ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨
ខ្ញុំសូមចែករំលែកមតិរបស់ខ្ញុំអំពីការបែរទៅកាន់គ្រិស្តសាសនារបស់លោកស្រី អ៊ឹម ចែម ក៏ដូចជាតួនាទីរបស់គ្រិស្តសាសនាក្នុងដំណើរការស្វែងរកសន្តិភាពរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ សាសនាមានតួនាទីយ៉ាងសំខាន់ក្នុងដំណើរការស្វែងរកសន្តិភាពនៅស្រុកអន្លង់វែង ដែលជាលំនៅស្ថានរបស់អតីតកម្មាភិបាលខ្មែរក្រហមជាច្រើន។ សម្រាប់ប្រជាជនកម្ពុជាមួយចំនួនធំ សាសនាផ្តល់នូវសន្តិភាពផ្លូវចិត្តដល់បុគ្គលនីមួយៗ តាមរយៈការជួយឲ្យសះស្បើយរបួសផ្លូវចិត្តរបស់បុគ្គល ការជួយឲ្យបុគ្គលលើកលែងទោសឲ្យបច្ចាមិត្ត និងធ្វើការផ្សះផ្សាជាមួយអតីតកាល។
ព្រះពុទ្ធសាសនានិកាយថេរវាទគឺជាសាសនាដែលនាំមុខក្នុងប្រទេសកម្ពុជា។ ប៉ុន្តែសម្រាប់បុគ្គលមួយចំនួន ព្រះពុទ្ធសាសនានិកាយថេរវាទមិនអាចផ្តល់សន្តិភាពផ្លូវចិត្តគ្រប់គ្រាន់ឡើយ។ ដូច្នេះហើយ ទើបបុគ្គលទាំងនេះតែងតែស្វែងរកប្រភពដទៃដើម្បីទទួលបាននូវសន្តិភាពផ្លូវចិត្ត ដូចជាគ្រិស្តសាសនា។ ប្រជាជនកម្ពុជាជាច្រើនបានបែរទៅកាន់គ្រិស្តសាសនា។ ក្នុងនោះរួមមានបុគ្គលដែលមានកេរ្តិ៍ឈ្មោះអាក្រក់ដូចជា កាំង ហ្គេកអ៊ាវ ហៅ ឌុច អតីតប្រធានមន្ទីរសន្តិសុខស-២១ និង អ៊ឹម ចែម ជាអតីតគណៈស្រុកព្រះនេត្រព្រះ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ក៏ដូចជាជនសង្ស័យនៅក្នុងករណី០០៤ នៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។
ដោយសារអន្លង់វែងជាអតីតតំបន់កាន់កាប់របស់ចលនាខ្មែរក្រហម ប្រជាជនស្រុកអន្លង់វែងជាច្រើនបានជួបប្រទះនឹងឧបសគ្គក្នុងការស្វែងរកសន្តិភាពផ្លូវចិត្តចាប់តាំងពីបានធ្វើសមាហរណកម្មចូលមកក្នុងរាជរដ្ឋាភិបាលកម្ពុជារយៈពេល២០ឆ្នាំកន្លងមក។ ប្រមាណជា១០ឆ្នាំមុន សមាហរណកម្មនៅអន្លង់វែងបានជួបប្រទះនូវការផ្លាស់ប្តូរយ៉ាងសំខាន់មួយ គឺការជ្រាបចូលមកវិញនៃព្រះពុទ្ធសាសនា។ ការផ្លាស់ប្តូរនេះមានភាពផ្ទុយស្រលះអំពីគោលនយោបាយរបស់ខ្មែរក្រហម ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដែលបានហាមឃាត់ការប្រតិបត្តិសាសនា និងបានចាត់ទុកមេដឹកនាំសាសនាជាគោលដៅនៃការបោសសម្អាតដំបូងនៅពេលដែលរបបខ្មែរក្រហមចាប់ផ្តើម។ ចលនាខ្មែរក្រហម ដែលមានឈ្មោះផ្លូវការថា របបកម្ពុជាប្រជាធិបតេយ្យ បានជ្រៀតចូលទៅក្នុងសតិអារម្មណ៍ និងវិញ្ញាណរបស់ប្រជាជនកម្ពុជាដើម្បីស៊ើបអង្កេតអំពីសាសនា និងជំនឿ ជាពិសេសព្រះពុទ្ធសាសនា។
របបកម្ពុជាប្រជាធិបតេយ្យមានគោលបំណងបំបែកសាសនាចេញពី «ឋានសួគ៌» បដិវត្តន៍របស់ខ្លួន។ របបនេះបានហាមឃាត់យ៉ាងតឹងតែងទៅលើការប្រណិប័តន៍សាសនាប្រតិកិរិយាទាំងឡាយ។ ខ្មែរក្រហមបានបង្ខំឲ្យព្រះសង្ឃទាំងឡាយសឹក ព្រមទាំងប្រែក្លាយវត្តអារាមនានា ទៅជាមន្ទីរឃុំឃាំង និងកន្លែងធ្វើទារុណកម្ម ក្នុងចេតនាប្រមាថមើលងាយទៅលើជំនឿសាសនារបស់ប្រជាជន។ ក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជាប្រជាធិបតេយ្យត្រង់ជំពូក១៥ អំពីសិទ្ធិខាងជំនឿនិងសាសនា ត្រង់មាត្រា២០បានចែងថា «ប្រជាជនកម្ពុជាគ្រប់រូប មានសិទ្ធិជឿជំនឿ ឬសាសនាណាក៏បាន ហើយក៏មានសិទ្ធិមិនមានជំនឿអ្វី ឬក៏មិនជឿសាសនាណាក៏បាន។ មិនអនុញ្ញាតឲ្យមានសាសនាប្រត្តិកិរិយាដែលបំផ្លិចបំផ្លាញកម្ពុជាប្រជាធិបតេយ្យ និងប្រជាជនដាច់ខាត»។
វៀរលែងការផ្តល់និយមន័យច្បាស់លាស់សម្រាប់ពាក្យ «សាសនាប្រត្តិកិរិយា» កម្មាភិបាលរបស់បក្ស និងរដ្ឋាភិបាលនៃរបបកម្ពុជាប្រជាធិបតេយ្យតែងតែប្រើប្រាស់និយមន័យដែលខ្លួនយល់ថា ត្រឹមត្រូវជំនួស។ ទោះបីជាយ៉ាងនេះក្តី ភាពបរាជ័យរបស់កម្ពុជាប្រជាធិបតេយ្យក្នុងការលុបបំបាត់សាសនា បានបង្ហាញថា សាសនាបានចាក់ឫសយ៉ាងជ្រៅនៅក្នុងសង្គមកម្ពុជា។ ការប្រណិប័តន៍សាសនាមិនអាចបាត់បង់ដោយសារតែការហាមឃាត់របស់រដ្ឋាភិបាលដែលកំពុងតែកាន់អំណាចបានឡើយ។
ខ្មែរក្រហមមិនត្រឹមតែបានតាំងចិត្តក្នុងការហាមឃាត់សាសនាឡើយក្នុងរបបរបស់ខ្លួន ខ្មែរក្រហមថែមទាំងបានព្យាយាមជីករំលើងឫសគល់របស់ព្រះពុទ្ធសាសនា (ព្រមទាំងសាសនាអ៊ីស្លាម និងគ្រិស្តសាសនា) ទៀត។ ដោយហេតុថា របបកុម្មុយនីស្តចាត់ទុកសាសនាជាការគាប់សង្កត់បែបចក្រពត្តិមួយប្រភេទ អតីតសមាជិកខ្មែរក្រហមមួយចំនួនបានជួបប្រទះនឹងភាពលំបាកក្នុងការប្រកាន់ខ្ជាប់ព្រះពុទ្ធសាសនាឡើងវិញ។ ដូច្នេះហើយ អតីតសមាជិកខ្មែរក្រហមទាំងនោះបានចាប់ផ្តើមស្វែងរកសាសនាផ្សេងជាទីពឹង។
បើទោះបីជាខ្មែរក្រហមបានគាប់សង្កត់គ្រិស្តសាសនាដែរក៏ដោយ ប៉ុន្តែសាសនានេះមានសាសនិក និងវិហារចំនួនតិច ដូច្នេះហើយខ្មែរក្រហមមិនបានកំណត់គោលដៅលើគ្រិស្តសាសនាដូចដែលខ្លួនបានធ្វើចំពោះព្រះពុទ្ធសាសនាឡើយ។ ជាងនេះទៀត អតីតកម្មាភិបាលខ្មែរក្រហមអាចមានអារម្មណ៍ល្អចំពោះគ្រិស្តសាសនាជាជាងព្រះពុទ្ធសាសនា ដោយសារព្រះពុទ្ធសាសនាបង្រៀនបុគ្គលទាំងឡាយអំពី «ការប្រព្រឹត្តល្អ ទទួលបានផលល្អ ការប្រព្រឹត្តអាក្រក់ ទទួលបានផលអាក្រក់»។ សម្រាប់បុគ្គលដូច ឌុច គុណសម្បត្តិរបស់គ្រិស្តសាសនាគឺជាការបង្រៀនថា បុគ្គលនីមួយៗអាចទទួលសេចក្ដីសង្រ្គោះបាន ដោយការសុំក្តីលើកលែងទោសចំពោះអំពើបាបដែលខ្លួនបានប្រព្រឹត្ត។ វិធីនេះបានផ្តល់ជាផ្លូវសម្រាប់រត់គេចពីការបង្រៀនពីវាលវដ្តសង្សារនៃព្រះពុទ្ធសាសនា។
នៅពេលដែលសាសនាណាមួយនាំមុខគេក្នុងសង្គមមួយ កុមារនៅក្នុងសង្គមនោះតែងតែប្រណិប័តន៍សាសនានេះតាំងពីពេលចាប់កំណើត។ ទោះជាយ៉ាងណាក្តី មិនមែនបុគ្គលគ្រប់រូបប្រកាន់ខ្ជាប់ដដែលអស់មួយជីវិតឡើយ។ បុគ្គលមួយចំនួនជ្រើសរើសសាសនាដោយផ្អែកលើភាពងាយស្រួល និងការចង់បានសន្តិភាពផ្លូវចិត្ត។ លោកស្រី អ៊ឹម ចែម កើតនៅក្នុងសង្គមដែលប្រកាន់ព្រះពុទ្ធសាសនា ប៉ុន្តែ យោងទៅតាមរបាយការណ៍របស់សារព័ត៌មាន លោកស្រី អ៊ឹម ចែម បានបែរមកកាន់គ្រិស្តសាសនាវិញនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
មុននឹងបែរទៅកាន់គ្រិស្តសាសនាលោកស្រី អ៊ឹម ចែម បានផ្តួចផ្តើមសាងសង់កុដិក្នុងវត្តមួយនៅភូមិអូរអង្រែ ក្នុងឆ្នាំ២០០២។ វត្តនោះបានផ្តល់ឱកាសឲ្យប្រជាជនមូលដ្ឋានធ្វើការគោរពដល់ដូនតារបស់ខ្លួន ដោយការយកចង្ហាន់ទៅប្រគេនព្រះសង្ឃ និងអុចធូបដើម្បីឧទ្ទិសកុសលដល់អ្នកជាទីស្រលាញ់។
ការផ្លាស់ប្តូរសាសនាដូចករណីរបស់លោកស្រី អ៊ឹម ចែម លើកជាសំណួរយ៉ាងគួរឲ្យព្រួយបារម្ភអំពីតួនាទីរបស់ព្រះពុទ្ធសាសនាក្នុងការជួយដល់បុគ្គលដែលត្រូវការជំនួយផ្លូវអារម្មណ៍ ផ្លូវចិត្ត និងផ្លូវកាយ។ ឧទាហរណ៍ កូនប្រុសរបស់លោកស្រី អ៊ឹម ចែម បានធ្លាក់ខ្លួនឈឺជាទម្ងន់ ហើយសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយក្នុងខេត្តបាត់ដំបង។ មិនអាចជួយកូនគាត់ក្រៅពីស្ថាប័នគ្រិស្តសាសនាមួយដែលបានផ្តល់ប្រាក់សម្រាប់ថ្លៃសេវាកម្មព្យាបាលកូនរបស់គាត់ឡើយ។ តើមានស្ថាប័នដែលអាចជួយអ្នកដែលមានជំងឺធ្ងន់ធ្ងរដែរឬទេ? តើគួរតែមានស្ថាប័នប្រភេទនេះដែរឬទេ? តើមានវិធីដើម្បីបង្កើតស្ថាប័នប្រភេទនេះដែរឬទេ? ទាំងនេះគឺជាសំណួរដ៏សំខាន់ដែលត្រូវការការត្រួតពិនិត្យឡើងវិញ។
ប្រធានបទនេះ ហាក់បីដូចជាបានធ្វើឲ្យមានការពិចារណានៅក្នុងវិស័យព្រះពុទ្ធសាសនាអំពីដែលព្រះសង្ឃ និងប្រព័ន្ធពុទ្ធសាសនាបានធ្វើ និងអ្វីដែលត្រូវធ្វើ ឬគួរតែធ្វើ។ យោងទៅតាមរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។ ប៉ុន្តែប្រជាពលរដ្ឋទាំងឡាយមានសិទ្ធិក្នុងការប្រកាន់ជំនឿរបស់ខ្លួន៖ «សេរីភាពក្នុងការគោរព និងប្រណិប័តន៍ជំនឿសាសនារបស់បុគ្គលត្រូវបានធានាដោយរដ្ឋ ក្នុងលក្ខខណ្ឌដែលសេរីភាពនោះមិនប៉ះពាល់ដល់ជំនឿសាសនារបស់បុគ្គលដទៃ ឬសន្តិសុខសាធារណៈ»។
ជាការពិតណាស់ ព្រះពុទ្ធសាសនាមានតួនាទីយ៉ាងសំខាន់ក្នុងការជួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមួយចំនួនធំទទួលយកអតីតកាល។ ទោះជាយ៉ាងនេះក្តី ការពិនិត្យឡើងវិញគួរតែធ្វើឡើងចំពោះតួនាទីដ៏មានប្រសិទ្ធភាពរបស់ព្រះពុទ្ធសាសនានេះ។ យោងទៅតាមប្រវត្តិសាស្ត្រ ព្រះពុទ្ធសាសនាបានបណ្តុះឲ្យមានសន្តិភាព និងសន្តិសុខនៅក្នុងប្រទេសកម្ពុជាតាមរយៈការប្រណិប័តន៍តាមបែបអហិង្សា។ ក្នុងពេលថ្មីៗនេះ ការកកើតឡើងវិញនៃព្រះពុទ្ធសាសនានៅស្រុកអន្លង់វែងបានបង្ហាញពីភាពចាំបាច់នៃការផ្សះផ្សាប្រជាជនអន្លង់វែងជាមួយនឹងប្រជាជនដទៃនៅក្នុងប្រទេសកម្ពុជាឡើងវិញ ទាំងក្នុងផ្នែកនយោបាយសង្គម និងផ្នែកអត្តសញ្ញាណសាសនា។
រហូតមកដល់បច្ចុប្បន្ននេះ គ្រិស្តសាសនាបានទាក់ទាញប្រជាជនជាច្រើនទាំងនៅទីប្រជុំជន និងនៅតំបន់ជនបទ។ នៅពេលដែលខ្ញុំសាកសួរលោកស្រី អ៊ឹម ចែម ក្នុងពេលថ្មីៗនេះអំពីព្រះពុទ្ធសាសនា និងគ្រិស្តសាសនា លោកស្រីបានរៀបរាប់យ៉ាងម៉ឺងម៉ាត់ថា «មួយជីវិត ធ្វើអ្វីក៏ដើរតែផ្លូវកណ្តាល។ ឥឡូវខ្ញុំជឿទាំងពីរសាសនា»។ លោកស្រីក៏បាននិយាយបន្ថែមថា ខ្លួនចង់រៀនសូត្របន្ថែមអំពីសាសនាទាំងពីរ។ លោកស្រី អ៊ឹម ចែម បានសង្កត់ធ្ងន់ថា «សាសនាទាំងពីរមិនមានខុសគ្នាទេ ប៉ុន្តែសាសនាគ្រិស្ត បើកចំហជាង»។ នាពេលសព្វថ្ងៃ លោកស្រីបានឈប់អុជធូប តែទោះបីជាយ៉ាងនេះក្តី ក៏លោកស្រីនៅតែបន្តទៅវត្តអារាមដដែល។
ដូចសម្តីរបស់លោកស្រី អ៊ឹម ចែម គ្រិស្តសាសនាអាចជាប្រភពនៃការព្យាបាល ព្រោះថាសាសនានេះមានភាពបើកចំហជាងសាសនាដទៃ។ គ្រិស្តសាសនាអនុញ្ញាតឲ្យបុគ្គលទទួលកំហុសចំពោះអំពើអាក្រក់របស់ខ្លួន ហើយជាលទ្ធផលទទួលបានការលើកលែងទោស។ បុគ្គលមួយចំនួនផ្សេងទៀត អាចមើលឃើញគ្រិស្តសាសនាជាវិធីសាស្ត្រក្នុងការរស់នៅប្រចាំថ្ងៃ តាមរយៈជំនួយផ្លូវចិត្ត និងផ្លូវវិញ្ញាណដែលសាសនានេះផ្តល់ឲ្យ។ មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងករណីបន្ទាន់ដូចជំងឺកូនប្រុសរបស់លោកស្រី អ៊ឹម ចែម ស្ថាប័នគ្រិស្តសាសនាបានផ្តល់ជំនួយទាន់ពេលវេលា។ តើស្ថាប័នដទៃនៅឯណាក្នុងពេលនោះ? យើងគួរតែពិចារណាថា តើលោកស្រី អ៊ឹម ចែម បែរទៅរកគ្រិស្តសាសនាដោយសារជំនឿរបស់លោកស្រីចំពោះព្រះ ឬដើម្បីឆ្លើយតបនឹងតម្រូវការសង្គម។
ដោយបណ្ឌិត លី សុខឃាង
នាយកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង
បង្កើតឡើងដោយមជ្ឈមណ្ឌលឯកសារកម្ពុជា សហការជាមួយក្រសួងទេសចរណ៍