន់ ដោយរក្សានូវលំនឹងបានយ៉ាងល្អ។ ចលនានៃចម្លាក់នេះហាក់ដូចជាបង្ហាញអំពីការ ឈឺចាប់ និងកំពុងស្នើនូវក្តីមេត្តាពីនរណាម្នាក់។ តាមរយៈការគ្របដណ្តប់ទៅដោយ ស្រទាប់រឹង និងពណ៌ស្រអាប់នៃសមាសធាតុផ្សំរបស់ចម្លាក់ វិទូ គិតថា ចម្លាក់នេះតម្រូវឲ្យ មានការចំណាយពេល និងបទពិសោធន៍ អមជាមួយនឹងភាពអត់ធ្មត់ដើម្បីសម្រេចបាន។

ចម្លាក់របស់ សេរ៉ា បាននាំអ្នកទស្សនាទៅក្នុងស្ថានភាពនៃការឈឺចាប់ និងការចង ចាំមួយរបស់ជាតិអំឡុងរបបខ្មែរក្រហម ជាពិសេសការក្តោបក្តាប់ទីក្រុងភ្នំពេញនៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ១៩៧៥។ នៅពេលនោះ ខ្មែរក្រហមដែលទទួលបានជ័យជម្នះ បានគ្រប់ គ្រងលើទីក្រុងភ្នំពេញ ព្រមទាំងធ្វើការរៀបចំសង្គមកម្ពុជាសាជាថ្មី។ ខ្មែរក្រហមបាន បង្ខំឲ្យប្រជាជនចាកចេញពីទីក្រុងដោយហិង្សា។ រូបចម្លាក់នេះធ្វើការបកស្រាយយ៉ាង ច្បាស់អំពីផ្នត់គំនិត អំពើហិង្សា និងទុក្ខសោក នាខណៈពេលនោះ។

ចំណុចដំបូងបង្អស់ដែលទាក់ទាញការចាប់អារម្មណ៍របស់ វិទូ គឺ ចលនា និងលំនឹង នៃ រូបចម្លាក់នេះ។ វិទូ យល់ថា សិល្បៈករប៉ុនប៉ងបង្ហាញអំពីរូបភាពជាក់ស្តែងនៃចលនា ដងខ្លួន ដែលបង្ហាញដល់អ្នកទស្សនាអំពីអារម្មណ៍ឈឺចាប់ និងការសំពះអង្វរសុំក្តីមេត្តា។ វិទូ ចាប់អារម្មណ៍ចំពោះភាពលម្អិតនៃស្រទាប់ស្ពាន់ តាមការយល់ឃើញផ្ទាល់ខ្លួន ស្រទាប់ នេះត្រូវ បានគួបផ្សំទៅដោយខ្សែបន្ទាត់ ចំណុចតូចៗ និងខ្សែពត់ពេន ធាតុទាំងនេះបាន បង្កើតជា ស្រទាប់បង្កប់ និងយ៉ាងល្អិតៗ ដែលហាក់ដូចជាក្តោបនូវការចងចាំនៃរូបចម្លាក់ ផ្ទាល់។

វិទូ យល់ថា សេរ៉ា បាននាំយកនូវអ្វីដែលតំណាងឲ្យការចងចាំរបស់ទីក្រុងភ្នំពេញ ខណៈដែលបុគ្គលនីមួយៗស្ទើរតែភ្លេចអស់បាត់ទៅហើយ។ វិទូ មានការជឿជាក់ប្រកប ដោយសុទិដ្ឋិនិយមថា ខណៈដែលរូបចម្លាក់នេះត្រូវបានតម្លើងនៅទីតាំងរបស់ខ្លួន មនុស្ស ជាច្រើនប្រាកដជាមានការចាប់អាម្មណ៍ ហើយរូបចម្លាក់នេះនឹងក្លាយជាស្នាដៃនៃការចង ចាំមួយ ដែលរំឭកយើងទាំងអស់គ្នាអំពីសម័យកាលដ៏ខ្មៅងងឹតរបស់ប្រទេសកម្ពុជា។ វិទូ ក៏សង្ឃឹមថានឹងមានស្នាដៃ ឬរូបចម្លាក់ប្រភេទនេះជាច្រើនទៀត លេចរូបរាងនៅក្នុងទីក្រុង របស់ខ្ញុំ គឺទីក្រុងភ្នំពេញ។

