ការងើបបះបោរបានចាប់ផ្តើម

ខ្មែរក្រហម បានចាប់ផ្ដើមធ្វើការបះបោរថ្នាក់ជាតិ នៅទូទាំងប្រទេសកម្ពុជា និងទទួលបានការគាំទ្រពីប្រទេសវៀតណាម។

កងកម្លាំងខ្មែរក្រហមនៅតាមព្រំប្រទល់កម្ពុជា-ថៃ មុនឆ្នាំ១៩៧៥។ ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

រដ្ឋប្រហារទម្លាក់សម្ដេច សីហនុ

សេនាប្រមុខ លន់ នល់ និងសហការីនិយមអាមេរិករបស់គាត់ បានធ្វើរដ្ឋប្រហារ ទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ពីព្រះប្រមុខរដ្ឋ។ ប្រជាជនកម្ពុជារាប់ម៉ឺននាក់ បានបដិសេធមិនគាំទ្ររបបថ្មីនេះឡើយ ហើយបានចូលរួមបម្រើខ្មែរក្រហម ក្នុងគោលបំណងនាំយកសម្ដេចព្រះ នរោត្តម សីហនុ មកគ្រប់គ្រងអំណាចវិញ។

របបសាធារណរដ្ឋខ្មែរត្រូវបានបង្កើត

របបសាធារណរដ្ឋខ្មែរ ដែលជារបបមាននិន្នាការទៅរកសហរដ្ឋអាមេរិក និងជា  រដ្ឋាភិបាលយោធាដឹកនាំដោយ លន់ នល់ និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ត្រូវបានប្រកាសជាផ្លូវការ។ របបនេះ បានបង្ហាញពីអំណាចផ្តាច់ការ និងអំពើពុករលួយពាសពេញផ្ទៃប្រទេស។

សេនាប្រមុខ លន់ នល់ កំពុងថ្លែងសុន្ទរកថានៅក្នុងរបបសាធារណរដ្ឋខ្មែរ។
ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

 

ទង់ជាតិនៃរបបសាធារណរដ្ឋខ្មែរ។ រូបភាព៖ កម្មសិទ្ធសាធារណៈ

បក្សកុម្មុយនិស្តកម្ពុជាបានឡើងគ្រប់គ្រងប្រទេសជំនួសក្រុមកុម្មុនិស្ដវៀតណាម

កម្មាភិបាល និងទីប្រឹក្សាយោធារបស់បក្សកុម្មុយនិស្តវៀតណាម ដែលជាអ្នក ជួយខ្មែរក្រហមក្នុងការប្រយុទ្ធជាមួយកងកម្លាំងសាធារណរដ្ឋខ្មែរ ត្រូវបានដកចេញពីប្រទេសកម្ពុជា បន្ទាប់ពីបានផ្ទេរភារកិច្ចនិងការទទួលខុសត្រូវសំខាន់ៗមកឲ្យបក្សកុម្មុយនិស្តកម្ពុជា។

ប៉ុល ពត ជាមួយគណៈប្រតិភូវៀតណាម ក្នុងឆ្នាំ១៩៧៥។ ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ការទម្លាក់គ្រាប់បែករបស់រដ្ឋាភិបាល លន់ នល់

រដ្ឋាភិបាលនៃសាធារណរដ្ឋខ្មែរ ក្រោមជំនួយពីសហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែកប្រមាណកន្លះលានតោន មកលើទឹកដីកម្ពុជា ដោយបានសម្លាប់ប្រជាជនរហូតដល់ ៣ សែននាក់។ សកម្មភាពនៃការទម្លាក់គ្រាប់បែកនេះ បានធ្វើឲ្យប្រជាជនខឹងសម្បារចំពោះរបប លន់ នល់ និងបានជំរុញទឹកចិត្តអ្នកទាំងនោះឲ្យចូលរួមជាមួយចលនាខ្មែរក្រហម។

កាំភ្លើងធំផលិតនៅសហរដ្ឋអាមេរិក ត្រូវបានរកឃើញនៅក្នុងខេត្តរតនៈគីរី។ ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

សហរដ្ឋអាមេរិកបញ្ចប់ជំនួយ

សភាអាមេរិកាំង បានផ្អាកផ្ដល់ជំនួយដល់ប្រទេសកម្ពុជា។ ខ្មែរក្រហមបានរំដោះតំបន់ជាច្រើននៅទូទាំងប្រទេស។

តំបន់រំដោះខ្មែរក្រហមក្នុងឆ្នាំ១៩៧៣ គឺមានពណ៌ផ្កាឈូកចាស់ ហើយតំបន់ផ្សេងទៀតដែលមានពណ៌ផ្កាឈូកខ្ចី គឺស្ថិតក្នុងការកាន់កាប់របស់របបសាធារណរដ្ឋខ្មែរ។ ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ទីក្រុងភ្នំពេញធ្លាក់ក្នុងការគ្រប់គ្រងរបស់ខ្មែរក្រហម

ខ្មែរក្រហមបានទទួលជ័យជម្នះ និងបានចូលទីក្រុងភ្នំពេញ។ កងទ័ពខ្មែរក្រហមទទួលបានការស្វាគមន៍ និងអបអរសាទរពីសំណាក់ប្រជាជនរស់នៅក្នុងទីក្រុង ដែលធុញទ្រាន់នឹងសង្គ្រាម។

