របបកុម្មុយនិស្ដម៉ាក្សនិយម ដែលដឹកនាំដោយ ប៉ុល ពត បានគ្រប់គ្រងប្រទេសកម្ពុជាចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ ត្រូវតែទទួលខុសត្រូវចំពោះការស្លាប់ប្រជាជនកម្ពុជាប្រមាណ២លាននាក់ ដោយសារការសម្លាប់ ធ្វើការហួសកម្លាំង ភាពអត់ឃ្លាន និងជម្ងឺ។ គោលបំណងរបស់ខ្មែក្រហម គឺផ្លាស់ប្ដូរប្រទេសកម្ពុជាឲ្យក្លាយទៅជាប្រទេសកសិកម្មជឿនលឿន។ ខ្មែរក្រហម បានជម្លៀសប្រជាជនរាប់លាននាក់ចេញពីទីក្រុង និងបានផ្លាស់ប្ដូរជីវិតប្រជាជនឲ្យទៅជាជីវិតកសិករ ដែលតម្រូវឲ្យធ្វើពលកម្មធ្ងន់ៗ និងដោយបង្ខំ ព្រមទាំងបានលប់បំបាត់រូបិយវត្ថុ និងកម្មសិទ្ឋិឯកជនរបស់ប្រជាជន។ ខ្មែរក្រហម បានព្យាយាមបំបែកទំនាក់ទំនងក្រុមគ្រួសារទាំងអស់ព្រមទាំងស្ថាប័នសង្គមនានា ដោយលើកឡើងថា ភាពស្មោះត្រង់ដែលគួរតែត្រូវបានពង្រីកនៅក្នុងអង្គការ ដែលក្រោយមកបានបង្ហាញយ៉ាងច្បាស់ថាជា បក្សកុម្មុយនិស្តកម្ពុជា។ កម្ពុជាបានវិលទៅរកយុគ្គសម័យមួយ ដែលហៅថា “ឆ្នាំសូន្យ”។
ខ្មែរក្រហម បានកើតចេញពីចលនាកុម្មុនិស្ដមួយក្នុងអំឡុងពេលតស៊ូប្រឆាំងនឹងអាណានិគមនិយមបារាំងក្នុងទសវត្សទី៤០។ រយៈពេលជាង២០ឆ្នាំក្រោយមក ចលនានេះបានវិវត្តន៍ធំឡើងៗតាមរយៈការទទួលយកមនោគតិបដិវត្តន៍ និងក្រោមជួយជ្រោមជ្រែងរបស់យុវជនកម្ពុជា ដែលបានសិក្សានៅទីក្រុង ប៉ារីស ក្នុងនោះមាន ប៉ុល ពត, អៀង សារី និង ខៀវ សំផន។បន្ទាប់ពីវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ និស្សិតកម្ពុជាទាំងនោះបានលាក់ខ្លួន និងចាប់ផ្ដើមបង្កើតកម្លាំងទ័ពព្រៃ។ ក្រោយពីរដ្ឋប្រហាររបស់សេនាប្រមុខ លន់ នល់ នៅឆ្នាំ១៩៧០ ខ្មែរក្រហមបានចាប់ផ្ដើមធ្វើសង្រ្គាមស៊ីវិលប្រឆាំងរបបសាធារណរដ្ឋខ្មែរ ដែលគាំទ្រដោយសហរដ្ឋអាមរិក។ បន្ទាប់ពីមានការទម្លាក់គ្រាប់បែកជាងកន្លះលានតោនរបស់របបសាធារណរដ្ឋខ្មែរមកលើទឹកដីជនបទនៃប្រទេស ចលនាខ្មែរក្រហម បានទទួលការគាំទ្រពីប្រជាជនកាន់តែខ្លាំងឡើង។ ទីបំផុតខ្មែរក្រហមបានវាយដណ្ដើមយកទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ហើយបានបង្កើតរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ។
រយៈកាល៤ឆ្នាំក្រោយមក កងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ក្រោមការឧបត្ថម្ភពីវៀត ណាមបានវាយបណ្តេញរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យឲ្យបរាជ័យទាំងស្រុងនៅខែមករាឆ្នាំ១៩៧៩ ហើយប្រទេសក្រោយសង្រ្គាមមួយនេះ បានព្យាយាមចាប់ផ្ដើមកសាងប្រទេសឡើងវិញ។ ចំណែកកងទ័ពខ្មែរក្រហម បានចាប់ផ្ដើមកសាងកម្លាំងរបស់ខ្លួនឡើងវិញក្នុងព្រៃតាមបណ្ដោយព្រំដែនថៃ និងបានបន្តការប្រឆាំងតទល់ជាមួយរដ្ឋាភិបាលរហូតដល់ឆ្នាំ១៩៩៨។
វីដេអូ៖ ប្រទេសកម្ពុជា និងខ្មែរក្រហម
សម្លេង៖ “ចូលរួមចែករំលែកក្នុងការកសាងជាតិ ក្រោមអង្គការបដិវត្តន៍ដ៏ឈ្លាសវៃ” (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)
https://soundcloud.com/user-154457099/khmer-rouge