រូបថត៖ គឹម សុវណ្ណដានី
ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

សៀង សត្យា និស្សិតផ្នែកស្ថាបត្យកម្ម នៃសកលវិទ្យាល័យភូមិន្ទ និងវិចិត្រសិល្បៈ៖

សត្យា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែលំនឹងនៃទ្រង់ទ្រាយរបស់រូប ចម្លាក់ ក៏ដូចជា ស្រទាប់ស្ពាន់គ្រើមនៃរូបចម្លាក់។ ដូចទៅនឹងស្ថាបត្យកម្មដែរ តុល្យភាព មាន តួនាទីសំខាន់ ណាស់ក្នុងការបង្ហាញនូវគោលបំណងនៃវត្ថុក្នុងលំហមួយ។ សត្យា យល់ថា រូបចម្លាក់របស់ សេរ៉ា ពិតជាស្ថិតនៅត្រង់ចំណុចដ៏សមស្របមួយ។ ផ្នែកទម្រេត ចុះនៃចលនារបស់រូបចម្លាក់នេះ បង្ហាញអំពីភាពចលាចល និងច្រួលច្របល់ ចម្លាក់នេះ បង្កើតឲ្យមាន អារម្មណ៍ ឈឺចាប់ ការព្រួយបារម្ភ ភាពភ័យខ្លាច ដែលធ្វើឲ្យ សត្យា យល់ថា ស្មុគស្មាញ។ អារម្មណ៍ច្របូកច្របល់ជាច្រើនស្ថិតនៅក្នុងការគិតរបស់ សត្យា ហើយពុំអាច ផ្ចង់ស្មារតីបាន។ សត្យា ព្យាយាមតាំងខ្លួនខ្ញុំនៅក្នុងស្ថានភាពនៃរូបចម្លាក់នេះ នៅក្នុង ស្ថានភាព​ដែលតម្រូវឲ្យ សត្យា បណ្តែតខ្លួនក្នុងលំហ តាមរយៈកាយវិការនៃរូបចម្លាក់ សត្យា ស្រមៃដល់ខណៈពេលមួយដែល សត្យា ពុំមានកម្លាំង ពុំមានអាវុធដើម្បីប្រយុទ្ធ តបត ពុំមានសមត្ថភាពដើម្បីរត់គេចពីការបំពានលើសិទ្ធរស់រានរបស់ សត្យា អ្វីដែល សត្យា​ មានគឺត្រឹមតែដៃទទេមួយគូ ដែលប្រណមឡើងអង្វរសុំក្តីមេត្តា។

រូបចម្លាក់នេះពិតជាបានរំលេចឲ្យមនុស្សឃើញអំពីរូបភាពនៃព្រឹត្តិការណ៍សោកនាដកម្មនៃប្រវត្តិសាស្ត្រកម្ពុជា ដែលបង្កឲ្យជនរងគ្រោះប្រមាណ២លាននាក់បាត់បង់ជីវិត នោះ គឺរបប ប៉ុល ពត។ រូបចម្លាក់នេះ​បង្ហាញអំពីភាពអាណិតអាសូរ និងការផ្សះផ្សាអំពី ប្រវត្តិសាស្ត្រនៃសោកនាដកម្មរបស់ប្រទេសកម្ពុជា។ សត្យា ជឿជាក់ថា ការស្រមើស្រមៃ គឺជាអាហារនៃគំនិត យើងតែងមានការស្រេកឃ្លាន ដូច្នេះ ខ្ញុំរំពឹងថា រូបចម្លាក់នេះនឹងនាំ មកនូវអ្វីដែលសង្គមនេះខ្វះខាតដោយពុំដឹងខ្លួន ក៏ដូចជាសម្រាប់មនុស្សជំនាន់ក្រោយ​ដែលមានចំណង់ផ្នែកគំនិតច្នៃប្រឌិត ការស្រមើស្រមៃ និងសិល្បៈ។

សត្យា មានការជឿជាក់យ៉ាងមុតមាំថា រូបចម្លាក់នៃការចងចាំនេះ នឹង រំឭកអំពីការ ចងចាំនៃអ្នកទាំងឡាយដែលបានបាត់បង់មនុស្សជាទីស្រឡាញរបស់ខ្លួននៅក្នុងរបប ខ្មែរក្រហម ក៏ដូចជាឧទ្ទិសដល់ “អ្នកទាំងឡាយដែលលែងមានវត្តមាននៅទីនេះទៀត ហើយ”។ ជាជាងការរំឭកអំពីភាពព្រឺព្រួចនៃពេលវេលាដ៏ខ្មៅងងឹតទាំងនោះ រូបចម្លាក់ នៃ ការចងចាំនេះ ធ្វើឲ្យអ្នកដើរឆ្លងកាត់មានអារម្មណ៍អាណិតអាសូរ និងក្តីសង្ឃឹមសម្រាប់ អនាគតដ៏សុខដុមមួយ ដោយមិនបំភ្លេចអំពីអតីតកាល។

រូបថត៖ គឹម សុវណ្ណដានី
ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អំពីសិល្បករ អ៊ឹង ភូសេរ៉ា

សេរ៉ា កើតនៅក្នុងទីក្រុងភ្នំពេញ ក្នុងឆ្នាំ១៩៦១។ បន្ទាប់ពីបញ្ចប់ ការសិក្សាថ្នាក់ អនុបណ្ឌិតផ្នែកវិចិត្រសិល្បៈនិងថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្ត្រសិល្បៈនៅសាកលវិទ្យាល័យ សូប៊នក្នុងទីក្រុងប៉ារីស សេរ៉ា បានបំពេញការងារក្នុងវិស័យនេះ ក្នុងនាមជាសាស្ត្រាចារ្យ និងជាសិល្បករ។ ស្នាដៃរបស់សេរ៉ារួមមានគំនូរ ចម្លាក់ ការគូររូប ការដាប់ និងសៀវភៅ គំនូរបែបក្រាហ្វិក។ អ្វីដែលគួរជាទីកត់សម្គាល់នោះ គឺ សេរ៉ា ជាអ្នកនិពន្ធ សៀវភៅគំនូរ បែបក្រាហ្វិកនានាដែលបង្ហាញអំពីសោកនាដកម្មរបស់កម្ពុជារួមមាន៖ Impasse et rouge (ឆ្នាំ ១៩៩៥, បោះពុម្ពជាថ្មីនៅ ឆ្នាំ ២០០៣), L’eau et la terre (ឆ្នាំ ២០០៥), Lendemains de cendres (ឆ្នាំ ២០០៧)។ ចាប់តាំងពីឆ្នាំ១៩៩៩មក គាត់តែងតែរៀបចំ សិក្ខាសាលា ស្តីពីការនិពន្ទសៀវភៅគំនូរបែបក្រាហ្វិក នៅវិទ្យាស្ថានភាសាបារាំងក្នុងទីក្រុងភ្នំពេញ ក៏ ដូចជាសិក្ខាសាលាដែលជំរុញឲ្យមានការចូលរួមផ្តោតលើគោលគំនិតនៃសិល្បៈមានរូបរាង នោះគឺ Les Ateliers de la Mémoire (សិក្ខាសាលានៃការចងចាំ)។ សិក្ខាសាលា ជំរុញឲ្យមានការចូលរួមក្នុងផ្នែកសិល្បៈមានរូបរាង ត្រូវបានប្រារព្ធឡើងនៅមជ្ឈមណ្ឌល សោតទស្សន៍បុប្ផា ណា បានដើរតួនាទីជាការដាស់តឿនរំ ឭកដ៏សកម្មនិងមានអានុភាពអំពី ប្រវត្តិសាស្ត្រខ្លោចផ្សាររបស់កម្ពុជាតាមរយៈការបង្កើតឲ្យមានការចូលរួមពីសំណាក់ប្រជាជន ជំនាន់ក្រោយ នៅក្នុងស្នាដៃនៃការចងចាំ អំពីអតីតកាល ដែលហាក់ដូចជាត្រូវបានស្គា ល់ច្បាស់ តែមិនធ្លាប់បានដឹងសោះ។ តាមរយៈភាសាសម្តែងចេញ របស់សៀវភៅគំនូរបែប ក្រាហ្វិក សេរ៉ាព្យាយាមពង្រីកឲ្យលើសពីការចែករំ លែកកំណត់ត្រាប្រវត្តិសាស្ត្រពីជំនាន់ មួយទៅជំនាន់មួយទៀត ដោយផ្តល់ដល់យុវជនកម្ពុជានូវឱកាសមួយ ដើម្បីយល់ដឹងអំពី ប្រវត្តិសាស្ត្ររបស់ខ្លួនតាមរយៈការបង្កើតស្នាដៃសិល្បៈ។

នៅក្នុងឆ្នាំ២០០៧ សេរ៉ា បានបង្កើតស្នាដៃចម្លាក់នៃការចងចាំ សម្រាប់ដាក់តាំង នៅទីវាលមួយ សម្រាប់សហគមន៍កម្ពុជានៅក្នុងទីក្រុង ប៊ូស៊ី សានចច។ បូជនីយដ្ឋាន តំណាងនេះ ឧទ្ទិសដល់អ្នកដែល គ្មានឈ្មោះត្រូវបានតម្កល់នៅរង្វង់មូលមួយដែលក្រោយ មកទីតាំងនេះ ត្រូវបានកែឈ្មោះទៅជាទីតាំងក្រុងភ្នំពេញ។

ក្នុងរយៈពេលជាង២៥ឆ្នាំ កន្លងមក ការងាររបស់ សេរ៉ា ត្រូវបានដាក់តាំងបង្ហាញ ដាច់ដោយឡែក និងរួមជាមួយស្នាដៃរបស់អ្នកដទៃទៀត នៅក្នុងប្រទេសបារាំង និង ប្រទេសកម្ពុជា។ នៅក្នុងខែមេសា ឆ្នាំ២០១២ វិទ្យាស្ថានភាសាបារាំង ក្នុងទីក្រុងភ្នំពេញ បានប្រារព្ធគម្រប់ខួប២០ឆ្នាំ របស់ខ្លួនដោយរៀបចំការតាំងពិព័រណ៍ស្នាដៃដ៏ច្រើនសន្ធឹក សន្ធាប់របស់ សេរ៉ា។

នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១២ ក្រុមសិល្បៈ Art Absolument បានសម្រេច ជ្រើសរើស សេរ៉ា ជាសិល្បករបែបសហសម័យដ៏ល្អប្រសើរមួយរូប ក្នុងប្រទេសបារាំង នាអំឡុងពេល ដប់ឆ្នាំ កន្លងមក។ នេះគឺជាការទទួលស្គាល់ដ៏វិសេសវិសាលមួយដែលផ្តល់កិត្តិយស និង កេរ្តិ៍ឈ្មោះដល់ ទេពកោសល្យឆ្នើមរបស់សិល្ប-កររូបនេះ។

បន្ថែមពីនេះទៅទៀត សេរ៉ា ក៏មានកិត្តិស័ព្ទល្បីរន្ទឺចំពោះស្នាដៃគំនូររស់រវើក តាម រយៈការសម្តែងយ៉ាងពិសេសជាសាធារណៈ។ សេរ៉ា បានទទួលរង្វាន់ និងអាហារូបករណ៍ ជាច្រើនអនេក អ្វីដែលគួរជាទីកត់សម្គាល់ជាងគេបំផុតនោះគឺ រង្វាន់ពីវិទ្យាស្ថានសិល្បៈ ជាតិនៃប្រទេសបារាំង។ សេរ៉ា បានរក្សាតំណែងបង្រៀនដ៏ថ្លៃថ្លារបស់ខ្លួននៅសូប៊នចាប់តាំ ងពីឆ្នាំ១៩៨៩។ នៅក្នុងឆ្នាំ២០១២ សេរ៉ា ត្រូវបានឧទ្ទេសនាមជាប្រធានកម្មវិធី សិក្សានៅ សាលាហ្វារពន្លឺសិល្បៈក្នុងខេត្តបាត់ដំបង ប្រទេសកម្ពុជា។ បច្ចុប្បន្ន សេរ៉ា កំពុងធ្វើការ សិក្សាស្រាវជ្រាវនិក្ខេបបទថ្នាក់បណ្ឌិតរបស់ខ្លួននៅឯ Paris I Panthéon-Sorbonne ក្រោម ការដឹកនាំរបស់ យ៉ាន់ ថូម៉ា។

ទាវ សារៈមុនិន្ទ​ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា

ដំណើរជីវិតរបស់ ពាក់ ធឿន

ពាក់ ធឿន កើតក្នុងឆ្នាំ ១៩៥៣ (១៩៥៣ ជាឆ្នាំដែលប្រទេសកម្ពុជាទទួលបានឯករាជ្យពីប្រទេសបារាំង) និងមានស្រុកកំណើតនៅភូមិបន្ទាយឆ្មាខាងជើង ឃុំបន្ទាយឆ្មា ស្រុកថ្មពួក ខេត្តបាត់ដំបង តែឥឡូវស្ថិតក្នុងខេត្តបន្ទាយមានជ័យ។ ធឿន មានជីតាឈ្មោះ វ៉ាន់ ដែលជាអតីតមេឃុំបន្ទាយឆ្មា, ឪពុករបស់ធឿន ឈ្មោះ វ៉ាន់ ពាក់ ដែលជាអតីតជំទប់ទី១ ឃុំបន្ទាយឆ្មាក្នុងសម័យសង្គមរាស្រ្តនិយម និងមានម្ដាយឈ្មោះ ណៅ ហ៊ុន។ ធឿន មានបងប្អូន ១១ នាក់ (ស្រី ៥ ប្រុស ៦នាក់)។ ធឿន គឹជាកូនច្បងក្នុងគ្រួសារ។ ធឿន រៀនបានត្រឹមថ្នាក់ទី ៧ (សម័យដើម) នៅសាលាបន្ទាយឆ្មា ក៏បានឈប់ បន្ទាប់ពីមានព្រឹត្ដិការណ៍រដ្ឋប្រហារទម្លាក់សម្ដេច សីហនុ ឆ្នាំ ១៩៧០។ ក្រោយឈប់ពីការសិក្សា​ ធឿន​ នៅផ្ទះជួយកិច្ចការធ្វើស្រែចម្ការឪពុកម្ដាយរហូតដល់ឆ្នាំ ១៩៧៥។

បន្ទាប់ពីខ្មែរក្រហមឡើងកាន់កាប់អំណាច នៅឆ្នាំ ១៩៧៥ ទ្រព្យសម្បត្តិ របស់របរ (ចាន ឆ្នាំង ស្លាព្រា គោក្របី និងមាសប្រាក់ជាដើម) គ្រួសាររបស់ ធឿន ក៏ដូចជាទ្រព្យសម្បត្តិ និងរបស់របររបស់ប្រជាជននៅក្នុងឃុំបន្ទាយឆ្មា ត្រូវបានខ្មែរក្រហមប្រមូលដាក់ឱ្យប្រើប្រាស់ជារបស់រួម។ នៅក្នុងឃុំបន្ទាយឆ្មា ខ្មែរក្រហមបានចាត់តាំង ញ៉េប ឱ្យជាអ្នកដឹកនាំ ហើយប្រជាជនត្រូវបានបែងចែកជាបីក្រុម មានក្រុមកុមារ ក្រុមយុវជន និងក្រុមវ័យកណ្ដាល។ ក្នុងក្រុមនីមួយៗត្រូវបានបែងចែកជាក្រុមតូចៗ (ប្រហែល ១០នាក់) និងមានប្រធានក្រុមម្នាក់។ ធឿន ត្រូវបានចាត់តាំងឱ្យនៅក្នុងក្រុមវ័យកណ្ដាល។​ ធឿន ត្រូវបានខ្មែរក្រហមចាប់ដៃផ្សំផ្គុំឱ្យរៀបការជាមួយ ប៉េ សួន ដែលនៅពេលនោះ គឺមាន ៦០​គូ នៅចុងឆ្នាំ១៩៧៥។ បន្ទាប់ពីចាប់ដៃការរួច ធឿន ត្រូវបានខ្មែរក្រហមដកចេញពីក្រុមវ័យកណ្ដាលឱ្យទៅជាកងចល័តឃុំ ដែលមានការងារជាអ្នកភ្ជួរស្រែ ដកស្ទូង និងលើកទំនប់ជាដើម។ នៅរដូវវស្សាឆ្នាំ ១៩៧៦​​ ធឿន ​ត្រូវបានបញ្ជូនឱ្យទៅលើកទំនប់អាងជើងគ្រោះ  និងឆ្នាំ ១៩៧៧ ធឿន ត្រូវបានខ្មែរក្រហមបញ្ជូនទៅម្ដងទៀត ដែលពេលនោះមានមនុស្សប្រហែល ៥០០០​នាក់ បានចូលរួម ដោយលើកទំនប់ប្រវែងប្រហែល ១០០០ ម៉ែត្រ (នៅក្នុងសម័យខ្មែរក្រហម ទំនប់អាងជើងគ្រោះត្រូវបានលើកពីរដង ដោយលើកៗទីមួយមានប្រវែងតូច និងទំហំខ្លី មិនអាចស្តុកទឹកបានច្រើន ដូច្នេះទំនប់នេះត្រូវបានលើកម្ដងទៀតនៅឆ្នាំ ១៩៧៧ ហើយទំនប់ជើងគ្រោះអាចស្ដុកទឹកធ្វើស្រែខួបប្រាំងខួបវស្សា មិនខ្វះទឹកនោះទេ)។ បន្ទាប់ពីលើកទំនប់អាងជើងគ្រោះជាលើកទី២​រួច ធឿនត្រូវបានខ្មែរក្រហមចាត់តាំងឱ្យធ្វើជាប្រធានដែលមានសមាជិក១០នាក់ ដើម្បីមើលការខុសត្រូវទំនប់អាងជើងគ្រោះនោះកុំឱ្យមានការខូចខាត ធ្លុះធ្លាយ​ និងបាក់ជាដើម ហើយក្រៅពីការងារនោះ ធឿន និងកូនក្រុមត្រូវដើរចល័តធ្វើការងារផ្សេងទៀតមានភ្ជួររាស់ ដក់ស្ទូងជាដើម។ ធឿន ក៏ត្រូវបានខ្មែរក្រហមបញ្ជូនឱ្យទៅលើកទំនប់ត្រពាំងថ្មម្ដងម្កាលដែរ។ នៅចុងឆ្នាំ ១៩៧៧ ឪពុករបស់ធឿន ត្រូវបានខ្មែរក្រហមចាប់ខ្លួនបន្ទាប់ពីស្រាវជ្រាវឃើញថា ឪពុកធឿន ធ្លាប់ធ្វើការបម្រើឱ្យរបបសាធារណរដ្ឋខ្មែរ របស់ លន់ នល់។ នៅពេល ឪពុកធឿន ត្រូវបានចាប់ខ្លួន ពេលនោះ ធឿន ក៏នៅទីនោះដែរ ប៉ុន្ដែ ធឿន មិនអាចជួយអ្វីដល់ឪពុកបានឡើយ ពីព្រោះ ធឿន ធ្លាប់ឃើញតាលាភ ត្រូវបានខ្មែរក្រហមចាប់ខ្លួន ហើយពេលនោះកូនក៏មកជួយ ដូច្នេះខ្មែរក្រហមចាប់ទាំងពីរនាក់ឪពុកកូនយកទៅសម្លាប់ចោល។ ដោយហេតុនឹកឃើញដល់រឿងនោះ ធឿន ក៏មិនហ៊ានជួយឪពុកដោយខ្លាចខ្មែរក្រហមចាប់ខ្លួនសម្លាប់ទាំងពីរនាក់ ដូចតាលាភ និងកូន។ ធឿន បានដឹងថា ឪពុករបស់ខ្លួនត្រូវបានខ្មែរក្រហមយកទៅសម្លាប់នៅបន្ទាយទាហានថ្មពួកចាស់ (ធឿន បានឱ្យដឹងថា ខ្មែរក្រហមបានយកមនុស្សជាច្រើនទៅសម្លាប់នៅបន្ទាយទាហានថ្មពួកចាស់ ដោយក្នុងមួយរណ្ដៅមានមនុស្សយ៉ាងតិច ៥០ ទៅ ៦០នាក់ ដែលត្រូវបានសម្លាប់ ហើយកប់រួមគ្នា)។ នៅចុងឆ្នាំ ១៩៧៨ ធឿនត្រូវគណៈឃុំចាប់ខ្លួនបញ្ជូនទៅសហករណ៍សាលាបន្ទាយឆ្មា ដោយសារការសារភាពរបស់ សេន ថា ធឿន រួមគំនិតលួចជីកដំឡូង (សេន ត្រូវខ្មែរក្រហមចាប់ខ្លួននៅពេលលួចជីកដំឡូង ហើយ សេន​​ ត្រូវបានខ្មែរក្រហមដាក់ទារុណកម្មសួរចម្លើយ)។ តែជាសំណាងល្អ នៅដើមឆ្នាំ ១៩៧៨ ធឿន ត្រូវបានដោះលែងវិញ បន្ទាប់ពីមានការធានាពី ហាក់ ដែលធ្វើការខាងសេដ្ឋកិច្ចឃុំ ថា ធឿន ជាមនុស្សល្អ ស្អាតស្អំ។ ក្រោយពីការដោះលែង ធឿន ត្រូវបានចាត់តាំងឱ្យធ្វើការងារខាងធ្វើស្រែ និងមើលការខុសត្រូវទំនប់អាងជើងគ្រោះជាធម្មតា។ នៅពាក់កណ្ដាលឆ្នាំ១៩៧៨ ធឿន, ឃួន និងអាល់ បានផ្ដើមគំនិតរៀបចំគម្រោងការសម្លាប់ខ្មែរក្រហម តែងគម្រោងនោះត្រូវបរាជ័យដោយសារកម្មាភិបាលខ្មែរបានដឹងមុន ដូច្នេះខ្មែរក្រហមបានដេញចាប់ក្រុមរបស់ធឿន។ នៅ ចុងឆ្នាំ ១៩៧៨ ធឿន បានរត់ភៀសខ្លួនចូលប្រទេសថៃ ហើយក្រោយមកក៏បានបម្រើការងារជាទាហានប៉ារ៉ានៅទីនោះ ដើម្បីប្រឆាំងរបបខ្មែរក្រហម។ ចូលបម្រើទាហានប៉ារ៉ា បាន ៤ ខែ ធឿន ក៏លាឈប់ ហើយត្រឡប់មកប្រទេសកម្ពុជាវិញ។

នៅឆ្នាំ ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមត្រូវបានដួលរលំ ធឿន ក៏បានចូលមកប្រទេសកម្ពុជាវិញ។ នៅពេលមកដល់កម្ពុជាវិញ ធឿន ត្រូវបានកងទ័ពវៀតណាមចាប់ខ្លួន និងឱ្យសារភាព ពីព្រោះរាល់ប្រជាជនដែលចូលទឹកដីថៃ ហើយត្រឡប់មកវិញ គឺកងទ័ពវៀតណាមចាប់ខ្លួន និងតម្រូវឱ្យសារភាព។ ក្រោយសារភាពរួច ធឿន បានទៅជួបជុំក្រុមគ្រួសារ ហើយក្រោយមកមេឃុំថ្មីឈ្មោះ ដឿម បានហៅ ធឿន​ ឱ្យធ្វើគ្រូបង្រៀននៅសាលាបន្ទាយឆ្មា ប៉ុន្ដែ ធឿន បានបដិសេធ ដោយគិតថាឪពុកស្លាប់ដោយសារធ្វើការងាររដ្ឋ ដូច្នេះ ធឿន មិនចង់ធ្វើការងាររដ្ឋនោះទេ។ នៅឆ្នាំ ១៩៨២ ផ្ទះរបស់ប្រជាជននៅក្នុងឃុំបន្ទាយឆ្មាត្រូវបានឆេះខ្ទេចខ្ទីដោយការប្រយុទ្ធគ្នារវាងកងទ័ពខ្មែរក្រហម និងកងទ័ពវៀតណាម។ ប្រជាជននៅក្នុងឃុំ ត្រូវបានជម្លៀសឱ្យទៅរស់នៅក្នុងឃុំសាម៉ន់ និងមួយចំនួនរត់ចូលព្រៃ។ ការរស់នៅក្នុងឃុំសាម៉ន់ គឺវេទនាបំផុតសម្រាប់ ធឿន ពីព្រោះមិនមានដីធ្វើស្រែចម្ការ ប្រជាជនមួយចំនួនក៏រត់ភៀសខ្លួនទៅព្រុំដែន។ ឆ្នាំ ១៩៨៨ ធឿន បានរត់ទៅរស់នៅជំរំសាយធូ។ នៅជំរំសាយធូ ធឿន បានចូលរៀនអក្សរ និងរៀនខាងបច្ចេកទេស ជំនាញខាង គ្រឿងម៉ាស៊ីន (ឡាន, ម៉ូតូ និងគោយន្តជាដើម) ហើយបានក្លាយជាគ្រូបង្រៀនខាងបច្ចេកទេសបង្រៀនដល់ជនពិការនៅទីនោះ។ ឆ្នាំ ១៩៩១ ធឿន បានចាក់ចេញពីជំរំសាយធូ មករស់នៅស្រុកកំណើតវិញ បន្ទាប់សង្រ្គាមត្រូវបានផុតរលុតក្នុងតំបន់នោះ។  ទៅដល់ភូមិវិញ ធឿន បានរស់នៅលើទឹកដីចាស់របស់ខ្លួន ជាមួយនឹងគ្រួសារ និងធ្វើការងារជាអ្នកស្រែចម្ការ។​ នៅឆ្នាំ ២០០៣ ធឿន ត្រូវបានជ្រើសរើសពីចាស់ទុំនៅក្នុងភូមិឱ្យធ្វើជាមេភូមិបន្ទាយឆ្មាខាងជើង ពីព្រោះអ្នកភូមិគិតថា ជីតា និងឪពុករបស់ ធឿន គឺជាអ្នកបម្រើការងារដឹកនាំភូមិឃុំបានល្អ ហើយ ធឿន នៅជាមេភូមិរហូតដល់បច្ចុប្បន្ន។ សព្វថ្ងៃ ធឿន​ មានកូន បី នាក់(ស្រី២ ប្រុស១) និងរស់នៅក្នុងជីវភាពសមរម្យជាមួយគ្រួសារ។ រាល់ពេលបុណ្យទានម្ដង ធឿន និងគ្រួសារតែងធ្វើបុណ្យដើម្បីឧទ្ទិសកុសលដល់បុព្វការីជន ជាពិសេសឪពុកដែលបានស្លាប់ក្នុងរបបខ្មែរក្រហម។

ឃាង សេងហឿន បុគ្គលិកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារកម្ពុជា

ខ្ញុំហៀបនឹងស្លាប់ដោយសារជំងឺ

ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ជាមួយវ័យជរា រស់នៅតែម្នាក់ឯង នៅភូមិលំទងចាស់ ឃុំលំទងចាស់ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ យាយ រីប ហឿន មានវ័យ៧៣ឆ្នាំហើយ។ ប្តីរបស់យាយ ហឿន បានស្លាប់​តាំងពីបីឆ្នាំមុនម៉្លេះ ហើយកូនៗប្រុសស្រីទាំង៧នាក់របស់គាត់បានរៀបការ និងរស់នៅបែកពី​គាត់​អស់​ហើយ។ យាយបានរៀបរាប់ពីដំណើរជីវិតដែលបានឆ្លងកាត់នៅក្នុងរបបខ្មែរក្រហម​ថា៖

ក្រោយឆ្នាំ១៩៧០​ បន្ទាប់ពីរដ្ឋប្រហារទម្លាក់សម្តេច សីហនុ ការទម្លាក់គ្រាប់បែក បាន​កើត​មានឡើងស្ទើរគ្រប់ទីកន្លែង។ សំឡេងយន្តហោះបានធ្វើឲ្យប្រជាជនគ្រប់គ្នាមានការភ័យ ខ្លាច អ្នកខ្លះបានរត់ចោលផ្ទះសម្បែង ដោយសារតែភិតភ័យនឹងសំឡេងលាន់កងរំពងរបស់​ម៉ាស៊ីន​យន្តហោះ។ ពេលនោះ គាត់និងប្តីឈ្មោះ ហ៊ីន បានសម្រេចចិត្តចេញពីផ្ទះគាត់ទៅរស់ នៅក្នុងទឹកដីថៃ ដែលស្ថិតនៅជាប់នឹងព្រំដែនខ្មែរវិញ។ ប៉ុន្តែរយៈពេលមួយខែក្រោយមក ថៃ​បានបញ្ជូនគាត់ និងប្តីមកស្រុកកំណើតវិញ ប​ន្ទាប់ពីការទម្លាក់គ្រាប់បែកបានស្ងប់ស្ងាត់ យាយ ហឿន និងប្តីបានប្រកបរបរធ្វើស្រែចម្ការធម្មតាវិញ។ ប៉ុន្តែរឿង​ដែលគួរឲ្យសោកស្តាយនោះ គឺឪពុកម្តាយរបស់គាត់ បានស្លាប់ក្នុងអំឡុងពេលដែលមានការ​ទម្លាក់​គ្រាប់បែកនោះ។

នៅឆ្នាំ១៩៧៣ ប្តីរបស់យាយ ហឿន និងបងប្រុសរបស់គាត់ ឈ្មោះ រី តាប់ បានស្ម័គ្រ ចិត្តធ្វើជាទាហាន លន់ នល់។ ប្តីរបស់គាត់ចូលធ្វើទាហានមិនបានប៉ុន្មាន ក៏មានជំងឺគ្រុនចាញ់ ហើយត្រូវអង្គភាពបញ្ជូនមកផ្ទះវិញ។ ក្រោយមក គាត់និងប្តីបានផ្លាស់ទៅរស់នៅខេត្ត​សៀមរាប។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានជ័យជម្នះ និងគ្រប់គ្រងប្រទេស តន្ត្រី សិល្បៈ សាសនា ទំនៀមទម្លាប់ប្រពៃណី ត្រូវបានខ្មែរក្រហមហាមឃាត់​ ហើយក៏ជាពេលដែលកូនត្រូវបែកពី​ឪពុកម្តាយ ប្រពន្ធបែកពីប្តី គឺស្ទើរតែគ្រប់គ្រួសារបានបែកបាក់គ្នា។ ប្រជាជនដែលរស់នៅ​តាមទីក្រុង ទីប្រជុំជននានា ត្រូវខ្មែរក្រហមជម្លៀសចេញឲ្យទៅតាមទីជនបទ  ដោយយក​លេស​ថា អាមេរិកាំងនឹងមកទម្លាក់គ្រាប់បែក។ ប្រជាជនត្រូវបង្ខំឲ្យចាកចេញពីផ្ទះសម្បែង ដោយមិនបានយកអ្វីទៅជាប់នឹងខ្លួនច្រើននោះទេ ព្រោះគិតថា នឹងបានត្រឡប់មកផ្ទះវិញ ក្នុង​រយៈពេលបីថ្ងៃក្រោយ។

ជាក់ស្តែង យាយ ហឿន និងគ្រួសារត្រូវខ្មែរក្រហមជម្លៀសឲ្យទៅរស់នៅស្រុក ក្រឡាញ់ ដោយធ្វើដំណើរតាមរថយន្ត និងថ្មើរជើង។ យាយ​ ហឿន បានឲ្យដឹងថា គាត់ត្រូវធ្វើ ដំណើរ​ទាំង​ថ្ងៃ​ទាំងយប់ ដោយមានតែអាហារបន្តិចបន្តួចហូបប៉ុណ្ណោះ។ ទៅដល់ស្រុក ក្រឡាញ់ អង្គការ​បានបែងចែកប្រជាជនទៅតាមក្រុមរៀងៗខ្លួន ដោយឡែកយាយ ហឿន ត្រូវ​អង្គការ​ចាត់ឲ្យ​​ចូលកងនា​រីធ្វើស្រែ។ ប៉ុន្មានខែក្រោយមក ប្តីរបស់យាយ ហឿន ត្រូវបាន អង្គការនាំទៅសួរចម្លើយទាក់ទងនឹងទាហាន លន់ នល់។ យាយ ហឿន បានឲ្យដឹងថា ប្តីរបស់ គាត់ពេលនៅស្រុកក្រឡាញ់មិនបានប្រើឈ្មោះដើមទេ គឺប្តីរបស់គាត់បានប្តូរឈ្មោះថ្មី​ (មក ដល់សព្វថ្ងៃគាត់មិនចាំឈ្មោះ​ថ្មីរបស់ប្តីគាត់ទេ)។​ ប្តីរបស់គាត់ តាហ៊ីន ត្រូវបានអង្គការ​បញ្ជូ​នទៅ​សួរចម្លើយនៅខេត្តបន្ទាយមានជ័យ (តំបន់៥) និងក្រោយមកបានដោះលែងមកវិញ ដោយ​រកមិនឃើញឈ្មោះប្តីរបស់គាត់ពាក់ព័ន្ធជាមួយអតីតទាហាន លន់ នល់។ ប៉ុន្តែបង ប្រុសរបស់​យាយ ហឿន ឈ្មោះ រី​ តាប់ មិនមានវាសនារួចជីវិតដូចប្តីគាត់ទេ។ បងប្រុសរបស់ គាត់ត្រូវ​អង្គការ​ចាប់បញ្ជូនមកភ្នំពេញ ទាក់ទងនឹងអតីតភាពជាទាហាន លន់ នល់។ មួយខែក្រោយ​មក ទើបគាត់ដឹងថា បងប្រុសរបស់គាត់ត្រូវបានអង្គការយកទៅសម្លាប់។