ទាហានខ្មែរក្រហមនៅភ្នំពេញក្នុងឆ្នាំ១៩៧៥។ ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

 

ប៉ុន្មានម៉ោងក្រោយពីការទទួលជ័យជម្នះនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានប្រកាសថា ប្រជាជនទាំងអស់ រួមទាំងក្មេង ចាស់និងអ្នកជម្ងឺ ត្រូវតែចាកចេញពីទីក្រុងភ្នំពេញ។ ប្រជាជនជាច្រើននាក់ បានស្លាប់នៅក្នុងការជម្លៀសដោយបង្ខំនេះ ឬត្រូវបានសម្លាប់ដោយកងទ័ពខ្មែរក្រហម ប្រសិនបើអ្នកទាំងនោះបដិសេធមិនព្រមចាកចេញទេ។

ប្រជាជនរស់នៅក្នុងទីក្រុងភ្នំពេញទាំងអស់ ត្រូវបានបង្ខំឲ្យចាកចេញពីទីក្រុងដោយគ្នានការលើកលែង ក្នុងខែក្តៅខ្លាំង។ ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

សម្ដេចព្រះ នរោត្តម សីហនុ វិលត្រឡប់មកប្រទេសកម្ពុជាវិញ

នៅខែកក្កដា ខ្មែរក្រហមបានអញ្ជើញសម្តេចព្រះ នរោត្តម សីហនុ ដែលរស់នៅ
និរទេសខ្លួនក្នុងប្រទេសកូរ៉េខាងជើង ឲ្យវិលត្រឡប់មកកាន់មាតុប្រទេសវិញ។ ក្នុងដំណើរយាងត្រឡប់របស់ព្រះអង្គ សម្ដេចព្រះ នរោត្តម សីហនុ បានចូលឈប់នៅប្រទេសចិន ដែលជាប្រទេសគាំទ្រចលនាខ្មែរក្រហម។ នៅដើមខែកញ្ញា ព្រះអង្គ និងព្រះអគ្គមហេសី បានមកដល់ប្រទេសកម្ពុជា ដោយមានការទទួលស្វាគមន៍ និងការពារពីសមាជិករដ្ឋាភិបាលរួបរួមជាតិកម្ពុជា ដែលជារដ្ឋាភិបាលនិរទេសបង្កើតឡើង ដោយព្រះអង្គ បន្ទាប់ពីរដ្ឋប្រហារឆ្នាំ១៩៧០។

ដំណើរទស្សនកិច្ចរបស់រាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា ទៅកាន់តំបន់រំដោះខ្មែរក្រហម ក្នុងឆ្នាំ១៩៧៣។
ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

កម្ពុជាប្រជាធិបតេយ្យបានកើតឡើង

បក្សកុម្មុយនិស្តកម្ពុជា បានប្រកាសជាផ្លូវការនូវរដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិប-     តេយ្យ។ “ផែនការ៤ឆ្នាំ” ត្រូវបានដាក់ចេញជាលើកដំបូងរបស់ខ្លួន។ ផែនការនេះ តម្រូវឲ្យមានការប្រមែប្រមូលទ្រព្យសម្បត្តិឯកជនទាំងអស់មកដាក់ជារបស់សមូហភាព និងផ្ដល់អាទិភាពចម្បងទៅលើការដាំដុះស្រូវ។ ប៉ុល ពត ដែលជា “បងធំទី១” គឺជានាយករដ្ឋមន្រ្តី។

មេដឹកនាំកម្ពុជាប្រជាធិបតេយ្យ និងជាសមាជិកគណៈអចន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមបក្សកុំម្មុយនីស្តកម្ពុជា (ពីឆ្វេងទៅស្តាំ៖ ប៉ុល ពត, នួន ជា, អៀង សារី, សុន សេន និង វន វ៉េត) ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

 

អ្នកធ្វើការនៅទំនប់ “១ មករា” ក្នុងខេត្តកំពង់ធំ ក្នុងរបបខ្មែរក្រហម។ ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

សម្លេង៖ “យើងទាំងអស់គ្នាប្រយុទ្ធនឹងការច្រូតកាត់ស្រូវឲ្យបានខ្លាំងក្លា”

បន្សុទ្ធកម្ម (ការបោសសម្អាត) កើតមានខ្លាំងឡើងៗ

ជម្លោះផ្ទៃក្នុងនៅក្នុងរបបខ្មែរក្រហម បណ្តាលឲ្យមានការធ្វើបន្សុទ្ធកម្ម កាន់តែខ្លាំងឡើងៗ។ សមាជិកដឹកនាំជាច្រើននាក់ បានក្លាយជាមុខសញ្ញាខ្មាំង។ ក្រោយមក អ្នកទោសជាច្រើននាក់ដែលជាប់ឃុំឃាំងនៅក្នុងមន្ទីរសន្តិសុខ
ទួលស្លែង គឺជាកម្មាភិបាលខ្មែរក្រហមខ្លួនឯង។

ជនរងគ្រោះក្នុងរបបខ្មែរក្រហមដែលជាប្អូនប្រុសរបស់ ច្រែង យេង ត្រូវបានធ្វើទារុណកម្ម និងសម្លាប់ដោយជ្រមុជទឹក។
រូបថត៖ ម៉ម កល្យាណី។ ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា