សាធារណរដ្ឋខ្មែរ

អ្នកយកព័ត៌មានឈ្មោះ អាលីហ្រ្គាប៊ែត ប៊ែគឃ័រ សម្ភាសជាមួយនាយករដ្ឋមន្ត្រី ឡុង បូរ៉េត នៃរបបសាធារណរដ្ឋខ្មែរ ក្នុងឆ្នាំ១៩៧៤។ ឡុង បូរ៉េត ក្រោយមកត្រូវបានចាប់ខ្លួន និងសម្លាប់ដោយខ្មែរក្រហម។
រូបថត៖ ស៊ីលវ៉ាណា ហ្វ័រ។ ប្រភព៖ បណ្ណសារដ្ឋានជ្ឈមណ្ឌលឯកសារកម្ពុជា

គឺជារដ្ឋាភិបាលយោធាប្រកាន់ស្ដាំនិយម ដែលបានដឹកនាំដោយលោកសេនាប្រមុខ លន់ នល់ និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ។ ​របបសាធារណរដ្ឋខ្មែរបានកើតឡើង បន្ទាប់ពីរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ ទង់ជាតិថ្មី ឯកសណ្ឋានយោធាថ្មី បាវចនាថ្មី និងភ្លេងជាតិថ្មី ត្រូវបានបង្កើតឡើង។ រដ្ឋាភិបាលសាធារណរដ្ឋខ្មែរ ទទួលបានជំនួយយោធា និងហិរញ្ញវត្ថុ ពីសហរដ្ឋអាមេរិក។ ប៉ុន្តែកងទ័ពនៃរបបនេះ មិនទទួលបានការបណ្ដុះបណ្ដាលផ្នែកវិស័យយោធាខ្លាំងពូកែនោះទេ ហើយមិនអាចយកឈ្នះកម្លាំងបដិវត្ដខ្មែរក្រហមបានទេ។ វិវាទផ្ទៃក្នុងនិងអំពើពុករលួយ បានញាំញីរបបសាធារណរដ្ឋខ្មែរ​ ខណៈពេលដែល​ លន់​ នល់ កាន់តែផ្ដាច់ការខ្លាំងទៅៗ។ របបសាធារណរដ្ឋខ្មែរ ត្រូវបានផ្ដួលរលំ នៅពេលដែលកងទ័ពខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ មន្រ្តីសាធារណរដ្ឋខ្មែរជាច្រើននាក់ត្រូវបានខ្មែរក្រហមសម្លាប់ចោល។

សម្លេងៈ ភ្លេងជាតិនៃរបបសាធារណរដ្ឋខែ្មរ

ខ្មែរក្រហម

យោធាខ្មែរក្រហម នៅពីក្រោយអង្គរវត្ត។ ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

របបកុម្មុយនិស្ដម៉ាក្សនិយម ដែលដឹកនាំដោយ ប៉ុល ពត បានគ្រប់គ្រងប្រទេសកម្ពុជា​ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥​ ដល់ ថ្ងៃទី៦​ ខែមករា ឆ្នាំ១៩៧៩ ត្រូវតែទទួលខុសត្រូវចំពោះការស្លាប់ប្រជាជនកម្ពុជាប្រមាណ២លាននាក់ ដោយសារការសម្លាប់ ធ្វើការហួសកម្លាំង ភាពអត់ឃ្លាន ​និងជម្ងឺ។ គោលបំណងរបស់ខ្មែក្រហម គឺផ្លាស់ប្ដូរប្រទេសកម្ពុជាឲ្យក្លាយទៅជាប្រទេសកសិកម្មជឿនលឿន។ ខ្មែរក្រហម បានជម្លៀសប្រជាជនរាប់លាននាក់ចេញពីទីក្រុង និងបានផ្លាស់ប្ដូរជីវិតប្រជាជនឲ្យទៅជាជីវិតកសិករ ដែលតម្រូវឲ្យធ្វើពលកម្មធ្ងន់ៗ និងដោយបង្ខំ ព្រមទាំងបានលប់បំបាត់រូបិយវត្ថុ និងកម្មសិទ្ឋិឯកជនរបស់ប្រជាជន។ ខ្មែរក្រហម បានព្យាយាមបំបែកទំនាក់ទំនងក្រុមគ្រួសារទាំងអស់ព្រមទាំងស្ថាប័នសង្គមនានា ដោយលើកឡើងថា ភាពស្មោះត្រង់ដែលគួរតែត្រូវបានពង្រីកនៅក្នុងអង្គការ ដែលក្រោយមកបានបង្ហាញយ៉ាងច្បាស់ថាជា បក្សកុម្មុយនិស្តកម្ពុជា។ កម្ពុជាបានវិលទៅរកយុគ្គសម័យមួយ ដែលហៅថា “ឆ្នាំសូន្យ”។

