អាជ្ញាធរអន្តរកាលសហប្រជាជាតិប្រចាំនៅកម្ពុជា (អ៊ុនតាក់) បានរៀបចំការបោះឆ្នោត ដែលធ្វើឡើងចាប់ពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៨ ខែឧសភា។ ប្រជាជនកម្ពុជាដែលមានសិទ្ធបោះឆ្នោតប្រហែល៩០ភាគរយ បានចូលរួមក្នុងដំណើរការបោះឆ្នោត បើទោះបីជាមានការរំខានពីកងកម្លាំងខ្មែរក្រហម ដើម្បីបង្អាក់ប្រជាជនកុំឲ្យទៅបោះឆ្នោតក៏ដោយ។ ដំណើរការនេះ បានបង្កើតឲ្យមានលទ្ធិប្រជា ធិបតេយ្យនៅក្នុងក្របខណ្ឌនៃរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ហើយសម្តេចព្រះ នរោត្តម សីហនុ ឡើងគ្រងរាជជាព្រះមហាក្សត្រ។ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ធ្វើជានាយករដ្ឋមន្រ្តីទី១ ខណៈសម្តេច ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តីទី២។
ប៉ុល ពត ត្រូវនាំយកមកកាត់ទោសដោយខ្មែរក្រហម
ជម្លោះផ្ទៃក្នុងបណ្ដាលឲ្យមានការបែកបាក់នៅក្នុងកងកម្លាំងដែលនៅសេសសល់និងស្មោះស្ម័គ្ររបស់ខ្មែរក្រហម។ ប៉ុល ពត ត្រូវបានចាប់ខ្លួនដោយអតីត កម្មាភិបាលខ្មែរក្រហម ហើយត្រូវបាននាំយកមកកាត់ទោស។ ប៉ុល ពត ត្រូវបានកាត់ទោសឲ្យជាប់ឃុំឃាំងនៅក្នុងផ្ទះអស់មួយជីវិត។
ប៉ុលពត បានទទួលមរណភាព
ប៉ុល ពត បានស្លាប់ក្នុងអាយុ៧២ឆ្នាំ នៅក្នុងព្រៃដែលជាកន្លែងលាក់ខ្លួនរបស់គាត់នៅអន្លង់វែង។ ប៉ុល ពត ត្រូវបានទម្លាក់ចេញពីតំណែងជាមេដឹកនាំខ្មែរ ក្រហម។ ប៉ុន្មានថ្ងៃក្រោយពីទទួលមរណភាព សពរបស់ ប៉ុល ពត ត្រូវបានបូជា
កិច្ចព្រមព្រៀងស្ដីពីការបង្កើតតុលាការ
កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ បានឈានដល់ដំណាក់កាលបង្កើតច្បាប់ ដើម្បីជំនុំជម្រះក្តីប្រឆាំងនឹងមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម និងស្វែងរកយុត្តិធម៌។ កិច្ចព្រមព្រៀងនេះ ត្រូវបានផ្តល់សច្ចាប័នមួយឆ្នាំក្រោយ។
ការធ្វើសច្ចាប្រណិធានកាន់តំណែង
ចៅក្រមនិងសហព្រះរាជអាជ្ញាជាតិ និងអន្តរជាតិ បានស្បថចូលកាន់តំណែងនៅក្នុងសាលាក្តីកាត់ទោសខ្មែរក្រហម ឬ “អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អវតក)”។
ឌុច ត្រូវបានកាត់ទោសពីបទឧក្រិដ្ឋ
សាលាក្តីកាត់ទោសខ្មែរក្រហម បានកាត់ទោស កាំង ហ្កេកអ៊ាវ ហៅ សមមិត្ត ឌុច ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងជាប់ពន្ធនាគាររយៈពេល៣៥ឆ្នាំ។ ឌុច គឺជាប្រធានមន្ទីរសន្តិសុខ “ស-២១” នៅទីក្រុងភ្នំពេញ។ ក្រោយមក ឌុច ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត។
នួន ជា និងខៀវ សំផន ជាប់ទោសមួយជីវិត
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អវតក) បានកាត់ទោស នួន ជា អតីតអនុលេខាបក្សកុម្មុយនិស្តកម្ពុជា និង ខៀវ សំផន អតីតប្រមុខរដ្ឋនៅក្នុងរបបខ្មែរក្រហម ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងតម្រូវឲ្យជាប់ពន្ធនាគារអស់មួយជីវិត។
អៀង ធីរិទ្ធ បានទទួលមរណភាព
អៀង ធីរិទ្ធ កម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហម ដែលត្រូវបានចាត់ទុកថាជា “ស្រ្តីទី១នៅក្នុងរបបខ្មែរក្រហម” បានទទួលមរណភាពក្នុងអាយុ៨៣ឆ្នាំ នៅក្នុងខេត្តប៉ៃលិន។ ទោះបីជាមូលហេតុនៃការស្លាប់របស់ អៀង ធីរិទ្ធ មិនត្រូវបានបង្ហាញជាសាធារណៈ ប៉ុន្តែគាត់មានជំងឺវង្វេងស្មារតីអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។ នៅឆ្នាំ២០១១ ស្ថានភាពជម្ងឺរបស់ អៀង ធីរិទ្ធ បានជំរុញឲ្យអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ចាត់ទុកសំណុំរឿងរបស់គាត់ថា មិនមានស្មារតីគ្រប់គ្រាន់ដើម្បីចូលរួមក្នុងសវនាការឡើយ។
ប្រវត្តិរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា(DC-Cam)
មជ្ឈមណ្ឌលឯកសារកម្ពុជាគឺជាកន្លែងតម្កល់ឯកសារអំពីរបបកម្ពុជាប្រជាធិបតេយ្យធំបង្អស់នៅលើសាកលលោក។ គោលបំណងរបស់យើងគឺធ្វើការកត់ត្រា និងរក្សាទុកប្រវត្តិសាស្ត្រនៃរបបខ្មែរក្រហម សម្រាប់មនុស្សជំនាន់ក្រោយ និងដើម្បី ប្រមូលផ្តុំព័ត៌មានសម្រាប់ប្រើប្រាស់ជាភស្តុតាងសក្តានុពលផ្នែកច្បាប់អំពីឧក្រិដ្ឋកម្មរបស់ខ្មែរក្រហម។
បេសកកម្ម៖ ភាពមិនលំអៀង និង ការស្រាវជ្រាវជាក់លាក់ពីប្រវត្តិសាស្រ្តនៃរបបខ្មែរក្រហម។ មជ្ឈមណ្ឌលឯកសារកម្ពុជា គឺជាអង្គការមិនស្វែងរកប្រាក់ចំណេញ និងមិនមែនរដ្ឋាភិបាល ឬនយោបាយទេ ហើយក៏មិនមែនជាអង្គភាពតុលាការដែរ។ ផ្ទុយទៅវិញ អង្គការនេះគឺជាប្រភពព័ត៌មានដ៏សំខាន់មួយសម្រាប់អ្នកសិក្សា មេធាវី សកម្មជន និងសាធារណជន។ បច្ចុប្បន្ន មជ្ឈមណ្ឌលឯកសារកម្ពុជាកំពុងធ្វើប្រតិបត្តិការទាំងស្រុងដោយជនជាតិកម្ពុជា ដោយមានការគាំទ្រពីសំណាក់បញ្ញវន្ត និងអ្នកជំនាញនៅសហរដ្ឋអាមេរិក អឺរ៉ុប និងអាស៊ី។
មជ្ឈមណ្ឌលឯកសារកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៥ ជាការិយាល័យស៊ើបអង្កេតមួយនៃកម្មវិធីស្តីពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា នៃសាកលវិទ្យាល័យ យែល សហរដ្ឋអាមេរិក។ ក្រោមការដឹកនាំរបស់លោក ឆាំង យុ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មជ្ឈមណ្ឌលនេះ បានក្លាយជាស្ថាប័នស្រាវជ្រាវឯករាជ្យ នៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៩៧។
សកម្មភាពរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា រួមមានការចំណាត់ប្រភេទឯកសារខ្មែរក្រហម កិច្ចសម្ភាសន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងអតីតកម្មាភិបាលខ្មែរក្រហម និងការផ្តល់ភស្តុតាងសំខាន់ៗដល់តុលាការកាត់ទោសមេដឹកនាំខ្មែរក្រហមដែលសហការជាមួយអង្គការសហប្រជាជាតិ។
មជ្ឈមណ្ឌលឯកសារកម្ពុជា បានប្រមូល និងដៅផែនទីគុកខ្មែរក្រហមចំនួន១៩៦ រណ្តៅសាកសពចំនួន១៩៤០៣ និងស្តូបរំឭកអំពីអំពើប្រល័យពូជសាសន៍ចំនួន៨១ នៅក្នុងប្រទេសកម្ពុជា។ យើងបានធ្វើការ ចំណាត់ប្រភទឯកសារខ្មែរក្រហមបឋមចំនួនប្រមាណ១៥៥០០០ទំព័រ និងរូបថតជាង៦០០០សន្លឹក។
ប៉ុន្តែបណ្ណសារមួយផ្នែកធំរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា មិនទាន់ត្រូវបានរៀបចំនៅឡើយទេ ក្នុងនោះរួមមានឯកសារបន្ថែមជាង៤០០០០០សន្លឹក និងបរិក្ខាប្រភេទផ្សេងៗជាច្រើនទៀត។
មជ្ឈមណ្ឌលឯកសារកម្ពុជា បានបង្កើតកម្មវិធីស្តីពីការសិក្សាពីអំពើប្រល័យពូជសាសន៍ ដែលនាំឲ្យមានការប្រើប្រាស់សៀវភៅសិក្សាប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ និងសម្ភារៈសិក្សាដទៃទៀតនៅវិទ្យាល័យ និងសាកលវិទ្យាល័យទូទាំងប្រទេស។
អនាគតរបស់យើង ៖ សង្គមមួយដែលមិនមានការចងចាំដ៏ត្រឹមត្រូវពីប្រវត្តិសាស្ត្រខ្លួន សង្គមនោះនឹងមិនអាចស្គាល់ពីខ្លួនឯងឡើយ។ ហេតុដូច្នេះហើយ ទើបមជ្ឈមណ្ឌលឯកសារកម្ពុជាខិតខំប្រឹងប្រែងស្តារប្រវត្តិសាស្ត្របែបទំនើបរបស់ប្រទេសកម្ពុជា ដែលភាគច្រើនត្រូវបានបំផ្លាញដោយភ្លើងសង្គ្រាម និងអំពើប្រល័យពូជសាសន៍។ ការផ្តោតទិសដៅរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាទៅលើការចងចាំ និងយុត្តិធម៌ ប៉ុនប៉ងផ្តល់ជាជំនួយបន្ថែមដល់ប្រជាជនកម្ពុជា ក្នុងការស្វែងរកនូវការពិតដែលការផ្សះផ្សាជាតិដ៏ពិតប្រាកដមួយ។
មជ្ឈមណ្ឌលឯកសារកម្ពុជា មានកិច្ចការជាច្រើនទៀតដែលត្រូវបំពេញ ហើយយើងក៏កំពុងតែសម្លឹងមើលពីផ្លូវឆ្ពោះទៅមុខ។ វិទ្យាស្ថានស្លឹករឹត ដែលជាគ្រឹះស្ថានអចិន្ត្រៃយ៍ សម្រាប់សិក្សាអំពីប្រវត្តិសាស្ត្រប្រទេសកម្ពុជា បានចូលរួមចំណែកដឹកនាំប្រទេសជាតិទៅកាន់អនាគតមួយដែលសន្តិភាព និងចម្រុងចម្រើនជាងមុន។
បណ្តាំចុងក្រោយ
ប៉ូច យួនលី ធ្លាប់ធ្វើជាគ្រូអធិការកិច្ចមួយរូប និងរស់នៅជាមួយគ្រួសារមួយ ដែលមានសមាជិក១០នាក់ មុនពេលខ្មែរក្រហមគ្រប់គ្រងប្រទេសកម្ពុជាទាំងមូលនៅឆ្នាំ១៩៧៥។ នៅក្នុងរបបខ្មែរក្រហម ប្រសិនបើជនណាម្នាក់ហ៊ានលួចកត់ត្រាសំណៅអ្វីមួយ ជននោះអាចនឹងត្រូវស្លាប់។ ប៉ុន្តែ យួនលី បានព្យាយាមប្រថុយប្រថាននឹងគ្រោះថ្នាក់ក្នុងការសរសេរចងក្រងជីវិតរបស់ខ្លួនសម្រាប់កូនចៅរបស់គាត់។ សៀវភៅកំណត់ហេតុរបស់ យួនលី ត្រូវបានផ្សព្វផ្សាយជាសាធារណៈលើកដំបូងកាលពីឆ្នាំ២០១៣។ សៀវភៅកំណត់ហេតុរបស់គាត់បានឆ្លុះបញ្ចាំងអំពីការលះបង់របស់ឪពុកម្នាក់នៅក្នុងជំពូកដ៏ខ្មៅងងឹតនៃប្រវត្តិសាស្រ្តមួយ។
នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៣ បន្ទាប់ពីការបញ្ចាំងខ្សែភាពយន្តឯកសារមួយបានបញ្ចប់ បុរសចំណាស់ម្នាក់បានដើរលបៗស្ងាត់ៗទៅជួបលោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា។ គាត់កាន់សៀវភៅកំណត់ហេតុមួយក្បាល ដែលសន្លឹកសៀវភៅបានប្រែទៅជាពណ៌លឿង ដោយសារតែអាយុរបស់សៀវ ភៅនោះ។ សៀវភៅនោះគឺជាកំណត់ហេតុរស់ និយាយអំពីរឿងរ៉ាវរបស់បុរសម្នាក់ដែលជាជនរងគ្រោះនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ កូនស្រីនិងកូនប្រសាររបស់ម្ចាស់កំណត់ហេតុ បានប្រគល់សៀវភៅកំណត់ហេតុ របស់ឪពុកខ្លួនឲ្យមជ្ឈមណ្ឌលឯកសារកម្ពុជា ដោយសង្ឃឹមថា មជ្ឈមណ្ឌលឯកសារកម្ពុជានឹងថែរក្សាសៀវភៅកំណត់ហេតុនេះមិនឲ្យបាត់បង់។ គំហើញនេះ គឺជារឿងមួយដែលកម្រនឹងប្រទះ។ បើទោះបីជាសៀវភៅកំណត់ហេតុជាច្រើនដែលបានសរសេរ និងចងក្រងឡើងនៅក្នុងរបបខ្មែរក្រហម នៅសេសសល់មកដល់សព្វថ្ងៃ ក៏សៀវភៅកំណត់ហេតុទាំងអស់នោះ ភាគច្រើនជាសៀវភៅកំណត់ហេតុរបស់កម្មាភិបាលខ្មែរក្រហម ដែលកត់ត្រាអំពីវគ្គសិក្សារៀនសូត្ររបស់ខ្លួនតែប៉ុណ្ណោះ។ នៅក្នុងរបបមួយដែលការសរសេរកត់ត្រាអាចនឹងត្រូវបានដាក់ទោស និងជាប់សង្ស័យផ្នែកនយោបាយ មនុស្សមួយចំនួនតូចណាស់ដែលហ៊ានប្រថុយប្រថាននឹងពលីជីវិតខ្លួនឯង និងជីវិតរបស់ក្រុមគ្រួសារ ដើម្បីសរសេរកត់ត្រាអំពីជីវិតខ្លួនឯងទុក។ ជាក់ស្តែង លោកគ្រូផ្នែកអធិការបឋមសិក្សា ប៉ូច យួនលី ត្រូវបានចាប់ខ្លួន និងស្លាប់នៅក្នុងគុកមួយរបស់ខ្មែរក្រហម ដោយសារតែខ្មែរក្រហមបានរកឃើញរូបថតមួយចំនួនរបស់គាត់ ដែលបានបង្ហាញអំពីជីវប្រវត្តិរបស់គាត់។ កំណត់ត្រានេះ គឺជាសម្លេងមួយពីប្រវត្តិសាស្រ្ត ដែលជំនះនឹងការលប់បំបាត់។ នេះក៏ប្រហែលជាហេតុផលមួយ ដែលជម្រុញ លោក ប៉ូច យួនលី ឲ្យហ៊ានប្រឈមនឹងគ្រោះថ្នាក់ដែលអាចកើតឡើងមកលើគាត់ និងក្រុមគ្រួសាររបស់គាត់ នៅពេលដែលគាត់កត់ត្រានិងចងក្រងអំពីជីវិតរបស់គាត់ទុក។ កំណត់ត្រា នេះបានឆ្លុះបញ្ចាំងអំពីអនុស្សាវរីយ៍ទាំងឡាយដែលគាត់ដឹងថា គាត់នឹងមិនអាចមានជីវិតរស់ ដើម្បីចែករំលែកដល់ក្មេងជំនាន់ក្រោយនោះឡើយ។
នៅក្នុងសៀវភៅកំណត់ហេតុរបស់គាត់ លោក យួនលី បានពិពណ៌នាអំពីពង្សាវតាគ្រួសាររបស់គាត់ ការសិក្សាអប់រំ និងវិជ្ជាជីវៈរបស់គាត់ចាប់ពីសម័យអាណានិគម រហូតដល់ការទទួលបានឯករាជ្យជិតពីរទសវត្សរ៍មុននឹងការចូលមកដល់នៃសង្រ្គាម និងបដិវត្តន៍។ គាត់បានសរសេររៀបរាប់ អំពីការតស៊ូរើបំរះរបស់គាត់ចេញពីភាពក្រីក្រ ភាពជោគជ័យរបស់គាត់ ការរៀបការជាមួយប្រពន្ធរបស់គាត់ដែលមានអាយុ១៥ឆ្នាំ និងការកសាងគ្រួសាររបស់គាត់។ ការរៀបរាប់នេះបានបង្ហាញឲ្យឃើញ ជីវិតរបស់ប្រជាជនកម្ពុជាមុនពេលដែលសង្រ្គាមបានឆាបឆេះ។ យួនលី មានបងប្អូនបីនាក់។ គាត់កើត នៅក្នុងគ្រួសារកសិករមួយ នៅភូមិភ្នំដិល ឃុំតាំងក្រាំង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ដូចគ្នានឹងក្មេងប្រុសដទៃដែលមានអាយុស្រករនឹងគាត់ និងមានជីវភាពលំបាកផងនោះ យួនលី បានចាកចេញពីភូមិកំណើតរបស់គាត់ទៅរស់នៅវត្ត ដើម្បីសិក្សារៀនសូត្រនៅទីក្រុង មុនពេលដែលគាត់បញ្ចប់វគ្គ បណ្តុះបណ្តាលគ្រូបង្រៀន ឯកទេសអប់រំកាយ។ នៅឆ្នាំ១៩៤៣ គាត់បានចូលបម្រើការនៅក្នុងក្រសួងអប់រំ និងបានចូលរួមកម្មសិក្សាទៅកាន់ប្រទេសហ្វីលីពីន នៅឆ្នាំ១៩៥៧ និងសហរដ្ឋអាមេរិក នៅឆ្នាំ១៩៦១។
នៅឆ្នាំ១៩៤៥ គាត់បានរៀបការជាមួយ សោម សេងអៀត មានស្រុកកំណើតនៅឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ គាត់មានកូន១០នាក់ រួមមាន ១) ប៉ូច សានីទី ២) ប៉ូច ស៊ីវានា ៣) ប៉ូច សុរិយា ៤) ប៉ូច សុនីមិត្រ ៥) ប៉ូច សុរស្មី ៦) ប៉ូច សុវិចិត្រ ៧) ប៉ូច វិសិដ្ឋនារី ៨) ប៉ូច វឌ្ឍនាការ ៩) ប៉ូច សុចិន្តាមុនី និង១០) ប៉ូច វិបុលជាតិ។ កូនស្រីរបស់គាត់ឈ្មោះ វិសិដ្ឋនារី ដែលបានប្រគល់កំណត់ហេតុរបស់ឪពុក[ឲ្យមជ្ឈមណ្ឌលឯកសារកម្ពុជា] បន្ទាប់ពីឪពុកគាត់បានបាត់ខ្លួនអស់រយៈពេលជិត៣៥ឆ្នាំ។ លោក ប៉ូច យួនលី ចាប់ផ្តើមចងក្រងបទពិសោធន៍របស់គាត់បន្ទាប់ពីខ្មែរក្រហមបានជម្លៀសក្រុមគ្រួសាររបស់គាត់ចេញពីកំពង់ចាម ទៅកាន់ភូមិជំទាវជ្រែង។ នៅថ្ងៃទី១ ខែ សីហា ឆ្នាំ១៩៧៦ គាត់ត្រូវបានអង្គការហៅឲ្យជួយលើកដើមត្នោតមួយដើមដែលបានរលំលើស្រែ។ គាត់បានបាត់ខ្លួនចាប់តាំងពីថ្ងៃនោះមក។ នៅក្នុងកំណត់ហេតុរបស់គាត់ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ១៩៧៦ នៅភូមិជំទាវជ្រែង គាត់បានរៀបរាប់ទៅកាន់«កូនជាទីស្រឡាញ់ និងជាទីនឹករលឹក សានីទី និងស៊ីវានា» និងការរៀបរាប់ពីរផ្សេងទៀតនៅថ្ងៃទី២៩ ខែកុម្ភៈ និងថ្ងៃទី១ ខែសីហា ឆ្នាំ១៩៧៦ លោក យួនលី បានពិពណ៌នាអំពីការបំបែកគាត់ចេញពីកូនរបស់គាត់ពីរនាក់ ការបាត់បង់ និងការឈឺចាប់របស់គាត់នៅក្នុងរបបខ្មែរក្រហម។