នៅឆ្នាំ១៩៧៧ តាហ៊ីន ត្រូវបានអង្គការបញ្ជូនឲ្យទៅធ្វើការនៅកងចល័ត ខេត្តកំពង់ធំ ដែលត្រូវទៅលើកទំនប់១មករា។ ចាប់តាំងពីពេលនោះមក យាយ ហឿន ត្រូវរស់នៅឆ្ងាយពីប្តី រហូតដល់របបខ្មែរក្រហមដួលរលំ។ អំឡុងពេលរស់នៅតែម្នាក់ឯង យាយ ហឿន កើត មានជំងឺផ្លូវចិត្តដែលគាត់ត្រូវរស់នៅឆ្ងាយពីប្តី ម្យ៉ាងទៀត គាត់ត្រូវធ្វើការ​ទាំងយប់ ទាំងថ្ងៃ និងហូបមិនគ្រប់គ្រាន់ រហូតដល់គាត់ធ្លាក់ខ្លួនឈឺជាទម្ងន់។ ពេលនោះ ម្រាមដៃរបស់គាត់ ក៏កើតពិស ជាហេតុធ្វើឲ្យគាត់មិនអាចទៅធ្វើការបាន។ អង្គការបានហៅយាយ ហឿន ទៅ​សាកសួរ និងបានពិនិត្យឃើញថាគាត់ពិតជាឈឺ ទើបអនុញ្ញាតឲ្យឈប់សម្រាក។ អំឡុងពេល​គាត់សម្រាកព្យាបាលជំងឺ មេកងនារីរបស់គាត់តែងតែយករបបអាហារមកឲ្យគាត់ហូប។ ប៉ុន្មាន​ថ្ងៃក្រោយមក អង្គការបានហៅមេកងនារីនោះទៅរៀនសូត្របាត់ដោយមិនដឹងពីមូល​ហេតុ ហើយចាប់តាំងពីថ្ងៃនោះមកគាត់មិនដែលឃើញមេកងនារីនោះត្រឡប់មកវិញទេ។ គាត់​បានត្រឹមតែឮពាក្យចចាមអារាមថា អង្គការបានចោទថា មេកងនារីនោះ ក្បត់នឹងអង្គការ។ ដោយឈឺនឹងជំងឺពិសដែលកើតនៅម្រាមដៃគាត់ខ្លាំងពេក យាយ ហឿន បានសម្រេចចិត្ត​កាត់ម្រាមដែលកើតពិសនោះចោលតែម្តង។

ក្រោយរបបខ្មែរក្រហមបានដួលរលំ នៅឆ្នាំ១៩៧៩ ប្តីរបស់យាយបានត្រឡប់មករក​យាយវិញ និងនាំគ្នាទៅរស់នៅក្នុងទឹកដីថៃអស់រយៈពេល២ឆ្នាំ។ អំឡុងពេលនោះ យាយ និងប្តីប្រកបរបរបោចវល្លិ៍ បាញ់សត្វ និងកាប់ឈើលក់។ បន្ទាប់ពីស្ថានការណ៍វាយប្រយុទ្ធគ្នា​ស្ងប់​ស្ងាត់បន្តិច យាយ ហឿន និងប្តីបានត្រឡប់មកនៅស្រុកអន្លង់វែង ដែលជាតំបន់កាន់កាប់​រ​បស់​កម្លាំងខ្មែរក្រហមដែលនៅសេសសល់ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ តាម៉ុក។ យាយ ហឿន បានឲ្យដឹងថា តាម៉ុក គ្រប់គ្រងតំបន់អន្លង់វែង ចំណែកប្រជាជនរស់នៅ ប្រកបរបរ​ធ្វើស្រែចម្ការធម្មតា ប៉ុន្តែមិនតឹងរ៉ឹងដូចមុនទេ។ បន្ទាប់មក ប្តីរបស់គាត់ តាហ៊ីន ក៏បានចូល​បម្រើបម្រើកងទ័ព តាម៉ុក។

យាយ ហឿន បានឲ្យដឹងថា តាម៉ុក គ្រប់គ្រងតំបន់អន្លង់វែង និងមិនមានជម្លៀស​ប្រជាជន​ទៅណាទេ។ នៅពេល នោះ ការប្រយុទ្ធគ្នាជាមួយកងទ័ពវៀតណាមមិនទាន់បញ្ចប់​ទេ និងបានបង្កឲ្យមានមនុស្សស្លាប់ជាបន្តបន្ទាប់។ មិនយូរប៉ុន្មាន ប្តីរបស់គាត់បានធ្លាក់ខ្លួនឈឺ ហើយក៏លាឈប់ពីកងទ័ព និងត្រឡប់មករស់នៅជាមួយគាត់នៅភូមិវិញ។

រិន រចនា និសិ្សតឆ្នាំទី៤ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