វេទិកាថ្នាក់រៀនស្តីពីសារសំខាន់នៃការសិក្សាប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ នៅវិទ្យាល័យ ជា ស៊ីម ចំរើនរដ្ឋ

ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ មជ្ឈមណ្ឌលឯកសារកម្ពុជា សហការជាមួយ​ក្រសួង​អប់រំ យុវជន និងកីឡា បានបើកវេទិកាថ្នាក់រៀនមួយស្តីអំពីប្រវត្តិ​សាស្ត្រ​​កម្ពុជា​ប្រជាធិប​តេយ្យ នៅវិទ្យាល័យជាស៊ីមចំរើនរដ្ឋ ដែលមានសិស្សា​នុសិស្សចូលរួមសរុប៦៩នាក់ (ប្រុស៣០នាក់)។ ដំបូងឡើយ វិទ្យាល័យនេះជា​ឧបសម្ព័ន្ធវិទ្យា​ល័យ​ឬស្សីកែវ ស្ថិតនៅភូមិ​ស្វាយប៉ាក សង្កាត់ស្វាយប៉ាក ​ខណ្ឌឬស្សីកែវ រាជ​ធានីភ្នំពេញ។

វេទទិកាថ្នាក់រៀននេះ គឺបង្កើត​ឡើង​ដើម្បីឲ្យ​សិស្សា​នុសិស្ស​ពិភាក្សាគ្នា អំពីប្រវត្តិ​សាស្ត្រកម្ពុជាប្រជាធិប​តេយ្យ នូវអ្វីដែលសិស្សទាំងនេះបានដឹង និងធ្លាប់បានរៀនកន្លង​មក។​ មិនត្រឹមតែប៉ុណ្ណោះ ក៏មានការដាក់តាំងពិព័រណ៍ អំពីសកម្មភាពដែលខ្មែរក្រហមបាន​ជម្លៀស​ប្រជាជនទាំងបង្ខំទៅតាមទីជនបទដើម្បីធ្វើ​ស្រែ​ចម្ការ។ ពិព័រណ៍នេះ មានចំនួន​សរុប៥ផ្ទាំង និងបានរៀបចំ​ដាក់​តាំងមុនរយៈពេលបីថ្ងៃដើម្បីឲ្យ​សិស្សានុ​សិស្ស​មើលទុកជា​មុន ដើម្បីផ្តល់នូវចំណេះដឹងខ្លះៗមុនការចូលរួមវេទិកា​ថ្នាក់​រៀន​នេះ។ មុននឹងចាប់ផ្តើមកម្ម​វិធី បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា បានរៀបចំស្លាយ​ដើម្បី​ចាក់​បញ្ចាំងវីដេអូខ្លីមួយ ដែលនិយាយអំពីរបបខ្មែរក្រហម និងចែកសៀវភៅស្តី​អំពី​ប្រវត្តិ​សាស្រ្ត​កម្ពុជា​ប្រជាធិប​តេយ្យ (១៩៧៥-១៩៧៩)​ ដល់សិស្សានុសិស្សដែលចូលរួមវគ្គបណ្តុះ​បណ្តាល​នេះ។

ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ម៉ោង​ប្រាំបី​កន្លះព្រឹក លោក​នាយកសាលា​វិទ្យាល័យ ជា ស៊ីម ចំរើន​រដ្ឋ បាន​ប្រកាស​បើកវគ្គវេទិកា​ថ្នាក់​រៀនេះ និងបាន​និយាយ​អំពីសារសំខាន់នៃការសិក្សា​អំពី​ប្រវត្តិ​សាស្រ្ត​កម្ពុជា​ប្រជាធិបតេយ្យ ព្រមទាំង​បាន​រម្លឹក​អំពី​អតីត​កាលរបស់គាត់អំឡុង​ឆ្នាំ​​១៩៧៥-៧៩។ លោកនាយកសាលា មានឈ្មោះ ឌី ទេពកោសល្យ អាយុ៤៩ឆ្នាំ គាត់បានរៀបរាប់​អំពី​រឿងរ៉ាវខ្លះៗ ក្នុងរបបខ្មែរក្រហមដែលគាត់ធ្លាប់បានឆ្លង​កាត់​​កន្លងមក។ នៅឆ្នាំ១៩៧៧ ទេព្យកោសល្យ មានអាយុប្រហែល១២ឆ្នាំ អង្គការបានចាត់តាំងគាត់ឲ្យមើល​ក្របី។ នា​យប់មួយ ក្របីរបស់គាត់បានដាច់​ចំណង ហើយបានរត់ចេញពីក្រោល ពេល​នោះ​គាត់​បានដើររកក្របីទាំងយប់ មួយសន្ទុះក្រោយមកគាត់ក៏បានឃើញក្របីរបស់គាត់ ហើយបាន​ដឹកវាត្រឡប់​មកវិញ។ ពេលនោះ មានសមមិត្តដែលរស់នៅក្បែរគ្នា បាន​និយាយ​ប្រាប់​គាត់ថា ឪពុករបស់គាត់ត្រូវបានខ្មែរក្រហមយកទៅរៀន​សូត្រ​ហើយ (សម្លាប់) ខណៈពេល​ដែល ទេព្យកោសល្យ ឯងទៅរកក្របី។ ប៉ុន្តែ ទេព្យកោសល្យ បែរជាគិតថា វាជា​សំណាង​ល្អរបស់គាត់ដែលក្របីបានដាច់ចំណង ទើបគាត់​បាន​​រួច​ផុត​ជីវិត ពីព្រោះ​ពេល​​នោះ ប្រសិន​បើ ទេព្យកោសល្យ នៅជាមួយ​ឪពុករបស់គាត់ ច្បាស់​ជាអង្គការយកទៅ​សម្លាប់​​ចោលទាំងពីរនាក់ជាពុំខាន។ បង្វែរមក​វិញ ទេព្យកោសល្យ បាននិយាយទៅកាន់​សិស្ស​របស់គាត់ថា ការ​រៀន​ប្រវត្តិ​សាស្រ្តកម្ពុជាប្រជាធិបតេយ្យ ពិតជាមានសារសំខាន់​ខ្លាំង​ណាស់ ព្រោះវាជា​អតីតកាលដ៏​ជូរចត់មួយ ដែលសិស្សទាំងអស់ត្រូវយល់ដឹងអំពីរបប​នេះ​ឲ្យ​បាន​ច្បាស់ ដើម្បី​កុំឲ្យកើតមានឡើងសារជាថ្មី។

ទាវ លីលី ជាសិស្សថ្នាក់ទី១២A1 រៀននៅវិទ្យាល័យជាស៊ីមចំរើនរដ្ឋ បានរៀបរាប់ថា ពីដំបូងឡើយ គាត់ធ្លាប់បានឮពីសម័យខ្មែរក្រហម ​តាមរយៈឪពុកម្តាយរបស់គាត់ ដែល​បានប្រាប់អំពីស​កម្មភាព​ដែលកើតឡើងក្នុងសម័យកាលនោះ។ ពេលនោះ លីលី មាន​អារម្មណ៍​ថា ស្អប់របបនោះយ៉ាងខ្លាំង ប៉ុន្តែក្រោយ លីលី បានសិក្សាអំពីរបបនេះ នៅក្នុង​ថ្នាក់​រៀន​របស់ខ្លួនផ្ទាល់ ជាពិសេស​ថ្ងៃនេះ ដែលបានមានឱកាសចូលរួមវេទិកាថ្នាក់រៀន អំពី​របប​​កម្ពុជាប្រជាធិបតេយ្យ​ បានធ្វើឲ្យ លីលី យល់ដឹងកាន់​តែ​ច្បាស់ ហើយមិន​មាន​គំនិតស្អប់ ឬមិនចង់សិក្សាអំពីប្រវត្តិសាស្រ្តនេះទេ ផ្ទុយទៅវិញ លីលី ​យល់​ដឹង​បានច្រើនពី​របប​ខ្មែរក្រហមតាមរយៈការចូលរួមវេទិកាថ្នាក់រៀននេះ។ អ្វីដែលពិសេសទៀតនោះ នៅ​ពេល​ដែល លីលី បានមើលការតាំងពិព័រណ៍អំពីរូបភាព​ដែល​ខ្មែរក្រហមជម្លៀសប្រជាជន ហាក់បីដូចធ្វើឲ្យ លីលី ស្ថិតនៅក្នុងសកម្មភាពជាក់ស្តែង​មួយនៃរបបនោះ និងធ្វើឲ្យគាត់​មានអារម្មណ៍សង្វេគយ៉ាងពន់ពេក។

ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ប្រាក់​ សោភា រៀនថ្នាក់ទី១២ នៅវិទ្យាល័យ ជា ស៊ីម ចំរើនរដ្ឋ បាន​និយាយ​អំពីសារ​សំខាន់នៃការរៀនប្រវត្តិសាស្រ្តកម្ពុជាប្រជាធិប​តេយ្យថា ប្រវត្តិសាស្ត្រ​របស់ជាតិ​ខ្លួន​ផ្ទាល់ គឺមិនត្រូវបំភ្លេចនោះទេ ទោះបី​ជាប្រវត្តិសាស្ត្រល្អ ឬមិនល្អក្តី គឺយើង​ត្រូវសិក្សា​អំពីវាឲ្យ​បានច្បាស់ ជាពិ​សេស​របប ប៉ុល ពត ដែលជាប្រវត្តិសាស្រ្តដ៏សាហាវ​យង់ឃ្នង និងព្រៃផ្សៃ​ដែលប្រជាជនខ្មែរទូទៅមានអារម្មណ៍ដក់ជាប់នៅក្នុងចិត្តជានិច្ច។ ម្យ៉ាងទៀត សោភា បាន​បន្ថែមថា នៅពេលដែលបានរៀនប្រវត្តិសាស្រ្តនៅថ្ងៃនេះ គឺធ្វើឲ្យ​គាត់​បានដឹងកាន់តែ​ច្បាស់អំពីឈ្មោះថ្នាក់ដឹកនាំក្នុងសម័យកាលនោះ និង​គោល​នយោ​បាយ​ដែលខ្មែរក្រហម​បានប្រព្រឹត្ត។ សោភា បានបន្តថា ប្រសិនបើគាត់ទទួលបានចំណេះ​ដឹងពីប្រវត្តិសាស្រ្តនេះ​កាន់​តែច្រើន គាត់នឹងចែករំលែកទៅកាន់សិស្សប្អូនរបស់គាត់ ដែល​រៀន​នៅក្នុងវិទ្យាល័យ​ជា​មួយគ្នា ដើម្បីជាគន្លឹះសម្រាប់ប្រឡងទុតិយភូមិ ដែលជាវិញាសារ​ធ្លាប់បានចេញកន្លង​មក។ សោភា បានបញ្ជាក់ថា ការរៀនប្រវត្តិសាស្ត្រ​នេះ គឺបាន​ផ្តល់អត្ថប្រយោជន៍សម្រាប់​ខ្លួន​គាត់ផ្ទាល់ នៅពេលដែលគាត់ប្រឡងតែងសេចក្តី គាត់បាន​លើក​យកផលអវិជ្ជមាន​ដែល​កើត​ឡើងពី​របបនោះ មកធ្វើការប្រៀបធៀបនឹង​សម័យ​​កាល​បច្ចុប្បន្នថា តើវាមាន​លក្ខណៈ​ខុសគ្នាយ៉ាងដូចម្តេច​។ អ្វីដែល សោភា ចាប់អារម្មណ៍​បំផុតនោះ គឺរូបភាពតាំងពិព័រណ៍ ដែលបានឆ្លុះបញ្ចាំងអំពីសម័យអតីតកាល និងមានអក្សរ​ដែលសរសេរបញ្ជាក់អំពី​ព្រិត្តិការនោះ ម្យ៉ាងទៀត មានក្រុមការងាររបស់មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ជួយចង្អុល​បង្ហាញ​នូវចម្ងល់ទាំងឡាយដែល សោភា មានការងឿងឆ្ងល់ធ្វើ​ឲ្យ​ចម្ងល់​ទាំងនោះកាន់​តែយល់ច្បាស់ឡើង។  ​ជាចុង​បញ្ចប់ សោភា ​សំណូម​ពរ ថា ចង់ឲ្យ​មានវេទិកា​ថ្នាក់រៀន​អំពីប្រវត្តិ​សាស្រ្ត​បែបនេះ​តទៅទៀត ដើម្បីកុំ​ឲ្យ​​សិស្សានុសិស្ស ឬក្មេង​ជំនាន់​​ក្រោយ​​បំភ្លេច​នូវ​ប្រវត្តិ​សាស្រ្តមួយ​នេះ។

ហូ ថុនា បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត១០០សន្លឹក តាំងនៅសារមុន្ទីរតាម៉ុក ជាលើកដំបូង

រូបថត១០០សន្លឹក បានចាប់ផ្តើមដាក់តាំងបង្ហាញដល់សាធារណជនជាលើកដំបូង បង្អស់នៅសារមន្ទីរតាម៉ុក (អតីតផ្ទះតាម៉ុក) នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ នេះ ក្រោម​ការរៀបចំរបស់ក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ និងមន្ទីរទេស​ចរណ៍ស្រុកអន្លង់វែង សហការជាមួយមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង។ ការតាំងពិព័រណ៌​នេះ​​ បាន​​ក្លាយជាផ្នែកមួយ​ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណពីរឿងរ៉ាវ ទីតាំង​ប្រវត្តិសាស្រ្ត និងការតស៊ូរបស់ប្រជាជននៅក្នុងស្រុកអន្លង់វែង។ ពិព័រណ៌នេះ ក៏ជា​ការអប់រំ​ដល់សិស្សានុសិស្ស ប្រជាជន និងភ្ញៀវដែលមកទស្សនកិច្ច​នៅតំបន់នេះដែរ។​​

ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត១០០សន្លឹក បានបង្ហាញពីសម័យកាលផ្សេងៗ ចាប់តាំងពីសម័យសាធារណ​រដ្ឋ​ខ្មែរ (លន់ នល់), សម័យកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម), សម័យក្រោយខ្មែរក្រហម រហូតមកដល់អន្លង់វែង និងក្រោយពេលសមាហរណកម្ម។ អ្នកចូលរួមទស្សនាការតាំង​ពិព័រណ៌​នេះ អាចស្វែងយល់​ពីសម័យកាល​នីមួយៗ​ តាមរយៈរូបថត និងព័ត៌មានសង្ខេបនៃ​រូបថតនីមួយៗ។

ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

លោកស្រី ធិននី មុនីរស្មី ប្រធានមន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ មានប្រសាសន៍​ថា ការដាក់តាំងពិព័រណ៍រូបថតនេះ ពិតជាមានសារសំខាន់ខ្លាំងណាស់ ព្រោះកន្លងមក​ សារមុន្ទីរតាម៉ុក មិនសូវមានព័ត៌មាន ឬ រូបភាពច្រើននោះទេ អ្នកមកទស្សនាអាចត្រឹមតែ​ដើរ​មើល​សម្ភារមួយចំនួនដែលបន្សល់ពីជំនាន់តាម៉ុក គ្រប់គ្រង ប៉ុន្តែមានព័ត៌មានតិចតួច​សម្រាប់អាន និងសិក្សាស្វែងយល់។ តាមរយៈការតាំងពិព័រណ៍រូបថតប្រវត្តិសាស្ត្រនេះ អ្នកមកទស្សនាអាចស្វែងយល់អំពីរឿងរ៉ាវពីអតីតកាល តាមរយៈរូបថត ហើយជាពិសេស សម្រាប់ក្មេងជំនាន់ក្រោយដែលធ្លាប់តែឮអំពីរបបខ្មែរក្រហម តែមិនដែលស្គាល់មុខមាត់​របស់មេដឹកនាំខ្មែរក្រហមមួយចំនួននោះ អាចនឹងឃើញ ឬស្គាល់តាមរយៈរូបថតដែលដាក់​តាំង​នូវរូបមេដឹកនាំខ្មែរក្រហមទាំងនេះ។

ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា
ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

បណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បានបង្ហាញពីគោល បំណងក្នុងការដាក់តាំងពិព័រណ៍រូបថតនេះ គឺ​ត្រូវបានធ្វើឡើងដើម្បីបម្រើឲ្យការចងចាំ និង ការអប់រំ ដែលអាចជួយលើកកម្ពស់ការយល់ដឹង និងបង្កើតបានជាការឆ្លុះបញ្ចាំងដ៏ស៊ី ជម្រៅចំពោះសម័យកាលនោះ។ ខណៈដែលការដាក់តាំងពិព័រណ៌បាន និងកំពុងក្លាយជា រំឭកឡើងវិញអំពីអតីតកាល ពិព័រណ៌នេះ ក៏ជាភស្តុតាងជាក់ស្តែង ចំពោះព្រឹត្តិការណ៍ ប្រកបដោយសោកនាដកម្ម ដែលប្រជាជនកម្ពុជាបានឆ្លងកាត់។ លោកបាន រម្លឹកថា បន្ទាប់ការធ្វើសមាហរណកម្មរបស់តំបន់អន្លង់វែងនៅក្នុងឆ្នាំ​១៩៩៨ ផ្ទះតាម៉ុក ត្រូវបានប្រែ​ក្លាយ​ទៅជាសារមន្ទីរពីរឆ្នាំក្រោយមក។ ចំណុចចាប់ផ្តើមនៃសារមន្ទីរនេះ គឺ មានត្រឹមតែជា​សម្បក​ផ្ទះរបស់ តាម៉ុក ប៉ុណ្ណោះ ប៉ុន្តែគ្មានព័ត៌មានផ្សេងៗនៅឡើយទេ។ ទោះជា​យ៉ាង​ណាក៏ដោយ សារមន្ទីរនេះបានក្លាយជាទីតាំងដែលមានមនុស្សចូលទស្សនាច្រើនបំផុត បើប្រៀបធៀបទៅនឹងទីតាំងទេសចរណ៍ប្រវត្តិសាស្ត្រចំនួន១៤កន្លែងផ្សេងទៀត នៅក្នុង​ស្រុកអន្លង់វែង។ សារមន្ទីរនេះ ទទួលបានភ្ញៀវចូលទស្សនារាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗ ដែល​ភាគ​ច្រើន គឺជាប្រជាជនកម្ពុជា។ ដោយសារតែមានភាពចាំបាច់ដើម្បី ធ្វើឲ្យសារមន្ទីរនេះ​មានភាពរស់រវើកឡើងវិញ តាមរយៈការស្វែងយល់ឲ្យកាន់តែគ្រប់ជ្រុងជ្រោយថែមទៀត​អំពី​ប្រវត្តិ​សាស្ត្រនៃសង្គ្រាម និងសន្តិភាពនៅក្នុងប្រទេសកម្ពុជា មជ្ឈមណ្ឌលសន្តិភាព​អន្លង់វែង កំពុងបោះមួយជំហានទៅមុខទៀត ក្នុងការដាក់តាំង ពិព័រណ៌រូបថត១០០សន្លឹក​នេះ។

ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា
ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ក្រៅពីការតាំងពិព័រណ៌រូបថតនេះ កន្លងមកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បាន​សហការជាមួយក្រសួងទេសចរណ៍ រៀបចំវគ្គបណ្តុះបណ្តាលដល់មគ្គុទ្ទេសទេសចរណ៍​នៅតំបន់អន្លង់វែង។ វគ្គបណ្តុះបណ្តាលនេះ បានជួយពង្រឹងសមត្ថភាពដល់មគ្គុទ្ទេសទេស​ចរណ៍ឲ្យយល់ដឹងកា​ន់តែស៊ីជម្រៅពីតំបន់អន្លង់វែង ដោយធានាថាព័ត៌មានដែលបានផ្តល់​ទៅដល់ភ្ញៀវដែលបានមកទស្សនាតំបន់នេះមានភាព​ច្បាស់លាស់ និងអាចជឿទុកចិត្ត​បាន។

ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ពិព័រណ៍រូបថតនេះ ជាការតភ្ជាប់ដ៏មានសារសំខាន់សម្រាប់ភ្ញៀវ និងមគ្គុ​ទេ្ទសក៏ ទេសចរណ៍ តាមរយៈការជូនភ្ញៀងមកទស្សនានៅសារមន្ទីរនេះ។ ការតាំងពិព័រណ៌នេះ ក៏ជាការបង្កើតឲ្យមានការពិភាក្សាគ្នាក្នុងចំណោមអ្នកចូលរួម ឪពុកម្តាយ ចាស់ទុំ ឬ មិត្តភ័ក្តិ ដែលមកទស្សនា​រូបថតទាំងនេះ​ ឬក៏អាចសួរនាំមគ្គុទ្ទេសក៍ទេសចរណ៍ដែលអាចផ្តល់​ព័ត៌មានបន្ថែមអំពីចម្ងល់ទាំងឡាយអំឡុងពេលមើលរូបថត ។

ទាប សារៈមុនិន្ទ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបសំណាករម្លឹកអំពីការចងចាំ

ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ រូបសំណាករម្លឹកអំពីការចងចាំរបបខ្មែរក្រហម ដែល សិល្បករ និងអ្នករចនារូបសំណាក លោក អ៊ឹង ភូសេរ៉ា ជាកូនខ្មែរកាត់បារាំងបាន ហៅឈ្មោះថា «អ្នកអង្វរលន់តួ» ឬជាបូជនីយដ្ឋាន «សម្រាប់អ្នកដែលលែងនៅទីនេះទៀត ហើយ» ត្រូវបានសម្ពោធ និងដាក់តាំងជាផ្លូវការ នៅសួនច្បារទល់មុខស្ថានទូតបារាំង ក្នុង រាជធានីភ្នំពេញ។ រូបសំណាករម្លឹកពីការចងចាំនេះ ក៏ជាផ្នែកមួយនៃសំណងដល់ភាគីដើម បណ្តឹងរដ្ឋប្បវេណី ក្នុងសំណុំរឿង០០២/០១ ផ្តោតលើការកសាងបូជនីយដ្ឋានរំម្លឹកការចង ចាំនៅក្នុងទីក្រុងភ្នំពេញ ផ្តល់ការគោរពដល់ជនរងគ្រោះនៃការជម្លៀសដោយបង្ខំ ដែលត្រូវ ទទួលស្គាល់ ដោយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលបានចេញនៅក្នុង សេចក្តីសម្រេចរបស់តុលាការនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៤។ ជាមួយគ្នានេះដែរ សាលា​ រាជធានីភ្នំពេញ បានអនុញ្ញាតឲ្យកសាង និងដាក់តាំងរូបសំណាកនេះ ដែលគម្រោងនេះ ក្រោមការឧបត្ថម្ភពីដៃគូសប្បុរសជន ដូចជា ស្ថានទូតបារាំងប្រចាំនៅព្រះរាជាណាចក្រ កម្ពុជា, វិទ្យាស្ថានស្លឹករឹត, សមាគមនអាន់វ៉ៃយ៉ា និងអនុស្សាវរីយ៍ធំ និងដៃគូ សប្បុរសជន ជាច្រើនទៀត។

រូបថត៖ គឺម សុវណ្ណដានី
ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ជាជនរងគ្រោះម្នាក់ក្នុងអំឡុងពេលខ្មែរក្រហមបានធ្វើការជម្លៀសប្រជាជនដោយ បង្ខំចេញពីទីក្រុងភ្នំពេញ នៅថ្ងៃ១៧ មេសា ១៩៧៥ សិល្បករ សេរ៉ា ដែលពេលនោះ មានវ័យ១៣ឆ្នាំ បានបែកពីឪពុកនៅមុខស្ថានទូតបារាំង (កន្លែងដាក់តាំងរូបសំណាក បច្ចុប្បន្ន) ជាទីដែលត្រូវគាត់បានឃើញឪពុកជាលើកចុងក្រោយ។ នៅពេលដែល ខ្មែរក្រហមបានកាន់កាប់ទីក្រុងភ្នំពេញ ក្រុមគ្រួសាររបស់ សេរ៉ា បានសុំសិទ្ធិជ្រកកោនក្នុង ស្ថានទូតបារាំងប្រចាំក្រុងភ្នំពេញ។ ឪពុករបស់គាត់ជាពាណិជ្ជករខ្មែរដែលចេះនិយាយបាន ច្រើនភាសា និងធ្លាប់បានទៅសិក្សានៅប្រទេសបារាំងផង។ សេរ៉ា និងម្តាយ រួមទាំងបងប្អូន ត្រូវបានអនុញ្ញាតឲ្យចាកចេញពីប្រទេសកម្ពុជា លើកលែងតែឪពុកដែលមានដើមកំណើត ខ្មែររបស់ សេរ៉ា តែប៉ុណ្ណោះដែលមិនត្រូវបានអនុញ្ញាតឲ្យចាកចេញ ហើយត្រូវបាន ខ្មែរក្រហមចាប់ខ្លួនយកទៅ។ ក្រោយមក សេរ៉ា ក៏ទទួលដំណឹងថា ឪពុករបស់គាត់ ត្រូវ បានខ្មែរក្រហមសម្លាប់នៅឆ្នាំ១៩៧៨។​

រូបសំណាករម្លឹកដល់ការចងចាំនេះ សិល្បករ សេរ៉ា បង្កើតឡើងក្នុងគោលបំណង សម្តែងការគោរពដល់ជនរងគ្រោះនៃរបបខ្មែរក្រហម និងជាផ្នែកមួយនៃគម្រោងសំណង ដែលសម្រេចដាក់បញ្ចូលដោយតុលាការ ដែលទទួលខុសត្រូវលើការនាំយកអតីតមេដឹក នាំរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហមមកកាត់ទោស។ ការដាក់តាំងរូបសំណាក នេះ នៅរាជធានីភ្នំពេញ គឺជាបង្ហាញពីជំហានបន្ទាប់នៃការទទួលស្គាល់ជាសាធារណៈអំពី ឧក្រិដ្ឋកម្មដែលបានបង្កឡើង ព្រមទាំងផលប៉ះពាល់ដែលកើតមានចំពោះជនរងគ្រោះក្នុង របបខ្មែរក្រហម។ រូបសំណាកនេះ បានរម្លឹកពីភាពភ័យរន្ធត់ ជាក់ស្តែងរបស់ប្រជាជន កម្ពុជាក្នុងរបបខ្មែរក្រហម ដែលនៅតែបន្តលងបន្លាចប្រជាជនកម្ពុជាទាំងក្នុង និងក្រៅ ប្រទេសរហូតដល់បច្ចុប្បន្ន និងកំពុងជ្រាបរាលដាលដល់កូនចៅជំនាន់ក្រោយរបស់ជនរង គ្រោះកម្ពុជា។ ការតម្កល់នៅទីតាំងសាធារណៈនេះ បានផ្តល់ជាសារមួយនៃសន្តិភាព និង​ការផ្សះផ្សាថ្នាក់ជាតិដល់ជនរួមជាតិ។ លើសពីនេះ ការដាក់បង្ហាញស្នាដៃសិល្បៈ នៅទី​សាធារណៈ ក៏ជាការលើកទឹកចិត្តដល់សាធារណជនឲ្យជួបជុំគ្នា ដើម្បីរម្លឹកពីការចងចាំ និង​ឧទ្ទិសដល់មនុស្សជាទីស្រឡាញ់ដែលបានចែកឋានទៅហើយ។ យុវជន យុវនារី កម្ពុជាជំនាន់ក្រោយ​ ក៏គួរតែស្វែងយល់ពីបទពិសោធរបស់ឪពុកម្តាយ និងជីដូនជីតារបស់​ខ្លួន ដើម្បីឲ្យអ្នកទាំងនោះជាប់ទំនាក់ទំនងគ្នាតាមយៈការយល់ដឹងពីអំពើប្រល័យពូជ សាសន៍ និងរឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ រឿងរ៉ាវទាំងនេះ​ត្រូវ​បាននិយាយតៗគ្នាពីមួយជំនាន់ទៅមួយជំនាន់។

រូបថត៖ គឺម សុវណ្ណដានី
ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបសំណាកនេះ បានឧទ្ទិសដល់អ្នកដែលលែងនៅទីនេះទៀតហើយ ប្រហែលជា​ ទាក់ទងនឹងរបបប្រល័យពូជសាសន៍មានលក្ខណៈគួរឲ្យខ្លាច និងគួរឲ្យតក់ស្លុត។ ប៉ុន្តែ​ រូបចម្លាក់ «អ្នកអង្វរក» បែរជាបង្កឲ្យអ្នកទស្សនាមានអារម្មណ៍ទន់ភ្លន់ និងស្រស់ស្រាយ​ទៅវិញ។ ដោយគ្រាន់តែក្រលេកមួយភ្លែត យើងនឹងព្យាយាមវិភាគថា តើវាជារូបស្រី ឬ​រូបប្រុស តែរូបចម្លាក់នេះបង្ហាញពីមនុស្សជាតិ ជាងបង្ហាញពីលក្ខណៈភេទ។ រំពេចនោះ​យើងមានអារម្មណ៍ថា រូបចម្លាក់មានភាពប្រហាក់ប្រហែលនឹងយើងយ៉ាងខ្លាំង ដោយរូប​រាង​ដែល​ហាក់បីដូចជា​មនុស្សកំពុងតែធ្លាក់ពីលើទីខ្ពស់របស់រូបចំលាក់នោះ។ រូបចម្លាក់ ធ្វើឲ្យធ្វើឲ្យអ្នកទស្សនា មានអារម្មណ៍ អាណិតអាសូរពីភាពងាយរងគ្រោះរបស់វា ហើយរូប ចម្លាក់នេះធ្វើឲ្យយើងរឹតតែចង់ដឹងចង់ស្គាល់ថែមទៀត។

ការដាក់រូបនោះលើជើងទម្រទាបមានន័យថា សូម្បីតែក្មេងៗក៏អាចឈោងប៉ះ និង គយគន់ពិនិត្យមើលរូបនេះដោយផ្ទាល់ដែរ។ ផ្ទៃនៃរូបចម្លាក់នេះមានលក្ខណៈគ្រើមដូច​សំបក​ឈើ​ដែល​ធ្វើឲ្យយើងកាន់តែចង់ប៉ះ និងទំនាក់ទំនងជាមួយរូបចម្លាក់នេះ។

ពេលដែលយើងកាន់តែស្មឹងស្មាធបញ្ចូលអារម្មណ៍គិតដល់រូបចម្លាក់នេះ យើងកាន់ តែចង់ទៅលួងលោមរូបនេះ។ តើយើងមិនអាចទៅចាំទ្ររូបនេះនៅពេលដែលវាធ្លាក់បាន ឬទេ? យ៉ាងហោចណាស់យើងអាចបោសអង្អែលរូបនោះ ក៏ដូចជាគយគន់ទុក្ខសោក និងភាពឯកោរនៃរូបចម្លាក់ ហើយក្នុងពេលតែមួយបង្ហាញពីអារម្មណ៍ស្រដៀងគ្នាដែល យើងកំពុងតែមានជាមួយនឹងរូបចម្លាក់នេះ។ ខណៈយើងធ្វើបែបនោះយើងនឹងដឹងក្នុងចិត្ត ថា តាមការពិតយើងកំពុងតែចងចាំ និងលួងលោមជនរងគ្រោះនៃរបបប្រល័យពូជសាសន៍ ហើយយើងកំពុងតែមានជាប់ទំនាក់ទំនងជាមួយនឹងជនរងគ្រោះទាំងនោះ តាមរយៈ បទពិសោធន៍ផ្ទាល់ខ្លួនរបស់យើង។

ដៃរបស់រូបចម្លាក់នេះ ដាក់ប្រណមចូលគ្នាក្នុងទម្រង់ជាកាយវិការសំពះអង្វរក។ ប្រហែលជារូបចម្លាក់នេះកំពុងតែសូមអង្វរព្រះព្រោះថា រូបនេះកំពុងតែមើលទៅកាន់ឋាន សួគ៌។ ប៉ុន្តែសោកនាដកម្មនៃអំពើប្រល័យពូជសាសាន៍កម្ពុជា បានប្រឡែងលេងនឹង ជំនឿរបស់មនុស្សចំពោះព្រះដែលទ្រង់អាចអនុញ្ញាតឲ្យមានព្រឹត្តិការណ៍ប្រល័យពូជសាន៍ នេះកើតឡើងបានដែលធ្វើឲ្យមនុស្សស្លូតត្រង់យ៉ាងច្រើននាក់ត្រូវរងទុក្ខវេទនា។

រូបថត៖ គឹម សុវណ្ណដានី
ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ទម្រង់នៃការធ្លាក់ចុះ និងការអង្វរករទៅការឋានសួគ៌របស់រូបចម្លាក់នេះ បានបង្កប់ ទៅដោយភាពស្រស់ស្អាត និងថ្លៃថ្នូរ។ ទម្រង់ដាំក្បាលចុះក្រោមរបស់រូបនោះ បង្កើត នូវរូបភាពនៃការអស់សង្ឃឹមមួយ តែហេតុអ្វីបានជាយើងមិនបង្វែររូបនេះឲ្យមានទម្រង់ ត្រឹមត្រូវក្នុងចិត្តរបស់យើង ហើយធ្វើឲ្យអ្វីៗត្រឹមត្រូវឡើងវិញទៅ? ពេលនោះយើង នឹងឃើញថា រូបចម្លាក់នេះកំពុងតែដើរលើពពក ដោយលើកដៃសំពះតាមបែបប្រពៃណី ខ្មែរ។ ឬក៏រូបនេះ ជារូបអប្សរាដែលកំពុងតែរាំអណ្តែតអណ្តូង? តើអាយុរបស់អប្សរារូប នេះត្រូវកាត់បន្ថយឬ? រូបចម្លាក់នេះត្រូវបានដកផ្តាច់ផុតចេញពីដី ដែលជារូបភាពដែល គួរឲ្យព្រួយបារម្ភមួយសម្រាប់ប្រជាជនកម្ពុជា ដែលមានពូជពង្សជាអ្នកធ្វើកសិកម្មដោយ ទំនាក់ទំនងជាមួយដីយ៉ាងស្អិតរមួត។ តើនេះជារូបស្រី្តម្នាក់ ដែលឆ្លុះបញ្ចាំងពីសង្គមមាតា ធិបតេយ្យរបស់កម្ពុជាមែនដែរឬទេ? រូបចម្លាក់នេះធ្វើឡើងពីលង្ហិនដែលជាលោហៈម្យ៉ាង ដែលសិល្បៈករខ្មែរសម័យអង្គរតែងតែប្រើប្រាស់ដើម្បីធ្វើជារូបចម្លាក់ និងត្រូវស្គាល់ដោយ ប្រជាជនកម្ពុជាគ្រប់រូប។ ដូច្នេះហើយ ខណៈពេលដែលរូបចម្លាក់នេះបង្ហាញពីភាពឯកកោ យ៉ាងជាក់ស្តែង រូបចម្លាក់អ្នកអង្វរករនេះ ក៏បានផ្សាភ្ជាប់ទស្សនិកជនទៅកាន់អតីតកាល និងស្រុកកំណើតរួមរបស់អ្នកទាំងនោះ ក៏ដូចជាបានផ្សាភ្ជាប់ប្រជាជនខ្មែរទាំងអស់គ្នាដែរ។

