អង្គការ

មេដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យ កំពុងរង់ចាំដំណើរមកដល់របស់គណប្រតិភូចិន នៅព្រលានយន្តហោះអន្តរជាតិ ពោធិ៍ចិនតុង ភ្នំពេញ (ពីស្តាំទៅឆ្វេង៖ អៀង ធីរិទ្ធិ, យ៉ុន យ៉ាត, ប៉ុល ពត, អៀង សារី, វន វ៉េត, នួន ជា និង ខៀវ ប៉ុណ្ណារី។ អ្នកផ្សេងទៀត មិនស្គាល់)។ ប្រភព៖ បណ្ណសារនៃមជ្ឈមណ្ឌលឯកសារកម្ពុជា

ពាក្យ “ខ្មែរក្រហម” ត្រូវបានប្រើសំដៅទៅលើបក្សកុម្មុយនិស្តកម្ពុជា។ ប្រ​ជា​ជន​កម្ពុជា​​​ភាគ​ច្រើ​ន​មិនបានដឹងថាតើនរណាជាមេដឹកនាំប្រទេសកម្ពុជាក្នុងរយៈកាល២ឆ្នាំដំបូងនៃរបបខ្មែរក្រហមឡើយ។ មិនតែប៉ុណ្ណោះ ប្រជាជនកម្ពុជាភាគច្រើនក៏មិនបានដឹងអំពីការកើតមានបក្សកុម្មុយនិស្តកម្ពុជាតាំងពីពេលណាមកដែរ។ ការសម្ងាត់គឺមានសារៈសំខាន់ណាស់សម្រាប់មេដឹកនាំខ្មែរក្រហម។“អង្គការ”“អង្គការថ្នាក់លើ”គឺជាពាក្យដែលត្រូវបានប្រើប្រាស់សម្រាប់តំណាងឲ្យអំណាចគ្រប់ជាន់ថ្នាក់របស់កម្មាភិបាលខ្មែរក្រហម និងជាឪពុកម្តាយពិតប្រាកដរបស់ប្រជាជនកម្ពុជាដែលអាចកំណត់ពីអាយុជីវិតរបស់ប្រជាជនទាំងអស់។​ កម្មា​​ភិបាលខ្មែរក្រហមបានប្រាប់ប្រជាជនគ្រប់រូបថា អង្គការគឺជា “អង្គការភ្នែកម្នាស់”ដែលតែងតែដឹងអ្វីៗគ្រប់យ៉ាង​ពីប្រជាជន។ ដូច្នេះប្រជាជនទាំងអស់ត្រូវតែធ្វើអ្វីៗតាមការបញ្ជារបស់ខ្មែរ​ក្រហម។

(សម្រាប់ព័ត៌មានបន្ថែមសូមមើលឯកសារស្កេន   D01266របស់មជ្ឈមណ្ឌលឯកសារកម្ពុជា)

 

 

Save

Save

Save

អន្លង់វែង

និស្សិតសាកលវិទ្យាល័យ និងអ្នកស្រាវជ្រាវ ស្ថិតនៅទីតាំងផ្នូរ ប៉ុល ពត ក្នុងស្រុកអន្លង់វែង។ ប្រភព៖ ប័ណ្ណសារនៃមជ្ឈមណ្ឌលឯកសារកម្ពុជា

អន្លង់វែង ជាស្រុកមួយស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ គឺជា“កន្លែងប្រមូលផ្តុំ”កម្មាភិ​បាល​ ​ខ្មែរក្រហម បន្ទាប់ពីខែមករា ឆ្នាំ១៩៧៩ និងជាតំបន់តស៊ូចុងក្រោយរបស់កងកម្លាំងខ្មែរក្រហមដែរ។ នៅខែមេសា ឆ្នាំ១៩៩៨​ កងកម្លាំងរដ្ឋាភិបាលកម្ពុជា បានដណ្តើមគ្រប់គ្រងស្រុកនេះរហូតដល់បច្ចុប្បន្ន។ មេដឹកនាំកំពូលរបស់ខ្មែរក្រហមគឺ ប៉ុល ពត បានស្លាប់ និងបានរំលាយសពនៅទីនោះ ក្នុងខែនិងឆ្នាំដដែល។

សម្រាប់ព័ត៌មានបន្ថែម សូមមើល និងអាន “ប្រវត្តិសាស្រ្តសហគមន៍អន្លង់វែង៖តំបន់កាន់កាប់ចុងក្រោយរបស់ចលនាខ្មែរក្រហម” បោះពុម្ព​ផ្សាយដោយមជ្ឈមណ្ឌលឯកសារកម្ពុជា

ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥

ទាហានខ្មែរក្រហម ចូលដល់ទីក្រុងភ្នំពេញក្នុងឆ្នាំ១៩៧៥ បន្ទាប់ពីសង្រ្គាមស៊ីវិលអូសបន្លាយពេលអស់​រយៈ​ពេល​៥​ឆ្នាំ។
ប្រភព៖ ប័ណ្ណសារនៃមជ្ឈមណ្ឌលឯកសារកម្ពុជា

កងទ័ពខ្មែរក្រហមបានចូលដល់ទីក្រុងភ្នំពេញដោយថ្មើរជើង តាមរថយន្តធំៗនិងរថក្រោះហើយបានឡើងកាន់អំណាចទូទាំងប្រទេសកម្ពុជា។ កងទ័ពទាំងនោះត្រូវបានទទួលស្វាគមន៍ពីប្រជាជនរស់នៅក្នុងទីក្រុងដែលជាអ្នកនឿយ​ណាយនឹងសង្រ្គាម។ មិនបានប៉ុន្មានម៉ោងក្រោយពីការចូលដល់ទីក្រុងភ្នំពេញ កម្មាភិបាលខ្មែរក្រហមបានចាប់ផ្ដើមជម្លៀសប្រជាជនប្រម៉ាណ២លាននាក់ចេញពីទីក្រុង។ នេះគឺជាការជម្លៀសដោយបង្ខំក្នុងទ្រង់ទ្រាយធំមួយនៃប្រវត្តិសាស្ត្រប្រទេសកម្ពុជា។ ទីក្រុងភ្នំពេញស្ទើរតែក្លាយជាទីក្រុងខ្មោច។

បក្សកុម្មុយនិស្តកម្ពុជា

សមាជិកបក្សកុំម្មុយនីស្តកម្ពុជាក្នុងខេត្តរតនៈគិរី ក្នុងទសវត្សន៍ឆ្នាំ១៩៦០។ ប៉ុល ពត អង្គុយនៅជួរមុខ​ទី៤រាប់ពីខាងឆ្វេង។
ប្រភព៖ បណ្ណសារនៃមជ្ឈមណ្ឌលឯកសារកម្ពុជា

ជាបក្សនយោបាយសម្ងាត់របស់ខ្មែរក្រហម ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥១។ បក្សនេះមានឈ្មោះដំបូងថា “បក្សប្រជាជនបដិវត្តន៍ខ្មែរ”។ នៅឆ្នាំ១៩៦០ បក្សនេះបានប្ដូរឈ្មោះទៅជា “បក្សពលករកម្ពុជា”។ នៅឆ្នាំ១៩៦៣ ប៉ុល ពត បានក្លាយជាអគ្គលេខាបក្ស។ បន្ទាប់ពីទទួលដំណែងនេះ ប៉ុល​​ ពត បានទៅជ្រកកោននៅមូលដ្ឋានទ័ពរបស់វៀតណាមនាភាគឥសាន្តប្រទេស ដែលមានឈ្មោះថា“មន្ទីរ១០០”។ នៅខែកញ្ញា ឆ្នាំ១៩៦៦ ប៉ុល ពត បានប្តូរឈ្មោះបក្សទៅជា “បក្សកុម្មុយនីស្តកម្ពុជា” ដោយហេតុផលចង់កាត់បន្ថយឥទ្ធិពលរបស់វៀតណាម និងរិតចំណងមិត្តភាពជាមួយចិន។ បន្ទាប់ពីឡើងកាន់កាប់អំណាចនៅឆ្នាំ១៩៧៥ បក្សកុម្មុយនិស្តកម្ពុជាបានហៅខ្លួនឯងថាជា “អង្គការ” ។ នៅ​ខែកញ្ញាឆ្នាំ១៩៧៧ ប៉ុល​ ពត បានប្រកាសជាសាធារណៈពីវត្ដមានរបស់បក្សកុម្មុយនិស្ដកម្ពុជា។

​(សម្រាប់ព័ត៌មានបន្ថែមសូមអានសៀវភៅ ប្រវត្តិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ជំពូក២ និង “អំពើប្រល័យពូជសាសន៍ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា” និពន្ធដោយលោក Ben Kiernan)

ចំនួនអ្នកស្លាប់

រណ្តៅសាកសពដែលបន្សល់ទុកពីខ្មែរក្រហម។ យ៉ាងហោចណាស់មានប្រជាជនប្រម៉ាណ ១លាន៧សែននាក់ បានស្លាប់និងត្រូវបានសម្លាប់ក្នុងអំឡុងពេលនៃរបបខ្មែរក្រហម។
ប្រភព៖ ប័ណ្ណសារនៃមជ្ឈមណ្ឌលឯកសារកម្ពុជា

ទិន្នន័យចំនួនជនរងគ្រោះដែលបានស្លាប់ក្នុងរបបខ្មែរក្រហម គឺមានការប៉ាន់ស្មានខុសៗគ្នា។ ទិន្នន័យ​មួយចំនួនបានបង្ហាញថាចំនួនជនរងគ្រោះស្លាប់បាត់បង់ជីវិត មានរហូតដល់២លាននាក់ ឬក៏ខ្ពស់ជាងនេះ។ អ្នកជំនាញល្បីល្បាញខាងប្រវត្តិសាស្ត្រ បានប៉ានស្មានតាមលក្ខណៈវិទ្យាសាស្ត្រថា មានប្រជាជនប្រមាណ១លាន៧សែននាក់ ​បានស្លាប់បាត់បង់ជីវិត ក្នុងចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ គឺប្រហែលជា២១ភាគរយនៃចំនួនប្រជាជនកម្ពុជាទាំងអស់។ ជនរងគ្រោះទាំងនោះ បានស្លាប់ដោយសារជម្ងឺ គ្មានថ្នាំព្យាបាល និងសេវាសុខភាព អត់ឃ្លាន សម្លាប់ និងធ្វើការហួសកម្លាំង។
(សម្រាប់ព័ត៌មានបន្ថែមសូម ចូលទៅកាន់គេហទំព័រ របាយការណ៍សាលាក្តីខ្មែរក្រហម)

កម្ពុជាប្រជាធិបតេយ្យ

និម្មិតសញ្ញានៃរបបកម្ពុជាប្រជាធិបតេយ្យ។
ប្រភព៖ ប័ណ្ណសារនៃមជ្ឈមណ្ឌលឯកសារកម្ពុជា

កម្ពុជាប្រជាធិបតេយ្យ គឺជាឈ្មោះរដ្ឋរបស់ខ្មែរក្រហមក្នុងរយៈពេលគ្រប់គ្រងប្រទេសកម្ពុជា ជារដ្ឋមាន​គណៈបក្សតែមួយ​ និងផ្ដាច់ការដែលបានបង្កើតឡើងក្នុងចន្លោះ​ពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ បន្ទាប់ពីកងកម្លាំងខ្មែរក្រហមទទួលបានជ័យជំនះលើរបបសាធារណរដ្ឋខ្មែរ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។​ នៅពេលបក្ស​កុម្មុយនិស្ដកម្ពុជា អនុម័តរដ្ឋធម្មនុញ្ញដែលបានបើកឱកាសឲ្យមានការបោះឆ្នោត និងកសាងនីតិបញ្ញត្តិ បែរជាអំណាចទាំងអស់ត្រូវស្ថិតនៅក្នុងដៃមេដឹកនាំ កម្ពុជាប្រជាធិបតេយ្យទៅវិញ។ កម្ពុជាប្រជាធិបតេយ្យ ត្រូវបាន​បែង​ចែក​ជា​៧ភូមិភាគ និង២តំបន់ពិសេស ហើយរបបនេះមិនមានតុលាការ ចៅក្រម ច្បាប់ ឬការជំនុំជម្រះ​អី្វទាំងអស់។ របបកម្ពុជាប្រជាធិបតេយ្យបាន​ដួល​​រលំនៅពេលកងទ័ពវៀតណាមវាយលុកប្រទេសកម្ពុជានៅចុងឆ្នាំ១៩៧៨ រហូត​ដល់បានរំដោះទីក្រុងភ្នំពេញនៅថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។

(សម្រាប់ព័ត៌មានបន្ថែម សូមអាន“អំពើប្រល័យពូជសាសន៍ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា”​និពន្ធដោយ​លោក Ben Kiernan)
សម្លេង៖ ភ្លេងជាតិរបស់កម្ពុជាប្រជាធិបតេយ្យ

ការអប់រំ

ក្មេងៗកំពុងរៀនពីការច្រូតកាត់។ រូបថត៖ ជេ ខូហ្វម៉ាន់។
ប្រភព៖ ប័ណ្ណសារនៃមជ្ឈមណ្ឌលឯកសារកម្ពុជា

របបខ្មែរក្រហមបានលប់បំបាត់វិស័យអប់រំជាផ្លូវការ។ ដូច្នេះរាល់ការអប់រំទាំងអស់ត្រូវបានធ្វើឡើងនៅក្រៅសាលារៀន ឬនៅក្រោមផ្ទះប្រជាជន។ គ្រូបង្រៀនគឺជាកសិករដែលមានចំណេះដឹងតិចតួច។ ពាក្យស្លោកខ្មែរក្រហមបាននិយាយ​ថា៖ “ការសិក្សាគឺ​មិនមានសារៈសំខាន់អ្វីទេ។ អី្វដែលសំខាន់នោះគឺការធ្វើការ ងារ និងបដិវត្តន៍”។ ការអប់រំភាគច្រើនគឺជាការរៀនសូត្រ និងបំពាក់បំប៉ននយោបាយ។ ខ្មែរក្រហមចង់ឲ្យ ក្មេងៗធ្វើការជាជាងរៀនសូត្រ។ ខ្មែរក្រហមតែង​តែបំបែកក្មេងៗចេញពីក្រុមគ្រួសារ ហើយដាក់នៅក្នុងកងកុមារឲ្យធ្វើការងារដោយជួនកាលបំពាក់អាវុធឲ្យចូលសមរភូមិផង។

(សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់សៀវភៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិប តេយ្យ (១៩៧៥-១៩៧៩) ជំពូក៧)

សត្រូវអង្គការ

តន្ត្រីកម្ពុជាពីទសវត្សន៍១៩៦០និង១៩៧០ គឺមានភាពល្បីល្បាញ។ ប៉ុន្តែអ្នកចម្រៀងនិងអ្នកសំដែង គឺជាមុខសញ្ញារបស់ខ្មែរក្រហម។
ប្រភព៖ ប័ណ្ណសារនៃមជ្ឈមណ្ឌលឯកសារកម្ពុជា

ផ្នត់គំនិតនៃ“ភាពបរិសុទ្ធ” គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ខ្មែរក្រហម។ គំនិតនេះសំដៅទៅលើតែប្រភេទ“មនុស្សបរិសុទ្ធ”តែប៉ុណ្ណោះ ដែលអាចធ្វើបដិវត្តបាន ប៉ុន្តែមនុស្សគ្រប់គ្នាក៏ទទួលរងគ្រោះ ដោយសារតែគំនិតនេះដែរ។​ បើនរណាម្នាក់ ឬក្រុមណាមួយមិនមានភាពបរិសុទ្ធ អ្នកទាំងនោះត្រូវបានចាត់ទុកថាជាសត្រូវ។ បញ្ជីរាយឈ្មោះមនុស្សដែលជាសត្រូវអង្គការ គឺមានចំនួនច្រើនទំព័រ ដែលមានរាប់បញ្ចូលទាំងបញ្ញវន្ត សិល្បៈករ អតីតមន្ត្រីរដ្ឋការនៃរបបសាធារណៈរដ្ឋខ្មែរ ជនជាតិភាគតិច សេអ៊ីអា និងអ្នក​ពាក់ព័ន្ធផ្សេងទៀត។ បើអង្គការសម្គាល់ឃើញថា បុគ្គលណាមួយជាសត្រូវហើយនោះ អង្គការនឹងយកបុគ្គលនោះទៅសម្លាប់ចោល​។​​

(សម្រាប់ព័ត៌មានបន្ថែម សូមអានសៀវភៅប្រវត្តិសាស្រ្តកម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ជំពូក៨)

ការជម្លៀសប្រជាជនចេញពីទីក្រុង

ទីក្រុងភ្នំពេញក្លាយជាទីក្រុងគ្មានមនុស្សរស់នៅ។
ប្រភព៖ ប័ណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

កងទ័ព​ខ្មែរ​ក្រហម បានបង្ខំប្រជាជនដែលរស់នៅក្នុងទីក្រុងភ្នំពេញប្រមាណជិត២លាននាក់ ឲ្យចាកចេញពីផ្ទះសម្បែង ដោយអះអាងមិនពិតថា នឹងមានការទម្លាក់គ្រាប់បែកមកលើទី​ក្រុង។ ការជម្លៀសធ្វើឡើងដោយមិនមានការលើកលែងអ្វីឡើយ សូម្បីតែមនុស្សចាស់ អ្នកជម្ងឺ និងស្រ្តីមានផ្ទៃពោះ ក៏ត្រូវចាកចេញដែរ។ ​ខ្មែរក្រហមបានបំបែកក្មេងៗចេញពីឪពុកម្ដាយ ហើយប្រជាជនរាប់ពាន់នាក់បានស្លាប់ក្នុងអំឡុងពេលជម្លៀសដោយបង្ខំនេះ ដោយសារតែមិនមានការព្យាបាលតាមលក្ខណៈវេជ្ជសាស្រ្តត្រឹមត្រូវ និងមិនមានអាហារគ្រប់គ្រាន់។ អ្នកទីក្រុង ត្រូវបានផ្លាស់ទៅរស់នៅតំបន់ដាច់ស្រយាលដើម្បីធ្វើកសិកម្ម។ ចំណែកប្រជាជន​​រស់នៅតាមទីប្រជុំជននានា ដែលបានគ្រប់គ្រងដោយរបបសាធារណៈរដ្ឋខ្មែរ ក៏ត្រូវបានជម្លៀស ចេញដែរ។ ចំពោះខ្មែរក្រហម ទីក្រុងគឺជាទីកន្លែងមិនល្អ។​ ជាការពិត ភ្នំពេញបានក្លាយជាទីក្រុងខ្មោច គឺមានតែកម្មាភិបាលខ្មែរក្រហម កងទ័ព និង​កម្មករ ប្រមាណពី៣ ទៅ៤ពាន់នាក់ប៉ុណ្ណោះដែលរស់នៅក្នុងទីក្រុង។

(សម្រាប់ព័ត៌មានបន្ថែមសូមអាន សៀវភៅប្រវត្តិសាស្រ្តកម្ពុជា​ប្រជាធិបតេយ្យជំពូក៨)

វីដេអូ៖ ភ្នំពេញ-ទីក្រុងខ្មោច

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬសាលាក្ដីខ្មែរក្រហម

តុលាការខ្មែរក្រហម ដែលត្រូវបានស្គាល់ជាផ្លូវការថាជា អង្គជំនុំជម្រះវិសាមញ្ញនៅក្នុងតុលការកម្ពុជា (អវតក) ក្នុងឆ្នាំ២០០៥។
ប្រភព៖ ប័ណ្ណសារនៃមជ្ឈមណ្ឌលឯកសារកម្ពុជា

នៅឆ្នាំ១៩៩៧ រាជរដ្ឋាភិបាលកម្ពុជាបានស្នើសុំជំនួយពីអង្គការសហប្រជាជាតិ ដើម្បីបង្កើត​តុលាការ​ពិសេស​មួយ​ដែល​​សព្វ​ថ្ងៃ​គេ​ស្គាល់​ថាជា​ «​អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា សាលាក្ដីខ្មែរក្រហម​»​ ដើម្បី​​​​​នាំយកមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមមកកាត់ទោស។ នៅ​​​​ឆ្នាំ​២០០៦ ចៅក្រម បានចូលស្បថកាន់តំណែងក្នុង​តុលាការ​នេះ​។ រហូត​មក​​ដល់សព្វ​ថ្ងៃ​​ សាលា​ក្តីខ្មែរ​ក្រ​ហម​នេះ​ ​បានកាត់ទោសបុគ្គល​ចំនួន៣រូប​គឺ កាំង ហ្គេកអ៊ាវ ហៅ ឌុច, នួន ជា និង ខៀវ សំផន។ ​អ្នកទាំងនេះត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត។ ប៉ុន្តែសំណុំរឿងរបស់ នួន ជា និងខៀវ សំផន ត្រូវបានប្ដឹងឧទ្ធរណ៍។ តុលាការបានចោទប្រកាន់មនុស្សចំនួន៣នាក់បន្ថែមទៀត ទាក់ទងហ្នឹងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិគឺ មាស មុត ជាអតីតមេបញ្ជាការកងទ័ពជើងទឹកខ្មែរក្រហម អឹម ចែម ជាអតីតគណៈស្រុក និងតាអាន ជាអតីតអនុលេខាតំបន់។ នៅខែធ្នូឆ្នាំ២០១៥ យិម ទិត្យ ហៅ តាទិត្យ ដែលជាអតីតអនុលេខាតំបន់ ត្រូវបានចោទប្រកាន់រួមបញ្ចូលទាំងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ផង។​

(សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ គេហទំព័រអង្គជំនុំជម្រៈវិសាមញ្ញក្នុងតុលាការកម្ពុជា​(ECCC)

វីដេអូ៖ ចៅក្រមនៃអង្គជំនុំជម្រះវិសាមញ្ញនៅក្នុងតុលាការកម្ពុជា ប្រកាសពីសាលក្រមប្រឆាំងនឹងករណីកាំង ហ្កេកអ៊ីវ ហៅ ឌុច