ខ្មែរក្រហម បានកើតចេញពីចលនាកុម្មុនិស្ដមួយក្នុងអំឡុងពេលតស៊ូប្រឆាំងនឹងអាណានិគមនិយមបារាំងក្នុងទសវត្សទី៤០។ រយៈពេលជាង២០ឆ្នាំក្រោយមក ចលនានេះបានវិវត្តន៍ធំឡើងៗតាមរយៈការទទួលយកមនោគតិបដិវត្តន៍ និងក្រោមជួយជ្រោមជ្រែងរបស់យុវជនកម្ពុជា ដែលបានសិក្សានៅទីក្រុង ប៉ារីស ក្នុងនោះមាន ប៉ុល ពត, អៀង សារី និង ខៀវ​ សំផន។​បន្ទាប់ពីវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ និស្សិតកម្ពុជាទាំងនោះបានលាក់ខ្លួន និងចាប់ផ្ដើមបង្កើតកម្លាំងទ័ពព្រៃ។ ក្រោយពីរដ្ឋប្រហាររបស់សេនាប្រមុខ លន់ នល់ នៅឆ្នាំ១៩៧០ ខ្មែរក្រហមបានចាប់ផ្ដើមធ្វើសង្រ្គាមស៊ីវិលប្រឆាំងរបបសាធារណរដ្ឋខ្មែរ ដែលគាំទ្រដោយសហរដ្ឋអាមរិក។ បន្ទាប់ពីមានការទម្លាក់គ្រាប់បែកជាងកន្លះលានតោនរបស់របបសាធារណរដ្ឋខ្មែរមកលើទឹកដីជនបទនៃប្រទេស ចលនាខ្មែរក្រហម បានទទួលការគាំទ្រពីប្រជាជនកាន់តែខ្លាំងឡើង។ ទីបំផុតខ្មែរក្រហមបានវាយដណ្ដើមយកទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ហើយបានបង្កើតរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ។

រយៈកាល៤ឆ្នាំក្រោយមក កងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ក្រោមការឧបត្ថម្ភពីវៀត ណាមបានវាយបណ្តេញរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យឲ្យបរាជ័យទាំងស្រុងនៅខែមករាឆ្នាំ១៩៧៩ ហើយប្រទេសក្រោយសង្រ្គាមមួយនេះ បានព្យាយាមចាប់ផ្ដើមកសាងប្រទេសឡើងវិញ។ ចំណែកកងទ័ពខ្មែរក្រហម បានចាប់ផ្ដើមកសាងកម្លាំងរបស់ខ្លួនឡើងវិញក្នុងព្រៃតាមបណ្ដោយព្រំដែនថៃ និងបានបន្តការប្រឆាំងតទល់ជាមួយរដ្ឋាភិបាលរហូតដល់ឆ្នាំ១៩៩៨។

វីដេអូ៖ ប្រទេសកម្ពុជា និងខ្មែរក្រហម


សម្លេង៖ “ចូលរួមចែករំលែកក្នុងការកសាងជាតិ ក្រោមអង្គការបដិវត្តន៍ដ៏ឈ្លាសវៃ”​ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

https://soundcloud.com/user-154457099/khmer-rouge

សមាគមនិសិ្សតខ្មែរ/ ចលនាម៉ាក្ស

មេដឹកនាំខ្មែរក្រហមមួយចំនួនបានក្លាយជាអ្នកគាំទ្រលើការផ្លាស់ប្តូរនយោបាយ ពេលដែលខ្លួនកំពុងសិក្សានៅក្នុងទីក្រុងប៉ារីស (រូបថត៖ កម្មសិទ្ធសាធារណៈ)

ជាសមាគមនិសិ្សតខ្មែរ​ ដែលត្រូវបានបង្កើតឡើងសម្រាប់និស្សិតដែលកំពុងសិក្សានៅទីក្រុង     ប៉ារីស ប្រទេសបារាំង។ ចលនាម៉ាក្ស ជាផ្នែកមួយនៃការពិភាក្សានៅក្នុងសមាគមនេះក្រោមការដឹកនាំរបស់និសិ្សតខ្មែរដ៏មានឥទ្វិពល២រូបគឺ កេង វ៉ាន់សាក់ និង អៀង សារី។ ពេលប្រជុំម្តងៗ និសិ្សតទាំងនោះត្រូវពិភាក្សាលើប្រធានបទ”បញ្ហានយោបាយកុម្មុនិស្ដ”។ អៀង សារី បានណែនាំ សា ឡុតស (ប៉ុល ពត) ឲ្យចូលរួមជាមួយក្រុមនិស្សិតខ្មែរ។ ទីបំផុត អៀង​ សារី និង ប៉ុល ពត បានប្រែក្លាយពីសមាគមនិសិ្សតខ្មែរទៅជាវេទិកាសម្រាប់កិច្ចពិភាក្សាពីគំនិតជាតិនិយម និងឆ្វេងនិយម។

វាលពិឃាត

ផែនទីដែលបង្ហាញពីរណ្តៅសាកសពសរុបចំនួន ១៩,៧៣៣ រណ្តៅ។
ប្រភព៖ បណ្ណសារដ្ឋានមជ្ឈមណ្ឌលឯកសារកម្ពុជា

ជាទីតាំងសម្លាប់ដែលបានកើតមាននៅក្នុងប្រទេសកម្ពុជា។ ប្រជាជនកម្ពុជាច្រើនជាង១លាននាក់ត្រូវបានសម្លាប់ និងកប់ចោលនៅក្នុងទីតាំងសម្លាប់ទាំងនោះ ចាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ តាមរយៈការស្រាវជ្រាវបានបង្ហាញថា មានរណ្ដៅសាកសពរួមចំនួនប្រមាណ២ម៉ឺនរណ្ដៅត្រូវបានរកឃើញនៅស្ទើរតែគ្រប់ទីកន្លែង ដែលបានបន្សល់ទុកតាំងពីរបបខ្មែរក្រហមមក។ ជនរងគ្រោះដែលបានស្លាប់នៅតាមវាលពិឃាតទាំងនេះ គឺជាអ្នកដែលមានកំហុសឆ្គងជាមួយអង្គការ ដូចជាមិនគោរពវិន័យ ឬបទបញ្ជានិងអ្នកទាំងឡាយណា ដែលត្រូវខ្មែរក្រហមចោទប្រកាន់ថាជា “សត្រូវ” របស់ខ្លួន។ សត្រូវទាំងនោះរួមមាន៖ សាស្ត្រាចារ្យ បញ្ញវន្ដ សិល្បករ តន្រ្តីករ និងកវីនិពន្ធ ជាដើម។ ជើងឯក ដែលជាដីចម្ការដំណាំ និងមានចម្ងាយប្រមាណ១៣គីឡូម៉ែត្រប៉ែកខាងត្បូងទីក្រុងភ្នំពេញ គឺជាកន្លែងសម្លាប់មនុស្សយ៉ាងច្រើនមួយក្នុងអំឡុងពេលនៃរបបខ្មែរក្រហម។ ក្រោយខែមករា ឆ្នាំ១៩៧៩ មានរណ្ដៅសាកសពចំនួនជាង១០០ ត្រូវបានគាស់ឡើងនៅក្នុងបរិវេណវាលពិឃាតជើងឯក និងប្រទះឃើញមានសាក​សពចំនួន៨៨៩៥នាក់ នៅក្នុង រណ្តៅទាំងនោះ។ ជនរងគ្រោះដែលត្រូវបានយកមកសម្លាប់នៅវាលពិឃាតជើងឯកនេះ ភាគច្រើនជាអ្នកទោសទួលស្លែង (ស-២១)។

នៅដើមទសវត្សន៍ឆ្នាំ១៩៨០ រណ្តៅសាកសពមួយចំនួននៅជើងឯក ត្រូវបានគាស់។
ប្រភព៖ បណ្ណសារដ្ឋានមជ្ឈមណ្ឌលឯកសារកម្ពុជា

វីដេអូ៖ អតីតកម្មាភិបាលផ្នែកសន្តិសុខប្រចាំនៅគុកទួលស្លែង​ឈ្មោះ ហ៊ឹម ហ៊ុយ និយាយអំពីការបញ្ជូនអ្នកទោសទៅជើងឯក

(សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រមេគង្គណេតៈ)

លន់ នល់ (ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៩១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆកា​ ឆ្នាំ១៩៨៥)

សន្និសិទ្ធកាសែតជាមួយអ្នកនាំពាក្យនៃរបប លន់ នល់ ឈ្មោះ អំ រ៉ុង និងឆាំងសុងក្នុងឆ្នាំ១៩៧០។ ឈ្មោះរបស់គាត់ ត្រូវបានហៅតាមរបៀបចំអកដោយអ្នកសារព័ត៌មានមកពីបស្ចឹមប្រទេសថា “ខ្ញុំជាអ្នកខុស”។ រូបថត៖ ស៊ីលវ៉ាណា ហ្វ័រ។
ប្រភព៖ បណ្ណសារដ្ឋានមជ្ឈមណ្ឌលឯកសារកម្ពុជា

ជាទាហាន និងអ្នកនយោបាយខ្មែរ ដែលបានដឹកនាំធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុនៅខែមិនា ឆ្នាំ១៩៧០ ហើយបានក្លាយជាមេដឹកនាំនៃរបបសា​ធារណ​រដ្ឋខ្មែរ។ លន់ នល់ បានបោះបង់ចោលគោលនយោបាយអព្យាក្រឹតរបស់សម្ដេចព្រះ នរោត្តម សីហនុ ហើយបានបង្កើតទំនាក់ទំនងយ៉ាងជិតស្និតជាមួយសហរដ្ឋអាមេរិក និងវៀតណាមខាងត្បូង។ ការគ្រប់គ្រងរបស់លន់ នល់ កាន់តែផ្ដាច់ការខ្លាំងឡើងៗ។ នៅថ្ងៃទី១០ ខែមីនា​ ឆ្នាំ១៩៧២ លន់ ​​នល់ បានកាន់កាប់អំណាចទាំងស្រុង និងទទួលបានឋានន្តរស័ក្ដជាសេនាប្រមុខ។ ខណៈដែលកម្លាំងខ្មែរក្រហមបានកើនឡើងយ៉ាងខ្លាំងនៅតាមជនបទ លន់ នល់ បានក្លាយជាមនុស្សអល់អែកមិនដាច់ស្រេច និងស្ដាប់តាមគ្រូទាយ ហើយជឿស៊ុបលើការបន់ស្រន់តាមបែបព្រះពុទ្ធសាសនា។ នៅថ្ងៃទី១ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពព្រៃខ្មែរក្រហមស្ទើរតែវាយចូលដល់រដ្ឋធានីភ្នំពេញ។ លន់ នល់ បានភៀសខ្លួនចេញពីប្រទេសដើម្បីគេចឲ្យផុតពីការកាប់សម្លាប់។ លន់ នល់​​ បានរស់នៅសហរដ្ឋអាមេរិក ហើយបានទទួលមរណភាពនៅរដ្ឋកាលីហ្វូញ៉ានៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៨៥។

ឱសថ/ ការថែទាំវេជ្ជសាស្រ្ត

កម្មាភិបាលខ្មែរក្រហម នៅក្នុងរោងចក្រកាលពីឆ្នាំ១៩៧៨។ រូបថត៖ ហ្គូណា ប៊ើគស្ត្រម។
ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ខ្មែរក្រហមចូលចិត្តឱសថបុរាណ និងកម្រប្រើប្រាស់ការថែទាំវេជ្ជសាស្រ្តសម័យទំនើបណាស់។ ឧបករណ៍​វេជ្ជសាស្ត្រត្រូវបានយកចេញ​ ហើយមន្ទីរពេទ្យត្រូវបានបិទចោល។ ចំណែកឯបុគ្គលិកពេទ្យ ក៏ត្រូវបានសម្លាប់ ឬបញ្ជូនទៅធ្វើស្រែនៅតាមជនបទ។​ ពេទ្យកុមារដែលទទួលបានការបណ្ដុះបណ្ដាលតិចតួច ឬមិនបានទទួលការ​បណ្ដុះបណ្ដាលទាល់តែសោះ ត្រូវដាក់ជំនួសវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាទាំងនោះ។ ថ្នាំដែលផលិតខ្លួនឯងសម្រាប់ព្យាបាលអ្នកជម្ងឺទូទៅ គឺ“ថ្នាំអាចម៍ទន្សាយ”។ ជម្ងឺ ជាញឹកញាប់ត្រូវបានមើលឃើញថា ជាការខ្វះការប្ដេជ្ញាចិត្ត។ ពាក្យស្លោកមួយរបស់ខ្មែរក្រហមបានពោលថា “ជម្ងឺ គឺជាអ្វីដែលកើតចេញពីការស្រមើស្រមៃរបស់មនុស្ស”។

ជនជាតិភាគតិច

ជនជាតិចាមនៅព្រះវិហារឥស្លាមក្នុងទសវត្សន៍ឆ្នាំ១៩៨០។ រូបថត៖ ដេវិដ ហក់។
ប្រភព៖ បណ្ណសារដ្ឋានមជ្ឈមណ្ឌលឯកសារកម្ពុជា

របបខ្មែរក្រហមគឺជារបបដែលស្អប់ខ្ពើមជនបរទេស និងមិនទុកចិត្ត ឬកាន់តែស្អប់ខ្ពើមអ្វីៗដែលនិយម​អារិយ្យធម៌​បរទេស រួមបញ្ចូលទាំងអ្វីៗដែលមិនមែនជារបស់ជនជាតិខ្មែរ។ គោលនយោបាយខ្មែរក្រហម​បានរើសអើងចំពោះជនជាតិភាគតិច ដូចជាវៀតណាម ចាម ចិន និងក្រុមជនជាតិភាគតិចផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា។ អត្រានៃការស្លាប់ក្នុងចំណោមក្រុមជនជាតិភាគតិចគឺមានចំនួនខ្ពស់។ សហគមន៍វៀតណាមត្រូវបានបំបាត់ស្ទើរតែទាំងស្រុងគឺច្រើនជាងមួយភាគបីនៃប្រជាជនចាមដែលជាជនជាតិចាមមូស្លីមដែលត្រូវបានបោសសម្អាតដូចគ្នា។

(សម្រាប់ព័ត៌មានបន្ថែមសូមអាន សៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យជំពូក៨)

កងទ័ពជាតិនៃកម្ពុជាប្រជាធិ​​បតេយ្យ

ក្រុមទ័ពព្រៃខ្មែរក្រហម នៅក្បែរព្រំដែនថៃ ក្នុងអំឡុងឆ្នាំ១៩៨០។ រូបថត៖ ជេ ខូហ្វម៉ាន់។
ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

កងកម្លាំងទ័ពព្រៃកម្ពុជា ត្រូវបានបង្កើតឡើងដោយខ្មែរក្រហមដែលបានចាប់ផ្ដើមការតស៊ូរបស់ខ្លួនឡើងវិញនៅចន្លោះឆ្នាំ១៩៧៩ ដល់ចុងទសវត្សរ៍ទី៩០។ ដំបូងឡើយកងទ័ពជាតិនៃកម្ពុជាប្រជាធិ​​បតេយ្យបានប្រយុទ្ធតស៊ូប្រឆាំងនឹងការគ្រប់គ្រងរបស់វៀតណាម ហើយនៅក្នុងទសវត្សទី៨០ កម្លាំងកងទ័ពជាតិនៃកម្ពុជាប្រជាធិ​​បតេយ្យមានប្រមាណពី៤ ទៅ៥ម៉ឺននាក់។ នៅក្នុងទសវត្សរ៍ទី៩០ កម្លាំងនេះ បានប្តូរទិសដៅរបស់ខ្លួនមកប្រយុទ្ធប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាលកម្ពុជាវិញម្តង ដែលបណ្ដាលឲ្យច្រកផ្លូវសំខាន់ៗដែល តភ្ជាប់មកកាន់ទីក្រុងភ្នំពេញ រួមទាំងផ្នែកខាងលិចនៃប្រទេស ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់សម្រាប់ការធ្វើ  ដំណើរ។

ប្រជាជនថ្មី ឬ ប្រជាជន១៧មេសា

ប្រជាជនបានវិលត្រឡប់ទៅកាន់ស្រុកកំណើតវិញ បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ។
ប្រភព៖ បណ្ណសារដ្ឋានមជ្ឈមណ្ឌលឯកសារកម្ពុជា

ជាពាក្យដែលខ្មែរក្រហមប្រើប្រាស់សម្រាប់ប្រជាជនកម្ពុជា ដែលត្រូវបានជម្លៀសចេញពីទីក្រុង ឬសំដៅទៅលើប្រភេទប្រជាជននៃវណ្ណៈកណ្ដាលថ្នាក់លើ។ យោងតាមមនោគមន៍វិជ្ជារបស់ខ្មែរក្រហម ប្រជាជនថ្មី ឬប្រជាជន១៧មេសា គឺជាអ្នកដែលតំណាងឲ្យវណ្ណៈមូលធននិយម ដែលប្រឆាំងលទ្ធិកុម្មុនិស្ដនិយម និងមិនមានភាពបរិសុទ្ធ។ ប្រជាជនថ្មី ត្រូវបានមើលឃើញថាជាអ្នកដែលប្រឈមនឹងការចោទប្រកាន់ខ្ពស់ថាជា ជនសង្ស័យ ជាអ្នកដែលទទួលបានការអប់រំនយោបាយ​មិនចេះចប់មិនចេះហើយ និងជាញឹកញាប់ទទួលបានការធ្វើបាបខ្លាំងជាង“ប្រជាជនចាស់”។ ឧទាហរណ៍៖ ប្រជាជនថ្មីទទួលបានរបបអាហារតិចជាងប្រជាជនចាស់។

(សម្រាប់ព័ណ៌មានបន្ថែមសូមអាន សៀវភៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យជំពូក៧)
អំនានបន្ថែម (ការបាត់បង់៖ ប្រវត្តិរឿងរ៉ាវរបស់ប្រជាជនថ្មីនៅក្រោមរបបកម្ពុជាប្រជាធិបតេយ្យ និពន្ធដោយ បៀង ពីវ័ន្ត និង វ៉េនី ខូហ្គៀល

ព្រះបាទ នរោត្តម សីហនុ (ថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២)

សម្តេចព្រះ នរោត្តម សីហនុ (ស្តាំ) ឱបជាមួយតំណាងកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហម ខៀវ សំផន ក្នុងឆ្នាំ១៩៧៣។ ប្រភព៖ បណ្ណសារដ្ឋានមជ្ឈមណ្ឌលឯកសារកម្ពុជា