គួរឲ្យសោកស្តាយចំពោះ សេរ៉ា ព្រោះថារូបចម្លាក់នេះស្ថិតនៅចំកន្លែង ដែលគាត់ បានឃើញមុខឪពុករបស់គាត់ជាលើកចុងក្រោយ ហើយ សេរ៉ា សូមគោរពអញ្ជើញ ប្រជាជនកម្ពុជាទាំងអស់គ្នាមកចូលរួមជាមួយគាត់ ក្នុងការរំឭកដល់អ្នកដែលលែងនៅ ទីនេះទៀតហើយ។ កម្ពុជាចាំបាច់ត្រូវមានស្តូកបូជនីយដ្ឋានទីធ្លា និងឱកាសបន្ថែមទៀត សម្រាប់ជួយឲ្យអ្នកជំនាន់ចាស់ បានសះស្បើយរបួសផ្លូវចិត្ត និងក្មេងជំនាន់ក្រោយ ចងចាំដើម្បីឲ្យប្រវត្តិសាស្ត្រមួយនេះកើតមានម្តងទៀត។

ជាថ្មីម្តងទៀតហើយដែលស្នាដៃរូបចម្លាក់របស់ សេរ៉ា ផ្តល់ឱកាសក្នុងការ លួង លោមអ្នកដែលស្លាប់ទៅក្នុងសម័យខ្មែរក្រហមក៏ដូចជាអ្នកដែលនៅរស់រានមានជីវិត តាម រយៈមនោសញ្ចេតនាការ យល់ចិត្ត និងមនុស្សជាតិរួមរបស់យើង។ ដូចគ្នាទៅនឹងស្នាដៃ សិល្បៈដទៃទៀតដែរ រូបចម្លាក់អ្នកអង្វរករបស់ សេរ៉ា មួយនេះជំរុញឲ្យមានការវិភាគ បក ស្រាយទៅតាមទស្សនៈនៃការយល់ឃើញរបស់បុគ្គលម្នាក់ៗរៀងៗខ្លួន។

អោក ឆាត៖ ជាប្រពលរដ្ឋរស់នៅក្នុងទីក្រុងភ្នំពេញ យល់ឃើញថា ការដាក់តាំងរូប សំណាកនេះ ពិតជាល្អខ្លាំងណាស់។ គាត់បានរម្លឹកពីជីវិតរបស់គាត់ក្នុងរបបខ្មែរក្រហមថា គាត់ និងគ្រួសាររស់នៅស្រុកព្រះស្តេច ខេត្តព្រៃវែង។ កាលណោះ គាត់ត្រូវបានអង្គការ បំបែកចេញពីគ្រួសារឲ្យទៅរស់នៅកងកុមារ។ គាត់ត្រូវរែកដី ដើររើសអាចម៍គោ និងកាប់ ទន្ទ្រានខេត្តរៀងរាល់ថ្ងៃ។ ការរស់នៅឆ្ងាយពីគ្រួសារពិតជាលំបាកខ្លាំងណាស់ សម្រាប់ ឆាត ជាកុមារ ជាពិសេសគាត់មិនដែលបានហូបគ្រប់គ្រាន់នោះទេ។ ហេតុនេះ​ ការដាក់ តាំងរូបសំណាកនេះ ឆាត ជឿជាក់ថា នឹងក្រើនរម្លឹកក្មេងៗជំនាន់ក្រោយអំពីរបបខ្មែរ​ក្រហម និងដាស់តឿនដល់អ្នកជំនាន់ក្រោយ ធ្វើយ៉ាងណាការពារ និងចៀសវាងកុំឲ្យ របប​នេះ កើតមានឡើងម្តងទៀត។

រូបថត៖ គឹម សុវណ្ណដានី
ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

សូ វិទូ និស្សិតផ្នែកស្ថាបត្យកម្ម នៃសកលវិទ្យាល័យភូមិន្ទ និងវិចិត្រសិល្បៈ៖

វិទូ ធ្លាប់បានឃើញស្នាដៃរបស់ សេរ៉ា ម្តង ក្នុងអំឡុងពេលតាំងពិព័រណ៍។ ផ្ទាំងគំនូរ និងចម្លាក់របស់គាត់ពិតជាស្នាដៃវិចិត្រកម្មមួយដែលបង្កប់ន័យទាក់ទងនឹងការចងចាំអំពី របបខ្មែរក្រហម។

សម្រាប់ វិទូ ស្នាដៃចម្លាក់របស់ សេរ៉ា មានរចនាបថថ្មីប្លែកពីគេ និងជាមធ្យោបាយថ្មី មួយក្នុងការតំណាងឲ្យគំនិតនៃសិល្បៈ។ ចម្លាក់នេះមានលក្ខណៈសហសម័យ និងទំនើប ហើយមានភាពល្បីរន្ទឺនៅក្នុងពិភពលោកដោយសារតែចម្លាក់នេះជំរុញឲ្យការស្រមើស្រមៃរបស់មនុស្សឈានទៅរកភាពអរូបីយ និងគំនិតគ្មានដែនកំណត់។

ចម្លាក់នេះធ្វើអំពីស្ពាន់ ជារូបចម្លាក់នៃមនុស្សម្នាក់ដែលទម្រេតខ្លួនលើជើងទម្រ ស្ពាន់ ដោយរក្សានូវលំនឹងបានយ៉ាងល្អ។ ចលនានៃចម្លាក់នេះហាក់ដូចជាបង្ហាញអំពីការ ឈឺចាប់ និងកំពុងស្នើនូវក្តីមេត្តាពីនរណាម្នាក់។ តាមរយៈការគ្របដណ្តប់ទៅដោយ ស្រទាប់រឹង និងពណ៌ស្រអាប់នៃសមាសធាតុផ្សំរបស់ចម្លាក់ វិទូ គិតថា ចម្លាក់នេះតម្រូវឲ្យ មានការចំណាយពេល និងបទពិសោធន៍ អមជាមួយនឹងភាពអត់ធ្មត់ដើម្បីសម្រេចបាន។

ចម្លាក់របស់ សេរ៉ា បាននាំអ្នកទស្សនាទៅក្នុងស្ថានភាពនៃការឈឺចាប់ និងការចង ចាំមួយរបស់ជាតិអំឡុងរបបខ្មែរក្រហម ជាពិសេសការក្តោបក្តាប់ទីក្រុងភ្នំពេញនៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ១៩៧៥។ នៅពេលនោះ ខ្មែរក្រហមដែលទទួលបានជ័យជម្នះ បានគ្រប់ គ្រងលើទីក្រុងភ្នំពេញ ព្រមទាំងធ្វើការរៀបចំសង្គមកម្ពុជាសាជាថ្មី។ ខ្មែរក្រហមបាន បង្ខំឲ្យប្រជាជនចាកចេញពីទីក្រុងដោយហិង្សា។ រូបចម្លាក់នេះធ្វើការបកស្រាយយ៉ាង ច្បាស់អំពីផ្នត់គំនិត អំពើហិង្សា និងទុក្ខសោក នាខណៈពេលនោះ។

ចំណុចដំបូងបង្អស់ដែលទាក់ទាញការចាប់អារម្មណ៍របស់ វិទូ គឺ ចលនា និងលំនឹង នៃ រូបចម្លាក់នេះ។ វិទូ យល់ថា សិល្បៈករប៉ុនប៉ងបង្ហាញអំពីរូបភាពជាក់ស្តែងនៃចលនា ដងខ្លួន ដែលបង្ហាញដល់អ្នកទស្សនាអំពីអារម្មណ៍ឈឺចាប់ និងការសំពះអង្វរសុំក្តីមេត្តា។ វិទូ ចាប់អារម្មណ៍ចំពោះភាពលម្អិតនៃស្រទាប់ស្ពាន់ តាមការយល់ឃើញផ្ទាល់ខ្លួន ស្រទាប់ នេះត្រូវ បានគួបផ្សំទៅដោយខ្សែបន្ទាត់ ចំណុចតូចៗ និងខ្សែពត់ពេន ធាតុទាំងនេះបាន បង្កើតជា ស្រទាប់បង្កប់ និងយ៉ាងល្អិតៗ ដែលហាក់ដូចជាក្តោបនូវការចងចាំនៃរូបចម្លាក់ ផ្ទាល់។

វិទូ យល់ថា សេរ៉ា បាននាំយកនូវអ្វីដែលតំណាងឲ្យការចងចាំរបស់ទីក្រុងភ្នំពេញ ខណៈដែលបុគ្គលនីមួយៗស្ទើរតែភ្លេចអស់បាត់ទៅហើយ។ វិទូ មានការជឿជាក់ប្រកប ដោយសុទិដ្ឋិនិយមថា ខណៈដែលរូបចម្លាក់នេះត្រូវបានតម្លើងនៅទីតាំងរបស់ខ្លួន មនុស្ស ជាច្រើនប្រាកដជាមានការចាប់អាម្មណ៍ ហើយរូបចម្លាក់នេះនឹងក្លាយជាស្នាដៃនៃការចង ចាំមួយ ដែលរំឭកយើងទាំងអស់គ្នាអំពីសម័យកាលដ៏ខ្មៅងងឹតរបស់ប្រទេសកម្ពុជា។ វិទូ ក៏សង្ឃឹមថានឹងមានស្នាដៃ ឬរូបចម្លាក់ប្រភេទនេះជាច្រើនទៀត លេចរូបរាងនៅក្នុងទីក្រុង របស់ខ្ញុំ គឺទីក្រុងភ្នំពេញ។

រូបថត៖ គឹម សុវណ្ណដានី
ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

សៀង សត្យា និស្សិតផ្នែកស្ថាបត្យកម្ម នៃសកលវិទ្យាល័យភូមិន្ទ និងវិចិត្រសិល្បៈ៖

សត្យា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែលំនឹងនៃទ្រង់ទ្រាយរបស់រូប ចម្លាក់ ក៏ដូចជា ស្រទាប់ស្ពាន់គ្រើមនៃរូបចម្លាក់។ ដូចទៅនឹងស្ថាបត្យកម្មដែរ តុល្យភាព មាន តួនាទីសំខាន់ ណាស់ក្នុងការបង្ហាញនូវគោលបំណងនៃវត្ថុក្នុងលំហមួយ។ សត្យា យល់ថា រូបចម្លាក់របស់ សេរ៉ា ពិតជាស្ថិតនៅត្រង់ចំណុចដ៏សមស្របមួយ។ ផ្នែកទម្រេត ចុះនៃចលនារបស់រូបចម្លាក់នេះ បង្ហាញអំពីភាពចលាចល និងច្រួលច្របល់ ចម្លាក់នេះ បង្កើតឲ្យមាន អារម្មណ៍ ឈឺចាប់ ការព្រួយបារម្ភ ភាពភ័យខ្លាច ដែលធ្វើឲ្យ សត្យា យល់ថា ស្មុគស្មាញ។ អារម្មណ៍ច្របូកច្របល់ជាច្រើនស្ថិតនៅក្នុងការគិតរបស់ សត្យា ហើយពុំអាច ផ្ចង់ស្មារតីបាន។ សត្យា ព្យាយាមតាំងខ្លួនខ្ញុំនៅក្នុងស្ថានភាពនៃរូបចម្លាក់នេះ នៅក្នុង ស្ថានភាព​ដែលតម្រូវឲ្យ សត្យា បណ្តែតខ្លួនក្នុងលំហ តាមរយៈកាយវិការនៃរូបចម្លាក់ សត្យា ស្រមៃដល់ខណៈពេលមួយដែល សត្យា ពុំមានកម្លាំង ពុំមានអាវុធដើម្បីប្រយុទ្ធ តបត ពុំមានសមត្ថភាពដើម្បីរត់គេចពីការបំពានលើសិទ្ធរស់រានរបស់ សត្យា អ្វីដែល សត្យា​ មានគឺត្រឹមតែដៃទទេមួយគូ ដែលប្រណមឡើងអង្វរសុំក្តីមេត្តា។

រូបចម្លាក់នេះពិតជាបានរំលេចឲ្យមនុស្សឃើញអំពីរូបភាពនៃព្រឹត្តិការណ៍សោកនាដកម្មនៃប្រវត្តិសាស្ត្រកម្ពុជា ដែលបង្កឲ្យជនរងគ្រោះប្រមាណ២លាននាក់បាត់បង់ជីវិត នោះ គឺរបប ប៉ុល ពត។ រូបចម្លាក់នេះ​បង្ហាញអំពីភាពអាណិតអាសូរ និងការផ្សះផ្សាអំពី ប្រវត្តិសាស្ត្រនៃសោកនាដកម្មរបស់ប្រទេសកម្ពុជា។ សត្យា ជឿជាក់ថា ការស្រមើស្រមៃ គឺជាអាហារនៃគំនិត យើងតែងមានការស្រេកឃ្លាន ដូច្នេះ ខ្ញុំរំពឹងថា រូបចម្លាក់នេះនឹងនាំ មកនូវអ្វីដែលសង្គមនេះខ្វះខាតដោយពុំដឹងខ្លួន ក៏ដូចជាសម្រាប់មនុស្សជំនាន់ក្រោយ​ដែលមានចំណង់ផ្នែកគំនិតច្នៃប្រឌិត ការស្រមើស្រមៃ និងសិល្បៈ។

សត្យា មានការជឿជាក់យ៉ាងមុតមាំថា រូបចម្លាក់នៃការចងចាំនេះ នឹង រំឭកអំពីការ ចងចាំនៃអ្នកទាំងឡាយដែលបានបាត់បង់មនុស្សជាទីស្រឡាញរបស់ខ្លួននៅក្នុងរបប ខ្មែរក្រហម ក៏ដូចជាឧទ្ទិសដល់ “អ្នកទាំងឡាយដែលលែងមានវត្តមាននៅទីនេះទៀត ហើយ”។ ជាជាងការរំឭកអំពីភាពព្រឺព្រួចនៃពេលវេលាដ៏ខ្មៅងងឹតទាំងនោះ រូបចម្លាក់ នៃ ការចងចាំនេះ ធ្វើឲ្យអ្នកដើរឆ្លងកាត់មានអារម្មណ៍អាណិតអាសូរ និងក្តីសង្ឃឹមសម្រាប់ អនាគតដ៏សុខដុមមួយ ដោយមិនបំភ្លេចអំពីអតីតកាល។

រូបថត៖ គឹម សុវណ្ណដានី
ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អំពីសិល្បករ អ៊ឹង ភូសេរ៉ា

សេរ៉ា កើតនៅក្នុងទីក្រុងភ្នំពេញ ក្នុងឆ្នាំ១៩៦១។ បន្ទាប់ពីបញ្ចប់ ការសិក្សាថ្នាក់ អនុបណ្ឌិតផ្នែកវិចិត្រសិល្បៈនិងថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្ត្រសិល្បៈនៅសាកលវិទ្យាល័យ សូប៊នក្នុងទីក្រុងប៉ារីស សេរ៉ា បានបំពេញការងារក្នុងវិស័យនេះ ក្នុងនាមជាសាស្ត្រាចារ្យ និងជាសិល្បករ។ ស្នាដៃរបស់សេរ៉ារួមមានគំនូរ ចម្លាក់ ការគូររូប ការដាប់ និងសៀវភៅ គំនូរបែបក្រាហ្វិក។ អ្វីដែលគួរជាទីកត់សម្គាល់នោះ គឺ សេរ៉ា ជាអ្នកនិពន្ធ សៀវភៅគំនូរ បែបក្រាហ្វិកនានាដែលបង្ហាញអំពីសោកនាដកម្មរបស់កម្ពុជារួមមាន៖ Impasse et rouge (ឆ្នាំ ១៩៩៥, បោះពុម្ពជាថ្មីនៅ ឆ្នាំ ២០០៣), L’eau et la terre (ឆ្នាំ ២០០៥), Lendemains de cendres (ឆ្នាំ ២០០៧)។ ចាប់តាំងពីឆ្នាំ១៩៩៩មក គាត់តែងតែរៀបចំ សិក្ខាសាលា ស្តីពីការនិពន្ទសៀវភៅគំនូរបែបក្រាហ្វិក នៅវិទ្យាស្ថានភាសាបារាំងក្នុងទីក្រុងភ្នំពេញ ក៏ ដូចជាសិក្ខាសាលាដែលជំរុញឲ្យមានការចូលរួមផ្តោតលើគោលគំនិតនៃសិល្បៈមានរូបរាង នោះគឺ Les Ateliers de la Mémoire (សិក្ខាសាលានៃការចងចាំ)។ សិក្ខាសាលា ជំរុញឲ្យមានការចូលរួមក្នុងផ្នែកសិល្បៈមានរូបរាង ត្រូវបានប្រារព្ធឡើងនៅមជ្ឈមណ្ឌល សោតទស្សន៍បុប្ផា ណា បានដើរតួនាទីជាការដាស់តឿនរំ ឭកដ៏សកម្មនិងមានអានុភាពអំពី ប្រវត្តិសាស្ត្រខ្លោចផ្សាររបស់កម្ពុជាតាមរយៈការបង្កើតឲ្យមានការចូលរួមពីសំណាក់ប្រជាជន ជំនាន់ក្រោយ នៅក្នុងស្នាដៃនៃការចងចាំ អំពីអតីតកាល ដែលហាក់ដូចជាត្រូវបានស្គា ល់ច្បាស់ តែមិនធ្លាប់បានដឹងសោះ។ តាមរយៈភាសាសម្តែងចេញ របស់សៀវភៅគំនូរបែប ក្រាហ្វិក សេរ៉ាព្យាយាមពង្រីកឲ្យលើសពីការចែករំ លែកកំណត់ត្រាប្រវត្តិសាស្ត្រពីជំនាន់ មួយទៅជំនាន់មួយទៀត ដោយផ្តល់ដល់យុវជនកម្ពុជានូវឱកាសមួយ ដើម្បីយល់ដឹងអំពី ប្រវត្តិសាស្ត្ររបស់ខ្លួនតាមរយៈការបង្កើតស្នាដៃសិល្បៈ។

នៅក្នុងឆ្នាំ២០០៧ សេរ៉ា បានបង្កើតស្នាដៃចម្លាក់នៃការចងចាំ សម្រាប់ដាក់តាំង នៅទីវាលមួយ សម្រាប់សហគមន៍កម្ពុជានៅក្នុងទីក្រុង ប៊ូស៊ី សានចច។ បូជនីយដ្ឋាន តំណាងនេះ ឧទ្ទិសដល់អ្នកដែល គ្មានឈ្មោះត្រូវបានតម្កល់នៅរង្វង់មូលមួយដែលក្រោយ មកទីតាំងនេះ ត្រូវបានកែឈ្មោះទៅជាទីតាំងក្រុងភ្នំពេញ។

ក្នុងរយៈពេលជាង២៥ឆ្នាំ កន្លងមក ការងាររបស់ សេរ៉ា ត្រូវបានដាក់តាំងបង្ហាញ ដាច់ដោយឡែក និងរួមជាមួយស្នាដៃរបស់អ្នកដទៃទៀត នៅក្នុងប្រទេសបារាំង និង ប្រទេសកម្ពុជា។ នៅក្នុងខែមេសា ឆ្នាំ២០១២ វិទ្យាស្ថានភាសាបារាំង ក្នុងទីក្រុងភ្នំពេញ បានប្រារព្ធគម្រប់ខួប២០ឆ្នាំ របស់ខ្លួនដោយរៀបចំការតាំងពិព័រណ៍ស្នាដៃដ៏ច្រើនសន្ធឹក សន្ធាប់របស់ សេរ៉ា។

នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១២ ក្រុមសិល្បៈ Art Absolument បានសម្រេច ជ្រើសរើស សេរ៉ា ជាសិល្បករបែបសហសម័យដ៏ល្អប្រសើរមួយរូប ក្នុងប្រទេសបារាំង នាអំឡុងពេល ដប់ឆ្នាំ កន្លងមក។ នេះគឺជាការទទួលស្គាល់ដ៏វិសេសវិសាលមួយដែលផ្តល់កិត្តិយស និង កេរ្តិ៍ឈ្មោះដល់ ទេពកោសល្យឆ្នើមរបស់សិល្ប-កររូបនេះ។

បន្ថែមពីនេះទៅទៀត សេរ៉ា ក៏មានកិត្តិស័ព្ទល្បីរន្ទឺចំពោះស្នាដៃគំនូររស់រវើក តាម រយៈការសម្តែងយ៉ាងពិសេសជាសាធារណៈ។ សេរ៉ា បានទទួលរង្វាន់ និងអាហារូបករណ៍ ជាច្រើនអនេក អ្វីដែលគួរជាទីកត់សម្គាល់ជាងគេបំផុតនោះគឺ រង្វាន់ពីវិទ្យាស្ថានសិល្បៈ ជាតិនៃប្រទេសបារាំង។ សេរ៉ា បានរក្សាតំណែងបង្រៀនដ៏ថ្លៃថ្លារបស់ខ្លួននៅសូប៊នចាប់តាំ ងពីឆ្នាំ១៩៨៩។ នៅក្នុងឆ្នាំ២០១២ សេរ៉ា ត្រូវបានឧទ្ទេសនាមជាប្រធានកម្មវិធី សិក្សានៅ សាលាហ្វារពន្លឺសិល្បៈក្នុងខេត្តបាត់ដំបង ប្រទេសកម្ពុជា។ បច្ចុប្បន្ន សេរ៉ា កំពុងធ្វើការ សិក្សាស្រាវជ្រាវនិក្ខេបបទថ្នាក់បណ្ឌិតរបស់ខ្លួននៅឯ Paris I Panthéon-Sorbonne ក្រោម ការដឹកនាំរបស់ យ៉ាន់ ថូម៉ា។

ទាវ សារៈមុនិន្ទ​ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា

ដំណើរជីវិតរបស់ ពាក់ ធឿន

ពាក់ ធឿន កើតក្នុងឆ្នាំ ១៩៥៣ (១៩៥៣ ជាឆ្នាំដែលប្រទេសកម្ពុជាទទួលបានឯករាជ្យពីប្រទេសបារាំង) និងមានស្រុកកំណើតនៅភូមិបន្ទាយឆ្មាខាងជើង ឃុំបន្ទាយឆ្មា ស្រុកថ្មពួក ខេត្តបាត់ដំបង តែឥឡូវស្ថិតក្នុងខេត្តបន្ទាយមានជ័យ។ ធឿន មានជីតាឈ្មោះ វ៉ាន់ ដែលជាអតីតមេឃុំបន្ទាយឆ្មា, ឪពុករបស់ធឿន ឈ្មោះ វ៉ាន់ ពាក់ ដែលជាអតីតជំទប់ទី១ ឃុំបន្ទាយឆ្មាក្នុងសម័យសង្គមរាស្រ្តនិយម និងមានម្ដាយឈ្មោះ ណៅ ហ៊ុន។ ធឿន មានបងប្អូន ១១ នាក់ (ស្រី ៥ ប្រុស ៦នាក់)។ ធឿន គឹជាកូនច្បងក្នុងគ្រួសារ។ ធឿន រៀនបានត្រឹមថ្នាក់ទី ៧ (សម័យដើម) នៅសាលាបន្ទាយឆ្មា ក៏បានឈប់ បន្ទាប់ពីមានព្រឹត្ដិការណ៍រដ្ឋប្រហារទម្លាក់សម្ដេច សីហនុ ឆ្នាំ ១៩៧០។ ក្រោយឈប់ពីការសិក្សា​ ធឿន​ នៅផ្ទះជួយកិច្ចការធ្វើស្រែចម្ការឪពុកម្ដាយរហូតដល់ឆ្នាំ ១៩៧៥។

បន្ទាប់ពីខ្មែរក្រហមឡើងកាន់កាប់អំណាច នៅឆ្នាំ ១៩៧៥ ទ្រព្យសម្បត្តិ របស់របរ (ចាន ឆ្នាំង ស្លាព្រា គោក្របី និងមាសប្រាក់ជាដើម) គ្រួសាររបស់ ធឿន ក៏ដូចជាទ្រព្យសម្បត្តិ និងរបស់របររបស់ប្រជាជននៅក្នុងឃុំបន្ទាយឆ្មា ត្រូវបានខ្មែរក្រហមប្រមូលដាក់ឱ្យប្រើប្រាស់ជារបស់រួម។ នៅក្នុងឃុំបន្ទាយឆ្មា ខ្មែរក្រហមបានចាត់តាំង ញ៉េប ឱ្យជាអ្នកដឹកនាំ ហើយប្រជាជនត្រូវបានបែងចែកជាបីក្រុម មានក្រុមកុមារ ក្រុមយុវជន និងក្រុមវ័យកណ្ដាល។ ក្នុងក្រុមនីមួយៗត្រូវបានបែងចែកជាក្រុមតូចៗ (ប្រហែល ១០នាក់) និងមានប្រធានក្រុមម្នាក់។ ធឿន ត្រូវបានចាត់តាំងឱ្យនៅក្នុងក្រុមវ័យកណ្ដាល។​ ធឿន ត្រូវបានខ្មែរក្រហមចាប់ដៃផ្សំផ្គុំឱ្យរៀបការជាមួយ ប៉េ សួន ដែលនៅពេលនោះ គឺមាន ៦០​គូ នៅចុងឆ្នាំ១៩៧៥។ បន្ទាប់ពីចាប់ដៃការរួច ធឿន ត្រូវបានខ្មែរក្រហមដកចេញពីក្រុមវ័យកណ្ដាលឱ្យទៅជាកងចល័តឃុំ ដែលមានការងារជាអ្នកភ្ជួរស្រែ ដកស្ទូង និងលើកទំនប់ជាដើម។ នៅរដូវវស្សាឆ្នាំ ១៩៧៦​​ ធឿន ​ត្រូវបានបញ្ជូនឱ្យទៅលើកទំនប់អាងជើងគ្រោះ  និងឆ្នាំ ១៩៧៧ ធឿន ត្រូវបានខ្មែរក្រហមបញ្ជូនទៅម្ដងទៀត ដែលពេលនោះមានមនុស្សប្រហែល ៥០០០​នាក់ បានចូលរួម ដោយលើកទំនប់ប្រវែងប្រហែល ១០០០ ម៉ែត្រ (នៅក្នុងសម័យខ្មែរក្រហម ទំនប់អាងជើងគ្រោះត្រូវបានលើកពីរដង ដោយលើកៗទីមួយមានប្រវែងតូច និងទំហំខ្លី មិនអាចស្តុកទឹកបានច្រើន ដូច្នេះទំនប់នេះត្រូវបានលើកម្ដងទៀតនៅឆ្នាំ ១៩៧៧ ហើយទំនប់ជើងគ្រោះអាចស្ដុកទឹកធ្វើស្រែខួបប្រាំងខួបវស្សា មិនខ្វះទឹកនោះទេ)។ បន្ទាប់ពីលើកទំនប់អាងជើងគ្រោះជាលើកទី២​រួច ធឿនត្រូវបានខ្មែរក្រហមចាត់តាំងឱ្យធ្វើជាប្រធានដែលមានសមាជិក១០នាក់ ដើម្បីមើលការខុសត្រូវទំនប់អាងជើងគ្រោះនោះកុំឱ្យមានការខូចខាត ធ្លុះធ្លាយ​ និងបាក់ជាដើម ហើយក្រៅពីការងារនោះ ធឿន និងកូនក្រុមត្រូវដើរចល័តធ្វើការងារផ្សេងទៀតមានភ្ជួររាស់ ដក់ស្ទូងជាដើម។ ធឿន ក៏ត្រូវបានខ្មែរក្រហមបញ្ជូនឱ្យទៅលើកទំនប់ត្រពាំងថ្មម្ដងម្កាលដែរ។ នៅចុងឆ្នាំ ១៩៧៧ ឪពុករបស់ធឿន ត្រូវបានខ្មែរក្រហមចាប់ខ្លួនបន្ទាប់ពីស្រាវជ្រាវឃើញថា ឪពុកធឿន ធ្លាប់ធ្វើការបម្រើឱ្យរបបសាធារណរដ្ឋខ្មែរ របស់ លន់ នល់។ នៅពេល ឪពុកធឿន ត្រូវបានចាប់ខ្លួន ពេលនោះ ធឿន ក៏នៅទីនោះដែរ ប៉ុន្ដែ ធឿន មិនអាចជួយអ្វីដល់ឪពុកបានឡើយ ពីព្រោះ ធឿន ធ្លាប់ឃើញតាលាភ ត្រូវបានខ្មែរក្រហមចាប់ខ្លួន ហើយពេលនោះកូនក៏មកជួយ ដូច្នេះខ្មែរក្រហមចាប់ទាំងពីរនាក់ឪពុកកូនយកទៅសម្លាប់ចោល។ ដោយហេតុនឹកឃើញដល់រឿងនោះ ធឿន ក៏មិនហ៊ានជួយឪពុកដោយខ្លាចខ្មែរក្រហមចាប់ខ្លួនសម្លាប់ទាំងពីរនាក់ ដូចតាលាភ និងកូន។ ធឿន បានដឹងថា ឪពុករបស់ខ្លួនត្រូវបានខ្មែរក្រហមយកទៅសម្លាប់នៅបន្ទាយទាហានថ្មពួកចាស់ (ធឿន បានឱ្យដឹងថា ខ្មែរក្រហមបានយកមនុស្សជាច្រើនទៅសម្លាប់នៅបន្ទាយទាហានថ្មពួកចាស់ ដោយក្នុងមួយរណ្ដៅមានមនុស្សយ៉ាងតិច ៥០ ទៅ ៦០នាក់ ដែលត្រូវបានសម្លាប់ ហើយកប់រួមគ្នា)។ នៅចុងឆ្នាំ ១៩៧៨ ធឿនត្រូវគណៈឃុំចាប់ខ្លួនបញ្ជូនទៅសហករណ៍សាលាបន្ទាយឆ្មា ដោយសារការសារភាពរបស់ សេន ថា ធឿន រួមគំនិតលួចជីកដំឡូង (សេន ត្រូវខ្មែរក្រហមចាប់ខ្លួននៅពេលលួចជីកដំឡូង ហើយ សេន​​ ត្រូវបានខ្មែរក្រហមដាក់ទារុណកម្មសួរចម្លើយ)។ តែជាសំណាងល្អ នៅដើមឆ្នាំ ១៩៧៨ ធឿន ត្រូវបានដោះលែងវិញ បន្ទាប់ពីមានការធានាពី ហាក់ ដែលធ្វើការខាងសេដ្ឋកិច្ចឃុំ ថា ធឿន ជាមនុស្សល្អ ស្អាតស្អំ។ ក្រោយពីការដោះលែង ធឿន ត្រូវបានចាត់តាំងឱ្យធ្វើការងារខាងធ្វើស្រែ និងមើលការខុសត្រូវទំនប់អាងជើងគ្រោះជាធម្មតា។ នៅពាក់កណ្ដាលឆ្នាំ១៩៧៨ ធឿន, ឃួន និងអាល់ បានផ្ដើមគំនិតរៀបចំគម្រោងការសម្លាប់ខ្មែរក្រហម តែងគម្រោងនោះត្រូវបរាជ័យដោយសារកម្មាភិបាលខ្មែរបានដឹងមុន ដូច្នេះខ្មែរក្រហមបានដេញចាប់ក្រុមរបស់ធឿន។ នៅ ចុងឆ្នាំ ១៩៧៨ ធឿន បានរត់ភៀសខ្លួនចូលប្រទេសថៃ ហើយក្រោយមកក៏បានបម្រើការងារជាទាហានប៉ារ៉ានៅទីនោះ ដើម្បីប្រឆាំងរបបខ្មែរក្រហម។ ចូលបម្រើទាហានប៉ារ៉ា បាន ៤ ខែ ធឿន ក៏លាឈប់ ហើយត្រឡប់មកប្រទេសកម្ពុជាវិញ។

នៅឆ្នាំ ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមត្រូវបានដួលរលំ ធឿន ក៏បានចូលមកប្រទេសកម្ពុជាវិញ។ នៅពេលមកដល់កម្ពុជាវិញ ធឿន ត្រូវបានកងទ័ពវៀតណាមចាប់ខ្លួន និងឱ្យសារភាព ពីព្រោះរាល់ប្រជាជនដែលចូលទឹកដីថៃ ហើយត្រឡប់មកវិញ គឺកងទ័ពវៀតណាមចាប់ខ្លួន និងតម្រូវឱ្យសារភាព។ ក្រោយសារភាពរួច ធឿន បានទៅជួបជុំក្រុមគ្រួសារ ហើយក្រោយមកមេឃុំថ្មីឈ្មោះ ដឿម បានហៅ ធឿន​ ឱ្យធ្វើគ្រូបង្រៀននៅសាលាបន្ទាយឆ្មា ប៉ុន្ដែ ធឿន បានបដិសេធ ដោយគិតថាឪពុកស្លាប់ដោយសារធ្វើការងាររដ្ឋ ដូច្នេះ ធឿន មិនចង់ធ្វើការងាររដ្ឋនោះទេ។ នៅឆ្នាំ ១៩៨២ ផ្ទះរបស់ប្រជាជននៅក្នុងឃុំបន្ទាយឆ្មាត្រូវបានឆេះខ្ទេចខ្ទីដោយការប្រយុទ្ធគ្នារវាងកងទ័ពខ្មែរក្រហម និងកងទ័ពវៀតណាម។ ប្រជាជននៅក្នុងឃុំ ត្រូវបានជម្លៀសឱ្យទៅរស់នៅក្នុងឃុំសាម៉ន់ និងមួយចំនួនរត់ចូលព្រៃ។ ការរស់នៅក្នុងឃុំសាម៉ន់ គឺវេទនាបំផុតសម្រាប់ ធឿន ពីព្រោះមិនមានដីធ្វើស្រែចម្ការ ប្រជាជនមួយចំនួនក៏រត់ភៀសខ្លួនទៅព្រុំដែន។ ឆ្នាំ ១៩៨៨ ធឿន បានរត់ទៅរស់នៅជំរំសាយធូ។ នៅជំរំសាយធូ ធឿន បានចូលរៀនអក្សរ និងរៀនខាងបច្ចេកទេស ជំនាញខាង គ្រឿងម៉ាស៊ីន (ឡាន, ម៉ូតូ និងគោយន្តជាដើម) ហើយបានក្លាយជាគ្រូបង្រៀនខាងបច្ចេកទេសបង្រៀនដល់ជនពិការនៅទីនោះ។ ឆ្នាំ ១៩៩១ ធឿន បានចាក់ចេញពីជំរំសាយធូ មករស់នៅស្រុកកំណើតវិញ បន្ទាប់សង្រ្គាមត្រូវបានផុតរលុតក្នុងតំបន់នោះ។  ទៅដល់ភូមិវិញ ធឿន បានរស់នៅលើទឹកដីចាស់របស់ខ្លួន ជាមួយនឹងគ្រួសារ និងធ្វើការងារជាអ្នកស្រែចម្ការ។​ នៅឆ្នាំ ២០០៣ ធឿន ត្រូវបានជ្រើសរើសពីចាស់ទុំនៅក្នុងភូមិឱ្យធ្វើជាមេភូមិបន្ទាយឆ្មាខាងជើង ពីព្រោះអ្នកភូមិគិតថា ជីតា និងឪពុករបស់ ធឿន គឺជាអ្នកបម្រើការងារដឹកនាំភូមិឃុំបានល្អ ហើយ ធឿន នៅជាមេភូមិរហូតដល់បច្ចុប្បន្ន។ សព្វថ្ងៃ ធឿន​ មានកូន បី នាក់(ស្រី២ ប្រុស១) និងរស់នៅក្នុងជីវភាពសមរម្យជាមួយគ្រួសារ។ រាល់ពេលបុណ្យទានម្ដង ធឿន និងគ្រួសារតែងធ្វើបុណ្យដើម្បីឧទ្ទិសកុសលដល់បុព្វការីជន ជាពិសេសឪពុកដែលបានស្លាប់ក្នុងរបបខ្មែរក្រហម។

ឃាង សេងហឿន បុគ្គលិកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារកម្ពុជា

ខ្ញុំហៀបនឹងស្លាប់ដោយសារជំងឺ

ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ជាមួយវ័យជរា រស់នៅតែម្នាក់ឯង នៅភូមិលំទងចាស់ ឃុំលំទងចាស់ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ យាយ រីប ហឿន មានវ័យ៧៣ឆ្នាំហើយ។ ប្តីរបស់យាយ ហឿន បានស្លាប់​តាំងពីបីឆ្នាំមុនម៉្លេះ ហើយកូនៗប្រុសស្រីទាំង៧នាក់របស់គាត់បានរៀបការ និងរស់នៅបែកពី​គាត់​អស់​ហើយ។ យាយបានរៀបរាប់ពីដំណើរជីវិតដែលបានឆ្លងកាត់នៅក្នុងរបបខ្មែរក្រហម​ថា៖

ក្រោយឆ្នាំ១៩៧០​ បន្ទាប់ពីរដ្ឋប្រហារទម្លាក់សម្តេច សីហនុ ការទម្លាក់គ្រាប់បែក បាន​កើត​មានឡើងស្ទើរគ្រប់ទីកន្លែង។ សំឡេងយន្តហោះបានធ្វើឲ្យប្រជាជនគ្រប់គ្នាមានការភ័យ ខ្លាច អ្នកខ្លះបានរត់ចោលផ្ទះសម្បែង ដោយសារតែភិតភ័យនឹងសំឡេងលាន់កងរំពងរបស់​ម៉ាស៊ីន​យន្តហោះ។ ពេលនោះ គាត់និងប្តីឈ្មោះ ហ៊ីន បានសម្រេចចិត្តចេញពីផ្ទះគាត់ទៅរស់ នៅក្នុងទឹកដីថៃ ដែលស្ថិតនៅជាប់នឹងព្រំដែនខ្មែរវិញ។ ប៉ុន្តែរយៈពេលមួយខែក្រោយមក ថៃ​បានបញ្ជូនគាត់ និងប្តីមកស្រុកកំណើតវិញ ប​ន្ទាប់ពីការទម្លាក់គ្រាប់បែកបានស្ងប់ស្ងាត់ យាយ ហឿន និងប្តីបានប្រកបរបរធ្វើស្រែចម្ការធម្មតាវិញ។ ប៉ុន្តែរឿង​ដែលគួរឲ្យសោកស្តាយនោះ គឺឪពុកម្តាយរបស់គាត់ បានស្លាប់ក្នុងអំឡុងពេលដែលមានការ​ទម្លាក់​គ្រាប់បែកនោះ។

នៅឆ្នាំ១៩៧៣ ប្តីរបស់យាយ ហឿន និងបងប្រុសរបស់គាត់ ឈ្មោះ រី តាប់ បានស្ម័គ្រ ចិត្តធ្វើជាទាហាន លន់ នល់។ ប្តីរបស់គាត់ចូលធ្វើទាហានមិនបានប៉ុន្មាន ក៏មានជំងឺគ្រុនចាញ់ ហើយត្រូវអង្គភាពបញ្ជូនមកផ្ទះវិញ។ ក្រោយមក គាត់និងប្តីបានផ្លាស់ទៅរស់នៅខេត្ត​សៀមរាប។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានជ័យជម្នះ និងគ្រប់គ្រងប្រទេស តន្ត្រី សិល្បៈ សាសនា ទំនៀមទម្លាប់ប្រពៃណី ត្រូវបានខ្មែរក្រហមហាមឃាត់​ ហើយក៏ជាពេលដែលកូនត្រូវបែកពី​ឪពុកម្តាយ ប្រពន្ធបែកពីប្តី គឺស្ទើរតែគ្រប់គ្រួសារបានបែកបាក់គ្នា។ ប្រជាជនដែលរស់នៅ​តាមទីក្រុង ទីប្រជុំជននានា ត្រូវខ្មែរក្រហមជម្លៀសចេញឲ្យទៅតាមទីជនបទ  ដោយយក​លេស​ថា អាមេរិកាំងនឹងមកទម្លាក់គ្រាប់បែក។ ប្រជាជនត្រូវបង្ខំឲ្យចាកចេញពីផ្ទះសម្បែង ដោយមិនបានយកអ្វីទៅជាប់នឹងខ្លួនច្រើននោះទេ ព្រោះគិតថា នឹងបានត្រឡប់មកផ្ទះវិញ ក្នុង​រយៈពេលបីថ្ងៃក្រោយ។

ជាក់ស្តែង យាយ ហឿន និងគ្រួសារត្រូវខ្មែរក្រហមជម្លៀសឲ្យទៅរស់នៅស្រុក ក្រឡាញ់ ដោយធ្វើដំណើរតាមរថយន្ត និងថ្មើរជើង។ យាយ​ ហឿន បានឲ្យដឹងថា គាត់ត្រូវធ្វើ ដំណើរ​ទាំង​ថ្ងៃ​ទាំងយប់ ដោយមានតែអាហារបន្តិចបន្តួចហូបប៉ុណ្ណោះ។ ទៅដល់ស្រុក ក្រឡាញ់ អង្គការ​បានបែងចែកប្រជាជនទៅតាមក្រុមរៀងៗខ្លួន ដោយឡែកយាយ ហឿន ត្រូវ​អង្គការ​ចាត់ឲ្យ​​ចូលកងនា​រីធ្វើស្រែ។ ប៉ុន្មានខែក្រោយមក ប្តីរបស់យាយ ហឿន ត្រូវបាន អង្គការនាំទៅសួរចម្លើយទាក់ទងនឹងទាហាន លន់ នល់។ យាយ ហឿន បានឲ្យដឹងថា ប្តីរបស់ គាត់ពេលនៅស្រុកក្រឡាញ់មិនបានប្រើឈ្មោះដើមទេ គឺប្តីរបស់គាត់បានប្តូរឈ្មោះថ្មី​ (មក ដល់សព្វថ្ងៃគាត់មិនចាំឈ្មោះ​ថ្មីរបស់ប្តីគាត់ទេ)។​ ប្តីរបស់គាត់ តាហ៊ីន ត្រូវបានអង្គការ​បញ្ជូ​នទៅ​សួរចម្លើយនៅខេត្តបន្ទាយមានជ័យ (តំបន់៥) និងក្រោយមកបានដោះលែងមកវិញ ដោយ​រកមិនឃើញឈ្មោះប្តីរបស់គាត់ពាក់ព័ន្ធជាមួយអតីតទាហាន លន់ នល់។ ប៉ុន្តែបង ប្រុសរបស់​យាយ ហឿន ឈ្មោះ រី​ តាប់ មិនមានវាសនារួចជីវិតដូចប្តីគាត់ទេ។ បងប្រុសរបស់ គាត់ត្រូវ​អង្គការ​ចាប់បញ្ជូនមកភ្នំពេញ ទាក់ទងនឹងអតីតភាពជាទាហាន លន់ នល់។ មួយខែក្រោយ​មក ទើបគាត់ដឹងថា បងប្រុសរបស់គាត់ត្រូវបានអង្គការយកទៅសម្លាប់។

នៅឆ្នាំ១៩៧៧ តាហ៊ីន ត្រូវបានអង្គការបញ្ជូនឲ្យទៅធ្វើការនៅកងចល័ត ខេត្តកំពង់ធំ ដែលត្រូវទៅលើកទំនប់១មករា។ ចាប់តាំងពីពេលនោះមក យាយ ហឿន ត្រូវរស់នៅឆ្ងាយពីប្តី រហូតដល់របបខ្មែរក្រហមដួលរលំ។ អំឡុងពេលរស់នៅតែម្នាក់ឯង យាយ ហឿន កើត មានជំងឺផ្លូវចិត្តដែលគាត់ត្រូវរស់នៅឆ្ងាយពីប្តី ម្យ៉ាងទៀត គាត់ត្រូវធ្វើការ​ទាំងយប់ ទាំងថ្ងៃ និងហូបមិនគ្រប់គ្រាន់ រហូតដល់គាត់ធ្លាក់ខ្លួនឈឺជាទម្ងន់។ ពេលនោះ ម្រាមដៃរបស់គាត់ ក៏កើតពិស ជាហេតុធ្វើឲ្យគាត់មិនអាចទៅធ្វើការបាន។ អង្គការបានហៅយាយ ហឿន ទៅ​សាកសួរ និងបានពិនិត្យឃើញថាគាត់ពិតជាឈឺ ទើបអនុញ្ញាតឲ្យឈប់សម្រាក។ អំឡុងពេល​គាត់សម្រាកព្យាបាលជំងឺ មេកងនារីរបស់គាត់តែងតែយករបបអាហារមកឲ្យគាត់ហូប។ ប៉ុន្មាន​ថ្ងៃក្រោយមក អង្គការបានហៅមេកងនារីនោះទៅរៀនសូត្របាត់ដោយមិនដឹងពីមូល​ហេតុ ហើយចាប់តាំងពីថ្ងៃនោះមកគាត់មិនដែលឃើញមេកងនារីនោះត្រឡប់មកវិញទេ។ គាត់​បានត្រឹមតែឮពាក្យចចាមអារាមថា អង្គការបានចោទថា មេកងនារីនោះ ក្បត់នឹងអង្គការ។ ដោយឈឺនឹងជំងឺពិសដែលកើតនៅម្រាមដៃគាត់ខ្លាំងពេក យាយ ហឿន បានសម្រេចចិត្ត​កាត់ម្រាមដែលកើតពិសនោះចោលតែម្តង។

ក្រោយរបបខ្មែរក្រហមបានដួលរលំ នៅឆ្នាំ១៩៧៩ ប្តីរបស់យាយបានត្រឡប់មករក​យាយវិញ និងនាំគ្នាទៅរស់នៅក្នុងទឹកដីថៃអស់រយៈពេល២ឆ្នាំ។ អំឡុងពេលនោះ យាយ និងប្តីប្រកបរបរបោចវល្លិ៍ បាញ់សត្វ និងកាប់ឈើលក់។ បន្ទាប់ពីស្ថានការណ៍វាយប្រយុទ្ធគ្នា​ស្ងប់​ស្ងាត់បន្តិច យាយ ហឿន និងប្តីបានត្រឡប់មកនៅស្រុកអន្លង់វែង ដែលជាតំបន់កាន់កាប់​រ​បស់​កម្លាំងខ្មែរក្រហមដែលនៅសេសសល់ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ តាម៉ុក។ យាយ ហឿន បានឲ្យដឹងថា តាម៉ុក គ្រប់គ្រងតំបន់អន្លង់វែង ចំណែកប្រជាជនរស់នៅ ប្រកបរបរ​ធ្វើស្រែចម្ការធម្មតា ប៉ុន្តែមិនតឹងរ៉ឹងដូចមុនទេ។ បន្ទាប់មក ប្តីរបស់គាត់ តាហ៊ីន ក៏បានចូល​បម្រើបម្រើកងទ័ព តាម៉ុក។

យាយ ហឿន បានឲ្យដឹងថា តាម៉ុក គ្រប់គ្រងតំបន់អន្លង់វែង និងមិនមានជម្លៀស​ប្រជាជន​ទៅណាទេ។ នៅពេល នោះ ការប្រយុទ្ធគ្នាជាមួយកងទ័ពវៀតណាមមិនទាន់បញ្ចប់​ទេ និងបានបង្កឲ្យមានមនុស្សស្លាប់ជាបន្តបន្ទាប់។ មិនយូរប៉ុន្មាន ប្តីរបស់គាត់បានធ្លាក់ខ្លួនឈឺ ហើយក៏លាឈប់ពីកងទ័ព និងត្រឡប់មករស់នៅជាមួយគាត់នៅភូមិវិញ។

រិន រចនា និសិ្សតឆ្នាំទី៤ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ

មជ្ឈមណ្ឌលសន្តិភាពអន្លង់វែងទទួលបានការលើកទឹកចិត្តទាក់ទង ការងារអភិវឌ្ឍស្រុកអន្លង់វែង

អស់រយៈពេល៧ឆ្នាំមកហើយ ដែលមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ជាគម្រោងមួយរបស់មជ្ឈ​មណ្ឌលឯកកម្ពុជា បានសហការជាមួយក្រសួងទេសចរណ៍តាមរយៈអនុក្រឹតអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជាបង្កើតគណៈកម្មាធិការអន្តរក្រសួងដើម្បីធ្វើការស្រាវជ្រាវចងក្រង និងសរសេរសៀវភៅប្រវត្តិ​សាស្រ្ត​សម្រាប់មគ្គុទ្ទេសក៍ទេសចរណ៍ក្នុងស ហគមន៍អន្លង់វែង។ តាមរយៈអនុក្រឹតនេះ មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង​ ក៏មានតួនាទីរួមចំណែកក្នុងអភិវឌ្ឍន៍ និងអភិរក្សតំបន់​ប្រវត្តិសាស្រ្តទាំង១៤កន្លែង នៅស្រុកអន្លង់វែង ដែលជាតំបន់តស៊ូចុងក្រោយរបស់ខ្មែរក្រហមដែរ។

ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ជាមួយកិច្ចការដែលបានធ្វើកន្លងមក ក្រុមការងាររបស់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បានចុះជួបអ្នកភូមិក្នុងសហគមន៍ និងបានធ្វើការសម្ភាសប្រជាជនពីបទពិសោធន៍ផ្ទាល់ខ្លួន រឿងរ៉ាវនៅដែលបានកើតឡើងនៅក្នុងតំបន់អន្លង់វែង។ ក្រុមការងារក៏បានធ្វើការសម្ភាសអតីតយោធា កម្មាភិបាលខ្មែរក្រហមពីជីវិត តួនាទី ការងារក្នុងអំឡុងពេលរបបខ្មែរក្រហមគ្រប់គ្រង និងបានសរសេរសៀវ​ភៅប្រវត្តិសាស្រ្ត​សម្រាប់​មគ្គុទ្ទេសក៍ទេសចរណ៍ ដែលមានចំណងជើងថា “ប្រវត្តិសាស្រ្តសហគមន៍អន្លង់វែង” តំបន់កាន់កាប់ចុងក្រោយរបស់ចលនាខ្មែរក្រហម។ ក្រៅពីកិច្ចការសរសេរសៀវភៅ មជ្ឈ​មណ្ឌលសន្តិភាពអន្លង់វែង ក៏បានធ្វើការជួសជុលអតីតទីបញ្ជា​ការ​របស់ តាម៉ុក នៅលើភ្នំដងរែក ដែលត្រូវភ្លើងឆេះ ការសាងសង់តូបយាមនៅផ្នូរ ប៉ុល ពត ការដាក់តាំងពិព័ណ៌រូបថត​ និងកាលប្បវត្តិខ្មែរក្រហមនៅអតីតផ្ទះ តាម៉ុក និងការដំឡើងស្លាកសញ្ញាសម្គាល់នៅទីតាំង​ប្រវត្តិ​សាស្រ្តទាំង១៤កន្លែងក្នុងស្រុកអន្លង់វែង ដែលមានដូចជា កន្លែងដុតខ្មោច ប៉ុល ពត, កន្លែងកាត់ទោស ប៉ុល ពត, ផ្ទះកណ្តាលលើភ្នំដងរែក, កន្លែងកែច្នៃគ្រាប់លើភ្នំ២០០, ផ្ទះ ប៉ុល ពត​ និង ខៀវ សំផន, ឃ្លាំងដាក់សម្ភារនៅជើងភ្នំ, កន្លែងដុតខ្មោច សុន សេន, ស្រែគំរូ, ទីតាំងការដ្ឋានដឹកជញ្ជូនរបស់ តាម៉ុក, បឹងអន្លង់វែង, សារមន្ទីរ តាម៉ុក, អតីតទីតាំងមន្ទីរពេទ្យ តាម៉ុក, អតីតទីតាំងសាលារៀន តាម៉ុក។

ជាមួយផែនការ និងទស្សនវិស័យរបស់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែងដែលបានធ្វើ មិនត្រឹមតែ​ចូលរួមថែរក្សា និងអភិរក្សតំបន់ប្រវត្តិសាស្រ្តអន្លង់វែងប៉ុណ្ណោះទេ ប៉ុន្តែមជ្ឈមណ្ឌលនេះ ក៏បានរៀបចំឲ្យមានដំណើរទស្សកិច្ចសិក្សាស្តីពីសន្តិភាព និងការផ្សះផ្សានៅក្នុងតំបន់អន្លង់វែង។ ដោយ​សារតំបន់អន្លង់វែង ជាតំបន់ដែលធ្លាប់តែមានការប្រយុទ្ធគ្នា អំពើហិង្សា ការឈឺចាប់ និងគ្រប់គ្រងដោយអតីតយោធាខ្មែរក្រហម ទើបធ្វើឲ្យប្រជាជនមានទស្សនយល់ឃើញផ្សេងគ្នាលើប្រវត្តិសាស្រ្តក្នុងតំបន់នេះ​ និងធ្វើឲ្យមានគម្លាតគ្នាកាន់តែឆ្ងាយរវាងអតីតខ្មែរក្រហម​ និងជនរងគ្រោះពីរបបនេះ។ ដើម្បីបង្កើតឲ្យមានការសន្ទនាកិច្ចគ្នាក្នុងចំណោមប្រជាជន និងស្វែងយល់ឲ្យកាន់តែស៊ីជម្រៅពីតំបន់អន្លង់វែងនេះ  មជ្ឈ​មណ្ឌលសន្តិភាពអន្លង់វែង បានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងក្រសួងអប់រំ យុវជន និងកីឡា រៀបចំដំណើរទស្សកិច្ចសិក្សាសម្រាប់សិស្ស និស្សិត មកពីសាកលវិទ្យាល័យនានានៅទូទាំងប្រទេសកម្ពុជា ឲ្យមកទស្សកិច្ចសិក្សានៅស្រុកអន្លង់វែង ជារៀងរាល់ខែ។ ក្នុងចំណោមសិស្ស និស្សិតទាំងនោះក៏មានកូនរបស់អតីតជនដៃដល់ និងកូនរងគ្រោះពីរបបខ្មែរក្រហមដែរ។ បន្ទាប់ពីស្តាប់វាគ្មិនធ្វើបទបង្ហាញដោយសង្ខេបពីតំបន់អន្លង់វែង សិស្សនិស្សិតទាំងនោះ បានចុះទៅជួប និងសួរនាំប្រជាជន​ក្នុងសហគមន៍អន្លង់វែង ពីបទពិសោធន៍របស់ប្រជាជនទាំងនោះក្នុងរបបខ្មែរក្រហម។ សិស្សនិស្សិតមិនត្រឹមដឹងរ៉ាវផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ៗប៉ុណ្ណោះទេ ប៉ុន្តែក៏បានដឹងពីប្រវត្តិអន្លង់ដែរ។ ចំ​ណេះដឹងទាំងនេះ មានសារសំខាន់ណាស់សម្រាប់សិស្ស និស្សិត ក្នុងការចូលរួមថែរក្សាប្រវត្តិសាស្រ្តក្នុងសហគមន៍អន្លង់វែង និងក្នុងដំណើរការផ្សះផ្សាជាតិទាំងមូល។

ភ្ជាប់ជាមួយកិច្ចខាងលើ មកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ក៏បានសហការជាមួយក្រសួងទេសចរណ៍ បានរៀបចំវគ្គបណ្តុះបណ្តាលដល់មគ្គុទ្ទេសទេសចរណ៍ពីតំបន់អន្លង់វែង។ វគ្គបណ្តុះបណ្តាលនេះ បានជួយពង្រឹងសមត្ថភាពដល់មគ្គុទ្ទេសទេសចរណ៍ឲ្យយល់ដឹងកា​ន់តែស៊ីជម្រៅពីតំបន់អន្លង់វែង ដោយធានាថាព័ត៌មានដែលបានផ្តល់ទៅដល់ភ្ញៀវដែលបានមកទស្សនាតំបន់នេះមានភាព​ច្បាស់លាស់ និងអាចជឿទុកចិត្តបាន។ មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ក៏បានបង្កើតគេហទំព័ររបស់ខ្លួនដើម្បីផ្តល់ព័ត៌មាន និងបង្ហាញពីកិច្ចការប្រចាំថ្ងៃរបស់ខ្លួនទៅដល់សារធារណជនដែលមានចំណាប់អារម្មណ៍​តំបន់​អន្លង់វែងនេះ។ ទន្ទឹមនេះ មជ្ឈមណ្ឌលសន្តិភាពអន្លង់វែងក៏បានបង្កើត​ប្លង់គោលដែលគូរដោយអ្នករចនាប្លង់ ដេវ៉ា កាង នៃក្រុមហ៊ុន ហ្សាហា ហាឌីត ជាក្រុមហ៊ុនដ៏ល្បីដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេស។ ប្លង់គោលនេះ​ បានគូសយ៉ាងលម្អិតទាក់ទងនឹងទីតាំងប្រវត្តិសាស្រ្តសំខាន់ៗនៅ​ក្នុងតំបន់អន្លង់វែង ជាមួយតំបន់ដែលត្រូវអភិវឌ្ឍថ្មី រួមមាន ៖ តំបន់រមណីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ តំបន់រោងចក្រ និងតំបន់ព្រៃធម្មជាតិ។

ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ជាមួយកិច្ចការដែលមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង​បានសម្រេចកន្លងមក នៅថ្ងៃទី៣០ ខែ​វិច្ឆិកា ឆ្នាំ២០១៧ ក្រសួងទេសចរណ៍ បានអញ្ជើញលោកបណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង និងជាតំណាងរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ចូលរួមជាវាគ្មិនលើប្រធានបទ “បទពិសោធន៍នៃការអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្តអន្លង់វែង” ក្នុងសិក្ខាសាលាបូកសរុបការងារស្តីពី “ការប្រឡងប្រណាំងរមណីយដ្ឋានទីក្រុងគំរូ”​ ក្នុងនាមជាដៃគូអភិវឌ្ឍន៍ រួមជាមួយផ្នែកសាធារណ និងវិស័យឯកជនមួយចំនួន ក្រោមអធិបភាពរដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ ឯកឧត្តម ថោង ខុន នៅសណ្ឋាគារភ្នំពេញ។​

ជាការកត់សម្គាល់នៅក្នុងសិក្ខាសាលានេះ ឯកឧត្តម ថោង ខុន មានប្រសាសន៍ថា វិស័យទេសចរណ៍នៅកម្ពុជា ជាវិស័យអទិភាព ដែលជួយកាត់បន្ថយភាពក្រីក្រ ភាពអត់ការងារធ្វើ និងជួយដល់ផ្នែកបរិស្ថាន ជាពិសេស បម្រែបម្រួលអាកាសធាតុ។ ទន្ទឹមនេះ ភ្ញៀវទេសចរណ៍បានកើនឡើងជាបន្តបន្ទាប់ ដោយក្នុងឆ្នាំ២០១៧នេះ មានភ្ញៀវអន្តរជាតិ១.៦លាននាក់ ហើយអាចនឹងកើនឡើងជាង៧លាននាក់ នៅឆ្នាំ២០២០ ខាងមុខ។ ឯកឧត្តមបន្តថា សព្វថ្ងៃនេះ ប្រទេសកម្ពុជាមានរមណីយដ្ឋាន ប្រមាណ៤០០កន្លែង​ រួមមាន រមណីយដ្ឋានបែបសណ្ឋាគារ រមណីយដ្ឋានបែបធម្មជាតិ​ និងរមណីដ្ឋានវប្បធម៌ និងប្រវត្តិសាស្រ្ត ដែលមានតម្លៃមិនអាចកាត់បាន។ ឯកឧត្តម ថោង ខុន បានជំរុញឲ្យមានការខិតខំប្រឹងប្រែងអភិវឌ្ឍន៍វិស័យទេសចរណ៍ដែលមានធនធានដ៏សម្បូរបែបស្រាប់ រួមទាំង ជំរុញ​ឲ្យមានការអភិវឌ្ឍន៍ធនធានមនុស្សវ័យក្មេងៗ។ ឯកឧត្តម ក៏បានអំពាវនាវឲ្យមានការសហការ និងវិនិយោលើវិស័យទេសចរណ៍នេះ ពីផ្នែកសាធារណៈ វិស័យឯកជន​ និងដៃគូអភិវឌ្ឍន៍នានាដែរ។

បន្ទាប់មក លោកបណ្ឌិត លី សុខឃាង បានធ្វើបទបង្ហាញដោយសង្ខេប ដល់អង្គសិក្ខាសាលាទាំង​មូលស្តីពីប្រវត្តិសាស្រ្តតំបន់អន្លង់វែង ដែលជាតំបន់តស៊ូ និងជាតំបន់សមាហរណកម្មចុងក្រោយរបស់អតីតខ្មែរក្រហម នៅឆ្នាំ១៩៩៩។ លោកបានបន្ត រយៈពេលបីឆ្នាំបន្ទាប់ពីការសមាហរណកម្ម រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹតប្រែក្លាយតំបន់អន្លង់វែងទៅជាតំបន់ប្រវត្តិសាស្រ្ត ហើយក្រោយមកបានកំណត់ទីតាំងប្រវត្តិសាស្រ្តសំខាន់ៗនៅក្នុងតំបន់នេះដើម្បីអភិរក្ស។ ដោយសារតំបន់អន្លង់វែងមានសក្តានុ​ពលផ្នែកប្រវត្តិសាស្រ្ត នៅឆ្នាំ២០១០ ឯកឧត្តម ថោង ខុន បានបង្កើតគណៈកម្មាធិការអន្តរក្រសួងមួយ ហើយក្នុងនាមមជ្ឈមណ្ឌលឯកសារជាសមាជិក បានធ្វើការចងក្រងសៀវភៅ “ប្រវត្តិសាស្រ្តសហគមន៍អន្លង់វែង” តំបន់កាន់កាប់ចុងក្រោយរបស់ចលនាខ្មែរក្រហម និងបានបង្កើតជាសៀវភៅសម្រាប់បង្រៀនមគ្គុទ្ទេសក៍ទេសចរណ៍។ មជ្ឈមណ្ឌលឯកសារកម្ពុជាក៏បានកែប្រែអតីតទីបញ្ជាការរបស់ តាម៉ុក នៅលើភ្នំដងរែកធ្វើជាការិល័យធ្វើការរបស់ខ្លួនដែលដាក់ឈ្មោះថា “មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង” ដើម្បីធ្វើការងារជួយដល់សហគមន៍ក្នុងតំបន់អន្លង់វែង។ ក្រុមការងាររបស់មជ្ឈ​មណ្ឌលសន្តិភាពអន្លង់វែង ក៏បានធ្វើការងារជាមួយនិស្សិតស្ថាបត្យកម្មដើម្បីរចនាប្លង់អន្លង់វែងតាមគំរូដើម និងសាង់សង់ខ្យូសសម្រាប់ផ្តល់ព័ត៌មានដល់ភ្ញៀវទេសចរណ៍ ដំឡើងស្លាកសញ្ញាសម្គាល់ទីតាំងប្រវត្តិសាស្រ្ត និងបានសហការជាមួយក្រុមហ៊ុន ហ្សាហា ហាឌីត ដើម្បីគូរប្លង់គោលសម្រាប់ស្រុកអន្លង់វែងទាំង។ នៅថ្ងៃខាងមុខ មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង នឹងធ្វើការជាមួយក្រុមស្ថាបត្យកម្មដើម្បីសិក្សាបន្តលើប្លង់អភិវឌ្ឍន៍ពីស្រុកអន្លង់ រហូតទៅដល់អូរស្មាច់ ខេត្តឧត្តរមានជ័យ។ បន្ទាប់មក លោក លី សុខឃាង បានបង្ហាញវីដេអូខ្លីអំពីប្លង់គោលស្រុកអន្លង់វែង។​

នៅក្នុងអំឡុងចូលរួមសិក្ខាសាលានេះ លោក លី សុខឃាង ក៏បានដាក់តាំងបង្ហាញប្លង់គោលសម្រាប់អភិវឌ្ឍន៍សម្រាប់ស្រុកអន្លង់វែងដល់ភ្ញៀវទស្សនាដែរ។

ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

លោក ឈាង សុខហេង ប្រធានការិយាល័យទេសចរណ៍ស្រុកអន្លង់វែង ដែលបានចូលរួមសិក្ខាសាលាបូកសរុបការងារស្តីពី “ការប្រឡងប្រណាំងរមណីយដ្ឋានទីក្រុងគំរូ” បានមានប្រសាសន៍ថា កន្លងមក មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បានជួយដល់សារមន្ទីររបស់គាត់ ដូចជា​ ជួយជុលផ្ទះដែលរងការខូចខាត បណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ និងដាក់តាំងពិព័រណ៌រូបថតមួយចំនួន។ លោកបានបន្តថា ជារៀងរាល់ខែ សារមន្ទីររបស់គាត់បានទទួលទេសចរណ៍ជាតិប្រមាណជិតមួយពាន់នាក់ ចំណែកភ្ញៀវអន្តរជាតិជាង១០០នាក់។ ថ្ងៃទៅខាងមុខ លោកសំណូមពរឲ្យមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ដាក់តាំងពិព័រណ៍ទៀតបន្ថែម ជាពិសេស ទាក់ទងនឹងរូបថតមេដឹកនាំខ្មែរក្រហម។

អ្នកស្រី ធិននី មុនីរស្មី ប្រធានមន្ទីរទេសចរណ៍ ខេត្តឧត្តរមានជ័យ ដែលបានចូលរួមសិក្ខាសាលាបូកសរុបការងារស្តីពី “ការប្រឡងប្រណាំងរមណីយដ្ឋានទីក្រុងគំរូ” បានមានប្រសាសន៍ថា មន្ទីររបស់ខ្លួន បានសហការជាមួយមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ដើម្បីអភិរក្សតំបន់ប្រវត្តិសាស្រ្តអន្លង់វែងទាំង១៤កន្លែង តែរហូតមកដល់ពេលនេះយើងធ្វើបានបីកន្លែងហើយ។ អ្នកស្រីបន្តថា មជ្ឈ​មណ្ឌល​សន្តិភាពអន្លង់វែង បានធ្វើការជួលជួលផ្ទះរបស់​ តាម៉ុក លើភ្នំដងរែកដើម្បីធ្វើជាការិយាល័យធ្វើការងារ ដាក់តាំងពិព័រណ៍រូបថត និងបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍។ កន្លងមក​ ដោយសារ មន្ទីរខ្វះខាតឯកសារពីតំបន់នេះ ដូចេ្នះយើងក៏បានស្នើសុំមជ្ឈមណ្ឌលនេះដើម្បីធ្វើការស្រាវជ្រាវ និងបានសរសេរសៀវភៅប្រវត្តិសាស្រ្តមួយក្បាលសម្រាប់មគ្គុទ្ទេសក៍ទេសក៍ រួមទាំង ស្នើរូបថតមេដឹកនាំខ្មែរក្រហមមួយចំនួន។ នៅខែធ្នូ ខាងមុខនេះ ក្រសួង និងមន្ទីរទេសចរណ៍ខេត្ត នឹងរៀបចំសម្ពោធពិព័រណ៍នេះ។​ លោកស្រីបន្តថា ដោយសារតំបន់អន្លង់វែង ជាអតីតតំបន់ ដូច្នេះការរៀបចំត្រូវឲ្យស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយលោកស្រីក៏សប្បាយរីករាយដែរដែលបានសហការជាមួយមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង។ លោកស្រីបានបញ្ជាក់ថា មន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ បានស្នើដាក់រមណីយដ្ឋាន ផ្ទះតាម៉ុក ជារមណីដ្ឋានគំរូសម្រាប់ខេត្តឧត្តរមានជ័យ ហើយនៅថ្ងៃនេះបានទទួលលិខិតសរសើរពីក្រសួងទេសចរណ៍។ ​នៅថ្ងៃខាងមុខ លោកស្រី នឹងរៀបចំបន្ទប់ទឹក និងអនាម័យនៅតាមរមណីយដ្ឋាននីមួយៗ និងសំណូមពរឲ្យមជ្ឈមណ្ឌលសន្តិភាពអន្លង់វែងជួយបណ្តុះបណ្តាលធន​ធានមនុស្សថែមទៀត។

សោម ប៊ុនថន បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា

ចម្លើយសារភាពរបស់ ង៉ែត អឿង សមាជិកកងអនុសេនាធំ

ង៉ែត អឿង មានអាយុ២៥ឆ្នាំ ភេទប្រុស មានស្រុកកំណើតនៅភូមិស្វាយរលំ ឃុំស្វាយរលំ ស្រុក២០ ភូមិភាគនិរតី។ អឿង បានចូលបដិវត្តន៍ នៅក្នុងឆ្នាំ១៩៧២ និងមាន​តួនាទីជាយុទ្ធជន តំបន់២៥។ ឆ្នាំ១៩៧៣ អឿង បានចូលបក្ស​ពលករវៀតណាមប្រឆាំង នឹងអង្គការ។ អឿន បានធ្វើសកម្មភាពឃោសនាឲ្យប្រជាជន និងយុទ្ធជនបាត់​ជំនឿ​ទុក​ចិត្ត​ លើអង្គការ ដោយប្រើវិធីបង្ករទំនាស់ក្នុងអង្គភាពទ័ព មន្ទីរពេទ្យ និងឃោសនាឲ្យយុទ្ធជន​ដើរហើរដោយសេរី និងបំផ្លិចបំផ្លាញសម្ភារផ្សេងៗ។ ​កំណត់ហេតុ​អំពីប្រវត្តិរបស់ ង៉ែត អឿង មានចំនួនសរុប៥០ទំព័រ ដែលបានរៀបរាប់​អំពីសកម្មភាព​ប្រឆាំង​អង្គការ ចាប់តាំង​ពីឆ្នាំ​១៩៧២ រហូតដល់ថ្ងៃអង្គការចាប់ខ្លួន។

ខាងក្រោមនេះ គឺជាសេចក្តីសង្ខេបដែលដកស្រង់ចេញពីសេចក្តីកំណត់ហេតុប្រវត្តិ​របស់ ង៉ែត អឿង ៖

នៅឆ្នាំ១៩៧២ អឿង បានចូលបដិវត្តន៍នៅភូមិប្រាសាទ ឃុំប្រាសាទ ស្រុក១៦ តំបន់២៥ ដោយអ្នកនាំចូលមានឈ្មោះ ស្រ៊ន នាទីលេខាស្រុក១៦។ ក្រោយពេល អឿង ចូលបដិវត្តន៍រួចមក គាត់មាននាទីជាមេក្រុមកងអនុសេនាតូច ក្រោយមកនៅកងអនុសេនា​ធំ។ កាល អឿង ចូលបដិវត្តន៍ដំបូង អ្នកដែលទទួលខុសត្រូវលើគាត់មានឈ្មោះ អុល នាទីលេខាអង្គភាពស្រុក១៦។ បន្ទាប់មក អង្គភាពស្រុកនេះ​ ត្រូវបានអង្គការរៀបចំជាមួយ​កងវរសេនាតូច១២៧ ប្រចាំតំបន់២៥ ដោយមានអ្នកដឹកនាំឈ្មោះ លាត នាទីលេខា​វរសេនាតូច១២៧។ ក្រោយមកអង្គភាព វរសេនាតូច១២៧នេះ  ត្រូវបានតំបន់២៥ ប្រគល់​ឲ្យ​មកនៅក្នុងវរសេនាធំ ២៦៨ ដែលមានឈ្មោះ សុន ជាអ្នកដឹកនាំ និងស្ថិតក្រោមការ​គ្រប់គ្រងរបស់​កង​ពល១២។

ប្រវត្តិសកម្មភាពជាខ្សែចង្វាក់ចាត់តាំងក្បត់

យោធាខ្មែរក្រហមប្រយុទ្ធនៅសមរភូមិ
ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

កន្លងមក អឿង ធ្លាប់ស្ថិតនៅក្រោមការដឹកនាំរបស់ សុន  ប៉ុន្តែ សុន មិនដែល បានទាក់ទងជាមួយ អឿង ទេ។ រហូតដល់អង្គការបានចាត់តាំងឲ្យអង្គភាពអនុសេនា ធំរបស់ អឿង ទៅបោះខ្សែត្រៀមនៅសមរភូមិកោះក្របីក្រោម ទើប សុន បានហៅ អឿង ទៅសួរអំពីសភាពការណ៍នៅក្នុងអង្គភាព និងសមរភូមិយ៉ាងដូចម្តេចដែរ? ពេលនោះ អឿង បានឆ្លើយថា នៅក្នុងសមរភូមិមានសភាពការណ៍ល្អប្រសើរ រីឯបងប្អូននៅក្នុងខ្សែត្រៀម មានសភាពធម្មតា ចំណែកឯស្បៀងអាហារវិញ មានការខ្វះខាតម្តងម្កាលដែរ។ លុះដល់​ពេលល្ងាច ក្នុងថ្ងៃដដែល សុន បាននិយាយណែនាំ និងអូសទាញគោលជំហររបស់ អឿង ដោយបានលើកហេតុផលជាច្រើនមកនិយាយបញ្ជាក់ប្រាប់ អឿង ថា ត្រូវខិតខំពង្រឹង គោលជំហរ ប្រយុទ្ធឲ្យខ្លាំងក្លា និងខិតខំកសាងខ្លួនឲ្យបានល្អ។ ពេលនោះ សុន បានសួរ អឿង បន្ថែមទៀតថា តើសព្វថ្ងៃ អឿង ពេញចិត្តនឹងតួនាទីរបស់ខ្លួនដែរឬទេ? ប្រសិន បើមិនទាន់ពេញចិត្តទេ  គាត់នឹងបញ្ចូល អឿង ឲ្យចូលបក្សពលករវៀតណាម។ ពេលនោះ អឿង បានឆ្លើយថា ប្រសិនបើ សុន ឯងឲ្យខ្ញុំធ្វើអ្វីក៏ខ្ញុំព្រមធ្វើដែរ។ នៅពេល សុន ឮដូច្នេះ ក៏បញ្ចូល អឿង ក្នុងបក្សពលករវៀតណាម និងបានបង្កើតកម្មវិធីប្រកាសជាផ្លូវការ ហើយអ្នកដែលត្រូវបានបញ្ចូលជាបក្ស​ពលករ​វៀត​ណាមកាលនោះ មានចំនួន១០នាក់។ អឿង បានចូលជាបក្សពលករវៀតណាមចាប់តាំងពីពេលនោះមក។ ក្រោយ​ពីបាន​បញ្ចូល​អ្នកទាំងនោះ ជាសមាជិកពេញសិទ្ធិរបស់បក្សពលករហើយ សុន​ និង លាត បាន​ប្រគល់ភារកិច្ចឲ្យអ្នកទាំងនោះធ្វើ គឺត្រូវបង្កប់ខ្លួននៅក្នុងជួរបដិវត្តន៍ កសាង និង​សម្រប​ខ្លួន​ឲ្យអង្គការមានទំនុកចិត្ត។ ក្រោយមក សុន និង លាត បានបង្ហាត់បង្រៀនអ្នកទាំងនោះ​ឲ្យចេះរបៀបរបបនៃការអូសទាញសមាជិកថ្មី ដូចជា ៖ ត្រូវសង្កេតមើលអត្តចរិកពីសង្គម​ចាស់ និងប្រវត្តិសកម្មភាព តើអ្នកទាំងនោះមានគោលជំហរ​ខ្សោយឬខ្លាំង។ ប៉ុន្តែត្រូវប្រុង​ប្រយ័ត្ន​ចំពោះការកសាងយុទ្ធជន ឬកម្មាភិបាលណាដែល​មាត់រអិល ពីព្រោះខ្លាចបែក​ការនាំឲ្យ​មានគ្រោះថ្នាក់ដល់ក្រុមយើង។ បន្ទាប់ពីបាន​ណែនាំរួចហើយ សមាជិកទាំងអស់​ក៏បំបែកគ្នាទៅតាមកន្លែងរៀងៗខ្លួន ចំណែក អឿង ក៏ត្រឡប់ទៅអង្គភាពរបស់ខ្លួនដែរ។ លុះព្រឹកស្អែក អឿង បានចេញទៅខ្សែត្រៀម សមរភូមិកោះក្របី។ រយៈពេលបីថ្ងៃក្រោយ​មក អឿង បានរងរបួសហើយបាន​សម្រាក​ព្យាបាលនៅពេទ្យតំបន់២៥។ អស់រយៈពេល​ជាងពីរខែក្រោយមក របួសរបស់ អឿង បានជាសះស្បើយហើយបានវិលត្រឡប់មក​អង្គភាព​វិញ។ ក្រោយពេលមកដល់ខ្សែ​ត្រៀមវិញ បានរយៈពេលជាងដប់ថ្ងៃ អឿង ក៏ត្រូវ​របួស​ម្តងទៀត ហើយបានសម្រាកព្យាបាលនៅពេទ្យអស់រយៈពេលជាងបីខែ នៅអំឡុង​ ឆ្នាំ១៩៧៣។ ក្រោយពីបានជាសះស្បើយពីរបួស អឿង ក៏ត្រឡប់មក​អង្គភាព​ដើមវិញ។ ប៉ុន្តែ​ពេលនោះ អឿង បានមកសម្រាកនៅវត្តឬស្សីស្រុក ដោយមាន​នាទីជា​មេបញ្ជាការកង​អនុសេនាតូច។ ក្រោយពីសម្រាកបានរយៈពេលបីថ្ងៃ អង្គភាពរបស់ អឿង ត្រូវបានអង្គការ​ចាត់​តាំង​ឲ្យត្រៀមវាយខ្មាំងនៅសមរភូមិវត្តកណ្តាល​ នៅ​កោះ​អន្លង់ចិន។ ក្រោយពីចូល​វាយ​នៅ​សមរភូមិបានប្រាំបីថ្ងៃ អឿង បានរងរបួស ហើយអង្គភាពក៏បានបញ្ជូនគាត់ឲ្យទៅ​សម្រាក​នៅពេទ្យព្រែកថ្មី តំបន់២៥។ អឿង បានសម្រាកព្យាបាល​នៅ​ពេទ្យរយៈ​ពេល​ជិតបីខែ​ រហូតដល់ឆ្នាំ១៩៧៤។ នៅអំឡុង​ពេល​ដែល អឿង សម្រាក​នៅ​ពេទ្យព្រែកថ្មី គាត់​បាន​ទាក់ទងជាមួយឈ្មោះ ថៃ និង ប៉េង ដែលបានសម្រាកនៅពេទ្យ​ជាមួយគ្នា។ មូល​ហេតុដែល អឿង ទាក់​ទង​ជា​មួយ ថៃ និង ប៉េង បាន​ គឺនៅពេលដែលអ្នកទាំងពីរបាន​បបួល អឿង ចេញពី​បន្ទប់មកអង្គុយនៅខាងក្រៅជជែកគ្នាលេងអំពីការស្នាក់នៅ និងការ​ហូប​​ចុកនៅក្នុងមន្ទីរ​ពេទ្យថា មិនដែលមានសម្លរ ឬបាយហូបឆ្ងាញ់ទេ។ ចំពោះថ្នាំ​ព្យា​បាល​វិញ គឺមានត្រឹមតែ​ថ្នាំអាចន៍​ទន្សាយតែប៉ុណ្ណោះ ជួនកាលផឹកថ្នាំនោះហើយ ធ្វើឲ្យឈឺ​ក្បាល វិលមុខ រាគអាចម៍ និងឈឺធ្ងន់លើសដើមទៅទៀត។ ពេល​នោះ អឿង, ថៃ និង ប៉េង បានរៀបចំផែនការ និងធ្វើសកម្មភាពឲ្យ​ចលាចលនៅ​ក្នុងមន្ទីរពេទ្យដើម្បីឲ្យបក្សពិបាក​ដោះ​ស្រាយ។ បន្ទាប់មក អឿង ត្រូវបានប្រធានមន្ទីរពេទ្យ​ព្រែកថ្មី បញ្ជូនគាត់ឲ្យទៅ​សម្រាក​នៅពេទ្យតាកុកវិញ ទើបការទាក់ទងជាមួយ ថៃ និង ប៉េង បានដាច់ខ្សែរយៈ។

ក្រោយពេលចេញពីមន្ទីរពេទ្យ អឿង បានវិលត្រឡប់មកអង្គភាព​វិញ។ អឿង សម្រាកនៅអង្គភាពបានប្រហែលបួនថ្ងៃ ក៏ត្រូវបានឈ្មោះ មុយ នាទីប្រធាន​អនុសេនា​ធំ ចាត់តាំងគាត់ឲ្យទៅសមរភូមិម្តងទៀត។ ក្រោយពេល អឿង បានចូល​សមរភូមិ​រយៈពេល​ជាងដប់ថ្ងៃមក ​វរសេនា​​តូច​១២៧ បានផ្លាស់មកស្នាក់នៅខាង​ក្រោយ​វត្ត​ចំពុះក្អែក​ចម្ងាយ​ប្រហែល​មួយ​គីឡូ​ម៉ែត្រ​ពីព្រែកប្រាវិញ។ អឿង បានសម្រាក​នៅទីនោះមិនបានប៉ុន្មានថ្ងៃ​ផង ក៏ស្រាប់តែ ប៉េង បានណាត់ជួបគាត់ រួមជាមួយបក្ខពួកប្រាំបួន​នាក់ទៀត ដើម្បី​ដាក់ផែនការ​លប​បាញ់អង្គភាព​រាយមីន។ បន្ទាប់ពីបានដាក់ផែនការរួច​រាល់​ហើយ ប៉េង, អឿង និង គ្រុយ (នាទីស្នង​ការកងអនុសេនាតូច) បានចេញ​ដំណើរទៅ​តាមកងទ័ព។ ពេលនោះ អឿង, ប៉េង និង គ្រុយ បានរៀបចំខ្សែត្រៀម ហើយមិនយូរ​ប៉ុន្មានអង្គភាពរាយ​មីន​ក៏មកដល់ និងបានវាយប្រយុទ្ធគ្នាមួយសន្ទុះបណ្តាលឲ្យអង្គភាព​រាយ​មីនស្លាប់ម្នាក់ និង​របួស​ធ្ងន់ម្នាក់ ចំណែក​បក្ខពួករបស់ អឿង ក៏ត្រូវរបួសស្រាលម្នាក់​ដែរ។ ក្រោយពេល​ធ្វើសកម្មភាពរួចហើយ អឿង ក៏បានវិលត្រឡប់មកអង្គភាពវិញ។ សម្រាកបានមួយយប់ អង្គការបានចាត់តាំង អឿង និងសមាជិកក្នុងអង្គភាពទាំងមូលឲ្យរៀបខ្សែត្រៀម​នៅ​សមរភូមិកោះក្របី​លើ (ជាប់ទន្លេបាសាក់)។ បន្ទាប់ពី អឿង ចូលប្រយុទ្ធនៅសមរភូមិបាន​រយៈពេលពីរថ្ងៃ គាត់ក៏រងរបួស ហើយបានសម្រាកព្យាបាលនៅពេទ្យព្រែកតាកុក។

អឿង បានសម្រាកព្យាបាលនៅពេទ្យព្រែកតាកុកអស់រយៈពេលជាងមួយខែ ទើប​គណៈមន្ទីរពេទ្យបានប្រកាសជ្រើសរើសអ្នករបួសណាដែលមានលទ្ធភាពអាចដើរបាន ឲ្យ​ទៅ​ចូលរួម​កម្មពិធីបុណ្យនៅកោះធំ។ ក្រោយពីប្រកាសរួច អង្គការបានយកកាណូតមកដឹក​អុ្នក​រ​បួស​​មួយ​ចំនួនទៅចូលរួមពិធីបុណ្យនោះ។ ពេលទៅដល់កន្លែង អឿង បានឮអង្គការ​ឧទ្ទេស​នាមថា អង្គភាពវរសេនាតូច១២៧ នឹងប្រគល់ឲ្យកងពល១២ ជាអ្នកគ្រប់​គ្រងវិញ។ ក្រោយពីអង្គការប្រកាសឧទ្ទេសនាមរួចហើយ ពិធីបុណ្យនោះក៏ត្រូវ​បានបញ្ចប់ រីឯអ្នកដែល​ទៅ​ចូល​រួមបានវិលត្រឡប់មកមន្ទីរពេទ្យវិញ។

​ក្នុងអំឡុងពេល អឿង សម្រាកនៅពេទ្យរយៈពេលជាងដប់ថ្ងៃ អឿង បានទាក់ទងជា​មួយឈ្មោះ វ៉ែន និង សូត្រ ដើម្បីប្រជុំដាក់ផែនការប្រឆាំងបដិវត្តន៍ នៅក្នុងមន្ទីរពេទ្យ។ ខ្លឹមសារប្រជុំ ៖ គឺធ្វើសកម្មភាពបំផុសបំផុលអ្នកជំងឺទាំងអស់ដែលសម្រាកនៅមន្ទីរពេទ្យ​ឲ្យមានទំនាស់ជាមួយបុគ្គលិកពេទ្យ ឬគណៈពេទ្យ និងលើកជាបញ្ហា​​ចំពោះបុគ្គលិកពេទ្យ អំពីកង្វះអនាម័យ និងមិនយកចិត្តទុកដាក់មើលថែអ្នកជំងឺ ចំណែក​ម្ហូបអាហារវិញ គឺមិន​ដែលមានម្ហូបឆ្ងាញ់ទេ។ ចំពោះផែនការខាងលើនេះ អ្នកទាំង​បីនាក់​អនុវត្តបានសម្រេច ហើយ​បានធ្វើសកម្មភាពអុកឡុក នៅក្នុងមន្ទីរពេទ្យនេះជា​បន្ត​បន្ទាប់។

រហូតដល់ខែសីហា ឆ្នាំ១៩៧៤ ជំងឺរបស់ អឿង បានជាសះស្បើយ ហើយ​បានវិលត្រឡប់មកអង្គភាពវិញ។ អឿង សម្រាកនៅអង្គភាពបានមួយរយៈ ក៏ត្រូវបាន​ឈ្មោះ ប៉ាវ នាទីសមាជិកវរសេនាតូច១២៧ បានចាត់តាំងគាត់ឲ្យទៅសមរភូមិវត្តឬស្សី​ស្រុក។ ក្រោយពីចូលសមរភូមិបានរយៈពេលប្រាំពីរថ្ងៃ អឿង បានត្រូវរបួស ហើយ​អង្គភាព​ពេទ្យបានបញ្ជូនគាត់ឲ្យទៅសម្រាកនៅមន្ទីរពេទ្យព្រែកថ្មី។ អឿង បានសម្រាកនៅទីនោះ រយៈពេលជិតបីខែ នៅក្នុងអំឡុងឆ្នាំ១៩៧៥។ បន្ទាប់ពីរបួសបានជា​សះស្បើយហើយ អឿង ក៏វិលត្រឡប់ទៅអង្គភាពវិញ។ អង្គការបានរៀបចំ ​ អឿង ឲ្យឡើងនាទីជាសមាជិក​កងអនុសេនាធំ។ បន្ទាប់មក អង្គការបានចាត់តាំង អឿង ឲ្យចូលទៅសមរភូមិដងទន្លេ​មេគង្គ។ ក្រោយពេលទៅដល់សមរភូមិ អឿង​ និងអង្គភាពទាំងមូលបានចូលវាយខ្មាំងជា​បន្តបន្ទាប់ រហូតបានរំដោះសមរភូមិដងទន្លេមេគង្គនេះបានជាស្ថាពរ។

លុះដល់ខែមីនា ឆ្នាំ១៩៧៥ អង្គភាពបានចាត់តាំង អឿង ឲ្យទៅរៀននៅសាលា​បច្ចេកទេសរបស់កងពល១២ នៅម្តុំភូមិកំពង់ស្វាយកណ្តាល និងវត្តទួលសង្កែ (ស្រុក​កោះធំ)។ ក្រោយពេល អឿង រៀននៅសាលាបច្ចេកទេសនេះបានមួយខែ អង្គការបាន រំសាយសាលានេះ រីឯអ្នកដែលទៅចូលរៀ​នក៏វិលត្រឡប់មកអង្គភាពរៀងៗខ្លួនវិញ។ នៅ​ខែឧសភា ឆ្នាំ១៩៧៥ ឈ្មោះ សុន បានធ្វើការណែនាំ អឿង និងសមាជិកបក្សពលករ​វៀតណាម​៤១នាក់ទៀត ឲ្យស្គាល់គ្នាដើម្បីធ្វើការទាក់ទងនៅថ្ងៃខាងមុខ។ ក្រោយពេល​ធ្វើការណែនាំរួចហើយ សុន បានប្រកាសបិទអង្គប្រជុំ។

សកម្មភាពជាក់ស្តែងរបស់ អឿង និងបក្ខពួកពេលនោះ

យោធាខ្មែរក្រហមប្រយុទ្ធនៅសមរភូមិ
ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

សកម្មភាពមុនរំដោះ ៖

១) បំផុសទំនាស់នៅក្នុងមន្ទីរពេទ្យ

២) បង្ករបក្ខពួកបំផុសទំនាស់នៅក្នុងអង្គភាពជាបន្តបន្ទាប់

៣) សេរី​ ប្រើអាជ្ញាដាក់យុទ្ធជន និងកម្មាភិបាលខាងក្រោមជាញឹកញាប់

សកម្មភាពក្រោយរំដោះ ៖

១) បំផុសយុទ្ធជន និងកម្មាភិបាលថ្នាក់ក្រោម ឲ្យសេរី ភ្លើតភ្លើនទៅតាមសម្ភារល្អៗ លើសរបបអង្គការកំណត់

២) បំផុសទំនាស់ជាមួយអង្គភាពនារី និងឃាត់ចាប់គេទុកជាញឹកញាប់

៣) សើររើដើរហើរ ទាក់ទង បង្ករបក្ខពួក បង្ករទំនាស់ ធ្វើឲ្យបក្សពិបាកដោះស្រាយ​ជាបន្ត បន្ទាប់។

ក្រោយពេលធ្វើសកម្មភាពដូចខាងលើរួចមក សុន បានចាត់តាំង អឿង និងបក្ខពួក ឲ្យទៅនៅក្នុងអង្គភាពវរសេនាតូច៣១៣ វរសេនាធំ៣១ កងពល៧០៣ថ្មីវិញ។​ ប៉ុន្តែមុននឹង​ទៅ​​អង្គភាព​ថ្មី សុន បានហៅ អឿង និងបក្ខពួកមកណែនាំជាសម្ងាត់ ដែលមានខ្លឹមសារ​ដូច​តទៅ ៖ ត្រូវក្តាប់សកម្មភាពឲ្យបានណែនមុន​នឹងធ្វើសកម្មភាពអ្វីមួយ ហើយត្រូវប្រុង​ប្រយ័ត្ន​ចំពោះ​យុទ្ធជន​ ឬកម្មាភិបាលខ្មែរក្រហម ព្រោះអង្គការកំពុងតាម​ដាន​បក្ខពួកយើង។ ក្រោយពេលធ្វើការណែនាំរួចហើយ សុន​ បានឧទ្ទេសនាម អឿង និងបក្ខពួកទៅកាន់​អង្គភាពថ្មីដើម្បីធ្វើការទាក់ទងស្គាល់គ្នា។​ កាលនោះមានឈ្មោះ អុល គ្រប់គ្រងនៅ​អង្គភាព​វរសេនាតូច៣១៣។ ក្រោយពេល អឿង បានរស់នៅក្នុងអង្គភាពថ្មីនេះបានមួយរយៈ ក៏ស្រាប់តែបានជួប សុន នៅម្តុំវិមានឯករាជ្យ និងបានពិភាក្សាអំពីសភាពការផ្ទៃក្នុង​ខ្លះៗ។ ពេលនោះ សុន បានប្រាប់ អឿង ថា នៅខែតុលា ឆ្នាំ១៩៧៥ ខាងមុខ​នេះ នឹងរៀបចំធ្វើ​បាតុកម្ម និងវាយបដិវត្តន៍ ហើយបច្ចុប្បន្ននេះកំពុងរៀបចំរបបថ្មីមួយ​ទៀត។ បន្ទាប់ពី​ពិភាក្សា​​គ្នាចប់ អឿង បានវិលត្រឡប់មកអង្គភាពវិញ រួចហើយបានរៀប​ចំអាវុធ និងកម្លាំង​បក្ស​ពលករ​នៅក្នុងអង្គភាពឲ្យត្រៀមលក្ខណៈដើម្បីចូលរួមបាតុកម្ម។ រយៈពេលជិត​មួយ​សប្តាហ៍ក្រោយមក អង្គការបានចាត់តាំងអង្គភាពវរសេនាធំ​របស់ អឿង ឲ្យទៅធ្វើស្រែនៅ​ភូមិ​បាគូរ នៅខាងត្បូងភ្នំពេញ។ រីឯកងអនុសេនាធំមួយទៀត ឲ្យឈរជើងនៅទីក្រុងភ្នំពេញ​ដដែល។ ចំពោះការទាក់ទងរវាង អឿង និងបក្ខពួក ក៏បានដាច់ខ្សែរយៈចាប់​តាំងពី​ពេល​នោះមក។ មិនយូរប៉ុន្មាន អឿង បានឮដំណឹងថាបក្ខពួកមួយចំនួន ត្រូវបាន​អង្គការ​ចាប់ខ្លួន ដោយអង្គការស៊ើបដឹងថា ជាបក្សពលករវៀតណាម ដែលមកបង្កប់ខ្លួន​ស៊ីរូង​ផ្ទៃក្នុង។ អឿង ចាប់ផ្តើមមានការព្រួយបារម្ភអំពីខ្លួនឯងផ្ទាល់ និងបក្ខពួក ហើយ​បានហៅ​សមាជិកបក្ស​ពលករ​ទាំងអស់មកជួបជុំ និងពិភាក្សាគ្នា។ ក្នុងខ្លឹមសារប្រជុំនោះ អឿង បាននិយាយថា សមាជិកទាំងអស់ត្រូវតាមដាន និងក្តាប់សភាពការឲ្យជាប់នៅក្នុងដៃ ប្រសិនបើមាន​សភាព​ការអ្វីប្លែក ត្រូវរាយការណ៍ឲ្យគាត់ជាបន្ទាន់។ ភ្លាមនោះ មាន​សមាជិក​ម្នាក់បាន​​​លើកឡើងថា រយៈពេលកន្លងមកនេះ គាត់ពិតជាខំពុះពាររាល់ឧបសគ្គ​តូចធំដើម្បីបំពេញ​ភារកិច្ចជូនបក្សពលករ ដូចជា បំផុសទំនាស់នៅក្នុងអង្គភាពរវាង​យុទ្ធជន និងកម្មាភិបាល ឲ្យកុហកថាឈឺ ហើយសព្វថ្ងៃនេះ គាត់បានបំផុសឲ្យយុទ្ធ​ជនរត់ទៅផ្ទះបានបីនាក់ ប៉ុន្តែត្រូវ​បាន​អង្គការ​ចាប់យកមកវិញ។ ពេលនោះ អឿង បាន​បន្ថែមថា សមាជិកទាំងអស់ត្រូវផ្អាក​ធ្វើសកម្មភាពប្រឆាំងនឹងបដិវត្តន៍ ពីព្រោះសភាពការ​បច្ចុប្បន្ននេះ អង្គការកំពុងតែតាមដាន​បក្ខពួកយើង ដូច្នេះហើយសមាជិកទាំងអស់ត្រូវបង្កប់​ខ្លួនឲ្យជ្រៅនៅក្នុងចលនាបដិវត្តន៍​ ហើយខំកសាងខ្លួនឲ្យបានល្អកុំឲ្យអង្គការចាប់ថ្នាក់​បាន។ រីឯចលនាក្នុងបដិវត្តន៍កាន់តែវិវត្ត​ទៅ​មុខជាប្រចាំ ចំពោះ​មហាជន និង​កម្មាភិបាល​​គឺកាន់​តែខ្លាំងក្លាក្នុងការវាយកម្ចាត់​កម្មសិទ្ធិ​ឯកជន ជាពិសេសមានគោល​ជំហររឹងមាំ​ក្នុង​សមូហភាព។ រយៈពេលជាងដប់ថ្ងៃ​ក្រោយប្រជុំ សុន ក៏ត្រូវបានអង្គការចាប់ខ្លួនបាន​ធ្វើឲ្យបក្ខពួករបស់ អឿង ចាប់ផ្តើម​ភ័យខ្លាច រួចនាំគ្នារត់បែកខ្ញែកអស់។ រី​ឯ អឿង ក៏មិនហ៊ានធ្វើសកម្មភាពប្រឆាំងនឹង​បដិវត្តន៍ខ្លាំងក្លាទេ គ្រាន់តែធ្វើសកម្មភាពបំភ្លើសមាគ៌ា​របស់បក្សបន្តិចបន្តួច និងសកម្មភាព​ផ្សេងៗ​ដែល​គាត់អាចធ្វើទៅបានរហូតដល់ថ្ងៃអង្គការ​ចាប់ខ្លួន នៅថ្ងៃទី៤ ខែសីហា ឆ្នាំ​១៩៧៧។

ដកស្រង់ចេញពីឯកសារលេខ J០០០៦១

ហូ ថុនា បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា

ដួង ជុន អតីតពេទ្យខ្មែរក្រហម

ដួង ជុន​ កើតនៅភូមិចេក ឃុំភ្នំស្រួច ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ជុន​ មានឪពុក​ឈ្មោះ ឃួន មុត (ស្លាប់) និងម្តាយឈ្មោះ ជិន ភឺន (ស្លាប់)។ ជុន មានបងប្អូនបង្កើតប្រាំនាក់ ប៉ុន្តែសព្វថ្ងៃនៅរស់តែបួននាក់ប៉ុណ្ណោះ។

ផ្លូវទៅកាន់ស្រុកម៉ាឡៃ កាលពីឆ្នាំ២០១០
ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

កាលពីសង្គមចាស់ ជុន បានរៀនសូត្រត្រឹមថ្នាក់ទី៩ (សង្គមចាស់) ក៏ឈប់រៀន ដោយគ្រួសារទីទាល់។ ជុន បានមកជួយធ្វើស្រែឪពុកម្តាយវិញ។​ រហូតដល់ឆ្នាំ១៩៧៣ ជុន បានចាកចេញពីគ្រួសារ ចូលទៅបម្រើកងទ័ពរំដោះ។ កាលនោះ ជុន ទទួលបានការហ្វឹក​ហ្វឺន​ពី​​សំណាក់​​យោធាខ្មែរក្រហម ដើម្បីត្រៀមវាយជាមួយកងទ័ព លន់ នល់។ ក្នុងរយៈ​ពេល​​ចន្លោះ​ពីឆ្នាំ​១៩៧៣-៧៤ ជុន និងកងកម្លាំងខ្មែរក្រហម បានបើកការវាយលុកចូល ទីក្រុង​ភ្នំពេញតាមផ្លូវជាតិលេខ៥ រហូតដល់ទទួលបានជ័យជម្នះ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ​១៩៧៥។ ក្រោយពីរបប លន់ នល់ ត្រូវបានផ្តួលរំលំ កងកម្លាំងខ្មែរក្រហមបានចាប់ផ្តើម ជម្លៀសប្រជាជនដែលរស់នៅទីក្រុងភ្នំពេញឲ្យទៅនៅតាមទីជនបទ ដោយប្រើរយៈពេល​ជិត​​មួយ​​សប្តាហ៍។ បន្ទាប់ពីជម្លៀសប្រជាជនអស់ពីទីក្រុងហើយ ជុន ត្រូវបានខ្មែរក្រហម​ចាត់​តាំង​ឲ្យទៅកាំបូលដើម្បីយាមការពារឃ្លាំងគ្រាប់អស់រយៈពេលមួយឆ្នាំ។ បន្ទាប់មក អង្គការបាន​បញ្ជូន ជុន ឲ្យទៅនៅកោះកុង ហើយបានចាត់តាំងគាត់ឲ្យបម្រើការងារពេទ្យ​ដែលគាត់​មិន​ធ្លាប់រៀនមុខវិជ្ជានេះទាល់តែសោះ។ ជុន បានបញ្ជាក់ថា គាត់ធ្វើពេទ្យចាប់​តាំងពីឆ្នាំ១៩៧៧ រហូតដល់ខ្មែរក្រហមដួលរំលំ នៅឆ្នាំ១៩៧៩។ ក្រោយមក ជុន បានរត់​គេច​​ខ្លួនពីខេត្តកោះកុង កាត់តាមព្រៃ និងព្រំដែន ជាមួយបក្ខពួកប្រមាណជាងដប់នាក់។ ដោយគ្មានអាហារហូបនៅតាមផ្លូវ ជុន បេះស្លឹកឈើ ឬផ្លែឈើព្រៃហូបជំនួសបាយ។ អស់​រយៈ ពេលជាងមួយខែ ទើប ជុន បានទៅដល់ទឹកដីថៃ។

ជុន បានស្នាក់នៅក្នុងទឹកដីថៃ អស់​រយៈពេលជាច្រើនខែ ទើប (នៅអំឡុង​​ ឆ្នាំ​១៩៨១)​ កងទ័ពរាជរដ្ឋាភិបាលថៃ បានបញ្ជូន​គាត់ និងបក្ខពួកឲ្យមក​រស់នៅឡែម ​ព្រំ​ប្រទល់​​​កម្ពុជា-ថៃវិញ។ ក្រោយមក ការប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋាភិបាល និងខ្មែរក្រហម​បាន​កើត​ឡើង​ បណ្តាល​​ឲ្យ​មនុស្សស្លាប់ និងរបួសបក្ខពួករបស់ ជុន មួយចំនួន​។

នៅឆ្នាំ១៩៨៥ ជុន បានមករស់នៅក្នុងស្រុកម៉ាឡៃវិញ។ ជុន បានរៀបរាប់ថា ស្រុកម៉ាឡៃកាលនោះ គឺសម្បូរទៅដោយព្រៃក្រាស់ និងដើមឈើធំៗ ប៉ុន្តែសព្វថ្ងៃមិនមាន​ព្រៃ ឬដើមឈើដូចពីមុនទេ។ សម័យនោះ យោធាខ្មែរក្រហម បានកាប់​ឈើ​លក់ ឬ​យក​ទៅដូរយក​សម្ភារ​ពីភាគីថៃ។ ម្យ៉ាងទៀត មានប្រជាជនខ្លះ បានកាប់​ឈើ​ដើម្បីសាងសង់ផ្ទះ ឬទន្រ្ទានកាប់ព្រៃដើម្បីយកដីធ្វើស្រែចម្ការ។ នៅឆ្នាំ១៩៩៣ ជាដំណាក់កាលដំបូងនៃការ​បោះឆ្នោត ដែលរៀបចំឡើងដោយ អ៊ុន តាក់ ប៉ុន្តែប្រជាជនដែលរស់នៅក្នុងស្រុកម៉ាឡៃ ភាគច្រើនមិនបានទៅចូលរួមបោះឆ្នោតទេ។ រហូតដល់ឆ្នាំ១៩៩៨ ទើបខ្មែរក្រហមនៅក្នុង​ស្រុក​​ម៉ាឡៃ​​ បានធ្វើ​សមា​ហរណកម្មចុះចូលជាមួយរាជរដ្ឋាភិបាល។ ជុន បានបញ្ជាក់ថា ក្រោយសមាហរណកម្ម ប្រជាជនដែលរស់នៅក្នុងស្រុកម៉ាឡៃ មានសិទ្ធិសេរីភាព​ពេញ​លេញ មានសន្តិសុខល្អ ហើយអាចប្រកបរបររកស៊ី និងធ្វើដំណើរទៅកន្លែងផ្សេងៗដោយ​គ្មាន​ការព្រួយបារម្ភ។ រីឯ ជុន ក៏មិនបានវិលត្រឡប់ទៅស្រុកកំណើតវិញដែរ ដោយគាត់​គិតថា គាត់គ្មានសេសសល់ដីធ្លី ឬទ្រព្យសម្បត្តិអ្វីនៅទីនោះ។ ដូច្នេះ ជុន បាន​សម្រេចចិត្ត​យកប្រពន្ធ ហើយប្រកបរបរធ្វើស្រែចម្ការ និងរស់នៅក្នុងស្រុកម៉ាឡៃ រហូតមក​ដល់​​សព្វ​ថ្ងៃ។

ហូ ថុនា បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា