សិក្ខាសាលាអន្តរជាតិស្តីពីការពង្រឹងសមត្ថភាពការអប់រំ អំពីប្រវត្តិសាស្ត្រ និងការទប់ស្កាត់អំពើហិង្សា

ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

សិក្ខា​សាលាអន្តរជាតិ ស្តីពីការពង្រឹងសមត្ថភាពការអប់រំអំពីប្រវត្តិ​សាស្ត្រ និងការ​ទប់ស្កាត់អំពើហិង្សា ត្រូវបានរៀបចំឡើង ដោយអង្គការសម្ព័ន្ធអន្តរជាតិបណ្តុះមនសិការ (Sites of Conscience) នៅវិចិត្រសាលសិល្ប:សហសម័យវិទ្យាស្ថានស្លឹករឹត ក្នុងបរិវេណ​វិទ្យាស្ថានជាតិអប់រំ។​​ កម្មវិធីសិក្ខា​សាលា​អន្តរជាតិ​នេះ នឹងធ្វើឡើងរយៈ​ពេលបួនថ្ងៃ ចាប់​ ពីថ្ងៃទី១៥ ដល់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ដែលមានសមាជិក និងអង្គការជាដៃគូមកពី​ប្រទេស​​ទីម័រខាងកើត ​ហ្គាតាម៉ាឡា ប្រទេសឥណ្ឌូនេស៊ី និងប្រទេសកម្ពុជា។ លោក​ជំទាវ ទន់ សាអ៊ីម អនុរដ្ឋលេខាធិការក្រសួង​អប់រំ យុវជន និងកីឡា តំណាង​ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជណាចក្រកម្ពុជា ដែលបានធ្វើ​ការងារ​លើគម្រោង​អប់រំស្តីពីអំពើប្រល័យ​ពូជសាសន៍នៅកម្ពុជា ក៏បានចូលរួម និងធ្វើគណអធិបតី​ក្នុងពិធី​បើក​វគ្គសិក្ខា​សាលាអន្តរ​ជាតិនេះ ព្រមទាំងមានគ្រូប្រវត្តិ​សាស្រ្ត​ថ្នាក់ជាតិ គរុនិស្សិត​​មកពី​វិទ្យា​​ស្ថាន​ជាតិអប់រំ និង​សមាជិកមកពីអង្គការជាដៃគូ ។

ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

សារ៉ា ប្រេដស អ្នកសម្របសម្រួល​ មកពីអង្គការសម្ព័ន្ធអន្តរជាតិបណ្តុះមនសិការ (Sites of Conscience) បានឡើងបង្ហាញពីគោលបំណងរបស់សិក្ខា​សាលាអន្តរជាតិ ស្តីពីការពង្រឹងសមត្ថភាពការអប់រំអំពីប្រវត្តិ​សាស្ត្រ និងការ​ទប់ស្កាត់អំពើហិង្សាថា៖ អង្គការ​សម្ព័ន្ធអន្តរជាតិបណ្តុះមនសិការ (Sites of Conscience) ជាអង្គការសម្ព័ន្ធអន្តរជាតិ​មួយដែលធ្វើការទាក់​ទងជាមួយនឹងប្រទេសក្រោយជម្លោះ ដើម្បីផ្លាស់ប្តូរឲ្យទៅជាសង្គម​មួយដែលមានការអប់រំ និងការដោះស្រាយជាមួយនឹងអតីតកាល លើសពីនេះទៀតសោត វាជាអង្គការសម្ព័ន្ធ​ថ្នាក់​ពិភពលោក​មួយ​ដែលធ្វើឲ្យមានការចងចាំ ចំពោះប្រទេសដែល​ប្រឈមនឹងប្រវត្តិសាស្រ្តដ៏ជូចត់។ អង្គការសម្ព័ន្ធអន្តរជាតិនេះ ក៏បានធ្វើការនៅប្រទេស​កម្ពុជា​អស់រយៈពេល​ជាច្រើនឆ្នាំមកហើយទាក់ទងជាមួយនឹងប្រវត្តិសាស្រ្តដ៏ជូរ​ចត់នេះ។ ថ្ងៃនេះ ក៏មិនខុសពីពេលមុនដែរ​ យើងបង្កើតសិក្ខាសាលាអន្តរជាតិនៅទីនេះ ក្នុងគោល​បំណងស្វែងរកការពិត និងយុត្តិ​ធម៌អន្តរកាល។ ក្នុងរយៈពេលបីឆ្នាំ ​សម្ព័ន្ធអង្គការអន្តរជាតិ យើងបានធ្វើការជាមួយនឹងប្រទេសចំនួន១៧ និងអង្គ​ការសង្គមស៊ីវិលចំនួន២៥០ ក្នុង​ចំណោម​៥៥ប្រទេស ហើយមជ្ឈម​ណ្ឌលឯកសារកម្ពុជា គឺជាសមាជិកទី៩នៃសម្ព័ន្ធអន្តរ​ជាតិ។

ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ក្នុងឱកាសចូលរួមបើកសិក្ខា​សាលាអន្តរជាតិ ស្តីពីការពង្រឹងសមត្ថភាពការអប់រំអំពី​ប្រវត្តិ​សាស្ត្រ និងការ​ទប់ស្កាត់អំពើហិង្សា លោកជំទាវ​ ទន់​ សាអ៊ីម បាន​សម្តែងនូវ​អារម្មណ៍​រីករាយ​ ដែលសិក្ខាសាលានេះបានធ្វើឡើងនៅប្រទេសកម្ពុជា និងថ្លែងអំណរ​គុណយ៉ាង​ជ្រាល​ជ្រៅ ចំពោះកិច្ចសហការដ៏ល្អ រវាងក្រសួងអប់រំ យុវជន និងកីឡា ជាមួយ​អង្គការជាដៃគូដែលធ្វើការលើការអប់រំពីប្រវត្តិសាស្រ្ត ហើយទទួលបាននូវភាពជោគជ័យ​គួរ​ឲ្យកត់សំគាល់។ ការបង្រៀន​ប្រវត្តិសាស្រ្តកម្ពុជា​ប្រជា​ធិបតេយ្យ បានផ្តល់នូវព័ត៌មាន និង​បទពិសោធន៍ដល់ក្មេងជំនាន់​ក្រោយឲ្យដឹងពីរបបនេះ ដែលបានប្រព្រឹត្តមកលើប្រជា​ជន។ ប្រជាជនកម្ពុជាជាច្រើន​បាន​ឆ្លងកាត់ជីវិតរស់នៅយ៉ាងលំបាក និងបានបាត់បង់នូវ​សិទ្ធិសេរីភាព។ លោក​​ជំទាវបានបន្តថា ប្រទេសកម្ពុជាបានធ្លាក់ទៅក្នុងគ្រោះ​មហន្តរាយ​ទាំង​ស្រុងក្នុងរបបនេះ ហើយក្រសួង​អប់រំ​ យុវជន និងកីឡា បានខិតខំបញ្ជ្រៀតកម្មវិធី​សិក្សា​ និងមេរៀនទាក់ទងរបបកម្ពុជាប្រជា​ធិបតេយ្យ ទៅតាមថ្នាក់អនុវិទ្យាល័យ និងវិទ្យា​ល័យ​នៅទូទាំងប្រទេស។ លោកជំទាវ ដែលជាជនរងគ្រោះក្នុងរបបនេះផ្ទាល់បានលើក​ឡើងថា អតីតកាលគឺជាមេរៀនសម្រាប់ជីវិតរបស់យើងនៅក្នុងបច្ចុប្បន្ននេះ យើង​រៀន​អំពី​អតីតកាលដើម្បីរក្សាការការពារកុំឲ្យប្រវត្តិសាស្រ្តដ៏សាហាវនេះកើត​ឡើង​ម្តង​​ទៀត។ យើង​​ត្រូវបណ្តុះបណ្តាលយុវជនឲ្យក្លាយទៅជាទំពាំងស្នងឬស្សី។ យើងកំពុងខិតខំ​ប្រឹងប្រែង​ធ្វើ​សព្វថ្ងៃនេះដើម្បីឆ្ពោះទៅរកការលើកកំពស់​សីលធម៌ និងស្វែងរក​យុត្តិ​ធម៌ទៅដល់ជនរង​គ្រោះ និងឈានទៅដល់ការផ្សះផ្សាជាតិ។ លោកជំទាវ ក៏បានថ្លែងអំណរគុណដល់​តំណាង​សមាជិកដែលមកពីប្រទេសទាំងបួន ដែលនឹងចែករំលែកអំពីប្រវត្តិសាស្រ្តរបស់​ប្រទេសនីមួយៗ និងជូនពរ​ដល់​គណៈអធិបតី ភ្ញៀវជាតិអន្តរជាតិ លោកគ្រូអ្នកគ្រូ និងគរុ​និស្សិត​ដែលបានអញ្ជើញចូលរួម​នៅថ្ងៃនេះ និងបាន​ប្រកាស​បើកវគ្គ​សិក្ខា​សាលាអន្តរជាតិ​នេះ​ដូចតទៅ។

ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

បន្ទាប់ពី​ ការបើកកម្មវិធី អង្គសិក្ខាសាលា បានចាប់ផ្តើមបើកម្មវិធីពិភាក្សាដោយមាន​ការចូលរួមពីតំណាងអង្គការ និងស្ថាប័នមកពីប្រទេសទីម័រ ប្រទេសហ្គាតាម៉ាឡា និង​ប្រទេសកម្ពុជា។ កម្មវិធីពិភាក្សានេះ បានបើកឱកាសឲ្យវាគ្មិនតំណាងឲ្យអង្គការ​មកពី​ប្រទេសនីមួយៗបង្កើតជាសំណួរទាក់ទងនឹង សិក្ខាសាលាស្តីពីការពង្រឹងការអប់រំស្តីពី​ប្រវត្តិសាស្រ្ត និងការទប់ស្កាត់អំពើហិង្សា។​ ជាមួយគ្នានេះ តំណាងមកពីប្រទេសនីមួយៗ​ក៏បាន​លើកឡើងពីគម្រោងសំខាន់ដែលខ្លួនបានធ្វើកន្លងមក និងអ្វីដែលខ្លួនចង់បាន បន្ទាប់ពី​សិក្ខាសាលា​នេះ ដូចជាការបង្កើតឲ្យមានសារមន្ទីរ ការបង្រៀបប្រវត្តិសាស្រ្ត ដោយឡែក អនុប្រធានការិយាល័យអប់រំស្រុកស្រីសន្ធរ តំណាងមកពីប្រទេសកម្ពុជា ចង់​បង្កើតឲ្យមាន​បណ្ណាល័យនៅតាមសាលា ដើម្បីឲ្យសិស្សានុសិស្សចូលអាន។

ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

នៅពេលរសៀលថ្ងៃដដែល តំណាងអង្គការមូលនិធិកោសល្យវិច័យ មកពីប្រទេស​ហ្គាតាម៉ាឡា បានធ្វើបទបង្ហាញស្តីពីកិច្ចការងារស្រាវជ្រាវ និងស៊ើបអង្កេត និងការធ្វើ កោសល្យវិច័យ (DNA) ទាក់ទងនឹងការ​បាត់ខ្លួន និងការស្លាប់របស់ជនរងគ្រោះនៅក្នុង​ប្រតិបត្តិការយោធាក្នុងប្រទេសនេះ។

ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

តំណាងមកពីប្រទេសទីម័រ ក៏ចែករំលែកពីបទពិសោធន៍នៃការបង្រៀន​ប្រវត្តិសាស្រ្ត និងការចងចាំ នៅតាមសាកលវិទ្យាល័យ និងនៅថ្នាក់មូលដ្ឋាន។ ការអប់រំទាំងនេះនឹងផ្តោ​ត​សំខាន់​ទៅលើសន្តិភាព​ និងការផ្សះផ្សាជាតិក្នុងប្រទេស។

ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

លោកគ្រូ ស៊ីវ ធួន តំណាងឲ្យប្រទេសកម្ពុជាបានចែករំលែកបទពិសោធន៍មួយចំនួន ដល់សិក្ខាសាលាអន្តរជាតិ ដោយបានយករឿងរ៉ាវ និងសោកនាដ្ឋកម្មផ្សេងៗ  ចាប់តាំង​ពីខ្មែរ​ក្រហមបានចូលកាន់កាប់អំណាច រហូតដល់ថ្ងៃរបបខ្មែរក្រហមត្រូវបានដួលរលំនៅ​ថ្ងៃទី៧​ មករា ១៩៧៩។

ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

សិក្ខាសាលាអន្តរជាតិនេះ ត្រូវបានបញ្ចប់នៅម៉ោង៥កន្លះល្ងាច និងបន្តទៅថ្ងៃស្អែក​តាម​កម្មវិធីដែល​បានគ្រោងទុក។

ហូ ថុនា បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា

៧ មករា ១៩៧៩ – ៧ មករា ២០១៨ ជាថ្ងៃកំណើត ជីវិតទី២របស់ខ្ញុំ បាន៣៩ឆ្នាំហើយ

មនុស្សសំណាងមួយនាក់ ក្នុងចំណោមមនុស្ស៥០០០នាក់ ដែលមានជីវិតរស់នៅ រួចផុតពីការកាប់សម្លាប់ក្នុងរបបខ្មែរក្រហម

ប្រវត្តិពិតៗជាច្រើនឆ្នាំមកហើយ ដែលខ្ញុំលាក់ទុកក្នុងចិត្ត…

 

រូបថតអតីតបុគ្គលិក នៅមន្ទីរ ក-១២ ថតនៅដើមឆ្នាំ១៩៧៨ នៅពេលទៅទស្សនាសិល្បៈ ដែលសម្តែងដោយក្រុមសិល្បៈរូម៉ានី នៅសាលមហោស្រពទន្លេបាសាក់ ។ រូបថតរាប់ពីឆ្វេង ៖ មិត្តនារី ខី មិត្តនារី អឿន មិត្ត សារិន (ម្ចាស់អត្ថបទ) មិត្ត សាន មិត្ត រី ហៅ រី ឆ្នុក មិត្ត សារុន ហៅ តាសាច់បុក និង មិត្ត សំ បើកឡានឲ្យទូតគុយបា។ រូបថត៖ ហ្គូណា ប៊ើគស្ត្រម។
ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ក្រោយរដ្ឋប្រហារ ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ប្រទេសកម្ពុជាយើងបានធ្លាក់ចូល ទៅក្នុងភ្នក់ភ្លើងសង្គ្រាមយ៉ាងសន្ធោរសន្ធៅ ប្រជាពលរដ្ឋខ្មែរទាំងអស់បានក្លាយទៅជា ចំណាប់ខ្មាំងរបស់សង្គ្រាម មានន័យថា ប្រជាជនម្ខាងស្ថិតនៅក្នុងការគ្រប់គ្រងរបស់ របបសាធារណរដ្ឋខ្មែរ ដឹកនាំដោយលោកសេនាប្រមុខ លន់ នល់។ រីឯប្រជាជនម្ខាងទៀត ស្ថិតនៅក្នុងតំបន់រំដោះ ដែលមានសម្តេចព្រះនរោត្តម សីហនុ ជាព្រះប្រធានរណសិរ្សរួបរួម ជាតិកម្ពុជា។ ព្រះអង្គបានអំពាវនាវតាមវិទ្យុពីទីក្រុងប៉េកាំងមក ឲ្យកូនចៅទាំងអស់ចូល ព្រៃម៉ាគីដែលនៅជិតៗ ដើម្បីឲ្យកូនចៅធ្វើការតស៊ូដណ្តើមយកឯករាជ្យមកវិញ។

ក្នុងនោះ មានរូបខ្ញុំបាទម្នាក់ដែរ ដែលបានស្ម័គ្រចិត្តចូលបម្រើការងារបដិវត្តន៍នា សម័យនោះ។ ខ្ញុំបាទ ឈ្មោះ សរ សារិន កើតនៅភូមិត្រពាំងក្រពើ ឃុំមួងរៀវ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ) តំបន់២១ ភូមិភាគបូព៌ា។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិទី៥ សង្កាត់វាលវង់ ក្រុងកំពង់ចាម​ ខេត្តកំពង់ចាម (ទូរស័ព្ទលេខ ០១២​ ២៣៩ ៥៧២)។

ដោយមានការឈឺចាប់ និងធ្លាប់រងគ្រោះដោយសារយន្តហោះរបស់អាមេរិកបាញ់ និងទម្លាក់គ្រាប់បែកដោយខ្លួនខ្ញុំផ្ទាល់ ទើបខ្ញុំចង់រៀបរាប់អំពីវិនាសកម្មជាក់ស្តែងដើម្បីឲ្យ កូនចៅជំនាន់ក្រោយបានដឹងអំពីវិនាសសកម្មនេះ។ នៅឆ្នាំ១៩៧០,​៧១,​៧២,​៧៣ យន្តហោះអាមេរិកបានទម្លាក់គ្រាប់បែកមកលើភូមិករ ផ្ទះសម្បែងរបស់ខ្ញុំមានដូចខាង ក្រោម៖

លើកទី១ នៅចុងឆ្នាំ១៩៧០ យន្តហោះទ្រុងជ្រូកបានបាញ់មកលើភូមិកំពង់ឫស្សី បឹងកក់ បឹងកំបោរ រហូតដល់ភូមិស្ពានឈើ នៅតាមជួរមាត់ទន្លេ។ កាលណោះ ខ្ញុំទៅផ្ទះ ឪពុកមារបស់ខ្ញុំឈ្មោះ អុន ប្រហែលជាក្នុងអំឡុង​ពេលបុណ្យភ្ជុំ​ និងឆ្លៀតទៅលេងជីដូន​ផង។ ពេលនោះ​ យន្តហោះទ្រុងជ្រូក បានបាញ់មកលើទូកធំៗតាមជួរមាត់ទន្លេ តាំងពីព្រឹក រហូតដល់យប់។

លើកទី២ យន្តហោះបានទម្លាក់គ្រាប់នៅក្រោយផ្ទះរបស់ខ្ញុំ ចំនួនប្រមាណជា៨គ្រាប់ នៅច្រកអំពុក ហៅទួលអំពិល ​មានចម្ងាយ៥០០ម៉ែត្រពីផ្ទះរបស់ខ្ញុំដែលបន្សល់ទុកនូវ រណ្តៅធំៗ​ប៉ុន​រណ្តៅ B-52 មាត់រណ្តៅប្រមាណ៣០ម៉ែត្រ និងមានជម្រៅទៅ​ក្រោម​ពី៥ទៅ ៦​ម៉ែត្រ ដោយសារក្រុមយៀកកុងបានបាញ់យន្តហោះ អាការូរបស់អាមេរិក។

លើកទី៣ អាមិកស្លាបជ្រឹង ល្បឿនលឿនជាងសំឡេងពី៥០០ម៉ែត្រទៅ១.០០០​ម៉ែត្រ បានទម្លាក់គ្រាប់និងបន្សល់ទុកនូវរណ្តៅដែលមានទំហំ៤ម៉ែត្ររាងមូល​ មានជម្រៅ ត្រឹម​ជង្គង់។ យន្តហោះដែលមកទម្លាក់គ្រាប់បែកនោះមានចំនួន៦គ្រឿង ដែលក្នុងនោះ​យន្តហោះឈ្មោះ អាការ៉ូ មាន៣គ្រឿង អាសំគម ហៅអាបង្គួយមួយគ្រឿង និងអាគន្ធាត់ មានចំនួនពីរគ្រឿងនៅចាំការពារអាការ៉ូ។ ពួកធីវគីបានមកឆែកឆេរខ្ញុំ និងបងប្អូនអ្នកដែល ទៅឃ្វាលគោ-ក្របី ឲ្យស្រាតខោ-អាវ និងស្រាយបង្វិចដែលខ្ញុំខ្ចប់ត្រកួនដែលបានបេះ យកទៅផ្ទះ។ ការឆែកឆេរនេះ ប្រហែលជារកកាំភ្លើង ឬក៏រកអង្ករ ព្រោះខ្លាចពួកយើងយក ទៅឧបត្ថម្ភឲ្យក្រុមវៀតកុង។ ប្រហែលដប់ថ្ងៃក្រោយមក យន្តហោះ អាការ៉ូ បានបាញ់ត្រូវ បងជីដូនមួយរបស់ខ្ញុំស្លាប់ និងចាប់បងប្រុសរបស់ខ្ញុំដាក់យន្តហោះយកទៅបាត់ ដោយ សារឃើញគាត់ដឹកអង្ករ និងដឹកឧស។

លើកទី៤ យន្តហោះទម្លាក់គ្រាប់ណាប៉ាល់ (គ្រាប់ធុងសាំង ឬប្រេង) ក្នុងការប្រយុទ្ធគ្នារវាងយៀក​កុង (វៀតណាមខាងជើង) និងពួកធីវគី (វៀតណាមខាងត្បូង) ដោយយកភូមិសាស្ត្រទឹកដីកម្ពុជាធ្វើជាទីលានប្រ​យុទ្ធ។ ជាក់​ស្តែងនៅក្នុងភូមិរបស់ខ្ញុំ មាន ការប្រយុទ្ធគ្នារវាង​យៀកកុង និងពួកធីវគី ដោយពេលនោះយៀកកុងបានបាញ់រថក្រោះ របស់ពួកធីវគីឆេះអស់​ចំនួន១៣គ្រឿង និងយន្តហោះមួយគ្រឿង នៅពាសពេញវាលស្រែ។ ការប្រយុទ្ធគ្នាចាប់ផ្តើមតាំងពីម៉ោងប្រាំបួនព្រឹករហូតដល់ម៉ោង៥-៦ល្ងាច ដោយមានគ្រាប់ កាំភ្លើងដូចបាចអង្កាម។ លុះស្អែកឡើង យន្តហោះបានមកទម្លាក់គ្រាប់ណាប៉ាល់ឆេះផ្ទះ នៅក្នុងភូមិរបស់ខ្ញុំគ្មានសល់មួយឡើយ។

លើកទី៥ យន្តហោះទម្លាក់គ្រាប់ B-52 លាន់សន្ធឹកដូចដំរីស្រែករោទ៏ ឡើងញ័រ រញ្ជួយដី។ គ្រាប់ B-52​ ទម្លាក់នៅចម្ការកៅស៊ូខាងកើតថ្នល់ទទឹង (បច្ចុប្បន្នសាលាស្រុក ត្បូងឃ្មុំ) នៅពេលដែលខ្ញុំ​រកឧស និងច្រូតស្មៅនៅតាមដងផ្លូវដើមកៅស៊ូចម្ងាយប្រហែល ១០០ម៉ែត្រពីផ្លូវ ខ្ញុំបានឃើញទ័ពធីវគីរុញដើមកៅស៊ូបំបាក់ចោលដើម្បីឲ្យស្រឡះ ព្រោះ ខ្លាច​យៀកកុងពួនស្ទាក់លបចាំបាញ់ប្រហារ។ នៅពេលយន្តហោះទម្លាក់គ្រាប់ B-52 នោះ ប្រហែលជាម៉ោង៩ព្រឹក។ ក្រោយពីបានឮសន្ធឹក​គ្រាប់ផ្ទុះ ខ្ញុំក៏បានលោតចូលសម្ងំពួនក្នុង រណ្តៅនៅក្បែរផ្លូវដែលជាលេណដ្ឋានចាស់ៗរបស់​យៀកកុង។ នៅពេលនោះ មានគ្រាប់ បែកមួយបានធ្លាក់នៅក្បែររណ្តៅដែលខ្ញុំពួន តែសំណាងល្អ គ្រាប់នោះមិនផ្ទុះ ទើបខ្ញុំបាន រួចជីវិត តែវាសនាអាក្រក់សម្រាប់បងជីទួតមួយរបស់ខ្ញុំរួមជាមួយអ្នកភូមិមួយចំនួនបាន ស្លាប់ក្នុងពេលនោះ។

លើកទី៦ មានយន្តហោះមកទម្លាក់គ្រាប់ B-52 នៅភូមិត្រពាំងក្រពើនៅវេលាម៉ោង ១២យប់ បណ្តាលឲ្យប្រជាជនស្លាប់ប្រមាណ១០០នាក់។ ដុំដីជាច្រើនបានធ្លាក់នៅជុំវិញទី កន្លែង​ដែលឪពុកខ្ញុំនិងខ្ញុំក្រាបពួន។ ដុំដីដែលប៉ើងទៅលើដោយសារកម្លាំងគ្រាប់ផ្ទុះ បាន ធ្លាក់មក​បណ្តាយឲ្យបាក់ដំបូលនិងរនាបផ្ទះ ហើយកន្លែងដែលគ្រាប់ធ្លាក់ត្រូវ (ចំនួនប្រាំ មួយគ្រាប់) បានផុងដីទៅក្រោមជម្រៅប្រមាណជិត១ម៉ែត្រ។ គ្រាប់ដែលបានទម្លាក់នៅ ពេលនោះជាប្រភេទគ្រាប់អម្បែង ធ្លាក់ប្រហែលជា៣០ម៉ែត្រ ឯ៥គ្រាប់ផ្សេងទៀតជា ប្រភេទគ្រាប់បូមធ្លាក់ប្រហែលជា៤០ទៅ៥០ម៉ែត្រ និងបន្សល់ទុករណ្តៅប្រហែលជា៤០ ម៉ែត្រ។ សូមបញ្ជាក់ថា យន្តហោះមកទម្លាក់គ្រាប់ B-52 ម្តងៗមានចំនួន៣គ្រឿង ហើយ ក្នុងយន្តហោះមួយគ្រឿងទម្លាក់គ្រាប់បូមបួន មានន័យថា ឥទ្ធិពលរបស់គ្រាប់បូមធ្វើឲ្យ កើតជារណ្តៅជ្រៅ និងមាត់រណ្តៅធំប្រហែលជា៣០ម៉ែត្រ បើធ្លាក់ពីរគ្រាប់ជាប់គ្នាមាន ប្រវែង៦០ម៉ែត្រ និងមានគ្រាប់អម្បែងមួយគ្រាប់។ គ្រាប់អម្បែងនេះ​ ធ្វើឲ្យកើតមានជា រណ្តៅតូចទេ មាត់រណ្តៅប្រហែល៧ម៉ែត្រ ជម្រៅប្រហែល២ម៉ែត្រ។ យន្តហោះទាំងបី គ្រឿងនេះបូកចូលគ្នាមានផ្ទុកគ្រាប់បែក១៥៦គ្រាប់។ ខ្ញុំមានការឈឺចាប់ខ្លាំងណាស់ ចំពោះ អាមេរិកដែលមកទម្លាក់គ្រាប់បែកមកលើភូមិឋានរបស់ខ្ញុំ ហេតុនេះហើយបានជាខ្ញុំស្ម័គ្រ ចិត្តចូលបម្រើបដិវត្តន៍។

អាមេរិក បានទម្លាក់គ្រាប់បែកធ្វើឲ្យស្លាប់ប្រជាជនខ្មែរអស់រាប់សែននាក់ ឆេះផ្ទះ សម្បែង វត្តអារាម និងភោគផលផ្សេងៗដែលប្រជាជនខិតខំផលិតបាន។ ជាក់ស្តែងនៅ ស្រុកត្បូងឃ្មុំ ក្នុងភូមិត្រពាំងក្រពើ ផ្សារសួង វិហារហ្លួង តំណាក់ចារ ចាន់ទូង នគរជា ខ្នារ ប្រធាតុ កណ្តុរជ្រុំ ស្ទឹង ក្រែក ជីមាន់ និងឡើងទៅស្រុកមេមត់ ភោគផល និងផ្ទះសម្បែង របស់ប្រជាជនដែលបានខូចខាត បើគិតជាប្រាក់គឺមានតម្លៃរាប់រយលានដុល្លារ។

ដំណើរចូលបដិវតន្ត៍

ខ្ញុំបានចូលបដិវត្តន៍ បម្រើការងារជាអ្នកឃោសនាខាងរណសិរ្ស តាមរយៈដើរ សម្តែងសិល្បៈឲ្យប្រជាជនបានទស្សនា ហើយឆ្លៀតក្នុងឱកាសនោះយើងនឹងធ្វើការ ឃោសនាជាបណ្តើរៗ។ ពេលនោះ ខ្ញុំបានឃោសនាថា រណសិរ្យរូបរូមជាតិកម្ពុជា សាស នា ព្រះមហាក្សត្រ រាជវង្សសានុវង្ស ព្រះសង្ឃ ប្រជាជន យុវជន យុវនារី ដោយមិនប្រកាន់ ពូជសាសន៍ ឬពណ៌សម្បុរឡើយ ដើម្បីឲ្យចូលបម្រើក្នុងជួររណសិរ្ស។ កាលណោះមាន ចម្រៀងមួយចំនួន ពេលដែលបានស្តាប់ហើយ ធ្វើឲ្យយុវជនស្ម័គ្រចិត្តចូលបម្រើក្នុងជួរ កងទ័ព ដូចជាបទចម្រៀងត្រុឌ មានចំណងជើងថា “បើយុវជនណាមិនស្ម័គ្រចិត្តចូលបម្រើ នៅសមរភូមិមុខ និងមិនចុះជាប់ជន​បទ កែប្រែជីវភាពប្រជាជនទេ កុំមកប៉ងប្រាថ្នាលើ យុវនារីយើងខ្ញុំ”។ មានបទចម្រៀងខ្លះទៀត ជាចម្រៀងរបស់ជនជាតិចារ៉ាយដែលមាន ចំណងជើងថា “យើងខ្ញុំយុវនារីគាំទ្រយកឥតរួញរា ចំពោះយុទ្ធជនពិការនៅសមរភូមិមុខ”។ បទចម្រៀងខ្លះទៀតមានដូចជា “ពុកយើងទៅធ្វើកងឈ្លប” “ចិន្ទូងភូមិជំរំជ័យ” និងបទ ចម្រៀងជាច្រើនទៀតដែលធ្វើឲ្យយុវជនស្ម័គ្រចិត្តចូលបម្រើក្នុងជួរកងទ័ព យ៉ាងច្រើនកុះ ករ។ អ្នកដែលមានប្រវត្តិរូបមិនល្អ មិនអនុញ្ញាតឲ្យចូលបម្រើក្នុងជួរកងទ័ពទេ។ អ្នកដែលមានប្រវត្តិរូបមិនល្អសំដៅលើ អនិកជនចិន យួន (បើយួនត្រូវបោសសម្អាតតែម្តង) និងអ្នកមានបងប្អូននៅតំបន់ក្រោមការដឹកនាំរបស់លោក លន់ នល់ ជាដើម។

លុះដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៧៣ សង្គ្រាមអាកាសអាមេរិក ត្រូវបានបញ្ចប់នៅ ក្នុងប្រទេសកម្ពុជា ពេលនោះខ្ញុំក៏បានចូលបដិវត្តន៍ពេញសិទ្ធិ។ អង្គការបានរើសយុវជន ស្ម័គ្រចិត្តនៅក្នុងឃុំមូងរៀវបានចំនួនប្រហែល១៣០នាក់ ដើម្បីឲ្យទៅរៀនក្បួនយុទ្ធសាស្ត្រ និងទៅប្រយុទ្ធនៅសមរភូមិមុខ។ បន្ទាប់ពីរៀនបានរយៈពេលពីរខែមក គណៈមេបញ្ជាការ យោធាស្រុកត្បូងឃ្មុំឈ្មោះ ជុំ ហ៊ល និងគណៈបញ្ជាការយោធាតំបន់២១ឈ្មោះ ទន់ គ្រី បានមកទទួលកម្លាំងយកទៅសមរភូមិមុខ​។ ពេលនោះ ទន់ គ្រី និង ជុំ ហ៊ល មិនឲ្យខ្ញុំទៅ សមរភូមិទេ តែបានចាត់តាំងឲ្យខ្ញុំដើរប្រមូលស្បៀងតាមមូលដ្ឋាន។ កាលណោះ ការ ជ្រើសរើសយុទ្ធជនទៅសមរភូមិបានជាង១២០នាក់ឲ្យចូលទ័ពស្រុក ក្រោយមកក៏បានកាត់ ទៅខាងទ័ពតំបន់២១។ ខ្ញុំបានប្រមូលស្បៀងតាមមូលដ្ឋានក្នុងឃុំមូងរៀវ ដែលមាន៨ភូមិ មានជាបាយកញ្ចប់ និងអង្ករតស៊ូ (ហៅថាអង្ករក្តាប់) ដើម្បីចិញ្ចឹមកងទ័ពនៅសមរភូមិ។ តាមគ្រួសារនីមួយៗ ពេលដាំបាយ ត្រូវដកអង្ករមួយក្តាប់ចេញ ទុកសម្រាប់ឧបត្ថម្ភទៅ សមរភូមិ។ ក្នុងមួយថ្ងៃៗខ្ញុំបានដើរប្រមូលអង្ករបាន៤បាវ មានទម្ងន់ប្រហែល៤០០គីឡូ ក្រាម។​ ក្រៅពីនេះ មានអំបិល ប្រហុក ផ្អក ពងមាន់ ពងទា មាន់ ទា ទៅតាមតម្រូវការ របស់សមរភូមិ។ ស្បៀងដែលខ្ញុំរៃអង្គាសបាននេះ គឺសម្រាប់យកទៅឧបត្ថម្ភយោធាតំបន់ ២១ និងយោធាស្រុកត្បូងឃ្មុំដែលប្រចាំការនៅសមរភូមិត្រើយខាងកើតទន្លេកំពង់ចាម មានសមរភូមិ​វត្តឃ្មួង សមរភូមិទន្លេបិទ សមរភូមិព្រែកជីក សមរភូមិប៉មរកាធំ និងសមរភូមិ ជីរោទិ៍។ លុះដល់ថ្ងៃ១៧ មេសា កងទ័ពទាំងអស់ត្រូវដកទៅប្រចាំការនៅតាមព្រំដែន កម្ពុជា-វៀតណាម គឺនៅស្រុកមេមត់ និងស្រុកត្រមូងវិញម្តង។

ចំណែកឯស្បៀងរបស់ខ្ញុំត្រូវឧបត្ថម្ភឲ្យខាងកងទ័ពលន់ នល់ ម្តងដែលចុះចូលនៅ តំបន់រំដោះ ហើយថ្នាក់លើបានយកទៅឲ្យរស់នៅក្នុងវត្តមង់ ដែលនៅស្ថិតក្នុងឃុំមួងរៀវ។ ក្រោយមក ថ្នាក់លើចាត់តាំងខ្ញុំ និងមិត្តដទៃទៀត ប្រហែលជា២០នាក់ ហើយបានមកជួបជុំ គ្នានៅសួង រួមជាមួយកម្លាំងផ្សេងៗទៀត សរុបទាំងអស់បានប្រហែលជាង១០០នាក់។ យើងក៏ធ្វើដំណើរមកទីកន្លែងប្រមូលផ្តុំរបស់គណៈតំបន់២១ នៅខាងកើតចម្ការម៉ៃសាក់ ឃុំ ស្រឡប់ ស្រុកត្បូងឃ្មុំ ជាអាទិ៍មានយុវជន និងយុទ្ធជន មកពីស្រុកត្បូងឃ្មុំ ស្រុកពាម ជីលាំង ស្រុកក្រូច ឆ្មារ ស្រុកឆ្លូង ស្រុកតំបែរ ស្រុកទឹកជ្រៅ ស្រុកមេមត់ ស្រុកទ្រមូង នៅក្នុងតំបន់២១នេះទៀតបានចំនួន១០០០នាក់​ តាមការប្រកាសឲ្យដឹងរបស់គណៈមេ បញ្ជាការ។ យើងទាំងអស់គ្នាបានធ្វើដំណើរដោយថ្មើរជើងឡើងតាមផ្លូវជាតិលេខ៧ មក ថ្នល់ទទឹង ហើយក៏បានធ្វើដំណើរតាមថ្នល់ជាតិឆ្ពោះទៅក្រុងព្រៃវែង។ លុះទៅដល់វត្ត ស្វាយរមៀត ក្នុងឃុំក្តឿងរាយ ស្រុកស៊ីធរកណ្តាល ដែលជាទីស្នាក់ការប្រមូលផ្តុំរបស់កង ទ័ពភូមិភាគ២០៣ ហៅភូមិភាគបូព៌ា បានប្រមូលកម្លាំងតាមតំបន់មាន តំបន់២០ តំបន់២១ តំបន់២២ តំបន់២៣ និងតំបន់២៤។ យើងទាំងអស់គ្នា បានរៀននៅទីនោះប្រហែល ជាកន្លះខែ។ សាលានេះហៅថាសាលា “ស-២០០” របស់កងទ័ពភូមិភាគបូព៌ា។ សមមិត្ត ប្រធានសេនាធិការយោធាភូមិភាគ២០៣ ឈ្មោះ កែវ​ សំណាង ហៅ ម៉ុន បានប្រកាសថា កងទ័ពយើងមានគ្នាចំនួន៥០០០នាក់ ថ្នាក់លើមានការចាំបាច់ និងបន្ទាន់ត្រូវការមិត្តទាំង អស់គ្នាដើម្បីឲ្យបម្រើការងារ។​​ កែវ​ សំណាង ក៏បានមានមតិផ្តាំផ្ញើថា សូមសមមិត្តទាំងអស់ គ្នាបន្តវីរភាពក្លាហានឲ្យដូចបងៗជំនាន់មុន កងទ័ពភូមិភាគបូព៌ាយើង ជាកងទ័ពដ៏អង់ អាចក្លាហាន បានវាយរំដោះទីក្រុងអ្នកលឿងដែលនៅក្នុងសម័យសង្គ្រាមកន្លងមកហៅថា​ ព្រៃនគរទី២ និងសមរភូមិជាច្រើនទៀត នៅជុំវិញភ្នំពេញ ប្រហែលជា៧០ភាគរយដែលកង ទ័ពភូមិភាគបូព៌ាយើង វាយបានជ័យជម្នះទាំងស្រុងនាថ្ងៃ១៧ មេសា ១៩៧៥។ ដូច្នេះ សមមិត្តទាំងអស់គ្នាត្រូវគោរពវិន័យ និងសីលធម៌ជាកងទ័ពបដិវត្តន៍ កុំឲ្យខូចពូជកងទ័ព បូព៌ា។ នេះជាអត្ថន័យមួយឃ្លា ដែលខ្ញុំចងចាំជាងគេកាលពីសម័យនោះ។ ក្រោយមកទៀត យើងទាំងអស់គ្នាក៏បានឡើងមកទីក្រុងព្រៃវែង យើងក៏បានធ្វើដំណើរទាំងយប់មកអ្នក លឿង ហើយបន្តឆ្ពោះមកទីក្រុងភ្នំពេញ ដោយមិនបានដឹងពីគោលដៅថាត្រូវទៅណា នោះទេ គ្រាន់តែដឹងថាមកតាមការចាត់តាំងរបស់ថ្នាក់លើ។ ពេលមកដល់ច្បារអំពៅបាន សម្រាកនៅទីនោះពីរយប់។

មកដល់ភ្នំពេញ

យើងបានធ្វើដំណើរតាមផ្លូវមុនីវង្សឆ្ពោះមកវិមានឯករាជ្យ និងទៅខាងឆ្វេងវាំង ក្រោយមកទើបខ្ញុំស្គាល់ថាកន្លែងនេះជាមន្ទីរក-៧ ដែលជាមន្ទីរនីរសាររបស់គណៈមជ្ឈិម បក្ស៨៧០។ កងទ័ព៥០០០នាក់បានឈរជាពីរជួរ ហើយមានបងៗឈរចាំធ្វើការជ្រើស រើស ក្នុងចំណោមនោះខ្ញុំបានស្គាល់ តាភុំ តាព្រហ្ម តាគី តាវុយ និងបងៗផ្សេងទៀត ដែល ជ្រើសរើសយកកម្លាំងចំនួន៣០០នាក់ ក្នុងចំណោម៥០០០នាក់។ រីឯអ្នកផ្សេងៗទៀតដែល មិនបានជ្រើសរើស ត្រូវទៅធ្វើការតាមរោងចក្រ និងក្រសួងផ្សេងៗក្នុងរដ្ឋធានីភ្នំពេញ។

តាភុំ បានចាប់ដៃខ្ញុំ ហើយបានសួរខ្ញុំថា “មិត្តឯងចេះបើកឡានអត់?” ខ្ញុំឆ្លើយតបទៅ គាត់វិញថា “ខ្ញុំអត់ចេះទេបង!”។ គាត់បន្តថា​ “ចេះបររទេះគោដែរអត់?” ខ្ញុំក៏ឆ្លើយតបថា “ចេះ!”។ គាត់ក៏បានឲ្យខ្ញុំទៅម្តុំដែលមានយុទ្ធជនប្រហែលជា៣០០នាក់ រួចហើយបាន បញ្ជូនយើងទាំងអស់គ្នាឲ្យទៅនៅមុខវាំង ត្រើយខាងក្បាលជ្រោយឲ្យកាប់ដីដាំបន្លែ។ ធ្វើការនៅទីនោះបានប្រហែលជា១០ថ្ងៃ បងវុយ ដែលជាគណៈមន្ទីរក-១២ បានទៅទីនោះ រើសយកកម្លាំងប្រហែល៣០នាក់ មកក-១២ ហើយបានសួរក្រុមរបស់ខ្ញុំថា មានមិត្តណា ដាក់ពាក្យចូលបដិវត្តន៍មុនថ្ងៃ១៧ មេសាទេ រួចគាត់ឲ្យលើកដៃ ខ្ញុំក៏បានលើកដៃ។ គាត់ក៏ បានរើសយកខ្ញុំម្នាក់ក្នុងក្រុមរបស់ខ្ញុំ ហើយឲ្យរៀបខោអាវមកចាំនៅកំពង់ដរ។ ការដែល ទៅជ្រើសរើសនៅពេលនោះ បានយុទ្ធជនប្រហែល៣០នាក់ សុទ្ធតែអ្នកមកពីភូមិភាគ បូព៌ា។ ចំណែកឯអ្នកមកពីភូមិភាគឧត្តរ ភូមិភាគឥសាន្ត  ភូមិភាគនិរតី ភូមិភាគបស្ចិម ក៏បានមួយចំនួនដែរ សរុបទាំងអស់បានប្រហែលជាង១០០នាក់។ សូមបញ្ជាក់ថា កន្លែង នេះជាទីជួបជុំរបស់កម្លាំងមកពីតាមបណ្តាភូមិភាគនៅទូទាំងប្រទេស។ យើងទាំងអស់គ្នា ក៏បានមកចំការមន (ទល់មុខទីស្នាក់ការរបស់គណបក្សប្រជាជនសព្វថ្ងៃ) កាលណោះ ហៅថា វិទ្យាល័យចាក់អង្រែលើ នៅទល់មុខមានឃ្លាំងឆេះមួយ។ ពេលមកដល់អង្គការឲ្យ កាប់ដីដាំបន្លែនៅមាត់ទន្លេជិតមន្ទីរក-៣ និងមន្ទីរក-១។ នៅត្រើយម្ខាងជាក្រុមសិល្បៈវិទ្យុ ជាតិកម្ពុជាប្រជាធិបតេយ្យ ហៅក-៣៣។ ខ្ញុំនៅដាំបន្លែបានប្រហែលជាកន្លះខែ អង្គការក៏ បានចាត់តាំងឲ្យចេញប្រមូលឡាន ដែលប្រជាជនចេញពីទីក្រុងភ្នំពេញទុកចោលរាយ ប៉ាយនៅតាមផ្លូវជាតិលេខ១ ភ្នំពេញ អ្នកលឿង ច្បារអំពៅ ខាងស្រុកកោះធំ និងស្រុកស្អាង តាមផ្លូវជាតិលេខ៤ទៅកំពង់ស្ពឺ​ តាមផ្លូវជាតិលេខ៥ទៅព្រែកក្តាម តាមផ្លូវជាតិលេខ៣ ទៅត្រាំខ្នា-តាកែវ ដើម្បីយកមករៀបទុកដាក់ក្នុងឃ្លាំងនៅក្នុងទីក្រុងភ្នំពេញ ដែលកាល ណោះចែកចេញជា៥ក្រុម។ យើងដើរប្រមូលឡានបានប្រហែល១ខែ បានរថយន្តរាប់ពាន់ គ្រឿងយកទៅទុកដាក់នៅក្នុងឃ្លាំងក្បាលថ្នល់ ដែលជាបន្ទាយទាហាន នល់​ នល់ ទល់មុខ រោងចក្រម្សៅមី និងបន្ទាយទាហានការពារលន់ នល់ នៅចំការមន ដាក់នៅបរិវេណក្រសួង កសិកម្ម ដាក់នៅឃ្លាំងលេខ៤ ឃ្លាំងលេខ៥ នៅក្នុងមន្ទីរក-៣ ខាងកើតទូតអាមេរិកចាស់ និងដាក់នៅហ្គារាសហ្សង់កុងផ្សារថ្មី ដាក់នៅបរិវេណវត្តស្វាយដង្គំ ក្រោយប៉ុស្តិ៍លេខ៣ សព្វថ្ងៃ ហើយទៅខាងលិចដែលគេហៅផ-១ ខាងផលិតថ្នាំសង្គមកិច្ច ទៅពីហ្នឹងទៀត ហៅមន្ទីរប-១ និងស្នាក់ការកណ្តាលរបស់ក-១២ ដែលមានទីតាំងនៅបរិវេណធនាគារ មេគង្គសព្វថ្ងៃ ខាងជើងទល់នឹងទូតកូរ៉េ (សព្វថ្ងៃទូតអាល្លឺម៉ង់) ខាងត្បូងទល់នឹងផ្លូវកែង សាលាយុគន្ធរ ផ្លូវកែងពេទ្យចិន និងចុះ​មកខាងលិច៣ផ្លូវទៀតដែលជាកន្លែងទុកដាក់ រថយន្តរបស់ថ្នាក់ដឹកនាំធំៗ ដូចជា ប៉ុល ពត អៀង​ សារី ខៀវ​ សំផន នួន ជា និងឡាន សម្រាប់ដឹកទទួលគណៈប្រតិភូបរទេស។ រថយន្តទំនើបៗដែលថ្នាក់ដឹកកំពូលៗជិះ ទុកនៅ មន្ទីរក-១២ ទាំងអស់។ ថ្នាក់ដឹកនាំជិះតែឡានឡំប្រឺតា ហុងដា ស៊ុយស៊ុយគីដាក់ដំបូល ក្រណាត់ គឺកម្រមានអ្នកណាស្គាល់ពីអត្តសញ្ញាណរបស់ថ្នាក់ដឹកនាំធំៗទាំងនេះណាស់ លើកលែងតែអ្នកនៅជាមួយទើបបានស្គាល់ដូចជារូចខ្ញុំជាដើម។ មុន្ទីរក-១២ នេះជាមន្ទីរ បើកបររបស់អង្គភាពបរទេស គឺសម្រាប់ដឹកភ្ញៀវបរទេស និងថ្នាក់ដឹកនាំធំៗមកពីបណ្តា ស្រុក តំបន់ និងភូមិភាគទូទាំងប្រទេស របស់គណៈមជ្ឈិមបក្ស៨៧០ ព្រោះក្នុងលិខិតបើក ផ្លូវរបស់ខ្ញុំ មានដាក់ឈ្មោះថា​ អង្គភាពបរទេស និងហត្ថលេខាក្នុងលិខិតបើកផ្លូវដាក់ថា គណៈមន្ទីរ៨៧០ ឈ្មោះ សមមិត្ត ខាង តែខ្ញុំអត់ស្គាល់មិត្ត ខាង នោះជានរណាទេ។

ក្រោយមកមានការចាត់តាំងពីគណៈមន្ទីរក-១២ ឲ្យខ្ញុំនិងមិត្តដទៃទៀតនៅក្នុងកង របស់បង ថេន ទៅរុះយកស័ង្កសី និងឈើនៅមន្ទីរបឹងត្របែកដែលជាសាលាភាសារបស់ គណៈមុន្ទីរ៨៧០ ដោយនៅទីនេះសម្បូរទៅដោយសំណង់អនាធិបតេយ្យតូចៗជាច្រើន នៅពាសពេញបឹងត្របែកដែលមានប្រធានមន្ទីរបឹងត្របែកឈ្មោះបង សាវ៉ន។ បង សាវ៉ន មានរាងស្តើង មានកម្ពស់ប្រហែល​១,៦០ទៅ១,៦៥ម៉ែត្រ។ ដែកស័ង្កសី​ និងឈើទាំងអស់ ត្រូវយកទៅធ្វើជារបងនៅវាំងនៅប្រាសាទខេមរិនសព្វថ្ងៃ ដែលការធ្វើរបងនេះមានកម្ពស់ ឡើងទៅលើតដែកបីសន្លឹកឯណោះ មានដែកខ្លះចាស់ ដែកខ្លះថ្មី មើលទៅដូចជាមិនល្អ មើលសោះ។ ប្រធានខ្ញុំបាននិយាយថា យើងធ្វើរបងនេះដើម្បីដាក់គុកតាកំប៉ោង (កាលណោះសំដៅលើសម្តេចសីហនុ) និងខៀវ សំផន។ ប្រធានរបស់ខ្ញុំឈ្មោះបង សារូ និងបង សាំ បាននិយាយប្រាប់ខ្ញុំថា ខៀវ សំផន ក៏ជាមនុស្សជាប់និន្នាការនយោបាយ តំណាងរាស្រ្តពីសង្គមចាស់ដែរ អីចឹងអង្កការយកអ្នកទាំងពីរដាក់នៅក្នុងហ្នឹង ហើយបង សារូក៏និយាយថារាជវង្សស្តេចទាំងអស់​ ដែលតស៊ូនៅក្នុងសម័យសង្រ្គាម។ ក្រុមអ្នកដឹកនាំ ដែលមកពីភាគខាងជើងវៀតណាម និងក្រុមអ្នកតស៊ួផ្ទៃក្នុងជាមួយ លន់ ​នល់​ បានត្រូវ អង្គការបដិវត្តន៍សម្លាប់ចោលទាំងអស់។ ឧទាហរណ៍ជាក់ស្តែងដូចជា ហ៊ូ យន់ ដែល ជំទាស់នឹងការដែលមិនឲ្យជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញនៅក្នុងឆ្នាំ១៩៧៥ និងឲ្យ ប្រជាជនមានការចាយវាយជារូបិយបណ្ណ ដូចជាក្រដាស់ប្រាក់រូបគោ និងប្រដាសប្រាក់ ផ្សេងៗទៀត ក៏ត្រូវអង្គការយកទៅសម្លាប់ចោលក្នុងទន្លេសាបដែរ។ ដល់មកឥឡូវនេះ អង្គការយើងយកសម្តេច នរោត្តម សីហនុ និង ខៀវ សំផន មកដាក់គុកនៅទីនេះទៀត អីចឹងពួកមិត្តត្រូវធ្វើរបងនេះឲ្យមាំ ឲ្យជាប់។ តាមប្រវត្តិរបស់បង សារូ និងបង ជីម ធ្លាប់ បានដឹកសម្តេចន រោត្តម សីហនុ ពេលដែលព្រះអង្គយាងមកទស្សនកិច្ចទតនៅក្នុងទឹកដី តំបន់រំដោះកាលពីឆ្នាំ១៩៧៣ ពេលនោះផ្លូវរលាក់ផង ផុងដីខ្សាច់ផងបង សារូ ជាន់ ហ្គាឡានគ្មានប្រណីទេ ពេលនោះសម្តេច សីហនុ ក៏ត្រូវទង្គិចបែកឈាមមាត់ សម្តេចក៏ មានបន្ទូលថា សម្តេចបានបូជាឈាមស្រស់ ជូនមាតុភូមិកម្ពុជាខ្ញុំហើយ។ នេះតាមគាត់ តំណាលរឿងប្រាប់ខ្ញុំ គាត់ក៏អស់សំណើចហើយបន្តថា គ្រាន់តែឈាមមាត់បន្តិចក៏មាន បន្ទូលថា បូជាឈាមស្រស់ជូនមាតុភូមិដែរ រួចហើយក៏នាំគ្នាសើច។ យើងធ្វើការរួចក៏មក ហូបបាយនៅផ្ទះសម្តេចហ៊ុន សែន សព្វថ្ងៃ ផ្នែកខាងជើងដែលកាលណោះសម្តេច ប៉ែន នុត ស្នាក់នៅ។ រីឯផ្ទះបាយ នៅផ្ទះ​សម្តេច ស ខេង ដែលប្រពន្ធសម្តេច ប៉ែន នុត ធ្វើចុង ភៅដោយផ្ទាល់។ គាត់មានសម្បុរស ហើយនៅក្មេង ចំណែកសម្តេច ប៉ែន នុត ចាស់ ហើយ។ នាសម័យកាលនោះ មានតែអ្នកបើកបររថយន្តនៅក្នុងមន្ទីរក-១២ នេះទេ ដែលមានសេរីភាព បានដើរតាមបណ្តាភូមិភាគ តំបន់ ស្រុក ទូទាំងប្រទេស ក៏ដូចជានៅ ក្នុងទីក្រុងភ្នំពេញ​។

ខ្ញុំបានជូនភ្ញៀវតាមមន្ទីរ ក្រសួង ជុំវិញមន្ទីរ៨៧០នេះ និងជុំវិញមន្ទីរ​ស-៧១ ដែល មានឈ្មោះមន្ទីរដែលមានអក្សរ «ក» នៅពីខាងមុខ។ តាមខ្ញុំចាំ ក-១​ ជាកន្លែង ប៉ុល ពត នៅ ក-៣ ជាកន្លែងដែល នួន ជា នៅ ហើយក្រោយមក ខៀវ សំផន ក៏នៅទីនោះដែរ។ នេះ ក-១ និងក-៣ មានទីតាំងពីវិមានឯករាជ្យទៅដល់ទូតអាមេរិកចាស់ ឡើងទៅខាងកើត ដល់មហោស្រពទន្លេបាសាក់។ អគារប៊ូឌិញទឹករលក ហើយខាងត្បូងជាកន្លែងវិទ្យុទាក់ទង ប្រហែលជាក-៨ ឬ ក-១៨ របស់មិត្ត សួស ខាងក្រោយទូតអាមេរិក។ ក-២ នៅខាង ជើងរោងកុនវិមានទិព្វ ក្រោយម្តុំស្ថានទូតដែលប្រចាំនៅកម្ពុជាប្រជាធិបតេយ្យ។ ក-៤ នៅ បឹងកេងកង ដែលមានអ្នកគ្រប់គ្រងឈ្មោះ តាព្រហ្ម ខាងកាត់ដេររបស់មន្ទីរស-៧១។ ក-៥ នៅសាលានយោបាយបច្ចេកទេសសូវៀត បង្រៀនដោយសមមិត្ត ភុំ។

កាលពីចុងឆ្នាំ១៩៧៥ ខ្ញុំបានរៀននៅទីនេះ រៀនវគ្គនយោបាយ​ មានន័យថា រៀន ត្រឹម១០ថ្ងៃចុះហៅថាវគ្គនយោបាយ។ ក-៦ ជាសាលានយោបាយមជ្ឈិមដែរដែលមានទី តាំងនៅបុរីកីឡា តាមខ្ញុំដឹងគឺសម្រាប់បង្រៀនកម្មាភិបាលមកពីគ្រប់បណ្តាភូមិភាគ តំបន់ ស្រុក ឃុំ នៅទូទាំងប្រទេសមករៀននយោបាយនៅទីនោះ។ ក-៧ ដែលជាមន្ទីរនីរសារ របស់មជ្ឈិមបក្ស៨៧០ មានទីតាំងនៅមុខវាំងផ្នែកខាងឆ្វេងរហូតដល់សួនច្បារវាលព្រះ មេរុ។ ក-៣២ មានទីតាំងនៅព្រែកព្នៅជាកន្លែងចិញ្ចឹមត្រី និងចិញ្ចឹមជ្រូកដែលមាន ប្រធានឈ្មោះសមមិត្ត ឌីម ហើយក្រោយមក ឌីម មកកាន់មន្ទីរ​ក-១​ និងក-៣  ហើយឡើង សមមិត្ត មួន ជំនួសវិញ។ បន្តបន្ទាប់ទៀតកន្លែងលត់ដំមាននៅព្រែកព្នៅមួយ នៅព្រែកប្រា ខាងជើងវត្តជំពុះក្អែកមួយកន្លែង និងនៅតាឡី (បច្ចុប្បន្នក្បែររោងចក្រស្រាបៀរ) មួយ កន្លែង និងកន្លែងលត់ដំរបស់ក្រសួងការបរទេស នៅប-២០ នៅខាងស្រុកស្ទឹងត្រង់។ កន្លែងលត់ដំមួយទៀត នៅវត្តស្លែង ខាងលិចពោធិ៍ចិនតុង វត្តជ័យឧត្តមតាមផ្លូវទៅកំពង់ កន្ទួតផ្លូវជាតិលេខ៣។

រីឯមកខាងលិចវាលព្រះមេរុវិញ គឺទីស្នាក់ការពាណិជ្ជកម្មតាមបណ្តាភូមិភាគបូព៌ា និរតី ឧត្តរ ពាយ័ព្យ ឥសាន្ត ឡើងទៅជួរមាត់ទន្លេម្តុំផ្សារចាស់ រហូតដល់រង្វង់មូលវត្តភ្នំ គឺជា បរិវេណរបស់ឃ្លាំងរដ្ឋ។ នៅតាមទន្លេជាអង្គភាពដឹកជញ្ជូនជើងទឹកម្តុំស្ពានជ្រោយចង្វារ រហូតដល់ឃ្លាំងប្រេងឫស្សីកែវ ជារបស់ក្រសួងថាមពល។

ការជូនដំណើរគណៈប្រតិភូ

នៅខែវិច្ឆិកា ឆ្នាំ១៩៧៦ ខ្ញុំបានជូនដំណើរគណៈប្រតិភូដែលជាកម្មាភិបាលមក សិក្សានយោបាយនៅសាលាបុរីកីឡា ដែលជាសាលានយោបាយមជ្ឈិម។ ក្រោយពីគាត់ បានសិក្សាចប់ ខ្ញុំនិងមិត្តដទៃទៀតនៅក្នុងមន្ទីរក-១២ បានជូនដំណើរពួកគាត់ដើរទស្សន កិច្ចនៅតាមបណ្តាភូមិភាគមាន ភូមិភាគបូព៌ា ភូមិភាគឧត្តរ តំបន់សៀមរាប-ឧត្តរមានជ័យ ភូមិភាគពាយ័ព្យ បានឡើងទៅភូមិភាគនិរតី​ និងទៅទស្សនកិច្ចឆ្នេរសមុទ្ទ និងក្រុងកំពង់​ សោម ដែលកាលណោះបក្សកុម្មុយនីស្តកម្ពុជាបានឲ្យទង់កិត្តិយសចំនួនបីស្រុក ដើម្បីឲ្យ សិក្ខាកាមដែលជាកម្មាភិបាលមកពីតាមបណ្តាស្រុក តំបន់ និងភូមិភាគដែលរៀនសូត្រ តាមគំរូវីរភាព និងភាពជឿនលឿនក្នុងវិស័យបង្កបង្កើនផលបានគ្រប់ផែនការរបស់បក្ស ដែលកាលណោះខ្ញុំនៅចាំ មតិរបស់សមមិត្ត ភុំ ដែលជាអ្នកដឹកនាំគណៈប្រតិភូ បាន និយាយថា ការដែលឲ្យសិក្ខាកាមមករៀនសូត្រនេះគឺ ដើម្បីឲ្យរៀនសូត្រយកតាមគំរូស្រុក ទាំងបី ទី១ស្រុកប្រសូត្រ នៅក្នុងតំបន់២៣ ក្នុងភូមិភាគបូព៌ា ទី២ ស្រុកកំពង់ត្រឡាចលើ ស្ថិតក្នុងតំបន់៣៣ ភូមិភាគបស្ចិម និងទី៣ ស្រុកត្រាំកក់ ស្ថិតនៅក្នុងភូមិភាគនិរតី។

នៅក្នុងពិធីជប់លៀងមួយរបស់គណៈប្រតិភូដែលជាកម្មាភិបាលដឹកនាំមកពីទូទាំងប្រទេសធ្វើនៅឃ្លាំងប្រាក់ក្រុងកំពង់សោម ដែលមានអ្នកគ្រប់គ្រងឈ្មោះសមមិត្ត គ្រិន។ ក្រោយពីដើរទស្សនកិច្ចតាមបណ្តាភូមិភាគដែលមានរយៈពេលកន្លះខែចប់មក  ក៏ត្រឡប់ មកភ្នំពេញវិញ ហើយក៏បែកគ្នាទៅតាមភូមិភាគរៀងៗខ្លួន។

នៅឆ្នាំ១៩៧៧ មានគណៈប្រតិភូបរទេសជាច្រើនដែលបានមកទស្សនកិច្ចនៅ កម្ពុជាប្រជាធិបតេយ្យ មានដូចជាៈ ប្រធានាធិបតីភូមាឈ្មោះ អ៊ូនីវិន ប្រធានាធិបតីលាវ ឈ្មោះ សុផាន់វង្ស លេខាបក្សកុម្មុយនីស្តចិនឈ្មោះ ឆឹង យុងគួយ ហៅតា ចាយ បានមក ទស្សនកិច្ចនៅកម្ពុជាប្រជាធិបតេយ្យនាសម័យនោះ ដែលខ្ញុំបានជួបផ្ទាល់ជាមួយមិត្តរួម ការងារនៅក-១២។ ស្លាកលេខរថយន្តសម្រាប់ជូនភ្ញៀងកាលណោះ ផ្នែករថយន្តតូចដែល ជារថយន្តប្រភេទទេសចរមានអក្សរ “ប.ទ” នៅខាងដើម ចំណែកឯរថយន្តធំដែលជា រថយន្តដឹកជញ្ជូនដូចជា GMC (អាមេរិក), អារីន របស់ចិន គឺមានស្លាកលេខដាក់អក្សរថា “ន.ស.ក” នៅខាងដើម។

មុននឹងទៅទទូលគណៈប្រតិភូថ្នាក់ប្រធានាធិបតី អ៊ំ អៀង សារី ហៅ វ៉ាន់ បានហៅ កម្មាភិបាល និងបណ្តាមិត្តទាំងអស់ទាំងបីអង្គភាព ដែលអង្គភាពទី១ គឺអង្គភាពបើកបរ រថយន្តមានឈ្មោះ មៀល ជាប្រធាន អង្គភាពទី២ ជាអង្គភាពការពារភ្ញៀវ និងថ្នាក់ដឹកនាំ ប្រធានឈ្មោះ ខា មី និងភាគីអ្នកបម្រើមានធ្វើម្ហូប សណ្ឋាគារ និងខាងទីផ្សារដែលមាន ឈ្មោះ យាយ ស៊ីម ជាប្រធានក្រុមបម្រើ និងធ្វើម្ហូប និងសមមិត្ត ជៀម ជាប្រធានមន្ទីរប-១។ កាលណោះរៀនមួយកំណាត់ថ្ងៃនៅបរិវេណប-១ ដែលសព្វថ្ងៃជាទីស្តីការគណៈរដ្ឋ មន្ត្រី។ អ៊ំ អៀង សារី បាននិយាយថា យើងឈប់ស្លៀកពាក់ខោអាវខ្មៅៗទៀតទៅ នៅពេលទៅទទួលភ្ញៀវបរទេស ត្រូវនាំគ្នាទៅកាត់ខោអាវដែលមានឯកសណ្ឋានដូចៗគ្នា នៅអូរឫស្សី (កន្លែងកាត់ដេររដ្ឋ) មានខោពណ៌ខៀវ អាវពណ៌ពងមាន់ចាស់ក្នុងម្នាក់ពីរកំប្លេរ ទាំងអ្នកការពារ និងអ្នកបើកឡាន រួចឲ្យកាត់ស្បែកធ្វើជាស្បែកជើងសង្រែក។ រីឯអ្នកបម្រើ តាមសណ្ឋាគារ និងកន្លែងទីផ្សារបរទេស ត្រូវស្លៀកសំពត់ហូល ឬសំពត់ខៀវ អាវពណ៌ស ឬផ្កាឈូកដូចៗគ្នា ជាលក្ខណៈសមូហភាព។ តាមខ្ញុំចាំកាលសម័យហ្នឹង មានផ្សារបរទេស មួយសម្រាប់អង្គទូតប្រចាំនៅកម្ពុជាប្រជាធិបតេយ្យ និងគណៈប្រតិភូបរទេស គណៈប្រតិភូ ដែលមកទស្សនកិច្ចសម្រាប់ភ្ញៀវបរទេសមកទិញ។ ផ្សារនេះមានទីតាំងនៅសណ្ឋារគារស ខាងលិចផ្សារធំថ្មីផ្នែកខាងក្រោម។ អ៊ំ អៀង សារី បានលើកពីព្រឹត្តិការណ៍នយោបាយនៅ ក្នុង និងក្រៅប្រទេសមកនិយាយក្នុងអង្គប្រជុំថា ប្រទេសជាច្រើននៅលើសកលលោក ចង់ មកដាក់ទូតចងស្ពានមានមេត្រីជាមួយកម្ពុជាប្រជាធិបតេយ្យយើង ប៉ុន្តែប្រទសខ្លះក៏យើង ទទួលយក ប្រទេសខ្លះក៏យើងមិនទទួលយកដែរ។ ប្រទេសកម្ពុជាយើងសព្វថ្ងៃ មិនមែន សម្បូររុងរឿង សម្បូរហូបចុក ដូចដែលវិទ្យុផ្សាយនោះទេ តែនេះជានយោបាយរបស់បក្ស យើង នៅខាងក្រៅប្រទេសក៏ដូចក្នុងប្រទេស។ ប្រជាជនយើងកំពុងតែមានការខ្វះខាត ខ្វះសព្វខ្វះគ្រប់ តាំងពីជម្រក ទាំងស្បៀងអាហារ ទាំងថ្នាំសង្កូវ។ អ៊ំ អៀង​ សារី ក៏បានផ្តាំផ្ញើ ថា សមមិត្តទាំងអស់ត្រូវប្រុងប្រយ័ត្នបដិវត្តន៍ថែមទៀត ពិសេសអ្នកបើកបរ កុំឲ្យមានបុក ធ្លុះធ្លាយ ឬក្រឡាប់ ដែលជាហេតុប៉ះពាល់ដល់សុវត្ថិភាពរបស់ភ្ញៀវ។

គណៈប្រតិភូប្រធានាធិបតីភូមា អ៊ូនីវិន មកទស្សនកិច្ចចំនួន៣ថ្ងៃដែលមានភាគី ខាងកម្ពុជា មានអ៊ំ ខៀវ សំផន ហៅ ហែម ជាអ្នកទទួលភ្ញៀវ ដោយមានអ្នកបើករថយន្ត ផ្ទាល់ខ្លួនឈ្មោះ ហឿន ហើយពិធីការបើកទ្វាររថយន្តឈ្មោះ ឈាន ដែលជាអតីតអភិបាល ខេត្តប៉ៃលិនសព្វថ្ងៃ។ ចំណែកគណៈប្រតិភូប្រធានាធិបតី លាវ សុផាន់វង្ស បានមកទស្សន កិច្ចចំនួន៣ថ្ងៃ ដែលមានអ៊ំ ខៀវ សំផន ហៅ ហែម ជាអ្នកទទួលភ្ញៀវ។

គណៈប្រតិភូបក្សកុម្មុយនីស្តចិនឈ្មោះ ឆឹង យុងគួយ ហៅតាចាយ ដែលជាអ្នក បច្ចេក​ទេសខាងសេដ្ឋកិច្ចមកទស្សកិច្ចនៅកម្ពុជាមានរយៈពេល១៦ថ្ងៃ ដែលភាគីកម្ពុជា មាន ប៉ុល ពត ជាអ្នកចាំទទួលដោយផ្ទាល់។ គណៈប្រតិភូដែលមកទស្សនកិច្ចនៅកម្ពុជា ចំនួនបីលើក មានរដ្ឋមន្ត្រីគ្រប់ក្រសួងទៅទទួលនៅព្រលានយន្តហោះពោធិ៍ចិនតុង រួច ហើយនាំមកសម្រាកនៅវិមានរដ្ឋាភិបាលនៅមុខវត្តភ្នំ។ មានការជប់លៀងនៅដំណាក់ ចំការមន និងមើលសិល្បៈនៅមហោស្រពទន្លេបាសាក់ ទស្សនកិច្ចអង្គរវត្ត​ រាជវាំង ប្រសាទវិហារព្រះកែវមរកត។

គណៈប្រតិភូចិនបានធ្វើដំណើរទៅភូមិភាគបូព៌ា ដោយមានរថយន្តប្រហែលជា ៥០-​៦០​គ្រឿងជូនដំណើរគណៈប្រតិភូចិន។ ខ្ញុំបានបើកឡានទី១១ ពីភ្នំពេញទៅដល់ទន្លេ បិទ-សួង​។ ពេលទៅដល់​ទន្លេបិទ និងសួង មានតា សោ ភឹម ជាប្រធានភូមិភាគបូព៌ា មកទទួលគណៈប្រតិភូដោយឆ្លងតាមកប៉ាល និងមានរថយន្តពីរខ្សែមកទទួល ដែលមួយ ខ្សែមកពីកំពង់ចាម និងមួយខ្សែទៀតមកពីខាងទន្លេបិទ។ រួចពីនេះ​ក៏បន្តដំណើរទៅ ទស្សនកិច្ចនៅចម្ការកៅស៊ូជប់។ មើលចម្ការកៅស៊ូ មើលការដាំដុះ និងមើលរោងចក្រកិន ជ័រ និងបន្តទៅមើលតាមសហករណ៍ដូចជា សហករណ៍ជ្រោយបិទមាសនៅក្នុងភូមិ ស្រឡប់ ភូមិចិញ្ចើម នៅតាមដងផ្លូវធ្វើដំណើរ និងមើលវាលស្រែដែលស្រូវកំពុងតែចេញ ផ្លែផ្កានាខែវិចិ្ឆកា។ បន្ទាប់មក ក្បួនរថយន្តគណៈប្រតិភូបានមកសម្រាកនៅមន្ទីរភូមិភាគ បូព៌ា (សាលាស្រុកត្បូងឃ្មុំ)។

បន្ទាប់ពីនោះមក ថ្នាក់លើបានផ្លាស់ខ្ញុំឲ្យមកបើកឡានដឹកក្រុមកុន ដោយថ្នាក់លើ យល់ឃើញថា ខ្ញុំប៉ិនប្រសព្វបើកឡានចល័តចុះឡើង។ ការថតនេះ គឺថតសម្រាប់ទុកជា ឯកសារអំពីថ្នាក់ដឹកនាំបរទេសដែលមកទស្សនកិច្ចនៅកម្ពុជាប្រជាធិបតេយ្យ ហើយគណៈ ប្រតិភូបរទេសក៏បានថតយករូបភាព ដើម្បីយកទៅផ្សព្វ ផ្សាយនៅប្រទេស ខ្លួនវិញដែរ។ ពេលបើកឡានថតកុន ខ្ញុំបានមកសម្រាកនៅមន្ទីរភូមិភាគមួយយប់។ កាល ណោះ ប៉ុល ពត សម្រាកលើ ខ្ញុំសម្រាកខាងក្រោម ព្រោះពេលនោះ មិនមានផ្ទះសំណាក់ទេ រីឯភ្ញៀវ ចិនស្នាក់នៅផ្ទះខាងជើងដែលកាលណោះ មានផ្ទះសម្រាប់ស្នាក់នៅ៤ទៅ៥ខ្នង ។ ប៉ុល ពត ធ្លាប់បានដំណាលប្រាប់ភ្ញៀវចិនពីការរងគ្រោះថ្នាក់របស់ភូមិភាគបូព៌ា មានច្រើនជាង គេ ក្នុងអំឡុងពេលដែលផ្តល់បទសម្ភាសជាមួយអ្នកកាសែតចិន។ ខ្ញុំមិនបានចាំថា អ្នក កាសែតនោះឈ្មោះអ្វីទេ គ្រាន់តែដឹងថា ជាអ្នកដើរតាមគណៈប្រតិភូចិន។ ប៉ុល ពត បាន ប្រាប់ទៀតថា ភូមិភាគបូព៌ាត្រូវរងគ្រោះដោយសារការទម្លាក់គ្រាប់បែក។ សួមបញ្ជាក់ថា ប៉ុល ពត បានអមដំណើរប្រតិភូចិនឈ្មោះ ឆឹង យុងគួយ រហូតដល់ថ្ងៃបញ្ចប់នៃដំណើរ ទស្សនកិច្ច ហើយខ្ញុំក៏មានឱកាសបានឃើញ និងនៅក្បែរ ប៉ុល ពត ក្នុងចម្ងាយប្រហែល៤ ទៅ៥ម៉ែត្រពី ប៉ុល ពត។ ការណ៍បានឈរនៅក្បែរនេះ ដោយសារតែខ្ញុំនៅជាមួយក្រុមថត កុន ជាអ្នកជួយកាន់សម្ភារថតកុនដូចជាភ្លើងហ្វារ និងសម្ភារផ្សេងៗទៀត។ ពេលនោះ ប៉ុល ពត​ បានលើកឡើងអំពីវិនាសសកម្មសង្គ្រាម៥ឆ្នាំដែលអាមេរិកបានបំផ្លិចបំផ្លាញ នៅក្នុងប្រទេសកម្ពុជា ដូចជានៅទីក្រុងសួង ត្រូវបានបាក់រាបដល់ដី ដោយសារការទម្លាក់ គ្រាប់បែក ហើយភូមិនីមួយៗនៅសល់តែផេះផង់។

ក្រោយពីសម្រាកនៅទីនោះបានមួយយប់ ព្រលឹមឡើងក្បួនគណៈប្រតិភូបានបន្ត ធ្វើដំណើរមកភូមិភាគកណ្តាល ដើម្បីពិនិត្យមើលភាពជឿនលឿន ដូចជានៅរោងចក្រ តម្បាញដែលជាស្នាដៃជំនួយរបស់មិត្តចិន ហើយក៏បានស្នាក់នៅភូមិភាគកណ្តាលមួយ យប់ទៀត។ អំឡុងពេលឈប់សម្រាកនៅភូមិភាគកណ្តាលនេះ សមមិត្ត កែ ពក ដែលជា គណៈភូមិភាគកណ្តាលជាអ្នករៀបចំទទួលខុសត្រូវ។ ខ្ញុំចំណាំរូបរាងរបស់ កែ ពក បានខ្លះ ដែរ។ កែ ពក មានមាឌធំដំបង មុខ​មានស្នាមសម្លាកដូចរលាកភ្លើង (មិនចាំច្បាស់ថា ខាងឆ្វេងឬខាងស្តាំទេ) ហើយមានកម្ពស់ប្រហែលមួយម៉ែត្រចិតសិបប្រាំទៅមួយម៉ែត្រ ប៉ែតសិប។ ក្រោយពីបានសម្រាកនៅទីនោះមួយយប់រួចមក ក្បួនគណៈប្រតិភូចិនក៏ចេញ ដំណើរបន្តទៀតទៅទស្សនកិច្ចនៅស្រុកចម្ការលើ ហើយបានស្នាក់នៅព្រៃចម្ការតាប្រុក។ នៅតាប្រុក គឺនៅក្នុងព្រៃមានចម្ការកាហ្វេ និងជាមូលដ្ឋានតស៊ូរបស់ថ្នាក់ដឹកនាំភូមិភាគ កាលពីសម័យសង្គ្រាម។ បន្តមកទៀត គណៈ ប្រតិភូចិនបានបន្តដំណើរទៅទស្សនកិច្ចនៅ ទំនប់៦មករា។ ទំនប់នេះបានកសាងឡើងដើម្បីរម្លឹកដល់ការវាយឈ្នះកងទ័ពយួន ហើយតាមអ្វីដែល កែ ពក បានឡើងថា​ កងទ័ពកម្ពុជាប្រជាធិបតេយ្យ បានវាយឈ្នះទ័ព យួន​នៅឆ្នាំ១៩៧៦ នៅថ្ងៃ៦មករា ហេតុនេះទើបដាក់ឈ្មោះទំនប់នេះថា​ “ទំបន់៦មករា” អីចឹងទៅ ដើម្បីឲ្យមានជាប់ជាប្រវត្តិសាស្ត្រ។ ទំនប់នេះធំណាស់ ត្រូវបានធ្វើឡើងដោយ កម្លាំងមនុស្សយ៉ាងច្រើន។ មនុស្សជាច្រើន ត្រូវបានអង្គការបញ្ជូនមកពីកងចល័តផ្សេងៗ ហើយនៅការដ្ឋានមានគ្រឿងចក្រតែពីរទេ គឺមានអាបុលកិនបង្ហាប់មួយ និងអាបុលរុញ មួយ ក្រៅពីនោះមនុស្សជាអ្នកធ្វើទាំងអស់ បើមើលពីចម្ងាយទៅឃើញដូចជាសត្វ ស្រមោចកំពុងវារអីចឹង។ ក្បួនរថយន្តរបស់គណៈប្រតិភូបានធ្វើដំណើរតាមខ្នងទំនប់ទៅ ស្ទឹងជីនិត និងវាលកំពង់ធំ ហើយបានសម្រាកនៅខេត្តកំពង់ធំ។ ពេលនោះគណៈប្រតិភូ បានសម្រាកនៅសណ្ឋាគារផ្ទះទឹក នៅពីលើបឹងមួយនៅក្រុងកំពង់ធំ។ ព្រឹកឡើងក្បួន គណៈប្រតិភូចិន បានបន្តដំណើរមកដល់ស្ពានបុរាណស្ថិតនៅក្នុងស្រុកកំពង់ក្តី ខេត្តសៀម រាប និងបានចុះមើលស្ពាននោះទៀតផង។ បន្ទាប់មក គណៈប្រតិភូបានបន្តដំណើរទៅ តំបន់សៀមរាប-អង្គរ ដោយបានទស្សនកិច្ចអង្គរវត្ត  អង្គរតូចអង្គរធំ វង់តូច វង់ធំ បារាណ៍ ទឹកថ្លា ហើយបានសម្រាកនៅខេត្តសៀមរាបប្រហែលពីរយប់ ទើបបន្តដំណើរទៅភូមិភាគ ពាយ័ព្យបន្តទៀត។

នៅភូមិភាគពាយ័ព្យ គណៈប្រតិភូទៅទស្សនកិច្ចនៅអាងទំនប់ត្រពាំងថ្ម។ អាង​ត្រពាំងថ្មនេះធំណាស់ អាចបើកកប៉ាល់បាន។ ខ្ញុំឃើញមានកប៉ាល់ពីរបីដែរនៅក្នុងទំនប់ អាងត្រពាំងថ្មនោះ។ បន្ទាប់មក គណៈប្រតិភូចិនបានបន្តដំណើរទៅទស្សនកិច្ចនៅកន្លែង ធ្វើ​សូត្រ និងតម្បាញសូត្ររបស់តំបន់៥។ កាលនោះ មានសមមិត្ត រស់ ញឹម លេខាភូមិភាគ ពាយ័ព្យជាអ្នកទទួល ហើយខ្ញុំក៏បានចាំពីមុខមាត់ និងរូបរាងរបស់ រស់ ញឹម ខ្លះដែរ។ រស់ ញឹម មានទឹកមុខញញឹមជាប់ និងមានកម្ពស់ប្រហែលមួយម៉ែត្រហុកសិប ឬហុកបីប៉ុណ្ណោះ មានរាងខ្ពស់ជាងខ្ញុំបន្តិច និងមានរាងធាត់ខ្មៅស្រអែម។ ចំណែកគណៈតំបន់៥​ វិញមាន ឈ្មោះ ជាល គឺជាកូនរបស់ រស់ ញឹម។ បន្ទាប់ពីទស្សនកិច្ចនៅតំបន់៥រួចរាល់ហើយ គណៈ ប្រតិភូបានទៅសម្រាកនៅស្វាយស៊ីសុផុន ហើយពេលនោះ ឆឹង យុងគួយ ក៏បានធ្លាក់ខ្លួន ឈឺ។ តាមការកត់សម្គាល់របស់ខ្ញុំឃើញថា  ឆឹង យុងគួយ ហាក់មានវ័យចាស់ជាង ប៉ុល ពត ទៅទៀត ប៉ុន្តែមានមាឌឆ្តោរធំជាង ប៉ុល ពត។

តមក ក្បួនគណៈប្រតិភូចិនចេញមកខាងខេត្តបាត់ដំបង ដោយជិះមើលវាលស្រែ តាមភូមិភាគពាយ័ព្យនេះ រួចបន្តដំណើរមកសម្រាកនៅផ្ទះភ្ញៀវម្តុំសាលាខេត្តបាត់ដំបង។ សូមរម្លឹកថា ក្បួនគណៈប្រតិភូចិនទៅដល់ទីណា តែងតែមានមហាជន ប្រជាជនចាំទទួល យ៉ាងគគ្រឹកគគ្រេង។ ចេញពីភូមិភាគពាយ័ព្យ ក្បួនបានបន្តដំណើរទៅខាងភូមិភាគបស្ចិម  មកដល់ខាងក្រុងពោធិ៍សាត់ និងសម្រាកនៅពោធិ៍សាត់មួយយប់។ ព្រលឹមឡើង ក្បួន​គណៈប្រតិភូចិនបានចេញដំណើរពីខេត្តពោធិ៍សាត់ ប៉ុន្តែលើកនេះ គណៈប្រតិភូចិនមិន បានជិះរថយន្តទេ គឺបានផ្លាស់ប្តូរដោយធ្វើដំណើរតាមរថភ្លើងម្តង ហើយក្បួនរថយន្តទាំង អស់ដែលមានពីរខ្សែបាននាំគ្នាទៅចាំនៅរ៉ារមាសនៅក្នុងខេត្តកំពង់ឆ្នាំង ដែលគណៈប្រតិភូ ត្រូវឈប់សម្រាក។ បន្ទាប់ពីនេះមក គណៈប្រតិភូចិនបានបន្តដំណើរដោយជិះរថភ្លើងបន្ត ទៀត ទៅខាងខេត្តតាកែវភូមិភាគនិរតីម្តង។ តាម៉ុក ដែលជាគណៈភូមិភាគ​និរតីជាអ្នកដឹក នាំគណៈប្រតិភូ​ចិនដើរធ្វើទស្សនកិច្ច។ កាលណោះ បានសម្រាកនៅតាកែវមួយយប់ ហើយក្រោយមកទៀត បានបន្តដំណើរទៅរោងចក្រចក្រី២ ដែលជាកន្លែងផលិតស៊ីម៉ង់ត៍ ដែលជាជំនួយរបស់មិត្តចិន និងទៅមើលទេសភាពវាលស្រែវាលស្រូវតាមតំបន់នេះ។ បន្ត មកក្បួនគណៈប្រតិភូចិនបានបន្តដំណើរទៅ​ទស្សនានៅស្រែអំបិល បន្ទាប់មកគណៈប្រតិភូ ក៏បានបន្តដំណើរទៅកំពង់សោម។

ទៅដល់កំពង់សោម ភ្ញៀវទាំងអស់បានស្នាក់នៅសណ្ឋារគារ៧ជាន់ ភ្ញៀវខ្លះស្នាក់ នៅផ្ទះលើភ្នំដំណាក់ស្តេច។ បន្ទាប់មក ភ្ញៀវទាំងអស់បានទៅទស្សនាឆ្នេរអូរឈើទាល និង ទៅទស្សនាវានាពិឃាតដែលជាជំនួយរបស់មិត្តចិនដែរ។ ជិះនាវាពិឃាតមានគណៈប្រតិភូ ចិន ឆឹង យុងគួយ ខាងខ្មែរមាន ប៉ុល ពត អៀង សារី និងរដ្ឋមន្ត្រីជាច្រើននាក់ទៀត បានជិះ មើលឆ្នេរសមុទ្រខ្មែរ។ នាវាពិឃាតនេះ មានល្បឿនលឿនណាស់​ ដូចជាយន្តហោះអីចឹង បើតាមខ្ញុំស្មានល្បឿននាវានេះ ប្រមាណជាង១០០គីឡូម៉ែត្រក្នុងមួយម៉ោង។ គណៈប្រតិភូ បានចំណាយពេលនៅលើនាវាពិឃាតយូរគួរសមដែរ ចំណែកក្រុមខ្ញុំដែលជាអ្នកបើកបរ មិនត្រូវបានអនុញ្ញាតឲ្យឡើងជិះនាវានោះទេ គឺត្រូវធ្វើការរង់ចាំនៅឯច្រាំង។ យើងជាអ្នក បើកសម្រាប់ថ្នាក់ដឹកនាំ មិនអាចដើរចោលរថយន្តបានទេ។

បន្ទាប់ពីជិះនាវាពិឃាតទស្សនតាមដែនសមុទ្ររួចមក គណៈប្រតិភូចិនបានបន្ត ដំណើរមកតាមផ្លូវជាតិលេខ៤វិញ ឆ្ពោះទៅតំបន់៣២ ជិតស្រុកឱរ៉ាល់ ដើម្បីទៅទស្សនកិច្ច នៅទំនប់មួយដែលខ្ញុំមិនបានចាំឈ្មោះទេ។ បន្ទាប់មក ក្បួនគណៈប្រតិភូចិនបានចាកចេញ ពីតំបន់៣២ ហើយបានធ្វើដំណើរឆ្ពោះមកកាន់ទីក្រុងភ្នំពេញវិញ។ នៅភ្នំពេញមានការ រៀបចំពិធីជប់លៀងមួយរួចជាស្រេច សម្រាប់ទទួលនិងលាគណៈប្រតិភូចិននៅវិមាន ចំការមន។ បន្ទាប់ពីពិធីជប់លៀងចប់រួចរាល់ ភ្ញៀវទាំងអស់បានបន្តដំណើរទៅទស្សនា សិល្បៈនៅមហោស្រពទន្លេបាសាក់បន្តទៀត លុះដល់ព្រឹកស្អែកឡើង គណៈប្រតិភូចិន ទាំងអស់បានធ្វើដំណើរមាតុភូមិនិវត្តវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ។

ការសម្តែងគារវកិច្ចចំពោះមិត្តចិនក្នុងដំណើរទស្សនកិច្ចនេះ គឺជាការតបស្នង ចំពោះមិត្តចិន នៅពេលដែល ប៉ុល ពត បានទៅធ្វើទស្សនកិច្ចនៅប្រទេសចិន មិត្តចិនបាន ទទួលយ៉ាងគគ្រឹកគគ្រេងល្អណាស់ (ខ្ញុំធ្លាប់បានទស្សនាខ្សែវីឌីអូឯកសារអំពីទស្សនកិច្ច របស់ ប៉ុល ពត ទៅប្រទេសចិនដែរ អំឡុងពេល ប៉ុល ពត ទស្សនកិច្ចមានថ្នាក់ដឹកនាំ កម្ពុជា និងរដ្ឋមន្ត្រីៗជាច្រើនអមដំណើរទៅជាមួយ។ ប្រធានមន្ទីររបស់ខ្ញុំ ក៏ធ្លាប់បានរួម ដំណើរជាមួយ ប៉ុល ពត ទៅប្រទេសចិនដែរ។ ខ្ញុំធ្លាប់បានឮប្រធានមន្ទីររបស់ខ្ញុំលើក ឡើងថា គ្រាន់តែគណៈប្រតិភូបក្សទៅប្រទេសគេ ពេលនោមគេមិនឲ្យនោមចោលទេ គឹ តម្រូវឲ្យនោមដាក់កន្ថោរយកទុកស្រោចដំណាំ នេះគេចង់ធ្វើគំរូឲ្យយើងមើល។ ហេតុនេះ ហើយតាមរយៈនេះ​ ទើប ប៉ុល ពត យកគំរូតាម ជាពិសេស គឺការផលិតជីលេខ១ យើងតែ ម្តង ដែលគ្រប់សហករណ៍ និងភូមិភាគទាំងអស់តម្រូវឲ្យផលិតជីលេខ១នេះ។

វគ្គសិក្សានយោបាយ

ពេលមកដល់ភ្នំពេញដំបូងនាអំឡុងឆ្នាំ១៩៧៥ ខ្ញុំបានសិក្សាវគ្គនយោបាយនៅ សាលាតិចណូ ដែលមានសមមិត្ត ភុំ ជាអ្នកបង្រៀន។ ការបង្រៀនកាលពីសម័យនោះ គឺ គ្មានអ្វីក្រៅអំពីការរៀន ការចម្ចាត់កម្មសិទ្ធិឯកជន កសាងនូវកម្មសិទ្ធិសមូហភាព និងកិច្ច ដំណើរការកសាងបដិវត្តន៍សង្គមនិយមនៅកម្ពុជាប្រជាធិបតេយ្យ ដែលយើងជាយុវជន ជាសសរទ្រូងដ៏រឹងមាំរបស់បក្ស។ មិត្ត ភុំ បានលើកឡើងទៀតថា កុំឲ្យវ័យយុវវ័យយើង កន្លងហួស យើងត្រូវតែខិតខំកសាងខ្លួន ដើម្បីរួមចំណែកកសាងប្រទេសឲ្យមានការរីក ចម្រើន ទាន់យើងនៅជាយុវវ័យ។ បន្ទាប់ពីចូលរួមសិក្សាវគ្គរៀនសូត្រនយោបាយនេះ ចប់មក ខ្ញុំក៏ដូចជាអ្នកឯទៀតទៀតដែរ បាននាំគ្នាយកសម្ភារដែលប្រមូលបាន យកទៅ ទុកដាក់ក្នុងឃ្លាំងទាំងអស់ ហើយលែងមានគំនិតចង់បានសម្ភារទាំងនោះមកជាកម្មសិទ្ធិ ឯកជនទៀតហើយ គឺម្នាក់ៗមានការប្តេជ្ញានិងយកតែកម្មសិទ្ធិសមរម្យ ដែលសម្រាប់ខ្ញុំជា អ្នកបើកឡាន មានតែកូនស្បោងមួយ មុងមួយ ភួយមួយ និងកូនសោឡានមួយតែ ប៉ុណ្ណោះ។

ដល់រៀនវគ្គក្រោយៗទៀត ប្រហែលជាចូលឆ្នាំ១៩៧៧ ខ្ញុំបានចូលរួមរៀនវគ្គនយោ បាយនៅបុរីកីឡា (ស្តាតអូឡាំពិក) ដែលហៅថាព-៦ របស់មជ្ឈិមបក្ស ដែលពេលនោះ បង្រៀនដោយ ប៉ុល ពត នួន ជា និង ខៀវ សំផន បានបង្រៀនកម្មាភិបាលមកពីឃុំ​ស្រុក តំបន់ទូទាំងប្រទេសយ៉ាងច្រើនកុះករ។ សូមបញ្ជាក់ថា អំឡុងពេលរៀនសូត្រនោះ សូម្បីតែ នោមក៏តម្រូវឲ្យនោមដាក់កន្ថោរដែរ មិនឲ្យនោមចោលទេ។ មុនចាប់ផ្តើមរៀន អ្នកចូលរួម ទាំងអស់ត្រូវគោរពទង់បក្សដែលមានញញួរ និងកណ្តៀវ ហើយត្រូវច្រៀងចម្រៀងគោរព ទង់បក្សមួយបទ “ក្រោកឡើងអស់អ្នកខ្ញុំគេទាំងប៉ុន្មាន ក្រោកឡើងអស់អ្នកក្រតោកយ៉ាក រាល់ប្រាណ ក្តៅណាស់តឹងណែនស្ទើរប្រេះដើមទ្រូងធ្លាយ គ្រាម្តងនេះស្លាប់រស់មិនស្តាយ​ របបចាស់យើងបំផ្លាញឲ្យអស់ ឆាប់អស់អ្នកខ្ញុំគេក្រោកឈរឡើងទៅ ថ្ងៃស្អែករបបថ្មីផង យើងបានមកវិញ ប្រយោជន៍ប៉ុន្មានធ្លាក់បានដៃយើង។ តស៊ូនេះគ្រាចុងក្រោយបំផុត រួមគ្នាមកដល់ថ្ងៃមុខ អាំងទែណាស់សូណាល់ គឺជាសង្គមអនាគត”។

ប៉ុល ពត ស្ថិតក្នុងឯកសណ្ឋានខ្មៅ បង់កក្រមា និងស្ពាយកាដុងទឹកខ្លួនឯង ដោយ មិនមានអ្នកណាបម្រើទេ។ បើតាមការចងចាំរបស់ខ្ញុំ ដំបូង ប៉ុល ពត បាននិយាយថា នេះ ជាសំឡេងបក្សកុម្មុយនីស្តកម្ពុជា ហើយក្រោយមកទៀត ប៉ុល ពត បានលើកឡើងអំពី ប្រវត្តិតស៊ូរបស់បក្សពេលនៅក្នុងព្រៃតាំងពីដើមរហូតដល់ចប់។ ប៉ុល ពត បានលើកឡើង ទៀតថា បក្សយើងកំណត់យកឆ្នាំ១៩៦០ ជាចម្បង ជាថ្ងៃកំណើតរបស់បក្សយើង ហើយ ដែលយើងធ្វើដំបូងនៅរ៉ារថភ្លើងមានគ្នាតែ៧នាក់ទេ ដោយសារខ្មាំងធ្វើទុក្ខបុកម្នេញ។ តំណាងៗមកពីតាមបណ្តាភូមិភាគនៅទូទាំងប្រទេសមកប្រជុំគ្នានៅរ៉ារថភ្លើង គឺចំថ្ងៃភ្ជុំតែ ម្តង ដូច្នេះបក្សយើងកំណត់ថា យកថ្ងៃភ្ជុំនេះជាថ្ងៃខួបកំណើតរបស់បក្សតែម្តង គឺថ្ងៃ៣០ កញ្ញា ជាថ្ងៃខួបកំណើតបក្ស។ ក្រោយមកទៀត បក្សយើងនៅភ្នំពេញមិនបានចូលទេ នៅ តស៊ូក្នុងព្រៃខាងភូមិភាគឥសាន្ត ហើយបក្សយើងក៏ត្រូវជំងឺគ្រុនចាញ់ស្លាប់ទៅ មិនមែន បក្សយើងរាល់ថ្ងៃទេ។ ពេល ប៉ុល ពត ឡើងនិយាយក៏មិនបានប្រកាសណែនាំប្រាប់ថា ខ្ញុំ ប៉ុល ពត លេខាបក្សអ្វីនោះទេ គឺមិនមាននិយាយបញ្ចេញឈ្មោះអ្វីទាំងអស់។ ប៉ុល ពត បានបន្តទៀតថា បក្សយើងរីកធំធាត់យ៉ាងឆាប់រហ័ស ហើយបក្ខជនទាំងអស់ ទាំងបក្ខជន ឆ្នាំ៤០ ទាំងបក្ខជនឆ្នាំ៥០ ទាំងបក្ខជនឆ្នាំ៦០ រហូតបក្ខជនបច្ចុប្បន្ននេះ គឺត្រូវកសាងខ្លួន ឡើងជាថ្មី មិនថាបក្សចាស់ ឬបក្សថ្មីទេ ត្រូវកសាងខ្លួនជាថ្មីឡើងវិញទាំងអស់គ្នា ពីព្រោះពី មុនមកវាមិនស្អាតស្អំ ដោយសារមានការពាក់ព័ន្ធជាមួយវៀតណាម នេះ ប៉ុល ពត ចង់ និយាយពីបក្ខជនឆ្នាំ៤០ និង៥០។ ហេតុនេះ ប៉ុល ពត បានកំណត់ថា ឆ្នាំ៦០នេះ បក្សយើង ឯករាជ្យ ផុតពីអាណានិគមរបស់គេ។

បន្ទាប់មកទៀត ប៉ុល ពត បាននិយាយអំពីមហាជ័យជម្នះរបស់បក្សចាស់ មហាជ័យ ជម្នះបក្សថ្មី។ ប៉ុល ពត ចង់និយាយអំពីមហាជ័យជម្នះខ្មាំងស៊ីរូងផ្ទៃក្នុង ដោយបានដាក់ នាមថា មហាជ័យជម្នះនេះធំធេង លើសពីមហាជ័យជម្នះ១៧មេសា លើសពីមហាជ័យ ជម្នះលើកប្រព័ន្ធភ្លឺស្រែ ទំនប់ ប្រឡាយ ជាក្រឡាឈើត្រង់នៅពាសពេញផ្ទៃប្រទេសទៀត និងជាមហាជ័យជម្នះធំលើសសម័យមហាអង្គរទៀត។ ប៉ុល ពត បានលើកឡើងទៀតថា ខ្មាំងនៅជាមួយយើងប្រៀបដូចស្រមោលអន្ទោលតាមប្រាណ។ ការរកឃើញខ្មាំង ដូចពួក ក្បត់ដែលមាន កុយ ធួន ដោយសារតែរឿងសីលធម៌ទី៦ ហើយយូរៗទៅមានគំនិតក្បត់ បក្សឯង។ ហេតុនេះ ទើបបក្សយើងកំណត់ថា បើបុគ្គលណាខុសសីលធម៌ទី៦ គឺត្រូវកម្ទេច ចោលតែម្តង នៅទូទាំងប្រទេសចាប់ពីថ្ងៃនេះតទៅ។ ប៉ុល ពត ក៏បានឲ្យអ្នកចូលរួមទាំង អស់មើលពាក្យស្លោកធំៗដែលសរសេរនៅខាងស្តាំ និងខាងឆ្វេងដៃ ដែលមានផ្ទៃពណ៌ខ្មៅ និងអក្សរពណ៌សថា ទី១ កម្ទេច និងបៅសម្អាត សេ.អ៊ី.អា អាមេរិក ដោយសំដៅទៅលើ ទាហាន លន់ នល់ មន្ត្រីអ្នករដ្ឋការដែលនៅសេសសល់ចាស់ៗ នៅតាមបណ្តាសហករណ៍ នានានៅទូទាំងប្រទេស។ ទី២ នៅខាងឆ្វេងដៃ គឺដាក់ថា កម្ទេច និងបោសសម្អាត កា.ហ្សេ.បេ សូវៀត គឺសំដៅទៅលើអ្នកទៅរៀននៅសូវៀត និងភាគខាងជើង។ ទី៣ កម្ទេច និងបោសសម្អាតខ្មាំងយួនវាតទីលេបទឹកដី។ ទី៤​ គឺខ្មាំងបង្កប់ស៊ីរូងផ្ទៃក្នុងជួរបក្ស ជួរ បដិវត្តន៍ ហើយ ប៉ុល ពត ក៏បានលើកឡើងទៀតថា ការបោសសម្អាតខ្មាំងស៊ីរូងផ្ទៃក្នុង គឺ ឈរនៅលើគោលជំហរទិតៀន និងស្វ័យទិតៀន។ ប៉ុល ពត ក៏បានលើកឡើងទៀតថា បើ សមមិត្តណាមានពាក់ព័ន្ធជាមួយខ្សែរយៈខ្មាំង ត្រូវសារភាពមក បក្សយើងមិនយកទោស ពៃរិ៍អ្វីទេ ចំពោះបុគ្គលណាដែលស្គាល់ពីទោសកំហុសរបស់ខ្លួន ព្រោះបក្សយើងជាម៉ែជាឪ បក្សយើងជាឪពុកទី២ បន្ទាប់ពីម្តាយយើងបង្កើតមក មានតែបក្សយើងទេ អប់រំសតិ អារម្មណ៍ នយោបាយ គោលជំហរ។ ចំពោះទី៥ ដែលជាខ្មាំងចុងក្រោយ គឺខ្មាំងសីលធម៌ ទី៦​ កាលណោះខ្ញុំចាំថា ជនបដិវត្តន៍ទាំងអស់ ត្រូវគោរពសីលធម៌១២ប្រការ។ សីលធម៌ ទី៦ ចំលើរឿងស្រឡាញ់គ្នារវាងស្រី និងប្រុសនេះឯង។ ប៉ុល ពត ក៏បានសង្កត់ធ្ងន់ទៀតថា ការស្រាវជ្រាវរកខ្មាំង គឺក្រោមនយោបាយជីកស្មៅត្រូវជីកទាំងឫស។

ខ្ញុំយល់ថា ខ្មែរយើងស្លាប់រាប់លាននាក់ ដោយសារខ្មាំង៥យ៉ាងនេះ ហើយក៏ដោយ សារសាលាបង្រៀនកម្មាភិបាលនៅបុរីកីឡានេះដែរ ព្រោះសាលាហ្នឹងជាសាលាបណ្តុះ បណ្តាលកម្មាភិបាលដែលមកពីថ្នាក់មូលដ្ឋានឲ្យមករៀន។ បន្ទាប់មកទៀត ប៉ុល ពត និយាយអំពីបន្តលាក់ការណ៍បដិវត្តន៍ថា យើងបន្តលាក់ការណ៍បដិវត្តន៍តទៅទៀត និង ប្រពៃណីយាមកាមនៅដដែល។ លាក់ការណ៍បដិវត្តន៍នេះ មានដូចជា មិនដឹង មិនឮ មិនឃើញ មិនចង់ដឹងការងារមិត្តដទៃ ចង់គេទៅណា ក៏មិនបាច់ចង់សួរដឹងពីគេទេ ហើយ តាមបណ្តាក្រសួង មន្ទីរនីមួយៗ សហករណ៍នីមួយៗ ត្រូវតែយាមកាមដដែល ដូចយើងពី សម័យសង្គ្រាម។ ​ចំណុចទី៦​ គឺឲ្យមានសញ្ជាតិតែមួយប៉ុណ្ណោះក្នុងកម្ពុជាប្រជាធិប តេយ្យ។ ប៉ុល ពត បានលើកឡើងទៀតថា ខ្មែរយើងមានជនជាតិ១៦ គឺឲ្យមានតែសញ្ជាតិ ខ្មែរមួយគត់ និងមិនឲ្យមានសាសនា មិនឲ្យមានសាសនាចាម និងទំនៀមទម្លាប់បែបជន ជាតិអ្វីទេ គឺមិនចំណេញដល់ការកសាងប្រទេស។ ទី៧​ ប៉ុល ពត បានលើកឡើងថា បក្ស យើងបន្តការមិនចាយលុយតទៅទៀត។ ប៉ុល ពត បន្តទៀតថា បើចាយលុយនឹងធ្វើឲ្យខ្មាំង ទិញទឹកចិត្តបាន ហើយនឹងខាតមនុស្សដែលត្រូវកាន់លុយដូចជា បេឡាប៉ុន្មាន គណនេយ្យ ប៉ុន្មាន ចុះមួយប្រទេស ប៉ុន្មាននាក់។ ខ្ញុំពេលនោះ មិនដឹងថា បេឡាហ្នឹងយ៉ាងម៉េច គណនេយ្យយ៉ាងម៉េច មិនទាំងដែលឮពាក្យនោះផង។ ទី៨ វិស័យអប់រំ ប៉ុល ពត បានលើក ឡើងថា គាត់ឲ្យចេះតែអាន និងសរសេរទេ គឺនៅកន្លែងណា រៀនកន្លែងនោះតែម្តង សំខាន់គឺរៀនបច្ចេកទេសខាងកសិករ ត្រូវរៀនបង្កបង្កើនផលផង រៀនអក្សរផង ទៅនៅ ខាងកម្មករ ត្រូវរៀនបចេ្ចកទេស។ ចំពោះផ្នែកកីឡា ប៉ុល ពត បាននិយាយថា មិនមាន បញ្ជូនកីឡាទៅប្រកួតនៅលើឆាកអន្តរជាតិអ្វីទេ កីឡាយើងហ្នឹងគឺកីឡាបង្កបង្កើនផល។ ផ្នែកសង្គមកិច្ចសំដៅទៅលើផ្នែកថ្នាំពេទ្យ ប៉ុល ពត ថាឲ្យយកគំរូតាមសម័យបុព្វកាល គឺរកឫសឈើ មើមឈើ ដើម្បីធ្វើជាឱសថ។ ប៉ុល ពត ក៏បានលើកឡើងអំពីសម័យ សង្គ្រាមជាមួយអាមេរិកដែរ ដោយបាននិយាយថា ចក្រពត្តិអាមេរិក គឺជាសត្រូវលេខមួយ របស់បក្ស និងប្រជាជនកម្ពុជាយើង។

ទាំងអស់នេះ ខ្ញុំគ្រាន់តែចាំជាគោលខ្លះៗ ដើម្បីប្រតិចារឹកទុកឲ្យកូនៗ ក្មួយៗជំនាន់ ក្រោយបានដឹងថា ហេតុដូចម្តេចបានជាសង្គមជាតិក្លាយទៅជាយ៉ាងនេះ អ្នកខ្លះបានលើក ឡើងថា ប៉ុល ពត មិនបានសម្លាប់មនុស្សទេ។ ខ្ញុំយល់ថា ត្រូវហើយ ប៉ុល ពត មិនបាន សម្លាប់មនុស្សទេ ប៉ុន្តែគាត់បង្រៀនអ្នកដទៃឲ្យសម្លាប់មនុស្ស។

បន្ទាប់ពីស្តាប់បទឧទ្ទេសនាមរបស់ ប៉ុល ពត រួចហើយ ក៏បានឈប់សម្រាក ដើម្បី បត់ជើងបត់ដៃ។ សូមជម្រាបថា ការទៅបត់ដៃបត់ជើងហ្នឹង ក៏តម្រូវឲ្យយើងបត់ដាក់ក្នុង ពាងដែលបានតម្រៀបមួយជួររួចជាស្រេចសម្រាប់ទុកឲ្យយើង។ បន្ទាប់ពីសម្រាក នួន ជា បានឡើងមកម្តង ដោយមិនបាននិយាយណែនាំឈ្មោះរបស់ខ្លួនប្រាប់ឲ្យអ្នកចូលរួមបាន ស្គាល់ទេ។ ខ្ញុំនៅចាំថា នួន ជា បាននិយាយថា បន្ទាប់ពីនេះ ខ្ញុំសូមអានចម្លើយសារភាព ឯកសារជនក្បត់ដែលចាប់បានថ្មីៗ។ នួន ជា បាននិយាយថា អា កុយ ធួន ហៅ ធុច អតីតជាប្រធានភូមិភាគឧត្តរ និងមួយទៀត ឈ្មោះ សុទ្ធ ជាប្រធានគណៈតំបន់១០៦ តំបន់ស្វយ័ត សៀមរាប-ឧត្តរមានជ័យ។ ឈ្មោះ យ៉ា ជាប្រធានភូមិភាគឥសាន្ត និងឈ្មោះ ឌឿន ជាគណៈមន្ទីរស-៧១ ឈ្មោះ ចន្ទ ចក្រី ជាប្រធានកងពលនៅភូមិភាគបូព៌ា ឈ្មោះ សុខ និងឈ្មោះ ឈូក។ អ្នកទាំងអស់នេះ មានគម្រោងផែនការសម្លាប់បក្សដើម្បី យកអំណាច ជាច្រើនលើកច្រើនសាតាំងពីក្នុងព្រៃ រហូតមកដល់ពេលបែកការណ៍នេះ ហើយបានចាត់តាំងរចនាសម្ព័ន្ធរបស់ពួកវា គឺមាន កុយ ធួន ត្រូវកាន់ជាលេខាបក្ស ចន្ទ ចក្រី ជាមេបញ្ជាការកងទ័ព ឌឿន ជារដ្ឋមន្ត្រីការបរទេស សុទ្ធ ជាប្រមុខរដ្ឋ យ៉ា កាន់ នៅគណៈរដ្ឋមន្ត្រី។ ទាំងនេះជាការចងចាំរបស់ខ្ញុំ ពេលដែល នួន ជា បានអានឯកសារឲ្យ អ្នកចូលរួមស្តាប់។ នួន ជា អានបន្តទៀតថា ចំពោះអ្នកខាងក្រោមៗ គឺគេរក្សាទុកដដែល ហើយផ្នែកបរទេស គឺមានទំនាក់ទំនងបរទេសជាមួយមិត្តចិនដដែល ក៏ដូចជាស្ថានទូត ទាំងអស់ដែលមាននៅក្នុងកម្ពុជាប្រជាធិបតេយ្យ និងទទួលយកទូតថ្មីៗថែមទៀត ប្រសិន បើចង់ដាក់ការទូតមកកម្ពុជា និងបន្តឲ្យមានការចាយលុយ។ សកម្មភាពក្បត់របស់ពួកវា កុយ ធួន ជាមនុស្សដែលមានចរិតជាជនបដិវត្តន៍ ដែលបានប្រព្រឹត្តខុសឆ្គងផ្នែកសីលធម៌ទី ៦ ជាច្រើនលើកច្រើនសា តាំងពីនៅភូមិភាគឧត្តរមក ដើម្បីកុំឲ្យខូចឥទ្ធិពលរបស់ថ្នាក់ ដឹកនាំ បក្សយើងក៏បានហៅមកនៅភ្នំពេញ។ ក្រោយមក កុយ ធួន បានស្រឡាញ់នារី សិល្បៈម្នាក់ឈ្មោះ ខេង ដែលជាអ្នកចម្រៀងនៅក្នុងក្រុមសិល្បៈកម្ពុជាប្រជាធិបតេយ្យ និង ជាប្រធានក្រុមសិល្បៈផង។ តាមដែលខ្ញុំធ្លាប់ឃើញមិត្ត ខេង នេះមានសំឡេងពិរោះ ច្រៀងក៏ពិរោះ ធ្វើពិធីការនីក៏ពិរោះ រាងគាត់ស្អាតណាស់ ហើយខ្ញុំធ្លាប់បានជូនគាត់ម្តង ទៅកាន់ក-៣៤។ នួន ជា បានអានទៀតថា សេចក្តីស្នេហារបស់នារី ខេង និង កុយ ធួន បានស៊ីជម្រៅជ្រៅទៅៗ រហូតដល់មានគំនិតចង់សម្លាប់បក្សឯងយកអំណាច ព្រោះតែរឿង ស្រី ដូច្នេះបក្សយើងកំណត់បុគ្គលណាដែលខុសសីលធម៌ទី៦ ចាត់ទុកជាជនក្បត់ ហើយ ត្រូវកម្ទេចចោលទាំងអស់នៅទូទាំងប្រទេសចាប់ពីថ្ងៃនេះទៅ។ ក្រោមកទៀត កុយ ធួន បានព្យាយាមបំបែកយុទ្ធជនឈ្មោះ ឡុង (ជាអ្នកចម្រៀងក្នុងក្រុមមិត្ត ខេង និងជាកងការ ពារថ្នាក់ដឹកនាំ) និងមិត្ត ខេង មិនឲ្យទាក់ទងគ្នា ហើយពេលនោះ មិត្ត ឡុង​ ក៏បានរាយ ការណ៍ប្រាប់ ប៉ុល ពត អំពីរឿង កុយ ធួន បំបែកមិត្ត ឡុង មិនឲ្យស្រឡាញ់គ្នា។ បន្ទាប់ពី បែកការណ៍រឿងនេះ ដល់​ ប៉ុល ពត ហើយ កុយ ធួន បានបញ្ជាយកមិត្ត ឡុង ទៅសម្លាប់ចោលតែម្តង។ រហូតដល់ពេលដែលបក្សសួររកមិត្ត ឡុង កុយ ធួន បានប្រាប់ថា មិត្ត ឡុង ទៅលេងផ្ទះ។​ បក្សរង់ចាំមើល មិនឃើញមិត្ត ឡុង ត្រឡប់មកវិញ នេះ​ ជាកំហុសទីមួយដែលបក្សយើងចាប់បាន។ ក្រោយមក​ទៀត កុយ ធួន ក៏បានឲ្យនារី ខេង ហៅមិត្តនារីអ្នកដាំបាយ (ខ្ញុំមិនចាំឈ្មោះ) ឲ្យដាក់ថ្នាំបំពុលបក្សក្នុងម្ហូបបាយ ប៉ុន្តែចៃដន្យ ថ្ងៃនោះ បក្សយើងក៏ឈឺធ្មេញ រួចក៏ឃើញកាយវិការនារីបម្រើបាយ មានភាពរញីរញ័រខុស ប្លែកពីធម្មតា បក្សយើងក៏ហៅនារីនោះមកសួរ មិនទាន់ទាំងបានសួរផង គ្រាន់តែដើរមក ជិតបក្ស មិត្តនារីនោះ ក៏ស្រែកយំ ហើយរៀបរាប់ថា ខ្ញុំខុសហើយៗ អត់មាននិយាយអ្វីកើត ទេ ស្រែកតែខ្ញុំខុសហើយៗ។ បក្សយើងសង្ស័យក៏យកបាយ និងសម្លទៅចាក់ឲ្យឆ្កែស៊ី ឆ្កែក៏ងាប់ យកបាយទៅបាចឲ្យមាន់ស៊ី មាន់ក៏ងាប់អស់។ បន្ទាប់ពីនោះទៀត បក្សយើងនៅ ធ្វើការតាមដានបុគ្គល កុយ ធួន នេះ រហូត។​ លុះដល់ថ្ងៃបុណ្យខួបជ័យជម្នះ ១៧ មេសា ១៩៧៥ ដែលធ្វើនៅស្តាតអូឡាំពិក។ នៅពេលនោះ កុយ ធួន បានរើសយកយុទ្ធជនដៃ ឯកមួយចាំបាញ់សម្លាប់បក្ស ហើយ កុយ​ ធួន ពេលនោះក៏ទៅជាគណៈអធិបតីនៅក្នុង វេទិកានោះដែរ។ កុយ ធួន កំណត់ថា ម៉ោង៩ ត្រូវឲ្យផ្ទុះអាវុធ ហើយ​ពេលនោះ​ជិត ដល់ម៉ោង៩ កុយ ធួន ក៏បាត់ពីវេទិកាទៅបន្ទប់ទឹក។ កុយ ធួន ចេះតែចាំ ចេះតែឆ្ងល់ថា ម៉េចបានមិនឮសូរកាំភ្លើងផ្ទុះ នៅពេលនោះហើយ​ដែលកងសន្តិសុខចាប់ខ្លួន កុយ ធួន ដាក់ខ្នោះតាំងពីពេលនោះមក។ ចំណែកឯយុទ្ធជនដៃឯក ត្រូវកងសន្តិសុខចាប់បានតាំងពី ផ្លូវចូលមកម្ល៉េះ។

នួន ជា ក៏បានអានឯកសារទាក់ទងនឹង ចន្ទ ចក្រី ម្តងថា ចន្ទ ចក្រី​ ក៏មានគម្រោង បាញ់សម្លាប់ ប៉ុល ពត ដែរ។ ចន្ទ ចក្រី បានឲ្យកង ពិសេសទៅបាញ់កម្ទេចផ្ទះដែលបក្ស យើងស្នាក់នៅ នៅខាងមាត់ទន្លេបាសាក់។ លើកទី១ ចូលទៅមិនបានសម្រេចដែលពេល នោះចូលទៅបាញ់ពេលយប់ ដោយបន្លំខ្លួនជិះទូកធ្វើជាអ្នកនេសាទ។ លើកទី២ មកចាំ បាញ់នៅក្បែរកោះមួយនៅទន្លេបាសាក់ ប៉ុន្តែផ្អើលអ្នកនេសាទ ផែនការនេះក៏មិនបាន សម្រេចទៀត។ បន្ទាប់មកទៀត ចន្ទ ចក្រី ក៏បានផ្ញើសំបុត្រទៅ សុខ នៅតំបន់២៣ ដែល សំបុត្រនោះផ្ញើទៅតាមឡានរបស់អគ្គសេនាធិការមជ្ឈិម។ លុះទៅដល់ អ្នកកាន់សំបុត្រ បានយកទៅឲ្យ សុខ នៅតំបន់២៣ហ្នឹង។ សុខ ជាមនុស្សមិនចេះអក្សរ ហេតុនេះ​ ហែក សំបុត្ររួច ឲ្យអ្នកបើកឡានអានសំបុត្រនោះឲ្យស្តាប់ សំបុត្រនោះមានន័យថា គោរព ជូនបង សុខ​ សូមបងផ្ញើត្រយូងចេកឲ្យខ្ញុំឲ្យបានច្រើន ព្រោះអីប្រពន្ធខ្ញុំជិតគ្រប់ខែហើយ ត្រូវការយកមកធ្វើម្ហូបដើម្បីជប់លៀង ពីខ្ញុំ ចន្ទ ចក្រី។ ក្នុងន័យនេះ ចក្រី ចង់មានន័យថា ចង់ឲ្យ ​សុខ ផ្ញើ B-៤០ ឲ្យបានច្រើន។ អានរួច ក៏ត្រូវបែកការណ៍ត្រឹមនេះ ដោយសារតែ សុខ មិនចេះអក្សរ លើសពីនេះទៀត អ្នកបើកឡាន គឺជាផ្ទៃក្នុងរបស់បក្សដែលបក្សចាត់ តាំងឲ្យទៅ។

នួន ជា បន្តអានឯកសារដែលទាក់ទងនឹងសមមិត្ត សុទ្ធ ថា សុទ្ធ កាលដែលមិន ទាន់ទៅកាន់នៅតំបន់ស្វយ័តជំនាន់សង្គ្រាមអាកាសនៅក្នុងព្រៃ បក្សយើងទៅដល់ទីណា B-៥២ ទម្លាក់ត្រង់នោះ ហើយបក្សយើងចេះតែឆ្ងល់ អាមេរិកហេតុអ្វីក៏ដឹងម្ល៉េះ? ទៅត្រង់ នេះដឹង ទៅត្រង់នោះដឹង។ ដល់ថ្នាក់បក្សទៅកន្លែងណាដែលអាមេរិកទម្លាក់រួច បក្សទៅ កន្លែងនោះ រំលងបានពីរបីថ្ងៃអាមេរិកមកទម្លាក់ទៀត។ ក្រោយមក បក្សបានបញ្ជូនមិត្ត សុទ្ធ នេះឲ្យទៅតំបន់១០៦ សៀមរាប-ឧត្តរមានជ័យ ក៏មកខាងក្នុងៗទៀត ក៏មិនមាន សកម្មភាពអ្វីដែរ បក្សក៏មិនចាប់អារម្មណ៍អ្វីដែរ។ ក្រោយមក តាមចម្លើយសារភាព សុទ្ធ នេះ ជា សេ.អ៊ី.អា របស់អាមេរិក។ សុទ្ធ បានទៅទាក់ទង សេ.អ៊ី.អា ខាងព្រំប្រទល់ឧត្តរ មានជ័យ ទាក់ទងដើម្បីឲ្យអាមេរិកមកវាយយកខ្មែរយើង។ លើកទី១ សុទ្ធ និងអង្គរក្ស បានទៅចាំជួប សេ.អ៊ី.អា អាមេរិកនៅព្រំដែន ប៉ុន្តែមិនបានជួប។ ទៅលើកទី២ ក៏ភាគីខាង សេ.អ៊ី.អា ខាង សុទ្ធ និងអង្គរក្សក៏មិនបានមកជួបខាង សេ.អ៊ី.អា អាមេរិកទៀត។ ទៅលើកទី៣ ទើបបានជួប សេ.អ៊ី.អា និងបានសំណេះសំណាល និងស្នើឲ្យអាមេរិកវាយ យកខ្មែរ។

បន្ទាប់ពីមក នួន ជា បាននិយាយអំពីសិក្ខាកាមទាំងឡាយ សមមិត្តណាខ្លះដែល មានពាក់ព័ន្ធជាមួយខ្សែក្បត់ ត្រូវសារភាពត្រង់ៗ បក្សយើងមិនយកទោសពៃរិ៍អ្វីទេ ឲ្យតែ មិត្តសារភាពជូនបក្ស។ នួន​ ជា ក៏បានលើកដូចអ្វីដែល ប៉ុល ពត លើកឡើងដែរថា បក្ស យើងជាម៉ែជាឪ បក្សយើងមិនដែលយកទោសពៃរិ៍សមមិត្តណាទេ ឲ្យតែសមមិត្តយល់ ពីទោសកំហុសរបស់ខ្លួន។ នួន ជា ក៏បានសួរថា មានសមមិត្តណាខ្លះដែលមានជាប់ពាក់ ព័ន្ធធ្វើការងារជាមួយសូមលើកដៃ! ក៏នាំគ្នាលើកដៃព្រូចំពោះអ្នកដែលពាក់ព័ន្ធ ហើយតាម ខ្ញុំសង្កេតមើលអ្នកដែលលើកមានប្រហែលជា៦០ភាគរយ ក្នុងចំណោមអ្នកដែលបានទៅ រៀន។ នួន ជា លើកឡើងទៀតថា ចាំដាក់ចូលក្នុងពេលធ្វើជីវទស្សន៍ ហើយប្រសិនបើជា សមមិត្តយើងលាក់ បក្សយើងជាបក្សភ្នែកម្នាស់ អីចឹងសមមិត្តលាក់ក៏មិនជិតដែរ ហេតុនេះ​ យើងមិនត្រូវលាក់ទេ ត្រូវតែលាតត្រដាងជូនបក្ស។ ខ្ញុំនៅចាំបានពាក្យខ្លះទៀតដែល នួន ជា បាននិយាយគឹគាត់នឹងកសាងជនបទឲ្យទៅជាទីក្រុង ហើយកសាងទីក្រុងឲ្យទៅជាជន បទ។ នួន ជា បានលើកឡើងទៀតថា កម្ពុជាប្រជាធិបតេយ្យ ប្រៀបបីដូចជាកង់ប្រវត្តិ សាស្ត្រដែលកំពុងតែវិល អីចឹងបើសមមិត្តណាហ៊ានប្រឆាំង លូកដៃដាច់ដៃលូកជើងដាច់ ជើងហើយ! អីចឹងមិនត្រូវប្រឆាំងនឹងកង់ប្រវត្តិសាស្ត្ររបស់បក្សទេ។ បើសិនជាសមមិត្តណា ម្នាក់ហ៊ានប្រឆាំង គឺត្រូវកម្ទេចចោលដោយទុកមួយក៏មិនចំណេញ ដកចេញមួយក៏មិនខាត ។ នួន ជា ក៏បាននិយាយទៀតថា ទីណាមានការជិះជាន់ ទីនោះមានការតស៊ូ និងរើបម្រះ។ នួន ជា បានលើកឡើងពីជំនាន់សង្គមសក្តិភូមិ មានការបះបោរចលនាតស៊ូ ជិះជាន់ ប្រជាជនយើងបានរើបម្រះដូចជានៅស្រុកសំឡូត។

បន្ទាប់ពីសម្រាកបាយថ្ងៃត្រង់រួច ខៀវ សំផន បន្តពី នួន ជា។ ពេលនោះ ខៀវ សំផន ដែលស្ថិតនៅក្នុងវណ្ណៈអធន គឺវណ្ណៈដែលគ្មានទ្រព្យ អាវរបស់គាត់រហែក ចំណែក ស្បែកជើងវិញ គឺសឹកដល់អម្បោះ មើលទៅរាងរខេករខាកជាង ប៉ុល ពត និង នួន ជា ដែលតាមខ្ញុំយល់គាត់ចង់បង្ហាញពីការតស៊ូវណ្ណៈ។ ពេលនោះ ខៀវ សំផន ចាប់ផ្តើម ដោយលើកយកពីព្រឹត្តិការណ៍ជាតិ និងអន្តរជាតិថា ប្រទេសជាច្រើនចង់មកចងស្ពានមាន មេត្រីចង់ដាក់ទូតជាមួយកម្ពុជាយើង ប៉ុន្តែប្រទេសខ្លះក៏យើងទទួល ហើយប្រទេសខ្លះក៏ យើងមិនទទួលដែរ។ កម្ពុជាយើងទីមួយ គឺមិនទទួលជំនួយបរទេសទេ ដោយប្រកាន់យក គោលជំហរឯករាជ្យម្ចាស់ការ ខ្លួនទីពឹងខ្លួន។ ទីពីរ ខៀវ សំផន បានលើកឡើងអំពីវិនាស សកម្មរបស់ចក្រពត្តិអាមេរិក ដែលបានបំផ្លិចបំផ្លាញមកលើទឹកដីកម្ពុជា គឺទម្លាក់គ្រាប់បែក មានរហូតទៅដល់ហាសិបប្រាំពីរលានតោនឯណោះ បើយើងយកមកចែកនឹងប្រជាជន ប្រាំពីរលាននាក់ វាស្មើនឹងប្រាំបីតោនក្នុងប្រជាជនម្នាក់ដែលត្រូវរងគ្រោះដោយសារគ្រាប់។ ខ្ញុំចាំច្បាស់ណាស់អំពីការលើកឡើងនេះ ព្រោះតែខ្ញុំជាជនរងគ្រោះម្នាក់ដោយសារការ ទម្លាក់គ្រាប់របស់អាមេរិក។

តមកទៀត ខៀវ សំផន បាននិយាយអំពីទំនាស់របស់ខ្មាំងយួនវិញម្តង។ គាត់ លើកឡើងថា យួន វាច្រណែននឹងយើង គ្រាន់តែយើងរំដោះមុននៅថ្ងៃ១៧មេសា ហើយ យួន រំដោះបាននៅថ្ងៃ៣០មេសា។ សូម្បីតែបក្សយើងទៅប្រជុំនៅទីក្រុងកូឡុំបូ ឆ្នាំ១៩៧៦ នៅប្រទេសស្រីលង្កា ដែលប្រជុំនៅសន្និសីទមិនចូលបក្សសម័្ពន្ធ ហើយនៅពេលនោះ លោកស្រីប្រធានាធិបតីប្រទេសស្រីលង្កា ឲ្យបក្សយើងធ្វើជាប្រធានអង្គប្រជុំ ឃើញដូចនេះ ខ្មាំងយួននេះ វាច្រណែនយើងទៀត។ ខៀវ សំផន​ បន្តទៀតថា ក្រោយពីសង្គ្រាមអាកាស របស់អាមេរិកបានបញ្ចប់នៅថ្ងៃ១៥ ខែសីហា ឆ្នាំ១៩៧៣ ហើយនៅខាងភាគីវៀតណាម បានចរចារវាងវៀតណាមទាំងពីរ ចំពោះខាងកម្ពុជាវិញ គឺមិនចរចាទេ ដាច់ខាតត្រូវតែវាយ តែម្តង។ ខៀវ សំផន បានបន្តទៀតថា អ្នកណាឈ្លោះគ្នាហើយ ទៅត្រូវគ្នាវិញយ៉ាងដូម្តេច? ដាច់ខាតគឺត្រូវតែវាយតែម្តង!។ ដោយបក្សយើងឈ្លាសវៃ បក្សយើងក៏បានជម្លៀស ប្រជាជនវៀតណាមចេញពីស្រុកទាំងអស់ ទាំងទាហាន ទាំងប្រជាជន ទាំងតំបន់ខាង លន់ នល់ ក៏ដូចជាខាងតំបន់រំដោះ។

បក្សមានគោលការណ៍បង្កើនប្រជាជនឲ្យបានដប់លានទៅដប់ប្រាំលាននាក់ក្នុង រយៈពេលប្រាំទៅដប់ឆ្នាំនាពេលខាងមុខ គឺយុវជនដែលមានអាយុ២៥ឆ្នាំ ឯនារីមានអាយុ ២០ឆ្នាំ ត្រូវរៀបការជាសមូហភាព ចាំបក្សយើងរៀបការឲ្យ (បក្ខជនយកបក្ខជន សម្ព័ន្ធយក សម្ព័ន្ធ មហាជនយកមហាជន) មូលហេតុអីបានថា ចាំបក្សយើងរៀបការឲ្យ ព្រោះខ្លាចមិត្ត នារីនោះកើតជំងឺឃ្លង់ ខ្លាចមិត្តយុវជន​នោះកើតជំងឺរបេង ឬក៏មានជាប់ពាក់ព័ន្ធជាមួយខ្សែ រយៈក្បត់ នាំឲ្យម្នាក់ៗគ្មានអនាគត។ ដាច់ខាតមិនឲ្យសមមិត្តម្នាក់ៗដើររើសខ្លួនឯងឡើយ ។ មូលហេតុដែលបក្សយើងឲ្យរៀបការជាសមូហភាព ព្រោះវាចំណេញអត់ខាតពេល វេលា។ ខៀវ សំផន បានបន្តទៀតថា ឧទាហរណ៍កាលពីសង្គមចាស់ មានអ្នកខ្លះក្រទេ ឃើញគេដែលជាអ្នកមានរៀបការកូនគគ្រឹកគគ្រេង ក៏ធ្វើតាមគេផឹកស៊ី រាំរែក ហោរកញ្រ្ជៀវ សប្បាយ អត់មានគិតថា ពេលរួចទៅខាតរកលុយសងចិនមិនបាន ក៏ចាប់ផ្តើមលក់គោ លក់ក្របី លក់ស្រែភ្លឺ ដើម្បីយកលុយទៅសងបំណុលគេ រួចក៏ចាប់ផ្តើមធ្លាក់ខ្លួនក្រ ព្រោះតែរឿងរៀបការកូន។  អញ្ចឹងមកដល់ដំណាក់កាលកសាងបដិវត្តន៍សង្គមនិយម សព្វថ្ងៃនេះ បក្សយើងត្រូវតែមានផែនការរៀបអាពាហ៍ពិពាហ៍ជាសមូហភាពនៅទូទាំង ប្រទេស។

នៅតាមបណ្តាសហករណ៍ កសិករនីមួយៗ នៅតាមបណ្តាសហជីព កម្មករនីមួយៗ នៅតាមបណ្តាអង្គភាពកងទ័ពនីមួយៗ ត្រូវឯករាជ្យម្ចាស់ការលើបញ្ហាស្បៀង មិនត្រូវដើរ ទៅសុំពីសហករណ៍នេះ មិនត្រូវដើរទៅសុំនៅអង្គភាពនោះ មកបំពេញឲ្យសហករណ៍ខ្លួន ឬសហជីពខ្លួន ឬអង្គភាពខ្លួនឡើយ។ ហូបចុកត្រូវឲ្យមានលក្ខណៈជាសមូហភាព តាមសហករណ៍ តាមសហជីព តាមអង្គភាពកងទ័ព ត្រូវហូបតាមកង ត្រូវហូបតាមក្រុម ត្រូវហូបតាមពួក មិនត្រូវហូបជាសេរីមានលក្ខណៈបុគ្គលឡើយ។ បានជាបក្សយើងមាន ផែនការឲ្យហូបជាសមូហភាព ព្រោះខ្លាចខ្មាំងមកបន្លំ។

ខៀវ សំផន បាននិយាយថា អ្នកដាំបាយត្រូវតែចេះកែច្នៃ   ១-មានបាយនោះមួយ មុខទៅ ២- មានសម្លនោះមួយមុខទៅ ៣- មានទឹកត្រីនោះមួយមុខទៅ សរុបមកត្រូវធ្វើឲ្យ បានបីមុខនេះអញ្ចឹង ត្រូវចាំ។ រៀងរាល់ថ្ងៃទី១០ ថ្ងៃទី២០ ថ្ងៃទី៣០ ដែលជាថ្ងៃឈប់ សម្រាកពីការងារស្នូល ត្រូវមានបង្អែមហូបម្តង បើយើងហូបបង្អែមរាល់ថ្ងៃ ខ្លាចកើតជំងឺទឹក នោមផ្អែម ហើយរាល់ថ្ងៃទី១០ ថ្ងៃទី២០ ថ្ងៃទី៣០ ដែលជាថ្ងៃឈប់សម្រាកពីការងារស្នូល នេះ ត្រួវទៅធ្វើការងារសង្គមនិយមដូចជាដាំបន្លែបន្លែបង្កាគ្រប់បែបយ៉ាង​ ដើម្បីឧបត្ថម្ភដល់ សហករណ៍ ឬសហជីពរបស់ខ្លួន ឬអង្គភាពរបស់ខ្លួន ត្រូវចេះសន្សំសំចៃតាំងពីអំបិល ប្រហុក ផ្អក មិនត្រូវលើកទាំងពាងធំមកហូបទេ​ ត្រូវចេះរំលែកពីពាងធំមកដាក់ពាងតូច ឬក្រឡតូចៗយកមកហូប។ តាមបណ្តាសហជីព ឬសហករណ៍ ក៏ដូចជាអង្គភាពកងទ័ព ត្រូវបំពាក់គោលជំហរវណ្ណៈអធន​ ដោយយកវណ្ណៈកសិករក្រ និងកសិករកណ្តាលថ្នាក់ ក្រោមជាគំរូ មានន័យថា កសិករក្របានហូបព្រឹកខ្វះល្ងាច កសិករកណ្តាលថ្នាក់ក្រោមក្នុង មួយឆ្នាំខ្វះហូបបីខែ ដូច្នេះម្នាក់ៗត្រូវចេះតស៊ូវណ្ណៈក្នុងការហូបចុកដោយបំពាក់គោល ជំហរវណ្ណៈទាំងពីរនេះជាមូលដ្ឋានគ្រឹះ។

តមកទៀត ខៀវ សំផន ក៏បានលើកឡើងអំពីរឿងខ្មាំងស៊ីរូងផ្ទៃក្នុងដែលធ្វើឲ្យរាំង ស្ទះដល់ចលនាបដិវត្តន៍កម្ពុជា គឺមាននៅគ្រប់អង្គភាពរៀងៗខ្លួន សមមិត្តត្រូវប្រយ័ត្ន! បើនៅបររថភ្លើង វាធ្វើឲ្យបុករថភ្លើង បើនៅបើកឡាន បន្តិចវាបើកបុក វាធ្វើឲ្យធ្លុះ ធ្វើឲ្យ ក្រឡាប់ ធ្វើឲ្យម៉ាស៊ីនឡោកជាដើម ហើយទាំងនេះជាសកម្មភាពរបស់ខ្មាំងហើយ។ បើ​ ខាងកាត់ដេរ វាធ្វើឲ្យបាក់ម្ជុល ធ្វើឲ្យខូចត្រល់ ធ្វើឲ្យអាក់ខានដំណើរការលែងបានទៅមុខ និងរាំងស្ទះ នេះយើងពិនិត្យតាំងពីរឿងតូចៗនេះទៅ។ បើនៅតាមសហករណ៍ ខ្មាំងវាធ្វើឲ្យ បាក់នង្គ័ល បាក់រនាស់ បាក់ចប ទាំងនេះក៏ជាសកម្មភាពខ្មាំងដែរ។ ទាំងនេះជាខ្មាំងស៊ីរូង ផ្ទៃក្នុង ធ្វើឲ្យរាំងស្ទះដល់ចលនាកសាងសង្គមនិយម។ តាមខ្ញុំយល់ ប្រជាជនខ្មែរយើង បានស្លាប់ច្រើនណាស់ គឺដោយសារតែការធ្វើឲ្យបាក់​ចប ក៏ចាត់ទុកថាជាខ្មាំងដែរ។

ដល់រសៀលស្អែក ខៀវ សំផន បន្តទៀតដោយលើកឡើងពីរឿងអ្នកដែលជាប់ ខ្សែរយៈខ្មាំង ដែលត្រូវឡើងសារភាព និងធ្វើជីវទស្សន៍មានចំនួនពីរបី«ខ»។ ខៀវ សំផន បានលើកឡើងថា ក្នុងសង្គ្រាមអាកាសរបស់ចក្រពត្តិអាមេរិកដែលបង្កវិនាសសកម្មមក លើទឹកដីកម្ពុជាយើងនេះ តើសមមិត្តមានគោលជំហរ និងសតិអារម្មណ៍យ៉ាងដូចម្តេចខ្លះ ក្នុងការតស៊ូបដិវត្តន៍? ហើយក្រោយពីបានសិក្សាគោលនយោបាយពីបក្សរួចចេញទៅវិញ និងចុះទៅហ្នឹង សមមិត្តត្រូវបេ្តជ្ញាចិត្តអ្វីខ្លះ?។ ក្នុងនោះដែរ ខ្ញុំបានចាំនូវអ្វីដែលខ្ញុំបាន​សរសេរខ្លះដែរ គឺមានការប្តេជ្ញាគោរពគោលនយោបាយរបស់បក្សគ្រប់បែបយ៉ាង នឹងចុះ អនុវត្ត និងប្តេជ្ញារាវរកខ្មាំងស៊ីរូងផ្ទៃក្នុងដែលបង្កប់ក្នុងជួរប្រជាជន កម្មករ កសិករ និង កងទ័ពឲ្យបានល្អជាដាច់ខាត។ ប្តេជ្ញាកសាងខ្លួន បំពាក់នូវគោលជំហរវណ្ណៈអធនដល់ខ្លួន ដើម្បីធ្វើបដិវត្តន៍សង្គមនិយមនៅកម្ពុជាប្រជាធិបតេយ្យ ឲ្យមានល្បឿនមហាលោតផ្លោះ មហាអស្ចារ្យ។ សំខាន់ជាងគេនៅថ្ងៃកណ្តាលមួយថ្ងៃ ខៀវ សំផន បាននៅចាំស្រង់ឈ្មោះ អ្នកដែលជាប់ឥទ្ធិពល និងនៅជាមួយជនក្បត់។

បន្ទាប់ពីបញ្ចប់ការរៀនសូត្រ មន្ទីររបស់ខ្ញុំ បានបាត់មនុស្សអស់ប្រហែល៣០នាក់ ក្នុងចំណោមអ្នកបើកបរប្រហែលជា១០០នាក់។ ខ្លះត្រូវអង្គការប្តូរការ​ងារ ហើយខ្ញុំក៏មិន ហ៊ានសួរដេញដោលអ្វីដែរ។ ភាគច្រើនអ្នកដែលធ្លាប់ធ្វើការជាមួយ កុយ ធួន តាមខ្ញុំសង្កេត មើល ដូចជាអ្នកដែលខ្ញុំធ្លាប់ស្គាល់មានឈ្មោះ ភួង- ឆូយ- រី និងសារី ត្រូវបានបាត់ខ្លួន។ ខ្ញុំឲ្យតម្លៃចំពោះខ្មែរដែលស្លាប់បាត់បង់ជីវិតរាប់លាននាក់ ដោយសារតែសាលាមួយនេះ ដែលបានបង្រៀនបងៗពីជំនាន់មុន។​ កាលណោះ គឺសំដៅលើអ្នកដែលមិនសម្របខ្លួន ទៅតាមបក្ស មិនព្រមចូលសហករណ៍ ចុះជាប់ជនបទ គឺត្រូវបោសសម្អាត។

កន្លែងសម្លាប់មនុស្ស

ឆ្នាំ១៩៧៧ ប្រទេសកម្ពុជាយើងមានភាពចលាចលខ្លាំងជាមួយភាគីវៀតណាម ហើយស្ថានទូតវៀតណាមត្រូវបានដកចេញពីប្រទេសកម្ពុជា ដោយសារវិវាទគ្នារឿងកោះ ត្រល់ នេះបើតាមខ្ញុំដឹង។ ភាគីវៀតណាម កើតទុកមិនសុខចិត្តបានយកផែនទីខ្មែរយើងទៅ ប្តឹងនៅក្រសួងការបរទេសប-១។ ការឈ្លោះគ្នាពីរឿងកោះត្រល់ យើងថាកោះយើង វៀតណាមថាកោះគេ ហើយមានរឿងវិវាទតាមព្រំដែន វាយគ្នាមិនអស់មិនហើយ។ វាយគ្នា តាំងពីកន្ទុយនាគ រហូតមកដល់ឆ្នេរសមុទ្ទ ហើយពេលដែល ខៀវ សំផន បង្រៀនក៏បាន និយាយអំពីបញ្ហានេះដែរ គឺលើកឡើងថា យើងមានជម្លោះព្រំដែនរហូតដល់យើងទប់ លែងបាន យើងបណ្តេញទូតចេញទាំងថ្ងៃត្រង់។ អំឡុងពេលនោះ ខ្ញុំជូនដំណើរភ្ញៀវចិន ឡើងយន្តហោះ រួចក៏បានជួបក្រុមបង ជង ដែលជាក្រុមបើកឡានខាងទូត ក៏ជូនដំណើរ ខាងទូតវៀតណាមនេះទៅដែរ។ ទូតវៀតណាមជិះតាមយន្តហោះតូចមួយដែលជិះគ្នា ប្រហែល៦-៧នាក់ឡើងទៅទាំងថ្ងៃ។ ចាប់តាំងពីនោះមក ខ្មែរយើង និងវៀតណាមចាប់ ផ្តើមមិនត្រូវគ្នា និងមានការប្រយុទ្ធគ្នារហូត។ បើនិយាយអំពីមន្ទីរពេទ្យដែលខ្ញុំធ្លាប់បានដឹក យុទ្ធជនត្រូវរបួសទៅ គឹរកកន្លែងដេកគ្មានទេ ដូចជាពេទ្យ១៧មេសា (ពេទ្យរុស្សី) និងពេទ្យ អង្គឌូងមួយដែរ គឺពេញទៅដោយអ្នករបួស។​ អំឡុងពេលនោះ រថយន្តក្រុងដឹកភ្ញៀវ លែងបានដឹកភ្ញៀវហើយ គឺដឹកតែអ្នករបួសប៉ុណ្ណោះ ដោយដោះពូកចេញទាំងអស់។ អ្នករបួសពេលនោះ ត្រូវបានដឹកតាមកប៉ាល់ដែលភាគច្រើនយកពីខាងទន្លេបិទ និងខ្លះពី អ្នកលឿងយកមកដាក់នៅមុខវាំង ទើបឡានពួកខ្ញុំទៅដឹកបន្តមកមន្ទីរពេទ្យ។ ចំពោះអ្នក របួសឆ្ងាយៗដូចជានៅខាងក្រចេះ គឺដឹកតាមយន្តហោះមក។ ឲ្យតែមានអ្នករបួសមក គឺ ស្នើមកខាងក-១២ ទៅជួយដឹក ហើយប្រធានក-១២ របស់ខ្ញុំ បានបញ្ជូនពួកខ្ញុំទៅដឹកតែ ម្តង។​

ដោយមានការប្រយុទ្ធជាមួយវៀតណាមកាន់តែខ្លាំង បក្សក៏មានផែនការអំពីគ្រាប់ ដែលដឹកមក។ ប៉ង់ ដែលជាប្រធានមន្ទីរ៨៧០ បានពិភាក្សាជាមួយមេៗថា ត្រូវដកកម្លាំងពី កន្លែងបក្សទៅផ្ទាល់ អត់មានឲ្យកម្លាំងណាទៅកាន់ទេ។ កាលណោះ អង្គការបានចាត់តាំង ឲ្យខ្ញុំទៅកាន់នៅឃ្លាំងគ្រាប់កំពង់ចាម។ ខ្ញុំធ្លាប់តែនៅក្រសួងការបរទេស ម្ងៃៗទៅតែផ្សារ ទៅតែពោធិ៍ចិនតុង។ កូនឡាន និងឡានធំគឺខុសគ្នា។ ខ្ញុំមានសតិអារម្មណ៍ដែរ ប៉ុន្តែ មិនហ៊ានតថ្លៃ។ បន្ទាប់មក ខ្ញុំបានទៅនៅកំពង់ចាម ដំបូងអង្គការឲ្យទៅយកឡានធ្លាក់ទឹក ខ្ញុំបើក អារីន (ឡានចិន)។ ដំបូងបង ឆាន អនុបង ខាំ មី នៅកាន់មុខសញ្ញាខាងកំពង់ចាម សាលាដីដុះ ម៉ាជួរទួលស្បូវមានផ្ទះធំៗដាក់គ្រាប់កាំភ្លើងទាំងអស់ ដាក់រហូតរកកន្លែងដាក់ គ្មាន។ បន្ទាប់មក ខ្ញុំបានចេញទៅនៅកំពង់ចាមប្រហែលជាខែមីនា ឆ្នាំ១៩៧៨ ទៅធ្វើការ នៅខាងលិចព្រលានយន្តហោះក្បែរភ្នំប្រុសភ្នំស្រី។ នៅកំពង់ចាម ខ្ញុំជាអ្នករៀបចំសម្ភារ និងដឹកជញ្ជូន។ ខ្ញុំ និងមិត្ត វេទ ត្រូវដឹកជញ្ជូនមួយយប់ៗទល់ៗភ្លឺ ហើយការដឹកជញ្ជូន គ្រាប់នេះ គឺធ្វើតែនៅពេលយប់តែប៉ុណ្ណោះ ដោយលាក់ការណ៍មិនឲ្យអ្នកណាឃើញ ឡើយ។ តាមខ្ញុំដឹង ឃ្លាំងគ្រាប់ធំជាងគេ​ គឺនៅកំពង់ចាមនេះឯងដែលបានផ្តល់ឲ្យបណ្តា កងពល និងភូមិភាគមានដូចជា ភូមិភាគបូព៌ា ភូមិភាគកណ្តាល និងភូមិឥសាន្ត។ គ្រាប់ត្រូវ បានដឹកដោយកប៉ាល់យកទៅស្តុកទុកនៅឃ្លាំងគ្រាប់កំពង់ចាមស្ទើររាល់ថ្ងៃ។ ពេលនោះ បណ្តាកងពលផ្សេងៗ តែងតែមកស្នើសុំគ្រាប់ជាហូរហែនៅទីនេះ ហើយខ្ញុំបានដឹងទៀតថា ឃ្លាំងគ្រាប់នេះ បានផ្គត់ផ្គង់ឲ្យទៅ៣ភូមិភាគដែលខ្ញុំបានរៀបរាប់ខាងលើ និងមួយចំណែក ទៀតសម្រាប់បណ្តាកងពលរបស់មជ្ឈិម។ កងពលភូមិភាគ គឺគណៈភូមិភាគមកស្នើសុំ ដោយផ្ទាល់ ឬក៏ពេលខ្លះខ្ញុំជាអ្នកដឹកយកទៅឲ្យដល់មន្ទីរភូមិភាគតែម្តងក៏មានដែរ។

ខ្ញុំនៅកំពង់ចាមរហូតទាល់តែមានការផ្ទុះអាវុធនៅភូមិភាគបូព៌ា។ ខ្ញុំចាំបានថា នៅ ខែឧសភា ឆ្នាំ១៩៧៨ មានការផ្ទុះអាវុធនៅថ្នល់ទទឹង ផ្ទុះអាវុធពេញភូមិភាគបូព៌ា ហើយ នៅពេលនោះ ថ្នាក់លើក៏លែងឲ្យខ្ញុំដឹកគ្រាប់ទៅឲ្យភូមិភាគបូព៌ាទៀតដែរ។ អំឡុងពេល នោះ មានការចាប់កម្មាភិបាល យុទ្ធជនរបស់ភូមិភាគបូព៌ាយកមកសម្លាប់នៅម្តុំភ្នំប្រុស ច្រើនណាស់។ តាមខ្ញុំយល់ កន្លែងសម្លាប់មនុស្សនៅកំពង់ចាម អាចមានចំនួនច្រើនជាង បឹងជើងឯកទៅទៀត។

ពេលខ្លះខ្ញុំពិតជាមានអារម្មណ៍នឹកផ្ទះខ្លាំងណាស់ ទោះបីជាខ្ញុំធ្លាប់ជូនគណៈប្រតិភូ ថ្នាក់ដឹកនាំទៅកំពង់ចាមដែលជាស្រុកកំណើតខ្ញុំក៏ពិតមែន ប៉ុន្តែខ្ញុំមិនដែលបានទៅរក គ្រួសារ ឬ​បានទៅលេងផ្ទះម្តងណាឡើយ គឺបានត្រឹមឃើញដំបូលផ្ទះដោយសម្លឹងមើលពី ផ្លូវតែប៉ុណ្ណោះ។ ការបែកចាកចេញឆ្ងាយពីស្រុកកំណើត និងក្រុមគ្រួសារអស់រយៈពេល បីឆ្នាំ ខ្ញុំមិនដែលហ៊ានសុំអង្គការមកលេងផ្ទះឡើយ ហើយក៏មិនដឹងថា ឪពុកម្តាយរបស់ខ្ញុំ មានសុខទុក្ខយ៉ាងណាឡើយ។ ខ្ញុំនឹកឃើញពេលដែលខ្ញុំជូនគណៈប្រតិភូចិន ឆឹង យុងគួយ និង ប៉ុល ពត​ ទៅកំពង់ចាម ខ្ញុំបានត្រឹមតែសួរសុខទុក្ខឪពុកម្តាយ និងក្រុម គ្រួសារតាមរយៈអ្នកជិតខាងខ្ញុំ ដែលជួបខ្ញុំដោយចៃដន្យ ហើយបាននិយាយជាមួយគ្នាមិន បានប្រាំនាទីផង។ ប៉ុន្តែ ខ្ញុំគិតថា ជារឿងល្អមួយដែរសម្រាប់គ្រួសារខ្ញុំ ក្រោយពីកម្មាភិបាល ដឹងថាខ្ញុំជាអ្នកបើកឡានជូនគណៈប្រតិភូ និងអង្គការលើ​ (ប៉ុល ពត)​ គ្រួសារខ្ញុំទាំងអស់ មិនត្រូវបានចាត់ឲ្យធ្វើការធ្ងន់ទេ។ ឪពុកម្តាយខ្ញុំ ត្រូវអង្គការដកឲ្យមកធ្វើការនៅរោងបាយ ហើយបងប្អូនរបស់ខ្ញុំក៏លែងឲ្យទៅធ្វើការនៅកងចល័តទៀតដែរ គឺត្រូវបានអង្គការ ឲ្យមកធ្វើការងារនៅភូមិវិញ។

បន្ទាប់ពីព្រឹត្តិការណ៍ផ្ទុះអាវុធនៅបូព៌ា ខ្ញុំបានត្រឡប់មកមន្ទីរក-១២ ហើយពេលនោះ ខ្ញុំមានជំងឺចេះតែឈឺទ្រូង និងរាកមិនឈប់។ ខ្ញុំត្រូវអង្គការបញ្ជូនឲ្យសម្រាកពេទ្យ១៧ មេសា។ អំឡុងពេលនោះ គណៈមន្ទីរក-១២ ត្រូវបានអង្គការលើបោសសម្អាតជា បណ្តើរៗ។ ខ្ញុំដេកពេទ្យអស់រយៈពេលជិតមួយខែ ទើបបានត្រឡប់ទៅកំពង់ចាមវិញ។ អំឡុង ពេលសម្រាកនៅមន្ទីរពេទ្យ ខ្ញុំបានឆ្លៀតសួរយុទ្ធជនរបួសដែលមកពីភូមិភាគបូព៌ា ក្រែងបានជួបបងប្អូន។ យុទ្ធជននោះបានប្រាប់ខ្ញុំថា បូព៌ាយើងត្រូវអង្គការចាប់អស់ហើយ អង្គការថាបូព៌ាយើងក្បត់ក្បាលយួនខ្លួនខ្មែរ។ យុទ្ធជននេះជាអ្នកស្រុករស់នៅភូមិមោង ក្បែរភូមិខ្ញុំដែរ បានប្រាប់ខ្ញុំថា “បងបើអាចរត់បានរត់ទៅ”។ ខ្ញុំបានតបទៅយុទ្ធជននោះវិញ ថា “មិនដឹងរត់ទៅណាទេ យើងឃើញស្រាប់ហើយ ស៊ីបាយសុទ្ធតែរួម អ្នកណាយកចេញ មួយចានក៏ដឹងដែរ យើងទៅរកបាយឯណាស៊ីបាន”។

ក្រោយមក ប្រធានមន្ទីរខ្ញុំ បង មៀល បង វុយ ត្រូវបានអង្គការចាប់អស់ ហើយ ប្រធានមន្ទីរស-៧១ ក៏បានប្តូរសមមិត្ត លីន ជំនួសសមមិត្ត ប៉ង់ ដែរ។ សមមិត្ត លីន មាន ឈ្មោះមួយទៀតហៅថាសមមិត្ត កែន។ កែន មានរាងខ្ពស់គ្រោង ភ្នែកលានៗ។ សមមិត្ត លីន បានហៅកម្មាភិបាល យុទ្ធជននៃមន្ទីរក-១២ ទាំងអស់ប្រហែលជា២០០ទៅ៣០០ នាក់ ទៅប្រជុំនៅសាលាយុគន្ធរដែលជាស្នាក់ការរបស់មន្ទីរក-១២។ ការប្រជុំនោះ លីន បានលើកឡើងថា អ្នកដែលមានជាប់ពាក់ព័ន្ធជាមួយអតីតប្រធានមន្ទីរចាស់ឈ្មោះមិត្ត មៀល មិត្ត វុយ មិត្ត​ ហិន (រម្លឹកពីអ្នកទាំងបីបន្តិចពីមុនមក បន្ទាប់ពីអង្គការចាប់ កុយ ធួន ហើយគណៈមន្ទីរក-១២ ក៏ត្រូវប្តូរចេញទាំងអស់។  មិត្ត ហិន ត្រូវទៅកាន់នៅកំពង់សោម ចំណែក មិត្ត វុយ ទៅជំនួស កុយ ធួន ហៅ ធុច ហើយមិត្តម្នាក់ទៀតឈ្មោះ សុទ្ធ ត្រូវទៅ បើកឡានឲ្យ ប៉ុល ពត) ដែលចូលជាបក្ខជន ចូលជាសម័្ពន្ធក្រុមស្នូល សូមចេញមក សារភាពចំពោះមុខបក្ស។ ប្រពន្ធមិត្ត មៀល និងមិត្តផ្សេងៗទៀត ទឹកភ្នែកគ្រប់គ្នា។​ មិត្ត លីន បានបន្តថា បក្សយើងអត់មានគំនិតសម្លាប់មនុស្សទេ គ្រាន់តែឲ្យយកទៅរៀនសូត្រ ផ្លាស់ប្តូរភារកិច្ច ថ្ងៃខាងមុខ ពួកមិត្តគង់តែជួបគ្នាទេ។

ពេលដែលខ្ញុំត្រឡប់ទៅកំពង់ចាមវិញ អ្នកនៅទីនោះ មិនសូវចង់និយាយរាប់រកខ្ញុំទេ ចាត់ទុកខ្ញុំដូចជាខ្មាំងអីចឹង។ សម្រាកបានមួយយប់ ព្រលឹមឡើងអង្គការយកខ្ញុំទៅ ខ្ញុំគិតថា ប្រហែលជាអង្គការយកខ្ញុំទៅបាញ់ចោលហើយមើលទៅ។ អ្នកដែលនៅជាមួយខ្ញុំដូចជា បង ប៉ុន បង​​ សារឿន មិត្ត វេត មិត្ត ឈិន និងមនុស្សដែលរាប់អានគ្នាជិតស្និទ្ធ ធ្លាប់ដេក ប្រលែងលេងជាមួយគ្នា ធ្វើហាក់ដូចជាលែងស្គាល់ខ្ញុំទាំងអស់ រួមទាំងបង ឌីម ប្រធានមន្ទីរ ក-១ ដែលគាត់ឡើងទៅកាន់ឃ្លាំងគ្រាប់នៅកំពង់ចាមជំនួសបង ឆាន ផង។ បង ឆាន ក៏ត្រូវអង្គការចាប់ដែរ បន្ទាប់ពីអង្គការចាប់បង ​ប៉ង់ រួចមក។

ជារៀងរាល់ដងពេលខ្ញុំឡើងឡាន មិត្តទាំងអស់គ្នាបាននាំគ្នាជិះនៅកាប៊ិន ព្រោះវា មិនសូវរលាក់ តែម្តងនេះខុសពីសព្វដង ខ្ញុំមានចង្ងល់ក្នុងចិត្ត ប៉ុន្តែខ្ញុំក៏មិនបានសួរនាំអ្វីដែរ ព្រោះតាមរយៈទឹកមុខអ្នកទាំងអស់នោះ តាំងពីខ្ញុំត្រឡប់មកពីភ្នំពេញវិញ ខ្ញុំដឹងថាមិត្ត ទាំងអស់ ដូចជាមិនស្រួលជាមួយខ្ញុំទេ។ ពេលនោះ ខ្ញុំនឹកឃើញគុណម៉ែ គុណឪ និង ទន្ទេញធម៌អស់ហើយ ខ្ញុំគិតថាបើចង់រត់ក៏រត់មិនរួចដែរ ចង់យំក៏យំមិនកើតដែរ ប៉ុន្តែខ្ញុំ ព្យាយាមតាំងចិត្តក្លាហានធ្វើជាច្រៀង ហាក់ដូចជាគ្មានបញ្ហាអ្វីកើតឡើងចំពោះខ្ញុំទេ តែខ្ញុំ ដឹងក្នុងចិត្តថា អ្នកទាំងអស់នេះ ច្បាស់ជាយកខ្ញុំទៅបាញ់ចោលហើយ។ ក្រោយមកទើប ខ្ញុំដឹងថា អ្នកទាំងអស់នោះយកខ្ញុំទៅពិសោធន៍ចង់ដឹងពីខ្ញុំ ថាតើខ្ញុំរត់ឬមិនរត់។ ពេលនោះ មិត្តទាំងអស់ប្រហែលជា១០នាក់ បាននិយាយប្រាប់ខ្ញុំថា ឲ្យខ្ញុំជូនទៅបាញ់សត្វ។  ពេល ទៅដល់កន្លែងបាញ់សត្វ ក៏នាំគ្នាចុះបាត់អស់មិនដឹងជាទៅទីណាទេ ខ្ញុំនៅរង់ចាំក្នុងឡាន តែគ្មានឮសំឡេងកាំភ្លើងបាញ់សត្វទេ ខ្ញុំគិតក្នុងចិត្តថា អ្នកទាំងអស់គ្នាប្រហែលជាពួននៅ ក្បែរៗឡានខ្ញុំនេះទេ ចៃដន្យពេលនោះមានកុមារីម្នាក់កំពុងឃ្វាលគោនៅក្បែរនោះ ខ្ញុំក៏ បានអង្គុយនិយាយលេងជាមួយកុមារីនោះអស់រយៈពេលជិតមួយម៉ោង ក៏នៅតែមិនឮ សំឡេងកាំភ្លើងផ្ទុះដដែល។ ខ្ញុំក៏ត្រឡប់មកអង្គុយរង់ចាំនៅកាប៊ិនឡានវិញ ហើយធ្វើជា ច្រៀងលេងហាក់ដូចជាគ្មានរឿងអ្វីកើតសោះ។ ខ្ញុំអាចធ្វើការសន្និដ្ឋានបានថា ពេលនោះបើ ខ្ញុំហ៊ានតែរត់ អ្នកទាំងអស់គ្នានឹងចេញមកបាញ់សម្លាប់ខ្ញុំជាមិនខាន។ ដោយឃើញថា ខ្ញុំមិនមានសកម្មភាពអ្វីប្លែក មិត្តទាំងអស់នោះបានចេញពីព្រៃមក ហើយហៅខ្ញុំឲ្យជូន ត្រឡប់មកផ្ទះវិញ។ ពេលនោះខ្ញុំបានសួរមិត្ត ឌីម ថា អត់បានសត្វទេឬមិត្តបង? មិត្ត ឌីម ធ្វើទឹកមុខស្មើ និងមិនស្តីជាមួយខ្ញុំសូម្បីតែមួយម៉ាត់។ ព្រឹកស្អែកឡើង អង្គការក៏បានឲ្យ ខ្ញុំរៀបខោអាវមកភ្នំពេញ។ សូមរម្លឹកថា អ្នកបូព៌ានៅឃ្លាំងគ្រាប់ប្រហែលជា១០នាក់ ដែល ខ្លះចេញពីក-៣ ខ្លះនៅកងទ័ព ខាំ មី ត្រូវអង្គការចាប់ខ្លួននៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ១៩៧៦ ហើយបានបញ្ជូនមកភ្នំពេញទាំងអស់។ ខ្ញុំនិងអ្នកទាំងនោះ ត្រូវបានបញ្ជូនឲ្យមកនៅក-៧ វិញ ហើយអង្គការក៏ឈប់ចាត់ឲ្យខ្ញុំបើកឡានទៀតដែរ។ ខ្ញុំដឹងថាអង្គការប្រាកដជាយកខ្ញុំ ទៅលត់ជាដំមិនខាន។ ខ្ញុំរួមជាមួយនិងអ្នកទាំង១០នាក់នោះ ត្រូអង្គការបញ្ជូនឲ្យទៅ វត្តស្លែង (វត្តជ័យឧត្តម)។ នៅទីនោះមានមនុស្សច្រើនណាស់ អាចនិយាយបានថារាប់ម៉ឺន នាក់ស្ទើរតែរកកន្លែងដេកគ្មាន។ អង្គការបានដឹកយកមនុស្សទៅវាយចោលរាល់ថ្ងៃ ប៉ុន្តែខ្ញុំ មិនដឹងថាមនុស្សទាំងនោះត្រូវអង្គការយកទៅទីណាខ្លះនោះទេ។ ចំពោះវិន័យ និង សីលធម៌នៅកន្លែងនោះ គឺមិនអនុញ្ញាតឲ្យជំនុំគ្នាលើសពី៣នាក់ឡើយ។ រីឯការងារវិញ អង្គការបានឲ្យធ្វើងារធ្ងន់ជាទីបំផុត ដោយត្រូវក្រោកតាំងពីម៉ោង៤ទាបភ្លឺធ្វើការរហូតដល់ ម៉ោង១០យប់ ហើយឲ្យឈប់សម្រាកតែពេលហូបអាហារមួយភ្លែតប៉ុណ្ណោះ។ អង្គការបាន បញ្ជូនមនុស្សមកជាបន្តបន្ទាប់ ដល់កន្លះខែក្រោយមក ខ្ញុំនិងមនុស្សមួយចំនួនទៀតត្រូវ អង្គការផ្លាស់ឲ្យទៅធ្វើការនៅផ្លូវរថភ្លើងថ្មី មានសុទ្ធតែអ្នកបូព៌ាទាំងអស់ ដែលជាអតីត កម្មាភិបាល យុទ្ធជននៅតាមក្រសួង រោងចក្រនានា។ កាលណោះ អង្គការមានផែនការធ្វើ ផ្លូវរថភ្លើងថ្មី ដែលដំណើរការដោយកម្លាំងអគ្គិសនីពីក្រុងកំពង់សោម ត្រង់ចំណុចរ៉ាសំរោង កាត់តាមផ្លូវជាតិលេខ៤ ឆ្ពោះមកភ្នំពេញ។ ខ្ញុំកត់សម្គាល់ឃើញថា មានមនុស្សស្លាប់ច្រើន នៅការដ្ឋានធ្វើផ្លូវរថភ្លើងថ្មីនេះ។ ចំពោះអ្នកមានប្រវត្តិរូបមិនល្អ ក៏ត្រូវអង្គការយកទៅ សម្លាប់ចោលជាហូរហែដែរ។ បន្ទាប់ពីនោះមក មានការដ្ឋានធ្វើផ្លូវដែលអង្គការឲ្យធ្វើផ្លូវ ខាងលើ និងរថភ្លើងរត់ពីក្រោម ហេតុនេះតម្រូវឲ្យជីករូងភ្នំថែមទៀតនៅម្តុំត្រែងត្រយឹង។ សំណាងល្អនៅថ្ងៃនោះ អ្នកកាន់ម៉ាស៊ីនបុកគ្រឹះមិនស្រួលខ្លួនមិនបានមកធ្វើការទេ ពេល នោះខ្ញុំក៏សាកល្បងប្រើម៉ាស៊ីនបុកគ្រឹះនោះ ហើយទីបំផុតខ្ញុំក៏អាចប្រើម៉ាស៊ីនបុកគ្រឹះនោះ បាន។ ចាប់តាំងពីពេលនោះមក ខ្ញុំបានស្រួលខ្លួនជាងមុន ដោយអាចចៀសផុតពីការងារ រែកដី ហើយបានកាន់ម៉ាស៊ីនបុកគ្រឹះនេះជាប់រហូតមក។ នៅអំឡុងថ្ងៃទី២៨ ខែកញ្ញាដែល ជាថ្ងៃខួបបក្ស ហេតុនេះ​អង្គការបានឲ្យប្រជាជនហូបអាហារតាមចិត្តមួយសេរីបានរយៈ ពេលមួយថ្ងៃពេញ។ កាលណោះមនុស្សមួយចំនួនបានស្លាប់ដោយសារតែការហូបច្រើន ពេក (ហូបហល់)។

បន្ទាប់មកទៀត មានការបះបោរមួយបានកើតឡើងនៅការដ្ឋានស្រែថ្លុង នៅក្បែរ ការដ្ឋានត្រែងត្រយឹងដែលខ្ញុំកំពុងតែធ្វើការដែរ។ អ្នកទាំងនោះ ដែលភាគច្រើនជាអ្នកមក ពីបូព៌ា បានធ្វើការបះបោរតវ៉ារឿងឲ្យហូបបាយមិនឆ្អែត។ អ្នកទាំងអស់គ្នាបានលើកឡើង ថា នឹងទៅប្តឹងដល់បក្ស ព្រោះជឿថាបក្សមិនមែនឲ្យហូបប្រជាជនហូបមិនឆ្អែតអីចឹងទេ ពេលនោះ អង្គការបានឆ្លើយតបថា នឹងដោះស្រាយបញ្ហានេះឲ្យ។ លុះស្អែកឡើង អង្គការបានចាប់ខ្លួនអ្នកទាំងនោះគ្មានសល់ម្នាក់នៅក្នុងការដ្ឋាននោ ហើយអ្នកទាំងនោះ ត្រូវបានអង្គការយកមកសម្លាប់ចោលនៅបឹងជើងឯក។ អំឡុងពេលបះបោរ មិត្ត ដាំ មិត្ត ថៃ បានលើកឡើងថា សមមិត្តមិនត្រូវបះបោរឡើយ មិត្តណាហ៊ានបះបោរ ប្រាកដជាកំបុត ក្បាលមិនខាន។

ការយកមនុស្សពីការដ្ឋានរបស់ខ្ញុំទៅវាយចោល បានកើតមានឡើងជាហូរហែ ខ្ញុំ ជាមនុស្សម្នាក់មានវាសនាបានរស់រានមានជីវិត ដោយសារខ្ញុំចេះបច្ចេកទេសធ្វើការងារ បម្រើអង្គការ។ និយាយពីអ្នកបូព៌ាក្នុងចំណោម ៥០០០នាក់ ដែលបានឡើងទៅវគ្គជាមួយខ្ញុំ គឺត្រូវបញ្ជូនទៅនៅទីនេះទាំងអស់ ហើយអ្នកដែលនៅរស់មានជីវិតគឺមានតិចតួចណាស់ អាចនិយាយបានថា ខ្ញុំជាមនុស្សម្នាក់ដែលមានសំណាងជាងអ្នកដទៃទៀត។ នៅរោង ដែលខ្ញុំសម្រាករាល់ថ្ងៃ មិនដែលមានអ្នកយាមទេ តែប៉ុន្មានថ្ងៃនេះ​មានអ្នកយាម។ ខ្ញុំចាំបានថា ពេលនោះកងទ័ពវៀតណាមបានវាយចូលជិតមកដល់ហើយ​ ហេតុនេះអង្គការ ខ្លាចកងទ័ពវៀតណាមវាយមកដល់ ហើយកៀរយកអ្នកនៅក្នុងការរដ្ឋាននេះទៅជាមួយ ព្រោះនៅទីនេះសុទ្ធតែអ្នកមកពីភូមិភាគបូព៌ា។ តាមអ្វីដែលខ្ញុំដឹងទៀតនោះ ភាគច្រើនអ្នក ភូមិភាគបូព៌ាដែលជាកងទ័ព អង្គការយកទៅដាក់ឲ្យ​ធ្វើការនៅ ព្រលានយន្តហោះក្នុងខេត្ត កំពង់ឆ្នាំង ដែលជាកន្លែងលត់ដំ ហើយក៏ជាកន្លែងវាលពិឃាតមួយដែរ។ រីឯនៅការដ្ឋានផ្លូវ រថភ្លើងថ្មីពីភ្នំពេញទៅកំពង់សោម ភាគច្រើនជាជនស៊ីវិល និងមានលាយយោធាមួយចំនួន តែប៉ុណ្ណោះ។

នៅខែសីហា ឆ្នាំ១៩៧៨ កាលណោះខ្ញុំបានជួបលោកពួ ជុំ ហ៊ល់ ដែលជាមេចាស់ របស់ខ្ញុំកាលពីចូលបដិវត្តន៍ដំបូង គឺជួបនៅពេជ្រនិលដែលជាកន្លែងស្នាក់ការធ្វើផ្លូវរថភ្លើង ថ្មី។ ខ្ញុំបានសួរគាត់ថា “លោកពូអញ្ជើញមកដល់ទីនេះដែរ? គាត់ឆ្លើយថាបាទ” ហើយគាត់ ក៏បានកេះខ្ញុំឲ្យទៅកៀនព្រៃនៅក្បែរនោះ ហើយបាននិយាយតិចៗថា “កុំមាត់ កុំនិយាយអ្វី ផ្តេសផ្តាស យើងត្រូវដាំដើមគណាក្មួយ” គាត់បាននិយាយបន្តទៀតថា “ខ្ញុំបានមកដេក ពេទ្យ១៧មេសា (ពេទ្យរុស្សី) ដោយមានបញ្ហាសុខភាព”។ នៅពេលដែលអង្គការសួរ គាត់បានឆ្លើយថា គាត់ជាប្រជាជនសាមញ្ញ អត់មានធ្វើការងារអ្វីទេ បន្ទាប់មកអង្គការបាន បញ្ជូនឲ្យគាត់មកកន្លែងនេះ។ ពូ ជុំ ហ៊ល់ បានសួរខ្ញុំបន្តថា ក្មួយកូនចៅអ្នកណា ហើយរស់ នៅឯណា គាត់ចាំខ្ញុំមិនបានទេ។ ខ្ញុំក៏ឆ្លើយតបគាត់វិញថា  ខ្ញុំនៅត្រពាំងក្រពើ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ឪពុកឈ្មោះ សេន ម្តាយឈ្មោះ រឿន ជាប្រធានភូមិ មីងខ្ញុំឈ្មោះ សារួន ពូខ្ញុំឈ្មោះពូ យ៉ែន ធ្វើជាប្រធានកងឈ្លបឃុំមង់រៀវ ដែលជាកូនចៅលោកពូពីមុននោះ ខ្ញុំតែងតែដើរលេងសីល្បៈ កាលពីជំនាន់ដើរឃោសនាការងាររណសិរ្សជាមួយក្រុមយោធា លោកពូពីមុននោះ និងក្រោយមក ក្លាយជាអ្នកប្រមូលស្បៀងប្រចាំនៅឃុំមង់រៀវ  ដែលពូ​និងបង ទន់ គ្រី បងរតនា និងតាផល្លា តាម៉ាលី មេយោធាតំបន់២១។ ពេលខ្ញុំរម្លឹកត្រង់នេះ ទើបលោកពូ ជុំ ហ៊ល់ នឹកឃើញឡើងវិញ ហើយបានសួរខ្ញុំថា ឯងឈ្មោះអី? ខ្ញុំក៏បានប្រាប់ គាត់វិញថា ខ្ញុំឈ្មោះ សរ សារិន គាត់បានបន្តថា ឯងប៉ិនដើរតួកាលពីនៅលេងសិល្បៈ ឯងប៉ិននិយាយធ្វើចុកពោះ ធ្វើជាយំ ពេលព្រាត់ម៉ែឪនៅពេលយន្តហោះទម្លាក់គ្រាប់បែក ខ្ញុំឆ្លើយថាបាទ ទើបគាត់នឹកឃើញកាន់តែច្បាស់ ហើយពូ ជុំ ហ៊ល់ បានបន្តសួរទៀតថា កុំប្រកាន់គាត់ ធម្មតាទេ មេតែម្នាក់ ចំណែកឯកូនចៅរាប់រយនាក់អីចឹង ចំណាំមិនបានអស់ ទេ ខ្ញុំក៏ឆ្លើយតបទៅគាត់វិញ បាទ! ខ្ញុំមិនប្រកាន់ទេ។ ពូបានបន្តទៀតថា រិនឯងកុំនិយាយ អំពីតួនាទីរបស់ពូអីទាំងអស់ ថាតែពូជាជនស៊ីវិលធម្មតាបានហើយ។

ការដួលរលំនៃរបបខ្មែរក្រហម

ថ្ងៃមួយនៅការដ្ឋាន ខ្ញុំបានឮសំឡេងមេក្រូចាក់បទគោរពទង់ជាតិទាំងព្រឹក។ ខ្ញុំឆ្ងល់ ក្នុងចិត្តថា ប្រហែលជាអ្នកចាក់មេក្រូ ចាក់ច្រឡំហើយ។ ពីរម៉ោងក្រោយមក កម្មាភិបាល ដែលមកពីភ្នំពេញ បានចេញទៅប្រកាសប្រាប់ថា យួនចូលដល់ទីក្រុងភ្នំពេញហើយ។ ប្រហែលជាបីបួនម៉ោង មានមួយក្រុមមកពីខាងកំពង់សោម និងវាលរេញទៀត បាន ប្រាប់ដូចគ្នាថា យួន បានចូលដល់កំពង់សោមហើយ។ ខ្ញុំគិតសង្ឃឹមក្នុងចិត្តអំពីដំណឹងនេះ មិត្តដែលនៅការដ្ឋានជាមួយខ្ញុំបានប្រាប់ខ្ញុំថា គាត់មិននៅគាំទ្រទៀតទេ ហើយខ្ញុំក៏មិនទាន់ ហ៊ានបញ្ចេញសកម្មភាពអ្វីដែរ។ មិត្ត អូន និងប្រពន្ធ បានគេចបកទៅក្រោយវិលត្រឡប់ទៅ ស្រុកកំណើតវិញ​ ប៉ុន្តែត្រូវខ្មែរក្រហមចាប់បាន ហើយបានបាញ់សម្លាប់ចោលនៅចិញ្ចើម ផ្លូវតែម្តង។ ពេលនោះ កម្មាភិបាលខ្មែរក្រហមម្នាក់ បានប្រកាសថា មិត្តទាំងអស់គ្នាត្រូវធ្វើ ដំណើរឆ្ពោះទៅជើងភ្នំគីរីរម្យ អត់មានចលាចលទៅណានោះទេ។ ពេលនោះខ្ញុំឃើញ កម្លាំងទ័ពខ្មែរក្រហមមកជុំគ្នាយ៉ាងច្រើន និងមានអាវុធគ្រប់ដៃ។ តាំងពីពេលនោះមក ការ រស់នៅមានភាពធូរស្រាលជាងមុន ខ្ញុំបានហូបឆ្អែត និងមានសិទ្ធិដើរបេះផ្លែឈើព្រៃហូប។ កាលណោះ ទម្រាំវៀតណាមវាយយកបានម្តុំត្រែងត្រយឹងនេះបាន ប្រហែលជាបីខែ បើទោះបីជាវៀតណាមវាយយកភ្នំពេញបានហើយក៏ដោយ។

យើងទាំងអស់គ្នាធ្វើដំណើរជាមួយកងទ័ពខ្មែរក្រហមទៅដល់គីរីរម្យ ចុះទៅជើង ដែលគេហៅថាទំនប់ក្រាំងដីហ្វាយ ហើយបាននៅទីនោះប្រហែលជាកន្លះខែ។ ខ្ញុំក៏មិនដឹង សភាពការណ៍របស់ស្រុកទេសយ៉ាងណាដែរ ព្រោះមិនមានវិទ្យុស្តាប់ ហើយនៅពេលយប់ ឮតែសំឡេងផ្ទុះឃ្លាំងគ្រាប់នៅកំពង់ស្ពឺ។ ក្នុងចិត្តអរក៏អរ ភ័យក៏ភ័យ ព្រោះខ្លាចខ្មែរក្រហម ប្រមូលយកទៅវាយចោល។ ក្នុងអំឡុងពេលនោះ មានមនុស្សស្លាប់ច្រើនណាស់ ឃើញ សាកសពដេកស្លាប់ពេញតែក្នុងព្រៃ។ ក្រោយមក កងទ័ពខ្មែរក្រហមបានជម្លៀសបន្តទៀត ទៅខាងតាសាល ក្នុងស្រុកអមលាំង ហើយអំឡុង ពេលធ្វើដំណើរមិនមានស្បៀងអាហារ ហូបចុកគ្រប់គ្រាន់ទេ ក្រៅពីដំឡូងដែលបាននមកពីការដើរជីកនៅក្នុងព្រៃ។ លុះទៅហួស ពីតាសាលបានបន្តិច បានមកដល់មានសហករណ៍ធំមួយឈ្មោះសហករណ៍ក្រតួត ក្នុង ស្រុកអមលាំង ពេលនោះខ្ញុំបានជួបលោកពូ ជុំ ហ៊ល់ ម្តងទៀត គាត់បាននិយាយថា សក់របស់ខ្ញុំវែង ហើយគាត់បានកាត់សក់ឲ្យខ្ញុំនៅក្រោមដើមកណ្តោល ក្រោយសហករណ៍ ក្រតួត។ កាត់សក់បណ្តើរ លោកពូនិយាយខ្សិបៗបណ្តើរប្រាប់ខ្ញុំថា កងទ័ពវៀតណាមមិន មែនសម្លាប់ប្រជាជនខ្មែរយើងដូចពាក្យឃោសនារបស់អង្គការបានលើកឡើងនោះទេ។ ខ្ញុំមានការភ្ញាក់ខ្លួនព្រឺតដោយបានដឹងពីព័ត៌មាននេះ ព្រោះខ្ញុំមិនដែលបានឮពាក្យទាំងនេះ ទេ។ ពូ ជុំ ហ៊ល់ បានបន្តថា ក្មួយឯងកុំជ្រួលច្របល់ ចាំថ្ងៃណាថ្ងៃនោះទៅ។ ពាក្យមួយឃ្លា ដែលលោកពូ ជុំ ហ៊ល់ បានខ្សិបប្រាប់ខ្ញុំ ពីរឿងដែលវៀតណាមមិនសម្លាប់ប្រជាជនខ្មែរ នោះ បានដិតជាប់នៅក្នុងអារម្មណ៍របស់ខ្ញុំជានិច្ច។ រូបរាងកាយរបស់លោកពូ ជុំ ហ៊ល់ ស្គមដូចព្រះសមរួម ដោយគាត់មានសុខភាពមិនសូវល្អផង  ហើយទទួលទានក៏មានបាន គ្រប់គ្រាន់ទៀត។ សហករណ៍បានធ្វើកូនតូបមួយនៅកៀនរបងក្រោមដើមអំពិលដាច់ឆ្ងាយ ពីគេ ខ្ញុំនិងពូ ហ៊ល់ ត្រូវបានអង្គការឲ្យនៅអង្គភាពផ្សេងគ្នា។ ថ្ងៃមួយអង្គការបានឲ្យខ្ញុំទៅរក ត្រីនៅតាមស្ទឹងតាសាល ស្ទឹងកន្ទួត ខ្ញុំបានលាក់ត្រីបួនប្រាំដោយមូរនឹងចង្កេះខោ រួចពាក់ អាវពីលើដោយមិនឲ្យនរណាឃើញឡើយ លុះមកដល់តូបពូ ជុំ ហ៊ល់ ខ្ញុំក៏បានខ្សឹបប្រាប់ គាត់ថា ខ្ញុំបានត្រីជូនពូ ខ្ញុំក៏អង្គុយបន្តិចមើលនាយមើលអាយដោយខ្លាចអង្គការឃើញ ហើយក៏បានដាក់ត្រីក្នុងកំសៀវដាំទឹក។ បើសិនជាអង្គការបានឃើញ ប្រាកដជាអង្គការ យកយើងទៅសម្លាប់ចោលហើយនៅពេលនោះ។ ពេលបានត្រីហើយ ពូ ជុំ ហ៊ល់ ត្រេកអរខ្លាំងណាស់ គាត់បាននិយាយថា ពេលនេះ ពូនឹងមានកម្លាំង និងបានរស់ឡើងវិញ ហើយ ខ្ញុំក៏ខ្សិបប្រាប់គាត់វិញថា យើងនឹងរត់ចូលមកខាងលោក ហេង សំរិន។ ពូ ជុំ ហ៊ល់ បាននិយាយតិចៗថា មិនបានទេណាក្មួយ យើងមិនស្គាល់ភូមិសាស្រ្ត ហើយតាមកងតាម ក្រុម អង្គការនៅតែក្តាប់យ៉ាងណែនដដែល កុំអាលជ្រួលច្របល់​សម្របខ្លួនទៅតាម សភាពការណ៍សិនទៅក្មួយ។

ក្រោយមកខាងសហករណ៍ បានបែងចែកមនុស្សជាក្រុមៗ យកទៅលត់ដំនៅឆ្ងាយ ពីកន្តួតប្រហែល១០គីឡូម៉ែត្រ ហើយមិនមានបាយបរិភោគទេ គឺមានតែពោតក្រហមមួយ មុខគត់។ នៅកន្លែងនោះពេលសម្រាកយើងអាចលួចរកអាហារ ឬបរបាញ់សត្វបាន។ ពេលមួយ ប្រធានសហករណ៍ ជាជនជាតិគួយបានដឹងរឿងនេះ ក៏និយាយជាមួយនឹង សំឡេងរដឺនៗប្រាប់អ្នកទាំងអស់គ្នាថា កន្លែងនេះគឺជាកន្លែងរែងស្ទៃ សមមិត្តទាំងអស់គ្នាកុំ ធ្វើតាពីសតាពាស ងាប់ណា! ត្រូវតែប្រឹង!។

ក្រោយមកទៀត ដោយវៀតណាមចេះតែបន្តវាយ យើងក៏រត់ភៀសខ្លួនពីកន្ទួតទៅ ក្នុងព្រៃឆ្ពោះទៅរលាក់កងជើង។ ពេលខ្ញុំមកដល់រលាក់កងជើង ការរស់នៅបានធូរស្រាល ជាងមុនច្រើន។ មកនៅទីនេះបានកន្លះខែ យើងមិនមានអាហារបរិភោគ ក្រៅពីដំឡូងនោះ ទេ ហើយប្រជាជនដែលជាជនជាតិភាគតិចរស់នៅទីនេះ មានការរាប់អាន និងស្មោះត្រង់ ណាស់ ព្រមទាំងបានបង្ហាញអ្នកភៀសខ្លួនទាំងអស់នៅកន្លែងណាដែលយើងអាចរក ដំឡូងបាន។ ខ្ញុំនៅចាំបានថា ដំឡូងនៅពេលនោះ យើងជីកបានទាំងបាវៗ គឺជីកបាន ច្រើនណាស់។ នៅរលាក់កងជើងបានកន្លះខែក្រោយមក អង្គការបានជម្លៀសបន្តឲ្យមក ខាងឱរ៉ាល់វិញ។ ពេលនោះ អង្គការបានយកមនុស្សចេញចំនួនច្រើនដែរ ដោយប្រាប់ថា យកទៅប្រមូលផលស្រូវនៅភូមិភាគពាយ័ព្យ។ ខ្ញុំក៏ជាមនុស្សម្នាក់ ក្នុងចំណោមអ្នកឯង ទៀតដែរ ដែលត្រូវធ្វើដំណើរទៅភូមិភាគពាយ័ព្យ។ យើងបានធ្វើដំណើរមកដល់លាច ខេត្តពោធិ៍សាត់។ យើងបានសម្រាកនៅលាចនេះប្រហែលជា១០ថ្ងៃ ហើយក្នុងអំឡុងពេល នោះ ខ្ញុំបានជួបមិត្តចាស់ៗដែលនៅស្គាល់គ្នានៅភ្នំពេញជាច្រើនដូចជា អ្នកនៅក-៦ និងនៅពេទ្យ១៧មេសាជាដើម។ អ្នកទាំងអស់គ្នាបានលួចខ្សឹបប្រាប់ខ្ញុំថា អ៊ំ ជួន ជឿន ក៏ នៅលាចនេះដែរ។ បើតាមខ្ញុំយល់ ប៉ុល ពត ប្រហែលជានៅទីនេះដែរ ព្រោះឃើញអ្នក នៅមន្ទីរក-៦​ ក-៧ នៅទីនោះដែរ។ ក្រោយមកទៀត យើងក៏ឲ្យបន្តដំណើរទៅខាងតាលោ ដែលនៅកៀកនឹងព្រែកជីក១៧មេសា  ហើយទៅដល់សហករណ៍ដំណាក់រុននោះ មាន មនុស្សកកកុញ។ ទីនោះអង្គការបានយកមនុស្សទៅសម្លាប់ចោល ឲ្យតែអ្នកមកពីភូមិភាគ បូព៌ា ហើយនៅពេលដែលគេសួរខ្ញុំ ខ្ញុំបានឆ្លើយថា ខ្ញុំជាអ្នកនិរតី ទើបខ្ញុំបានរួចជីវិតមកដល់ ពេលនេះ។ បើតាមខ្ញុំយល់ មានការកាប់សម្លាប់អ្នកបូព៌ានៅពេលនោះ ខ្លាំងជាងជំនាន់ វៀតណាមមិនទាន់ចូលទៀត។ អ្នកដែលមានបងប្អូននៅខាងស្វាយរៀង និងព្រៃវែង ខ្លះបានដឹងហើយថា អ្នកដែលមានជីវិតមកស្រុកកំណើតវិញ គឺមានចំនួនតិចតួចណាស់ ឧទាហរណ៍ បើទៅ១០០នាក់ មកវិញបានតែ២០ទៅ៣០នាក់ប៉ុណ្ណោះ។ ហេតុនេះហើយ បានជាខ្ញុំលើកឡើងថា មនុស្សចំនួន៥០០០នាក់ មិនមាននៅសេសសល់ទេ គឺស្លាប់បង្ហើយ នៅសហករណ៍អូរត្រជាក់ចិត្តនោះតែម្តង។

ក្រោយមក កងទ័ពវៀតណាមបានតាមមកវាយទៀត ខ្ញុំត្រូវរត់ទៅតាមខ្មែរក្រហម។ កាលណោះ បើអ្នកណាមានបំណងចង់រត់ ខ្មែរក្រហមនឹងបាញ់សម្លាប់ចោលតែម្តង។ ខ្មែរក្រហមបានកៀរអ្នកទាំងអស់គ្នាឡើងលើភ្នំតាផ្តេរ ហើយរស់នៅលើភ្នំ បានប្រហែល ជាមួយទៅពីរខែដែរ។ ថ្ងៃមួយ ខ្ញុំបានទៅឃ្លាំងកាំភ្លើងនៅចុងស្ទឹងមោង ពេលនោះខ្មែរ ក្រហមបានបើកកាំភ្លើងឲ្យម្នាក់បីដើម បេ-១៩មួយដើម និងដេកា២ដើម ប៉ុន្តែកាំភ្លើងទាំង នោះមិនមានគ្រាប់ទេ។

ការវិលត្រឡប់មកស្រុកកំណើតវិញ

ក្រោយមក បន្ទាប់ពីអង្គការបានចែកកាំភ្លើងហើយ ខ្ញុំបានស្នើសុំគ្រាប់អង្គការ បានបីបួនគ្រាប់។ ពេលនោះខ្ញុំមានកូនចិត្តមួយចង់រត់ ហើយខ្ញុំបានគិតថា ពេលនេះបើខ្ញុំ មិនរត់ទេ គឺមិនបានទេ។ ខ្មែរក្រហមបានប្រើក្រុមខ្ញុំឲ្យដើររកបន្លែរហូតដល់សហករណ៍ ត្រជាក់ចិត្តដែលខ្ញុំធ្លាប់រស់នៅពីមុនមក។ នៅតាមផ្លូវខ្ញុំ បានឃើញសាកសពជាច្រើននៅ ក្នុងព្រៃ និងនៅតាមស្ទឹងព្រែកជីក។ ​ក្រោយមក ខ្ញុំសន្សំបានគ្រាប់ច្រើនគួរសម ហើយខ្ញុំក៏ បាននិយាយបំផុសសមាជិកក្នុងក្រុមឲ្យរត់គេចចេញពីខ្មែរក្រហម។ បន្ទាប់មក ខ្ញុំចាប់ផ្តើម រៀបចំគម្រោងការដើម្បីរត់គេច។ ប្រហែលជាម៉ោង៥ល្ងាច កងទ័ពចាប់ផ្តើមចេញដំណើរ ខ្ញុំក៏ប្រាប់ក្រុមខ្ញុំ ឲ្យធ្វើដំណើរបើឃើញខ្ញុំឈប់ ឲ្យឈប់តាមខ្ញុំ។ ខ្ញុំឲ្យមិត្តម្នាក់ឈ្មោះ ហុង ធ្វើពុតជាឈឺ​កោសខ្យល់ ហើយទ័ពក៏មិនចាប់អារម្មណ៍ ព្រោះមនុស្សធ្វើ ដំណើរនៅពេល នោះច្រើន។ ខ្ញុំនិងសមាជិកក្រុមបានរត់បកមកក្រោយវិញ ប្រហែលជានៅក្នុងខែកក្កដា ព្រោះឃើញពោតចេញស្នៀត ហើយប្រជាជនយើងបាននាំគ្នាស្ទូងស្រូវហើយដែរ។ ពេល មកដល់ទំនប់មួយខាងត្បូងតាលោ ខ្ញុំបានបោះកាំភ្លើងចោល ហើយខ្ញុំបានធ្វើដំណើរចូល ភូមិ ក៏បានឃើញអ្នកភូមិកំពុងដកសំណាប់ ពេលនោះអ្នកភូមិបានមកចោមរោមខ្ញុំជិត ហើយមានចំពាមកៅស៊ូនៅនឹងដៃម្នាក់មួយ និងឃើញមានកាន់កាំភ្លើងសេកាសេមួយ ដើមផង។ ខ្ញុំបានដោះអាវនៅតែខ្លួនទទេដើម្បីបង្ហាញថា ខ្ញុំជាប្រជាជនធម្មតាមកពី ភូមិភាគបូព៌ា មិនមានអាវុធអ្វីទេ។ ក្រោយមក អ្នកភូមិបានសួរនាំខ្ញុំ​រកបងប្អូនកូនចៅ ខ្ញុំ បានឆ្លើយថា ខ្ញុំមានបងប្អូនច្រើនណាស់ ដែលត្រូវខ្មែរក្រហមសម្លាប់ និងកៀរយកទៅជា មួយ។​

ខ្ញុំបានស្នាក់នៅភូមិនោះ (មិនចាំឈ្មោះ) បានពីរថ្ងៃ ក៏សុំអ្នកភូមិធ្វើដំណើរមករក ឪពុកម្តាយ និងបងប្អូននៅស្រុកកំណើតឯកំពង់ចាមវិញ។ ខ្ញុំបានធ្វើដំណើរពីខេត្ត ពោធិ៍សាត់ទៅដល់កំពង់ចាមដោយប្រើរយៈពេលមួយខែ។ អំឡុងពេលធ្វើដំណើរ ប្រជាជនបានប្រាប់ខ្ញុំថា ប្រសិនបើជួបកងទ័ពវៀតណាម សូមកុំរត់ ប្រយ័ត្នវៀតណាមបាញ់ ហើយបើវៀតណាមសួរ គ្រាន់តែប្រាប់ថា យើងធ្វើដំណើរទៅស្រុកកំណើត។​​ ខ្ញុំបានធ្វើ ដំណើរមកដល់ឧដុង្គ ពេលនោះរដ្ឋអំណាចមិនអនុញ្ញាតឲ្យខ្ញុំធ្វើដំណើរដោយថ្មើរជើងទេ ហើយបានឲ្យជិះឡានឆ្លងភ្នំពេញ រហូតដល់ស្ពានច្បារអំពៅ រួចធ្វើដំណើរបន្តទៅតាម ខេត្តព្រៃវែង ទើបបន្តដំណើររហូតដល់ផ្ទះខ្ញុំនៅកំពង់ចាម។ ទៅដល់ផ្ទះ ម្តាយខ្ញុំបានឃើញ ខ្ញុំគាត់មានសេចក្តីត្រេកអរណាស់។ ក្រោយមក ខ្ញុំក៏បានរៀបការប្រពន្ធ និងចូលធ្វើការ ជាអ្នកបើកឡានរហូតដល់រាល់ថ្ងៃ។ បច្ចុប្បន្ននេះ ខ្ញុំរស់នៅជាមួយគ្រួសារ ដែលមានកូន ប្រុសស្រី៥នាក់ (ប្រុស២នាក់) ព្រមទាំងមានចៅ១០នាក់ ចំណែកកូនៗរបស់ខ្ញុំមានគ្រួសារ អស់ហើយ។

សរ សារិន

រាជវង្សានុវង្សនៃព្រះរាជាណាចក្រកម្ពុជា

រាជាធិបតេយ្យប្រទេសកម្ពុជាមានលក្ខណៈពិសេសនិងបានដើរតួយ៉ាងសំខាន់នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះដែលជាអ្នកថែរក្សា​ បង្រួបបង្រួមជាតិ​ និងសន្តិភាពរបស់ប្រទេស ហើយត្រូវបានទទួលស្គាល់មានការយល់ដឹងច្បាស់លាស់ដោយអ្នកសង្កេតការណ៍ឃើញថាការបំបែកណាមួយនៃការបញ្ឈប់ចំណងភ្ជាប់ទៅនឹងរាជានិយមនឹងប្រជាជនកម្ពុជានឹងមានលទ្ធភាពធ្វើឱ្យប្រទេសមានអស្ថិរភាព។​

រាជវង្សានុវង្សកម្ពុជា ដែលជារាជវង្សមានវ័យចំណាស់មួយក្នុងពិភពលោកសព្វថ្ងៃនេះ ដើរតួយ៉ាងសំខាន់ក្នុងទិដ្ឋភាពផ្សេងៗនៃការស្ថាបនាឡើងវិញនិងការអភិវឌ្ឍជាតិនៃប្រទេសកម្ពុជាបន្ទាប់ពីសង្គ្រាមជាច្រើនឆ្នាំនិងរបបប្រល័យពូជសាសន៍ប៉ុលពត។

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងបណ្ឌិត ហូលីយ៉ូ ជែលដ្រេស

សៀវភៅរបស់ខ្ញុំអំពីរាជវង្សានុវង្សនៃប្រទេសកម្ពុជាត្រូវបានបោះពុម្ពផ្សាយដំបូងក្នុងឆ្នាំ ២០០៣​ នៅពេលព្រះករុណា ព្រះបាទសម្តេច​ ព្រះបាទព្រះបរមរតនកោដ្ឋ ពេលដែលព្រះអង្គនៅជាព្រះមហាក្សត្រ​​។​ តាមការស្នើសុំរបស់សមាជិករាជវង្សានុវង្ស។​ ខ្ញុំបានសម្រេចចិត្ដធ្វើការកែសម្រួលនិងពង្រីកបន្ថែមសៀវភៅរបស់ខ្ញុំ​​​ ត្រូវបានបង្ហាញក្នុងព្រះរាជពិធីមួយនៅព្រះបរមរាជវាំងដើម្បីថ្វាយព្រះករុណាព្រះបាទសម្តេចនរោត្តមសីហមុនីនិងព្រះមហាក្សត្រីយានីនរោត្តមមុនីនាថសីហនុ​ នាថ្ងៃទី ១៩ ខែធ្នូឆ្នាំ ២០១៧។

សៀវភៅអំពីរាជវង្សានុវង្សនៃព្រះរាជាណាចក្រកម្ពុជា មានដាក់លក់នៅបណ្ណាល័យសៀវភៅម៉ូនូមែនប៊ុក។

ការបោះពុម្ពថ្មីបានបន្ថែមជំពូកថ្មីដែលបានសរសេរដូចខាងក្រោម៖

១)ព្រះករុណា​ ព្រះបាទសម្តេច​​ ព្រះបរមនាថ នរោត្តម សីហមុនី

២) ព្រះករុណា ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ

៣)សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ

៤)ព្រះមហាក្សត្រិយានី ស៊ីសុវត្ថិមុនីវង្ស កុសុមៈនារីរ័ត្នសេរីវឌ្ឍនា

៥)រាជវង្សានុវង្សជំនាន់ក្រោយ ព្រះអង្គម្ចាស់និងព្រះអង្គម្ចាស់ក្សត្រី

៦)សមាជិករាជវង្សានុវង្សដែលបានស្លាប់ក្នុងរបបខ្មែរក្រហម

៧)គ្រឿងឥស្សរិយយស

នៅក្នុងសុន្ទរកថារបស់ព្រះអង្គនៅថ្ងៃទី ១៩ ខែធ្នូឆ្នាំ ២០១៧ ព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនីបានមានបន្ទូលដូច្នេះថា៖

“នៅឆ្នាំ ២០០៣ ការបោះពុម្ពលើកទីមួយនៃសៀវភៅដ៏សំខាន់នេះត្រូវបានបោះពុម្ពផ្សាយនិងលក់បានយ៉ាងឆាប់រហ័សចំនួន ៣០០០ ក្បាល។នៅពេលនោះជាព្រះវរបិតាជាទីស្រឡាញ់និងសោកស្តាយរបស់យើង ព្រះករុណា ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ សព្វព្រះរាជ ហឫទ័យចំពោះការបោះពុម្ភផ្សាយសៀវភៅរាជវង្សានុវង្សពីព្រោះសៀវភៅនេះបានរកឃើញនូវប្រវត្តិសាស្ត្រដ៏កម្រនិងគួរឱ្យសោកស្តាយបំផុតក្នុងប្រវត្តិសាស្ត្រគ្រួសាររាជវង្សានុវង្សរបស់យើងដែលបានចាប់ផ្ដើមដោយសម្តេចព្រះមហាក្សត្រអង្គដួងជាអ្នកស្ដាររាជាធិបតេយ្យ។”

ជំពូកស្តីអំពីរាជវង្សានុវង្សជំនាន់ក្រោយ ព្រះអង្គម្ចាស់និងព្រះអង្គម្ចាស់ក្សត្រី បានរួមបញ្ចូលទាំងអត្ថបទជាលាយលក្ខណ៍អក្សរចំពោះសមាជិកម្នាក់ៗនៃព្រះរាជវង្សានុវង្សដែលកំពុងរួមចំណែកតាមរយៈការងាររបស់ទ្រង់ ក្នុងការកសាងនិងអភិវឌ្ឍន៍ជាតិកម្ពុជាឡើងវិញ ក្នុងវិស័យសិល្បៈ​ ធនាគារ ធុរកិច្ច កិច្ចការងារសប្បុរសធម៌​​ ការអប់រំ បដិសណ្ឋារកិច្ច ស្ដារឡើងវិញនិងវិស័យទេសចរណ៍។​

ទ្រង់បានចូលរួមដើម្បីចែករំលែករូបភាពនិងរឿងរ៉ាវនៃជីវិតរបស់ទ្រង់ទាំងនៅខាងក្រៅប្រទេសកម្ពុជា​ ក្នុងអំឡុងពេលនិរទេសខ្លួននិងនៅក្នុងប្រទេសចាប់តាំងពីការវិលត្រឡប់របស់ទ្រង់ពីបរទេស។

បន្ថែមជំពូកនេះសៀវភៅរាជវង្សានុវង្សខ្ញុំមានអារម្មណ៍ថាសាធារណជនទូទៅនឹងចាប់អារម្មណ៍ចង់ដឹងថាសមាជិករាជវង្សានុវង្សកម្ពុជា ដែលជារាជវង្សមានវ័យចំណាស់មួយក្នុងពិភពលោក ដែលមានសកម្មភាពនិងឥរិយាបថប្រព្រឹត្តខុសគ្នាពីគ្រួសាររាជវង្សដទៃទៀតក្នុងន័យថាតាមរយៈការងាររបស់ទ្រង់ សកម្មភាពសប្បុរសធម៌ការចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍និងការកសាងប្រទេសឡើងវិញហើយមិនពឹងផ្អែកលើការរស់រានមានជីវិតរបស់ទ្រង់នៅក្នុងបញ្ជីស៊ីវិលជាបញ្ជីបុគ្គលដែលត្រូវបានបង់ដោយរដ្ឋាភិបាលជារឿងសាមញ្ញក្នុងចំណោមរាជវង្សនៅអឺរ៉ុប។

ជំពូកទាក់ទងនឹងវាសនារាជវង្សក្នុងកំឡុងសម័យខ្មែរក្រហមដ៏ឃោរឃៅ (១៩៧៥ ១៩៧៩) ត្រូវបានពង្រីកបន្ថែមជាមួយរូបថតនិងឯកសារថ្មី​ៗមួយចំនួន។

សៀវភៅនេះគឺជាការគោរពដ៏ជ្រាលជ្រៅចំពោះ ព្រះករុណាព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ដែលខ្ញុំមានឯកសិទ្ធិបំរើ​​ទ្រង់ ចាប់តាំងពីឆ្នាំ ១៩៨១ ជាលេខាធិការផ្ទាល់ហើយបន្ទាប់មកជាអ្នកនិពន្ធជីវប្រវត្តិផ្លូវការ។ខ្ញុំបានរៀនសូត្រជាច្រើនពីព្រះមហាក្សត្រសម្តេចឪ។​ ជាពិសេសរបៀបក្នុងការស្រឡាញ់និងគោរពពលរដ្ឋគ្រប់ជាន់ថ្នាក់នៃប្រទេសដ៏ស្រស់ស្អាតមួយនេះ។សម្រាប់រឿងអស់នោះ ខ្ញុំមានអំណរគុណជាទីនិរន្តន៍ចំពោះព្រះករុណាព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។

សៀវភៅ ៣១៨ទំព័រ ដែលគួរជាទីចាប់អារម្មណ៍ចំពោះ អ្នកប្រាជ្ញប្រវត្តិវិទូ និស្សិត និងសាធារណជនទូទៅដែលមានបំណងចង់យល់ដឹងបន្ថែមអំពីរាជានិយម និងរាជវង្សនៃព្រះរាជាណាចក្រកម្ពុជា។

បណ្ឌិត ហូលីយ៉ូ ជែលដ្រេស

វគ្គបណ្តុះបណ្តាលនិស្សិត ស្តីពីការបង្រៀនប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-៧៩) នៅ វិចិត្រសាលសិល្ប:សហសម័យវិទ្យាស្ថានស្លឹករឹត ក្នុងបរិវេណវិទ្យាស្ថានជាតិអប់រំ

នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ មជ្ឈមណ្ឌលឯកសារកម្ពុជា សហការជាមួយ ក្រសួង អប់រំ យុវជន និងកីឡា រៀបចំវគ្គបណ្តុះបណ្តាលនិស្សិត ដើម្បីបង្កើតប្រសិទ្ធភាព និរន្តរ ភាព និងបង្កើនសមត្ថភាពក្នុងការ​បង្រៀ​នប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (1975-79) តាមរយៈការប្រើប្រាស់វិធីសាស្រ្តបង្រៀនដ៏​សម្បូរណ៍បែប នៅសាលសហសម័យវិទ្យា​ស្ថានស្លឹករឹត ស្ថិតក្នុងបរិវេណវិទ្យាស្ថានជាតិអប់រំ។ វគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់នូវវិធី​សាស្រ្ត​ថ្មី​មួយ ដោយបង្កើតឲ្យមានការសន្ទនាពីបទពិសោធន៍ផ្ទាល់ខ្លួន និង​រឿងរ៉ាវ​​របស់​ដើមបណ្តឹងរដ្ឋប្បវេណី និងអ្នករស់រានមានជីវិតពីរបបកម្ពុជាប្រជាធិប​តេយ្យ​ ដែលនឹងត្រូវ​បាន​អញ្ជើញឲ្យចូលរួមធ្វើជាវាគ្មិននៅក្នុងថ្នាក់រៀន។

ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

វគ្គបណ្តុះបណ្តាលនេះមានរយៈពេលពីរខែ ដោយសិស្សទទួលការបណ្តុះបណ្តាល​រយៈពេលមួយ​ម៉ោងក្នុងមួយថ្ងៃ ដែលនឹងផ្តោត​សំខាន់ទៅលើការអភិវឌ្ឍចំណេះដឹងផ្នែក​ប្រវត្តិ​សាស្រ្ត ក៏ដូចជាការជួយដល់សមត្ថភាព​របស់​គ្រូបង្រៀនក្នុងការប្រើប្រាស់វិធីសាស្រ្ត​សិស្ស​មជ្ឈមណ្ឌល។ វគ្គបណ្តុះបណ្តាលនេះ នឹង​ផ្តល់នូវការធ្វើបទបង្ហាញពីប្រវត្តិសាស្រ្ត​កម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងវិធី​សាស្រ្ត​ទំនើប ព្រមទាំងការពិភាក្សា​ជាក្រុម និងការអនុវត្តលំហាត់​ ដែលបង្ហាញឲ្យឃើញ​ចំណេះដឹងរបស់គរុនិស្សិត បន្ទាប់ពី​បាន​សិក្សាជំពូកនីមួយៗនៅក្នុងសៀវភៅប្រវត្តិ​សាស្រ្ត​កម្ពុជាប្រជាធិបតេយ្យ (១៩៧៥-៧៩) និង «សៀវភៅណែនាំសម្រាប់គ្រូបង្រៀន»។

គោលបំណងរបស់វគ្គបណ្តុះបណ្តាល គឺ ៖ ១) អភិវឌ្ឈចំណេះដឹងរបស់គរុ​សិស្ស​-និស្សិត ពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ ក៏ដូចជាជួយដល់សមត្ថភាព​បង្រៀនរបស់​ខ្លួន​ក្នុងការប្រើប្រាស់វិធីសាស្រ្តសិស្សមជ្ឈមណ្ឌល។ ២) ប្រើប្រាស់រឿងរ៉ាវ និងបទ​ពិសោធន៍​របស់ដើមបណ្តឹងរដ្ឋប្បវេណី និងអ្នកដែលនៅរស់រានមានជីវិតពីរបបខ្មែរក្រហម​ក្នុងការ​បង្រៀន និងផ្តល់នូវមធ្យោបាយសម្រាប់ការពិភាក្សាពីរឿងរ៉ាវជីវិតផ្ទាល់ខ្លួនក្នុងរបប​កម្ពុជាប្រជាធិបតេយ្យរបស់វាគ្មិនក្នុងចំណោមសិស្ស។​ ៣) លើកកម្ពស់ប្រសិទ្ធភាព និង​និរន្តរភាពនៃកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍ តាមរយៈសិក្ខាសាលាស្តីពីការអភិវឌ្ឍន៍​វិជ្ជាជីវៈ ការបោះពុម្ព និងចែកចាយសៀវប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យរបស់មជ្ឈ​មណ្ឌល​ឯកសារកម្ពុជា។

មុននឹងចាប់ផ្តើមកម្មវិធីបណ្តុះបណ្តាល លោក ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំ​ពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា បាន​សំណេះសំណាលជាមួយ​​និស្សិត ព្រមទាំងបាន​ចែក​សៀវភៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិប​តេយ្យ (១៩៧៥-១៩៧៩) និងចែកកម្រងសំណួរ​ដើម្បី​វាស់ស្ទង់ចំណេះដឹងរបស់គរុ​និស្សិត​ អំពី​ប្រវត្តិសាស្រ្ត​កម្ពុជា​ប្រជាធិបតេយ្យ ដែល​មាន​ចំនួនសរុប២០សំណួរ ទាក់ទងនឹងការវាយ​តម្លៃលើ​មាតិកា​ប្រវត្តិសាស្រ្ត និងវិធីសាស្រ្ត​បង្រៀនមុនពេលបណ្តុះបណ្តាល។ បន្ទាប់ពី​បានចូលរួមវគ្គបណ្តុះបណ្តាលនេះ និស្សិត នឹងទទួលបាននូវចំណេះដឹងអំពីប្រវត្តិ​សាស្រ្តកម្ពុជាប្រជាធិបតេយ្យកាន់តែច្បាស់ឡើង។

ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

នៅក្នុងវគ្គបណ្តុះបណ្តាលនេះ និស្សិតមួយចំនួនបានបញ្ចេញនូវចំណាប់​អារម្មណ៍ ដូចខាងក្រោម៖

មី បូរី និស្សិតឆ្នាំទី២ ផ្នែកប្រវត្តិវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀប​រាប់ថា ដំបូងឡើយគាត់ធ្លាប់បានឮអំពីរបបកម្ពុជាប្រជាធិបតេយ្យតាមរយៈឪពុកម្តាយ និង​ចាស់ទុំដែលរស់នៅក្បែរគ្នា ប៉ុន្តែកាលណោះ គាត់មិនសូវចាប់អារម្មណ៍ពីរបបនេះ​ឡើយ ដោយគាត់យល់ថា សម័យកាលនោះ គួរឲ្យខ្លាច និងអាក្រក់យ៉ាងខ្លាំង។ ប៉ុន្តែនៅពេល​ដែលគាត់បានសិក្សានៅថ្នាក់អនុវិទ្យាល័យទាក់ទងមេរៀនអំពីសម័យខ្មែរក្រហម ​ទើបគាត់​ចាប់​ផ្តើមមានចំណាប់អារម្មណ៍អំពីប្រវត្តិសាស្រ្តរបស់ខ្លួន ជាពិសេស​ប្រវត្តិសាស្រ្តកម្ពុជា​ប្រជាធិបតេយ្យ។ បូរី បន្តថា គាត់មានឱកាសចូលរួមវគ្គ​បណ្តុះ​បណ្តាល​​នៅថ្ងៃនេះ នឹងធ្វើ​ឲ្យគាត់ទទួលបានចំណេះដឹងទាក់ទងនឹងរបប និងវិធី​សាស្រ្ត​កាន់តែច្បាស់លាស់​ ហើយ​គាត់​នឹងចែករំលែកចំណេះដឹងទាំងអស់​នេះ ទៅ​កាន់​មិត្តភក្តិរបស់គាត់។ គាត់នឹងយក​ចំណេះ​ដឹងទាំងនេះទៅពិភាក្សាជាមួយឪពុកម្តាយរបស់គាត់​ ព្រោះ​ឪពុករបស់គាត់ចូល​ចិត្ត​​ប្រវត្តិសាស្រ្ត និងធ្លាប់បានឆ្លងកាត់សម័យ​ខ្មែរ​ក្រហម។ បូរី ចង់ដឹងថាឪពុករបស់គាត់​ធ្លាប់ឆ្លងកាត់រឿងរ៉ាវអ្វីខ្លះ ហើយដូចទៅនឹងការសិក្សារបស់គាត់ដែររឺទេ ដើម្បីការប្រៀប​ធៀប។

កែន ជ្រា ​និស្សិតឆ្នាំទី៣ ផ្នែកប្រវត្តិវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បាន​រៀបរាប់ថា ការរៀនប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ វាពិតជាមានសារសំខាន់ខ្លាំង​ណាស់ ជាពិសេសសម្រាប់អ្នកសិក្សាស្រាវជ្រាវ។ ជ្រា បានបន្តថា ចំពោះប្រវត្តិសាស្រ្ត​កម្ពុជាប្រជាធិបតេយ្យ គឺ​ជា​​ប្រវត្តិ​សាស្រ្តដ៏ព្រៃផ្សៃ សម្រាប់ប្រជាជនខ្មែរទូទៅត្រូវយល់ដឹង ជាពិសេស​សិស្ស-និស្សិត និងក្មេងជំនាន់ដើម្បីជៀសវាង​កុំឲ្យប្រវត្តិសាស្ត្រ​នេះកើតឡើង​ម្តងទៀត។ ជ្រា ធ្លាប់បាន​សិក្សា​​អំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិប​តេយ្យតាមរយៈ​កម្មវិធី​ក្រសួងអប់រំដែរ ប៉ុន្តែគាត់នៅយល់ដឹងតួចនៅឡើយអំពីប្រវត្តិសាស្រ្តនេះ​។ ជ្រា រំពឹងថា ចាប់ពីថ្ងៃនេះទៅ គាត់នឹងទទួលបាន​ចំណេះដឹងកាន់តែច្រើនពីវគ្គបណ្តុះបណ្តាល។

ហូ ថុនា​ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា

អតីតកងទ័ពជើងទឹកខ្មែរក្រហមបានរំលឹកពីបទពិសោធន៍នៅកោះតាង កោះប៉ូឡូវ៉ៃ និងកោះក្រចកសេះ

ឌូ​ អ៊ុន ភេទប្រុស អាយុ៦៣ឆ្នាំ មានស្រុកកំណើតនៅខេត្តតាកែវបានរៀបរាប់ឲ្យដឹងថា កាលពីក្មេងគាត់រៀនបានត្រឹមថ្នាក់ទី៩ចាស់ នៅសាលាបឋមសិក្សាអង្គរអណ្ដើក។ បន្ទាប់ពីមានរដ្ឋប្រហានៅឆ្នាំ១៩៧០គ្រូបង្រៀននៅសាលាបឋមសិក្សាអង្គរអណ្ដើកទាំងអស់បានរត់ភៀសខ្លួនទៅទីក្រុងភ្នំពេញ​ ហើយ អ៊ុន ក៏បានឈប់រៀន មករស់នៅជាមួយឪពុកម្ដាយជួយធ្វើស្រែ ឃ្វាលគោ និងក្របីជាដើម។

នៅចុងឆ្នាំ១៩៧២ មានយុវជនជាច្រើនបានស្ម័គ្រចិត្តចូលធ្វើជាកងឈ្លបភូមិ និងឃុំរបស់ខ្មែរក្រហម ដោយគិតថាពួកគេចូលនេះ​គឺដើម្បីបម្រើជាតិ។ អ៊ុន ក៏បានស្ម័គ្រចិត្តធ្វើកងឈ្លបដូចជាយុវជន  ផ្សេងៗទៀតដែរ។ ដំបូងឡើយ អ៊ុន បម្រើជាកងឈ្លប នៅឃុំតាយ៉ាប ដែលមានទីស្នាក់ការនៅភូមិជំនៀ  ខ្ពស់។ អ៊ុន ត្រូវបានចាត់តាំងឲ្យដើរមើល និងការពារសុវត្តិភាពនៅក្នុងភូមិឃុំ ហ្វឹកហាត់យុទ្ធសាស្រ្តកងទ័ព និងទទួលការអប់រំបំពាក់បំប៉នផ្នែកនយោបាយពីអង្គការខ្មែរក្រហម។ ហឿន ជាប្រធានឃុំតាយ៉ាប។

បន្ទាប់មកខ្មែរក្រហមបានបញ្ជូន អ៊ុន ឲ្យចូលក្នុងអង្គភាពកងទ័ពវិញ គឺកងវរសេនាតូចលេខ១០៣ តំបន់៣៣ ដែលត្រូវឈរជើងនៅព្រៃល្មាត ខាងជើងផ្លូវជាតិលេខ៤។ កឿន ជាប្រធានកងវរសេនាតូចលេខ ១០៣ ប៉ុន្តែក្រោយមក កឿន ក៏បានស្លាប់។ ហម បានឡើងជាប្រធាន ស៊ីម និងសំណាង ជាអនុប្រធាន ជំនួសកឿន។ នៅតំបន់៣៣មានកងវរសេនាតូចចំនួន៤​ គឺកងវរសេនាតូចលេខ១០២ ១០៣ ១០៤ និង១០៥។

នៅឆ្នាំ១៩៧៤ កងវរសេនាតូចលេខ១០២ និង១០៣ ត្រូវបានបញ្ចូលទៅក្នុងកងពលទី៣របស់ភូមិភាគនិរតី និងត្រូវទៅប្រចាំការនៅលង្វែក។ កងវរសេនាតូចលេខ១០៣ ត្រូវបានប្ដូរទៅជាកងវរសេនាតូច៤១០ ចំណុះឲ្យកងវរសេនាធំលេខ១៦។ ប្រធានវរសេនាតូចលេខ៤១០ គឺ ហម និង ស៊ីម ដដែល។ រីឯកងវរសេនាធំលេខ១៦ មានឈ្មោះ មៀច ជាប្រធាន។ អ៊ុន បានត្រូវរបួសចំជើង និងខ្នង នៅពេលប្រយុទ្ធក្នុងសមរភូមិ និងបានចូលសម្រាក់ពេទ្យអស់រយៈពេលជិត២ខែ។

នៅចុងឆ្នាំ១៩៧៤​ និងដើមឆ្នាំ១៩៧៥ កងពលរបស់ អ៊ុន បានផ្លាស់មកប្រតិបត្តិការនៅតាមផ្លូវជាតិលេខ៤ នៅម្តុំមហាសាំង (ទំនប់ព្រែកហៅ)។ ចំណែកកងទ័ពមួយចំនួនបានបន្តមកឈរជើងនៅបែកចានដដែល ដើម្បី​វាយប្រយុទ្ធជាមួយ​ទាហានលន់ នល់ និងអាមេរិក។ កងពលរបស់ អ៊ុន មិនបានចូលវ៉ៃដល់ទីក្រុងភ្នំពេញទេ គឺចូលត្រឹមតែបែកចានតែប៉ុណ្ណោះ។

ក្រោយពីរំដោះបានទីក្រុងភ្នំពេញភ្លាម ខ្មែរក្រហមតម្រូវឲ្យកងពលទី៣របស់ អ៊ុន ទៅប្រចាំការនៅកំពង់សោម។ ពោលគឺថ្ងៃទី១៩ ខែមេសា ឆ្នាំ១៩៧៥ កងពលទី៣ បានចេញទៅកំពង់សោម។ ថ្ងៃទី២០ ខែនិងឆ្នាំ ដដែលកងពលទី៣បានទៅដល់រាម។ លុះដល់រាម កងពលទី៣ ត្រូវបានប្ដូរឈ្មោះទៅជាកងពល១៦៤ ដែលជាកងពលរបស់មជ្ឈឹម។ ប្រធាន​និងអនុប្រធានកងពល១៦៤ ឈ្មោះ​ មុត និង ឌឹម។ ប៉ុន្តែកងវរសេនាតូចមិនបានប្ដូរឡើយពោល គឺកងវរសេនាតូចលេខ ៤១០ដដែល ហើយចំណែកឯប្រធាននិងអនុប្រធានក៏មិនមានការផ្លាស់ប្ដូរដែរ។

បន្ទាប់ពីនៅរាមបាន២ថ្ងៃ គឺថ្ងៃទី ២២ ខែមេសា ឆ្នាំ១៩៧៥ កងវរសេនាតូចលេខ ៤១០ ដែលមានកងទ័ពប្រមាណជា៣០០ទៅ៤០០នាក់ បានធ្វើដំណើរឆ្ភោះទៅកោះតាង និងកោះប៉ូឡូវ៉ៃ។ អ៊ុន បានឈរជើងនៅកោះតាង។ នៅកោះតាងនេះមានកងអនុសេនាធំចំនួន២ គឺគ៨ និងគ១០ ដែលមានកងទ័ពសរុបប្រហែល ២០០នាក់។​ អ៊ុន ស្ថិតនៅក្នុងកងអនុសេនាធំគ៨ ដែលមានឈ្មោះ ម៉េន និង ហួត ជាប្រធាន និងអនុប្រធានកងអនុសេនាធំគ៨។ ម៉ន ជាប្រធានកងអនុសេនាធំគ១០ ហើយហូន ជាអនុប្រធាន។ នៅកោះតាង អ៊ុន គឺជាប្រធានក្រុមដែលគ្រប់គ្រងកងទ័ពចំនួន១២នាក់។

ថ្ងៃទី ២៤ ខែមេសានិងឆ្នាំដដែល អ៊ុន និងកងទ័ពជាង១០០នាក់ទៀត ត្រូវបញ្ជូនឲ្យទៅកោះក្រចកសេះ ឬកោះប៉ូឡូប៉ង់សង់។ ការធ្វើដំណើរទៅកោះក្រចកសេះនេះ គឺត្រូវជិះទូកម៉ាស៊ីន១២០​សេះ ចំនួនជិត១០គ្រឿង​ ក្នុងទូកមួយគ្រឿងមានកងទ័ពប្រមាណជិត២០ ។ នៅកោះក្រចកសេះមានប្រជាជនរស់នៅច្រើន និងសម្បូរទៅដោយផ្ទះថ្ម។ ប្រជាជននៅទីនោះគឺជាប្រជាជនវៀតណាម និងខ្មែរកម្ពុជាក្រោម ដែលមានអ្នកខ្លះចេះភាសាខ្មែរ។ លើសពីនេះទៀតក៏មានទាហានធៀវគី(វៀតណាមខាងត្បូង)​នៅលកោះ ក្រចកសេះនេះផងដែរ។​ ខណៈពេលដែលទាហានវៀតណាមខាងត្បូងបានលើកទង់ជ័យសរនោះ កងទ័ពខ្មែរក្រហមបានចូលទៅដល់កោះក្រចកសេះភ្លាមៗដែរ។ ប្រជាជនដែលរស់នៅលើកោះក្រចកសេះមានភាពរាក់ទាក់ និងបានដាំបាយឲ្យ អ៊ុន និងកងទ័ពខ្មែរក្រហមផ្សេងទៀតបរិភោគ។ មេបញ្ជាការខ្មែរក្រហមប្រចាំនៅកោះក្រចកសេះរួមមាន សារឿន, ចាយ, ទង, ម៉េន និង ហួត ។ កងទ័ពខ្មែរក្រហម បានដើរប្រាប់ប្រជាជន និងទាហានធៀវគី ដែលរស់នៅកោះក្រចកសេះ ឲ្យរៀបចំខ្លួន និងអ៊ីវ៉ាន់ផ្សេងៗដើម្បីចាក់ចេញ ព្រោះកងទ័ពខ្មែរក្រហមត្រូវកាន់កាប់កោះនេះ។  បន្ទាប់ពីឈរជើងនៅកោះក្រចកសេះបានចំនួន២ថ្ងៃ អ៊ុន និងកងទ័ពប្រមាណ២០នាក់ទៀត ត្រូវទទួលបញ្ជាឲ្យត្រឡប់មកកោះតាងវិញ។ ចំណែកកងវរសេនាតូចលេខ៤៧០របស់ តាចាយ ដែលបានបញ្ជូនកងទ័ពមកបន្ថែមរហូតដល់ជាង៣០០នាក់បានបន្តឈរជើងនៅកោះក្រចកសេះទៀត។

អ៊ុន និងកងទ័ព២០នាក់ទៀត​ មិនបានចូលមកកោះតាងនោះភ្លាមទេ ពោលគឺត្រូវចូលទៅស្នាក់នៅកោះប៉ូឡូវ៉ៃមួយយប់សិន ពីព្រោះនៅកោះតាង កំពុងតែមានការវាយប្រយុទ្ធគ្នារវាងកងទ័ពខ្មែរក្រហមនឹងទាហានអាមេរិក។ នៅខណៈពេលប្រយុទ្ធនោះ កងទ័ពអាមេរិកបានប្រើយន្តហោះកន្ទុំរុយជាច្រើនគ្រឿង បោកគ្រាប់បែកផ្សែងជាច្រើនគ្រាប់ និងកាំភ្លើងទំនើបៗផងនោះ​ កងទ័ពខ្មែរក្រហមអាចទប់ទល់បានតែរយៈប៉ុន្មានម៉ោង ក៏បាននាំគ្នារត់ចូលព្រៃ និងឡើងលីភ្នំអស់។ នៅខណៈពេលកំពុងប្រយុទ្ធគ្នានៅលើកោះតាងនោះ ទាហានអាមេរិកក៏បានទម្លាក់គ្រាប់បែកនៅកំពង់សោម រាម និងរោងចក្រប្រេងកាតផងដែរ។ ការវាយប្រយុទ្ធគ្នានៅកោះតាងបានចាប់ផ្ដើមតាំងពីពេលព្រឹកព្រលឹម ហើយបានបញ្ចប់វិញនៅម៉ោងប្រមាណ៩យប់។

បន្ទាប់ពីបញ្ចប់ការប្រយុទ្ធគ្នា អ៊ុន​ និងកងទ័ពខ្មែរក្រហមផេ្សងទៀត ក៏បានចូលទៅដល់កោះតាងនិងជួយប្រមែរប្រមូលសាកសពកងទ័ពខ្មែរក្រហម​ និងទាហានអាមេរិកយកទៅកប់។​ សរុប​កងទ័ពខ្មែរក្រហមបានស្លាប់ចំនួន៧នាក់ និងបាត់ខ្លួន៣នាក់។ ចំណែកទាហានអាមេរិកក៏បានស្លាប់មានចំនួនប្រហាក់ប្រហែលគ្នានេះដែរ ថែមទាំងបានបន្សល់ទុកនូវខ្មោចយន្តហោះកន្ទុំរុយពីរគ្រឿង និងធុងសាំងចំនួន​​ពីរទៀតផង។

ការប្រយុទ្ធរវាងកងទ័ពខ្មែរក្រហម និងទាហានអាមេរិកនៅកោះតាងនេះ គឺដើមហេតុមកពីកងទ័ពខ្មែរក្រហមបានចាប់កប៉ាល់ម៉ាយ៉ាហ្គេស ដែលជាកប៉ាល់ដឹកទំនិញរបស់អាមេរិក ហើយអាមេរិកទាមទារឲ្យដោះលែងកប៉ាល់របស់ខ្លួន។ កប៉ាល់ម៉ាយ៉ាហ្គេសបានដឹកទំនិញឆ្លងកាត់ក្បែរកោះប៉ូឡូវ៉ៃ ហើយ​ត្រូវបានកងទ័ពជើងទឹករបស់ខ្មែរក្រហមចេញមកស្ទាក់ចាប់ពីកោះប៉ូឡូវ៉ៃយកមកទុកនៅកោះតាង។

បន្ទាប់រំដោះបានវៀតណាមខាងត្បូងនៅថ្ងៃទី៣០​ ខែមេសា​ ឆ្នាំ១៩៧៥​ ប្រហែល២សប្តាហ៍កងកងទ័ពវៀតណាមបានវាយសម្រុកកងទ័ពខ្មែរក្រហមនៅកោះក្រចកសេះនិងកោះប៉ូឡូវ៉ៃ។ កងទ័ពវៀតណាម​បានចាប់កងទ័ពខ្មែរក្រហមទាំងអស់យកទៅឃុំឃាំងនៅកោះត្រល់ និងបានបាញ់ពន្លិចទូកម៉ាស៊ីនរបស់ខ្មែរក្រហមអស់ជាច្រើនគ្រឿង។ ក្រោយមក នួន​​ ជា បានជួបចរចារជាមួយភាគីវៀតណាម ដើម្បីឲ្យដោះលែងកងទ័ពខ្មែរ និងប្រគល់កោះប៉ូឡូវ៉ៃមកឲ្យខ្មែរវិញ។ បន្ទាប់ពីវៀតណាមប្រគល់កោះប៉ូឡូវ៉ៃមកវិញ ខ្មែរក្រហម ក៏បានបញ្ជូន អ៊ុន និងកងវរសេនាតូចលេខ៤១០ ទៅប្រចាំការកោះប៉ូឡូវ៉ៃ។

ប្រជាជនវៀតណាម និងថៃតែងតែមកនេសាទត្រីនៅក្បែរៗកោះប៉ូឡូវ៉ៃ ហើយត្រូវកងទ័ពខ្មែរក្រហមចាប់ឃាត់ទុក និងបញ្ជូនអ្នកនេសាទទាំងនោះទៅកំពង់សោម។ លើសពីនេះ ក៏មានជនបទេសក្រៅពីថៃនិងវៀតណាម បានបើកក្ដោងឆ្លងកាត់ និងត្រូវកងទ័ពខ្មែរក្រហមចាប់បញ្ជូនមកកំពង់សោមផងដែរ។

អ៊ុន ធ្លាប់ត្រូវបានចាត់តាំងឲ្យមករៀនសូត្រ និងប្រជុំនៅកំពង់សោមម្ដងម្កាលដែរ គឺប្រជុំម្តងៗមានរយៈពេលមួយខែកន្លះ អ្នកដឹកនាំប្រជុំមាន មាស មុត, សេង, សុន សេន ហើយការប្រជុំនោះគឺទាក់ទងទៅនឹងការការពារជាតិ និងការការពារដែនដី។ នៅកោះប៉ូឡូវ៉ៃ អ៊ុន និងកងទ័ពផ្សេងទៀតបានដាំបន្លែ​បង្ការ និងធ្វើផែដើម្បីចតទូក កាណូតជាដើម។ កងទ័ពខ្មែរក្រហម ហូបចុកមួយថ្ងៃ៣ពេល គឺពេលព្រឹកហូបបបរ ពេលថ្ងៃហូបបាយ និងពេលលា្ងចហូបបាយ។

នៅឆ្នាំ១៩៧៩ វៀតណាមបានវាយចូលដល់កំពង់សោម អ៊ុន និងកងទ័ពផ្សេងទៀត បានរត់ចេញពីកោះប៉ូឡូវ៉ៃ ដោយឆ្លងកាត់តាមចម្លងគោ នៅខាងជើងស្ទឹងហាវ ឆ្ពោះទៅអណ្ដូងទឹក និងឡើងភ្នំអូរ​    ដំបង។ បន្ទាប់មក អ៊ុន​ រួមជាមួយកងទ័ព ប្រជាជនប្រុសស្រី​ចំនួន៣៣នាក់បានរត់ត្រឡប់មកកំពង់ស្ពឺ និងបានចូលសារភាពជាមួយវៀតណាម។ អ៊ុន ត្រូវស្ថិតនៅមន្ទីរអប់រំរយៈមួយខែកន្លះ វៀតណាមបញ្ជូនមកកំពង់ត្រាំ ពាមខ្វាវ។​ បន្ទាប់មក​ អ៊ុន​ និងមនុស្សជាង៣០នាក់ផ្សេងទៀតបានបែកគ្នាត្រឡប់មកស្រុកកំណើតរៀងៗខ្លួន។

សោម​ លាភ និសិ្សតស្ម័គ្រចិត្តលើគម្រោងជម្រុញឲ្យមានការទទួលខុសត្រូវ