ព្រះបាទ នរោត្តម សីហនុ ជាអតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ព្រះអង្គបានឡើងគ្រងរាជ្យលើកដំបូងពីឆ្នាំ១៩៤១ ដល់ឆ្នាំ១៩៥៥ និងលើកទីពីរ ពីឆ្នាំ១៩៩៣ដល់ឆ្នាំ២០០៤។ ព្រះអង្គធ្លាប់ធ្វើជានាយករដ្ឋមន្រ្តី ប្រមុខរដ្ឋ និងជាព្រះប្រធាន។ ព្រះអង្គគឺជាអ្នកនយោបាយយ៉ាងសំខាន់នៅក្នុងប្រទេសកម្ពុជា អស់រយៈកាលពេញមួយជីវិតរបស់ព្រះអង្គ ដែលជាញឹកញាប់ព្រះអង្គបានផ្លាស់ប្ដូរសម្ព័ន្ធភាពនយោបាយរបស់ព្រះអង្គ។ ព្រះអង្គ ជាអង្គដំបូងដែលបានហៅចលនាកុម្មុនិស្ដកម្ពុជាថាជា “ខ្មែរក្រហម”។

នៅឆ្នាំ១៩៧០ រដ្ឋាភិបាលរបស់ព្រះអង្គត្រូវបានផ្ដួលរំលំដោយ លន់​ នល់។ ព្រះអង្គបានបង្កើតរដ្ឋា- ភិបាលនិរទេសមួយនៅទីក្រុងប៉េកាំង ដែលត្រូវបានស្គាល់ថា “រាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា” និងបានចាប់ផ្ដើមបង្កើតទំនាក់ទំនងជាមួយមេដឹកនាំខ្មែរក្រហម។ ការគាំទ្ររបស់ព្រះអង្គចំពោះចលនាខ្មែរក្រហមបានធ្វើឲ្យចលនានេះកាន់តែទទួលបានប្រជា​ប្រិយភាពខ្លាំងឡើងៗ។ នៅពេលដែលខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញនៅឆ្នាំ១៩៧៥ សម្តេចព្រះ នរោត្តម សីហនុ ត្រូវបានតែងតាំង​ជាប្រមុខរដ្ឋនៃកម្ពុជាប្រជាធិបតេយ្យ ប៉ុនែ្តមានតែ ប៉ុល ពត ទេ ដែលជាមេដឹកនាំ​ពិតប្រាកដ។ នៅឆ្នាំ១៩៧៦ ព្រះអង្គបានសុំលាលែងពីតំណែង ហើយត្រូវបានឃុំខ្លួននៅក្នុងព្រះបរមរាជវាំង រហូតដល់ខែមករាឆ្នាំ១៩៧៩។ នៅឆ្នាំ១៩៨២ ព្រះអង្គត្រូវបានតែងតាំងជាព្រះប្រធាននៃរដ្ឋាភិបាលចម្រុះត្រីភាគី ឬ រដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ។

នៅខែកញ្ញា ឆ្នាំ១៩៩៣ រដ្ឋសភាជាតិបានបោះឆ្នោតលើកស្ទួយរាជានិយមឡើងវិញ ហើយព្រះបាទ នរោត្តម សីហនុ បានក្លាយជាព្រះមហាក្សត្រម្ដងទៀត។ ព្រះអង្គបានដាក់រាជ្យ នៅថ្ងៃទី៧​ ខែតុលា ឆ្នាំ២០០៤ ហើយព្រះរាជបុត្ររបស់ព្រះអង្គ ព្រះនាម ព្រះបាទ នរោត្តម សីហមុនី បានឡើងស្នងរាជ្យបន្តពីព្រះអង្គ។ ព្រះបាទ នរោត្តម សីហនុ បានសោយទីវង្គត់នាជន្មាយុ៨៩ព្រះវស្សានៅទីក្រុងប៉េកាំងនាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២។ ក្នុងរយៈកាលពេញមួយជីវិតរបស់ព្រះអង្គ ព្រះអង្គបានផលិតខ្សែភាពយន្តបានប្រហែល៥០រឿង ច្រៀងចំរៀង និពន្ធបទភ្លេង និងលេងឧបករណ៍តន្រ្តីជាច្រើនផ្សេងទៀត។

សម្តេចព្រះប្រមុខរដ្ឋ នរោត្តម សីហនុ ជាប្រមុខរដ្ឋកម្ពុជា នៅក្នុងតំបន់រំដោះ។
ប្រភព៖ បណ្ណសារដ្ឋានមជ្ឈមណ្ឌលឯកសារកម្ពុជា